Tag: CL

  • រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    អភិបាលរដ្ឋ Montana លោក Greg Gianforte បាន​ចុះហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​សកម្មភាព​របស់ TikTok ធ្វើឱ្យ​តំបន់​មួយ​នេះ​ក្លាយជា​រដ្ឋ​ដំបូង​គេ​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ទប់ស្កាត់​ការទាញយក​កម្មវិធី​វីដេអូ​ខ្លី​ដែល​កំពុង​ពេញនិយម​ជាងគេ​លើ​ពិភពលោក។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បទបញ្ជា​ហាមឃាត់​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី 01 មករា ឆ្នាំ 2024។ រដ្ឋ Montana បាន​កំណត់ថា ការដែល​ផ្សារ​កម្មវិធី Google Play និង App Store អនុញ្ញាតឱ្យ​ទាញ​យក TikTok នៅក្នុង​រដ្ឋ​នេះ គឺជា​រឿង​ខុសច្បាប់។

    បណ្ដាញ​សង្គម TikTok ដែលមាន​អ្នកប្រើប្រាស់​ជាង 150 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ត្រូវ​បាត់​ខ្លួន​ពី​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នាំគ្នា​ជំរុញឱ្យមាន​ការបិទ​ខ្ទប់ ព្រោះតែ​ការបារម្ភ​អំពី​សន្តិសុខ​ជាតិ។

    អាជ្ញាធរ​រដ្ឋ Montana ជាទី​ដែលមាន​ប្រជាជន​តែ​ជាង​មួយ​លាន​នាក់ បានឱ្យដឹងថា TikTok អាច​នឹង​ត្រូវបាន​ពិន័យ​ចំពោះ​ការរំលោភច្បាប់​រៀងរាល់​លើក និង​ពិន័យ​ជា​ប្រាក់​បន្ថែម 10,000 ដុល្លារ/ថ្ងៃ បើសិន​មិន​គោរព​តាម​។ Apple និង Google ក៏​អាច​ត្រូវ​បង់ប្រាក់ 10,000 ដុល្លារ/ថ្ងៃ ចំពោះ​ការមិន​គោរព​ច្បាប់​ខាងលើ។

    ក៏ប៉ុន្តែ បទបញ្ជា​នេះ​ទំនងជា​នឹងត្រូវ​ជួប​ឧបសគ្គ​ច្រើន​ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​អ្នកប្រើប្រាស់។ ទោះជា​យ៉ាងណាក៏ដោយ កាលពី​ចុងខែ​មីនា​កន្លងទៅ CEO របស់ TikTok លោក Shou Chew ត្រូវបាន​កោះហៅ​ឱ្យចូល​សភា​ជាន់​ទាប​អាម៉េរិក ដោយសារតែ​មានការ​សង្ស័យ​ថា TikTok មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ចិន និង​បាន​ស្នើឱ្យ Bytedance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដក​ទុន​ចេញពី​បណ្ដាញ​សង្គម​នេះ មិន​ដូច្នេះ​ទេ នឹងត្រូវ​ហាមឃាត់​ទាំង​ស្រុង​។

    TikTok បានឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​គម្រោង Project Texas ដើម្បី​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​សម្រាប់​ការរក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​អាម៉េរិក នៅលើ​ម៉ាស៊ីន​មេ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាម៉េរិក Oracle​៕

  • កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    ការប្រកួត​ដែល​ចំណាយពេល​យូរ និង​ប្រកបដោយ​ហិង្សា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កីឡាបាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 បាន​បង្ខំ​ឱ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​រហូតដល់ 7 កាត​។

    U22 ឥណ្ឌូណេស៊ី ​បានឈ្នះ U22 ថៃ ដោយ​លទ្ធផល 5-2 នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​កីឡាបាល់​ទាត់​ផ្នែក​បុរស​របស់​​ស៊ី​ហ្គេម​កាលពី​យប់​ថ្ងៃទី 16 ឧសភា ជួយ​ឱ្យ​ប្រទេស​សម្បូរ​កោះ​រកបាន​មេដាយមាស​មួយគ្រឿង​ទៀត។ ប៉ុន្តែ នេះ​គឺជា​ការប្រកួត​ដ៏​អាក្រក់ ព្រោះ​តែមាន​អំពើហិង្សា​រវាង​ក្រុម​ទាំងពីរ នាំឱ្យ​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ ពិន័យ​កាត​លឿង​ចំនួន 12 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 17) និង​កាត​ក្រហម​ចំនួន 7 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 9) ចំពោះ​កីឡាករ ក៏ដូចជា​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម​ទាំងពីរ។ នេះ​គឺជា​តួលេខ​ច្រើន​បំផុត​សម្រាប់​មួយ​ប្រកួត​នៅ​ស៊ី​ហ្គេម។

    ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​កំណត់ត្រា​ពិភពលោក​នោះទេ ព្រោះ​នៅ​ខាងក្រៅ​អាស៊ីអាគ្នេយ៍​នៅមាន​ការប្រកួត​ដែល​អាជ្ញាកណ្ដាល​ពិន័យ​កាត់​ក្រហម​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។ កាលពី​ឆ្នាំ 2009 ការប្រកួត​រវាង​ក្រុម Recreativo (អេស្ប៉ាញ) និង Saladillo (អាហ្សង់ទីន) ទទួលបាន​កាត​ក្រហម​ចំនួន 19​។ ឆ្នាំ 1993 Ameliano (ប៉ារ៉ាហ្កាយ) និង General Caballero (ប៉ារ៉ាហ្កាយ) ទទួលបាន​កាត់​ក្រហម​ចំនួន 20 ឯណោះ។

    ចំណែក​ការប្រកួត​ដែលមាន​ការពិន័យ​កាត​ក្រហម​រហូតដល់ 36 កាត ដែលជា​ចំនួន​ច្រើនជាងគេបង្អស់​លើ​ពិភពលោក បាន​ទៅលើ​គូប្រកួត Claypole (អា​ហ្ស​ង់​ទីន) – Victoriano Arenas (អា​ហ្ស​ង់​ទីន) កាល​ពី​ឆ្នាំ 2011 និង​គូ Teniente Farina (ប៉ា​រ៉ា​ហ្កា​យ) – Libertad (ប៉ា​រ៉ា​ហ្កា​យ) កាល​ពី​​ឆ្នាំ 2012​៕

  • យន្តហោះ​ធំជាងគេ​លើ​ពិភពលោក ទម្លាក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​បាន​សម្រេច​

    យន្តហោះ​ធំជាងគេ​លើ​ពិភពលោក ទម្លាក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​បាន​សម្រេច​

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ដែលមាន​ស្លាប​ប្រវែង 117 ម៉ែត្រ​របស់​ក្រុមហ៊ុន Stratolaunch ទម្លាក់​យន្តហោះ​គំរូ​ដើម​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង បាន​ដោយ​ជោគជ័យ នៅឯ​លំហ​សមុទ្រ California។

    ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Stratolaunch នៅ​សហរដ្ឋ​អាម៉េរិក សម្រេចបាន​មួយ​ជំហាន​សំខាន់​ទៀត​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​បង្ហោះ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង ក្លាយជា​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន។ កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​នេះ​សម្រេចបាន​ជោគជ័យ​នៅពេល​ទម្លាក់​យាន​សម្រាប់​ធ្វើតេស្ត Talon-0 (TA-0) ពី​យន្តហោះ Roc។

    ដោយមាន​ដងខ្លួន​ចំនួន​ពីរ មាន​ម៉ាស៊ីន Boeing 747 ចំនួន 6 គ្រឿង, កង់​ចំនួន 28 គ្រាប់ និង​ស្លាប​ប្រវែង 117 ម៉ែត្រ (វែង​ជាង​ទីលាន​បាល់ទាត់) Roc គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​លើ​ពិភពលោក បើ​គិត​ទៅតាម​ប្រវែង​ស្លាប។ នេះ​បើតាម​ទំព័រ Space។

    Roc ហោះ​ឡើង​ពី​ព្រលាន Mojave នៅ California ខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី 13 ឧសភា ចាប់ផ្ដើម​ជើងហោះហើរ​សាកល្បង​លើក​ទី 11។ Roc នាំយក​យាន​សម្រាប់​ធ្វើតេស្ត TA-0 បំពាក់​នៅ​ចន្លោះ​ដងខ្លួន​ទាំងពីរ​របស់​វា និង​ហោះ​ទៅ​ទិស​ខាងលិច ហើយ​ទម្លាក់ TA-0 នៅពេល​ទៅដល់​លំហ​សមុទ្រ California។ TA-0 ទម្លាក់ខ្លួន​ចុះ​លើ​​ផ្ទៃ​ទឹកសមុទ្រ ទៅតាម​ការគ្រោងទុក ខណៈ Roc ហោះ​ត្រលប់មក​ចុះចត​វិញ ក្រោយ​បេសកកម្ម​​សាក​ល្បង​រយៈពេល​ប្រហែល​បួន​ម៉ោងបាន​​បញ្ចប់​។

    Stratolaunch មាន​គម្រោង​ប្រើប្រាស់ Roc ដើម្បី​ដឹក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង Talon-A (TA-1) ឡើងទៅ​កាន់​កម្ពស់ 10,000 ម៉ែត្រ។ នៅ​ទីនោះ វា​នឹង​ត្រូវបាន​ផ្ដាច់​ចេញពី Roc ដើម្បី​ហោះហើរ​ដោយ​ខ្លួនឯង។ TA-1 ដំណើរការ​ដោយ​រ៉ុក្កែត នឹង​បន្ត​ហោះ​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង) មុនពេល​ចុះចត​ដោយ​ស្វ័យប្រវត្ត៕

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។

  • អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។

    អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។

    2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។

    តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។

    ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕

  • ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

    ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

    ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

    បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

    ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

    https://www.youtube.com/watch?v=jU1DsipURcM

    វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

    ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

    ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

  • ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។

    ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។

    ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។

    ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។

    លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន សាស្រ្តាចារ្យផ្នែកវិជ្ជាវេជ្ជសាស្រ្តមនុស្សចាស់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះ បានរៀបរាប់ថា លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ នឹងជួយជំរុញឱ្យមនុស្សសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា ការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារនឹង​ហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ? និងមានការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ការជំរុញ និង​បំ​ផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំយកចិត្តទុកដាក់យ៉ាងពេញ​ទំហឹងនោះ វានឹងជួយកាត់បន្ថយបរិមាណមនុស្សធំដែលក្លាយជាអ្នកមានជំងឺមួយថ្ងៃកាត់មួយថ្ងៃកោរបានយ៉ាងងាយនាពេល​​អ​នាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយក្នុងចំណោមជំងឺដ៏​កាច​សា​ហាវបានទៀតផង៕​

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​

  • ខាងផលិតកម្ម YG បកស្រាយមូលហេតុ CL ឡើងគីឡូរហូតដល់មានស្ថានភាពបែបនោះ…

    ខាងផលិតកម្ម YG បកស្រាយមូលហេតុ CL ឡើងគីឡូរហូតដល់មានស្ថានភាពបែបនោះ…

    តាមរយៈសារព័ត៌មាន​ Entertain.naver បានចេញផ្សាយនៅពេលមុននេះបន្ដិចឱ្យដឹងថា មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ខណៈដែលកំពូលតារាចម្រៀង Kpop នាង CL ឡើងគីឡូរហូតដល់មិនចង់ស្គាល់។ អ្វីដែល​គ្រប់​គ្នា​ សឹង​មិន​ជឿ​នឹង​ភ្នែក​ គឺ​តារា​ស្រី​រូប​នេះ​រីកមាឌ​ជាង​មុន​គួរសម​ ប៉ុន្ដែមានអ្នកគាំទ្រនាងម្នាក់បានលើកឡើងថា នាងឡើងទម្ងន់ដល់ទៅ 78 Kg ហើយគ្រាន់តែ​ពេលឃើញ​សភាព​នាង​បែបនេះ​ អ្នកគាំទ្រ​ផ្ដោតសំខាន់ភ្លាម​ពី​រឿងរ៉ាវ​ប៉ះទង្គិចផ្លូវចិត្ត​មួយចំនួនដែល​កើតមាន​​រវាង​នាង​ជាមួយ​ YG នៅ​មួយ​រយៈ​ចុង​ក្រោយ។

    យ៉ាងណាមិញ YG Entertainment បាននិយាយជាមួយសារពត៌មានថ្ងៃនេះថា « CL ជាមួយខាងផលិតកម្ម គ្មានរឿងជម្លោះអ្វីទាំងអស់ ដោយសារនាងនៅសហរដ្ឋអាមេរិកច្រើនជាងនៅកូរ៉េ ចឹងការផ្លាស់ប្តូរផ្ទះ និងបរិស្ថានធ្វើឱ្យ CL មិនទាន់ស៊ាំតែសុខភាពនាងល្អធម្មតា គ្រាន់តែនាងស្ត្រេសពីការងារ ហើយមិនមានពេលហាត់ប្រាណ ទើបបានជានាងរៀងឡើងគីទ្បូបន្តិច តែប៉ុណ្ណឹងឯង »។

    គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យម្ចាស់ក្សត្រីយប្រចាំចម្រៀង Kpop រូបនេះត្រូវផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក ក៏ព្រោះតែរូបនាងត្រៀមបញ្ចេញអាល់ប៊ុមចម្រៀងថ្មី ដែលបានថតទុកតាំងពីឆ្នាំ 2016 មកម្លេះ។ ហើយបទចម្រៀងរបស់នាងដែលមិនទាន់បានបញ្ចេញប្រមាណជាង 200 បទ និងវីដេអូចម្រៀងជាច្រើនបទទៀតនោះ ក៏មានអ្នកគាំទ្រទម្លាយឱ្យដឹងថា ដោយសារតែម្ចាស់ផលិតកម្ម YG លោក យ៉ាង យ៉ុងស៊ុក មិនព្រមឱ្យនាងបញ្ចេញអាល់ប៊ុមចម្រៀងខ្លួន និងធ្វើឱ្យនាងរងសម្ពាធផ្លូវចិត្ត៕

  • CL ឡើងកូដជាតារាសម្ដែងភាពយន្ដហូលីវូដ

    CL ឡើងកូដជាតារាសម្ដែងភាពយន្ដហូលីវូដ

    តាមរយៈសារព័ត៌មាន kstarlive ដែលបានចេញផ្សាយនៅថ្ងៃទី 6 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា នៅទីបំផុតតារាចម្រៀងស្រី CL បានសម្រេចក្ដីបំណងរបស់នាង ក្នុងការសម្ដែងភាពយន្ដរបស់ហូលីវូដហើយ។

    កញ្ញា CL បានប្រកាសដោយខ្លួននាងថា រូបភាពនេះជាប្លង់មួយនៃការសម្ដែងភាពយន្ដហូលីវូដ ដែលនាងបានបង្ហោះនៅលើបណ្ដាញអ៊ីនស្ដាក្រាម ហើយស្ដែងឱ្យឃើញពីសកម្មភាពថតរឿង  “Mile 22” និងរួមមាន អ្នកដឹកនាំសម្ដែង  Peter Berg និងJohn Malkovich រួមទាំងតារាសម្ដែងជាច្រើនទៀតដូចជា  Myke Holmes, Peter Berg, John Malkovich និង Jenique Hendrix ។

    គួរបញ្ជាក់ផងដែរថា ភាពយន្ដខ្នាតធំ  “Mile 22”  ជាប្រភេទភាពយន្ដវាយប្រហារ បាញ់បោះ ដែលត្រូវបានដឹកនាំសម្ដែងជាពិសេសពីអ្នកដឹកនាំរឿងល្បី Peter Berg និងជាភាពយន្ដដែលបានដកស្រង់ចេញពីរឿងពិតមួយរបស់ក្រុមសើបអង្កេត CIA និងមន្ត្រីប៉ូលិសឥណ្ឌូនេស៊ី ដែលបានប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងនៅក្នុងប្រទេស៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនារូបភាពខាងក្រោមនេះ៖

    So Where is @keitharthurbolden ? #mile22

    A post shared by CL (@chaelincl) on

    +guesswhat+

    A post shared by CL (@chaelincl) on

    @pberg44

    A post shared by CL (@chaelincl) on

    +귀요미+@pberg44 @jgmalkovich #M22

    A post shared by CL (@chaelincl) on