Tag: China

  • ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។

    បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។

    ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។

    China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande នៅតែជាស្រមោលអាក្រក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន៕

  • ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

    ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

    ជិត​ដល់​រដូវ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន គេ​ឃើញ​ថា គ្រឿង​អលង្ការ​មាស ឬ​ផ្ទាំង​រូបភាព​បិទ​ទូរស័ព្ទ​ដែល​មាន​រូប​នាគ​នៅ​ប្រទេស​ចិន​ កំពុង​តែ​លក់​ដាច់​ខ្លាំង​។

    តួលេខ​របស់​ផ្សារ​អនឡាញ​ Taobao (ចិន) បង្ហាញ​ថា ចំនួនលើក​​នៃ​ការ​ស្វែង​រក​បណ្ដា​ផលិត​ផល​ដែល​ទាក់​ទង​នឹង​រូប​នាគ​នៅ​លើ​ថ្នាល​នេះ ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ 640 ដង រាប់​ចាប់​ពី​ថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024​។ ក្នុងនោះ​ ចំនួន​លើក​នៃ​ការ​ស្វែង​រក​គ្រឿង​អលង្ការ​មាន​រូប​នាគ បាន​កើនឡើង​ច្រើន​ជាង​មុន​រហូត​ដល់ 500 ដង​។

    «នាគត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​​អំណាច​ និង​ឋានៈ​ក្នុង​វប្បធម៌​ចិន​។ ចំណែក​មាស​គឺជា​គ្រឿង​អលង្ការផង និង​ជា​ឧបករណ៍​សម្រាប់​ទុន​ដាក់​ទ្រព្យសម្បត្តិផង​ តែង​តែ​ត្រូវ​បាន​ទិញ​​ជា​រៀង​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​។ ដូច្នេះ​ហើយ ទើប​មាន​មនុស្ស​ជា​ច្រើន​ទិញ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​មាន​រូប​នាគ​ ដើម្បី​បួង​សួង​សូម​ភាភ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​» Xie Zhihui អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់​នៅ​ហាង​មាស Chow Tai Seng បាន​ប្រាប់ China Daily ដូច្នេះ​។

    មិន​មែន​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ បណ្ដា​យីហោ​ល្បី​ៗ​លើ​ពិភពលោក​ក៏​កំពុង​ចាប់​យក​និន្នាការ​ខាងលើ​ផងដែរ​។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង Shu Uemura (ជប៉ុន) ក៏​បាន​ដាក់​លក់​ប្រភេទ​ក្រែម​លាប​បបូរមាត់​​មាន​ ​ពិសេស​មួយដែល​មាន​កំណត់​បរិមាណ​ ក្នុង​នោះ ​សម្បក​របស់​ផលិត​ផល​នេះ​មាន​រូប​នាគ​ពណ៌​លឿង​។ ចំណែក Fila ក៏​ដាក់​លក់​អាវ​ប៉ាក់​រូប​នាគ​ ខណៈ Shanghai Disney Resort ចេញ​លក់​​របស់​លេង​កម្សាន្ត​ធ្វើ​ពី​ក្រណាត់​មាន​រូប​នាគ​ផងដែរ​៕

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • អ្នក​វិទ្យា​សាស្ត្រ​ចិន​ចិញ្ចឹម​តម្រង​នោម​មនុស្ស​ក្នុង​អំប៊្រីយ៉ុងជ្រូក​បាន​ជោគ​ជ័យ​

    អ្នក​វិទ្យា​សាស្ត្រ​ចិន​ចិញ្ចឹម​តម្រង​នោម​មនុស្ស​ក្នុង​អំប៊្រីយ៉ុងជ្រូក​បាន​ជោគ​ជ័យ​

    ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​នៅ​ប្រទេស​ចិន​ ចិញ្ចឹម​តម្រង​នោម​មាន​កោសិកា​មនុស្ស​ក្នុង​អំប៊្រីយ៉ុង​សត្វ​ជ្រូក​ ដែល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​វិធី​សាស្ត្រជំនួស​នៅ​ក្នុង​ការ​វះកាត់​ប្ដូរ​សរីរាង្គ​របស់​មនុស្ស​។

    លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ និង​សុខភាព​ក្វាងចូវ នៃ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ចិន​ ប្រកាស​នៅ​លើ​ទស្សនាវដ្ដី​ Cell Stem Cell កាល​ពី​ថ្ងៃទី 07​ កញ្ញា​ 2023​ បាន​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​ចិញ្ចឹម​សរីរាង្គ​ដើម្បី​ផ្លាស់​ប្ដូរ​ និង​សិក្សា​ស្រាវជ្រាវ​នៅ​លើ​សត្វ​ជ្រូក​។ យោង​តាម​ China Science Net នេះ​គឺជា​លើក​ដំបូង​ដែល​សរីរាង្គ​របស់​មនុស្ស​រីក​ចម្រើន​នៅ​ខាង​ក្នុង​រាង​កាយ​សត្វ​ដទៃ។

    ក្នុង​ចំណោម​អំប៊្រីយ៉ុង​ជា 1,800 នៅ​ក្នុ​ងការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ មាន​អំប៊្រីយ៉ុង​ចំនួន​ 5 បាន​រីក​ចម្រើន​ប្រកប​ដោយ​ជោគ​ជ័យ​។ អំប៊្រីយ៉ុង​ទាំង​នេះ​ចិញ្ចឹម​តម្រង​នោម​ដែល​មាន​ផ្ទុក​កោសិកា​មនុស្ស​ពី 50 ទៅ 60​%​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ប្រើ​ប្រាស់​ឧបករណ៍​កែសម្រួល​ហ្សែន​ CRISPR ដើម្បី​ចាត់​ចែង​ហ្សែន​ចំនួន​ពីរ​ដែល​មាន​តួនាទី​គ្រប់​គ្រង​ការ​វិវត្ត​​របស់​តម្រង​នោម និង​កាត់ប​ន្ថយ​ការ​រីក​ចម្រើន​របស់​កោសិកា​ជ្រូក​។

    តម្រង​នោម​គឺជា​មួយ​ក្នុង​ចំណោម​សរីរាង្គ​ដែល​ត្រូវ​បាន​ប្ដូរ​ច្រើន​ជាង​គេ​នៅ​លើ​មនុស្ស​ ប៉ុន្តែ​កង្វះ​តម្រង​នោម​ល្អ​ដែល​បាន​ពី​ការ​បរិច្ចាគ​​កំពុង​ក្លាយ​ជា​រឿង​លំបាក​។ ការ​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ក្នុង​អំប៊្រីយ៉ុង​សត្វ​មាន​ដោះ​ធំ​នឹង​ជា​ដំណោះ​ស្រាយ​ល្អ​សម្រាប់​បញ្ហា​នេះ​។

  • ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ប្រទេស​ចិន និង​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    ក្រុមហ៊ុន China Three Gorges Corporation បាន​ត​ភ្ជាប់​ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់ (MW) ដំបូង​លើ​ពិភពលោក ទៅ​នឹង​បណ្ដាញ​អគ្គិសនី​។ ដោយមាន​អង្កត់ផ្ចិតរ​ង្វិ​ល​ជុំ​ប្រវែង 260 ម៉ែត្រ ទួ​រ​ប៊ី​ន​ខ្នាត​យក្ស​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ដល់​តម្រូវការ​រប​ស់មនុស្ស 36,000 គ្រួសារ​នៅ​ប្រទេស​ចិន។

    ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ឈ្មោះថា MySE 16-260 និង​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន MingYang Smart Energy គឺជា​ទួ​រ​ប៊ី​ន​ធំ​បំផុត​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី។ ម៉ូ​ទ័​រ​ផលិត​អគ្គិសនី​ក្នុង​ស្នូល​ដែល​ដាក់​លើ​បង្គោល​ទួ​រ​ប៊ី​ន​កម្ពស់ 152 ម៉ែត្រ មាន​ទម្ងន់ 385 តោន។ ស្លាប​កង្ហារនីមួយៗមាន​ប្រវែង 123 ម៉ែត្រ និង​ទម្ងន់ 54 តោន។

    នៅពេល​វិល​បាន​មួយ​ជុំ ស្លាប​កង្ហារ​បក់​ក្នុង​ទំហំ​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7 បូក​ចូលគ្នា និង​បញ្ចូល​អគ្គិសនី 34.2 គីឡូវ៉ាត់ម៉ោង​ទៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន។ ជា​រៀងរាល់ឆ្នាំ ទួ​រ​ប៊ី​ន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល 66 ជី​ហ្គា​វ៉ា​ត់​ម៉ោង។

    ទួ​រ​ប៊ី​ន​ខ្យល់​សម្រាប់​ដាក់​លើ​សមុទ្រ​នឹងមាន​ទំហំ​ធំ​ជាង​នេះ នាពេលខាងមុខ។ ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន ធ្លាប់​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ 18 MW កាលពី​ខែមករា ឆ្នាំ 2023 ហើយ​បន្ទាប់មកទៀត នឹង​ជា​កំណែ 20 ម៉េ​ហ្គា​វ៉ា​ត់៕

  • អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

    អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

    អ្នកដំណើរ​ម្នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air China ត្រូវ​ប៉ើង​ឡើងដល់​ពិតាន​យន្តហោះ នៅពេល​យន្តហោះ​នេះ​កំពុង​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់​លើ​អាកាស។

    ជើងហោះហើរ CA1524 របស់​ក្រុមហ៊ុន Air China ហោះ​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់ ពេល​កំពុងធ្វើដំណើរ​ពី​សៀង​ហៃ​ទៅកាន់​ប៉េកាំង កាលពី​ថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរ​ម្នាក់​និយាយថា នៅមុន​ហេតុការណ៍​រលាក់​យន្តហោះ​លើកដំបូង ភ្ញៀវ​មួយចំនួន​បាន​ក្រោក​ឡើងទៅ​បន្ទប់ទឹក។

    «នៅពេល​ប្រធាន​ក្រុម​ហោះហើរ​ប្រកាស​ឱ្យ​អ្នកដំណើរ​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ទើប​ពួកគេ​ត្រលប់មក​កន្លែង​អង្គុយ។ ក្រោយ​រយៈពេល​ជាង 10 វិនាទី យន្តហោះ​ក៏​ស្រាប់តែ​រលាក់​មួយ​ប្រាវ» អ្នកដំណើរ​ម្នាក់​រៀបរាប់​កាលពី​ថ្ងៃទី 11 កក្កដា។

    ប្រហែល​ជាង 10 វិនាទី​ក្រោយ ហេតុការណ៍​ដូចខាងលើ​ក៏បាន​កើតឡើង​ជាថ្មី និង​ខ្លាំង​ជាង​មុន។ គ្រប់គ្នា​ស្រែក​ឡើង។ របស់របរ​ត្រូវ​ធ្លាក់​ទៅលើ​បាត​យន្តហោះ។ អ្នកខ្លះ​ក៏​ធ្លាក់​ទាំង​ទូរស័ព្ទ។

    ស្ត្រី​ម្នាក់​អាយុ​ប្រហែល 40 ឆ្នាំ បាន​ប៉ើង​ដល់​ពិតាន ធ្វើឱ្យ​របួស​ត្រង់​ក្បាល និង​ជើង។ អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​ការពារ​ភ្ញៀវ ក៏ត្រូវ​ប៉ើង​ទៅលើ បង្កឱ្យមាន​របួសផងដែរ​។

    ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ​បាន​បញ្ជាក់ថា យន្តហោះ​បាន​ជួបប្រទះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ ហើយ​ថា ក្រុម​ហោះហើរ​បាន​ដោះស្រាយ​បញ្ហា​ទៅតាម​គោលការណ៍​សុវត្ថិភាព៕

    យន្តហោះ​របស់​ក្រុម​ហ៊ុន​ចិន Air China
  • ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

    ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

    ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

    ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

    ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

    តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

  • ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​មាន​ឈ្មោះថា C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»។

    នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hongqiao កាលពី​ថ្ងៃទី 28 ឧសភា 2023 ជើងហោះហើរ​លេខ MU9191 របស់ China Eastern Airlines បាន​ដឹក​អ្នកដំណើរ 130 នាក់ ហោះ​ឆ្ពោះទៅកាន់​រដ្ឋធានី​ប៉េកាំង។

    «ខ្ញុំ​ធ្វើដំណើរ​តាម​យន្តហោះ​ជា​ញឹកញាប់។ ខ្ញុំ​យល់ថា កៅអី​ធំ​ទូលាយ​ល្មម ធ្វើឱ្យមាន​អារម្មណ៍​ស្រួលខ្លួន» អ្នកស្រី Yu ដែលជា​អ្នកដំណើរ​មួយរូប យល់ឃើញ​ដូច្នេះ។

    យន្តហោះ C919 ក៏បាន​ចុះចត​លើ​ព្រលានយន្តហោះ​ប៉េកាំង និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ការបាញ់ទឹក ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈ​ពេល​ពីរ​ម៉ោង​ពី​​​ព្រលាន​យន្តហោះ​ Hongqiao នៅ​សៀងហៃ​។

    Zhao Hongbing ដែលជា​ប្រធាន​ក្រុម​ហោះហើរ និយាយថា «យើង​បានធ្វើ​ការហោះហើរ​សាកល្បង​ជាង 100 ជើង ដោយ​ហោះ​ឡើង និង​ចុះចត​រាប់សិប​លើក។ និយាយ​រួម ខ្ញុំ​គិតថា យន្តហោះ​នេះ​ល្អ​ណាស់»។

    C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»

    ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ថា យន្តហោះ C919 សម្រេចបាន​ស្ដង់ដា​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 កញ្ញា ឆ្នាំ 2019។ វិញ្ញាបនបត្រ​នេះ​ត្រូវបាន​ប្រគល់​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​ចិន។

    យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន ​មាន​ឈ្មោះថា C919

    «យើង​មាន​ម្ចាស់ការ​ទាំងស្រុង​លើ​ដំណើរការ​នៃ​ការ​រចនា ផលិត ធ្វើតេស្ត ត្រួតពិនិត្យ និង​ទទួលស្គាល់ ដែល​នេះ​គឺជា​សញ្ញា​មួយ​​បង្ហាញថា ប្រទេស​ចិន​ឈានចូល​ក្នុង​ក្រុម​ប្រទេស​ផលិត​លំដាប់​ខ្ពស់» លោក Zhang Yanzhong ទីប្រឹក្សា​កម្មវិធី C919 នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន អះអាង​​ដូច្នេះ៕

  • ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    ចិន​រារាំង​មិនឱ្យ​អ្នកជំនាញ​របស់ WHO ស្រាវជ្រាវ​ប្រភព Covid-19 នៅលើ​ទឹកដី​របស់ខ្លួន

    អាជ្ញាធរ​ចិន​បានប្រកាសថា មិន​ផ្ដល់​ទិដ្ឋាការ​ដល់​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការចូល​មកកាន់​ទីក្រុង Wuhan ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស Covid-19 បើ​ទោះ​សមាជិក​មួយចំនួន​បានចេញ​ដំណើរ​រួចហើយ​ក្ដី។

    ប្រតិភូ​នៃ​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​គម្រោង​ទៅកាន់​ទីក្រុង Wuhan នៃ​ខេត្ត Hubei របស់​ប្រទេស​ចិន ជា​កន្លែង​ដែល​ត្រូវគេ​ជឿថា ជា​ប្រភព​នៃ​វីរុស Covid-19 ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីដំបូងៗនៃ​ការឆ្លង​វីរុស​នេះ។ ក្រុម​អ្នកជំនាញ​នេះ មិន​មានបំណង​ស្រាវជ្រាវ​លើ​ទ្រី​ស្ដី​ដែលថា Covid-19 មាន​ប្រភព​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដែល​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​បដិសេធ​នាពេល​កន្លង។

    វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់ WHO បានឱ្យដឹងថា ប្រតិភូ​នេះ​រួមមាន ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​នានា​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ទាក់ទង​នឹង​គម្រោង​ទៅកាន់​ប្រទេស​ចិន។ លោក Ryan បាន​និយាយ​កាលពី​ថ្ងៃទី 5 ខែមករា​ថា៖ «ក្រុម​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​កិច្ចការ​នៅ​ថ្ងៃស្អែក»។

    ក៏ប៉ុន្តែ នៅពេល​សមាជិក​ពីរ​នាក់​ដែល​នៅ​ឆ្ងាយ​បានចេញ​ដំណើរ ក្រុម​អ្នកស្រាវជ្រាវ​នេះ​ក៏បាន​ទទួល​ព័ត៌មាន​ថា ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវបាន​មន្ត្រី​ចិន​អនុញ្ញាត​នោះឡើយ។ សមាជិក​ម្នាក់​បាន​ត្រលប់​ក្រោយ​វិញ ខណៈ​ម្នាក់ទៀត​កំពុង​ឆ្លងកាត់​ប្រទេស​ទី​បី។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ព័ត៌មាន​ខាងលើនេះ និង​ឱ្យដឹងថា បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន អនុញ្ញាតឱ្យ​ក្រុម​អ្នកជំនាញ​បាន​ចូល​ស្រុក។

    លោក Tedros ថ្លែងថា៖ «ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​ក្រុមមន្ត្រី​ចិន និង​បានធ្វើឱ្យ​ប្រាកដ​អំពី​ភារកិច្ច​ថា នេះ​គឺជា​អាទិភាព​មួយ​របស់ WHO និង​ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ»។

    ជាច្រើន​ខែ​មកហើយ WHO បាន​ប្រឹងប្រែង​ដើម្បី​អាច​បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅកាន់​ប្រទេស​ចិន។ ពួកគេ​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ចិន​តាំងពី​ខែកក្កដា ដើម្បី​រក​ផ្លូវ​ចូលទៅ​កាន់​ទីក្រុង Wuhan ក្នុង​បំណង​ស្រាវជ្រាវ​ឱ្យដឹង​ប្រាកដថា តើ​វីរុស Covid-19 បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដោយ​របៀប​ណាខ្លះ។

    Ilona Kickbusch ប្រធាន​មជ្ឈមណ្ឌល​សុខាភិបាល​សកល​នៅ​ទីក្រុង​ហ្សឺ​ណែវ យល់់ថា កត្តា​ភូមិសាស្ត្រ​នយោបាយ​បាននិងកំពុង​រារាំង​បណ្ដា​ប្រទេស​ក្នុងការ​សហការគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ហើយ​អរិភាព​ដែល​កើតឡើង​អាចជា​ឧបសគ្គ​នៃ​យុទ្ធនា​ការស្វែងយល់​អំពី​ប្រភព និង​ដំណើរការ​នៃ​រោគរាតត្បាត។

    Kickbusch ថ្លែងថា៖ «ខ្ញុំ​គិតថា នឹងមាន​ការលំបាក​ខ្លាំង​នៅក្នុង​ការស្វែងរក​ប្រភព​របស់​វីរុស ព្រោះថា ពេលវេលា​​បាន​​កន្លង​ផុត​ទៅ​​យូរ​ណាស់​មកហើយ»។

    ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​របស់ WHO សង្ឃឹមថា ការដែល​ចិន​បដិសេធ​មិនឱ្យ​ពួកគេ​ចូល​ប្រទេស​នេះ គ្រាន់តែ​ជា​បញ្ហា​​បន្ទាប់​បន្សំ​​ប៉ុណ្ណោះ​ ហើយ​ថា «បញ្ហា​ការិយាធិបតេយ្យ​នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស»៕

    ប្រភព៖ Guardian

  • (វីដេអូ)-យាន​អវកាស​ចិន​ដែល​កំពុង​ហោះ​ទៅកាន់​ផ្កាយ​ព្រះអង្គារ បាន​កែប្រែ​គន្លង​គោចរ​ជា​លើក​ដំបូង​រួច​ហើយ

    (វីដេអូ)-យាន​អវកាស​ចិន​ដែល​កំពុង​ហោះ​ទៅកាន់​ផ្កាយ​ព្រះអង្គារ បាន​កែប្រែ​គន្លង​គោចរ​ជា​លើក​ដំបូង​រួច​ហើយ

    ក្រោយពី​បាន​ហោះហើរអស់​​រយៈ​ពេល​230​ម៉ោង​ និង​ស្ថិត​នៅ​ចម្ងាយ​​​​3​លាន​គីឡូម៉ែត្រពី​ផែន​ដី​ យាន​អវកាស​ចិន Tianwen-1 ក៏​បាន​កែប្រែ​គន្លង​គោចរ​ជា​លើកដំបូង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ពិភព​​ព្រះអង្គារ​​។

    Tianwen-1 ដែលជាយានអវកាសហោះទៅកាន់ពិភពព្រះអង្គារដំបូងរបស់ចិន បានទទួលជោគជ័យក្នុងការកែប្រែគន្លងគោចរជាលើកដំបូងកាលពីថ្ងៃទី2សីហា។

    យាន Tianwen-1 បានកែប្រែគន្លងគោចរក្រោយពីម៉ាស៊ីន 3,000 N របស់​វា​ ដំណើរការក្នុងរយៈពេល20វិនាទី។ ក្នុងអំឡុងពេលនោះ Tianwen-1 បានហោះហើរអស់រយៈពេល230ម៉ោងនៅក្នុងទីអវកាស និងមានចម្ងាយពីផែនដីប្រមាណជា3លានគីឡូម៉ែត្រ។

    ការកែប្រែគន្លងគោចរនេះគឺក្នុងបំណងធានាឱ្យយានអវកាសអាច​ហោះ​សំដៅ​​ទៅកាន់​ផ្កាយព្រះអង្គារ ទៅ​តាម​គន្លង​ដ៏ត្រឹម​ត្រូវ​ដែល​បាន​កំណត់​ទុក​។

    តាមផែនការ យានអវកាស Tianwen-1 របស់ចិននេះ នឹងទៅដល់គោលដៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ2021ខាងមុខ។

    ប្រភព៖ CGTN