Tag: Bloomberg

  • ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    Tosca ដែលជា​ប្អូនស្រី​របស់លោក Elon Musk និយាយថា ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ខ្ពស់​ជាងគេ​នៅពេល​ម្ចាស់​ទីតាំង​ថតកុន​ដឹងថា អ្នកស្រី​មានត្រកូល​ដូច​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក។

    Tosca Musk ដែលជា​ផលិតការិនី​​ភាពយន្ត បានឱ្យដឹងថា នាម​ជា​ប្អូន​របស់​មហាសេដ្ឋី​អាម៉េរិក ​គឺជា «សំណាងល្អ ប៉ុន្តែ​ក៏​ជា​រឿង​អាក្រក់»។ ប្រការនេះ​បាន​លេចឡើង​នៅពេល​អ្នកស្រី​ជួល​ទីតាំង​ថតកុន​មួយកន្លែង​។

    «តំបន់​នោះ​មានតម្លៃ 5,000 ដុល្លារ/ថ្ងៃ។ ប៉ុន្តែ​ពេលឮ​ឈ្មោះ​ខ្ញុំ ម្ចាស់​ទីតាំង​នោះ​ក៏​ប្រាប់ថា តម្លៃ 25,000 ដុល្លារ» អ្នកស្រី Tosca រៀបរាប់​ដូច្នេះ និង​បន្ថែមថា «គ្រប់គ្នា​គិតថា បងប្រុស​របស់ខ្ញុំ​ចេញថ្លៃ​គ្រប់យ៉ាង​ឱ្យ​ខ្ញុំ ប៉ុន្តែ​តាមពិត មិន​ដូច្នោះ​ទេ»។

    អ្នកស្រី Tosca ឱ្យដឹងថា ជា​សាច់ញាតិ​របស់លោក Elon Musk ក៏​ជា «កាំ​បិតមុខ​ពីរ» ព្រោះថា ក្រៅ​ពី​​ជួយ​ដល់​ការកសាង​ទំនាក់ទំនង​ក្នុង​ការងារ ប្រការ​នេះ​​ក៏​ធ្វើឱ្យ​អ្នកស្រី​រង​សម្ពាធ​ច្រើន​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកស្រី​និយាយថា ការ​មានត្រកូល Musk គឺជា​ភ័ព្វសំណាង ហើយ​អ្នកស្រី​មិន​ចង់​ប្ដូរផ្លាស់​ឡើយ។

    អ្នកស្រី Tosca កើន​ឆ្នាំ 1974 បន្ទាប់ពី​លោក Elon Musk និង​បងប្រុស​ម្នាក់ទៀត​គឺ Kimbal Musk។ យោងតាម​ទំព័រ IMDb អ្នកស្រី Tosca បានចាប់ផ្ដើម​មុខរបរ​ផលិត​ភាពយន្ត​តាំងពី​ឆ្នាំ 2001 ហើយ​មកដល់ពេលនេះ អ្នកស្រី​ផលិត​បាន​ជាង 50 រឿង។ អ្នកស្រី​ក៏​ជា​ស្ថាបនិក និង​ជា CEO របស់ Passionflix ដែលជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សេវាកម្ម​ផ្សាយ​ផ្ទាល់ ​ដែល​ជំនាញ​ខាង​មាតិកា​មនោសញ្ចេតនា។

    អ្នក​ស្រី Tosca Musk និង​លោក Elon Musk

    ទំព័រ Bloomberg ឱ្យដឹងថា លោក Elon Musk ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​​លើ​ពិភព លោក​ ពី​មហាសេដ្ឋី​បារាំង Bernard Arnault កាលពីដើម​ខែមិថុនា 2023 ដោយលោក Elon Musk មាន​ទ្រព្យ​សរុប 233 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • សហរដ្ឋ​អាម៉េរិក​ជិត​ផ្ដល់ជំនួយ​ជាង​ពីរពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ជិត​ផ្ដល់ជំនួយ​ជាង​ពីរពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    តាម​គម្រោង សហរដ្ឋ​អាម៉េរិក​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ជា​អាវុធ​តម្លៃ​ជាង​ពីរពាន់​លាន​ដុល្លារ​ដែល​ទីក្រុង​វ៉ាង​ស៊ី​ង​តោន​នឹង​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ពង្រឹងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ទីក្រុង​កៀវ​ក្នុង​រយៈពេល​យូរ។

    យោងតាម Bloomberg ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 08 មិថុនា កញ្ចប់​ជំនួយ​ជា​អាវុធ​តម្លៃ​ជាង​ពីរពាន់​លាន​ដុល្លារ​ គ្រោង​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី 09 មិថុនា​នេះ។ ជំនួយ​ដែល​ផ្ដោត​សំខាន់​លើ​កម្លាំង​ការពារ​ដែនអាកាស​នេះ​ នឹង​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​​អាច​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Hawk និង​មី​ស៊ី​ល Patriot បាន​ច្រើន​គ្រឿង​។

    កញ្ចប់​ជំនួយ​ខាងលើ​ក៏​នឹង​ផ្ដល់ឱ្យ​ក្នុង​រយៈពេល​ច្រើន​ខែ​ឆ្នាំ ដើម្បី​ធានា​សន្តិសុខ​នាពេល​អនាគត​របស់​អ៊ុយ​ក្រែ​ន ខុសពី​កញ្ចប់​ជំនួយមុនៗដែល​ដក​អាវុធ​​ពី​ឃ្លាំង​របស់​កងទ័ព​អាម៉េរិក​ដោយផ្ទាល់។

    ព័ត៌មាន​នេះ​ត្រូវបាន​រាយការណ៍​ក្នុង​គ្រា​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ប្រឈម​នឹង​សម្ពោធ​ធ្ងន់​ពី​ការវាយប្រហារ​របស់​រុស្ស៊ី មុនពេល​ទីក្រុង​កៀវ​បើក​ការ​វាយបក៕

  • ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

    ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

    បើ​សិន​ជា​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ចុះ​កម្ដៅ​ដូច​បច្ចុប្បន្ន ពេល​​ដែល​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​កើន​ឡើង​ គ្រា​នោះ​​ផែនដីអាច​នឹង​ត្រូវ​ឆ្អិន​ដូច​បាយមិន​ខាន​។

    ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ (IEA) បានព្យាករ​ថា​ ពិភពលោក​ឆ្នាំ 2023 មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ពីរ​ពាន់​លាន​គ្រឿង​, ឆ្នាំ​ 2030 នឹង​មាន​បី​ពាន់​លាន​គ្រឿង​ និង​ឆ្នាំ 2040 នឹង​មាន​ជាង​បួន​ពាន់​លាន​គ្រឿង។ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​វាយ​តម្លៃ​ថា ជួយ​លើក​កម្ពស់​សុខភាព​​ និង​បង្កើន​សមត្ថភាព និង​​ប្រសិទ្ធ​ភាព​ការ​ងារ​។ ក៏ប៉ុន្តែ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​ រួម​នឹង​វត្ថុធាតុ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​បច្ចេក​វិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ក៏​បង្ក​ផល​វិបាក​ច្រើន​ដល់​អាកាស​ធាតុ​។

    Abhas Jha អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​ផ្នែក​​បម្រែ​បម្រួល​អាកាសធាតុ​នៅ​សិង្ហបុរី​ បាន​អះអាង​ថា​ «បើ​សិន​ជា​ស្ដង់ដា​ស្ដី​ពី​ប្រសិទ្ធ​ភាព​មិន​ត្រូវ​បាន​កែ​លំអ ផែនដី​នឹង​ត្រូវ​ក្ដៅ​ដល់​ឆ្អិន ទៅ​តាម​ន័យ​ធៀប​»​។

    យោង​តាម​ Bloomberg តំបន់​ក្រី​ក្រ​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ជា​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​។ ប៉ុន្តែ នៅ​ក្នុង​តំបន់​ទាំង​នេះ​ ប្រាក់ចំណូល​របស់​ប្រជាជន​កំពុងតែ​មាន​ការ​កើន​ឡើង​ ហើយ​ម៉ាស៊ីន​ត្រជាក់​ក៏​ក្លាយ​ជា​ទំនិញ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​អាច​ទិញ​បាន​។

    នេះ​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​លក់​ដាច់​ខ្លាំង​របស់​ម៉ាស៊ីន​ត្រជាក់​នា​ពេលកន្លង​ និង​អនាគត​។ បណ្ដា​ប្រទេស​មាន​ដូច​ជា ចិន និង​ឥណ្ឌា​ជា​ដើម ត្រូវ​បាន​ព្យាករ​ថា​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧបករណ៍​អេឡិច​ត្រូនិច​​មួយ​នេះ​នៅ​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​ខាង​មុខ​។

    នៅក្នុង​ម៉ាស៊ីន​ត្រជាក់បច្ចុប្បន្ន hydrofluorocarbons (HFC) គឺ​មួយ​ក្នុង​ចំណោម​វត្ថុធាតុធ្វើ​ឱ្យ​ត្រជាក់​​ដែល​កំពុង​ពេញ​និយម​ ប៉ុន្តែ​ធាតុ​ដែល​​អាច​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ខ្ពស់​ជាង​ 1,000 ដង បើ​ធៀប​នឹង​ carbon dioxide​​។ អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា បើ​សិន​មិន​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​​ HFC នោះ​នឹង​នាំ​ទៅ​រក​ការ​ឡើង​កម្ដៅ​បន្ថែម​កន្លះ​អង្សាសេ​នៅ​ចុង​សតវត្សរ៍​នេះ ហើយ​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​​បញ្ហា​អាកាស​ធាតុ​អាក្រក់​ៗ​កើត​ឡើង​ញឹក​ញាប់​ជាង​បច្ចុប្បន្ន​ ក្នុង​នោះ​មាន​ដូច​ជា ខ្យល់​ព្យុះ គ្រោះ​រាំង​ស្ងួត​ និង​រលក​កម្ដៅ​​ជា​ដើម​។

    ដើម្បី​ជំនួស HFC វិស័យ​ឧស្សាហកម្ម​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ការ​វត្ថុធាតុ​បញ្ចុះ​កម្ដៅ​មួយ​ផ្សេង​ទៀត​ដែល​មិន​សូវ​បង្ក​ផល​វិបាក​ដល់​បរិស្ថាន​។ បច្ចុប្បន្ន ក្រុម​ហ៊ុន Chemours និង Honeywell កំពុង​ផលិត​វត្ថុ​ធាតុ​បញ្ចុះ​កម្ដៅ​បៃតង​នេះ។ ក្រៅ​ពី​បណ្ដា​ក្រុម​ហ៊ុន​ខាងលើ ក្រុម​ហ៊ុន Daikin និង Mitsubishi ក៏​កំពុង​អភិវឌ្ឍ​ផលិត​ផល​បែប​នេះ​។ សង្ឃឹម​ថា អនាគត​ ផែនដី​នឹង​មិន​ឡើង​កម្ដៅ​ខ្លាំង​ដោយ​សារ​តែ​សារធាតុ HFC​៕

  • រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។

    រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

    CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។

    ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក)

    រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។

    រូបភាព​ក្លែងក្លាយ

    អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ ពួកគេ​យល់ថា AI ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​ជន​ទុច្ចរិត​ផងដែរ នៅពេល​មិនទាន់មាន​ការគ្រប់គ្រង​ឱ្យបាន​សមស្រប៕

  • ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    Arvind Krishna អគ្គនាយក​ប្រតិបត្តិ​របស់ IBM បានឱ្យដឹងថា បណ្ដា​ការងារ​ជួយ​ដល់​ការិយាល័យ​ដូចជា​ការគ្រប់គ្រង​ធនធានមនុស្ស​ជាដើម​នឹងត្រូវ​បាន​ជំនួស​ដោយ​បញ្ញា​និម្មិត (AI)។

    លោក Krishna បាន​ប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹង​ឈប់​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា​អាច​ជំនួស​ដោយ AI នៅពេល​ខាងមុខ។ ក្រុមការងារ​ដែល​នឹងត្រូវ​ឈប់​ជ្រើសរើស និង​ធ្វើការ​ផ្លាស់ប្ដូរ​ដំបូង​គេ​គឺ​ក្រុម​ជំនួយ​ការ​នៅ​ការិយាល័យ​ដែលមាន​ដូចជា​បុគ្គលិក​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម។

    យោងតាម​លោក Krishna នៅក្នុង​ក្រុមហ៊ុន IBM ​តំណែង​នានា​​ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន ​មាន​ប្រហែល 26,000 នាក់។ «ក្នុង​ប្រាំ​ឆ្នាំ​ទៀត មាន​ប្រហែល 30% ក្នុង​ក្រុម​នេះ​នឹងត្រូវ​ជំនួស​ដោយ AI និង​ប្រព័ន្ធ​ស្វ័យប្រវត្ត ដែល​​ស្មើនឹង 7,800 នាក់ ​ត្រូវ​បាត់បង់​ការងារ» លោក Krishna ប​ន្ធែ​ម​ដូច្នេះ។

    អ្នកនាំពាក្យ​របស់ IBM អះអាងថា ការកាត់បន្ថយ​បុគ្គលិក​នេះ​នឹងមិន​ប៉ះពាល់​ច្រើន​ដល់​សកម្មភាព និង​គុណភាព​ផលិតផល​របស់​ក្រុមហ៊ុន។

    បច្ចុប្បន្ន IBM មាន​បុគ្គលិក 260,000 នាក់ និង​បន្ត​ជ្រើសរើស​សម្រាប់​តំណែង​ទាក់ទង​នឹង​សប​វ៉ែ​រ និង​តំណែង​ដែល​ធ្វើការ​ជាមួយ​អតិថិជន។ ដើមឆ្នាំ​នេះ IBM បាន​បញ្ឈប់​បុគ្គលិក 5,000 នាក់ ប៉ុន្តែ​បានជ្រើសរើស 7,000 នាក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ។

    នៅពេល​ឧបករណ៍​បញ្ញា​និម្មិត​កាន់តែ​រីកចម្រើន និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការងារ​ដែល​មិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ក្រុម​​អ្នកជំនាញ​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ទីផ្សារការងារ​បែប​បុរាណ​ត្រូវបាន​បំផ្លាញ។ មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយចំនួន​មាន​ដូចជា ការងារ​និពន្ធ ការងារ​គូររូប​ជាដើម ​បាន​ប្រាប់ថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ថយចុះ​ពាក់កណ្ដាល​ចាប់តាំងពី​បណ្ដា​រូបមន្ត AI ត្រូវបាន​ណែនាំ​ដល់​សាធារណជន៕

  • មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

    កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

    មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

    ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

    យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

    នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស