Tag: Artemis

  • អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    ភាវៈរស់​ក្រៅ​ភពផែនដី​មិនមែន​នៅ​ឆ្ងាយ​ឡើយ តែ​អាច​ស្ថិតនៅលើ​ភព​រណប​របស់​ផែនដី នោះ​គឺ​ព្រះ​ចន្ទ​របស់​មនុស្ស។

    ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​អវកាស ពិសេស​នៅពេល​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) រៀប​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​បេសកកម្ម Artemis។

    ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​មួយរូប​របស់​ណា​សា បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ នោះ​គឺ នៅលើ​ឋាន​ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ បើ​ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ជីវិត។

    យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់​អង្គការ​ណា​សា ឱ្យដឹងថា ជីវិត​របស់​សត្វល្អិត​អាចមាន​វត្តមាន​នៅក្នុង​បរិស្ថាន​អាក្រក់​ដូច​នៅលើ​ព្រះ​ចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅ​នានា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ទំនងជា​បានផ្ដល់​ជា​ជម្រក​ល្អ​សម្រាប់​សត្វល្អិត​ទាំងនោះ ពិសេស​គឺ​នៅ​ប៉ូល​ខាងត្បូង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់។

    លោក Prabal និង​សហការី​យល់ថា សត្វល្អិត​ទាំងនេះ​មាន​ប្រភព​មកពី​ទី​អវកាស ពិសេស​គឺ​ផែនដី​តែម្ដង។ សត្វល្អិត​ទាំងនេះ បើសិន​ជាមាន ពួកវា​ប្រហែលជា​បាន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស ក្នុងនោះ​មាន​យាន​ចុះចត​ដូចជា Apollo របស់​សហរដ្ឋ​អាម៉េរិក​ កាលពី​ឆ្នាំ 1969 ជាដើម។ ប្រសិន​បើ​ពេល​នេះ​ពុំ​មាន​សត្វ​ល្អិត​ នៅ​ថ្ងៃ​ខាង​មុខ​ ព្រះចន្ទ​ក៏​នៅ​តែ​មាន​​វត្តមាន​របស់​ភាវៈ​រស់​ ព្រោះ​ថា អនាគត​ មនុស្ស​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​៕

  • SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    (សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។

    ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។

    ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។

    ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុង​វីដេអូ 20 វិនាទី ដែល SpaceX បាន​ចែករំលែក​កាលពី​ថ្ងៃទី 19 ឧសភា គេ​ឃើញ​ថា​ នៅពេល​​ចំហាយ​ទឹកបាន​រសាត់​អស់ ​នៅ​ខាងចុង​វីដេអូ ខែល​នេះ​ហាក់​នៅ​រក្សាបាន​ទម្រង់​ដើម។

    ការ​បាញ់​បង្ហោះ​រ៉ុក្កែត

    SpaceX កំពុងតែ​អភិវឌ្ឍ​យាន Starship ដើម្បី​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ។ ណា​សា​ក៏​ជ្រើសរើស Starship ធ្វើជា​ស្ថានីយ​ចុះចត​ដំបូង​ដែល​នាំ​មនុស្ស​ទៅ​ជាន់​ដី​របស់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​កម្មវិធី Artemis។

    ការ​​ធ្វើ​តេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    បច្ចុប្បន្ន SpaceX កំពុង​ដុតដៃដុតជើង​នៅក្នុង​ការផលិត​យាន Starship ជាច្រើន​​គ្រឿង​នៅឯ​មូលដ្ឋាន Starbase ហើយ​គ្រោង​នឹង​បាញ់​បង្ហោះ​កំណែ​បន្ទាប់​នៅប្រហែល​​ពីរ​ខែ​ទៀត បើសិន​ប្រព័ន្ធ​ខែល​ដែក​ការ​ពារ​ផ្ទៃ​ជើង​ទម្រ​​បាន​ត្រៀមខ្លួន​រួចរាល់ និងបន្ទាប់​ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​​រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក​៕

  • ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    នៅក្នុង​ផ្នែកសំខាន់ៗ សហរដ្ឋ​អាម៉េរិក​មិន​ត្រឹមតែ​មានប្រៀប​លើសលុប​លើ​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​ក៏មាន​ប្រៀប​ជាង​បណ្ដា​ប្រទេស​បូក​ចូលគ្នា​ផងដែរ​នៅក្នុង​វិស័យ​អវកាស។

    អំពី​ថវិកា៖ ឆ្នាំ 2021 ថវិកា​សម្រាប់​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក​គឺ​ប្រមាណ 59.8 ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន​ មាន​​ប្រហែល 16.18 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម Svetla Ben-Itzhak សាស្ត្រាចារ្យ​រង​ផ្នែក​អវកាស និង​ទំនាក់ទំនង​អន្តរជាតិ ប្រចាំ​សាកលវិទ្យាល័យ Air (AU) របស់​សហរដ្ឋ​អាម៉េរិក។

    ផ្កាយរណប៖ គិត​ត្រឹម​ខែមេសា ឆ្នាំ 2023 នៅលើ​គន្លង​តារាវិថី​ផែនដី មាន​ផ្កាយរណប​សរុប 5,465 គ្រឿង​កំពុងដំណើរការ។ ក្នុងនោះ សហរដ្ឋ​អាម៉េរិក​មាន 3,433 គ្រឿង ស្មើនឹង 63% ហើយ​ឈរ​លំដាប់​លេខ​មួយ​លើ​ពិភពលោក។ ចំណែក​ប្រទេស​ចិន​វិញ មានតែ 541 គ្រឿង​ប៉ុណ្ណោះ។

    អវកាស​យានដ្ឋាន៖ សហរដ្ឋ​អាម៉េរិក​មាន​អវកាស​យានដ្ឋាន​សម្រាប់​បាញ់​បង្ហោះ​យានអវកាស​ចំនួន 7 កំពុងដំណើរការ​ក្នុង និង​ក្រៅប្រទេស គ្រា​ដែល​យ៉ាង​តិច​​ 13 កន្លែង​ផ្សេងទៀត​កំពុង​ស្ថាបនា​​។ ប្រទេស​ចិន​មាន​អាកាសយានដ្ឋាន​កំពុងដំណើរការ​ចំនួន 4 កន្លែង និង 2 កន្លែង​ទៀត​កំពុង​អភិវឌ្ឍ​ទៅតាម​ផែនការ ហើយ​ទាំងអស់​សុទ្ធតែ​ស្ថិតក្នុង​ទឹកដី​ប្រទេស​នេះ។

    ដៃគូ​សហការ៖ រដ្ឋាភិបាល​អាម៉េរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន 169 ជាមួយ​រដ្ឋ និង​អង្គការ​អន្តររដ្ឋាភិបាល​ចំនួន នឹង 33, 129 ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម និង 7 ជាមួយនឹង​ស្ថាប័ន​ស្រាវជ្រាវ។ ប្រទេស​ចិន មាន​កិច្ចសហការ​ជាមួយ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ ប៉ា​គិ​ស្ថាន ថៃ និង​តួ​ក​គី។

    បេសកកម្ម​ឡើងទៅ​ឋាន​ព្រះ​ចន្ទ៖ រុស្ស៊ី និង​ចិន សហការគ្នា​នៅក្នុង​គម្រោង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2028។ ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ​របស់​ប្រទេស​ទាំងពីរ​នេះ បើកទ្វារ​ទទួល​យកដៃ​គូ​សហការ​អន្តរជាតិ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​ដៃគូ​ថ្មី​ណាមួយ​ឡើយ។ ចំណែក​កម្មវិធី​ព្រះ​ចន្ទ Artemis ដែល​នឹង​នាំ​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2025 របស់​សហរដ្ឋ​អាម៉េរិក​វិញ គិត​ចាប់ពី​ឆ្នាំ 2020 មាន​ប្រទេស​ចំនួន 24 បាន​ចូលរួម។

    ចំនួន​លើក​នៃ​ការបាញ់​បង្ហោះ​យានអវកាស៖ ឆ្នាំ 2021 ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​ចំនួន 55 លើក ច្រើនជាង​សហរដ្ឋ​អាម៉េរិក​ចំនួន 4 លើក។

    ស្ថានីយ​អវកាស៖ ចាប់ពី​ឆ្នាំ 2022 ប្រទេស​ចិន​មាន​ស្ថានីយ​អវកាស​ពេញ​លេញ​​ផ្ទាល់ខ្លួន​ ឈ្មោះ ធាន​ហ្គ​ង់ (Tiangong) ដែល​គ្រប់គ្រង​តែឯង។ ចាប់ពី​ឆ្នាំ 1990 សហរដ្ឋ​អាម៉េរិក​បាន​សហការ​ជាមួយ​ប្រទេស​ចំនួន 14 ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ ដើម្បី​ដំណើរការ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ ប្រទេស​ចិន​អាច​នឹងមាន​ប្រៀប​ជាង​សហរដ្ឋ​អាម៉េរិក យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2045 បើសិន​វ៉ា​ស៊ី​ង​តោន​មិន​ធ្វើ​សកម្មភាព។ ប៉ុន្តែ យោងតាម Space  លទ្ធភាព​នេះ​ប្រហែលជា​នឹងមិន​អាច​កើតឡើង ព្រោះថា សហរដ្ឋ​អាម៉េរិក​កំពុងតែ​បង្កើន​ការវិនិយោគ​ទៅលើ​វិស័យ​អវកាស៕

  • NASA ពន្យារពេល​នាំ​មនុស្ស​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ ក្នុង​បេសកកម្ម Artemis

    NASA ពន្យារពេល​នាំ​មនុស្ស​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ ក្នុង​បេសកកម្ម Artemis

    ប្រធាន​អង្គការ NASA កាលពី​ថ្ងៃទី 9 វិច្ឆិកា បានឱ្យដឹងថា ជើងហោះហើរ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្រោយ​រយៈពេល 50 ឆ្នាំ នឹងមិន​អាចធ្វើ​ទៅបាន​មុន​ឆ្នាំ 2055 ឡើយ។

    ប្រការនេះ​មានន័យថា បេសកកម្ម Artemis 3 ត្រូវបាន​ពន្យារពេល​យ៉ាងតិច​មួយឆ្នាំ ធៀប​នឹង​ថ្ងៃ​កំណត់​ដំបូង​ដែល​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Donald Trump បានដាក់​ចេញ។ មូល​ហេតុដែល​នាំឱ្យមាន​ការពន្យារ​ពេលនេះ កើតឡើង​ដោយសារ​បញ្ហា​ផ្លូវច្បាប់ ទាក់ទិន​នឹង​កិច្ចសន្យា​ក្នុងការ​អភិវឌ្ឍ​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ថ្មីៗនេះ ក្រុមហ៊ុន Blue Origin របស់​មហាសេដ្ឋី Jeff Bezos បានដាក់​ពាក្យ​ប្ដឹង ដោយ​យល់ថា NASA និង​រដ្ឋាភិបាល «លម្អៀង» ទៅរក SpaceX ទាក់ទិន​នឹង​ការប្រគល់​កិច្ចសន្យា​អភិវឌ្ឍ​ប្រព័ន្ធ​បាញ់​បង្ហោះ និង​ចុះចត។ ប៉ុន្តែ ក្រោយមក NASA បានឈ្នះ​ក្ដី។

    លោក Bill Nelson

    «យើង​ខាត​ពេល​អស់​ជិត 7 ខែ ដោយសារ​រឿងក្ដី ហើយ​ប្រការនេះ​បានធ្វើឱ្យ​បេសកកម្ម​ចុះចត​ដំបូង​របស់​មនុស្ស លើ​ឋាន​ព្រះ​ចន្ទ (រាប់​ចាប់ពី​ឆ្នាំ 1972) ត្រូវ​ថយ​ទៅក្រោយ​ឆ្នាំ 2025» ប្រធាន​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) លោក Bill Nelson បកស្រាយ​ដូច្នេះ។ លោក​បន្តថា នឹងមាន​ការចុះ​ចត​ដោយ​គ្មាន​មនុស្ស​បើកបរ នៅក្នុងពេល​ណាមួយ​មុនពេល​មនុស្ស​ឈាន​ជើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី។

    NASA កំពុង​តែមាន​គោលដៅ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី ក្រោយ​រយៈពេល 5 ទសវត្សរ៍ រាប់​ចាប់ពី​ព្រឹត្តិការណ៍​ឡើង​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​កម្មវិធី Apollo 17 កាលពី​ឆ្នាំ 1972។ គម្រោង​ថ្មី (Artemis) នេះ រួមមាន បេសកកម្ម Artemis 1, 2, 3 ដែល​គ្រោង​អនុវត្ត​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ 2022។

    កាលពី​ថ្ងៃទី 5 វិច្ឆិកា NASA បានឱ្យដឹងថា ពួកគេ​សម្រេចបាន​ការងារសំខាន់ៗមួយចំនួន នៅពេល​ដំឡើង​យានអវកាស Orion ទៅលើ​ក្បាល​រ៉ុក្កែត SLS Block 1 ដែលមាន​កម្ពស់ 98 ម៉ែត្រ ខាងក្នុង​រោងចក្រ​ដំឡើង​នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ NASA ដែលមាន​ទីតាំងនៅ​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។

    Artemis 3 នឹងប្រើប្រាស់ប្រព័ន្ធ Starship របស់ក្រុមហ៊ុន SpaceX ដើម្បីនាំយាន Orion ចុះចតលើដីឋានព្រះចន្ទ

    បេសកកម្ម​ដំបូង (Artemis 1) គឺជា​ការហោះហើរ​គ្មាន​មនុស្ស​បើកបរ ដើម្បី​ពិនិត្យ​ស្ថានភាព​ហោះហើរ​ក្នុង​ទី​អវកាស​ជ្រៅ​របស់​យាន Orion ហើយនឹង​ចុះចត​លើ​ផែនដី​វិញ ដោយ​ប្រើ​ឆត្រយោង។ បើសិនជាអ្វីៗដំណើរការ​ដោយ​រលូន នោះ Artemis 1 នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។

    ចំណែក​បេសកកម្ម Artemis 2 និង Artemis 3 វិញ​គឺ សុទ្ធ​តែមាន​អវកាសយានិក​ទៅជា​មួយ។ តាម​ផែនការ Artemis 2 នៅតែ​ប្រើប្រាស់​រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បី​នាំ​យាន Orion ទៅ​ហោះហើរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ Artemis 3 នឹង​ប្រើប្រាស់​ប្រព័ន្ធ Starship របស់​ក្រុមហ៊ុន SpaceX ដើម្បី​នាំ​យាន Orion ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ៕

  • NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

    NASA ប្រកាស​អំពី​ផែនការ​លម្អិត​សម្រាប់​បេសកកម្ម​ឡើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី

    ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) កាលពី​ថ្ងៃទី 7ធ្នូ បានប្រកាស​ឱ្យដឹង​អំពី​របាយការណ៍​បឋម​មួយ​ដែល​និយាយ​លម្អិត​អំពី​គោលដៅ​អាទិភាព​សម្រាប់​ក្រុម​អវកាស​ចរ​នៅក្នុង​បេសកកម្ម Artemis នាពេលខាងមុខ។

    មួយ​ក្នុងចំណោម​គោលដៅ​នានា​របស់​បេសកកម្ម​ខាងលើ នឹង​នាំយក​សំណាក​ដី​ដែលមាន​ទម្ងន់ 85 គីឡូក្រាម ដែល​រួមមាន​ទាំង​សំណាក​នៅលើ​ផ្ទៃ​ខាងលើ និង​ខាងក្រោម​ដី​របស់​ឋាន​ព្រះ​ចន្ទ ត្រលប់​មកកាន់​ផែនដី ដែល​នេះ​គឺជា​បរិមាណ​ដ៏​ច្រើន បើ​ធៀប​នឹង​ទម្ងន់​មធ្យម 64 គីឡូក្រាម​ដែល​អវកាស​ចរ​ក្នុង​បេសកកម្ម Apollo បាន​នាំមក​កាន់​ផែនដី ចាប់ពី​ឆ្នាំ 1969 ដល់​ឆ្នាំ 1972។

    «ព្រះ​ចន្ទ​មាន​សក្ដានុពល​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ធំធេង ហើយ​ក្រុម​អវកាស​ចរ​នឹង​ជួយ​ឱ្យ​យើង​ស្រាវជ្រាវ​ទៅលើ​វា» អនុប្រធាន​របស់​គណៈ​កម្ម​ការ​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA លោក Thomas Zurbuchen និយាយ​ដូច្នេះ។

    របាយការណ៍​ដែលមាន​កម្រាស់ 188 ទំព័រ បាន​គូសវាស​នូវ​គោលដៅ​វិទ្យាសាស្ត្រ​អាទិភាព​ជាច្រើន​សម្រាប់​បេសកកម្ម Artemis ដែល​នឹង​ត្រូវបាន​ដំណើរការ​ចាប់ពី​ឆ្នាំ 2021។

    ក្នុងនោះដែរ បេសកកម្ម Artemis I នឹងមាន​ការសាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​ក្នុង​ទី​អវកាស និង​យាន Orion គ្មាន​មនុស្ស​បើក ដែល​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ 2021។ ពីរ​ឆ្នាំ​បន្ទាប់ NASA នឹង​ដំណើរការ​បេសកកម្ម Artemis II ជាមួយនឹង​ការសាកល្បង​លើ​យានអវកាស​មាន​មនុស្ស​បើក ដែល​នឹង​ហោះ​ទៅកាន់​គន្លង​គោចរ​ផែនដី ប៉ុន្តែ​មិន​ទាក់ទង​នឹង​ការចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ។ ភារកិច្ច​សំខាន់​ជាងគេ នោះ​គឺ បេសកកម្ម Artemis III ដែល​នឹង​នាំ​មនុស្ស​ឡើងទៅ​ជាន់​ភព​រណប​ធម្មជាតិ​រប​ស់​ផែនដី​នេះ នៅក្នុង​ឆ្នាំ 2024 ក្នុងនោះ​ក៏​នឹងមាន​អវកាស​ចរ​ជា​ស្ត្រី​មួយរូប​ដំបូង​គេ​ផងដែរ។

    ក្រុម​អវកាស​ចរ​នឹងត្រូវ​ចំណាយពេល​ត្រឹមតែ 6ថ្ងៃ​កន្លះ នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ប្រមូល​សំណាក​ដី និង​ថ្ម និង​ស្វែងយល់​បន្ថែម​អំពី​ទីឋាន​នេះ។ គោលដៅ​ចុងក្រោយ​របស់ NASA គឺ​ការសាងសង់​មូលដ្ឋាន Artemis នៅលើ​ឋាន​ព្រះ​ចន្ទ​ឱ្យបាន​មុន​ដំណាច់​ទសវត្សរ៍ 2030 ដែល​នេះ​គឺជា​មហិច្ឆតា​ដ៏​ធំ​សម្បើម​មួយ​ទាមទារ​ឱ្យមាន​ជំនួយ​រាប់ម៉ឺន​លាន​ដុល្លារ និង​ត្រូវការ​ការយល់ព្រម​ពី​ប្រធានាធិបតី ក៏ដូចជា​សភា​អាមេរិកាំង។

    NASA ប្រកាសអំពីផែនការលម្អិតសម្រាប់បេសកកម្មឡើងជាន់ដីឋានព្រះចន្ទជាថ្មី
    គោលដៅចុងក្រោយរបស់ NASA គឺការសាងសង់មូលដ្ឋាន Artemis នៅលើឋានព្រះចន្ទឱ្យបានមុនដំណាច់ទសវត្សរ៍ 2030

    នៅក្នុង​បេសកកម្ម Artemis III ក្រុម​អ្នកជំនាញ​មាន​គម្រោង​បង្កើត​បណ្ដាញ​វីដេអូ និង​ទិន្នន័យ​ក្នុងពេល​តែមួយ​ដែល​ភ្ជាប់​ពី​ក្រុម​អ្នក​អវកាស​នៅលើ​ឋាន​ព្រះ​ចន្ទ​ទៅកាន់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី។ ពួកគេ​ក៏​ស្នើឱ្យ​បង្កើត​ឧបករណ៍​ដែលមាន​ទម្ងន់​ស្រាល​ជាង​មុន និង​អាចបំពេញ​ភារកិច្ច​បាន​ច្រើនជាង​មុន។

    ក្រៅពីនេះ NASA ក៏​នឹង​ពិនិត្យ​ទៅលើ​ការដំឡើង​ជាមុន​នូវ​ឧបករណ៍​វិទ្យាសាស្ត្រ​នៅក្នុង​តំបន់​ក្បែរ​ខាង​នៃ​ទីតាំង​ចុះចត Artemis III ក្នុងនោះ​មានដូចជា ឃ្លាំង​ផ្ទុក​សម្ភារ​សម្រាប់​ក្រុម​អវកាស​ចរ​ប្រើប្រាស់​ពេល​ឡើងដល់​ឋាន​ព្រះ​ចន្ទ រួម​នឹង​រ៉ូ​បូត​ស្រាវជ្រាវ​មួយគ្រឿង ឬ​ច្រើន​គ្រឿង ដើម្បី​តាមដាន​បរិស្ថាន​នៅ​ជុំវិញ៕

    ប្រភព៖ AFP