Tag: Apple

  • iOS 11 របស់ Apple មានអ្វីប្លែកខ្លះ?

    iOS 11 របស់ Apple មានអ្វីប្លែកខ្លះ?

    ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបខ្លះហើយពីដំណឹងនៃការបើកសម្ពោធប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 11 របស់ក្រុមហ៊ុន Apple កាលយប់រំលងអាធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ម៉ោងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ WWDC 2017។ សំណួរសួរថា តើការបង្ហាញមុខមាត់ថ្មីនេះ វាមានចំណុចអ្វីប្លែកខ្លះ?

    ជាការពិតណាស់ Apple មិនចេះតែឡើងជំនាន់ដោយមិនបន្ថែមមុខងារថ្មីនោះទេ។ iOS 11 គឺបានកែប្រែ និងបន្ថែមចំណុចពិសេសជាច្រើនដូចជា៖

    – Siri ៖ ត្រូវបានបន្ថែមប្រសិទ្ធភាពឱ្យខ្ពស់ជាងមុន ដោយបំពាក់សំឡេងថ្មី ហើយប្រើប្រាស់បានទាំងសំឡេងបុរស និងស្រ្ដី ព្រមទាំងអាចបកប្រែភាសាបាន (Beta) ដោយប្រើប្រាស់ជាមួយប្រព័ន្ធ Machine Learning ។ វាអាចសិក្សាដឹង និងស្នើឡើងនូវអ្វីដែល អ្នកប្រើប្រាស់ចូលចិត្ត ព្រមទាំងមានសមត្ថភាពយល់ពីសំឡេងធម្មជាតិរបស់មនុស្សបានកាន់តែសុក្រិតជាងមុនទៀតផង។
    – កាមេរ៉ា ៖ បន្ថែមប្រសិទ្ធភាពក្នុងការថតរូប និងវីដេអូ ហើយស៊ីមេម៉ូរីតិចជាងមុន និងមានមុខងារ Live Photo អនុញ្ញាតឱ្យយើងកាត់តម្រឹម និងកែរូបថតបានយ៉ាងងាយ។
    – Apple Pay ៖ អាចវេរលុយទៅឱ្យមិត្តភក្តិតាមរយៈ iMessage និងផ្ទៀងផ្ទាត់គណនីធនាគារតាម Touch ID។
    – Apple Maps ៖ ត្រូវបានUpdate បន្ថែម ដោយអាចបង្ហាញ និងណែនាំទីកន្លែងផ្សេងៗរហូតដល់ខាងក្នុងអគារ ដូចជាក្នុងព្រលានយន្តហោះ និងផ្សារទំនើបជាដើម។
    – Car Play ៖ បន្ថែមមុខងារ Do Not Disturb ខណ:កំពុងបើកបរ។
    – Message ៖ ត្រូវបានរចនាឡើងសាជាថ្មី ដោយអាចធ្វើការ Sync ទៅកាន់ iCloud បាន។
    – Photos ៖ ប្រើប្រាស់ Machine Learning ដើម្បីស្វែងរករូបភាពក្នុងអាល់ប៊ុម Memory និងមានប្រសិទ្ធភាពជាងមុន។
    – Control Center ៖ ត្រូវបានរចនាឡើងសាជាថ្មី និងច្របាច់បញ្ចូលលើផ្ទាំងតែមួយ។
    – App Store ៖ ត្រូវបានរចនាឡើងថ្មីទាំងស្រុង ដោយមានការបែកចែងកម្មវិធី និងហ្គេម ដាច់ដោយឡែកពីគ្នា ហើយមានកម្មវិធីសម្រាំង និងពេញនិយមបំផុតប្រចាំថ្ងៃផងដែរ។
    – ផ្ទាំង Notification និង Lock Screen ៖ ក្លាយជាផ្ទាំងតែមួយរួមគ្នា ហើយអាចអូសទៅឆ្វេងស្តាំ ដើម្បីចូលទៅកាន់ Widget និងកាមេរ៉ាបានយ៉ាងងាយ។
    – Apple Music ៖ បានដាក់បន្ថែមនូវមុខងារ Multiroom ដែលអនុញ្ញាតឱ្យលោកអ្នកចាក់ចម្រៀងដូចគ្នាស្តាប់ចេញពីឧបករណ៍បំពងសំឡេងផ្សេង។

    ទាំងអស់នេះហើយជាលក្ខណៈប្លែកថ្មីរបស់ប្រព័ន្ធប្រតិបតិ្តការ iOS ជំនាន់ទី 11 ដែលប្រិយមិត្តគួរដឹង ដែលវាអាចជាប្រយោជន៍ ក្រោយពេលដែល ក្រុមហ៊ុន Apple ដាក់ឱ្យ Update នៅខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ៕

  • iPad Pro ថ្មី 2 ម៉ូដែលរបស់ Apple មានរាងឡូយ និងសមត្ថភាពខ្លាំងកប់!

    iPad Pro ថ្មី 2 ម៉ូដែលរបស់ Apple មានរាងឡូយ និងសមត្ថភាពខ្លាំងកប់!

    ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កាលយប់ថ្ងៃចន្ទរំលងអធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 ក្រុមហ៊ុន Apple បានដាក់ចេញនូវសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបានរយៈពេលមួយឆ្នាំនេះ។ iPad Pro ជំនាន់ថ្មីមានទំហំ 10.5 អ៊ីញ និង 12.9 អ៊ីញ ត្រូវបានដាក់ចេញជាមួយនឹងសមត្ថភាពខ្លាំង ត្រូវចិត្តបំផុតសម្រាប់អ្នករចនា។

    អេក្រង់របស់ iPad Pro ទាំង 2 ម៉ូដែលត្រូវបាន Apple បញ្ជាក់ថា បានប្រើនូវបច្ចេកវិទ្យាចុងក្រោយគេ ដែលគ្មានក្រុមហ៊ុនណាមាន ទោះវាប្រើត្រឹមអេក្រង់ប្រភេទ IPS LCD ដដែលក៏ដោយ តែវាអាចបង្ហាញពណ៌បានដិតខ្លាំងជាមួយកម្រិត Brightness 600 nit ហើយក៏មានមុខងារ HDR ផងដែរ។ ក្នុងនោះ វាក៏អាចបង្ហាញរូបភាពដល់កម្រិត 120Hz ដែលល្អប្រសើរសម្រាប់ Gaming ធំៗ អាចដំណើរការបានដោយគ្មានបញ្ហា។

    ថេប្លេតថ្មីនេះ ប្រើនូវបន្ទះឈីប A10x មាន CPU ចំនួន 6 គ្រាប់ អាចដំណើរការបានលឿនជាងមុន 30% ហើយមាន GPU 12-core ដំណើរការល្អជាងមុន 40% ផងដែរ ហើយវាក៏មានមុខងារសាកថ្មលឿន Fast charging ដូចស៊េរីទូរស័ព្ទមួយចំនួន និងប្រើបានយូររហូតដល់ 10 ម៉ោងក្រោយពេលសាកពេញ។ អ្វីដែលពិសេសទៀតនោះ គឺវាមានសមត្ថភាពកាមេរ៉ាខ្លាំងដូចនឹងទូរស័ព្ទ iPhone 7ដែរ ដែលម្ដងនេះ វាមានទំហំរហូតដល់ 12 MP អាចថតរូបភាពបានលឿន ជាមួយ Aperture F/1.8 និងអាចថតវីដេអូបានដល់ទំហំ 4K។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗរបស់ iPad Pro គឺមានដូចគ្នា ខុសតែអេក្រង់ប៉ុណ្ណោះ ដោយម៉ូដែល 10.5 អ៊ីញ មានតម្លៃប្រមាណ 649 ដុល្លារ ខណៈទំហំ 12.9 អ៊ីញមានតម្លៃ 799 ដុល្លារ ហើយម៉ូដែលប្រើស៊ឹមបានត្រូវបានតម្រូវឱ្យថែមប្រមាណ 130 ដុល្លារទៀត សម្រាប់ទីផ្សារនៅអាមេរិក៕

    https://youtu.be/UR5ODc5Wbbo

  • ទីបំផុត Apple ចេញ iOS 11 មានកន្លែងបើកអ៊ិនធើណិតបានស្រួលបួលនឹងគេហើយ!!

    ទីបំផុត Apple ចេញ iOS 11 មានកន្លែងបើកអ៊ិនធើណិតបានស្រួលបួលនឹងគេហើយ!!

    មួយទសវត្សរ៍ហើយដែលក្រុមហ៊ុន Apple បានដាក់ចេញនូវប្រព័ន្ធ iOS គ្មានផ្លូវកាត់ (Shortcut Key) ដើម្បីចូលទៅបើកមុខងារអ៊ិនធើណិត ដែលតម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅក្នុង Setting ទើបអាចបើកបាន ឬមិនដូច្នោះទេ លុះត្រាតែយកទូរស័ព្ទទៅ Jailbreak ទើបមានកន្លែងចុចបើកដូចទូរស័ព្ទ Android ដទៃទៀត។

    យ៉ាងណាមិញក្នុងព្រឹត្តិការណ៍ WWDC កាលយប់ថ្ងៃចន្ទរំលងអធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 នេះ ក្រុមហ៊ុន Apple បានដាក់ចេញនូវ iOS ជំនាន់ទី 11 ដោយបន្ថែមនូវមុខងារថ្មីៗជាច្រើន ជាពិសេសមុខងារ Shortcut ចូលទៅបើកអ៊ិនធើណិតនៅលើ Control Center បានយ៉ាងងាយស្រួល។ សម្រាប់ iOS 11 នេះ Apple នឹងដាក់ឱ្យ Update នៅខែកញ្ញា ចាប់ផ្តើមពីទូរស័ព្ទ iPhone 5s, iPad Air និង iPad ជំនាន់ថ្មីមួយចំនួនទៀតឡើងទៅ ហើយក្រុម Developer មានឱកាសចូលប្រើបានមុនគេ ដើម្បីតេស្ដកម្មវិធី និងស្វែងរកកំហុសឆ្គងនានា៕

  • Tim Cook ៖ នាឡិកា Apple Watch នឹងមានសមត្ថភាពតាមដានកម្រិតជាតិស្ករក្នុងឈាម

    Tim Cook ៖ នាឡិកា Apple Watch នឹងមានសមត្ថភាពតាមដានកម្រិតជាតិស្ករក្នុងឈាម

    ក្រោយជោគជ័យលើទីផ្សារនាឡិកាឆ្លាតវៃ ក្រុមហ៊ុន Apple កំពុងសម្ងំអភិវឌ្ឍកម្មវិធីថ្មីមួយទៀតដែលអាចត្រួតពិនិត្យជាតិស្ករដែលមានក្នុងឈាម ដើម្បីងាយស្រួលក្នុងការតាមដាន ការរៀបចំរបបអាហារ ថាតើមុខម្ហូបណាខ្លះអាចបង្កផលប៉ះពាល់ ហើយតើការហាត់ប្រាណរបៀបណាមានប្រសិទ្ធភាព អាចកាត់បន្ថយ ឬទប់ស្កាត់វាបាន។

    តាមការចុះផ្សាយលើគេហទំព័រ CNBC កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2017 បានឱ្យដឹងថា ក្រុមវិស្វកររបស់ Apple ចង់ផ្ដោតខ្លាំងទៅលើការការពារជំងឺទឹកនោមផ្អែម ដែលបច្ចេកវិទ្យាមួយនេះវាមានការលំបាកក្នុងការបង្កើត ប៉ុន្តែក្រុមនេះចង់ធ្វើវាឱ្យលេចមុខឡើង ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នាឡិកា Apple Watch តាមរយៈការតាមដានជាតិគ្លុយកូសដោយមិនចាំបាច់ពិនិត្យឈាម។

    ប្រភពបានបន្ថែមទៀតថា មុខងារមួយនេះត្រូវបានគេប្រទះឃើញលោក Tim Cook នាយកប្រតិបត្តិ Apple កំពុងពាក់ជាប់នឹងដៃ ដែលគេជឿជាក់ថា វាបានចេញជារូបរាងហើយ ប៉ុន្តែស្ថិតក្នុងការសាកល្បង។ ដំណឹងមួយនេះ ត្រូវបាននាយកប្រតិបត្តិរបស់ Apple រូបនេះ ធ្លាប់បានបង្ហើបប្រាប់ទៅដល់ក្រុមនិសិ្សតក្នុងអំឡុងពេលទទួលសញ្ញាបត្រកិត្តិយសនៅសាកលវិទ្យាល័យ Glasgow ថា រូបលោកបានពាក់ឧបករណ៍តាមដានជាតិគ្លុយកូសនេះជាច្រើនថ្ងៃមកហើយ។ លទ្ធផលដែលទទួលបាន គឺវាល្អប្រសើរ ព្រោះលោកអាចយល់ដឹងថា តើជាតិស្ករនៅក្នុងឈាមមានប្រតិកម្មយ៉ាងណាជាមួយអាហារដែលបានបរិភោគ។

    ចំពោះដំណឹងដ៏ល្អមួយនេះ ប្រសិនបើ Apple ធ្វើតេស្ដបានជោគជ័យ វានឹងផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែមរាប់លាននាក់ឱ្យអាចគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេ ហើយអ្នកមិនកើតជំងឺនេះក៏អាចគ្រប់គ្រងសុខភាពមិនឱ្យឈានទៅដល់ការកើតជំងឺបានដែរ ព្រមជាមួយនឹងការចេះបែងចែកប្រភេទអាហារ ដែលចាំបាច់ចំពោះសុខភាពទៀតផង៕
    ប្រភេទ៖ CNBC

  • គ្មានអ្វីថ្មីប្លែកទេ អ៊ីចឹងតើ Apple បញ្ចេញ iOS 10.3.2 មកដើម្បីអ្វី?

    គ្មានអ្វីថ្មីប្លែកទេ អ៊ីចឹងតើ Apple បញ្ចេញ iOS 10.3.2 មកដើម្បីអ្វី?

    ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការ iOS កំណែទម្រង់ថ្មី 10.3.2 មួយទៀត សម្រាប់ដាក់ឱ្យអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch ធ្វើការ Update មុនក្រោយគ្នាតែមួយខែប៉ុណ្ណោះពីកំណែទម្រង់ iOS 10.3.1។

    កំណែទម្រង់ថ្មីនេះ ហាក់មិនមានអ្វីប្លែកថ្មីគួរឱ្យកត់សម្គាល់ខុសពីកំណែទម្រង់មុនប៉ុន្មានទេ ដូច្នេះតើអ្វីទៅជាគោលគំនិតចម្បងនៃការដាក់ឱ្យ Update នេះ? ជាក់ស្តែង Apple ពិតជាមិនបានបង្ហាញភាពប្លែកគ្នារវាងកំណែទម្រង់ថ្មីនេះមែន ប៉ុន្តែការដាក់ចេញនេះ គឺក្រុមហ៊ុនចង់ពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធដំណើរការ iOS ខណៈ iOS 10.3.1 នៅមានចន្លោះប្រហោងដែលនាំឱ្យមានការជ្រៀតចូល និងវាយលុកពីក្រុមបង្កើតកម្មវិធី Jailbreak ហើយបិទនូវចន្លោះប្រហោងក្នុងប្រព័ន្ធសុវត្ថិភាពមួយចំនួន ចៀសវាងមានការជ្រៀតចូលដល់ទិន្នន័យសំខាន់ៗ និងព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។

    កំណែទម្រង់ថ្មីនេះ ក៏នឹងដោះស្រាយបញ្ហាដែលកម្មវិធី VPN មួយចំនួនមិនដំណើរការ និងដោះស្រាយពាក្យបញ្ជានៅក្នុង SiriKit សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តផងដែរ។ និយាយជារួមទៅ iOS 10.3.2 គ្មានមុខងារអ្វីប្លែកថ្មីទេ ដោយវាគ្រាន់តែជាការ Update ដ៏តូចមួយប៉ុណ្ណោះ ព្រោះថា iOS ជំនាន់ទី 11 ក៏ត្រៀមនឹងចេញនាពេលខាងមុខដែរ ក្នុងព្រឹត្តិការណ៍ Apple WWDC ប៉ុន្តែវាអាចចាំបាច់ប្រសិនបើលោកអ្នករកឃើញថាទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នកមានបញ្ហាណាមួយពេលប្រើប្រាស់ (Bug )។

    យ៉ាងណាមិញ សម្រាប់លោកអ្នកដែលចង់ Update អាចចូលទៅ Update តាមរយៈ Settings-> General -> Software Update-> Download and Install បាន៕

  • សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដីរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលទៅលើក្រុមហ៊ុន Apple ហើយ បន្ទាប់ពីបានស្នើឱ្យក្រុមហ៊ុនមួយនេះផ្លាស់ប្ដូររោងចក្រផលិតទូរស័ព្ទ iPhone មកទឹកដីអាមេរិកវិញ តាំងពីពេលមុនឡើងកាន់តំណែង។

    ឆ្លើយតបនឹងសំណើមួយនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី 03 ខែឧសភា ឆ្នាំ 2017 នេះថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគដ៏ធំមួយសម្រាប់ពលរដ្ឋអាមេរិក ដើម្បីតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ មួយពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone។

    នាយកប្រតិបត្តិរូបនេះថ្លែងថា «ការផ្លាស់ប្ដូរនេះ វាប្រៀបដូចទឹករលកក្នុងបឹង ដែលមិនដែលបោកបក់ ប៉ុន្តែពេលវាចាប់ផ្ដើម គឺខ្លាំងតែម្ដង។ លោកបន្តថា ក្រោយការសាងសង់បានបញ្ចប់ នៅតំបន់នោះអាចនឹងបង្កើតការងារផ្សេងទៀត ពិសេសបណ្តុំសេវាឧស្សាហកម្ម ដែលបង្កើតឡើងជុំវិញកន្លែងការងារនេះតែម្តង និងវាជាវិធីដែល Apple ចង់សងគុណត្រឡប់ទៅសង្គមវិញ តាមរយៈការបង្កើតការងារ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ»។

    យ៉ាងណាមិញ ការឆ្លើយតបខាងលើ វាហាក់ផ្ទុយពីអ្វីដែល Apple ធ្លាប់បានបង្ហើបកាលពីពេលកន្លងទៅទាក់ទងនឹងរឿងផ្លាស់ប្ដូរទីតាំងរោងចក្រមួយនេះ។ លោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple ធ្លាប់បានឱ្យដឹងក្នុងសន្និសីទកាសែត Goldmans Sachs កាលពីដើមឆ្នាំ 2017 ថា ក្រុមហ៊ុនគ្មានបំណងនឹងធ្វើការផ្លាស់ប្ដូរអ្វីមកទឹកដីអាមេរិកទេ ព្រោះក្រុមហ៊ុនបានធ្វើការវិនិយោគធំ និងជួយសេដ្ឋកិច្ចរបស់អាមេរិកជាច្រើនឆ្នាំមកហើយ លើទឹកប្រាក់រាប់ពាន់លានដុល្លារនៅអាមេរិក ដែលបើគិតសរុបមកដល់ពេលនេះ និងរយៈពេល 10 ឆ្នាំនេះ៕

    ប្រភព៖ YouTube
    អត្តបទដោយ Chhaihor