Tag: AIA

  • ភព​ចំនួន​ពីរ​ដែល​អាច​មាន​អរិយធម៌​ជឿនលឿន​ជាង​ផែនដី​ប្រាំពាន់​លាន​ឆ្នាំ

    ភព​ចំនួន​ពីរ​ដែល​អាច​មាន​អរិយធម៌​ជឿនលឿន​ជាង​ផែនដី​ប្រាំពាន់​លាន​ឆ្នាំ

    ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ទីតាំង​ដែល​កំពុង​លាក់​បាំង​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​យ៉ាង​តិច​ពីរ​ ដែល​មាន​ទ្វីប​ «ចាស់» ជាង​ផែនដី​រហូត​ដល់ប្រាំ​ពាន់​លាន​ឆ្នាំ និង​អាច​មាន​ជីវិត​ដែល​ជឿន​លឿន​ជាង​មនុស្ស​។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Cardiff (អង់គ្លេស) បាន​ឱ្យ​ដឹង​​ថា នៅ​ជុំវិញ​ផ្កាយ​ពីរ​ដួង​ដែល​មាន​ឈ្មោះ​ថា HD 76932 និង HD 201991 អាច​មាន​លាក់បាំង​​ភព​យ៉ាង​តិច​ពីរ​ដែល​កកើត​ទ្វីប​មុន​ផែនដី​រហូត​ដល់ចាប់​​ពី 4 ទៅ 5 ពាន់​លាន​ឆ្នាំ​។

    យោង​តាម Live Science ខាងលើ​នេះ​គឺជា​លទ្ធផល​នៃ​ការ​ចម្រាញ់​ពី​ផ្កាយ​ 29 ដួង​ដែល​ត្រូវ​បានចាត់​ទុក​ថា​ មាន​សក្ដានុពល​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​កកើត​ភព​ទាំង​ឡាយ​ដែល​អាច​ទ្រទ្រង់ជីវិត​។

    ជាង​នេះ​ទៀត ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ក៏​ជឿ​ថា ភព​ដែល​វិល​ជុំវិញ​ផ្កាយ HD 76932 និង HD 201991 ទំនង​ជា​មាន​ជីវមណ្ឌល (Biosphere) ជឿន​លឿន​ជាង​ផែនដី​ទៅ​ទៀត​។ ប្រការ​នេះ​នាំ​ឱ្យ​មាន​ការ​រំពឹង​ថា រយៈ​ពេល​ពីបួន​ដល់​ប្រាំ​ពាន់​លាន​ឆ្នាំ​ បាន​អនុញ្ញាត​ឱ្យ​ភព​ទាំង​នេះ​មាន​ភាវៈរស់​ ឬ​មាន​អរិយធម៌​ជឿន​លឿន​ជាង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​លើ​ផែនដី​​។

    ក្រុម​ស្រាវជ្រាវ​កំណត់​បាន​ «ដែន​ដីដែល​មាន​សក្ដានុពល» សម្រាប់​ភាវៈរស់​នេះ​ តាម​រយៈ​ការ​រកឃើញ​អ៊ុយរ៉ាញ៉ូម-239 និង​ប៉ូតាស្យូម​ក្នុង​បរិមាណ​ច្រើន​ ដែល​មាន​នៅ​ក្នុង​ផ្កាយ​ទាំង​ពីរ​ដួង​ខាងលើ ក៏ដូចជា​អាយុ​របស់​ផ្កាយ​ដែល​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​ផ្កាយ​រណប Gaia របស់​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA)។

    យោង​តាមរបាយ​ការណ៍​នៅលើ​ Research Notes of the American Astronomical Society  ផ្កាយ HD 76932 និងផ្កាយ HD 201991 មានចម្ងាយ​ពី​ផែនដី​ប្រហែល 70 និង 110 ឆ្នាំ​ពន្លឺ​ (​មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​ប្រហែល​ 9.46 (9,460,000,000,000) ទ្រីលាន​គីឡូម៉ែត្រ​) និង​ស្ថិត​តំបន់​ជាយ​របស់​​​កាឡាក់ស៊ី​មីលគីវ៉េ។ ផែនដី​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ក្បែរ​ជាយ​កាឡាក់ស៊ី​នេះ​ផង​ដែរ​៕

  • ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំ​លំដាប់​ទី2 ​នៅលើ​ពិភព​លោក AIA ​បាន​ឈាន​ជើង​ចូលទីផ្សារ​កម្ពុជា​ហើយ បន្ទាប់ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​វិនិយោគ​នៅ​18​ទីផ្សារ​​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​​ផ្តោត​សំខាន់​ទៅ​​លើ​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៃ​ផលិត​ផល​ផ្នែក​ជំងឺ​មហារីក ដោយ​មាន​កិច្ចសហការ​ជាមួយ​​​ធនាគារកម្ពុជា​សាធារណៈ និងក្រុមហ៊ុន Smart Axiata។

    លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា (AIA Cambodia) បាន​ប្រាប់​​​ថា កាលពី​អំឡុង​2​ឆ្នាំ​កន្លង​ទៅ ​លោក​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ស្វែង​យល់​ពី​វិស័យ​ធានា​រ៉ាប់​រង​ក្នុង​ទីផ្សារនេះ​ ហើយ​លោក​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន និង​មានសេដ្ឋ​កិច្ច​លូត​លាស់យ៉ាងឆាប់​រហ័សនា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កត្តា​ទាំង​អស់​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន AIA សម្រេច​ចិត្ត​ចូល​មក​បើក​ទីស្នាក់​ការនៅក្នុង​​ទីផ្សារ​នេះ ដោយ​មាន​ផលិតផល​ប្លែក​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដទៃ​​​ទៀត​ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងនោះ​គឺ​ផលិតផល​ធានា​រ៉ាប់រង​លើ​ជំងឺ​មហារីក។

    លោក Richard បាន​បញ្ជាក់​ថា៖“ផលិតផល​នេះ​ក្រុមហ៊ុន​យើង​ផ្តល់​កញ្ចប់​ជា​3​ដំណាក់​កាល ដោយ​ដំណាក់​កាល​ដំបូង​យើង​ផ្តល់​កញ្ចប់​ដល់​អតិថិជន​ជា​ប្រាក់​សម្រាប់​ថ្លៃ​ព្យាបាល​ទៅតាម​ទំ​ហំ​កញ្ចប់​ដែល​គាត់​បាន​ទិញ ដូច​ជា​កញ្ចប់​ថ្លៃ​ព្យាបាល​ក្នុង​ស្រុក កញ្ចប់​ថ្លៃ​ព្យាបាល​នៅក្រៅ​ស្រុក ឬ​បើសិន​ជា​អកុសល​អ្នក​ជំងឺ​មិន​ជា​ហើយ​​បាត់​បង់​ជីវិត​យើង​មាន​កញ្ចប់​ធំ​មួយ​ទៀត​ដែល​នឹង​ផ្តល់​ជូន​អ្នក​នៅ​រស់​​​ជា​គ្រួសារ​សាច់​ញាតិ​របស់​គាត់”។

    លោកបានបន្ត​ថា ​ក្រុមហ៊ុន​នឹង​ផ្តល់​សេវា​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន ដោយ​ប្រកាន់​ភ្ជាប់​នូវ​​គុណ​តម្លៃ ការ​តស៊ូ និង​ប្រាថ្នា​ចង់​លើក​កម្ពស់​គុណ​ភាព​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែលជា​ធនធាន​ជំនាន់​ក្រោយ​​នៃ​កម្ពុជា។

    លោក Ng Keng Hooi អគ្គ​នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ចាត់​តាំង​នៃ​ក្រុមហ៊ុន AIA Group Limited បាន​លើក​ឡើង​ថា នៅ​សល់​អំឡុង​ពេល​តែ​2​ឆ្នាំ​ទៀត​ប៉ុណ្ណោះ AIA នឹង​ប្រារព្ធ​ខួប​គម្រប់​100​ឆ្នាំ​របស់​ខ្លួន​ គឺ​នៅ​ឆ្នាំ​2019 ខាង​មុខ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បោះផ្សាយ​លក់​មូលបត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​​​លើក​ដំបូង (IPO) ក៏បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ដ៏​មាន​សក្តានុពល​មួយ​នេះ​បំបែក​ឯតទគ្គកម្ម​នៅ​ឆ្នាំ2010 រួច​មក​​​ក្រុមហ៊ុន​ក៏បាន​វិវឌ្ឍន៍​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​ទី2 នៅ​លើ​ពិភព​លោក។

    លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន​ AIA មាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​ហុងកុង ហើយ​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន​នៅ​លើ​ទីផ្សារ​សំខាន់ៗ​ចំនួន​18​​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ដោយ​សារ​បម្រែ​បម្រួល​សេដ្ឋកិច្ច សង្គម និង​ប្រជាសាស្ត្រ​នៅ​ទូទាំង​តំបន់ វា​ពិតជា​បានផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ធានារ៉ាប់រង។ កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី នៅ​តែ​មាន​ភាពខ្លាំង​ក្លា និង​មាន​ស្ថិរភាព ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា AIA មាន​ធនធាន​មនុស្ស​ដែល​ស័ក្តិសម និង​មាន​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បីឱ្យ​ប្រាកដ​បាន​ថា ខ្លួន​មាន​តួនាទី​សំខាន់​នៅ​ក្នុង​កំណើន និង​ការអភិវឌ្ឍ​យ៉ាង​សកម្ម​នៅ​អាស៊ី​រួមមាន​ការ​កសាង និង​បណ្តុះ​អាជីវកម្ម​នៅ​កម្ពុជា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​អញ្ជើញ​ចូល​រួម​ជា​គណៈ​ អធិបតី​​​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ (AIA Cambodia) បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រីក​លូត​លាស់​លឿន​ក៏ដោយក៏ប៉ុន្តែ​វិស័យ​ធានា​រ៉ាប់រង​ហាក់​នៅ​មាន​លក្ខណៈ​ក្មេងខ្ចី​នៅ​ឡើយ​។ ពិត​មែន​ហើយ​ដែល​ការ​ធានា​រ៉ាប់រង​ទូទៅ​បាន​ចាប់ផ្តើម​តាំងពី​ទសវត្សរ៍​ឆ្នាំ​50 មកម៉្លេះក្នុងសម័យ​សង្គមរាស្ត្រ​និយម ប៉ុន្តែ​វា​ត្រូវ​បាន​អាក់​ខាន​ជា​អន្លើៗ​ដោយ​មូលហេតុ​សង្គ្រាម ហើយ​កម្ពុជា​បាន​ចាប់​ផ្តើម​ជាថ្មី​ក្នុង​ឆ្នាំ1993 ជាមួយ​ក្រុមហ៊ុន​កា​មិនកូ​។ ដោយ​ឡែក​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទើបតែ​ចាប់ផ្តើម​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ឆ្នាំ2012។ គិត​ត្រឹម​ឆ្នាំ2016 កន្លង​ទៅ​នេះ​អត្រា​ជ្រាប​ចូល​ទីផ្សារ​នៃ​វិស័យ​ធានារ៉ាប់រង​ទាំង​អស់ មាន​កម្រិត​ត្រឹម​តែ 0.62% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់។ អ្វី​ដែល​​គួរឱ្យ​កត់សម្គាល់​ និង​គួរ​ជាទី​មោទនភាព​​បំផុត​នោះ​គឺ​ការធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ដែល​ទើប​តែ​មាន​​អាយុកាល​នៅ​ក្មេងខ្ចី​នៅឡើយ​នោះ​​បាន​រីកលូតលាស់​ជាមួយនឹង​សន្ទុះ​យ៉ាងខ្លាំង​ជា​រៀងរាល់ឆ្នាំ។

    គួរ​បញ្ជាក់ថា វិស័យ​ធានារ៉ាប់រង​អាយុជីវិត​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដោយមាន​កំណើន​រហូតដល់ 95% កាលពី​ឆ្នាំ2016 ធៀប​នឹង​ឆ្នាំ​កន្លង​​ទៅ។ ការកើនឡើង​យ៉ាង​លឿន​នេះ​ត្រូវគេ​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​​មានការ​យល់ដឹង​យ៉ាងច្រើន​ពី​សារ​សំខាន់​ក៏ដូចជា​អត្ថប្រយោជន៍​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត៕