Tag: 109

  • អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    ភាវៈរស់​ក្រៅ​ភពផែនដី​មិនមែន​នៅ​ឆ្ងាយ​ឡើយ តែ​អាច​ស្ថិតនៅលើ​ភព​រណប​របស់​ផែនដី នោះ​គឺ​ព្រះ​ចន្ទ​របស់​មនុស្ស។

    ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​អវកាស ពិសេស​នៅពេល​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) រៀប​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​បេសកកម្ម Artemis។

    ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​មួយរូប​របស់​ណា​សា បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ នោះ​គឺ នៅលើ​ឋាន​ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ បើ​ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ជីវិត។

    យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់​អង្គការ​ណា​សា ឱ្យដឹងថា ជីវិត​របស់​សត្វល្អិត​អាចមាន​វត្តមាន​នៅក្នុង​បរិស្ថាន​អាក្រក់​ដូច​នៅលើ​ព្រះ​ចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅ​នានា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ទំនងជា​បានផ្ដល់​ជា​ជម្រក​ល្អ​សម្រាប់​សត្វល្អិត​ទាំងនោះ ពិសេស​គឺ​នៅ​ប៉ូល​ខាងត្បូង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់។

    លោក Prabal និង​សហការី​យល់ថា សត្វល្អិត​ទាំងនេះ​មាន​ប្រភព​មកពី​ទី​អវកាស ពិសេស​គឺ​ផែនដី​តែម្ដង។ សត្វល្អិត​ទាំងនេះ បើសិន​ជាមាន ពួកវា​ប្រហែលជា​បាន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស ក្នុងនោះ​មាន​យាន​ចុះចត​ដូចជា Apollo របស់​សហរដ្ឋ​អាម៉េរិក​ កាលពី​ឆ្នាំ 1969 ជាដើម។ ប្រសិន​បើ​ពេល​នេះ​ពុំ​មាន​សត្វ​ល្អិត​ នៅ​ថ្ងៃ​ខាង​មុខ​ ព្រះចន្ទ​ក៏​នៅ​តែ​មាន​​វត្តមាន​របស់​ភាវៈ​រស់​ ព្រោះ​ថា អនាគត​ មនុស្ស​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​៕

  • វគ្គ​បន្តបន្ទាប់​របស់​ខ្សែភាពយន្ត «Avatar» ត្រូវបាន​ពន្យារពេល​ចាក់​បញ្ចាំង

    វគ្គ​បន្តបន្ទាប់​របស់​ខ្សែភាពយន្ត «Avatar» ត្រូវបាន​ពន្យារពេល​ចាក់​បញ្ចាំង

    ក្រុមហ៊ុន Disney បានប្រកាសថា វគ្គ​ចុងក្រោយ​របស់​ខ្សែភាពយន្ត «Avatar» នឹង​ត្រូវបាន​បញ្ចាំង​នៅ​រោងកុន​ក្នុង​ឆ្នាំ 2031។

    យោងតាម​ប្រភពព័ត៌មាន​ពី Variety ក្រុមហ៊ុន​ផលិតភាព​យន្ត Disney បានសម្រេច​ចិត្ត​ពន្យារពេល​ចាក់​បញ្ចាំង​វគ្គ​បន្តបន្ទាប់​របស់​ខ្សែភាពយន្ត​ល្បីឈ្មោះ Avatar។ ក្នុងនោះ វគ្គ 3 របស់ Avatar គ្រោង​នឹង​បញ្ចាំង​នៅ​រោងកុន​ចាប់ពី​ថ្ងៃទី 19 ធ្នូ 2025, វគ្គ 4 នៅ​ថ្ងៃទី 21 ធ្នូ 2028 និង​វគ្គ 5 ដែលជា​វគ្គ​ចុងក្រោយ​នឹង​ចាប់​​បញ្ចាំង​ពី​​ថ្ងៃទី 29 ធ្នូ 2031។

    ផលិតករ​ភាពយន្ត Jon Landau ​ឱ្យដឹងថា «គ្រប់​វគ្គ​របស់​ភាពយ​ន្ត Avatar គឺ​សុទ្ធតែជា​ការងារ​ដ៏​អស្ចារ្យ និង​ត្រូវការ​ពេលវេលា​ដើម្បី​ឈានដល់​គ​ម្រិ​ត​គុណភាព​នោះ។ ក្រុមការងារ​ទាំងអស់​កំពុងតែធ្វើការ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ដើម្បី​នាំ​ទស្សនិកជន​ត្រលប់​មកកាន់​ពិភព Pandora នៅ​ខែធ្នូ ឆ្នាំ 2025 ខាងមុខ»។

    ក្រោយ​ការប្រកាស​ខាងលើ អ្នកគាំទ្រ​មួយចំនួន​បាន​សម្ដែង​ការខកចិត្ត​នៅពេល​ត្រូវ​បន្ត​រង់ចាំ​​ភាពយន្ត​​របស់​អ្នកដឹកនាំ​រឿង James Cameron។ បច្ចុប្បន្ន ទាំង Avatar និង Avatar: The Way of Water គឺជា​ពីរ​ក្នុងចំណោម​ភាពយន្ត​បី​រឿង​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​នៅ​គ្រប់​សម័យកាល។ ដូច្នេះ ការរំពឹង​របស់​ទស្ស​និក​ជន​គឺមាន​ខ្ពស់​ខ្លាំង​សម្រាប់​វគ្គ 3 របស់ Avatar។

  • Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    (ប្រទេស​ចិន) – កំពូល​តារាបាល់ទាត់ Lionel Mess បានបង្ហាញ​កំពូល​ថ្វី​ជើង​របស់ខ្លួន​នៅ​វិនាទី​ទី 79 ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0 នៅក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ព្រលប់​ម្សិលមិញ។

    គ្រាប់​បាល់​ឈ្នះ​របស់ Messi កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ Enzo Fernadez ដណ្ដើមបាន​បាល់​ពី​កីឡាករ​អូស្ត្រាលី រួច​បញ្ជូនទៅឱ្យ​ប្រធាន​ក្រុម។ Messi ទទួលបាន​បាល់​នៅត្រង់​ខ្សែ​កណ្ដាល អូស​បាល់​បញ្ច្រាសទិសរ​ត់រប​ស់​គូប្រជែង នាំឱ្យ​កីឡាករ​អូស្ត្រាលី​ម្នាក់​ដួល រួច​ទាត់​ប្លោង​សំដៅ​ជ្រុង​ម្ខាង ផុតពី​ដៃ​អ្នកចាំទី Matthew Ryan។ គ្រាប់​បាល់​នេះ​ពេញ​ដោយ​ស្ទីល​របស់ Messi ព្រោះ​កីឡាករ​នេះ​ធ្លាប់​រកបាន​គ្រាប់​បាល់​រាប់សិប​​គ្រាប់​តាមរយៈ​វិធី​ទាត់​បែបនេះ​នៅក្នុង​អាជីព។

    នេះ​គឺជា​គ្រាប់​បាល់​ដែល​រកបាន​ឆាប់​បំផុត​ក្នុង​អាជីព​របស់ Messi ដោយសារ​កើតឡើង​នៅក្នុង​នាទី​ទី​ពីរ។ ក្នុង 90 នាទី​នៃ​ការប្រកួត​មិត្តភាព​រវាង​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នៅ​ប្រទេស​ចិន Messi គ្រាន់តែ​មិន​អាច​រកបាន​គ្រាប់​បាល់​នៅ​នាទី​ដំបូង​ប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់​ដែល Messi រកបាន​ក្នុង​អាជីព មាន 45 គ្រាប់​រកបាន​ក្នុងពេល​ថែម​ម៉ោង​តង់​ទី​ពីរ និង 22 គ្រាប់​ក្នុងពេល​ថែម​ម៉ោង​តង់​ទីមួយ។ ក្រៅពីនេះ ពេលវេលា​ដែល M10 រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង 90 នាទី គឺ​នៅ​នាទី​ទី 43 និង 55។

    នៅពេល Messi ស៊ុត​ចូល​ទី ទស្សនិកជន​នៅឯ​កីឡដ្ឋាន​ពលករ​ក្នុង​ទីក្រុង​ប៉េកាំង នាំគ្នា​ស្រែ​កហ៊ោ​ដូច​ទៅនឹង​ក្រុម​ជម្រើស​ជាតិចិន​ទើបតែ​បាន​ទាត់​ចូល​ទី។ ថ្វីបើ​ទាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជិត 70,000 នាក់​នៅឯ​កីឡដ្ឋាន។ ទស្សនិកជន​ភាគច្រើន​ពាក់អាវ M10 របស់ Messi ដើម្បី​លើកទឹកចិត្ត​ក្រុម​អា​ហ្ស​ង់​ទីន។

    ដោយសារតែ​កម្លាំង និង​បច្ចេកទេស​ខ្លាំងក្លា អា​ហ្ស​ង់​ទីន​ក៏​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី 68 ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​កំណត់​​ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0។ គ្រាប់​បាល់​នេះ​ក៏មាន​ការរួមចំណែក​ពី Messi នៅពេល​គាត់​បញ្ជូន​បាល់​ឱ្យ Rodrigo de Paul ដើម្បីឱ្យ​ខ្សែបម្រើ​នេះ​ប្លោង​បាល់​បន្ត ជួយ​ឱ្យ German Pezzella តែ​ត​បញ្ចូល​ទី​បានសម្រេច។

    បន្ទាប់ពី​ការប្រកួត​នេះ អា​ហ្ស​ង់​ទីន​នឹង​ហោះ​ទៅកាន់​ហ្សា​ការ​តា ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជា​នឹង​អវត្តមាន។ ព្រោះថា គាត់​បាន​យល់ព្រម​លេង​បាល់​ក្នុងការ​ប្រកួត​ផ្ដល់​កិត្តិយស និង​សម្ដែង​ការដឹក​គុណ​ដល់​អតីត​ខ្សែបម្រើ Juan Roman Riquelme នៅ​ថ្ងៃទី 26 មិថុនា នៅ​អា​ហ្ស​ង់​ទីន៕

  • ស្ថានីយ​អវកាស ISS ហោះ​កាត់​ពីមុខ​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ធំ​ប៉ុន​ផែនដី

    ស្ថានីយ​អវកាស ISS ហោះ​កាត់​ពីមុខ​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ធំ​ប៉ុន​ផែនដី

    Thierry Legault អ្នក​ថតរូប​តារាសាស្ត្រ​ជនជាតិ​បារាំង ប្រើប្រាស់​តេ​ឡេ​ស្កុប​ដើម្បី​ថតរូប​ភាព​របស់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែល​កំពុង​ហោះ​កាត់​ពីមុខ​ព្រះអាទិត្យ កាលពី​ថ្ងៃទី 09 មិថុនា។

    ដោយ​ហោះ​ក្នុង​ល្បឿន​ប្រហែល 28,000 គីឡូម៉ែត្រ/ម៉ោង ISS គោចរ​​​បាន​មួយ​ជុំ​ផែនដី​ក្នុង​រយៈពេល 90 នាទី ឬ​យូរ​ជាង​នេះ​បន្តិច តែ​វា​ហោះ​កាត់​ពីមុខ​ព្រះអាទិត្យ​ក្នុង​រង្វង់ 0.75 វិនាទី​ប៉ុណ្ណោះ នៅពេល​មើល​ពី​ផែនដី។ ដូច្នេះ ការថត​រូបភាព​ដែលមាន​គុណភាព​ខ្ពស់​ដូច Legault គឺជា​រឿង​លំបាក​ខ្លាំង។ នេះ​បើតាម Business Insider ចុះ​ផ្ស​យ​កាលពី​ថ្ងៃទី 14 មិថុនា ឆ្នាំ 2023។

    «ការហោះ​កាត់​មាន​រយៈពេល​មិន​ដល់​មួយ​វិនាទី» Legault បញ្ជាក់​ដូច្នេះ។ គាត់​សំណាង​ណាស់​ដែល​ថត​បាន​ទិដ្ឋភាព​នេះ ព្រោះតែ 45 នាទី​ក្រោយមក ពពក​ធំ​មួយ​ហោះ​មក​បាំង​ជិត​ព្រះអាទិត្យ។

    នៅក្នុង​វីដេអូ ISS ហោះ​កាត់​ខាងមុខ​ចំណុច​ខ្មៅ​ចំនួន​បី​លើ​ព្រះអាទិត្យ ក្នុងនោះ​មាន​មួយ​ធំ​ល្មម​អាចដាក់​ផែនដី​បាន។ នៅក្នុង​ពេលនោះ អវកាស​ចរ​របស់​ណា​សា ក៏​កំពុង​ឈាន​ជើង​ចេញ​ក្រៅ​ស្ថានីយ​ដើម្បី​ដំឡើង​ថ្ម​ផ្ទុក​ថាមពលព្រះអាទិត្យ។

    ក្នុង​វីដេអូ ISS មើលទៅ​ហាក់​ស្ថិត​នៅក្បែរ​ព្រះអាទិត្យ​ខ្លាំងណាស់ ប៉ុន្តែ​តាមពិត វា​មាន​គម្លាត​យ៉ាង​ឆ្ងាយ។ ISS វិល​ជុំវិញ​ផែនដី​ក្នុង​រយៈកម្ពស់​ប្រហែល 400 គីឡូម៉ែត្រ ខណៈដែល​ព្រះអាទិត្យ​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 150 លាន​គីឡូម៉ែត្រ។

    យោងតាម​ណា​សា ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​កើតឡើង​នៅពេល​តំបន់​របស់​​ពួកវា​ត្រជាក់​ជាង​តំបន់​ដទៃ​នៅលើ​ផ្ទៃ​ព្រះអាទិត្យ។ ភាព​ត្រជាក់​នោះ​កើតឡើង​ដោយសារតែ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ដែន​ម៉ាញ៉េ​ទិច​កម្លាំង​ខ្លាំងក្លា រារាំង​កម្ដៅ​ពី​ខាងក្នុងព្រះ​អាទិត្យ​​មិនឱ្យ​ភាយ​មក​ខាងក្រៅ។ នៅត្រង់ចំណុច​ខ្មៅ ដែន​ម៉ាញ៉េ​ទិច​មិនមាន​ស្ថិរភាព និង​អាចបង្កើត​បានជា​ហេតុការណ៍​ផ្ទុះ​អណ្ដាតភ្លើង​ព្រះអាទិត្យ (solar flare) និង​បាតុភូត​ជះ​ពពក​​ដ៏​ធំ​ដែលមាន​ផ្ទុក​ភាគល្អិត​ម៉ាញ៉េ​ទិច​ទៅក្នុង​លំហ​អវកាស (CME)។ ការផ្ទុះ​អណ្ដាតភ្លើង​ព្រះអាទិត្យ​អាចបង្កើត​បានជា​បាតុភូត​ពន្លឺ​អូ​រ៉ូ​រ៉ា​លើ​ផែនដី តែ​ក៏​អាច​ប៉ះពាល់​ដល់​រលក​វិទ្យុ ផ្កាយរណប បណ្ដា​ទូរគមនាគមន៍ បណ្ដាញ​អគ្គិសនី​​ជាដើម៕

  • អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

    អនាគត​បេក្ខភាព​ប្រធាន​ FAT របស់​ថៃ​៖ «បើ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង»

    អតីត​កីឡាករ​ឆ្នើម Piyapong Pew On ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​ថៃ​។

    យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ (FAT) ត្រូវ​ធ្វើ​ឡើង​នៅ​​ខែ​មេសា ឆ្នាំ 2024 ប៉ុន្តែ​ស្ថានការណ៍​ប្រែ​ប្រួល​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ កំពុង​តែ​ឡើង «​កម្ដៅ​»។ Piyapong Pew On ដែល​ជា​អតីត​កីឡាករ​ឆ្នើម​របស់​បាល់​ទាត់​ថៃ នឹង​ក្លាយ​ជា​​បេក្ខភាព​​​សម្រាប់​​តំណែង​នេះ​។

    ចែក​រំលែក​អំពី​ការ​សម្រេច​ចិត្ត​ខាងលើ លោក Piyapong Pew On បាន​បង្កការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ប្រកាស​ថា នឹង​លាលែង​ពី​តំណែង​ បើ​សិន​មិន​អាច​ជួយ​ឱ្យ​បាល់​ទាត់​ថៃបាន​​ចូល​រួម​ប្រកួត​នៅ​ World Cup។

    «… ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កាន់​តំណែង​ប្រធាន​ FAT​។ បើ​សិន​សមាជិក​ សមាជិកា​គាំទ្រ​ ខ្ញុំ​សន្យា​ចំពោះ​គ្រប់​គ្នា​ថា នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​រង្វង់​បួន​ឆ្នាំ​។ បើ​សិន​ក្រុម​ជម្រើស​ជាតិ​ថៃ​មិន​បាន​ចូល​រួម​ World Cup ខ្ញុំ​នឹង​លាលែង​ពី​តំណែង​ ហើយ​ធ្វើ​កិច្ច​ការ​ក្នុង​វិស័យ​បាល់​ទាត់​ជាមួយ​នឹង​តួនាទី​ផ្សេង» អតីត​កីឡាករ​ឆ្នើម​របស់​ប្រទេស​ថៃ លោក Piyapong Pew On អះអាង​ដូច្នេះ​។

    លោក Piyapong Pew On បញ្ជាក់​ថា លោក​មិន​ប្រជែង​ដើម្បី​មុខ​​តំណែង​ ប៉ុន្តែ​លោក​មាន​ភាព​ម៉ឺង​ម៉ាត់​ដោយ​រំពឹង​ថា​នឹងអភិវឌ្ឍ​ និង​បង្កើត​វប្បធម៌​បាល់​ទាត់​ថៃ​ទៅ​តាម​ស្មារតី​ «ភាព​ត្រឹម​ត្រូវ​ ភាព​ស្មោះ​ត្រង់ តម្លាភាព​ និង​មាន​ការ​ផ្ទៀង​ផ្ទាត់​»។

    លោក Piyapong Pew On ក៏​ជា​អ្នក​ដែល​បាន​រិះ​គន់​ទៅលើ​ក្រុម​គ្រូបង្វឹក​របស់​ក្រុម​បាល់​ទាត់​ U22 ថៃ នៅ​ក្នុង​ករណី​វាយ​តប់​គ្នា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​ទី 32 រវាង​ U22 ថៃ និង U22 ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ 16 ខែ​ឧសភា 2023​។

    លោក Piyapong Pew On

    «ករណី​ហិង្សា​កើត​ឡើង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី។ នោះ​គឺជា​រឿង​ដែល​កីឡាករ​ថៃ​ត្រូវ​រៀន​សូត្រ ពិសេស​គឺ​ការ​គ្រប់​គ្រង​កំហឹង។ ប៉ុន្តែ នោះ​គឺជា​បញ្ហា​ដែល​មិន​គួរ​កើតឡើង​ និង​មិន​អាច​លើក​លែង​ទោស​ នៅ​ពេល​ក្រុម​គ្រូបង្វឹក​ទាំង​មូល​សម្រុក​ចូល​បង្ក​ហេតុ​ជាមួយ​ឥណ្ឌូណេស៊ី​។ ពួក​គេ​គួរ​ណាស់​តែ​រារាំង​កីឡាករ​ក្មេងៗ​ តែ​បែរ​ជា​ធ្វើ​ឱ្យ​មាន​កំហុស​ដោយខ្លួន​ឯង​ទៅ​វិញ​» លោក Piyapong Pew On ថ្លែង​ដូច្នេះ​។

    លោក Piyapong Pew On បន្ថែម​ថា «ទោះជា​យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ ថៃ​ត្រូវ​ការ​មនុស្ស​ហ្មត់ចត់​ជាង​ដើម្បី​ដឹក​នាំ​ក្រុម​កីឡាករ​ក្មេង មិន​ដូច្នេះ​ទេ យើង​នឹង​ត្រូវ​បាន​បំផ្លាញ​ដូច​នៅ​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​លើក​នេះ​»​។

    លោក Piyapong Pew On អាច​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដណ្ដើម​តំណែង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ថៃ ជាមួយ​នឹង​អតីត​ប្រធាន​ FAT លោក Worawee Makudi អាយុ 72 ឆ្នាំ​។ កន្លង​មក លោក Worawee Makudi ​ក៏​​បាន​បញ្ជាក់​ថា នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាពសម្រាប់​តំណែង​នេះ​ជា​ថ្មី​​ បើ​ទោះ​ផ្ទុយ​ពី​ការ​កំណត់​ដែល​ហាម​បេក្ខភាព​ដែល​មាន​អាយុ​លើស​ពី 70 ឆ្នាំ​។ ប្រធាន FAT បច្ចុប្បន្នដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ខែ​កុម្ភៈ ឆ្នាំ 2024​ ​គឺ​លោក Somyot Poompanmoung​៕