Tag: អាពាហ៍ពិពាហ៍

  • ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    លោក Lee Wilson ដាំ​ផ្កាយ​ឈូ​ត​រ័ត្ន​ជាង 32 ហិកតា ដែល​ប្រហាក់ប្រហែល​នឹង 1.2 លាន​ដើម ដើម្បី​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។

    «ប្ដី​ប្រពន្ធ​ខ្ញុំ​នឹង​រម្លឹក​ខួរ 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី 10 សីហា ហើយ​អ្នក​ដឹងថា ពេល​រស់នៅ​ជាមួយ​គូជីវិត​រហូតដល់ 50 វា​មានន័យ​យ៉ាងណា​ហើយ​មែន​ទេ? ខ្ញុំ​បាន​ពិចារណា​ជាច្រើន​អំពី​រឿង​នោះ។ ភរិយា​របស់ខ្ញុំ​តែង​ចូលចិត្ត​ផ្កាយ​ឈូករ័ត្ន ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​ដែល​គួរ​ដាំ​ផ្កា​នេះ។ ខ្ញុំ​បាន​ដាំ​ផ្កា​ជាង 32 ហិកតា​សម្រាប់​គាត់» លោក Lee Wilson ប្រាប់ ABC News កាលពី​ថ្ងៃទី 01 សីហា​ដូច្នេះ។

    «រឿង​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់។ មិនអាច​មាន​អំ​ណាយ​អនុស្សាវរីយ៍​ណា​ដែល​ល្អ​ជាង​ចំការ​ឈូករ័ត្ន​មួយ​នេះឡើយ» អ្នកស្រី Renee ភរិយា​របស់លោក Wilson ថ្លែង​ដូច្នេះ។

    លោក Wilson និង​កូនប្រុស បាន​លួច​ដាំ​ដើម​ឈូករ័ត្ន​តាំងពី​ខែឧសភា និង​លាក់​មិនឱ្យ​អ្នកស្រី Renee ដឹង។ ពេលនេះ ចំការ​ឈូករ័ត្ន​បាន​ក្លាយជា​ទន្លេ​ផ្កា​ដ៏​ធំធេង ស្ថិតនៅ​ក្បែរផ្លូវ​ល្បឿន​លឿន​លេខ 54 និង​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Pratt រដ្ឋ Kansas ប្រហែល 6.4 គីឡូម៉ែត្រ។

    ស្វាមីភរិយា​លោក Wilson បាន​នៅក្បែរ​គ្នា​តាំងពី​រៀន​នៅ​មធ្យមសិក្សា ហើយ​ការ​ណាត់​ជួបគ្នា​ដំបូង​របស់​ពួកគេ​គឺ​នៅពេល​ជិះ​ស្គី​ជាមួយគ្នា។ លោក Wilson ឱ្យដឹងថា តាំងពី​ពេលនោះ​មក លោក​ជឿថា Renee នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់គាត់៕

  • ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

    ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

    រាជសុណិសា Rajwa Al-Saif គ្រង​ឈុត​រ៉ូប​អាពាហ៍​ពិពាហ៍​ Elie Saab នៅ​ក្នុង​រាជពិធី​អភិសេក​ជាមួយ​រាជទាយាទ​ Hussein របស់រាជាណាចក្រ​ហ្សកដានី​។

    ក្រោយ​ការ​ត្រៀម​អស់​ជា​ច្រើន​ខែ​ រាជពិធី​អភិសេក​របស់​រាជបុត្រ​ទាំង​ពីរ​អង្គ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​​​ក្នុង​​បរិវេណ​សួន​​​នៅ​ព្រះ​បរមរាជវាំង Zahran ក្នុង​​រាជធានី​អាម៉ាន់ ​របស់​ប្រទេស​ហ្ស៊ដានី កាល​ពី​ថ្ងៃទី 01 មិថុនា 2023​។ យោងតាម​ Vogue ព្រះ​នាង Rajwa Al-Saif គ្រង​ឈុត​​រ៉ូប Elie Saab ពណ៌​ស ​ត្រូវ​បាន​រចនា​ដោយ​ឡែក​ដែល​​ចំណាយ​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អាម៉េរិក​ និង​ជួត​ឈ្នួត​សាមញ្ញ​ប្រវែងជាង​ពីរម៉ែត្រ​ គ្រាដែល​មកុដ​ និង​ក្រវិល​ធ្វើ​ពី​ត្បូង​ពេជ្រ​។

    រាជទាយាទ​ Hussein និង​ព្រះ​រាជ​សុណិសា Rajwa សុទ្ធ​តែ​មាន​ជន្មាយុ​ 29 វស្សា (ខ្លះ​ថា 28 វស្សា)។ ព្រះ​នាង Rajwa ប្រសូត​នៅ​​រាជធានី​រីយ៉ាដ​ នៅ​ក្នុង​ត្រកូល​ស្ដុកស្ដម្ភ និង​ជា​រាជវង្ស​​របស់​ រាជាណាចក្រ​រ៉ាប៊ីសាអូឌីត​។ ព្រះនាង​ធ្លាប់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យា​ល័យ​ Syracuse នៅ​ New York សហរដ្ឋ​អាម៉េរិក​។ ចំណែក​ព្រះ​អង្គ​ម្ចាស់​ Hussein បាន​ក្លាយ​ជា​រាជទាយាទ​​តាំង​ពី​ឆ្នាំ 2009 ក្រោយ​ពី​មហា​ក្សត្រ Abdullah II បាន​ដក​ហូត​ព្រះរាជ​តួនាទីនេះ​ពី​ព្រះ​អង្គ​ម្ចាស់ Hamzah bin Hussein ដែល​ជា​អនុជ​​​មិតាតែ​មួយ​ និង​មាតា​ទីទៃ កាល​ពី​ឆ្នាំ 2004​។

    រាជាភិសេក​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​រាជវាំង​ដែល​មាន​អាយុ​កាល​ 500 ឆ្នាំ ដោយ​មាន​រាជ​វត្តមាន​របស់​សមាជិក​រាជវង្ស​ហ្ស៊កដានី និង​ភ្ញៀវ​អញ្ជើញ​ 140 អង្គ​ និង​នាក់ ក្នុង​នោះ​ក៏​មាន​ជំទាវ​ទីមួយ​របស់​សហរដ្ឋ​អាម៉េរិក Jill Biden, ស្វាមី និង​មហេសី​ Kate Middleton របស់​អង់គ្លេស​ រួម​នឹង​សមាជិក​រាជវង្ស​ព្រុយណេ ហូឡង់ បែលហ្ស៊ិក និង​ដាណឺម៉ាក​ជា​ដើម​៕

  • 10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    ឆាក​អាពាហ៍​ពិពាហ៍​អាច​ជា​ឆាក​បញ្ចប់​ដ៏​សែន​មហា​ Happy​ តែ​សម្រាប់​ជីវិត​ពិត​វិញ​ ការ​រៀបការ​ ឬការយល់ព្រម​រួមរស់​នៅជា​មួយ​គ្នា​ជា​ជីវិត​គូ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​សាង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។ មនុស្សជា​ច្រើន​ ពេល​នៅជា​គូស្នេហ៍​ ស្រឡាញ់​គ្នា​ស្ទើរ​បាត់មុខ​មិនបាន​ តែ​ពេល​រៀបការ​ និង​រស់នៅ​ជាមួយគ្នា​ហើយ​ បែរជា​ជួប​បញ្ហា​ និង​រឿងរ៉ាវ​ដ៏​ច្រើន​ រហូតដល់​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ជីវិត​គូ​បាក់បែក​ដួល​រលំ​ក៏​មាន​។ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​រួបរួម​យក​ចំណុច​គួរ​រិះ​គិ​តល្អ​ៗដែល​មនុស្ស​គ្រប់រូប​អាច​នាំ​យក​ទៅ​ប្រើ​ក្នុង​ជីវិត​ជា​ស្វាមី​-ភរិយា​របស់​ខ្លួន​ ដើម្បី​ឱ្យ​គ្រួសារ​មាន​សេចក្ដីសុខ​សុភមង្គល​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។

    1. រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​
    នៅពេល​យើង​គិតថា​ នឹង​រស់នៅ​ជា​ជីវិត​គូ​ជា​មួយ​នឹងនរ​ណា​ម្នាក់​ហើយ​ កុំ​នឹក​សង្ឃឹម​ត្រឹមតែ​ឱ្យ​គេ​មក​ស្រឡាញ់​ និង​ធ្វើអ្វី​ដើម្បី​យើង​តែ​ម្យ៉ាង​នោះ​តែ​យើង​គួរ​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​លះបង់​ឱ្យ​គេ​ខ្លះ​ផង​ ធ្វើ​ឱ្យ​គេ​មាន​សេចក្ដីសុខ​ យកចិត្តយកថ្លើម​ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ ផ្លាស់​គ្នា​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​ វា​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ​ទាំងពីរ​នាក់​ មិនមែន​ឱ្យ​នរណា​ម្នាក់​ព្យាយាម​លះបង់​តែ​ម្ខាង​នោះ​ទេ​។

    2. ស្មោះត្រង់​នឹងគ្នា​ និង​ទុកចិត្ត​គ្នា​
    សម្រាប់​ជីវិត​គូ​ ភាព​ស្មោះត្រង់​ គឺជា​រឿង​ធំជាង​គេ​បំផុត​ និង​ក្រៅពី​យើង​ស្មោះត្រង់​ចំពោះ​គ្នា​ហើយ​គួរ​មាន​ភាព​ជឿ​ទុកចិត្ត​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង​។ បើ​មានការ​មិន​ជឿ​ទុកចិត្ត​ ឬប្រចែប្រចណ្ឌ​ហួងហែង​គ្នា​ខ្លាំង​ជ្រុល​ពេក​ វា​នឹង​ធ្វើ​ឱ្យ​ជីវិត​គូ​មានតែ​បញ្ហា​។

    3. រៀន​យល់ដឹង​ ទទួលស្គាល់​ និង​កែសម្រួល​ពី​ខ្លួនឯង​ជាមុន​
    ទន្ទេញ​ទុក​ជាប់​ជានិច្ច​ថា​ យើង​មិន​អាច​ផ្លាស់ប្ដូរ​អ្នកដទៃ​បានទេ​ តែ​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​ ដូច្នេះ​កុំ​សង្ឃឹមថា​ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​កែ​សម្រួល​ខ្លួន​គេ​ដើម្បី​យើង​ ឬត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ៗដើម្បី​ឱ្យ​ដូច​តាមចិត្ត​យើង​នោះ​ តែ​ចូរ​យល់ដឹង​ពី​អ្វី​ដែល​ជា​រូបគេ​ និង​បើ​រក​ឃើញ​ភាព​ផ្សេងគ្នា​ដែល​ច្រើន​ជ្រុល​ពេក​នោះ​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ខ្លួន​យើង​ជាមុន​សិន​។ បើ​ទាំងសងខាង​ជួយគ្នា​កែសម្រួល​ខ្លួន​ចូល​រកគ្នា​ទៅវិញទៅមក​ នោះ​ប្រាកដជា​នឹងអាច​រស់នៅ​រួមគ្នា​បាន​យ៉ាង​រលូន​មិនខាន​។

    4. ផ្ដល់​កិត្តិយស​ចំពោះ​គ្នា​ទៅវិញទៅមក​ជានិច្ច
    ​មិនថា​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុនណា​ ឬស្រឡាញ់​គ្នា​មក​យូរ​ប៉ុនណា​ក៏ដោយ​ មនុស្ស​គ្រប់រូប​នៅតែ​ត្រូវការ​ទីតាំង​ផ្ទាល់ខ្លួន​ និង​ចង់បាន​ការ​ផ្ដល់​កិត្តិយស​ជានិច្ច​។ ទោះជា​ស្វាមី​-ភរិយា​នឹងគ្នា​ក៏​ដោយ​ ក៏​គួរតែ​ទុកចន្លោះ​ទំនេរ​មួយ​ឱ្យ​គ្នា​ទៅវិញទៅមក​ដែរ​ កុំ​សង្កត់​ ឬជិះជាន់​មនុស្ស​ដែល​យើង​ស្រឡាញ់​ ទោះជា​គេ​មាន​ឥរិយាបថ​ថា​ ចុះញ៉ម​ហើយក៏​ដោយ​ និង​កុំ​លូកលាន់​កកូរកកាយ​គេ​គ្រប់តែ​រឿង​នោះ​ ព្រោះ​វា​នឹង​នាំមក​នូវ​ភាព​ទើសទាល់​ធុញថប់​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​។

    5. កុំ​ភ្លេច​នឹកដល់​ពាក្យ​ថា​ “ចិត្ត​យើង​ ចិត្ត​គេ​”
    ទោះជា​ចង់​ធ្វើអ្វី​ ឬប្រុង​និយាយ​អ្វី​ចេញទៅ​ក៏​ដោយ​ ចូរ​នឹកគិត​ជាប់​ជានិច្ច​ថា​ បើសិនជា​រូបយើង​វិញ​ នឹង​មាន​អារម្មណ៍​យ៉ាងណា​? នោះ​យើង​នឹង​ដឹង​ភ្លាម​ថា​ តើ​គួរ​ធ្វើបែប​នោះ​ឬទេ​?

    6. នៅ​ក្បែរ​ជានិច្ច​ តែ​មិន​កាន់ជើង​
    គូស្នេហ៍​ដែល​ល្អ​ គឺ​អ្នក​ដែល​នៅ​ក្បែរ​គ្នា​ជានិច្ច​ ទោះជា​ពេល​មាន​បញ្ហា​ក៏ដោយ​ នៅ​ផ្ដល់​កម្លាំងចិត្ត​ មិន​បន្ទោស​បន្ថែម​ តែ​ខណៈ​ពេល​ជាមួយគ្នា​ ក៏​ត្រូវ​ចេះ​ដាស់តឿន​ នៅពេល​មើលឃើញ​ថា​ខុស​ និង​មិន​ត្រឹមត្រូវ​ មិន​សមគួរ​។ មិនមែន​ថា​គេ​ជាគូ​ស្នេហ៍​យើង​ហើយ​ ត្រូវតែ​កាន់ជើង​គេ​គ្រប់​រឿង​ គេ​ធ្វើអ្វី​ក៏​ត្រូវ​ទាំងអស់​នោះ​ទេ​ ហើយ​ការដាស់តឿន​នោះ​ទៀតសោត​ គួរ​ធ្វើឡើង​តែ​ពីរ​នា​ក់​ស្ងាត់​ៗកុំ​បំបាក់មុខ​គូស្នេហ៍​ដោយ​ការ​ស្រែក​ជេរ​បញ្ចោរ​គេ​នៅមុខ​អ្នកដទៃ​ជាដាច់ខាត​។

    7. កុំ​ប្រៀបធៀប​គូស្នេហ៍​របស់​យើង​ជាមួយ​គូស្នេហ៍​អ្នកដទៃ
    ​ប្រាកដ​ណាស់​ថា​ គ្មាន​អ្នកណា​ឥត​ខ្ចោះ​គ្រប់យ៉ាង​នោះ​ទេ​ ខ្លួន​យើង​ក៏​ដូចគ្នា​ដែរ​ ដូច្នេះ​កុំ​យក​គូស្នេហ៍​របស់​យើង​ទៅ​ប្រៀបធៀប​ជាមួយ​គូស្នេហ៍​របស់​អ្នកដទៃ​ កុំ​សរសើរ​ថា​ ប្ដី​(ឬប្រពន្ធ​)របស់​គេ​ម្នាក់​នោះ​ល្អ​អុី​ចេះ​ ល្អ​អុី​ចុះ​ ព្រោះ​វា​នឹង​ក្លាយជា​ការ​បំបាក់​អារម្មណ៍​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំង​ណាស់​។

    8. ពេល​គេ​ជា​ភ្លើង​ ចូរ​យើង​ធ្វើជា​ទឹក​
    ប្រហែលជា​គ្មាន​គូស្នេហ៍​មួយគូ​ណា​ដែល​មិនធ្លាប់​ឈ្លោះ​គ្នា​នោះ​ទេ​ តែ​ធ្វើ​យ៉ាងណា​ កុំឱ្យ​ការ​ឈ្លោះ​នោះ​ក្លាយជា​បញ្ហា​រីកធំឡើង​។ នៅពេល​ឃើញថា​ គេ​កំពុងតែ​ក្ដៅ​ដូច​ភ្លើង​ហើយ​នោះ​ យើង​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ និង​ស្ងប់​នឹង​ជាងគេ​ឱ្យ​បាន​ព្រោះ​បើសិនជា​រឹតតែ​ក្ដៅ​ដាក់គ្នា​ នឹង​រឹតតែ​នាំមក​នូវ​បញ្ហា​ថែម​ឡើង​ប៉ុណ្ណោះ​។

    9. ឧស្សាហ៍​បន្ថែម​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​គូ
    ​នៅពេល​រស់នៅ​ជាមួយ​គ្នា​យូរ​ៗទៅ​ គូ​ខ្លះ​ក៏​ភ្លេច​ភាព​ផ្អែមល្ហែម​ រ៉ូមែ​នទិ​កដែល​ធ្លាប់​មាន​ឱ្យ​គ្នា​កាល​ស្នេហ៍​គ្រាដំបូង​អស់​ ដូច្នេះ​គួរតែ​មាន​ពេលវេលា​ក្នុង​ការ​ទៅ​ធ្វើ​អ្វី​ៗជាមួយគ្នា​ ដូចជា​ ទៅដើរ​លេង​ជាមួយគ្នា​ ឬមាន​កាដូ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ឱកាស​ពិ​សេស​ៗខ្លះ​ផង​។ បបួល​ជជែក​ពី​រឿង​កាល​ដែល​ស្រឡាញ់​គ្នា​ថ្មី​ៗ ឬនាំគ្នា​ទៅ​រំឭក​អនុស្សាវរីយ៍​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗដែល​ធ្លាប់​បាន​ទៅ​ នឹង​ធ្វើ​ឱ្យ​សេចក្ដីស្នេហា​រីក​ស្រស់​ឡើងវិញ​។

    10. បញ្ឈប់​ការ​នឹករំពឹង​ ហើយ​ស្រឡាញ់​គ្នា​យ៉ាង​ល្អ​បំផុត​
    ការ​នឹករំពឹង​ មិនដែល​ធ្វើ​ឱ្យ​ជីវិត​អ្នកណា​មាន​សេចក្ដីសុខ​យ៉ាង​ពិតប្រាកដ​នោះ​ទេ​ សម្រាប់​សេចក្ដី​ស្នេហា​ក៏​ដូចគ្នា​ដែរ​ យើង​មិន​គួរ​នឹករំពឹង​អ្វី​ជាមួយ​គូស្នេហ៍​របស់​យើង​ខ្លាំង​ជ្រុល​ពេក​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​គេ​ទើសទាល់​ ហើយ​ខ្លួន​យើង​ក៏​នឹង​មានទុក្ខ​បើសិនជា​មិនបាន​ដូច​ការ​នឹករំពឹង​។ “ជីវិត​មនុស្ស​យើង​គ្រប់​ៗគ្នា​សុទ្ធតែ​រាប់​ពេលវេលា​ថយក្រោយ​ដូចគ្នា​រាល់ថ្ងៃ​ ដូច្នេះ​ ចូរ​ស្រឡាញ់​គ្នា​ឱ្យ​បាន​ល្អ​បំផុត​រៀងរាល់ថ្ងៃ​”៕

  • ប៉ុន្មានចំណុចដែលបុរសត្រូវត្រៀមខ្លួន មុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍

    ប៉ុន្មានចំណុចដែលបុរសត្រូវត្រៀមខ្លួន មុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍

    បុរសមុនពេលសម្រេចចិត្តចាប់ផ្ដើមសាងសង្គមគ្រួសារ អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង និងត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងភាពចាស់ទុំ។ ការ​មាន​ចិត្ត​ស្រឡាញ់​គ្នា ​គឺជា​រឿង​សំខាន់ ប៉ុន្តែអ្វីដែល​សំខាន់ជាងនេះ ​គឺការ​ចេះ​​រក្សា​ក្តី​​ស្រឡាញ់​នោះ​ឱ្យ​បាន​គង់​វង្ស និង​ប្រកប​ដោយ​សុភមង្គល។ ​វា​ជា​ការ​ប្រសើរ​ណាស់ ​ដែល​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្រឡាញ់​គ្នា ​ហើយ​អាច​ឈាន​ដល់ថ្ងៃរៀប​អាពាហ៍​ពិពាហ៍ តែ​ប្រការ​​ដែល​ចាំ​បាច់​គឺ​ពួក​គេ​ទាំង​ពីរ​មិន​គួរ​ប្រថុយ​ប្រថាន​រៀប​ការ​ដោយ​​ការ​​ស្រឡាញ់​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​គិត​គូរ និង​មាន​ការពិភាក្សា​គ្នា​ឱ្យបាន​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​ជា​មុន​សិន។ ដូច្នេះ ក្នុងនាមជាបុរសដែលចេះគិតគូរវែងឆ្ងាយ មុនពេលសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ អ្នកត្រូវមើលលើប៉ុន្មានចំណុចនេះជាមុនសិន៖

    1. ចំណុចស័ក្ដិសមនៃគូស្នេហ៍
    · អាយុ : អ្នកគួរពិចារណាទៅលើអាយុរបស់គូស្នេហ៍ដែលអ្នកចង់បាន ដើម្បីងាយបង្ហាញពីភាពទទួលខុសត្រូវចំពោះគូស្នេហ៍ បើទោះបីជាគេមានអាយុច្រើន ឬតិចជាងខ្លួនអ្នកក្ដី តែត្រូវឱ្យប្រាកដចិត្តថា អ្នកអាចទទួលខុសត្រូវ និងរ៉ាប់រងភារកិច្ចជាអ្នកដឹកនាំគ្រួសារបាន។
    · ប្រាក់ចំណូល : ត្រូវប្រាកដចិត្តថា អ្នកទាំងពីរមានការងារត្រឹមត្រូវ មានទ្រព្យសន្សំ និងលុយ-កាក់មួយចំនួនសម្រាប់ប្រកបរបបចិញ្ចឹមជីវិតបានក្រោយពេលរៀបការ។
    · កម្រិតការសិក្សា : អ្នកគួរសម្លឹងមើលឱ្យបានឆ្ងាយ គូស្នេហ៍អ្នកមានការសិក្សាខ្ពស់មានចំណេះដឹង ទើបជាមនុស្សដែលពូកែស្ដាប់យោបល់ពីអ្នក និងអាចជួយដោះស្រាយបញ្ហាអ្នកបាន។
    · កម្រិតក្រុមគ្រួសារ : សាច់ញាតិ និងមិត្តភក្តិរបស់នាងបានបើកចិត្តទទួលយករូបអ្នកហើយឬនៅ? តើពួកគេបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកហើយឬនៅ?

    2. ការសិក្សាអារម្មណ៍គូស្នេហ៍ (សិច)
    ចំណង់​ចំណូល​ចិត្ត​ក្នុង​ជីវិត​ផ្លូវ​ភេទ និងភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​គួរ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​ធ្វើ​បែប​ណាទើប​ល្អ។ អ្នក​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ចង់​នោះ​ទេ ត្រូវ​ចាំ​ថា​អ្នក​ជា​មនុស្ស​ពីរ​នាក់ តែ​រស់​នៅ​ក្នុង​ចិត្ត​តែ​មួយរួម​គ្នា​។

    3. ការសិក្សាចិត្តគូស្នេហ៍
    មូលដ្ឋានគ្រឹះនៃការសាងសុភមង្គលនៅក្នុងគ្រួសារ គឺការអត់ធ្មត់ ភាពទទួលខុសត្រូវ ការអធ្យាស្រ័យឱ្យគ្នា ការបង្កើតរសនិយម ការយកចិត្តទុកដាក់ ការគោរពតាមប្រពៃណី ការលួងលោម និងការបង្កើតស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។

    4. ការគ្រប់គ្រងចំណូលចំណាយ
    លុយ​កាក់​គឺ​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សុភមង្គល លោកអ្នក​មិន​អាច​កសាង​សុភមង្គលគ្រួសារ​​មួយ​បាន​ទេ ​បើ​មិនមានលុយ​។ ត្រង់​ចំណុច​នេះ ​លោក​​អ្នក​​គួរ​តែ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​មុន​ពេល​រៀប​ការ​ថា ​គួរ​ចាត់​ចែង​ និង​មាន​គម្រោង​រក​លុយ​​កាក់​យ៉ាង​ម៉េច​ពេល​រស់​នៅ​ជា​មួយ​គ្នា និង​ជា​ពិសេស​​សូម្បី​​មុនពេល​​រៀប​​ការ​​ថា ​​តើ​​លោកអ្នកមានលុយ​ប៉ុន្មានដើម្បី​ត្រៀម។ ម៉្យាងវិញទៀតគូស្នេហ៍របស់អ្នកជានារីដែលពូកែទុកដាក់លុយកាក់កម្រិតណាដែរ? អ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើនកាន់តែប្រសើរ និងមិនបង្កជម្លោះក្រោយពេលរៀបការរួច។

    5. ការរក្សាទំនៀមទំលាប់ប្រពៃណី
    ការ​រួមភេទមុន​ពេលរៀប​អាពាហ៍​ពិពាហ៍ គឺជា​កំហុងឆ្គង​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​សង្គម​មិន​ទទួលស្គាល់ឡើយ។ គូសេ្នហ៍​គួរតែ​រក្សា​ប្រពៃណីឱ្យបាន​ល្អ​រហូត​ដល់​ថ្ងៃរៀបមង្គលការ​ត្រូវ​បាន​បញ្ចប់។ អ្នកជាបុរស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងរក្សាប្រពៃណីនេះ ដើម្បីជំរុញភាពទុកចិត្តកាន់តែខ្លាំងចំពោះអនាគតភរិយារបស់អ្នក។

    6. ចំណងគ្រួសារ
    បន្ទាប់​ពីរៀប​ការរួច អ្នកនឹង​ត្រូវ​មាន​សមាជិក​ និង​ចំណង​ញាតិ​​ច្រើន ក្នុង​​នោះ​មាន​បង​ប្អូន​នៃ​គ្រួសារ​ទាំង​សង​ខាង ​ឪពុក​ម្តាយ​ទាំង​សង​ខាង យាយ​តា​ទាំង​សង​ខាង កូន​ក្មួយ​ទាំង​សង​ខាង ព្រម​ទាំង​ញាតិ​មិត្ត​ផ្សេងៗ។ ដូច្នេះ​ អ្នក​​គួរ​ពិភាក្សា​ជា​មួយ​គ្នា​ថា ​គួរ​ធ្វើ​យ៉ាង​ម៉េច​ក្រោយ​ពេល​រៀប​ការ​រួច ពោល​គឺ​ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្រួសារ​ និង​ញាតិ​មិត្តទាំងសងខាងឱ្យស្មើគ្នា ព្រមទាំងនៅតែមានទំនាក់ទំនងល្អជាមួយគ្នា៕

  • Sex កាន់តែច្រើន កាន់តែរឹតចំណងអាពាហ៍ពិពាហ៍

    Sex កាន់តែច្រើន កាន់តែរឹតចំណងអាពាហ៍ពិពាហ៍

    ទោះជាមិនបាននិយាយប្រាប់ក៏អ្នកបានដឹង និងអនុវត្តរួចទៅហើយ ព្រោះតែវាជាសភាវគតិរបស់មនុស្សទៅហើយ។ ប៉ុន្តែអ្វីដែលចង់បង្ហាញនៅពេលនេះគឺ វិធីសាស្រ្តក្នុងការរឹតបន្តឹងចំណងមេត្រីភាពរវាងប្ដី-ប្រពន្ធថ្មោងថ្មី ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួចឱ្យកាន់តែមានភាពផ្អែមល្ហែមទ្វេដងលើសពីការរំពឹងជាមួយនឹងសកម្មភាពលើគ្រែ។ តើអ្នកដឹងទេថា សិច មានឥទ្ធិពលយ៉ាងណាក្នុងជីវិតរបស់អ្នក? បើចង់ជ្រាបច្បាស់សូមតាមដាននូវកម្រងអត្ថបទនៅខាងក្រោមនេះដូចតទៅ…..។

    បង្កើនភាពស្និទ្ធស្នាល : ការរួមភេទពិតជាមានឥទ្ធិពលយ៉ាងអស្ចារ្យ ដែលអាចធ្វើឱ្យដៃគូស្នេហាមានភាពស្និទ្ធស្នាលទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងពេញទំហឹង។ មានគូស្នេហ៍ជាច្រើនបានបង្ហាញថា ឱកាសនៃការទទួលបានសេចក្ដីសុខ សុភមង្គលមានកាន់តែច្រើន ជាមួយនឹងទំនាក់ទំនងស្នេហារវាងប្ដីប្រពន្ធ ដ្បិត សិច ឬការរួមភេទនេះគឺជាផ្នែកមួយយ៉ាងសំខាន់បំផុត និងមិនអាចចៀសវាងបាន។ ម៉្យាងទៀត ភាពស្និទ្ធស្នាលមួយនេះក៏ជាលក្ខខណ្ឌពិសេសមួយដែលអ្នកត្រូវតែបង្កើតជាមួយនឹងដៃគូជីវិត ឬគូស្នេហ៍ដោយខានមិនបាន។

    ធ្វើឱ្យមានសេចក្ដីសុខកាន់តែខ្លាំង : មនុស្សជាច្រើនតែងគិតថា ភាពរីករាយដោយការរួមភេទគឺជាសកម្មភាពដែលអាចរក្សារូបសម្រស់ និងធ្វើឱ្យរាងកាយនៅតែមានសភាពក្មេងជាងវ័យ។ ទាក់ទងទៅនឹងជីវិតសិចនេះ មានការស្រាវជ្រាវមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Colorado-Boulder បានរកឃើញថាសេចក្ដីសុខមានការកើនឡើងប្រមាណ44% សម្រាប់អ្នកដែលបានរួមភេទ1ដងក្នុង1សប្ដាហ៍បើប្រៀធៀបទៅនឹងអ្នកមិនបានរួមភេទ។ ដោយឡែក សម្រាប់អ្នកដែលបានរួមភេទចំនួន2-3ដងក្នុង1សប្ដាហ៍អាចទទួលបានសេចក្ដីសុខប្រមាណ55%។ ដូច្នេះអ្នកអប់រំខាងផ្លូវភេទបានចោទជាសំណួរថា តើការរួមភេទអាចមានតុល្យភាពដែរឬទេ ហើយអាចធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចក្រោយពេលអនុវត្តសិចជាមួយដៃគូ? សរុបមក សិច នៅតែជាចំណុចសំខាន់ដែលអ្នកគួរតែចំណាយពេលអនុវត្ត ដើម្បីទទួលបានភាពល្អប្រសើរទាំងនេះ។

    មានសុខភាពល្អ : ការរួមភេទ គឺជាសកម្មភាពមួយដែលត្រូវបានអ្នកជំនាញចាត់ទុកថាជាការធ្វើលំហាត់ប្រាណដ៏ប្រសើរ និងធ្វើឱ្យមានអារម្មណ៍ស្ងប់ គេងលក់ស្រួល កាត់បន្ថយភាពតានតឹង បំបាត់ស្ត្រេស ជាពិសេសសម្រាប់អ្នកដែលមានទម្លាប់អនុវត្តសិចចំនួន2-3ដងក្នុង1សប្ដាហ៍ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពល្អប្រសើរ និងចៀសផុតពីភាពប្រឈមជាមួយជំងឺផ្តាសាយ។

    ធ្វើឱ្យជីវិតរីករាយ : សម្រាប់ការលេងសើចមិនថាជាការនិយាយស្ដី ឬកាយវិការណាមួយនោះឡើយ អ្នកពិតជាអាចភ្លេចទៅតាមការរំលងផុតទៅនៃពេលវេលា។ ប៉ុន្តែចំពោះសកម្មភាពសិចវិញគេជឿជាក់ថា គ្មានអ្នកណាដែលអាចបំភ្លេចចោលនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងសុខស្រួលបានឡើយ។ ដូច្នេះ ចូរអ្នកចងចាំហើយចាប់ផ្តើមពីការលួងលោមដោយពាក្យសម្ដីផ្អែមល្ហែម បន្ថែមដោយសកម្មភាពបបោសអង្អែលថ្នមៗរហូតឈានដល់ការស្វែងរកចំណុចពិសេស ដែលអាចផ្តល់ភាពសុខស្រួលនៃជីវិតសិចរបស់អ្នក៕

  • ដំណឹងល្អពីសណ្ឋាគារសុខា … ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍

    ដំណឹងល្អពីសណ្ឋាគារសុខា … ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍

    នៅត្រឹមរយៈពេល2ថ្ងៃនៃការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី 05-06 ខែសីហា ឆ្នាំ2017 ដែលរៀបចំឡើងដោយក្រុមហ៊ុន សិរីមង្គល ក្រោមការចូលរួមពីសំណាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីក្រោមឱវាទ រួមមានរដ្ឋលេខាធិកា និងអនុរដ្ឋលេខាធិកា ព្រមទាំងបណ្តាអ្នកតំណាងក្រុមហ៊ុនចូលរួមនៅក្នុងកម្មវិធី « ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 4 មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី 12 និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី 17 ។

    នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សណ្ឋាគារ និងរមណីយដ្ឋានសុខា ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមបង្ហាញវត្តមានជាមួយនឹងការការតុបតែងលម្អស្តង់របស់ខ្លួនទំហំ 6 x 18ម៉ែត្រ ដើម្បីធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ ដែលសណ្ឋាគារ និងរមណីយដ្ឋានសុខាមានផ្តល់ជូន ។

    តាមសម្ដីរបស់អ្នកនាង សំរិទ្ធិ ប៊ុននិច្ច (Nickie) ដែលជាប្រធានទីផ្សារបានឱ្យដឹងថា សម្រាប់វត្តមានរបស់ក្រុមហ៊ុនសុខានៅពេលនោះគឺជាការបង្ហាញឱ្យឃើញពីចូលរួមគាំទ្រ វប្បធម៍ និងប្រពៃណីជាតិខ្មែរ ដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យ និងដើម្បីឱ្យយុវជនជំនាន់ក្រោយកាន់តែយល់ច្បាស់អំពីកេរតំណែលដែលដូនតាបានបន្សល់ទុក។ បន្ថែមពីនេះ ក៏មានបំណងធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារនិងរមណីយដ្ឋានសុខា ដែលមានទីតាំងនៅ 4 ខេត្តក្រុងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលតម្រូវការនៃការរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខាមួយនេះមានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។

    ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណងខាងលើនេះ អ្នកនាង សំរិទ្ធិ ប៊ុននិច្ច ក៏បានបង្ហាញពីចំណាប់អារម្មណ៍នៃការចូលរួមការតាំងពិព័រណ៍អាពាហ៍ពិពាហ៍រយៈពេល 2 ថ្ងៃកន្លងទៅនេះ ដែលមានភ្ញៀវចូលរួមទស្សនាសរុបប្រមាណជាង 3 ម៉ឺននាក់ ដោយភាគច្រើនសុទ្ធតែជាអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខនេះថា សម្រាប់កម្មវិធីពិព័រណ៍មួយនេះ គឺមានសារៈសំខាន់បំផុត ដែលវាអាចផ្តល់ជម្រើសបានកាន់តែច្រើនសម្រាប់អ្នកត្រៀមរៀបអាពាហ៍ពិពាហ៍ ជាពិសេសមានឱកាសទទួលបានការប្រឹក្សាផ្តល់យោបល់ល្អៗ ពីអ្នកតំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងកម្មវិធីមង្គល។ ជាក់ស្ដែងដូចជាក្រុមហ៊ុន សុខា ដែលរួមមានសណ្ឋាគារ រមណីយដ្ឋាន ដ៏ល្អឥតខ្ចោះ មានទីតាំងធំទូលាយប្រកបដោយប្រណីតភាព ម្ហូបអាហារពោរពេញដោយឱជារស ជាពិសេស សេវាកម្មល្អទាន់ចិត្ត ដោយមានទីតាំងស្ថិត 4 ខេត្តក្រុង ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (ភ្នំពេញ) សណ្ឋាគារឆ្នេរសុខា (ខេត្តព្រះសីហនុ) រមណីយដ្ឋានឋានសួគ៌បូកគោ (ខេត្តកំពត) រមណីយដ្ឋានសុខាសៀមរាប (ខេត្តសៀមរាប) និងរមណីយដ្ឋានសុខាអង្គរ (ខេត្តសៀមរាប) ។

    សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខនេះ អាចមានឱកាសទទួលបានការផ្តល់ជូនយ៉ាងពិសេសពីសណ្ឋាគារ និងរមណីយដ្ឋាន សុខា ក្នុងការរៀបចំពិធីមង្គលដែលស័ក្ដិសមទៅនឹងកិត្តយសគ្រួសារ ទាំងការរៀបចំបែបប្រពៃណីបុរាណខ្មែរ និងបែបសម័យទំនើប ជាមួយនឹងតម្លៃសមរម្យបំផុត ។ ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sokhahotels.com

  • អាពាហ៍ពិពាហ៍ចម្លែក គ្មានភ្ញៀវ កូនកំលោះជួលភ្ញៀវ ២០០នាក់ ស៊ីការឥតគិតចំណងដៃ

    អាពាហ៍ពិពាហ៍ចម្លែក គ្មានភ្ញៀវ កូនកំលោះជួលភ្ញៀវ ២០០នាក់ ស៊ីការឥតគិតចំណងដៃ

    អាថកំបាំងត្រូវបានទម្លាយនៅពេលពីធីមង្គលការមួយក្នុងប្រទេសចិនបានបញ្ចប់ ដោយសារតែភ្ញៀវចូលរួមពិធីមង្គលការនេះ បានសារភាពថា ត្រូវបានកូនកំលោះជួលមកឲ្យចូលរួមអបអរសាទរ ដែលភ្ញៀវទាំងនោះមានជាង ២០០នាក់ ដោយក្នុងនោះ ម្នាក់ៗទទួលបានប្រាក់ជាង ១០ដុល្លារ ហើយពិសាដោយមិនបាច់មានចងដៃ ។

    នារី ២នាក់ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើ បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានចិនថា មានមនុស្ស ២០០នាក់ គឺជាភ្ញៀវបន្លំខ្លួនខាងកូនកំលោះ ដែលបានជួលពួកនាងមក តែមិនមែនជាញាតិមិត្ត បងប្អូនឡើយ ហើយគ្មាននរណាម្នាក់ស្គាល់គ្នាពីមុនមកដែរ ដោយម្នាក់ៗទទួលបានប្រាក់ ៨០យ័ន ប្រហែលជាជាង ១០ដុល្លារអាមេរិក ឲ្យចូលមកបន្លំខ្លួនក្នុងពិធីមង្គលការនេះ​។

    ដោយហេតុតែរក្សាការសម្ងាត់នេះមិនបាន ទើបខាងកូនក្រមុំដេញដោលសួររកការពិតពីកូនកំលោះ ហើយបង្ខំឲ្យសារភាពគ្រប់រឿង។ យ៉ាងនោះហើយ ទើបកូនកំលោះបានសារភាពថា ការពិតភ្ញៀវមកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ មិនមែនជាញាតិបងប្អូនទេ ព្រោះក្រុមគ្រួសារខាងប្រុស មិនបានដឹងរឿង ទើបលោកសម្រេចចិត្តជួលពួកគេមកតែម្ដង។ ម៉្យាងវិញទៀត ខណៈដែលលោកបាននាំភរិយាលោកទៅជួបឪពុកម្ដាយរបស់លោកនោះ ក៏ជាការសម្ដែងដែរ ព្រោះលោកបានជួលមនុស្សជាច្រើនមកសម្ដែងជាក្រុមគ្រួសាររបស់លោក។

    គួរបញ្ជាក់ផងដែរថា ដោយសារកូនកំលោះគ្មានទំនាក់ទំនងជាមួយក្រុមគ្រួសារ ហើយបានចាកចេញពីគ្រួសារដោយមិនវិលត្រឡប់ចូលវិញនោះ បានក្លាយជាហេតុផលបណ្ដាលឲ្យកូនកំលោះរូបនេះ សម្រេចចិត្តប្រព្រឹត្តខ្លួនក្លែងបន្លំគ្រប់រឿងគ្រប់យ៉ាង ក្នុងគោលបំណងរៀបមង្គការជាមួយកូនក្រមុំ៕

  • ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    មានច្រើនដងណាស់ដែលគេសង្កេតឃើញថា រឿងតូចតាចច្រើនតែក្លាយជារឿងដែលសំខាន់សម្រាប់ជីវិតជានិច្ច ជាពិសេស នៅពេលឈានចូលទៅរកសម្ព័ន្ធភាពបែបគូស្នេហ៍ដែលធ្លាប់ប្រមូលសន្សំអារម្មណ៍ល្អៗជាបណ្តើរៗ បន្តិចម្តងៗរហូត ក្លាយជាសម្ព័ន្ធស្នេហ៍ដ៏ធំធេង ដែលទំរាំនឹងឈានមកដល់ពេលបច្ចុប្បន្ន វាមិនមែនជារឿងងាយៗឡើយ ហើយម្នាក់ៗក៏ប្រហែលជាគិតដូចៗគ្នាថា ប្រហែលជាល្អមិនស្ទើរទេ បើសិនជាបានរស់នៅជាគូគ្រងនឹងគ្នារហូតដល់នាទីចុងក្រោយនៃជីវិតនោះ ដូច្នេះយើងនាំគ្នាមកមើលថា តើពាក្យសំខាន់ៗ ៥ ម៉ាត់សម្រាប់ស្នេហានោះមានអ្វីខ្លះ ដើម្បីពន្យឺតអាយុស្នេហា និងសុភមង្គលឲ្យកាន់យូរអង្វែងឡើង ។

    ១. ពាក្យថា «អរគុណ»
    ជាទង្វើតូចមួយដែលមនុស្សជាច្រើនគិតថា មិនចាំបាច់និយាយក៏បានដែរ ព្រោះអីពេលនេះអ្នកទាំងពីរក៏ស្និទ្ធស្នាល
    នឹងគ្នាហើយនោះ តែការពិតវិញ ការពោលពាក្យអរគុណចំពោះគូស្នេហ៍ គឺជាទង្វើមួយដែលសំខាន់ចំពោះសម្ព័ន្ធភាពស្នេហ៍
    របស់អ្នកខ្លាំងណាស់ ដោយសារតែការនិយាយពាក្យថា អរគុណនេះ វាសម្តែងឲ្យឃើញថា ទង្វើគ្រប់យ៉ាងដែលអ្នកទាំង២
    ផ្តល់ឲ្យគ្នាទៅវិញទៅមកនោះមានភាពសំខាន់ខ្លាំងណាស់ ហើយអ្នកក៏មានអារម្មណ៍រីករាយណាស់ដែរដែលបានទទួលវានោះ និងថែមទាំងអាចជួយឲ្យចំណងស្នេហ៍របស់អ្នកកាន់តែរឹងមាំ និងស្ថិតស្ថេរទៀតផង ។

    ២. ពាក្យថា «សុំទោស»
    ក្រៅពីគួរនិយាយពាក្យថាអរគុណដល់គូស្នេហ៍រហូតក្លាយជាទម្លាប់ហើយនោះ ការនិយាយពាក្យថា “សុំទោស” ក៏
    មានភាពសំខាន់សម្រាប់ចំណងស្នេហ៍មិនអន់ជាងគ្នាប៉ុន្មានដែរ ព្រោះគ្រប់ពេលដែលពោលពាក្យថា សុំទោសនោះ វាមានន័យ
    ថា អ្នកយល់ព្រមទទួលកំហុសដែលអ្នកជាអ្នកធ្វើ និងត្រូវការបន្តដំណើរជាមួយគ្នាតទៅទៀត តែអ្វីដែលសំខាន់នោះគឺ ការ
    និយាយពាក្យថា សុំទោសនោះគួរតែចេញមកពីក្នុងបេះដូងរបស់អ្នកយ៉ាងពិតៗ មិនមែនសុំទោសបែបឲ្យតែរួចៗពីមាត់ដើម្បីឲ្យចប់រឿង ឬសុំទោសដើម្បីចង់បញ្ជួសបន្សោកនោះទេ។

    ៣. ពាក្យថា «ស្រឡាញ់»
    គូស្នេហ៍ជាច្រើនដែលស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាមកយូរហើយនោះ ពួកគេមិនសូវនិយាយពាក្យថា ស្រឡាញ់គ្នាដូចកាលពីគ្រាដំបូងៗឡើយ ទើបអាចធ្វើឲ្យសេចក្តីស្នហាមើលទៅដូចជាសាបទៅៗប្រៀបដូចជាមនុស្សលែងស្រឡាញ់គ្នាហើយអញ្ចឹង ដូច្នេះហើយម្នាក់ៗគួរតែនិយាយពាក្យថា ស្រឡាញ់គ្នាខ្លះផង ដើម្បីជាការបញ្ជាក់ប្រាប់ពីសេចក្តីស្នេហារបស់អ្នក ហើយខណ:ពេលជាមួយគ្នា ការនិយាយពាក្យថា ស្រឡាញ់ក៏ជាការធ្វើឲ្យស្នេហារបស់អ្នកស្ថិតស្ថេរគង់វង្ស និងមានសុភមង្គលជាងមុនទៀតផង។

    ៤. ពាក្យសម្តែងពីក្តីកង្វល់បារម្ភ
    បើសិនជាអ្នកមានអារម្មណ៍អៀនខ្មាស់ មិនអាចនឹងដើរចូលទៅប្រាប់គូស្នេហ៍ដោយពាក្យថា “បារម្ភ” ពីគេ ឬពាក្យផ្សេងៗដែលបង្ហាញពីក្តីបារម្ភទេនោះ អ្នកអាចប្តូរមកជាការបង្ហាញក្តីកង្វល់បារម្ភតាមរយ:ការ យកអាវធំមកពាក់ឲ្យគូស្នេហ៍មុនពេលគេចេញទៅធ្វើការ ត្រៀម និងរៀបចំរបស់របរទុកឱ្យពេលគេត្រូវចេញទៅធ្វើការនៅទីឆ្ងាយ ឬធ្វើម្ហូបអាហារដែលគេចូលចិត្តញ៉ាំទុកសម្រាប់ស្វាគមន៍ពេលគេត្រឡប់មកផ្ទះវិញជាដើម ។

    ៥. កុំភ្លេចពាក្យថា «នឹក»
    សេចក្តីស្នហារបស់អ្នកនឹងកាន់តែផ្អែមល្ហែមខ្លាំងឡើង បើសិនជាអ្នកមានឱកាសបានប្រាប់គ្នាទៅវិញទៅមកនូវពាក្យថា នឹកឲ្យបានញឹកញាប់ឡើង នៅពេលណាដែលគេទៅធ្វើការនៅទីឆ្ងាយម្តងម្កាលនោះ៕