ដំណឹងល្អពីសណ្ឋាគារសុខា … ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍

នៅត្រឹមរយៈពេល2ថ្ងៃនៃការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី 05-06 ខែសីហា ឆ្នាំ2017 ដែលរៀបចំឡើងដោយក្រុមហ៊ុន សិរីមង្គល ក្រោមការចូលរួមពីសំណាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីក្រោមឱវាទ រួមមានរដ្ឋលេខាធិកា និងអនុរដ្ឋលេខាធិកា ព្រមទាំងបណ្តាអ្នកតំណាងក្រុមហ៊ុនចូលរួមនៅក្នុងកម្មវិធី « ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 4 មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី 12 និងការបង្ហាញទម្រង់ម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី 17 ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សណ្ឋាគារ និងរមណីយដ្ឋានសុខា ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមបង្ហាញវត្តមានជាមួយនឹងការការតុបតែងលម្អស្តង់របស់ខ្លួនទំហំ 6 x 18ម៉ែត្រ ដើម្បីធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ ដែលសណ្ឋាគារ និងរមណីយដ្ឋានសុខាមានផ្តល់ជូន ។

តាមសម្ដីរបស់អ្នកនាង សំរិទ្ធិ ប៊ុននិច្ច (Nickie) ដែលជាប្រធានទីផ្សារបានឱ្យដឹងថា សម្រាប់វត្តមានរបស់ក្រុមហ៊ុនសុខានៅពេលនោះគឺជាការបង្ហាញឱ្យឃើញពីចូលរួមគាំទ្រ វប្បធម៍ និងប្រពៃណីជាតិខ្មែរ ដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យ និងដើម្បីឱ្យយុវជនជំនាន់ក្រោយកាន់តែយល់ច្បាស់អំពីកេរតំណែលដែលដូនតាបានបន្សល់ទុក។ បន្ថែមពីនេះ ក៏មានបំណងធ្វើការផ្សព្វផ្សាយពីសេវាកម្មរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារនិងរមណីយដ្ឋានសុខា ដែលមានទីតាំងនៅ 4 ខេត្តក្រុងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលតម្រូវការនៃការរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារ និងរមណីយដ្ឋានសុខាមួយនេះមានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។

ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណងខាងលើនេះ អ្នកនាង សំរិទ្ធិ ប៊ុននិច្ច ក៏បានបង្ហាញពីចំណាប់អារម្មណ៍នៃការចូលរួមការតាំងពិព័រណ៍អាពាហ៍ពិពាហ៍រយៈពេល 2 ថ្ងៃកន្លងទៅនេះ ដែលមានភ្ញៀវចូលរួមទស្សនាសរុបប្រមាណជាង 3 ម៉ឺននាក់ ដោយភាគច្រើនសុទ្ធតែជាអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខនេះថា សម្រាប់កម្មវិធីពិព័រណ៍មួយនេះ គឺមានសារៈសំខាន់បំផុត ដែលវាអាចផ្តល់ជម្រើសបានកាន់តែច្រើនសម្រាប់អ្នកត្រៀមរៀបអាពាហ៍ពិពាហ៍ ជាពិសេសមានឱកាសទទួលបានការប្រឹក្សាផ្តល់យោបល់ល្អៗ ពីអ្នកតំណាងក្រុមហ៊ុនពាក់ព័ន្ធនឹងកម្មវិធីមង្គល។ ជាក់ស្ដែងដូចជាក្រុមហ៊ុន សុខា ដែលរួមមានសណ្ឋាគារ រមណីយដ្ឋាន ដ៏ល្អឥតខ្ចោះ មានទីតាំងធំទូលាយប្រកបដោយប្រណីតភាព ម្ហូបអាហារពោរពេញដោយឱជារស ជាពិសេស សេវាកម្មល្អទាន់ចិត្ត ដោយមានទីតាំងស្ថិត 4 ខេត្តក្រុង ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (ភ្នំពេញ) សណ្ឋាគារឆ្នេរសុខា (ខេត្តព្រះសីហនុ) រមណីយដ្ឋានឋានសួគ៌បូកគោ (ខេត្តកំពត) រមណីយដ្ឋានសុខាសៀមរាប (ខេត្តសៀមរាប) និងរមណីយដ្ឋានសុខាអង្គរ (ខេត្តសៀមរាប) ។

សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខនេះ អាចមានឱកាសទទួលបានការផ្តល់ជូនយ៉ាងពិសេសពីសណ្ឋាគារ និងរមណីយដ្ឋាន សុខា ក្នុងការរៀបចំពិធីមង្គលដែលស័ក្ដិសមទៅនឹងកិត្តយសគ្រួសារ ទាំងការរៀបចំបែបប្រពៃណីបុរាណខ្មែរ និងបែបសម័យទំនើប ជាមួយនឹងតម្លៃសមរម្យបំផុត ។ ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sokhahotels.com

Advertisement