Tag: វៀតណាម

  • ក្រុម​ហ៊ុន​ VinFast មាន​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី»

    ក្រុម​ហ៊ុន​ VinFast មាន​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី»

    បន្ទាប់ពី​បាន​ទទួល​ជោគ​ជ័យ​ក្នុង​កម្មវិធី​ «ទទួល​យកម៉ូតូសាំង – ផ្ដល់​ជូន​ម៉ូតូអគ្គិសនី» ដែល​បាន​អនុវត្ត​តាំង​ពី​ចុង​ខែ​មីនា កម្មវិធី​ថ្មី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម​ VinFast នឹង​នាំ​មក​នូវ​ឱកាស​សម្រាប់​អតិថិជន​ដែល​ចង់​ប្ដូរ​រថយន្ត​សាំង​ យក​រថយន្ត​អគ្គិសនី​ VinFast ។

    យោង​តាម​កម្មវិធីខាងលើ ម្ចាស់​រថយន្ត​អគ្គិសនី VinFast ទាំង​ឡាយ​ដែល​ចង់​ប្ដូរ​យក​រថយន្ត​អគ្គិសនី​ស៊េរី​ខ្ពស់​ជាង​ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នេះ​ផងដែរ​។

    ជាក់ស្ដែង អតិថិជន​ដែល​ជា​ម្ចាស់​រថយន្ត​សាំង​ និង​រថយន្ត​អគ្គិសនី​ VinFast នឹង​ទទួល​បាន​ការ​ធានា​ពី​ក្រុម​ហ៊ុន Cho Tot ដែល​ជា​ដៃ​គូ​សហការ​ ទាក់​ទង​នឹង​តម្លៃ​។ ចំណែក​ម្ចាស់​រថយន្ត​សាំង​យីហោ​ផ្សេង​ពី VinFast ក៏​កម្មវិធី​ខាងលើ​ទទួល​ទិញ​ក្នុង​តម្លៃ​សម​រម្យជាង​ទីផ្សារ​។

    ទន្ទឹម​នឹង​នេះ​ នៅ​ពេល​ទិញ​រថយន្តអគ្គិសនី​ VinFast ថ្មី អតិថិជន​ដែល​លក់​រថយន្ត​ចាស់​ឱ្យ​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នឹង​ទទួល​បាន​ឥណទាន​ឡើង​ដល់ 8 ឆ្នាំ​ ក៏ដូចជា​ឥណទាន​ស្មើ​នឹង​ 80% នៃ​តម្លៃ​រថយន្ត​ថ្មី ព្រម​ទាំង​​ការប្រាក់ទាប​បំផុត​ នៅ​ទូទាំង​ប្រទេស​វៀតណាម​។

    កម្មវិធី «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» របស់ VinFast និង Cho Tot នៅ​វៀតណាម បាន​​ផ្ដើម​ដំណើរ​ការ​ចាប់​​ពី​ថ្ងៃទី 22 ខែ​មេសា ឆ្នាំ 2024​។

  • ​ស្ថានីយ​​សំចត​របស់​​ផ្លូវ​ល្បឿន​លឿននៅ​វៀតណាម ត្រូវ​តម្រូវឱ្យ​មានទីតាំង​សាកថ្ម​រថយន្ត​អគ្គិសនី​

    ​ស្ថានីយ​​សំចត​របស់​​ផ្លូវ​ល្បឿន​លឿននៅ​វៀតណាម ត្រូវ​តម្រូវឱ្យ​មានទីតាំង​សាកថ្ម​រថយន្ត​អគ្គិសនី​

    (វៀតណាម) – ​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​ ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​តុលា​ខាងមុខ បណ្ដា​ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​នានា​នៅ​ប្រទេស​វៀតណាម នឹង​មាន​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​។ សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 5 ខែ​តុលា ឆ្នាំ 2024​។

    យោង​តាម​សារព័ត៌មាន​វៀតណាម ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​ចែក​ជា​បួន​ប្រភេទ ក្នុង​នោះ​ប្រភេទ​ទីមួយ​មាន​ទំហំ​ផ្ទៃ​ក្រឡា​យ៉ាង​តិច 10,000 ម៉ែត្រ​ការ៉េ និង​ទីពីរ​ត្រូវ​មាន​ទំហំ​ 5,000 ម៉ែត្រ​ការ៉េ ខណៈ​ទី​បី​ត្រូវ​មាន​ទំហំ​ 3,000 ម៉ែត្រ​ការ៉េ និង​ទីបួន​ត្រូវ​មាន​ទំហំ​ 1,000 ម៉ែត្រ​ការ៉េ​។

    សេចក្ដី​សម្រេច​ថ្មី​ខាងលើ​ក៏​បាន​ចែង​ថា ចំនួន​ទីតាំង​សម្រាប់​ចត​ឡាន​ដែល​អាច​បញ្ចូល​ឡាន​អគ្គិសនី​ចូល​សាក​ថ្ម​ ត្រូវ​តែ​មាន​ចំណែក​ 10% ធៀប​នឹង​ទំហំ​ផ្ទៃ​ក្រឡា​សរុប​សម្រាប់​ចត​ឡាន​ ហើយ​វា​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​នៅ​ក្នុង​ស្ថានីយ​សំចត​ប្រភេទ​ទីមួយ និង​ទីពីរ​។ ចំណែក​ស្ថានីយ​ប្រភេទ​ទី​បី និង​ទីបួន​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ផងដែរ​។

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។

    BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕

  • ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។

    យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។

    ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។

    យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។

    នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

  • វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។

    យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។

    រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។

    ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 សូវៀត (បច្ចុប្បន្ន​ជា​ រុស្ស៊ី) បាន​ជួយ​ស្ដារ និង​ពង្រីក​រោង​ចក្រ​រ៉េអាក់ទ័រ​ដាឡាត​នេះ​។ មក​ដល់​ឆ្នាំ 1984 រោង​ចក្រ​រ៉េអាក់ទ័រ​ដែល​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ខ្ពស់​ជាង​ទ្វេ​ដង បើធៀប​នឹង​អានុភាព​មុន​នោះ​របស់​ TRIGA។

  • ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

    តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

    ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

    លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

  • ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ដោយសារ​តែ​មាន​ការ​បារម្ភ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ រថយន្ត​អគ្គិសនី​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ រដ្ឋាភិបាល​ ក្រុម​ហ៊ុន​ និង​អ្នក​វិនិយោគ​នៅ​ទូទាំង​សកល​លោក​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ​ ដោយ​រួម​ចំណែក​មិន​ដល់ 2% នៃ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការ​ EY បង្ហាញ​ថា ចំនួន​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចំនួន​ 6 ក្នុង​តំបន់​នេះ​ ដែលរួម​មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វ៊ីលីពីន និង​វៀតណាម នឹង​បាន​ឃើញ​កំណើន​ទ្វេគុណ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​នឹង​សម្រេច​បាន​ពី 16 ទៅ 39% ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ 2021 ដល់ 2035​។

    យោង​តាម​អង្គការ EY ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​វិស័យ​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​ដំណាក់​កាល​ខាងលើ គ្រោង​នឹង​សម្រេច​បាន​ពី 80 ទៅ 100 ពាន់​លាន​ដុល្លារ​​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។

    នៅ​កម្ពុជា ក៏​មាន​ក្រុម​ហ៊ុន​មួយ​កំពុង​ផលិត​ និង​ចែក​ចាយ​ត្រីចក្រយានយន្ត​អគ្គិសនី​

    ការ​កើន​ឡើង​នៃ​ចំនួន​យាន​យន្ត​អគ្គិសនី​នេះ​ គ្រោង​នឹង​កើត​មាន​ចំពោះ​យាន​យន្ត​អគ្គិសនី​ទាំង​បី​ប្រភេទ រួម​មាន រថយន្ត​ទេសចរណ៍ រថយន្ត​ពាណិជ្ជកម្ម និង​ទោ/ត្រីចក្រយានយន្ត​។

  • គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

    គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

    មិន​ត្រឹម​តែ​អ្នក​ជំនួញ​ចិន​ ជប៉ុន​នោះ​ទេ ប៉ុន្តែ​អ្នក​ទិញ​មក​ពី​ប្រទេស​ជាង​ 10 សុទ្ធ​តែ​ចង់​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ «សំណល់» នៅ​វៀតណាម​។ នេះ​បើ​តាម​ការ​អួត​អាង​របស់​សារព័ត៌មាន​វៀតណាម​​។

    ទំនិញ​ដែល​កំពុង​និយាយ​នេះ​ គឺជា​គ្រាប់កម្ទេច​​ឈើគាប។ យោង​តាម​សមាគម​ឈើ​ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​វៀតណាម (Viforest) ក្នុង​ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​ «សំណល់ឈើ» ដែល​មាន​តម្លៃ​រហូត​ដល់​ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ជាក់​ស្ដែង ក្នុង​ឆ្នាំ​កន្លង វៀតណាម​បាន​នាំ​ចេញ​សំណល់​ឈើ​ជិត 14.42 លាន​តោន​ រក​ចំណូល​បាន​​ 2.22 ពាន់​លាន​ដុល្លារ​ ដែល​ប្រហែលនឹង​​ 8.8% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ ចំណែក​គ្រាប់​កម្ទេច​ឈើ​គាប​វិញ​ វៀតណាម​នាំ​ចេញ​បាន​ 4.67 លាន​តោន​ រក​ចំណូល​បាន​ជិត 680 លាន​ដុល្លារ​ ស្មើ​នឹង​ 5.2% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។

    គ្រាប់​កម្ទេច​ឈើ​គាប

    គ្រាប់​កម្ទេច​ឈើ​គាប​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ចំនួន​ 22 ក្នុង​ឆ្នាំ​កន្លង។​ ក្នុង​នោះ ជប៉ុន​ និង​កូរ៉េខាងត្បូង​ គឺជា​អតិថិជន​ធំជាង​គេ​។

    សមាគម​ Viforest ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ខាងលើ​របស់​វៀតណាម ក្នុង​ឆ្នាំ​កន្លង​ មាន​ការ​ថយ​ចុះ​។ ក៏ប៉ុន្តែ ដើម​ឆ្នាំ​ 2024 វិស័យ​នេះ​បាន​បង្ហាញ​​សញ្ញាណ​វិជ្ជមាន​​ឡើង​វិញ​។

  • ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​

    1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​

    2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​

    3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​

    4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​

    5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។

    ក.អ.ក ឱ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ 2024 វិនិយោគិន​ក្នុង​ស្រុក​បាន​រួម​ចំណែក​បណ្ដាក់​ទុន​វិនិយោគ​សរុប​ចំនួន 58.41% ស្រប​ពេល​ដែល​ទុន​​មាន​ប្រភព​ពី​ប្រទេស​ចិន រួម​ចំណែក​ 33.19%​, សិង្ហបុរីរួម​ចំណែក​ 4.3% និង​វៀតណាម 4.09%​៕