វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។

យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។

រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។

ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 សូវៀត (បច្ចុប្បន្ន​ជា​ រុស្ស៊ី) បាន​ជួយ​ស្ដារ និង​ពង្រីក​រោង​ចក្រ​រ៉េអាក់ទ័រ​ដាឡាត​នេះ​។ មក​ដល់​ឆ្នាំ 1984 រោង​ចក្រ​រ៉េអាក់ទ័រ​ដែល​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ខ្ពស់​ជាង​ទ្វេ​ដង បើធៀប​នឹង​អានុភាព​មុន​នោះ​របស់​ TRIGA។

Advertisement