Tag: ប្រឡង

  • មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

    មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

    ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។

    នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។

    លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ Alibaba និង​ភាគ​ហ៊ុន​នៅក្នុង​បណ្ដា​ក្រុម​ហ៊ុន​កម្សាន្ត​មួយ​ចំនួន មាន​ដូច​ជា Beijing Enlight Media និង Huayi Brothers​ ជា​ដើម​។

    ក្រុម​ហ៊ុន​ Alibaba បាន​ចាប់​ផ្ដើម​ធ្លាក់​ដុន​ដាប​ បន្ទាប់ពី​លោក Ma បាន​និយាយ​រិះគន់​គោលនយោបាយ​ខ្លះ​របស់​រដ្ឋាភិបាល​ចិន​ ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី​ Xi Jinping។

    លោក Zhong Shanshan

    ​ចំណែក​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ប្រចាំ​ឆ្នាំ 2023 គឺ​លោក Zhong Shanshan​។ លោក​គឺជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ផលិត​ទឹក​សុទ្ធ Nongfu Spring​។ លោក Shanshan កើត​ឆ្នាំ 1954 នៅ​ទីក្រុង Hangzhou ខេត្ត​ Zhejiang ប្រទេស​ចិន​ និង​បាន​ឈប់​រៀន​ពេល​មាន​អាយុ 12 ឆ្នាំ​ ព្រោះ​តែ​បញ្ហា​គ្រួសារ​។ ពេញ​មួយ​ទសវត្សរ៍​ក្រោយ​មក លោក​ធ្វើ​ជា​កម្មករសំណង់ និង​សិក្សា​រហូត​ដល់​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ ក្រោយ​ពី​ប្រឡង​ធ្លាក់​ពីរ​លើក​។

    ចំណាត់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​នេះ​ គឺ​មហា​សេដ្ឋី Colin Huang អាយុ 43 ឆ្នាំ ដោយ​មានទ្រព្យ​ 49 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក​គឺជា​ស្ថាបនិក​របស់ PDD Holdings ដែល​នៅ​ពីក្រោយ​ផ្សារ​អនឡាញ Pinduoduo។

    ចំណាត់​ថ្នាក់​ទីបី បាន​ទៅ​លើ​ Zhang Yiming អាយុ 40 ឆ្នាំ ជា​ស្ថាបនិក​របស់ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ TikTok។ លោក Yiming មាន​ទ្រព្យ​ 43.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ចំណាត់​ថ្នាក់​ទីបួន​ បាន​ទៅ​លើ​ Ma Huateng (Pony Ma) អាយុ 51 ឆ្នាំ ​ជា​ប្រធាន​ក្រុម​ហ៊ុន​អ៊ីនធើណិត​ចិន Tencent Holdings។

    ខាង​ក្រោម​នេះ​គឺជា​មហា​សេដ្ឋី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់មហា​សេដ្ឋី​ 10 រូប​នៅ​ប្រទេស​ ​របស់ Forbes ៖

    5 – William Ding

    • ទ្រព្យ៖ 33.1 ពាន់​លាន​ដុល្លារ​អាម៉េរិក
    • វិស័យ​ជំនួញ​៖ បច្ចេកវិទ្យា

    7 – Robin Zeng

    • ទ្រព្យ​៖ 24.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត

    8 – He Xiangjian និង​គ្រួសារ

    • ទ្រព្យ​៖ 21.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ ផលិតសម្ភារៈ​​ប្រើ​ប្រាស់​ក្នុង​ផ្ទះ

    9 – Wang Chuanfu

    • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត

    10 – Eric Li

    • ទ្រព្យ​៖ 15.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    • វិស័យ​៖ រថយន្ត
  • ជាង​ពីរ​ឆ្នាំទៀត​ អូស្ត្រាលី​នឹង​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​

    ជាង​ពីរ​ឆ្នាំទៀត​ អូស្ត្រាលី​នឹង​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​

    ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី កាល​ពីថ្ងៃទី 05 កញ្ញា បាន​ប្រកាស​ថា ប្រទេស​នេះ​មាន​គម្រោង​បញ្ជូន​រ៉ូបូត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ តាម​រយៈ​បេសក​កម្ម​ Artemis របស់​អាម៉េរិក​ នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។

    «ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គ្រប់​គ្រង​ពី​ចម្ងាយ​លំដាប់​កំពូល​លើ​ពិភពលោក​របស់​អូស្ត្រាលី រ៉ូបូត​ស្វ័យ​ប្រវត្ត​នឹង​ចាប់​យក​សំណាក​ដី​ ថ្មរបស់​ព្រះ​ចន្ទ ដែល​ហៅ​ថា regolith។ ណាសា​នឹង​ប្រឹង​ប្រែង​ចម្រាញ់​អុកស៊ីសែន​ពី​សំណាក​ដី​។ នេះ​គឺជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​» ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី (ASA) ឱ្យ​ដឹង​ដូច្នេះ​។

    រ៉ូបូត​មិន​ទាន់​មាន​ឈ្មោះ ខណៈ​ ASA កំពុង​បង្កើត​កម្មវិធី​ប្រឡង​មួយ​ដើម្បី​ដាក់​ឈ្មោះ​ឱ្យ​រ៉ូបូត​នេះ​។ ពលរដ្ឋ​នៅ​អូស្ត្រាលី​អាច​ចូល​រួម​ការ​ប្រឡង​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 20 តុលា​ខាងមុខ។ ASA នឹង​ជ្រើស​រើស​ឈ្មោះ​ចំនួន​បួន​ រួច​ហើយ​បើក​ឱ្យ​មាន​ការ​ជ្រើស​រើស​ជា​សាធារណៈ​។ ឈ្មោះ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ 2023​។ ឈ្មោះ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​រ៉ូបូត​របស់​អូស្ត្រាលី​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​យាន​អវកាស​របស់​ណាសា​ក្នុង​បេសកម្ម​ Artemis ដែល​នឹង​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នៅ​ឆ្នាំ 2026។

    ណាសា​កំពុង​ប្រឹង​ប្រែង​ដើម្បី​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ និង​ជុំវិញ​ឋាន​ព្រះ​ចន្ទនៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020 តាម​រយៈ​កម្មវិធី​ Artemis។ ចំណេះ​ដឹង​ និង​សមត្ថភាព​ដែល​ប្រមូល​បាន​ពី​កម្មវិធី​នេះ​​នឹង​ជួយ​ឱ្យមនុស្ស​បោះ​ជំហាន​ទៅ​រក​គោលដៅ​ «ហោះ​» ទៅ​កាន់​ភព​អង្គារ​។

    Artemis 3 នឹង​នាំ​អ្នក​អវកាស​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​ចុង​ឆ្នាំ 2025​ ឬ 2026​

    គិត​មក​ដល់​ពេល​នេះ ណាសា​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​បេសក​កម្ម​មួយ​នៅ​ក្នុង​កម្មវិធី Artemis នោះ​គឺ​ Artemis 1។ ក្នុង​បេសកកម្ម​នេះ​ យាន​ Orion គ្មាន​មនុស្ស​បាន​ហោះ​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះចន្ទ​ និង​ត្រលប់​មក​កាន់​ផែនដី​ក្នុង​ឆ្នាំ 2022​។ ណាសា​កំពុង​ត្រៀម​សម្រាប់​បេសកកម្ម​ Artemis 2 ដែល​គ្រោង​នឹង​នាំ​អវកាសចរ​ 4 រូប​ ហោះទៅ​គោចរ​ជុំវិញ​ព្រះ​ចន្ទ​​នៅ​ឆ្នាំ 2024​។ Artemis 3 នឹង​នាំ​អ្នក​អវកាស​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​ចុង​ឆ្នាំ 2025​ ឬ 2026​ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​ដោយ​រលូន​។

    ណាសា​កំពុង​ប្រើ​ប្រាស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​អន្តរ​ជាតិ​ដើម្បី​សម្រេច​បាន​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆតា​របស់ Artemis ។ ដៃគូ​សហការ​របស់​ណាសា​សម្រាប់​គម្រោង​ Artemis រួម​មានជា​អាទិ៍ ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA), អូស្ត្រាលី​, SpaceX ។ល។

  • ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    “ការទទួលស្គាល់របស់ឪពុក-ម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង និងធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ”

    នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ ឪពុក-ម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។

    តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលឪពុក-ម្តាយតែងប្រើរង្វាន់ធ្វើជា រឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏ បើកូនប្រឡងបានលេខ1 ម៉ាក់នឹងទិញកង់ថ្មីឱ្យជាដើម។

    រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការនឹងធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។

    ការឱ្យរង្វាន់ មិនគួរឱ្យផ្ដេសផ្ដាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធិ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនបានជួយលើកមិត្តភ័ក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួចជាដើមនោះ ឪពុក-ម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ដែលវានឹងធ្វើឱ្យកូនមានមោទនភាពលើខ្លួនឯង និងរៀនយល់ដឹងក្នុងការធ្វើល្អតទៅទៀតដែរ៕

  • ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    បើលោកឪពុកអ្នកម្ដាយមើលឃើញថា កូនសម្លាញ់របស់យើងកំពុងធ្លាក់ក្នុងភាពសោកសៅខូចចិត្ត មិនថាតែមានមូលហេតុដែលបណ្ដាលមកពីការប្រឡងធ្លាក់ ការរៀនសូត្រ ឬសូម្បីតែកំពុងតែអស់សង្ឃឹមក្នុងរឿងអ្វីម្យ៉ាងក៏ដោយនោះ អ្នកគ្រូ ឆវីសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយបង្ហាញពីការយល់ចិត្តអាណិតអាសូរឱ្យកូនបានឃើញថា អ្នកកំពុងដឹងថា កូនកំពុងតែមានអារម្មណ៍យ៉ាងម៉េច និងកំពុងតែខូចចិត្តខ្លាំងប៉ុនណា បន្ទាប់ពីនោះសឹមនិយាយជាមួយកូនសន្សឹមៗថា អ្វីដែលកូនបានធ្វើនោះ គឺល្អ និងត្រឹមត្រូវហើយ គ្មានអ្វីដែលត្រូវកង្វល់ឡើយ អាចនឹងមានខកបំណងខ្លះ តែយ៉ាងហោចណាស់ក៏កូនមិនបាននៅតែម្នាក់ឯងដែរ «យើងនឹងដើរឆ្លងអារម្មណ៍លំបាកនេះទៅជាមួយគ្នា ណា៎កូនសម្លាញ់ណា៎»

    “កូនពូកែណាស់…” ៈ មិនថាកូនទទួលបាននិទ្ទេសមិនល្អ ប្រឡងមិនជាប់ ឬមិនបានជាប់លេខ1ក្ដី តែទាំងអស់នោះមិនបានមានន័យថា ជីវិតទាំងមូលរបស់កូននឹងត្រូវចប់នៅត្រឹមប៉ុណ្ណឹងទេ មែនទេ? បើអ៊ីចឹងហេតុអីបានយើងត្រូវទៅតវ៉ាថាឱ្យកូនធ្វើអី? ម្យ៉ាងទៀតកាលពីសម័យមុនយើងអាចនឹងធ្វើមិនបានល្អប៉ុនកូនផង…ដូច្នេះ ជំនួសឱ្យការបន្ថែមក្ដីអស់សង្ឃឹមទៅកូន ហេតុអីយើងមិនប្ដូរមកជាកោតសរសើរកូនវិញ វាមិនល្អជាងឬ?

    “បំពេញតួនាទីរបស់យើងឱ្យល្អបំផុត រឿងល្អៗនឹងកើតឡើងដោយឯកឯង” ៈ បើសិនកូនអស់សង្ឃឹម លែងមានកម្លាំងចិត្ត និងមានអារម្មណ៍ថាអ្នកដទៃធ្វើបានល្អជាងខ្លួននោះ ជំនួសឱ្យការដែលឪពុកម្ដាយចង់ស្ដីបន្ទោសបន្ថែមដោយការយកកូនទៅប្រៀបធៀបជាមួយអ្នកដទៃនោះ ចូរសាកល្បងប្ដូរមកជានិយាយជាមួយកូនក្នុងជ្រុងដែលថា មនុស្សម្នាក់ៗមានសមត្ថភាពដោយឡែកពីគ្នា កូនមិនចាំបាច់ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេ ព្រោះមិនថាយ៉ាងណាក៏ដោយ បើយើងបានបំពេញតួនាទីរបស់យើងបានល្អបំផុតហើយនោះ ពេលនោះរឿងល្អៗដែលយើងចង់បាន និងកំពុងរង់ចាំនោះ នឹងមករកយើងដោយឯកឯង។

    “ចូរមានមោទនភាពចំពោះខ្លួនឯងឱ្យបានច្រើន” ៈ បង្រៀនកូន ប្រាប់ពួកគេឱ្យយល់ថា មនុស្សយើងគ្រប់ៗគ្នា ទម្រាំនឹងចាប់ផ្ដើមធ្វើអ្វីបានម្យ៉ាងនោះ ត្រូវតែយកឈ្នះភាពភ័យខ្លាចនៅក្នុងចិត្តខ្លួនឯងឱ្យបានជាមុនសិន ដូច្នេះ រឿងដែលកូនកំពុងធ្វើនោះ មិនមែនជារឿងងាយស្រួលទេ។ ទោះជាថ្ងៃនេះនៅមិនទាន់ទទួលបានជោគជ័យមែន តែក៏មិនបានមានន័យថា យើងនឹងត្រូវមើលងាយខ្លួនឯងដែរ ព្រោះអ្នកដែលយកឈ្នះចិត្តខ្លួនឯងបាន គឺជាអ្នកដែលពូកែបំផុត ណា៎កូន។

    “កុំនិយាយថា មិនបាន បើមិនទាន់គិតចាប់ផ្ដើមធ្វើ” ៈ ក្មេងៗភាគច្រើនៗតែមានពាក្យនិយាយរត់មាត់ថា “កូនធ្វើមិនបានទេ” ដែលពាក្យសម្ដីនេះ បើសិនជាឪពុកម្ដាយបណ្ដោយឱ្យកូនចេះតែនិយាយទៅជារឿយៗនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាប្រៀបដូចជា ការបណ្ដុះគំនិតរបស់កូនថា ពួកគេមិនអាចធ្វើបាន ហើយវាក៏នឹងក្លាយជាបែបនោះមែន។ ដូច្នេះពាក្យសម្ដីផ្ដល់កម្លាំងចិត្តកូនក្នុងស្ថានការណ៍នេះគឺ “កូនសម្លាញ់ កុំនិយាយថា យើងធ្វើមិនបាន គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ គ្រប់យ៉ាងស្ថិតលើការចាប់ផ្ដើម និងការហ្វឹកហាត់ដូចគ្នាទាំងអស់”។

    “ម៉ាក់ជឿថា កូនធ្វើបាន” ៈ ពេលណាក៏ដោយដែលកូនមានអារម្មណ៍មិនប្រាកដក្នុងចិត្តថា ពួកគេនឹងធ្វើបាននោះ ឪពុកម្ដាយតែងមានគំនិតមួយថា បើយើងរឹតតែមើលងាយកូន បន្ទោសកូនដដែលៗនោះ ពួកគេអាចនឹងមានកម្លាំងចិត្តខំប្រឹងឡើង រហូតធ្វើបានសម្រេចយ៉ាងពិតប្រាកដ…តែនេះអាចមិនមែនជាគំនិតដែលស័ក្តិសមសម្រាប់ក្មេងគ្រប់រូបនោះទេ ដូច្នេះជំនួសឱ្យការដែលយើងនឹងធ្វើបែបនោះ ហេតុអ្វីយើងមិនសាកល្បងប្ដូរមកជា បង្ហាញនូវភាពជឿជាក់លើខ្លួនកូនជំនួសវិញ ពិសេសបំផុតជាមួយនឹងពាក្យថា “ម៉ាក់ជឿថា…កូនធ្វើបាន”។ ខ្លីៗត្រឹមតែប៉ុណ្ណឹង កូនក៏នឹងមានកម្លាំងក្នុងការឈានឆ្លងឧបសគ្គដែលនៅពីមុខនោះបានបាត់ទៅហើយ។

    ពោលពាក្យអរគុណកូន ៈ ក្នុងពេលខ្លះ កូនអាចនឹងមានអារម្មណ៍ចង់ជួយធ្វើនេះធ្វើនោះឪពុកម្ដាយខ្លះដែរ តែដោយភាពជាកូនក្មេង ទើបពួកគេមិនដឹងថា គួរនឹងចាប់ផ្ដើមពីត្រង់ណា និងតែងតែនឹកតូចចិត្តខ្លួនឯងដែលមិនអាចជួយអ្វីបាន ដូច្នេះ អ្វីដែលឪពុកម្ដាយគួរនិយាយ និងធ្វើនោះគឺ ចាប់ផ្ដើមឱ្យកូនបានជួយការងារផ្ទះក្នុងរឿងណាមួយ។ ឧទាហរណ៍ដូចជា លើកចាន រៀបចំតុបាយ ជាដើម និងនៅពេលមើលឃើញថា កូនអាចធ្វើបានសម្រេចហើយ ទោះជារឿងតូចតាចក៏ដោយ ឪពុកម្ដាយគួរតែពោលពាក្យអរគុណកូន ព្រមទាំងកោតសរសើរថា “នេះបើមិនបានកូនជួយទេ ប៉ា និងម៉ាក់ប្រហែលជាមិនអាចធ្វើបានសម្រេចទេ អរគុណណា៎កូនណា៎”។

    លើកឧទាហរណ៍ជាស្ថានការណ៍ឱ្យកូនបានឃើញទិដ្ឋភាពដែលកាន់តែងាយយល់ឡើង ៈ ឧទាហរណ៍ដូចជា កូនមានការភ័យខ្លាចក្នុងការត្រូវនៅតែម្នាក់ឯងក្នុងបន្ទប់ងងឹតៗ។ ជំនួសឱ្យការដែលឪពុកម្ដាយចង់និយាយថា “ខ្លាចស្អី!? រឿងស្រួលៗប៉ុណ្ណឹងសោះ ខ្លាចស្អី! ធំឡើងធ្វើការរកស៊ីស្អីកើតទៅ?!”…តែលោកឪពុកអ្នកម្ដាយគួរតែនិយាយនូវប្រយោគដែលមានប្រយោជន៍ ដូចជាថា កូនឃើញទ្វារនៅត្រង់នោះទេ តើកូនដឹងទេថាមានអ្វីនៅខាងក្រោយហ្នឹង? បើមិនដឹង និងមិនដែលឃើញមានអ្វីទេនោះ ហេតុអីកូនត្រូវខ្លាច? ព្រោះថា បើកូននៅតែកើតមានក្ដីភ័យខ្លាចបែបនេះ កូននឹងត្រូវស្ថិតនៅតែត្រង់ហ្នឹង នៅតែក្នុងទីកន្លែងដដែលៗ កូននឹងគ្មានឱកាសបានដឹង ឬបានឃើញពន្លឺភ្លឺដែលនៅពីក្រោយទ្វារនោះឡើយ ដូច្នេះបើកូនចង់ឃើញ កូនត្រូវតែឈានឆ្លងឱ្យផុតក្ដីភ័យខ្លាចនេះទៅឱ្យបាន។

    “កូនកំពុងគិតអីហ្នឹង?” ៈ បើកូនកំពុងតែសោកសៅ ស្រងូតស្រងាត់ អង្គុយរលីងរលោងទឹកភ្នែកតែម្នាក់ឯង បើលោកអ្នកឃើញបែបនោះ សូមកុំដើរគេចចេញពីកូនជាដាច់ខាត។ ចូរលោកឪពុកអ្នកម្ដាយសម្ដែងចេញដោយការចូលទៅនិយាយជាមួយ និងសួររកការពិតពីកូនយ៉ាងសន្សឹមៗថា តើគេកំពុងតែគិតពីអ្វី? ខ្លាចអ្វីម្យ៉ាង ឬមិនមែនទេ? បើមែន ចូរលោកឪពុកអ្នកម្ដាយលួងលោមសួរកូន ព្រមជាមួយសាកល្បងធ្វើតាមពាក្យណែនាំតាមចំណុចផ្សេងៗរបស់អត្ថបទនេះលមើល៍ ជួនកាលអាចនឹងរកឃើញចំណុចដែលត្រូវដូចចិត្ត និងអាចប្រើជាពាក្យសម្ដីដើម្បីលើកទឹកចិត្តកូនក៏អាចថាបានដែរ។

    “ទៅរកអីលេង ឬក៏ទៅអានសៀវភៅជាមួយគ្នា ល្អដែរទេកូន?” ៈ ការរស់នៅក្នុងសភាពបរិស្ថានដដែលៗ ក៏អាចបង្កឱ្យកើតភាពធុញថប់តានតឹង និងក្ដីកង្វល់ចិត្តរបស់កូនចាប់ផ្ដើមមានច្រើនឡើងបានដែរ។ ការនិយាយបបួលកូនឱ្យទៅរួមធ្វើកិច្ចការងារផ្សេងៗ ឬសូម្បីតែការនាំកូនចេញមកឱ្យផុតពីចំណុចត្រង់នោះ ក៏អាចជួយធ្វើឱ្យកូនមានអារម្មណ៍ល្អឡើងបានដោយមិនពិបាកដែរ។

    “គ្មានអ្នកណាដែលមិនធ្លាប់ដួលនោះទេ” ៈ កូនកំពុងខកបំណង អស់សង្ឃឹម ខូចចិត្តជាមួយនឹងអ្វីដែលពួកគេខំប្រឹងព្យាយាមយ៉ាងពេញទំហឹងហើយ តែមិនបានសម្រេច។ ក្រៅពីការលួងលោមកូនហើយនោះ ចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងប្រាប់ទៅកូនលមើលថា “កូនសម្លាញ់…មនុស្សដែលកូនមើលឃើញថា ពួកគេជាអ្នកមាន ពួកគេទទួលបានជោគជ័យនោះ កូនដឹងទេថា គេត្រូវជួបនឹងសេចក្ដីខកបំណង អស់សង្ឃឹម ខូចចិត្តយ៉ាងច្រើនប៉ុនណា ទម្រាំនឹងឈានមកដល់ចំណុចនេះបាន ដូច្នេះបើយើងចង់ទទួលបានជោគជ័យ ទោះជាដួលរលំទីងណាត់ទីងណែងប៉ុន្មានដងក៏ដោយ បើយើងមានក្ដីពុះពារព្យាយាម ភាពជោគជ័យនឹងស្ថិតនៅក្បែរខ្លួនយើងជានិច្ច”។

    “កំហុស គឺជាគ្រូ” ៈ អធិប្បាយពន្យល់ឱ្យកូនបានយល់ថា សេចក្ដីអស់សង្ឃឹម ខកបំណង គឺជាលោកគ្រូដែលនឹងមកជួយបង្ហាត់បង្រៀនយើងឱ្យបានស្គាល់ពីជីវិតកាន់តែច្រើនឡើង។ គ្មានអ្វីដែលនឹងសុខសមបំណងគ្រប់យ៉ាងនោះទេ ដូច្នេះ ចូរត្រេកអរដែលថ្ងៃនេះយើងមានឱកាសបានស្គាល់វា(កំហុសឆ្គង)។ “ជំនួសឱ្យការដែលយើងគិតតែពីបន្ទោសខ្លួនឯង គិតច្រើន តូចចិត្ត និងលង់នៅតែជាមួយរឿងមួយនោះ ហេតុអ្វីបានកូនមិនសាកល្បងយករឿងនោះមកធ្វើជាមេរៀន មកធ្វើជាគ្រូ ដើម្បីកុំឱ្យយើងបានធ្វើខុសក្នុងរឿងដដែលៗទៀត?។

    បើសិនជាលោកឪពុកអ្នកម្ដាយអាចនាំយក ប្រយោគលើកទឹកចិត្តទាំង 12 ដែលបានរៀបរាប់មកដូចខាងលើនេះមកកែច្នៃប្រើជាមួយកូនៗនោះ កូនៗច្បាស់ជានឹងលែងមានអារម្មណ៍ភ័យខ្លាច ឬកង្វល់ចិត្តតទៅទៀតជាមិនខាន៕

  • គន្លឹះដោះស្រាយបញ្ហា…ពេលជិតដល់ថ្ងៃប្រឡង

    គន្លឹះដោះស្រាយបញ្ហា…ពេលជិតដល់ថ្ងៃប្រឡង

    នៅពេលជិតដល់ថ្ងៃប្រឡង សិស្ស ឬនិស្សិតភាគច្រើនតែងតែមានអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភ ហើយមានអ្នកខ្លះទៀតថែមទាំងខំប្រឹងអានសៀវភៅមេរៀនដែលគរជាច្រើនក្បាលក្នុងពេលតែមួយទៀតផង។ មានសិស្សមួយចំនួនបានគិតថាពេលជិតប្រឡង គឺជាពេលដែលពិបាករៀនជាងគេ ហើយពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់ជ្រួលច្របល់ មិនដឹងថាត្រូវចាប់មេរៀនណាទុកមេរៀនណាដើម្បីសិក្សាឡើយ។

    យុវជន នាង កុសល និស្សិតនិទ្ទេស B+ នៅថ្នាក់វិទ្យាល័យបានលើកឡើងថា នៅពេលដែលជិតប្រឡង គឺយើងទាមទារឱ្យមានភាពវៃឆ្លាតបន្តិចតែសម្រាប់ប្អូន គឺប្អូនមិនចំណាយពេលវេលាអានមេរៀនទាំងអស់នោះទេ ភាគច្រើនប្អូនយកមេរៀនដែលបានរៀនហើយមកសរសេរវាសង្ខេបឡើងវិញ ឬមើលសៀវភៅដែលបានកត់ចំណាំនៅក្នុងថ្នាក់មកមើល ព្រោះសៀវភៅសរសេរមានទំព័រតិចជាង តែបង្កប់ដោយចំណុចសំខាន់ៗច្រើន។

    យុវជន នាង កុសល បាននិយាយថា៖ «ខ្ញុំចូលចិត្តអានសៀវភៅដែលទើបនឹងរៀនហើយថ្មីៗជាមុន បន្ទាប់មកទើបខ្ញុំមើលមេរៀនចាស់ៗដែលបានសិក្សា។ នៅពេលដែលខ្ញុំធ្វើបែបនេះ ខ្ញុំអាចមានទំនុកចិត្តច្រើនព្រោះមេរៀនដែលទើបនឹងរៀនហើយ វាងាយចាំ និងនៅ ថ្មីៗ បន្ទាប់ពីទុកចិត្តលើខ្លួនឯងច្បាស់ហើយ ទើបបន្តទៅអានមេរៀនចាស់ៗជាបន្តទៀត»។ យុវជនខាងលើបានបន្ថែមទៀតថា សិស្សមួយចំនួនអាចនឹងសាកល្បងមើលឯកសារត្រួសៗដែលខ្លួនធ្លាប់បានរៀនហើយ បន្ទាប់មកទើបសាកល្បងព្យាយាមធ្វើតេស្តសមត្ថភាពខ្លួនឯងតាមរយៈការឆ្លើយសំណួរសំខាន់ៗដែលយើងគិតថាអាចនឹងមានចេញនៅពេលប្រឡង។

    បង្ហាញពីវិធីដោះស្រាយបញ្ហាពេលជិតប្រឡងនេះដែរ កញ្ញា លឹម លីឆាយ និស្សិតដែលកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅឯបរទេសបានថ្លែងថា ដើម្បីដោះស្រាយបញ្ហានៅពេលជិតប្រឡង សិស្សគួរតែសម្រាក និងរៀបចំតារាងនៃកម្មវិធីសិក្សាឱ្យបានច្បាស់លាស់។

    កញ្ញា លឹម លីឆាយ បាននិយាយថា៖ «នៅពេលដែលយើងមានកម្មវិធីច្បាស់លាស់ យើងនឹងងាយស្រួលក្នុងការអានសៀវភៅដោយស្ងប់ចិត្តព្រោះយើងដឹងច្បាស់ពីពេលវេលានៃឯកសារដែលត្រូវអាន។ ម្យ៉ាងវិញទៀត យើងគួរគិតឱ្យបានច្បាស់ពីមេរៀនដែលពូកែហើយ និងមិនសូវពូកែ ដើម្បីធ្វើការរំឭកឱ្យមានតុល្យភាព ទើបចំណេញពេលវេលា»។

    កញ្ញា លឹម លីឆាយ បានបន្តទៀតថា ការកំណត់ពេលវេលាច្បាស់លាស់ ទោះបីជាពេលនោះខ្លីក៏ដោយក៏វាអាចជួយឱ្យខួរក្បាលយើងមានរបៀប និងទប់ស្កាត់ក្តីភ័យខ្លាចបានមួយចំនួនផងដែរ៕