សាសនិកទាំងនេះបាននាំគ្នាលាងសម្អាតដៃដើម្បីកាត់បន្ថយការឆ្លងរាលដាលមេរោគកូរ៉ូណានៅមុនពេលចាប់ផ្ដើមបួងសួងនៅឯវិហារ Baiturrahman Grand ក្នុងទីក្រុង Banda Aceh នៃខេត្ត Aceh កាលពីទី28មេសា។ ពួកគេបានពាក់ម៉ាស់គ្រប់គ្នាក្នុងពេលធ្វើដំណើរមកកាន់វិហារ ក៏ប៉ុន្តែ នៅពេលសូត្រធម៌បួងសួង ពួកគេបែរជាដោះម៉ាស់ចេញទាំងអស់គ្នាទៅវិញ។
Umar ជាអ្នកកាន់សាសនាឥស្លាមម្នាក់ដែលបានមកចូលរួមពិធីបុណ្យនេះនិយាយថា “ខ្ញុំមានអារម្មណ៍ថា ដូចជាមិនបានធ្វើអ្វីមួយពេញលេញ បើសិនមិនបានមកបួងសួងនៅវិហារនេះ”។ Umar ថា គាត់សម្រេចចិត្តមកចូលរួមបួងសួងនឹងគេដែរ ប៉ុន្តែគាត់ថា គាត់ត្រូវតែពាក់ម៉ាស់ដើម្បីគោរពតាមការណែនាំរបស់រដ្ឋាភិបាល។
Muhammad Farras Hadyan ដែលជាវេជ្ជបណ្ឌិតម្នាក់នៅទីក្រុង Jakarta បានឱ្យដឹងថា សម្ភារវេជ្ជសាស្ត្រកំពុងតែអស់ជាបណ្ដើរៗហើយនៅក្នុងមន្ទីរពេទ្យរបស់លោក រហូតដល់មានវេជ្ជបណ្ឌិតខ្លះ ត្រូវស្នើសុំជំនួយប្រាក់កាសពីគ្រួសាររបស់ពួកគេដើម្បីទិញឈុតការពារសុវត្ថិភាព។