Tag: អាហារដ្ឋាន

  • «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។

    ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។

    «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។

    សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា លោក​ Truman ធ្លាប់​រិះគន់​ជនជាតិ​ជ្វីហ្វ​នៅ​ក្នុង​ការ​ពិភាក្សា​លក្ខណៈ​បុគ្គល​ជា​ច្រើនលើក​​។ ក្រោយ​មក លោក Jacobson ក៏​សម្លឹង​​ឃើញ​រូប​សំណាក​មួយ​ដែល​ឆ្លាក់​រូប​ប្រធានាធិបតី Andrew Jackson នៅ​លើ​ខ្នង​សេះ​ ដែល​ដាក់​តាំង​ក្នុង​បន្ទប់​ ហើយ​ក៏​សម្រេច​ចិត្ត​ស្នើ​សូម​ម្ដង​ទៀត​។

    «Harry លោក​មាន​វីរបុរស​មួយ​រូប គឺ​ Andrew Jackson។ ខ្ញុំ​ក៏​មាន​វីរបុរស​មួយ​រូប​ដែរ នោះ​គឺ​ Chaim Weizmann» លោក Jacobson និយាយ​ដូច្នេះ​ និង​បន្ត​ថា «គាត់​គឺជាជន​ជាតិ​ជ្វីហ្វ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​សម័យ​របស់​គាត់​។ Weizmann មាន​វ័យ​ចំណាស់ និង​រាងកាយ​ស្គម​ខ្សោយ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ជួប​លោក​ បែប​នេះ​ហើយ តើ​​លោក​មិន​យល់​ព្រម​ជួប​គាត់​ទៀត​ទេ​អី? ប្រការ​នេះ​មិន​ដូច​លោក​បន្តិច​ទាល់​តែ​សោះ​»។

    លោក Truman យក​ម្រាម​ដៃ​គោះ​លើ​តុ រួច​បង្វិល​កៅអី​មក​វិញ​។ លោក​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​។ «បាន​ហើយ លោក​ទំពែក​ក្បាល​រឹង​។ លោក​ឈ្នះ​។ ខ្ញុំ​នឹង​ជួប Weizmann»។

    ការ​យល់​ព្រម​ខាងលើ​បាន​នាំ​ឱ្យ​មាន​ជំនួប​ជា​សម្ងាត់​វាង​លោក Truman និង​ Weizmann នា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​នោះ ប្រធានាធិបតី​អាម៉េរិក​បាន​សន្យា​ថា នឹង​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​។

    ប្រធានាធិបតីអាម៉េរិក Harry S. Truman (ឆ្វេង) និងលោក Eddie Jacobson នៅ Kansas រដ្ឋ Missouri កាលពីខែធ្នូ ឆ្នាំ 1947

    មនោសញ្ចេតនាម​រវាង​លោក Truman និង Jacobson បានចាប់​ផ្ដើម​នៅ​ឯ​ទីក្រុង Kansa រដ្ឋ Missouri ។ Jacobson កើត​ឆ្នាំ 1891 ហើយ​ធំដឹង​ក្ដី​នៅ​តំបន់ Lower East Side ក្នុងទីក្រុង​ New York City មុន​ពេល​រើ​ទៅ​រស់​នៅ​ក្នុង​ទីក្រុង Kansas។ ឪពុក​ម្ដាយ​របស់​លោក Jacobson គឺជា​ជនជាតិ​ជ្វីហ្វ​ដ៏ក្រីក្រ មក​ពី​លីទុយអានី​ (Lithuania)។

    ឆ្នាំ​ 1906 Jacobson ដែល​មាន​វ័យ 15 ឆ្នាំ និង​​បាន​ឈប់​រៀន កំពុង​តែ​ផ្ញើ​វិក្កយបត្រ​ទូទាត់​​ប្រាក់​ទៅ​ឱ្យ​ហាង​ទំនិញ​មួយ​នៅ​ក្បែរ​ធនាគារ​ជាតិ Union ក៏​បាន​ជួប Truman ដែល​ពេល​នោះ​ជា​បុគ្គលិក​ឃ្លាំង​ប្រាក់​ និង​មាន​អាយុ 22 ឆ្នាំ​។ ពួក​គេ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ 1917 ក្នុង​តំបន់ Fort Sill រដ្ឋ Oklahoma ជា​ទី​ដែល​ពួក​គេ​ត្រូវ​បាន​បង្វឹក​ដើម្បី​ចូល​រួម​ធ្វើ​សកម្មភាព​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​។ ពួក​គេ​បាន​ក្លាយ​ជាមិត្ត​ និង​រួម​គ្នា​គ្រប់​គ្រង​អាហារដ្ឋាន​មួយ​ក្នុង​បន្ទាយ​ ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​​ប្រើ​ប្រាស់​ឱ្យ​មិត្ត​រួម​ក្រុម​។

    ក្រោយ​សង្គ្រាម ពួក​គេ​ក៏​បាន​សហការគ្នា​រក​ស៊ី​។ នៅ​ឆ្នាំ 1919 លោក Truman និង​លោក Jacobson ក៏​បាន​សម្រេច​ចិត្ត​បើក​ហា​ង​លក់​សម្លៀក​បំពាក់​មួយ​នៅ​កណ្ដាល​ក្រុង Kansas។

    ឆ្នាំ 1935 លោក Truman បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​នៅ​សភា​ជាន់​ខ្ពស់​របស់​រដ្ឋ​ Missouri សហរដ្ឋ​អាម៉េរិក​។​ Truman និង Jacobson នៅតែរក្សា​ទំនាក់​ទំនង​នឹង​គ្នា​។ Jacobson បបួល Truman ទៅ​បរបាញ់ និង​ស្ទួច​ត្រី​ក្នុង​ទន្លេ Missouri ជា​ញឹក​ញាប់​។

    ក្រោយ​មក Harry Truman ក៏​ក្លាយ​ជា​អនុប្រធានាធិបតី​អាម៉េរិក នៅ​ក្នុង​រដ្ឋការ​លោក Franklin D. Roosevelt នៅ​ឆ្នាំ 1945​។ ក្នុង​ខែ​មេសា 1945 លោក Truman ក៏​ក្លាយ​ជា​ប្រធានាធិបតី​ ពេល​លោក Roosevelt បាន​ទទួល​មរណភាព​។

    រាជាណាចក្រ​អ៊ីស្រាអែល​របស់​ជន​ជាតិ​ជ្វីហ្វ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សតវត្សរ៍​ទី 11 មុន​គ្រិស្តសករាជ​។ ឆ្នាំ 586 មុន​គ្រិស្តសករាជ ចក្រភព​បាប៊ីឡូន​ (Babylon) ដណ្ដើម​បាន​ដែន​ដី​នេះ​ ហើយ​តំបន់​នេះ​ក្រោយ​មក​ក៏​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រ​ភព​ពែរ្ស (អ៊ីរ៉ង់) និង​ចក្រភព​រ៉ូម​។ ចាប់​ពី​ឆ្នាំ 641 ជនជាតិ​អារ៉ាប់​ក៏​គ្រប់​គ្រង​ដែន​ដី​នេះ​ក្នុង​រយៈ​ពេល​ 1,300 ឆ្នាំ​។ វត្តមាន​របស់​ជនជាតិ​ជ្វីហ្វ​លើ​ទឹក​ដី​នេះ​ក៏​ថយ​ចុះ​ច្រើន​ ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​រត់​ទៅ​រស់​នៅ​ក្នុង​ដែន​ដី​ដទៃ​ មាន​ដូច​ជា​ អឺរ៉ុប​ជា​ដើម​។ ឆ្នាំ 1516 ចក្រភព​អូតូម៉ង់ (Ottoman) ក៏​វាយ​យក​បាន​ដែន​ដី​នេះ និង​បាន​ហៅ​វា​ថា ប៉ាលេស្ទីន​អាតូម៉ង់​។​

    ចលនាហ្ស៊ីយ៉ូននិយម (Zionist Movement) បាន​ងើប​ឡើង​ចាប់​ពី​ឆ្នាំ 1881 គ្រាដែល​សហគមន៍​​ទាំង​ឡាយ​របស់​ជនជាតិ​ជ្វីហ្វ​ដែល​រស់នៅ​​ឆ្ងាយ​ពី​ទឹក​ដី មាន​បំណង​វិល​ត្រលប់​ចូល​ «ដែន​ដី​អ៊ីស្រាអែល» និង​មានបំណង​បង្កើត​រដ្ឋ​ជ្វីហ្វ​។ ជនជាតិ​ជ្វីហ្វ​ពី​អឺរ៉ុប និង​រុស្ស៊ី​ជា​ដើម បាន​ត្រលប់​ទៅ​រស់​នៅ​ក្នុង​អតីត​ទឹក​ដី​របស់​ខ្លួន​ដែល​​ប៉ាលេស្ទីនរបស់​​អូតូម៉ង់​កំពុង​គ្រប់​គ្រង​។

    ផែនទី​របស់​ប្រទេស​អ៊ីស្រាអែល និង​ប៉ាលេស្ទីន ចាប់​ពី​ឆ្នាំ 1947​ដល់​បច្ចុប្បន្ន

    ក្រោយ​សង្គ្រាម​លើក​ទីមួយ​បាន​បញ្ចប់​ អង់គ្លេស​បាន​ផ្ដួល​អាតូម៉ង់ និង​ដណ្ដើម​បាន​តំបន់​​ខាងលើ ហើយ​ហៅ​វា​ថា ដែន​ដី​គ្រប់គ្រង​មាន​កាល​កំណត់​ប៉ាលេស្ទីន​។ ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ជនជាតិ​ជ្វីហ្វ​នៅ​លើ​ដែន​ដី​នេះ​មាន​កាន់​តែ​ច្រើន​ ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ស្ដីពី​ការ​បង្កើត​រដ្ឋ​ជ្វីហ្វ​ ​ត្រូវបាន​ជំរុញ​បន្ថែម​។

    ថ្ងៃទី 29 វិច្ឆិកា 1947 អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ផែនការ​បែង​ចែក​ទឹក​ដី​ប៉ាលេស្ទីន​ជា​ប្រទេស​ពីរ​ដាច់ពី​គ្នា គឺ​ប្រទេស​ជ្វីហ្វ (អ៊ីស្រាអែល) និង​អារ៉ាប់ (ប៉ាលេស្ទីន)​។ អង្គការ​សហប្រជាជាតិ​ប្រគល់​របប​អន្តរជាតិ​ពិសេស​ទៅ​ឱ្យ​ទីក្រុង​ Jerusalem។ ភាគី​ខាង​ជ្វីហ្វ​បាន​យល់​ព្រមតាម​ផែនការ​នេះ​​ ខណៈ​អារ៉ាប់​បាន​បដិសេធ​។

    ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​​ ក្រុម​មេដឹក​នាំ​ចលនាហ្ស៊ីយ៉ូននិយម​ ក៏​បាន​ទាក់​ទង​លោក Jacobson ដើម្បី​ពឹង​ឱ្យ​លោក​បញ្ចុះ​បញ្ចូល ស្នើ​សូម​ឱ្យ​​ប្រធានាធិបតី​ Truman ជួប​ Weizmann។

    ក្រសួង​ការ​បរទេស​អាម៉េរិក​ កាល​នោះ​កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នក​គាំទ្រ​អារ៉ាប់​ និង​មាន​គម្រោង​ដកថយ​ពី​ផែនការ​​បែង​ចែក​ទឹក​ដី​របស់​អង្គការ​សហប្រជាជាតិ​។ ក៏ប៉ុន្តែ ចុង​ក្រោយ​ លោក Truman ក៏​បាន​សម្រេច​ចិត្ត​គាំទ្រ​ទាំងស្រុង​ទៅវិញ​ បន្ទាប់​ពី​បាន​ជួប​លោក Weizmann។

    ថ្ងៃទី 14 ឧសភា 1948 អ៊ីស្រាអែល​ ក៏​ប្រកាស​ឯករាជ​។ 11 នាទី​ក្រោយ​ ប្រធានាធិបតី​ Truman ក៏​ប្រកាស​ទទួលស្គាល់​ប្រទេស​អ៊ីស្រាអែល​។ លោក Weizmann បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​របស់​ប្រទេស​អ៊ីស្រាអែល​៕

  • អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

    អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

    ប្រទេស​ចិន៖ អាជ្ញាធរនៃ​ទីក្រុងក្វាង​ចូវ (​Guangzhou) បាន​ហាម​មនុស្ស​ម្នា​ ហូប​អាហារ​នៅ​ក្នុង​អាហារ​ដ្ឋាន​ ឬ​ភោជនីយដ្ឋាន ប៉ុន្តែ អនុញ្ញាតឱ្យ​បញ្ជា​ទិញ​តាម​អ៊ីនធើណិត និង​ខ្ចប់​យកទៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៃ​ជំងឺ​រលាក​សួត​ថ្មីកូរ៉ូណា Covid-19។

    យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ អាហារ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​ទាំង​អស់​នៅក្នុង​ទី​​ក្រុងក្វាង​ចូល​​ ខេត្ត​ក្វាង​តុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ហាម​មិន​ឱ្យ​លក់អាហារ​ដែល​ហូប​នៅ​នឹង​កន្លែងដូច​សព្វ​ដង។ ជំនួស​មក​វិញ អតិថិជន​ត្រូវ​តែ​បញ្ជា​ទិញ​តាម​អនឡាញ និង​ទូរស័ព្ទ ឬ​ទៅ​ទិញ​យក​មក​ហូប​នៅ​ឯផ្ទះ​។ ប៉ុន្តែ អាជ្ញា​ធរ​បាន​ផ្ដល់​អនុសាសន៍​ថា ការ​ទិញ​តាម​ទូរស័ព្ទ​ ឬ​តាម​អ៊ីនធើណិត​ គឺ​ជា​វិធី​ដែល​មាន​សុវត្ថិភាព​ជាង​គេ​។

    អ្នក​នៅ​ក្នុង​ក្រុងក្វាង​ចូវ ក៏ដូចជា​បណ្ដា​ក្រុង​ផ្សេង​ៗ​ បាន​ចាប់​ផ្ដើម​ត្រឡប់​ចូល​​ធ្វើ​ការវិញ​ បន្ទាប់​ពី​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិនមួយ​រយៈ​ពេល​វែង​ ព្រោះតែអាសន្ន​រោគ​កូរ៉ូណា។ ដូច្នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត អាជ្ញា​ធរ​ក៏​បាន​ប្រើ​វិធី​នេះ។ បទ​បញ្ជា​នេះ អនុវត្ត​តែ​ទៅ​លើ​អាហារ​ដ្ឋាន​ខាង​ក្រៅ និង​ភោជ​នីយដ្ឋាន​តែ​ប៉ុណ្ណោះ ចំណែកបុគ្គលិក​ការិយាល័យ​វិញ នៅ​តែ​អាច​ហូប​អាហារ​ក្នុង​អាហារដ្ឋាន​របស់​​ក្រុម​ហ៊ុន​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​​នោះបាន​។

    ការ​ទៅ​កាន់​ភោជនីយដ្ឋាន​ដើម្បី​ផឹក​តែ និង​ហូប​អាហារ​ចិន Dim sum (Dim sum គឺជា​ម្ហូប​ចិនមួយ​​បែប ដែល​អាហារ​​ទាំង​នោះ​​ ត្រូវ​បាន​គេ​រៀបចំ​ជា​ផ្នែក​តូចៗ ដាក់​​ក្នុង​កន្ត្រក​ចំហុយ​តូច ឬនៅ​លើចាន​តូចទាប​​មួយៗ) ​គឺជា​ទម្លាប់​របស់​អ្នក​ក្រុង​ក្វាង​ចូវ។

    លោក​ He Zhijuan អាយុ 73ឆ្នាំ បាន​និយាយ​ថា ៖ “សូម្បីតែ​នៅ​ពេល​ប្រទេស​ចិន​ ជួប​នឹង​​គ្រោះ​អត់​ឃ្លាន​កាល​ពីឆ្នាំ1959 ដល់​1961 ខ្ញុំនៅ​ចាំ​ថា អាហារ​ដ្ឋាន​នានា​នៅ​តែ​បើក​ដំណើរ​ការ។ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ ពេល​អាជ្ញាធរ​ចេញ​បទ​បញ្ជា​ហាម​បែប​នេះ។ ខ្ញុំ​គិត​ថា អាសន្ន​រោគ​នេះ ប្រាកដ​ជា​ធ្ងន់​ធ្ងរ​ណាស់​ហើយ ទើប​ក្វាង​ចូវ ប្រើ​យុទ្ធ​សាស្ត្រ​នេះ​”។

    អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ តាំង​ពី​ខែ​ធ្នូ ឆ្នាំ2019 នៅទី​ក្រុង​​អ៊ូហាន (Wuhan)​ ប្រទេស​​ចិន។ មក​ដល់​ពេល​នេះ ពិភព​លោក​ទាំង​មូល មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​ 1,383នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើនដល់​ទៅ 64,437នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស