Tag: អាល្លឺម៉ង់

  • ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ចិន កំពុងតែ​សាងសង់​មូលដ្ឋាន​ថ្មី​ដើម្បី​បម្រើ​ដល់​ការពិសោធ​ដែល​ទាក់ទង​នឹង​ដែន​ទំនាញផែនដី រួមចំណែក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ទី​អវកាស។

    មូលដ្ឋាន​ពិសោធន៍​មីក្រូ​ទំនាញ​ជាមួយនឹង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅ​ទីក្រុង​ប៉េកាំង មាន​កម្ពស់ 40 ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដែល​នាំ​វត្ថុ​ឡើង-ចុះ និង​ទទួល​បទពិសោធន៍​នៃ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមាន​ទំនាញផែនដី​ក្នុង​រយៈពេល 4 វិនាទី។ នេះ​បើតាម​ការចុះផ្សាយ​របស់ SCMP កាលពី​ថ្ងៃទី 20 កក្កដា 2023។

    MEFEL អាចឱ្យ​ធ្វើការ​ពិសោធ 100 ដង/ថ្ងៃ និង​ចំណាយ​អគ្គិសនី​ប្រហែល​តែ 1 គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការពិសោធ​មួយ។ វា​ក៏​​អាចបង្កើត​កម្លាំង​ទំនាញ​ស្រាល​ដើម្បី​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​​ធម្មជាតិ​នៅលើ​ព្រះ​ចន្ទ និង​ភព​អង្គារ។

    កាលពី​ឆ្នាំ 2019 មូលដ្ឋាន​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ MEFEL ចាប់ផ្ដើម​ដំណើរការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​ឈ្មោះថា Einstein – Elevator។ អគារ​នេះ​មាន​កម្ពស់ 40 ម៉ែត្រ អាច​ឱ្យទទួល​បទពិសោធ​ន៍​ស្ថានភាព​គ្មាន​ទំនាញ​ប្រហែល 4 វិនាទី ហើយ​អាចធ្វើ​ការពិសោធ​បាន 300 ដង/ថ្ងៃ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានចាប់ផ្ដើម​អភិវឌ្ឍ MEFEL តាំងពី​ឆ្នាំ 2017។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​ប្រវែង 3 ម៉ែត្រ ដើម្បី​បង្កើត​បរិស្ថាន​គ្មាន​ទំនាញ​ក្នុង​រយៈពេល​ខ្លី។ នៅ​ខាងក្នុង MEFEL ឈុត​សម្រាប់​ពិសោធន៍​នឹង​ផ្ដល់​បរិស្ថាន​មាន​ទំនាញផែនដី​ស្មើនឹង 1/100,000 នៃ​កម្រិត​​ទំនាញ​ធម្មតា​នៅលើ​ផែនដី ក្នុង​រយៈពេល 4 វិនាទី។

    ក្រុម​វិស្វករ​ចិន ក៏​ពុង​តែ​អភិវឌ្ឍ MEFEL ជំនាន់​ថ្មី ដែល​គ្រោង​នឹង​អាចបង្កើត​ស្ថានភាព​គ្មាន​ទំនាញ​ឱ្យបាន​ដល់ 20 វិនាទី និង​ទម្ងន់​​អតិបរមា​​សម្រាប់​ការពិសោធ នឹង​ឡើងដល់ 500 គីឡូក្រាម៕

  • កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។

    ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។

    ជោគជ័យ​ក្នុងការ​សាងសង់​កប៉ាល់ Adora Magic City នេះ បាន​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ប្រាំ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ស្ថាបនា​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហ្វាំ​ង​ឡង់៕

  • អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។

    «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។

    យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។

    ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    បុគ្គលិក​យោធាអាម៉េរិក កំពុង​ដំឡើង​មីស៊ីល AMRAAM

    AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ អាចធ្វើ​សកម្មភាព​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុខុសៗគ្នា។ ក្បាល​រ៉ា​ដា​បំពាក់​បច្ចេកវិទ្យា​ម្ចាស់ការ អនុញ្ញាតឱ្យ​មី​ស៊ី​ល​អនុវត្ត​គោលការណ៍ «បាញ់ ហើយ​ភ្លេច» ដែល​ជួយ​ឱ្យ​យន្តហោះ​មិនចាំបាច់​ចុច​តម្រង់​គោលដៅ​ជា​បន្តបន្ទាប់ និង​គេច​ផុតពី​ការបាញ់​តបត​​ពី​​សត្រូវ​។

    កំណែ​ដើម AIM-120A អាច​បាញ់​បាន​ចម្ងាយ 50 គីឡូម៉ែត្រ គ្រា​ដែល​កំណែ AIM-120C-8 របស់​ AMRAAM  អាច​បាញ់​ចំ​គោលដៅ​ពី​ចម្ងាយ 180 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ការពារជាតិ Raytheon ឱ្យដឹងថា មី​ស៊ី​ល AMRAAM កំពុង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​អាម៉េរិក និង​ប្រទេស​ជិត 40 ក្នុង​ពិភពលោក៕

  • ក្រុមបាល់ទាត់​នារី​វៀតណាម ចាញ់​ក្រុម​អេ​ស្ប៉ា​ញ 0-9

    ក្រុមបាល់ទាត់​នារី​វៀតណាម ចាញ់​ក្រុម​អេ​ស្ប៉ា​ញ 0-9

    នៅក្នុង​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023 ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 14 កក្កដា ក្រុមបាល់ទាត់​ជម្រើសជាតិ​ផ្នែក​នារី​របស់​វៀតណាម បាន​ចាញ់​ក្រុម​នារី​អេ​ស្ប៉ា​ញ​រហូតដល់ 0-9។

    ក្រុម​អេ​ស្ប៉ា​ញ​នាំមុខ 2-0 នៅក្នុង​តង់​ទីមួយ​នៃ​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023។ ចូលដល់​តង់​ទី​ពីរ ក្រុម​តំណាង​របស់​អឺរ៉ុប​មួយ​នេះ​ក៏​រកបាន 7 គ្រាប់​បន្ថែមទៀត ធ្វើឱ្យ​វៀតណាម​ត្រូវ​ចាញ់ 0-9។

    ការប្រកួត​ខាងលើ​ត្រូវបានធ្វើ​ឡើងលើ​ទីលាន Mc Lennan Park ក្នុង​ទីក្រុង Auckland នៅវេលា​ម៉ោង 12 និង 30 នាទី ថ្ងៃទី 14 កក្កដា ម៉ោង​នៅ​នូ​វែ​ល​សេ​ឡង់ ត្រូវ​នឹង​ម៉ោង 07 និង 30 នាទី​នៅ​កម្ពុជា។ មុនពេល​ប៉ះ​នឹង​អេ​ស្ប៉ា​ញ ក្រុម​វៀតណាម​បាន​ចាញ់​អាល្លឺម៉ង់ 1-2 និង​ចាញ់​នូ​វែ​ល​សេ​ឡង់ 0-2។

    ក្រោយពី​ការប្រកួត​ខាងលើ ក្រុម​វៀតណាម​នៅសល់​ពេល​ជាង​មួយ​សប្ដាហ៍​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​សហរដ្ឋ​អាម៉េរិក ដែលជា​ម្ចាស់​ជើងឯក World Cup នៅ​ថ្ងៃទី 23 កក្កដា 2023 លើ​ទីលាន Eden Park៕

  • កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

    កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

    ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ​បញ្ជី​ឈ្មោះ​កំពូល​កីឡាការិនី​បាល់ទាត់​ចំនួន 10 រូប​ដែល​ត្រូវបាន​គេ​រំពឹង​ច្រើនជាងគេ​នៅ World Cup នារី 2023 ក្នុងនោះ​មាន​ទាំង Alex Morgan និង Marta ផងដែរ។

    Alex Morgan បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​តំណែង​ជើងឯក World Cup នារី​ចំនួន​ពីរលើក ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​បួន​ដែល​នាង​ចូលរួម​ប្រកួត។ Alex Morgan ដណ្ដើមបាន​មេដាយមាស​នៅ​អូឡាំពិក​ចំនួន​មួយគ្រឿង និង​ជា​កីឡាការិនី​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​គ្រប់​សម័យកាល។ ការប្រកួត​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់នា​ពេល​ខាងមុខ​នឹង​អាចជួយ​ឱ្យ​កីឡាការិនី​រូបនេះ​មានឱកាស​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​ជើងឯក World Cup ចំនួន​បី​ជា​បន្តបន្ទាប់ ដែល​នេះ​មិនទាន់មាន​កីឡាករ​រូប​ណា​អាចធ្វើ​បាន។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 11 និង​ពានរង្វាន់​ជើងឯក Champions League ជាមួយនឹង​ក្លឹប Lyon។

    កំពូល​កីឡាការិនី​មួយរូប​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកួត​នៅ World Cup 2023 គឺ​ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា។ ពុំទាន់​មាន​កីឡាករ កីឡាការិនី​ណា​ម្នាក់​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ដូច Sinclair សម្រាប់​ក្រុម​ជម្រើសជាតិ។ Sinclair រកបាន 190 គ្រាប់​ក្នុងចំណោម 319 ប្រកួត ជូន​ប្រទេស​កាណាដា។ Sinclair នឹងចូលរួម​ទាត់​នៅ World Cup លើក​ទី 6 ក្នុង​អាជីព។ Sinclair ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 8 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កាណាដា ក្នុងនោះ​មាន​ទាំង​មេដាយមាស​អូ​ឡា​ពិ​ក 2021 ផងដែរ។

    ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា

    នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ឆ្នាំ 2023 មាន​ខ្សែប្រយុទ្ធខ្លាំងៗជាច្រើន ប៉ុន្តែ Sam Kerr ត្រូវបាន​សង្ឃឹម​ច្រើន​ថា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាការិនីដែល​​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ។ ខ្សែប្រយុទ្ធ​វ័យ 30 រូបនេះ​គឺជា​កីឡាការិនី​អូស្ត្រាលី​ដំបូង​គេ​ដែល​បង្កើតបាន hat-trick នៅ World Cup មិន​ថា​កីឡាករ ឬ​កីឡាការិនី។ នាង​គឺជា​ស្ដេច​កម្ទេច​​សំណាញ់​ទី​នៅ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី​ឆ្នាំ 2022 ដោយ​រកបាន 7 គ្រាប់ ក្លាយជា​កីឡាការិនី​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​អូស្ត្រាលី។ Sam Kerr គឺជា​កីឡាការិនី​របស់ Chelsea ដែល​ឆ្នើម​ជាងគេ​នៅ​អង់គ្លេស ក្នុង​ពីរ​រដូវ​កាល​កន្លង ដោយ​ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ក្រុម​នេះ​ឈ្នះ Man Utd នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។ ដោយបាន​លេង​លើ​ទីលាន​របស់​ប្រទេសខ្លួន Sam Kerr នឹង​មានឱកាស​ច្រើន​ដែល​អាចជួយ​ឱ្យ​អូស្ត្រាលី​ឡើងដល់​វគ្គ​ខ្ពស់​។

    Sam Kerr របស់​អូស្ត្រាលី

    ក្រៅពី​កីឡាការិនី​ខាងលើ World Cup នារី 2023 ក៏​នៅមាន​កំពូល​ជើង​ខ្លាំង​ជាច្រើន​ផ្សេងទៀត រួមមាន Wendie Renard របស់​បារាំង, Ada Hegerberg របស់​ន័​រ​វែ​ស, Alexia Putellas របស់​អេ​ស្ប៉ា​ញ, Marta Vieira da Silva របស់​ប្រេ​ស៊ី​ល, Debinha Miri របស់​ប្រេ​ស៊ី​ល, Alexandra Poppp របស់​អាល្លឺម៉ង់ និង Lucy Bronze របស់​អង់គ្លេស​៕

  • យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    (ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។

    ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។

    Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន Eco-Runner។

    កំណត់ត្រា​មុន​នោះ​គឺ​ល្បឿន 2,056 គីឡូម៉ែត្រ/ម៉ោង ​ត្រូវបាន​បំបែក​កាលពី​ថ្ងៃទី 25 មិថុនា ប៉ុន្តែ​នៅសល់​ឥន្ធនៈ។ ដូច្នេះ Eco-Runner XIII ក៏​បន្ត​រត់។ យាន​នេះ​បាន​ឈប់​នៅ​ម៉ោង 08 និង 26 នាទី ថ្ងៃទី 26 មិថុនា (ម៉ោង​ក្នុង​តំបន់) ដោយ​រត់​បាន​ចម្ងាយ 2,488.48 គីឡូម៉ែត្រ ប្រើប្រាស់​អ៊ីដ្រូសែន​អស់ 950 ក្រាម ហើយ​ក៏​បង្កើតបាន​កំណត់ត្រា​ថ្មី៕

  • Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។

    យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។

    ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។

    រថយន្ត​ Ford Explorer អគ្គិសនី​

    Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។

    រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។

    លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង​។

    រថភ្លើង CR400 Fuxing របស់​ចិន
    រថភ្លើង ICE3 របស់​អាល្លឺម៉ង់
    TGV របស់​បារាំង
    JR East E5 របស់​ជប៉ុន
    Al Boraq: 320 km/h (ម៉ារ៉ុក)
    AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង
  • ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

    ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

    ម៉ូតូ​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន Yadea សហការ​ជាមួយ​ក្រុមហ៊ុន Porsche បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ អាច​ជិះ​បាន​ចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

    ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចិន Yadea បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ម៉ូ​ដែល F 200 ABS មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​សាំង 125cc។ ម៉ូតូ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ, កម្លាំង​រមួល​កង់ 235 Nm ជួយ​ឱ្យ​បង្កើនល្បឿន​ពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 2.5 វិនាទី ហើយ​អាចធ្វើ​ដំណើរ​បាន 100 គីឡូម៉ែត្រ/ម៉ោង និង​រត់​បាន​ចម្ងាយ 129 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

    ក្រៅពី​កម្លាំង ចំណុច​ពិសេស​ផ្សេងទៀត​របស់ Yadea F 200 ABS គឺ​រូបរាង។ ក្រុមហ៊ុន​ចិន Yadea និយាយថា F 200 ABS របស់​ខ្លួន​គឺ​ជា​ផលិត​ផល​ដែល​​កើត​ចេញ​ពី​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche​។ រូបរាង​របស់​ម៉ូតូ​នេះ​​យក​តាម​​​គំនិត​នៅក្នុង​កិច្ចការ​ឆ្លាក់ រួម​ផ្សំ​នឹង​​ចំណុច​លេចធ្លោ​​របស់​​រថយន្ត Porsche។

    F 200 ABS បំពាក់​អំពូល​ភ្លើង​ពេល​ថ្ងៃ​ដ៏​លេចធ្លោ និង​អំពូល LED មួយគូ​នៅ​ខាងមុខ​ ហើយ​ក្បាល​របស់​ម៉ូតូ​នេះ​ក៏មាន​របាំង​​ការ​ពារ​ខ្យល់​​។ ចំណែក​​​អំពូល​ភ្លើង​ខាងក្រោយ និង​អំពូល​ភ្លើង​ហ្វ្រាំង គឺ​យក​តាម​គំនិត​ស្ដី​​ពី​​ពាណិជ្ជ​សញ្ញា​​របស់ Yadea។

    Yadea F 200 ABS មាន​តា​ប្លូ​ឌីជីថល និង​ឃ្លុប​ក្រោម​កែប ទំហំ​ធំ។ កង់​ទី​ពីរ​របស់​ម៉ូតូ​នេះ​ត្រូវបាន​បំពាក់​ហ្វាំ​ង​ឌី​ស ខណៈ​ថ្ម​ផ្ទុក​អគ្គិសនី​ត្រូវបាន​ដាក់​ក្រោម​ឈ្នាន់។

    យោងតាម​ទំព័រ Paultan ក្រុមហ៊ុន Yadea មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​តម្លៃ ថ្ងៃ​ដាក់លក់ ក៏ដូចជា​ទីផ្សារដំបូងៗរបស់ F 200 ABS នេះ​នៅឡើយ៕