Tag: ឡានហោះ

  • ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។

    Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។

    ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។

    AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។

    ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ និង​ល្បឿន​ 190 គីឡូម៉ែត្រ​/ម៉ោង​។

    ក្នុង​អនាគត Klein Vision នឹង​សាកល្បង​ម៉ាស៊ីន​​សម្រាប់​អាកាសចរណ៍ ADEPT ទំនើប​ ដែល​មាំ ស្រាល និង​សន្សំ​សំចៃ​ថាមពល​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន Klein Vision ក៏​បាន​បញ្ចប់​ការរចនា​ជាមូលដ្ឋាន​ និង​ការ​វាយ​តម្លៃ​ ចំពោះ​កំណែ​មួយ​កៅអី​ដែល​អាច​ហោះ​បាន​ជាង 300 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​អាច​ហោះ​បាន 1,000 គីឡូម៉ែត្រ​។

  • រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។

    Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។

    Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។

    សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។

    A5 អាច​ហោះ​ឡើង និង​ចុះចត​ត្រង់​ដូច​ទៅ​នឹង​ដ្រូន ឬ​ឧទ្ធម្ភាគ​ចក្រ​។ ក្រុម​ហ៊ុន​ដទៃ​អភិវឌ្ឍ​មធ្យោបាយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់ ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ប៉ុន្តែ ពួកវា​សុទ្ធ​តែ​មិន​អាច​រត់​លើ​ផ្លូវ​គោក។ ចំណែក A5 អាច​បត់​ស្លាប​របស់​វា​ បង្កើត​បាន​ជា​រាង​រថយន្ត​ អាច​ធ្វើដំណើរ​លើ​ផ្លូវ​គោក​។

    ក្រុម​ហ៊ុន Aska កំពុង​បន្តការ​​អភិវឌ្ឍ​ឡាន​ហោះ​នេះ​។ គំរូ​ចុង​ក្រោយ​នឹង​ល្អ​ជាង​បច្ចុប្បន្ន ហើយ​​អាច​ដឹក​មនុស្ស​បាន​ 6 នាក់​។ Aska គ្រោង​នឹង​ប្រគល់​ A5 ដល់​ដៃ​អតិថិជន​ចាប់​ពី​ឆ្នាំ 2026​។ ពួក​គេ​ក៏មាន​គម្រោង​ផ្ដល់​សេវា​​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សម​ស្រប​ផងដែរ៕

  • ក្រុមហ៊ុន SkyDrive ត្រៀមសាកល្បងឡានហោះមានមនុស្សបើកលើកដំបូងនៅជប៉ុន

    ក្រុមហ៊ុន SkyDrive ត្រៀមសាកល្បងឡានហោះមានមនុស្សបើកលើកដំបូងនៅជប៉ុន

    ក្រុមហ៊ុនអភិវឌ្ឍន៍ឡានហោះ SkyDrive មានគម្រោងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀត ដើម្បីធានាឱ្យបានប្រាកដថា ឡានហោះរបស់ខ្លួននឹងមានសុវត្ថិភាព100% មុននឹងដាក់លក់ចាប់ពីឆ្នាំ2023។

    ក្រុមហ៊ុន SkyDrive ទើបតែបានប្រកាសថា ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បងនូវឡានហោះកាលពីខែមុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Asahi កាលពីថ្ងៃទី21មករាកន្លងទៅ។

    នេះគឺជាលើកទី1 ហើយនៅជប៉ុន ដែលមានការសាកល្បងបើកបរឡានហោះដែលមានមនុស្សជិះនៅខាងក្នុង។ ការហោះហើរសាកល្បងលើកមុនៗ ត្រូវបានគេធ្វើឡើងដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយ និងគ្មានមនុស្សជិះ។

    SkyDrive គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ2018 នៅទីក្រុង Tokyo ដោយក្រុមវិស្វករវ័យក្មេងដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនផលិតរថយន្ត Toyota។ ក្រុមហ៊ុននេះកំពុងតែរៀបចំគម្រោងប្រារព្ធព្រឹត្តិការណ៍ហោះហើរសម្ដែងឱ្យទស្សនិកជនទស្សនានៅក្នុងរដូវក្ដៅឆ្នាំនេះ បន្ទាប់មកនឹងចាប់ផ្ដើមដាក់លក់ចាប់ពីឆ្នាំ2023 ទៅ។

    ឡានហោះ SkyDrive នេះមានកម្ពស់ 1.6ម៉ែត្រ បណ្ដោយ និងទទឹងប្រវែង 3.6ម៉ែត្រស្មើគ្នា និងមានកៅអីអង្គុយចំនួន1។ ជ្រុងនីមួយៗនៃឡានហោះនេះមានបំពាក់ស្លាបកង្ហារចំនួន 1គ្រឿង ដែលកង្ហារនេះនឹង​ជួយ​ឱ្យឡានហោះអាចសំកាំងខ្លួននៅលើអាកាសបានយ៉ាងស្រួល។

    មកដល់ពេលនេះ SkyDrive មិនទាន់បង្ហើបឱ្យដឹងលម្អិតអំពីការហោះហើរសាកល្បងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀតដើម្បីធានាសុវត្ថិភាពឱ្យបាន100%។
    បច្ចុប្បន្ន ក្រៅពី SkyDrive គេឃើញមានក្រុមហ៊ុនផ្សេងមួយចំនួន ក៏កំពុងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ​ឡានហោះនេះដែរ ក្នុងនោះក៏មានក្រុមហ៊ុន Airbus និង Uber ផងដែរ។

    គំរូឡានហោះមានមនុស្សបើកនេះ​ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SkyDrive

    ឡានហោះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសង្គ្រោះមនុស្សក្នុងករណីបន្ទាន់។ ប៉ុន្តែ មុនពេលឡានហោះនេះត្រូវបានគេប្រើប្រាស់ទូលំទូលាយ ពិភពលោកត្រូវតែបង្កើតឱ្យមានស្ដង់ដាសុវត្ថិភាព និងច្បាប់ចរាចរណ៍សម្រាប់ឡានហោះ រួមនឹងប្រព័ន្ធគ្រប់គ្រងពេញលេញមួយដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាស៕

    ប្រភព៖ សារព័ត៌មានបរទេស