Tag: ហៃទី

  • អាមេរិក និង កូ​ឡុំ​ប៊ី បញ្ជូន​ក្រុម​ជំនួយ​ទៅ​ស៊ើបអង្កេត ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី ហៃ​ទី

    អាមេរិក និង កូ​ឡុំ​ប៊ី បញ្ជូន​ក្រុម​ជំនួយ​ទៅ​ស៊ើបអង្កេត ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី ហៃ​ទី

    សហរដ្ឋអាមេរិក និង​ប្រទេស កូ​ឡុំ​ប៊ី បាន​បញ្ជូន​មន្ត្រី​អនុវត្ត​ច្បាប់ រួម​នឹង​កម្លាំង​ពិសេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់ ទៅកាន់​ប្រទេស ហៃ​ទី ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise បន្ទាប់ពី​ពលរដ្ឋ​របស់​ពួកគេ ត្រូវបាន​ប៉ូលិស ហៃ​ទី ចាប់ខ្លួន។

    សហរដ្ឋអាមេរិក បាន​សន្យាថា នឹង​បញ្ជូន​ក្រុមមន្ត្រី​ជាន់ខ្ពស់ នៃ​អង្គភាព​ស៊ើបអង្កេត​សហព័ន្ធ (FBI) និង​អង្គភាព​សន្តិសុខ​ផ្ទៃក្នុង​ជាតិ (DHS) ទៅកាន់​ប្រទេស ហៃ​ទី ឆាប់ៗនេះ ដើម្បី​វាយតម្លៃ​ស្ថានការណ៍ និង​ពិនិត្យ​មើលថា តើ​ពួកគេ​អាចជួយ​ប្រទេស ហៃ​ទី ដោយ​របៀប​ណា។ សេត​វិមាន បានឱ្យដឹង​ដូច្នេះ កាលពី​ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021។

    ចំណែក​ប្រធានាធិបតី Ivan Duque នៃ​ប្រទេស កូ​ឡុំ​ប៊ី ឱ្យដឹងថា មេដឹកនាំ​នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស កូ​ឡុំ​ប៊ី និង​ប្រធាន​ផ្នែក​ស៊ើបការណ៍​របស់​ប៉ូលិស​ប្រទេស​នេះ ក៏​នឹង​ទៅកាន់ ហៃ​ទី ក្នុង​បំណង​រួមចំណែក​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​ជួយ​ដល់ ហៃ​ទី សម្រាប់​ការស៊ើបអង្កេត​លើ​ករណី​ធ្វើឃាត​ប្រធានាធិបតី Moise។

    ក្រុម​ជនសង្ស័យ​ទាក់​ទិន​ករណី​ធ្វើ​ឃាត​ប្រធានាធិបតី​ Moise ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​ 9 កក្កដា

    ឧ​ត្ត​ម​សេនី Luis Fernando Navarro អគ្គមេបញ្ជាការ​កងទ័ព កូ​ឡុំ​ប៊ី និយាយថា ជ​នស​ង្ស័​ង​ចំនួន 17 នាក់ ទាក់ទិន​នឹង​ករណី​ធ្វើឃាត​ប្រធានាធិបតី Moise គឺជា​អតីត​ទាហាន​របស់​ប្រទេស​នេះ ហើយ​ពួកគេ​បាន​ឈប់​ធ្វើ​ទាហាន​ក្នុង​ឆ្នាំ 2018-2020។

    អគ្គស្នងការ​ប៉ូលិស​ជាតិ កូ​ឡុំ​ប៊ី Jorge Luis Vargas ឱ្យដឹងថា ជនសង្ស័យ​ចំនួន 11 នាក់ បាន​ទៅកាន់​ទីក្រុង Punta Cana នៃ​ប្រទេស ដូ​មី​និក (Dominica) ដែល​គ្រប់គ្រង​កោះ Hispaniola ជាមួយនឹង ហៃ​ទី ហើយ​ក៏បាន​ឆ្លងដែន​ចូល​ទឹកដី ហៃ​ទី។ ជនសង្ស័យ 2 នាក់​ផ្សេងទៀត បាន​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស ប៉ា​ណា​ម៉ា និង​បន្តដំណើរ​ទៅកាន់​រដ្ឋធានី Santo Domigo របស់ ដូ​មី​និក មុននឹង​ចូលដល់​រដ្ឋធានី Port-au-Prince របស់ ហៃ​ទី។

    ប្រធានាធិបតី​នៃ​ប្រទេស​ ហៃទី លោក Jovenel Moise ដែល​ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​ បាញ់​សម្លាប់

    សូម​រំលឹកថា ប្រធានាធិបតី​របស់​ប្រទេស ហៃ​ទី លោក Jovenel Moise ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​មួយក្រុម បាញ់សម្លាប់ កាលពី​ថ្ងៃទី 7 ខែកក្កដា នៅក្នុង​ភូមិគ្រឹះ​របស់លោក។ ប៉ូលិស ហៃ​ទី ឱ្យដឹងថា ក្រុម​ឃាតករ​មាន​គ្នា​ចំនួន 16 នាក់ ដែលជា​ទាហាន​ស៊ីឈ្នួល ជនជាតិ កូ​ឡុំ​ប៊ី និង 2 នាក់​ទៀត​ជា​ពលរដ្ឋ​អាមេរិក ដើមកំណើត ហៃ​ទី ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ James Solages អាយុ 35 ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Joseph Vincent អាយុ 55 ឆ្នាំ មកពី​រដ្ឋ Florida សហរដ្ឋអាមេរិក៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ហៃ​ទី ជ្រើសតាំង​លោក Joseph Lambert ជា​ប្រធានាធិបតី​ស្ដីទី

    ហៃ​ទី ជ្រើសតាំង​លោក Joseph Lambert ជា​ប្រធានាធិបតី​ស្ដីទី

    កាលពី​ថ្ងៃទី 9 ខែកក្កដា (ម៉ោង​ក្នុងស្រុក) សភា​ជាន់ខ្ពស់​របស់ ហៃ​ទី បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានសភា​ជាន់ខ្ពស់ លោក Joseph Lambert ឱ្យធ្វើជា​ប្រធានាធិបតី​ស្ដីទី ក្រោយ​ប្រធានាធិបតី Jovenel Moise ត្រូវគេ​ធ្វើឃាត។

    នេះ​គឺជា​ជំហាន​ដែល​អាច​បង្ក​ឧបសគ្គ​ផ្ទាល់​ដល់​នាយករដ្ឋមន្ត្រី​ស្ដីទី លោក Claude Joseph ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​មេដឹកនាំ​បច្ចុប្បន្ន​របស់ ហៃ​ទី និង​កំពុង​ទទួលបាន​ការគាំទ្រ​ពី សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ។

    សភា​ជាន់ខ្ពស់ ហៃ​ទី បានប្រកាសថា លោក Joseph Lambert នឹង​កាន់តំណែង​ប្រធានាធិបតី រហូតដល់​ថ្ងៃ​ចន្ទ​ដំបូង​នៃ​ខែមករា ឆ្នាំ 2022 ឬក៏​រហូតដល់​មាន​ប្រធានាធិបតី​ថ្មី ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2022។

    លោក Joseph Lambert

    ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី​ស្ដីទី លោក Claude Joseph បាន​ចោទ​ក្រុម​ជា​គូប្រជែង​ថា កំពុង​ប្រើប្រាស់​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise ដើម្បី​ក្ដោប​ក្ដាប់​អំណាច​ផ្នែក​នយោបាយ ដែល​នេះ​គឺ​ចង់​សំដៅលើ​ក្រុមតំណាងរាស្ត្រ​ដែល​បាន​គាំទ្រ​លោក Joseph Lambert។ «ជាក់ស្ដែង សភា​ជាន់ខ្ពស់ ហៃ​ទី លែងមាន​សុពលភាព​ហើយ ដោយសារតែ​កៅអី​សភា​ជាច្រើន កំពុង​នៅ​ទំនេរ» នេះ​បើ​យោងតាម​លោក Claude Joseph។

    កាលពី​ថ្ងៃទី 8 ខែកក្កដា ក្រុមប៉ូលិស ហៃ​ទី ឱ្យដឹងថា យ៉ាងហោចណាស់ មាន​បុគ្គល​ចំនួន 28 នាក់ បាន​ចូលរួម​ក្នុងការ​ធ្វើឃាត​ប្រធានាធិបតី Jovenel Moise ក្នុងនោះ​មាន 26 នាក់​គឺជា​ជនជាតិ កូ​ឡុំ​ប៊ី និង 2 នាក់ ជា​ជនជាតិ អាមេរិក ដើមកំណើត ហៃ​ទី។

    លោក Claude Joseph

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អគ្គស្នងការ​ប៉ូលិស​ជាតិ ហៃ​ទី លោក Leon Charles ឱ្យដឹងថា សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 15 ជា​ជនជាតិ កូ​ឡុំ​ប៊ី និង 2 នាក់ ជា​ជនជាតិ​អាមេរិក ដើមកំណើត ហៃ​ទី។ ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 8 នាក់​ផ្សេងទៀត។

    ប្រភព​៖ Detroitnews
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី ហៃ​ទី ត្រូវ​រង​គ្រាប់កាំភ្លើង​ជាង 10 គ្រាប់! អង្គរក្ស​របស់​ប្រធានាធិបតី នឹង​ត្រូវបាន​សួរចម្លើយឆាប់ៗនេះ

    ប្រធានាធិបតី ហៃ​ទី ត្រូវ​រង​គ្រាប់កាំភ្លើង​ជាង 10 គ្រាប់! អង្គរក្ស​របស់​ប្រធានាធិបតី នឹង​ត្រូវបាន​សួរចម្លើយឆាប់ៗនេះ

    សាកសព​របស់​ប្រធានាធិបតី Jovenel Moise មាន​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 គ្រាប់ នៅត្រង់​កន្លែង​គ្រោះថ្នាក់​ដល់​ជីវិត ខណៈ​បន្ទប់ធ្វើការ និង​បន្ទប់​គេង សុទ្ធតែ​ត្រូវ​ឆែកឆេរ។

    «យើង​បាន​រកឃើញ​ស្នាម​គ្រាប់កាំភ្លើង​ចំនួន 12 កន្លែង នៅលើ​រាងកាយ​របស់​ប្រធានាធិបតី» Carl Henry Destin អនុប្រធាន​តុលាការ នៅ Pétion-Ville ជាយក្រុង Port-au-Prince បាន​ប្រាប់​កាសែត ហៃ​ទី Le Nouvelliste ដូច្នេះ។ លោក Carl Henry Destin និយាយថា គ្រាប់កាំភ្លើង​ទាំងនេះ ត្រូវបាន​បាញ់​ចេញពី​អាវុធ​ធុន​ធ្ងន់»។

    «បន្ទប់ធ្វើការ និង​បន្ទប់​គេង​របស់​ប្រធានាធិបតី ត្រូវបាន​គេ​ឆែកឆេរ​គ្រប់កន្លែង។ យើង​ឃើញថា គាត់​ស្លាប់​ក្នុង​ឥរិយាបថ​ដេក​ផ្ងារ ស្លៀកខោ​ពណ៌​ខៀវ អាវ​សា​មិ​ពណ៌​ស​ធ្លុះធ្លាយ​ដោយ​គ្រាប់កាំភ្លើង និង​មាត់​ហា​ធំ» លោក Destin និយាយ​បន្ថែម។ គ្រាប់កាំភ្លើង​មួយគ្រា​ប់​បាញ់​ចំ​ថ្ងាស ពីរ​គ្រាប់​ត្រង់​ទ្រូង​ទាំងសងខាង បី​គ្រាប់​ត្រង់​ត្រគាក និង​មួយ​គ្រាប់​ត្រង់​ពោះ»។

    សម្បកគ្រាប់​កាំភ្លើង​ដែល​ប៉ូលិស ហៃទី​ បាន​រកឃើញ​

    ប្រធានាធិបតី Moise មាន​ក្រុម​អង្គរក្ស​ដោយឡែក រួមមាន​សមាជិក​មក​ពី​អង្គភាព​ជំនាញ​របស់​ប៉ូលិស ហៃ​ទី ប៉ុន្តែ ក្នុងករណី​ឃាតកម្ម​កាលពី​ថ្ងៃទី 7 ខែកក្កដា មានតែ​ប្រធានាធិបតី និង​ភរិយា​របស់លោក គឺ លោកស្រី Martine Moise ប៉ុណ្ណោះ ដែល​ត្រូវបាន​បាញ់ប្រហារ។

    ដូច​ទៅនឹង​គ្រាប់កាំភ្លើង​ដែល​បៀម​ជាប់​នៅក្នុង​សាកសព​ប្រធានាធិបតី «សម្បក​គ្រាប់កាំភ្លើង​ធុន 5.56 និង 7.62ម​ម ជាច្រើន​គ្រាប់ ត្រូវបាន​រកឃើញ​នៅ​កណ្ដាល​ខ្លោងទ្វារ និង​នៅក្នុង​ភូមិគ្រឹះ» លោក Destin បញ្ជាក់។

    អគ្គស្នងការ​ប៉ូលិស ហៃ​ទី លោក Leon Charles បានប្រកាសថា៖ «យើង​កំពុង​តាម​ចាប់ខ្លួន​ពួកវា (ក្រុម​ឃាតករ) ហើយ​យើង​នឹង​នៅតែ​បន្ត​តាមរក»។

    ក្រុម​អង្គរក្ស​​របស់​ប្រធានាធិបតី​ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ​ ឆាប់​ៗ​នេះ

    Bed-Ford Claude ប្រធានការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​រដ្ឋធានី Port-au-Prince បានឱ្យដឹង​កាលពី​ថ្ងៃទី 8 កក្កដា ថា៖ «ខ្ញុំ​បានផ្ដល់​សិទ្ធិ​ដល់​ប៉ូលិស ដើម្បី​សួរចម្លើយ​រាល់​បុគ្គលិក​សន្តិសុខ​ដែល​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី Jovenel Moise»។

    លោក Bed-Ford Claude ចោទ​សួរថា៖ «បើសិន​អ្នកទទួលខុសត្រូវ​ក្នុងការ​ការពារ​សន្តិសុខ​ជូន​ប្រធានាធិបតី តើ​អ្នក​នៅទីណា? អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ឱ្យ​ប្រធានាធិបតី​រួច​ផុតពី​ការស្លាប់​នេះ?»៕

    ប្រភព៖ NY Post, AFP
    ប្រែ​សម្រួល៖ បុត្រា

  • សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    សកម្មភាព​ក្រុម​ប្រដាប់អាវុធ ឆ្មក់​ចូលធ្វើ​ឃាត​ប្រធានាធិបតី ហៃ​ទី នៅ​កណ្ដាលរាត្រី

    ស្នូរ​គ្រាប់កាំភ្លើង​ដំបូង បាន​លាន់​ឡើង​នៅវេលា​ម៉ោង​ប្រហែល 1 ទៀបភ្លឺ នៃ​ថ្ងៃទី 7 កក្កដា បានធ្វើឱ្យ​ភាពស្ងប់ស្ងាត់​ក្នុង​រាត្រី​នៅក្នុង​តំបន់​ដែលមាន​ភូមិគ្រឹះ​របស់​ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise។

    នៅ​ពេលឮ​សំឡេង​ផ្ទុះ​នៅពេល​កំពុង​គេង ប្រជាជន​ដែល​រស់​នៅក្បែរនោះ សុទ្ធតែ​គិតថា​ជា​ព្រឹត្តិការណ៍​គួរឱ្យ​ភ័យខ្លាច ដែល​ពួកគេ​ជួប​ជា​ញឹកញាប់ នោះ​គឺ អំពើហិង្សា​រវាង​ក្រុមសង្គមងងឹត និង​គ្រោះ​រញ្ជួយ​ដី។ ប៉ុន្តែ នៅពេល​ថ្ងៃ​រះ ទើប​ការពិត​ត្រូវបាន​លាតត្រដាង ៖ «ប្រធានាធិបតី ត្រូវបាន​គេ​ធ្វើឃាត»។

    «ជនបរទេស» មួយក្រុម ដែល​និយាយ​ភាសា​អង់គ្លេស និង​ភាសា​អេ​ស្ប៉ា​ញ បាន​សម្រុកចូល​ផ្ទះ​របស់​ប្រធានាធិបតី Moise នៅ​តំបន់ Pelerin 5 នៃ​រដ្ឋធានី Port-au-Prince វេលា​ម៉ោង 1 ទៀបភ្លឺ។ នេះ​បើតាម​ប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ហៃ​ទី Claude Joseph។

    វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់ បាន​បង្ហាញថា ក្បួន​រថយន្ត SUV ដែល​ដឹក​ក្រុម​ប្រដាប់អាវុធ បាន​បរ​យ៉ាង​លឿន​ចូលទៅ​ចត​ខាងមុខ​ខ្លោងទ្វារ​នៃ​ភូមិគ្រឹះ​ប្រធានាធិបតី។ មនុស្ស​ម្នាក់​ដែលមាន​សំឡេង​ដូច​ជនជាតិ​អាមេរិក ក្នុង​ក្រុម​ប្រដាប់អាវុធ បាន​និយាយ​តាម​ឧបករណ៍​បំពង​សំឡេង​ថា៖ «នេះ​ជា​យុទ្ធនាការ​របស់​កងក​ម្លាំ​ង​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក (DEA)។ គ្រប់គ្នា​ថយក្រោយ ចាក​ចេញពី​ទីតាំង»។

    ក្រុម​ប្រដាប់អាវុធ​នោះ បន្ទាប់មក​ក៏បាន​សម្រុកចូល​ភូមិគ្រឹះ​របស់​ប្រធានាធិបតី Moise។ ក្រោយមកទៀត​ក៏​ស្រាប់តែ​ឮ​សំឡេង​គ្រាប់កាំភ្លើង។

    ប្រធានាធិបតី​វ័យ 53 ឆ្នាំ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ក្នុង​គ្រា​ដែល​ភរិយា​របស់លោក គឺ​លោកស្រី Martine វ័យ 47 ឆ្នាំ រងរបួស​ធ្ងន់។ លោកស្រី Martine ត្រូវបាន​បញ្ជូន​ទៅកាន់ Miami សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល។ នាយករដ្ឋមន្ត្រី Joseph បាន​ហៅ​ករណី​ឃាត​កម្មនេះ​ថា​ជា «សកម្មភាព​គួរឱ្យ​ស្អប់ខ្ពើម អមនុស្សធម៌ និង​គួរឱ្យខ្លាច»។

    អនុរដ្ឋមន្ត្រី​សារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុម​ឃាតករ​ដែល​បាន​បាញ់សម្លាប់​ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ ឯកអគ្គរដ្ឋទូត ហៃ​ទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករ​ទាំងនេះ គឺជា ទាហាន​ស៊ីឈ្នួល ដែល​បន្លំ​ខ្លួន​ជា​កងកម្លាំង​ពិសេស​របស់​អាមេរិក (DEA)។ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាមេរិក មាន​ការិយាល័យ​មួយ​នៅ​រដ្ឋធានី​របស់ ហៃ​ទី ដើម្បី​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ប្រទេស​នេះ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន។

    ផ្លូវ​ចូល​ភូមិ​គ្រឹះ​របស់​ប្រធានាធិបតី​

    អគ្គស្នងការ​នគរបាល​ជាតិ ហៃ​ទី លោក Leon Charles បានប្រកាសថា ទាហាន​ស៊ីឈ្នួល​ចំនួន 4 នាក់ ដែល​បាន​ធ្វើឃាត​ប្រធានាធិបតី Moise ត្រូវបាន​សម្លាប់ និង 2 នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ខណៈ​ជនសង្ស័យ​មួយចំនួន​ផ្សេងទៀត កំពុង​ត្រូវបាន​តាម​ប្រមាញ់។ ក៏ប៉ុន្តែ សមត្ថកិច្ច មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ក៏ដូចជា​មិនទាន់​បង្ហាញ​ភ័ស្ដុតាង បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ក្រុម​ជនសង្ស័យ ជាមួយនឹង​ករណី​ឃាត​កម្មនេះ។

    មកដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​ប្រដាប់អាវុធ បាន​ប្រើប្រាស់​មធ្យោបាយ​អ្វី ដើម្បី​ឆ្លង​ផុត​កងកម្លាំង​ការពារ​ខាងក្រៅ​របស់​ភូមិគ្រឹះ​ប្រធានាធិបតី​នៅឡើយ។

    លោក Moise ធ្លាប់បាន​ប្រាប់​កាសែត អេ​ស្ប៉ា​ញ ថា «មាន​មនុស្ស​រាប់លាន​នាក់» ចង់​សម្លាប់​លោក «ព្រោះតែ​គោលនយោបាយ​របស់លោក ឬ​កំណែទម្រង់​ដែល​លោក​កំពុង​អនុវត្ត» នេះ​បើតាម​អគ្គរដ្ឋទូត Edmond៕

    ប្រភព៖ Mirror, NYTimes, Washington Post
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    ប្រទេស​ហៃទី៖ ប្រធាន​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ៗនៅ​ប្រទេស​ហៃ​ទី​ ​ត្រូវ​បាន​គេ​ចាប់​ជំរិត​ នាំ​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត ផ្អាក​​ទទួល​ព្យាបាល​អ្នក​ជំងឺ​ថ្មី​ ខណៈ​ដែល​មេរោគ​COVID-19 កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​។

    លោក​ Jerry Bitar ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់ ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប្រជុំ​ជន ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ធ្វើ​ការ​នៅ​ឯមន្ទីរ​ពេទ្យ​ Bernard Mevs ក្នុង​រដ្ឋ​ធានី Port-au-Prince។

    មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ Bernard Mevs ដើម្បី​សម្ដែង​សាមគ្គី​ភាព​ជាមួយ​នឹង​លោក​វេជ្ជ​បណ្ឌិត​ Bitar ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នេះ​ជាមួយ​នឹង​បងប្អូន​ភ្លោះ​របស់​លោក​។ បុគ្គលិក​ទាំង​អស់​របស់​លោក Bitar បាន​នាំ​គ្នា​អង្វរ​ករ សូមឱ្យ​ដោះ​លែង​អ្នក​ដឹក​នាំ​របស់​ពួកគេ​។ សារ​ព័ត៌មាន​ក្នុង​ស្រុក​ក៏បាន​ចេញ​ផ្សាយ​ ដោយ​ការ​អង្វរ​ ទទូច​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ផងដែរ​។

    “នៅ​ក្នុង​ស្ថាន​ភាព​នៃ​វិបត្តិ​សុខ​ភាព​នេះ ការ​ចាប់​ជំរិត​វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​​ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់​។ ខ្ញុំ​ស្នើ​ឱ្យ​ដោះ​លែង​គាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​”។ នេះ​ជា​សម្ដី​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ Jean Wilguens Charles ដែល​មាន​មិត្ត​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Bernard Mevsនេះ​។

    ផែន​ទីនៃ​ទី​តាំង​​ប្រទេស​ហៃទី(Hiti)

    ជំនួយ​ការ​ Claude Devil បាន​ឱ្យ​ដឹង​ថា​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់ មិន​ថា​ជា​អ្នក​មាន​ ឬអ្នក​ក្រ​គ្មាន​ប្រាក់​នោះ​ទេ​។ ក៏ប៉ុន្តែ ពេល​នេះ​ពួក​គេ​មិន​អាច​ទទួលព្យាបាល​​អ្នក​ជំងឺ​បន្ថែម​ទៀត​នោះ​ឡើយ​​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នេះ​។ មា​អ្នក​ជំងឺ​មួយ​ចំនួន​ ត្រូវ​ការ​វះកាត់​ ប៉ុន្តែ​ក្រុម​វេជ្ជ​បណ្ឌិត​មិន​ហ៊ាន​សម្រេច​ចិត្ត​។

    អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ហៃ​ទី(Hiti)បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ប្រទេស​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង​ ស្រាវជ្រាវ​តាម​ចាប់​អ្នកដែល​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​លោក​វេជ្ជ​បណ្ឌិត​ Jerry Bitar។

    ករណី​ចាប់​ជំរិតទារ​ប្រាក់​នៅ​ប្រទេស​ហៃ​ទី​ ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ច្រើន ក្នុង​ពេល​​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​​សេដ្ឋ​កិច្ចផង និង​នយោបាយ​​ផង។ យោង​តាម​ធនាគារ​ពិភពលោក ហៃ​ទី​ជា​ប្រទេស​ក្រី​ក្រ​បំផុត​នៅ​ទ្វីប​អាមេរិក​។ សមត្ថកិច្ច​ហៃទី​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែមករា​ឆ្នាំ​នេះ មាន​ករណី​ចាប់​ជំរិត​ដល់​ទៅ​15​ករណី​។ ក្រុម​ជន​ពាល​ទាំង​នេះ ធ្វើ​សកម្ម​ភាព​​មិន​រើស​មុខនោះ​ទេ​ ដោយ​ពួកគេ​ចាប់​ជំរិត​ទាំង​​អ្នកជំនួញ បុគ្គលិក​ក្រុម​មនុស្ស​ធម៌បរទេស និង​តំណាង​រាស្ត្រ​ ហើយ​សូម្បី​តែ​សិស្ស​សាលា​ក៏​ពួក​វា​មិន​លើក​លែង​ដែរ​។

    ពលរដ្ឋ​នាំ​គ្នា​អង្វរករ​ សុំ​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ហៃ​ទី​ បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ត្រឹម​តែ​8​ករណី​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ Jovenel Moise កាលពីសប្ដាហ៍​មុន​បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​ស្នើ​ឱ្យ​បិទ​សាលា​រៀន រោង​ចក្រ រួម​នឹង​កន្លែង​គោរព​បូជា​សាសនា​ផងដែរ​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​របស់​វីរុស៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​