Tag: ស្ថាប័នរដ្ឋ

  • អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

    អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

    ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។

    ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។

    ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។

    ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។

    អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។

    ឪពុក​របស់​អ្នកស្រី Jean Legg មាន​ឈ្មោះថា Sidney Daniels ជា​បុគ្គលិក​បម្រើការ​នៅលើ​កប៉ាល់ Titanic ក្នុងពេល​មាន​អាយុ​ទើបតែ 18 ឆ្នាំ។ ក្នុង​យប់កើតហេតុ​លិច​កប៉ាល់ Titanic លោក Daniels បាន​រួច​ពី​ការស្លាប់ ដោយសារ​បាន​លោត​ចូល​សមុទ្រ និង​ហែល​ដល់​ទូក​សុវត្ថិភាព។ គាត់​បានទទួល​មរណភាព​កាលពី​ឆ្នាំ 1983។

    ក្រោយពី​នាវាមុជទឹក Titan ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ព័ត៌មាន​ជាច្រើន​បានឱ្យដឹងថា ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​នាវា Titan មិនបាន​គោរព​គោលការណ៍​ស្ដង់ដា​ធម្មតា​ស្ដីពី​សុវត្ថិភាព​របស់​នាវា។

    Titan មិនមែនជា​នាវា​ដំបូង​គេ​ដែល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic។ Deep Ocean Expeditions បានចាប់ផ្ដើម​សកម្មភាព​ដូចគ្នានេះ​ចាប់ពី​ឆ្នាំ 1998 ដោយ​លក់​សំបុត្រ​តម្លៃ 32,000 ដុល្លារ/ម្នាក់។ បណ្ដា​ក្រុមហ៊ុន​ដទៃ​ដូចជា Bluefish, RMS Titanic Inc និង Blue Marble Private ក៏​ធ្វើ​សកម្មភាព​នេះ។

    ក៏ប៉ុន្តែ Deep Ocean Experditions និង Bluefish បាន​បញ្ឈប់​សកម្មភាព​តាំងពី​ឆ្នាំ 2012 ខណៈ RMS Titanic Inc ក៏បាន​ផ្អាក​តាំងពី​ជាង​មួយ​ទសវត្សរ៍​កន្លង។

    អ្នកស្រី Jean Legg ​ជា​កូន​ស្រី​របស់​​លោក Sidney Daniels អតីត​បុគ្គលិក​លើ​កប៉ាល់​ Titanic​

    នាវាមុជទឹក​ដែល​ផ្សងព្រេង​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ធ្វើ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​អន្តរជាតិ ដូច្នេះ​ពុំមាន​ស្ថាប័នរដ្ឋ​ណាមួយ​គ្រប់គ្រង​ស្ដង់ដា​សុវត្ថិភាព​របស់​នាវា​ទាំងនេះ។ ប៉ុន្តែ​ក្រុមហ៊ុន​នានា​បាន​ស្ម័​គ្រ​ចិត្ត​អនុញ្ញាតឱ្យ​រដ្ឋ​ពិនិត្យ​នាវា​របស់​ពួកគេ។

    នៅលើ​ពិភពលោក​មាន​នាវា​ត្រឹមតែ 10 គ្រឿង​ប៉ុណ្ណោះ​ដែលមាន​សមត្ថ​ភាពចុះ​ដល់​ជម្រៅ​របស់​សាកសព​កប៉ាល់ Titanic។ នេះ​បើតាម​លោក Will Kohnen ប្រធាន​សមាគម​បច្ចេកវិទ្យា​ផ្លូវទឹក។ លោក Will និយាយថា «នាវា​ទាំងនេះ​សុទ្ធ​តែ​ត្រូវបាន​ត្រួតពិនិត្យ លើកលែងតែ Titan»។

    នៅមុន និង​ក្រោយ​កើតហេតុ​ការណ៍​គ្រោះថ្នាក់​នាវាមុជទឹក Titan បុគ្គល និង​ស្ថាប័ន​ជាច្រើន​បាន​អំពាវនាវ​ឱ្យមាន​ការត្រួតពិនិត្យ​នាវា Titan និង​ក្រុមហ៊ុន OceanGate ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ដែល​​ផ្សេង​ព្រេង​ចុះទៅ​ទស្សនា​សាកសព Titanic។ ពួកគេ​យល់ថា ក្រុមហ៊ុន OceanGate មិន​យកចិត្តទុកដាក់​លើ​បញ្ហា​សុវត្ថិភាព។

    ក៏ប៉ុន្តែ អ្នកខ្លះ​ថា ប្រវត្តិសាស្ត្រ​នឹង​បាត់ស្រមោល បើសិន​ដំណើរ​ចុះទៅ​មើល​សាកសព Titanic ត្រូវបាន​បញ្ឈប់​ជា​រៀងរហូត។ ពួកគេ​យល់ថា វិស័យ​ទេសចរណ៍​ប្រភេទ​នេះ​នឹង​ងើប​ឡើងវិញ។

    លោក Alan Whitefield ដែលជា​ប្រធាន​ក្រុមហ៊ុន Silvercrest Submarines នៅ​ប្រទេស​អង់គ្លេស និយាយថា «វា​ដូច​ទៅនឹង​វិស័យ​អាកាសចរណ៍។ ពេល​មាន​យន្តហោះ​ធ្លាក់ គ្រប់គ្នា​តែង​តែ​​ព្រួយបារម្ភ…។ ប៉ុន្តែ​ច្រើន​ខែក្រោយ​មក ពួកគេ​ក៏​បន្ត​ជិះ​យន្តហោះ និង​ភ្លេច​រឿងរ៉ាវ​ដែល​បានកើត​ឡើង»៕

  • ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស តែ​អ្នក​ដែល​កែច្នៃ និង​ថែទាំ​មនុស្ស​ពិតប្រាកដ​នោះ​គឺ​គ្រូបង្រៀន​ដែល​កំពុង​បម្រើ​ការងារ​យ៉ាង​មមាញឹក​នៅក្នុង​សាលា​ឱ្យមាន​សកម្ម​ភាពរស់រវើក។ គ្រូបង្រៀន​ជា​កម្លាំងចលករ​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​សង្គម​មួយ​មាន​ស្ថានភាព​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​តាមរយៈ​ការបង្កើន​ចំនួន​ធនធានមនុស្ស​ទៅតាម​ជំនាញរៀងៗខ្លួន​របស់​យុវជន​ដែលជា​អ្នក​បន្តវេន​របស់​កម្ពុ​ជា។

    ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ជា​ទិវា​គ្រូបង្រៀន ដែល​គ្រប់​សមាសភាព​ក្នុងសង្គម​ចាប់ផ្តើម​នាំគ្នា​លើកឡើង​ពី​បញ្ហា​គ្រូបង្រៀន និង​ក៏​ជា​ពេលដែល​សិស្ស​គ្រប់គ្នា​រំឭក​ឡើងវិញ​នូវ​គុណបំណាច់​របស់លោក​គ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ​ដែល​បាន​យកចិត្តទុកដាក់ បណ្តុះបណ្តាល​សិស្ស​ទាំងឡាយ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ និង​មាន​ភាព​ថ្កុំថ្កើង​នៅពេល​បច្ចុប្បន្ននេះ។

    ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​គ្រូ​ដែលជា​វិស្វករ​នៃ​ព្រលឹង​របស់​មនុស្សម្នាក់ៗនេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​ដោយពេល​ម្ដងម្កាល​តែប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ ជា​រៀងរាល់​ទិវាសំខាន់ៗ សិស្ស​ជាច្រើន​នាំគ្នា​រំឭក​គុណ និង​ដឹង​គុណគ្រូ តែ​ពេល​ក្រៅពី​នោះមក គ្រូបង្រៀន ជាពិសេស​គ្រូចាស់ៗដែល​ចូលនិវត្តន៍ នៅ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្តខ្លាំងៗពី​សិស្ស​នៅឡើយ​ទេ ដូចជា​ស្ថាប័ន​នានា ជាពិសេស​ស្ថាប័នឯកជន​តែម្ដង។ តែ​នាពេលថ្មីៗនេះ សាធារណជន​បានចាប់ផ្ដើម​មើលឃើញថា ការយកចិត្តទុកដាក់​លើ​គ្រូបង្រៀន​ហាក់​មាន​លក្ខណៈ​ផុសផុលខ្លះៗហើយ​តាមរយៈ​ការបង្ហាញ​ជំហរ​បស់​សាលា​ឯកជន​មួយចំនួន​ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​ឱ្យមក​បង្រៀន​ក្នុង​សាលា​របស់ខ្លួន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ដើម្បី​ជា​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​គាត់​ផងដែរ។

    ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ប៉ិច ប៉ូ​ឡែ​ន ស្ថាបនិក​សាលា​វេ​ស្ទ​ឡា​ញន៍ ធ្លាប់បាន​លើកឡើងថា លោក​សាស្ត្រាចារ្យ ចូលនិវត្តន៍​ជា​ធនធានមនុស្ស​ដែលមាន​តម្លៃ និង​ជា​ជន​ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​បង្រៀន។ ម្យ៉ាងវិញទៀត​យើង​សង្កេតឃើញថា គ្រូបង្រៀនចាស់ៗជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ខ្ពស់​ក្នុង​ជីវិត​បង្រៀន ដែល​អាច​បណ្តុះបណ្តាល​សិស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គម​បាន។

    ស្រដៀង​គ្នា​នេះដែរ អតីត​នាយក​វិទ្យាល័យ​ទួល​ទំពូង លោក​សាស្ត្រាចារ្យ ស៊ិន ស៊ីថុន និង​ជា​ស្ថាបនិក​នៃ​សាលា មហា​សាស្ត្រា ក៏បាន​លើកទឹកចិត្ត​គ្រូបង្រៀន​ចូលនិវត្តន៍​ដើម្បី​មក​បង្រៀន​ក្នុង​សាលា​របស់លោក ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​លោកគ្រូ-អ្នកគ្រូ​ចូលនិវត្តន៍​បាន​ជួបជុំគ្នា ពិភាក្សាគ្នា​ផង​ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេងជំនាន់ក្រោយ។

    ក្រៅពីនេះ​គេ​មើលឃើញ​សាលា​ឯកជន​មួយចំនួន​ផ្សេងទៀត​ក៏បាន​ចាប់អារម្មណ៍ និង​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​មក​បង្រៀន​ដែរ ដែល​ជាការ​ផ្តល់ឱកាស​ច្រើន​សម្រាប់​សាស្ត្រាចារ្យចាស់ៗដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម និង​ដើម្បី​ជាការ​យកចិត្តទុកដាក់​ចំពោះ​រូបគាត់​ផងដែរ៕