Tag: ស្គម

  • «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។

    ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។

    «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។

    សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា លោក​ Truman ធ្លាប់​រិះគន់​ជនជាតិ​ជ្វីហ្វ​នៅ​ក្នុង​ការ​ពិភាក្សា​លក្ខណៈ​បុគ្គល​ជា​ច្រើនលើក​​។ ក្រោយ​មក លោក Jacobson ក៏​សម្លឹង​​ឃើញ​រូប​សំណាក​មួយ​ដែល​ឆ្លាក់​រូប​ប្រធានាធិបតី Andrew Jackson នៅ​លើ​ខ្នង​សេះ​ ដែល​ដាក់​តាំង​ក្នុង​បន្ទប់​ ហើយ​ក៏​សម្រេច​ចិត្ត​ស្នើ​សូម​ម្ដង​ទៀត​។

    «Harry លោក​មាន​វីរបុរស​មួយ​រូប គឺ​ Andrew Jackson។ ខ្ញុំ​ក៏​មាន​វីរបុរស​មួយ​រូប​ដែរ នោះ​គឺ​ Chaim Weizmann» លោក Jacobson និយាយ​ដូច្នេះ​ និង​បន្ត​ថា «គាត់​គឺជាជន​ជាតិ​ជ្វីហ្វ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​សម័យ​របស់​គាត់​។ Weizmann មាន​វ័យ​ចំណាស់ និង​រាងកាយ​ស្គម​ខ្សោយ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ជួប​លោក​ បែប​នេះ​ហើយ តើ​​លោក​មិន​យល់​ព្រម​ជួប​គាត់​ទៀត​ទេ​អី? ប្រការ​នេះ​មិន​ដូច​លោក​បន្តិច​ទាល់​តែ​សោះ​»។

    លោក Truman យក​ម្រាម​ដៃ​គោះ​លើ​តុ រួច​បង្វិល​កៅអី​មក​វិញ​។ លោក​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​។ «បាន​ហើយ លោក​ទំពែក​ក្បាល​រឹង​។ លោក​ឈ្នះ​។ ខ្ញុំ​នឹង​ជួប Weizmann»។

    ការ​យល់​ព្រម​ខាងលើ​បាន​នាំ​ឱ្យ​មាន​ជំនួប​ជា​សម្ងាត់​វាង​លោក Truman និង​ Weizmann នា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​នោះ ប្រធានាធិបតី​អាម៉េរិក​បាន​សន្យា​ថា នឹង​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​។

    ប្រធានាធិបតីអាម៉េរិក Harry S. Truman (ឆ្វេង) និងលោក Eddie Jacobson នៅ Kansas រដ្ឋ Missouri កាលពីខែធ្នូ ឆ្នាំ 1947

    មនោសញ្ចេតនាម​រវាង​លោក Truman និង Jacobson បានចាប់​ផ្ដើម​នៅ​ឯ​ទីក្រុង Kansa រដ្ឋ Missouri ។ Jacobson កើត​ឆ្នាំ 1891 ហើយ​ធំដឹង​ក្ដី​នៅ​តំបន់ Lower East Side ក្នុងទីក្រុង​ New York City មុន​ពេល​រើ​ទៅ​រស់​នៅ​ក្នុង​ទីក្រុង Kansas។ ឪពុក​ម្ដាយ​របស់​លោក Jacobson គឺជា​ជនជាតិ​ជ្វីហ្វ​ដ៏ក្រីក្រ មក​ពី​លីទុយអានី​ (Lithuania)។

    ឆ្នាំ​ 1906 Jacobson ដែល​មាន​វ័យ 15 ឆ្នាំ និង​​បាន​ឈប់​រៀន កំពុង​តែ​ផ្ញើ​វិក្កយបត្រ​ទូទាត់​​ប្រាក់​ទៅ​ឱ្យ​ហាង​ទំនិញ​មួយ​នៅ​ក្បែរ​ធនាគារ​ជាតិ Union ក៏​បាន​ជួប Truman ដែល​ពេល​នោះ​ជា​បុគ្គលិក​ឃ្លាំង​ប្រាក់​ និង​មាន​អាយុ 22 ឆ្នាំ​។ ពួក​គេ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ 1917 ក្នុង​តំបន់ Fort Sill រដ្ឋ Oklahoma ជា​ទី​ដែល​ពួក​គេ​ត្រូវ​បាន​បង្វឹក​ដើម្បី​ចូល​រួម​ធ្វើ​សកម្មភាព​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​។ ពួក​គេ​បាន​ក្លាយ​ជាមិត្ត​ និង​រួម​គ្នា​គ្រប់​គ្រង​អាហារដ្ឋាន​មួយ​ក្នុង​បន្ទាយ​ ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​​ប្រើ​ប្រាស់​ឱ្យ​មិត្ត​រួម​ក្រុម​។

    ក្រោយ​សង្គ្រាម ពួក​គេ​ក៏​បាន​សហការគ្នា​រក​ស៊ី​។ នៅ​ឆ្នាំ 1919 លោក Truman និង​លោក Jacobson ក៏​បាន​សម្រេច​ចិត្ត​បើក​ហា​ង​លក់​សម្លៀក​បំពាក់​មួយ​នៅ​កណ្ដាល​ក្រុង Kansas។

    ឆ្នាំ 1935 លោក Truman បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​នៅ​សភា​ជាន់​ខ្ពស់​របស់​រដ្ឋ​ Missouri សហរដ្ឋ​អាម៉េរិក​។​ Truman និង Jacobson នៅតែរក្សា​ទំនាក់​ទំនង​នឹង​គ្នា​។ Jacobson បបួល Truman ទៅ​បរបាញ់ និង​ស្ទួច​ត្រី​ក្នុង​ទន្លេ Missouri ជា​ញឹក​ញាប់​។

    ក្រោយ​មក Harry Truman ក៏​ក្លាយ​ជា​អនុប្រធានាធិបតី​អាម៉េរិក នៅ​ក្នុង​រដ្ឋការ​លោក Franklin D. Roosevelt នៅ​ឆ្នាំ 1945​។ ក្នុង​ខែ​មេសា 1945 លោក Truman ក៏​ក្លាយ​ជា​ប្រធានាធិបតី​ ពេល​លោក Roosevelt បាន​ទទួល​មរណភាព​។

    រាជាណាចក្រ​អ៊ីស្រាអែល​របស់​ជន​ជាតិ​ជ្វីហ្វ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សតវត្សរ៍​ទី 11 មុន​គ្រិស្តសករាជ​។ ឆ្នាំ 586 មុន​គ្រិស្តសករាជ ចក្រភព​បាប៊ីឡូន​ (Babylon) ដណ្ដើម​បាន​ដែន​ដី​នេះ​ ហើយ​តំបន់​នេះ​ក្រោយ​មក​ក៏​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រ​ភព​ពែរ្ស (អ៊ីរ៉ង់) និង​ចក្រភព​រ៉ូម​។ ចាប់​ពី​ឆ្នាំ 641 ជនជាតិ​អារ៉ាប់​ក៏​គ្រប់​គ្រង​ដែន​ដី​នេះ​ក្នុង​រយៈ​ពេល​ 1,300 ឆ្នាំ​។ វត្តមាន​របស់​ជនជាតិ​ជ្វីហ្វ​លើ​ទឹក​ដី​នេះ​ក៏​ថយ​ចុះ​ច្រើន​ ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​រត់​ទៅ​រស់​នៅ​ក្នុង​ដែន​ដី​ដទៃ​ មាន​ដូច​ជា​ អឺរ៉ុប​ជា​ដើម​។ ឆ្នាំ 1516 ចក្រភព​អូតូម៉ង់ (Ottoman) ក៏​វាយ​យក​បាន​ដែន​ដី​នេះ និង​បាន​ហៅ​វា​ថា ប៉ាលេស្ទីន​អាតូម៉ង់​។​

    ចលនាហ្ស៊ីយ៉ូននិយម (Zionist Movement) បាន​ងើប​ឡើង​ចាប់​ពី​ឆ្នាំ 1881 គ្រាដែល​សហគមន៍​​ទាំង​ឡាយ​របស់​ជនជាតិ​ជ្វីហ្វ​ដែល​រស់នៅ​​ឆ្ងាយ​ពី​ទឹក​ដី មាន​បំណង​វិល​ត្រលប់​ចូល​ «ដែន​ដី​អ៊ីស្រាអែល» និង​មានបំណង​បង្កើត​រដ្ឋ​ជ្វីហ្វ​។ ជនជាតិ​ជ្វីហ្វ​ពី​អឺរ៉ុប និង​រុស្ស៊ី​ជា​ដើម បាន​ត្រលប់​ទៅ​រស់​នៅ​ក្នុង​អតីត​ទឹក​ដី​របស់​ខ្លួន​ដែល​​ប៉ាលេស្ទីនរបស់​​អូតូម៉ង់​កំពុង​គ្រប់​គ្រង​។

    ផែនទី​របស់​ប្រទេស​អ៊ីស្រាអែល និង​ប៉ាលេស្ទីន ចាប់​ពី​ឆ្នាំ 1947​ដល់​បច្ចុប្បន្ន

    ក្រោយ​សង្គ្រាម​លើក​ទីមួយ​បាន​បញ្ចប់​ អង់គ្លេស​បាន​ផ្ដួល​អាតូម៉ង់ និង​ដណ្ដើម​បាន​តំបន់​​ខាងលើ ហើយ​ហៅ​វា​ថា ដែន​ដី​គ្រប់គ្រង​មាន​កាល​កំណត់​ប៉ាលេស្ទីន​។ ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ជនជាតិ​ជ្វីហ្វ​នៅ​លើ​ដែន​ដី​នេះ​មាន​កាន់​តែ​ច្រើន​ ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ស្ដីពី​ការ​បង្កើត​រដ្ឋ​ជ្វីហ្វ​ ​ត្រូវបាន​ជំរុញ​បន្ថែម​។

    ថ្ងៃទី 29 វិច្ឆិកា 1947 អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ផែនការ​បែង​ចែក​ទឹក​ដី​ប៉ាលេស្ទីន​ជា​ប្រទេស​ពីរ​ដាច់ពី​គ្នា គឺ​ប្រទេស​ជ្វីហ្វ (អ៊ីស្រាអែល) និង​អារ៉ាប់ (ប៉ាលេស្ទីន)​។ អង្គការ​សហប្រជាជាតិ​ប្រគល់​របប​អន្តរជាតិ​ពិសេស​ទៅ​ឱ្យ​ទីក្រុង​ Jerusalem។ ភាគី​ខាង​ជ្វីហ្វ​បាន​យល់​ព្រមតាម​ផែនការ​នេះ​​ ខណៈ​អារ៉ាប់​បាន​បដិសេធ​។

    ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​​ ក្រុម​មេដឹក​នាំ​ចលនាហ្ស៊ីយ៉ូននិយម​ ក៏​បាន​ទាក់​ទង​លោក Jacobson ដើម្បី​ពឹង​ឱ្យ​លោក​បញ្ចុះ​បញ្ចូល ស្នើ​សូម​ឱ្យ​​ប្រធានាធិបតី​ Truman ជួប​ Weizmann។

    ក្រសួង​ការ​បរទេស​អាម៉េរិក​ កាល​នោះ​កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នក​គាំទ្រ​អារ៉ាប់​ និង​មាន​គម្រោង​ដកថយ​ពី​ផែនការ​​បែង​ចែក​ទឹក​ដី​របស់​អង្គការ​សហប្រជាជាតិ​។ ក៏ប៉ុន្តែ ចុង​ក្រោយ​ លោក Truman ក៏​បាន​សម្រេច​ចិត្ត​គាំទ្រ​ទាំងស្រុង​ទៅវិញ​ បន្ទាប់​ពី​បាន​ជួប​លោក Weizmann។

    ថ្ងៃទី 14 ឧសភា 1948 អ៊ីស្រាអែល​ ក៏​ប្រកាស​ឯករាជ​។ 11 នាទី​ក្រោយ​ ប្រធានាធិបតី​ Truman ក៏​ប្រកាស​ទទួលស្គាល់​ប្រទេស​អ៊ីស្រាអែល​។ លោក Weizmann បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​របស់​ប្រទេស​អ៊ីស្រាអែល​៕

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។

    កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ

    – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។

    – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។

    – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។

    វិធីជួយបង្កើនទម្ងន់ខ្លួនកូន

    កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ?

    1. សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។
    2. កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា ឬចៀនឱ្យបានញឹកញាប់ឡើង តែអ្នកម្ដាយត្រូវប្រយ័ត្នរឿងប្រព័ន្ធរំលាយអាហាររបស់កូនផង។
    3. បន្ថែមគ្រឿងផ្សំ ៈ ការបន្ថែមចំណែកផ្សំរបស់អាហារដែលនឹងធ្វើឱ្យកូនញ៉ាំបាន ដូចជា ទឹកដោះ ប៊័រ ម្សៅ ឬស្ករខ្លះៗ ក៏នឹងជួយបង្កើនទម្ងន់ខ្លួនកូនបានដែរ។
    4. រៀបចំអាហារញ៉ាំបន្ថែមពេលទំនេរ ៈ ការរៀបចំអាហារញ៉ាំពេលទំនេរ ដូចជា នំសាំងវិច ជាមួយទឹកដោះគោ ឬទឹកផ្លែឈើក្រឡុកដែលផ្សំដោយទឹកដោះគោ ឬទឹកស្ករ ក៏ជាការបំពេញកម្លាំងថាមពលដែលបាត់បង់ទៅក្នុងចន្លោះពេលបាយចម្បងៗដល់កូនបានដែរ។

    វត្ថុធាតុដើម 6យ៉ាងក្នុងការផ្សំម្ហូបអាហារបង្កើនទម្ងន់កូន

    ក្រៅពីវិធីការចម្អិនអាហារហើយ ការជ្រើសរើសវត្ថុធាតុដើមមកធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ ក៏មានភាពសំខាន់ចំពោះទម្ងន់ខ្លួនរបស់កូនដូចគ្នាដើម្បីឱ្យអ្នកម្ដាយបានបង្កើនទម្ងន់ខ្លួនកូនពីសារធាតុអាហារប្រភេទម្សៅ និងខ្លាញ់ដែលល្អចំពោះសុខភាព។

    1. ទឹកដោះគោឆៅ ឬទឹកដោះគោដែលកូនញ៉ាំជាប្រចាំ ព្រោះជាទឹកដោះដែលមានជាតិខ្លាញ់អាចយកមកផ្សំធ្វើជាម្ហូបអាហារបាន។
    2. ត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជាត្រីសណ្ដាយ ត្រីអណ្ដែង ដែលនឹងជួយក្នុងការសាងជាតិខ្លាញ់បានល្អ។
    3. សណ្ដែកផ្សេងៗ ជាពិសេស សណ្ដែកដី មានប្រយោជន៍ជួយបង្កើនកម្លាំងថាមពល តែមិនគួរញ៉ាំច្រើនជ្រុលពេកដែរ ព្រោះវានឹងធ្វើឱ្យហើមពោះ។
    4. ស៊ុត ជាអាហារពហុប្រយោជន៍ដែលបន្ថែមកម្លាំងថាមពលដល់កូន។
    5. បន្លែដែលមានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់ ដូចជាពោត ល្ពៅ មានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់។
    6. ផ្លែឈើស្រស់ផ្សេងៗ ក្រៅពីមុខម្ហូបអាហារចម្បងៗហើយនោះ ផ្លែឈើក៏អាចធ្វើជាអាហារញ៉ាំពេលទំនេរដើម្បីបង្កើនថាមពលក្នុងចន្លោះពេលថ្ងៃបានដែរ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង។

    អាហារបន្ថែមទម្ងន់កូនវ័យ 6 – 12ឆ្នាំ

    ឱ្យកូនបានញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមក្នុងមួយពេលៗដែលប្រកបដោយ ៈ

    • បាយ 2 – 3វែក។
    • សាច់សត្វ 2ស្លាបព្រាបាយ ឬស៊ុត(ស៊ុតជាប្រូតេអ៊ីនគុណភាព ក្មេងមានទម្ងន់ខ្លួនតិចគួរឱ្យញ៉ាំមួយថ្ងៃ 1គ្រាប់)។
    • ឆាបន្លែ 1វែក។
    • ផ្លែឈើ ដូចជាក្រូច 1ផ្លែ ឬចេក 1ផ្លែ ឬល្ហុងទុំ 4 – 5ចំណិត ឬផ្លែឈើផ្សេងៗទៀត។
    • ទឹកដោះគោ 1កែវ។

    បើកូនញ៉ាំអាហារបានតិច ចូរបែងចែកពេលញ៉ាំអាហារចម្បងៗទៅជាពេលតូចៗ អាចបបួលកូនឱ្យមានចំណែករួមក្នុងការត្រៀមរៀបចំអាហារ ឱ្យសាកភ្លក្ស និងអង្គុយញ៉ាំដំណាលគ្នាជាមួយប៉ាម៉ាក់យ៉ាងរីករាយ។ នាំកូនទៅហាត់ប្រាណ រត់លេង ព្រោះនៅពេលកូនបានបញ្ចេញកម្លាំងថាមពលហើយ នឹងធ្វើឱ្យកូនឃ្លាន និងញ៉ាំបានច្រើន។ មិនគួរឱ្យកូនញ៉ាំនំ បៀមស្ករគ្រាប់ ឬទឹកដោះគោមុនពេលបាយឡើយ ព្រោះនឹងធ្វើឱ្យកូនឆាប់ឆ្អែត និងញ៉ាំបាយបានតិច។

    ការមើលថែទាំកូនឱ្យគេងលក់សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប់ជានិច្ច ជាផ្នែកសំខាន់ក្នុងការបង្កើនទម្ងន់ខ្លួន និងកម្ពស់ដល់កូនៗដំណាលគ្នានឹងភាពរឹងមាំរបស់រាងកាយ និងដែលសំខាន់គឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់អំពីឪពុកម្ដាយ ជាវិធីដែលនឹងធ្វើឱ្យកូនមានសុខភាពរាងកាយដែលរឹងមាំ និងមានទម្ងន់ខ្លួនតាមស្តង់ដារបានល្អបំផុត៕

  • ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

    ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

    “ក្មេងពិបាកញ៉ាំអាហារ” ជាបញ្ហាមួយដែលឪពុកម្ដាយមានអារម្មណ៍តានតឹង និងកង្វល់ចិត្តយ៉ាងខ្លាំង ហើយដោយសារតែខំព្យាយាមគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យកូនបានញ៉ាំអាហារ ទើបជាលទ្ធផលធ្វើឱ្យក្មេងតតាំងកាន់តែខ្លាំងឡើង ហើយបញ្ហាក៏នឹងរឹតតែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃខ្លាំងឡើង។ “ក្មេងពិបាកញ៉ាំអាហារ” អាចជួបប្រទះនៅលើក្មេងទូទៅ 3 – 5ភាគរយច្រើនស្ថិតក្នុងវ័យ 1 – 6ឆ្នាំ ក្មេងនឹងមានអាការដូចតទៅ គឺញ៉ាំយឺត បៀមបាយ ឬស្រែកយំមិនព្រមញ៉ាំ ខ្ជាក់ចេញ ឬក្អួតអាហារដែលញ៉ាំចូលទៅហើយនោះចេញមកវិញ ជាដើម។ ឯឪពុកម្ដាយវិញនឹងខំប្រឹងធ្វើយ៉ាងណាឱ្យកូនញ៉ាំបាន តាំងពីទំពាបញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់លក្ខខណ្ឌជាមួយកូន ឬបង្ខំដាក់ទណ្ឌកម្មដោយវិធីផ្សេងៗក៏មាន។

    ភាគច្រើនក្មេងត្រូវបានទទួលអាហារមួយថ្ងៃក្នុងបរិមាណដែលគ្រប់គ្រាន់ តែបើក្នុងករណីដែលក្មេងបានទទួលអាហារតិចជាងប្រក្រតី និងមានការចម្រើនធំធាត់យឺតនោះ ក្មេងគួរបានទទួលការពិនិត្យវាយតម្លៃដើម្បីរកវិធីព្យាបាលខាងរាងកាយ និងផ្លូវចិត្តយ៉ាងលម្អិត។

    វិធីកែបញ្ហា ក្មេងពិបាកញ៉ាំអាហារ ក្នុងវ័យដែលត្រូវចាប់ផ្ដើមញ៉ាំ

    1 . ឱ្យអង្គុយនៅតុញ៉ាំបាយជាមួយប៉ាម៉ាក់។

    2 . មិនបើកទូរទស្សន៍មើលក្នុងអំឡុងពេលញ៉ាំបាយ ឬអាហារ។

    3 . ឱ្យពេលញ៉ាំអាហារប្រមាណជា 30នាទី ដោយដួសអាហារឱ្យសមល្មម មិនច្រើនជ្រុលពេក។ បើក្មេងមិនញ៉ាំ ពេលដល់ម៉ោង ចូរប្រមូលអាហារទុកដាក់។

    4 . ក្នុងពេលញ៉ាំអាហារ ចូរនិយាយតែរឿងល្អៗ សប្បាយៗ។

    5 . កុំបង្ខំឱ្យក្មេងញ៉ាំ ឬដាក់ទោស ពេលក្មេងមិនញ៉ាំអាហារ។

    6 . ពេលក្មេងញ៉ាំបាយ ឬអាហារបានច្រើន ចូរនិយាយសរសើរ តែបើគេញ៉ាំបានតិច ចូរធ្វើព្រងើយ។

    7 . តម និងចៀសវាងការញ៉ាំអាហារផ្សេងៗក្នុងអំឡុងពេលញ៉ាំបាយ ដូចជានំ ទឹកដោះគោ ឬស្ករគ្រាប់ជាដើម។

    មូលហេតុធ្វើឱ្យក្មេងពិបាកញ៉ាំអាហារ

    1 . បរិមាណអាហារច្រើនជ្រុលពេក។

    2 . ក្មេងមិនចូលចិត្តញ៉ាំអាហារនោះ ដូចជាបន្លែ ឬត្រីជាដើម ដូច្នេះមិនគួរបង្ខំទេ តែគួរកែច្នៃអាហារនោះទៅជារូបបែបផ្សេងៗ ហើយបបួលឱ្យក្មេងសាកល្បងញ៉ាំ។

    3 . ក្មេងខ្វះការឃ្លានចង់ញ៉ាំអាហារ ដោយសារតែញ៉ាំនំ ឬទឹកដោះគោនៅពេលមុនហ្នឹងរួចហើយ។

    4 . ក្មេងមានបទពិសោធមិនល្អពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវបញ្ចុកបង្ខំឱ្យញ៉ាំរហូតឈឺមាត់ ឬធ្លាប់ស្ថិតក្នុងបរិយាកាសដែលមិនល្អក្នុងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវសម្លុត ឬវាយបង្ខំឱ្យញ៉ាំជាដើម។

    5 . ខណៈពេលញ៉ាំអាហារ ក្មេងមានការឈឺថ្កាត់ខាងរាងកាយ ឬមានបញ្ហាខាងអារម្មណ៍។

    កែខៃបញ្ហារឿងកូនពិបាកញ៉ាំអាហារសម្រាប់មនុស្សជាឪពុកម្ដាយ

    1 . បន្ថយក្ដីកង្វល់ចិត្តចុះខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហាររបស់កូន ដូចជាកង្វល់ថា កូននឹងមានទម្ងន់ខ្លួនតិច(ស្គម) ឬបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាដើម ព្រោះក្ដីកង្វល់នោះនឹងហុចផលទៅដល់កូន ធ្វើមានផលប៉ះពាល់ដល់ការមិនញ៉ាំអាហារបាន។

    2 . បណ្ដោយឱ្យកូនមានឱកាសបានជួយខ្លួនឯងខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជា ចំពោះក្មេងដែលចាប់ផ្ដើមចេះចាប់កាន់ចំណីអាហារដុំតូចៗ ឬចេះយកស្លាបព្រាដាក់ចូលមាត់ ទោះជាកំពប់ ឬប្រឡាក់ខ្លះក៏ដោយ។

    3 . ទៅជួបគ្រូពេទ្យចិត្តសាស្រ្តកុមារ បើសិនអាណាព្យាបាលបានធ្វើតាមការណែនាំ និងប្រតិបត្តិតាមចំណុចទី1 និងចំណុចទី2យ៉ាងជាប់លាប់ហើយ និងបើមានចំណុចសង្ស័យណាមួយអាចសុំការណែនាំពីគ្រូពេទ្យកុមារ ឬគ្រូពេទ្យចិត្តសាស្រ្តកុមារដើម្បីរកដំណោះស្រាយ។

    វិធីការពារបញ្ហា ក្មេងពិបាកញ៉ាំអាហារ

    1 . ចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមក្នុងពេលវេលាដ៏ត្រឹមត្រូវ(អាយុបានប្រមាណជា 6ខែឡើង)។

    2 . បង្ហាត់បង្រៀនអំពី “សុខប្រតិបត្តិ” ក្នុងការញ៉ាំដល់ក្មេងតាំងពីពេលចាប់ផ្ដើមឱ្យញ៉ាំអាហារ។

    បញ្ហា ក្មេង “ពិបាកញ៉ាំអាហារ”ជាបញ្ហាដែលជួបប្រទះញឹកញាប់ ដូច្នេះការមើលថែទាំ និងការពារបញ្ហាតាំងពីពេលចាប់ផ្ដើមនឹងជួយឱ្យក្មេងល្អប្រសើរឡើងបាន មិនដូច្នោះទេអាចកើតមានបញ្ហាឡើងបាន ដូចជា បញ្ហាសម្ព័ន្ធភាពរវាងឪពុកម្ដាយកូន បញ្ហាទង្វើច្រងេងច្រងាង និងបញ្ហាផ្នែកផ្លូវចិត្ត ដូចជាមានសម្ពាធ និងខ្វល់ខ្វាយច្រើន ជាដើម៕

  • ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    តើ​អ្នកណា​មាន​សភាវ​រាងកាយ​បែបហ្នឹង​ខ្លះ​? ​ពេល​ថ្លឹង​ អាច​នឹង​មាន​ទម្ងន់​ខ្លួន​ទាប​ជាង​កម្រិត​ស្តង់ដារ​ តែ​ហេតុ​អី​បាន​មាន​ក្បាលពោះ​? ការពិត​ទៅ​ ​អ្នក​អាច​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​មនុស្ស​ “Skinny​ ​Fat​” គឺ​មនុស្ស​មាន​ទម្ងន់​ខ្លួន​តិច​ ឬប្រក្រតី​ តែ​បែរជា​មានសាច់​ដុំ​តិច​ ខ្លាញ់​ច្រើន​ មើលរូប​រាង​ខាងក្រៅ​ទៅ​ មិនមែន​ជា​មនុស្ស​ធាត់​ទេ​ តែ​មាន​ដុះ​ក្បាលពោះ​?

    មូលហេតុ​របស់​ការ​ស្គម​ តែ​មាន​ក្បាលពោះ​ បណ្ដាល​ពី​បច្ច័យ​ជាច្រើន​ ដូចជា​ ៖

    1. ការអត់អាហារ​ ឬការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​
    ដោយសារតែ​ការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​ នឹង​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ ​ទើប​បឺត​យកជាតិ​ខ្លាញ់​មក​ប្រើ​ តែ​នៅពេល​ដល់កំណត់​ រាងកាយ​ក៏​នឹង​ប្ដូរ​ទៅ​ទាញ​សាច់ដុំ​មក​ប្រើ​ជំនួស​វិញ​ ហើយ​នៅពេល​សាច់ដុំ​ថយ​ចុះ​ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្លាក់ចុះ​ទាប​ទៅតាម​នោះ​ដែរ​។

    វិធី​កែ​គឺ​ ទទួលទាន​អាហារ​ឱ្យ​ច្រើនឡើង​ ជាពិសេស​អាហារ​ដែល​ផ្ដល់​កម្លាំងថាមពល​ និង​ត្រូវ​ហាត់ប្រាណ​រួម​ជាមួយ​ផង​ ដើម្បី​បន្ថយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​ច្រើន​។

    2. ហាត់ប្រាណ​ខុស​វិធី​ ឬហាត់ប្រាណ​បែប​ Cardio​ ច្រើនជ្រុល​ពេក​
    ទោះជា​ការហាត់ប្រាណ​បែប​ Cardio​ ដូចជា​ ​ការ​រត់​ ធាក់កង់​ វាយ​បុក​ រាំ​អ៊ែ​រ៉ូប៊ិ​ក ការ​រាំ​-ល-មានផល​ល្អ​ចំពោះ​រាងកាយ​ក៏​ពិតមែន​ តែបើ​ធ្វើ​ច្រើន​រហូត​ជ្រុល​ពេក​ ក៏អាច​កើត​ផល​អាក្រក់​ដល់​រាងកាយ​បាន​ដែរ​ ព្រោះ​ការហាត់ប្រាណ​បែប​ ​Cardio ច្រើនជ្រុល​ពេក​នឹង​ក្លាយជា​ការ​បង្ខំ​ដុត​បំផ្លាញ​កម្លាំងថាមពល​ ហើយ​បើ​យើង​ទទួល​ទាន​អាហារ​តិច​ទៀតផង​នោះ​ នឹង​ធ្វើ​ឱ្យ​រាង​កាយ​នាំ​សាច់ដុំ​ទៅ​ប្រើជា​កម្លាំងថាមពល​ជំនួស​វិញ​ និង​នៅពេល​រាងកាយ​បាត់បង់​បណ្ដុំ​សាច់​ដុំ​ ប្រព័ន្ធ​ដុត​បំផ្លាញ​ក៏​នឹង​ថយ​ចុះ​ ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កាន់តែ​ប្រមូល​សន្សំ​ច្រើនឡើង​ ហេតុនេះ​ទើប​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​រូបរាង​ស្គម​ តែ​ទៅ​ជា​មាន​ក្បាលពោះ​នោះ​។

    វិធី​កែ​គឺ​ ចូរ​ងាក​មក​ហាត់ប្រាណ​ដោយ​ការ​លេង​ Weight​ Training​, Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ ​Interval​ Training​) គួបផ្សំ​ទៅជាមួយ​ផង​ ព្រោះ​ការហាត់ប្រាណ​ដោយ​វិធី​នេះ​ នឹង​ទៅ​ជួយ​បង្កើន​បណ្ដុំ​សាច់ដុំ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្វើការ​ខ្លាំង​ឡើង​ ហើយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​នោះ​ ក៏​នឹង​ថយ​ចុះទៅ​តាម​នោះ​ដែរ​។

    3. ញ៉ាំ​ស្រា​ក៏​មាន​ចំណែក​រួម​ដែរ​
    មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​រក​ឃើញថា​ គ្រឿង​ភេសជ្ជៈ​អាល់កុល​ ដូចជា​ ​ស្រា​បៀរ​ ស្រា​វី​ស្គី​ វ៉ុ​ដកា​ ខក់​ថេល​ ឬវ៉ា​ញ សុទ្ធ​តែ​ហុច​ផល​ឱ្យ​មាន​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅ​ត្រង់​ប្រអប់​ពោះ​ច្រើន​ជាពិសេស​ទាំងអស់​។ រឹត​តែ​យើង​ញ៉ាំ​ច្រើន​ប៉ុនណា​ ឱកាស​ដែល​ខ្លាញ់​នឹង​ចូល​ទៅ​ប្រមូលផ្ដុំ​នៅត្រង់​បរិវេណ​ចង្កេះ​ ក៏​រឹតតែ​មាន​ច្រើនឡើង​ដូចគ្នា​ដែរ​។

    4. ញ៉ាំ​អាហារ​គ្មាន​ប្រយោជន៍​ជាប្រចាំ
    ​ទោះជា​យើង​គ្រប់គ្រង់​លើ​ការ​ហូប​អាហារ​ហើយ​ក្ដី​ តែ​ការដែល​យើង​នៅតែ​ចូលចិត្ត​ញ៉ាំ​នំ​ ឬបង្អែម​ ឬអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឧទាហរណ៍​ដូចជា​ នំ​ឃុក​គី​ នំ​ខេ​ក ដូណាត់​ ភី​ហ្សា​ ​ការ៉េម​-ល- ក៏​ធ្វើ​ឱ្យ​ដុះ​ក្បាលពោះ​បាន​ដែរ​ ​ព្រោះ​អាហារ​ទាំងអស់​នេះ​ច្រើនតែ​មាន​ខ្លាញ់​្រថាន​ស៍​(Trans​) ច្រើនណាស់​ ហើយ​ជាតិ​ខ្លាញ់​មួយ​នេះឯង​ដែល​ហុច​ផល​ឱ្យ​ក្បាលពោះ​វា​មិន​បាត់ទៅណា​នោះ​។
    មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ ការ​ទទួលទាន​ខ្លាញ់​ត្រាន​ស៍​ជាប្រចាំ​ នឹង​ហុច​ផល​ឱ្យ​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅត្រង់​ក្បាលពោះ​ច្រើនឡើង​ ទោះជា​បរិមាណ​កាឡូរី​ជា​រួម​ មិនបាន​ខ្ពស់​ក៏ដោយ​។

    វិធី​បញ្ចុះ​ក្បាលពោះ​
    – ផ្លាស់ប្ដូរ​ទង្វើ​ការ​ហូបចុក​ ចៀសវាង​ការ​ទទួលទាន​អាហារ​ផ្អែម​ អាហារ​ហ្វា​សត៍​ហ្វូ៊​ដ ​ដោយ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់​ ​តែ​ផ្ដល់​កម្លាំងថាមពល​ទាប​។ សង្កត់ធ្ងន់​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុីន​ជាចម្បង​ ដើម្បី​ជួយ​បង្កើន​សាច់ដុំ​។ ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ ​បន្ថយ​បរិមាណ​ខា​បូ​ហាយ​ដ្រេ​តចុះ​ពាក់កណ្ដាល​ ​ដោយ​បែរមក​ជ្រើសរើស​ទទួលទាន​ បាយ​អង្ករ​សម្រូប​ ឬនំប៉័ង​ហូល​វីត​ ជាដើម​ និង​ទទួលទាន​ខ្លាញ់​ល្អ​ ដូចជា​ ប្រេង​ម្កាក់​ អា​វ៉ូ​ខា​ដូ​ សណ្ដែក​ ​ត្រី​សាល់​ម៉ុន​ជាដើម​ ក្នុង​ចំណែក​ដែល​សមរម្យ​ដែល​រាងកាយ​គួរ​បាន​ទទួល​រៀងរាល់ថ្ងៃ​។

    – បង្កើន​ការ​សាង​សាច់ដុំ​ ដោយ​ការហាត់​ប្រាណ​ ដូចជា​ ការ​លេង​ Weight​ Training​,Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ Interval​ Training​) ព្រោះ​វា​នឹង​ជួយ​ឱ្យ​រាងកាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើនឡើង​៕