Tag: សុខភាព

  • ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​

    បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុកនៃ​ប្រទេស​វៀត​ណាម​ ចាប់​ផ្ដើម​ផ្អាក​ទាំង​ស្រុង​រាល់​ជើង​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​ ចាប់​ពី​ថ្ងៃ​នេះ ដោយ​សារ​ការ​រាត​ត្បាត​របស់​វីរុស COVID-19។

    ជើង​ហោះ​ហើរ​អន្តរជាតិ​ចុង​ក្រោយ​ក្នុង​ដំណាក់​កាល​នេះ​ របស់​ Vietnam Airlines នឹង​ចេញ​ដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់​ មក​កាន់​វៀត​ណាម​ នា​ថ្ងៃទី​25មីនានេះ ដោយ​ដឹក​អ្នក​ដំណើរ​ 170​នាក់​ និង​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​ Van Don (Van Don International Airport or Ha Long Airport) ក្នុង​ខេត្ត Quang Ninh ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​វៀត​ណាម ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ហាណូយ និង​ព្រំ​ដែន​ជាប់​ជាមួយ​ប្រទេស​ចិន​​។

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietnam Airlines និង​ Jetstar Pacific នឹង​បិទ​ជើង​ហោះ​ហើរ​អន្តរជាតិ​ ចាប់​ពី​ថ្ងៃទី​30​មេសា​ខាង​មុខ​។ Bamboo Airways ផ្អាក​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​តែ​មួយ​គត់​ ដែល​ហោះ​ទៅ​កាន់​កូរ៉េខាង​ត្បូង​ និង​បន្ត​ការ​បិទ​ជើង​ហោះ​ហើរអន្ត​ជាតិថ្មី​ទៀតផងដែរ​។

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ផ្អាក​ទាំង​​ស្រុង​​រាល់​ការ​ហោះ​ហើរ​ទៅ​-មក​អន្តរ​ជាតិ​Vietjet Air បាន​ផ្អាក​ជើង​ហោះ​ហើរ​អន្តរជាតិ​ ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ចិន តៃ​វ៉ាន់ កូរ៉េខាង​ត្បូង ឥណ្ឌា​ និង​ប្រទេសជប់ុន។ ក្រុម​ហ៊ុន​នេះ នៅ​តែ​លក់​សំបុត្រ​ដែល​ធ្វើ​ដំណើរ​ពី​រដ្ឋធានី​ហាណូយ​ ទៅ​កាន់​រាជ​ធានី​នៃ​ប្រទេស​ជប៉ុន​ និង​ត្រឡប់​មក​វិញ នៅ​ក្នុង​ថ្ងៃ​ទី​31​មីនា 2មេសា និង​4មេសា​។

    មិន​មែន​មាន​​តែ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ ក្រុម​ហ៊ុន​អាកាស​ចរណ៍​បរទេស​​ជា​ច្រើន​ក៏​បាន​ផ្អាក​​និង​លុប​ចោល​ជើង​ហោះ​ហើរ​មក​កាន់​ប្រទេស​វៀត​ណាម​ផងដែរ​។

    ប្រទេស​វៀត​ណាម បច្ចុប្បន្នបាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋបរទេស​ទាំង​អស់​ លើក​លែង​តែ​អ្នក​ដែល​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​ផ្លូវ​រដ្ឋ​។

    ដើម្បី​ទប់ស្គាត់​ការ​ឆ្លង​ COVID-19 ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​វៀត​ណាម ក៏​បាន​បង្កើន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទៅ​លើ​​យន្ត​ហោះ​ដែល​បាន​ដឹក​អ្នក​ដំណើរ​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ​ផងដែរ។

    គិត​មក​ដល់​ល្ងាច​នេះ (25មីនា) ប្រទេស​វៀត​ណាម​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19​ ចំនួន​134​ករណី​ ក្នុង​នោះ​មាន​17​ករណី​បាន​ជាសះ​ស្បើយ​។ អ្នក​ជំងឺ​​នៅ​ប្រទេស​នេះ​ភាគ​ច្រើន​មាន​ជាប់​ទាក់​ទង​នឹង​អ្នក​មក​ពី​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ ហើយ​ក្រោយ​មក​ក៏​ឆ្លង​រាល​ដាល​ក្នុង​ស្រុក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សហរដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ស្នូល​នៃ​វិបត្ត​សុខ​ភាព​របស់​ពិភពលោក​នាពេល​ខាង​មុខ?

    COVID-19! សហរដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ស្នូល​នៃ​វិបត្ត​សុខ​ភាព​របស់​ពិភពលោក​នាពេល​ខាង​មុខ?

    WHO បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​ថា ប្រទេស​នេះ​អាច​នឹង​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ នាំឱ្យ​តួលេខ​​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​ COVID-19 ឡើង​ដល់​54.823​​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​ជិត​778​​នាក់​។

    “យើង​កំពុង​តែ​ឃើញ​ការ​កើន​ឡើង​ខ្ពស់​នៃ​តួលេខ​អ្នក​ឆ្លង​មេរោគ​នៅ​សហរដ្ឋ​អាមេរិក​។ ដូច្នេះ សហរដ្ឋ​អាមេរិក​មាន​សក្ដា​នុពល​ក្លាយ​ជា​ស្នូល​នៃ​សម្បុក​​មេរោគ​” នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី​ Margaret Harris អ្នក​នាំ​ពាក្យ​របស់់​អង្គ​ការ​សុខភាព​ពិភពលោក​(WHO) ថ្លែង​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​មាន​សំណួរ​ដែល​សួរ​ថា “តើ​សហរដ្ឋ​អាមេរិក​​អាច​ក្លាយ​ជា​​ស្នូល​នៃ​សម្បុក​មេរោគ​​​រាត​ត្បាត​នៅទូទាំង​ពិភពលោក​ដែរ ឬ​អត់​?”។

    លោក​ស្រី​ Margaret Harris អ្នក​នាំ​ពាក្យ​របស់់​អង្គ​ការ​សុខភាព​ពិភពលោក​(WHO)

    យោង​តាមលោក​ស្រី Margaret Harris ចំនួន​ករណី​ឆ្លង​មេរោគ​នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​ច្រើន​ណាស់​ហើយ​។ ក្នុង​អំឡុង​24​ម៉ោង​កន្លង​ គេ​បាន​រក​ឃើញ​ថា 85%​ នៃ​ករណី​ឆ្លង​មេរោគ​ថ្មី​សរុប​ក្នុង​ពិភពលោក​​ គឺ​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក ក្នុង​នោះ​សហរដ្ឋ​អាមេរិក មាន​ដល់​ទៅ​40​%។

    សហរដ្ឋ​អាមរិក បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​ COVID-19​ថ្មី ចំនួន​11,074​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​ឡើង​ដល់​54,808​នាក់​។ ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​​222​ករណី​បន្ថែម​ទៀត​ ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24​ម៉ោងចាប់​តាំង​ពី​មេរោគ​កូរ៉ូណា​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ បណ្ដាល​ឱ្យ​តួលេខ​អ្នក​ស្លាប់​កើន​ដល់​775​នាក់​។

    តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា អាច​ខ្ពស់​ជាង​តួលេខ​ដែល​បាន​ប្រកាស​។ យ៉ាង​ហោច​ណាស់​មាន​រដ្ឋ​ចំនួន​18​របស់​សហ​រដ្ឋ​អាមេរិក (ដែល​មាន​ប្រជា​ជន​ជាង​ 176​លាន​នាក់ ប្រហាក់ប្រហែល​នឹង​54​%​នៃ​ចំនួន​ប្រជា​ជន​សរុប​របស់​សហរដ្ឋ​អាមេរិក)​ ត្រូវ​បាន​ ឬ​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដែល​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។

    រដ្ឋ​ New York ទទួល​រង​ផលប៉ះពាល់​ច្រើន​ជាង​គេ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន 26,348​នាក់ គឺ​កើន​5,473​ករណី និងអ្នក​​ស្លាប់​​271​នាក់​។ “យើង​មិន​ទាន់​គ្រប់​គ្រង​ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​របស់​ COVID-19​ នៅ​ឡើយ​។ COVID-19 កំពុង​បង្កើន​ល្បឿន និង​រីក​រាល​ដាល​លឿន​ដូច​រថភ្លើង​ល្បឿន​លឿន​” លោក Andrew Cuomo ​អភិបាល​ទីក្រុង​ New York បាន​ព្រមាន​ដូច្នេះ​។

    COVID-19! សហរដ្ឋ​អាមេរិក​អាច​ក្លាយ​ជា​ស្នូល​នៃ​វិបត្ត​សុខ​ភាព​របស់​ពិភពលោក​នាពេល​ខាង​មុខ?
    រដ្ឋមន្ត្រី​ការ​ពារ​ជាតិ របស់​សហរដ្ឋ​អាមេរិក​ លោក​​ Mark Esper

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ទទួល​ស្គាល់​ថា​​ ​ប្រភព​ផ្គត់​ផ្គង់​ធនធាន​សម្រាប់​ការ​ថែ​ទាំ​សុខ​ភាព​សំខាន់​ៗ​ដើម្បី​ការ​ពារ​បុគ្គលិក​សុខាភិបាល​ជួរ​មុខ បាន​ប្រែទៅ​​ជា​លំបាក។ លោក​ Trump បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃទី​24​មីនា​ថា “ទីផ្សារ​ម៉ាស់​ និង​ម៉ាស៊ី​នជំនួយ​ការ​ដក​ដង្ហើម​​ក្នុង​ពិភពលោក​ ប្រែ​ទៅ​ជា​លំបាក​ខ្លាំង​។ យើង​នឹង​ជួយ​ឱ្យ​រដ្ឋ​នានា​មាន​ឧបករណ៍​ទាំង​នេះ ប៉ុន្តែ វា​មិន​ងាយ​ស្រួល​នោះ​ទេ​”។

    ក៏​ប៉ុន្តែ ខណៈ​ដែល​អភិបាល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក​ អំពាវនាវ​ឱ្យ​ប្រជា​ជន​នៅ​​ក្នុង​ផ្ទះ​ លោក​ Trump បែរ​ជា​ថ្លែង​ថា លោក​កំពុង​ពិចារណា​អំពីយន្ត​ការ​ដើម្បី​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញនៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ និង​ដើម្បី​បញ្ចៀស​វិបត្តិ​សុខ​ភាព​នេះ​មិន​ឱ្យ​ក្លាយ​ជា “​វិបត្តិ​ហិរញ្ញា​វត្ថុ​យូរ​អង្វែង”​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បន្ត​ថា “ប្រជាជន​របស់​យើង​ ចង់​ត្រឡប់​មក​ធ្វើ​ការ​វិញ​។ ពួកគេ​នឹង​អនុវត្ត​វិធាន​ការ​បង្ខាំង​ខ្លួន និង​វិធាន​ការ​ផ្សេងៗ​ទៀត​។ មនុស្ស​ចាស់​នឹង​ត្រូវ​បាន​ការ​ពារ​ និង​ថែ​ទាំ​។ យើង​អាច​ធ្វើ​កិច្ច​ការ​2​ ក្នុង​ពេល​តែ​1​”។

    ទីប្រឹក្សា​​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​លោក Trump បាន​ហៅ​ការ​រឹត​បន្តឹង​នា​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ថា​ជា “បញ្ហា​​ប្រឈម​រយៈ​ពេល​15​ថ្ងៃ​” ហើយ​បាន​សន្យា​ថា​នឹង​ពិចារណា​ឡើង​វិញ​នូវ​តម្រូវ​ការ​នៃ​ការ​អនុវត្ត​វិធាន​ការ​នានា ដើម្បី​ទប់ស្កាត់មិនឱ្យ​​វីរុស​ឆ្លង​រាលដាល​។ ប៉ុន្តែ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ លោក​​ Mark Esper បាន​ព្រមាន​ថា វិបត្តិ​សុខ​ភាព​នៅ​សហរដ្ឋ​អាមេរិក​អាច​នឹង​បន្ត​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ ខណៈ​ប្រធានអគ្គសេនាធិការចម្រុះ​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក លោក Mark Milley មាន​ប្រសាសន៍​ថា តាម​ការ​វាយ​តម្លៃ​ពី​បទ​ពិសោធ​​ពី​បណ្ដា​ប្រទេស​ វិបត្ត​សុខភាព​​ COVID-19 អាច​អូស​បន្លាយ​ពេល​ដល់​ទៅ​7​ខែ​ឯណោះ​។

    ​ប្រធានអគ្គសេនាធិការចម្រុះ​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក លោក Mark Milley

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​197​ នៅ​ក្នុង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2020​ បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា​422,785​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​18,903​នាក់​បាន​បាត់​បង់ជីវិត និង​​ 13,095​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ ខណៈ​109,102​នាក់​បាន​ជា​សះស្បើយ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​គឺ​ជា​សម្បុក​មេរោគ​ COVID-19 ធំ​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

    កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

    នៅក្នុងជំនួបជាមួយនឹងក្រុមនិស្សិតស្ម័គ្រចិត្តនាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ សម្តេច កំពុងសិក្សាលទ្ធភាពផ្លូវច្បាប់ ដើម្បីរឹបអូសម៉ាស់ដល់ផ្ទះប្រសិនបើអ្នកណានៅតែបន្តលក់ម៉ាស់ឡើងថ្លៃខ្លាំង។

    នៅក្នុងនោះដែរ សម្តេចក៏បញ្ជាក់ផងដែរថា ប្រសិនបើនៅតែមិនស្តាប់គ្នា មិនត្រឹមតែរឹបអូសនោះទេ គឺនឹងបិទឱសថស្ថាននោះចោលតែម្តង ហើយឈប់ឱ្យរកស៊ីមួយជីវិតចំពោះអ្នកដែលនៅតែដំឡើងថ្លៃ។

    ភ្លាមៗសម្តេចនាយករដ្ឋមន្ត្រីក៏ជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងប្រជាពលរដ្ឋចូលរួមរាយការណ៍ ដើម្បីធ្វើយ៉ាងណាកំណត់ចំនួនឱ្យជាក់លាក់ដើម្បីចាត់វិធានការណ៍៕

  • លទ្ធផលវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារកូវីដ-19 រកឃើញថា មាននៅសល់វីរុសក្នុងរាងកាយ

    លទ្ធផលវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារកូវីដ-19 រកឃើញថា មាននៅសល់វីរុសក្នុងរាងកាយ

    ចិនបានបង្ហើបឱ្យដឹងពីលទ្ធផលនៃការវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារជំងឺឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួន 29នាក់ ដែលបានរកឃើញថា នៅក្នុងរាងកាយសាកសព មាននៅសល់មេរោគវីរុសកំណាចនេះនៅក្នុងសួត និងអវយវៈសំខាន់ៗជាច្រើនទៀតក្នុងរាងកាយត្រូវបានខូចខាតធ្ងន់ធ្ងរ។

    កាលពីថ្ងៃអង្គារ(ទី24មីនា) អ្នកជំនាញការចិន បានបង្ហើបឱ្យដឹងថា ក្រុមអ្នកវិភាគ និងស្រាវជ្រាវចិន បានធ្វើការវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួន 29នាក់ និងរកឃើញ​ថា នៅតែមាននៅសល់មេរោគវីរុសនៅក្នុងសួតរបស់អ្នកជំងឺ។

    លោក វ៉ាង គុយ ឆៀង អ្នកជំនាញការផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យលេខ1 របស់មហាវិទ្យល័យប៉េកាំង បានថ្លែងព័ត៌មានថា លទ្ធផលវះពិសោធន៍សាកសព បានបង្ហាញឱ្យឃើញពីភាពខូចខាតយ៉ាងធ្ងន់ធ្ងរដែលបានកើតឡើងនៅលើប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកជំងឺ ដែលនេះអាចជា “បច្ច័យសំខាន់បំផុត” ក្នុងការបាត់បង់ជីវិត។ ការឆ្លងមេរោគ មិនត្រឹមតែបង្កឱ្យកើតការប្រែប្រួលខាង Pathological change យ៉ាងធ្ងន់ធ្ងរនៅក្នុងសួតរបស់អ្នកជំងឺប៉ុណ្ណោះទេ តែនៅហុចផលប៉ះពាល់បណ្ដាលឱ្យកើតការបង្ហូរចេញនូវសារធាតុក្នុងបំពង់ខ្យល់ខ្នាតតូច(Small bronchial tubes) ដែលធ្វើឱ្យពិបាកខ្លាំងក្នុងការចាប់យកខ្យល់អុកស៊ីហ្ស៊ែន។

    លោក វ៉ាង បានបន្ថែមទៀតថា នៅក្នុងការព្យាបាល ការបើកផ្លូវដង្ហើមរបស់អ្នកជំងឺ និងការបង្កើនប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកជំងឺ គឺជារឿងសំខាន់ និងដោយសារតែប្រព័ន្ធប្រឆាំងជំងឺដែលខូចខាត ទើបធ្វើឱ្យអ្នកជំងឺឆ្លងមេរោគបាក់តេរី និងមេរោគផ្សិតបានកាន់តែងាយជាមុន ដែលគេប្រទះឃើញញឹកញាប់នៅលើអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ ហើយថែមទាំងមានការឆ្លងមេរោគផ្ទួនៗបែបនេះផង ច្រើនតែក្លាយជាបច្ច័យសំខាន់ដែលហុចផលឱ្យអាការអ្នកជំងឺធ្លាក់ចុះទ្រុឌទ្រោម ឬដល់ថ្នាក់បាត់បង់ជីវិត។

    លោកបានសរុបថា “តាមរយៈលទ្ធផលនៃការវះពិសោធន៍នេះ បេះដូង ថ្លើម និងក្រលៀន នៅបានរកឃើញភាពខូចខាតក្នុងកម្រិតដែលខុសគ្នាទៀតផង”៕

    ប្រភព៖ សារព័ត៌មានស៊ីនហួ

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

    កម្ពុជានឹងបិទខេធីវី និងបិទក្លិបកម្សាន្ត តែកម្ពុជាគ្មាន​ផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    សម្តេចមានប្រសាសន៍ថា អ្នកខ្លះរុញឱ្យយើងបិទទាំងអស់ តែបើបិទម្លឹងៗតើយើងរស់របៀបម៉េច? ហេតុនេះយើងមិនបិទនោះទេ តែយើងនឹងមានការប្រុងប្រយ័ត្នកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន។ កន្លងមក​មានថ្នាក់ក្រោមខ្លះធ្វើលើស ត្រង់គេឱ្យបិទ​ត្រឹម​ខេធីវី និងក្លិបកម្សាន្ត តែ​គាត់ទៅបិទដល់ហាងកាហ្វេ កន្លែងលក់គុយទាវ និង​កន្លែងផ្សេងៗទៀត។

    សម្តេចតេជោ បានបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាទាំងអស់នេះ កម្ពុជា​មិនបិទកម្មវិធីចូលឆ្នាំនោះទេ គ្រាន់តែកុំឱ្យមានការប្រមូលផ្តុំ ដោយប្រជាជន​អាចកម្សាន្តបាននៅតាមផ្ទះរៀងៗខ្លួនក្នុងឱកាសចូលឆ្នាំ។ ចំណែកឯការប្រគុំតន្ត្រីក៏នៅតែអនុញ្ញាតដែរ តែអនុញ្ញាតសម្រាប់ការផ្សាយនៅស្ថានីយដោយគ្មានអ្នកចូលមើល ហើយឱ្យអ្នកទស្សនានានាមើលតាមកញ្ចក់ទូរទស្សន៍វិញ៕

  • SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    កំពូល​កុំព្យូទ័រ​ SuperComputer អាច​ដំណើរ​ការ​នូវ​ទិន្នន័យ​ទំហំ​ដ៏ធំ​មហិមា ហើយ​អាច​បង្កើត​នូវ​​ការ​សាក​ល្បង​ដ៏ស្មុគស្មាញ​នៃ​អត្តចរិត​របស់​ម៉ូលេគុល ​បាន​ល្បឿន​ជាង​កុំព្យូទ័រ​ដទៃ​ទៀត។ ដូច​នេះ ​គេ​សង្ឃឹម​ថា ​វា​នឹង​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​-19។

    ក្រៅ​ពី​មាន​ការ​ចូល​រួម​ជា​សមាជិក​ ពី​សំណាក់​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​នោះ Google Cloud, Amazon Web Services និង Microsoft ​ក៏​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​នេះដែរ ហើយ​ពួក​គេ​នឹង​ផ្ដល់​សិទ្ធិឱ្យ​ប្រើ​ប្រាស់​សេវាកម្ម Cloud របស់​ពួក​គេ ដើម្បី​ពន្លឿន​កិច្ចការ​ស្រាវជ្រាវ។

    កំពូល​កុំព្យូទ័រ​​ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ supercomputers Summit ផង​​នោះ (កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក) គឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​​សហព័ន្ធ​ COVID-19 High Performance Computing ដែល​បាន​ប្រកាស​បង្កើត​ឡើង​នា​ថ្ងៃ​នេះ​ដោយ​ការិយាល័យ​សេតវិមាន​។

    ​កំពូល​កុំព្យូទ័រ​ទាំង 16 គឺ​មាន​​សមត្ថភាព​នៃ​ការ​គណនា​ក្នុង​ល្បឿន 330 Petaflop ដែល​មាន​ន័យ​ថា ​ពួក​វា​អាច​ធ្វើ​ការ​គណនា​បាន​ 330លាន​ពាន់​លាន​ដង​ក្នុង​ 1​វិនាទី។ គ្រាន់​តែ Summit តែ​ឯង ​គឺ​មាន​សមត្ថភាព​ដល់ 200 Petaflop ឯណោះ កន្លង​មក​គឺ​មាន​ដំណឹង​​ថា ​កំពូល​កុំព្យូទ័រ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​-19។

    ជាក់​ស្ដែង​​ការ​បញ្ជាក់​ ​​ពី​​វេបសាយ​​របស់​ក្រុមហ៊ុន IBM បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ការងារ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Tennessee និង​មន្ទីរ​ពិសោធន៍​ Oak Ridge National បាន​ប្រើ​ប្រាស់​ Summit ​ដើម្បី​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ពី​ម៉ូលេគុល​ចំនួន 8ពាន់​ផ្សេង​គ្នា។​

    ជា​លទ្ធផល​គេ​​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន 77 ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ថា ​វា​អាច​ព្យាបាល​កូវីដ​-19 បាន​ឬ​យ៉ាង​ណា?៕

  • អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    FluSense ជា​ឧបករណ៍​ស្រូប​​សំឡេង​ ដូច​ទៅ​នឹង​ microphone ប៉ុន្តែ​វា​ឆ្លាត​វៃត្រង់​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI បង្ហាញ​ចេញ​ជា​ភាគ​រយ​ ដើម្បី​វិភាគ​ថា តើ​មនុស្សម្នាក់នោះ​ឈឺ​ឬ​ក៏​អត់?។

    ​សហស្ថាបនិក ​លោក Tauhidur Rahman ផលិត​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​នេះបាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ដាក់​វា​​សាក​ល្បង​នៅ​បន្ទប់​រង់​ចាំ​នៅ​ក្នុង​បរិវេណ Campus សាកលវិទ្យាល័យ ​ចំនួន 4កន្លែង​ (Campus Clinic)។ ជា​លទ្ធផល​ប្រមូល​បាន​ទិន្នន័យបាន​គួរ​ឱ្យ​កត់​សម្គាល់​ FluScense ចាប់គំរូ​​បាន 21លាន​សំឡេង​ដែល​គ្មាន​បញ្ហា និង​វិភាគ​បាន​ 350 000 សង្ស័យ​ថា​ កំពុង​ចេញ​រោគ​សញ្ញា​ (Thermographic cameras) ។

    ឧបករណ៍នេះ ទើប​នឹង​បង្កើត​បាន​ជា​រូបរាង​ដោយ​​អ្នក​ស្រាវជ្រាវ​​ 1ក្រុម​មក​ពី​មហាវិទ្យាល័យ​វិទ្យសាស្រ្ត​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋ​អាមេរិក។ ដំណើរការ​ FluSense ​គឺតាមដាន​​ជា​បឋម​​នូវ​ចង្វាក់​ដង្ហើម​​ធម្មតា ឬ​មិន​ប្រក្រតីទៅ​តាម​សីតុណ្ហភាព​ក្នុង​ខ្លួន ចំនួន​ដងនៃការ​ដក​ដង្ហើម និង​ការក្អក ឬកណ្ដាស់​ជាដើម។

    ​ត្រឹម​តែ​ការ​សាកល្បង ស្ថាបនិក​ដដែល​ មាន​សុទិដ្ឋិនិយម​ថា​ ម៉ូដែល​ឧបករណ៍​នេះ​នឹង​អាច​ធ្វើ​ការ​បាន​ល្អ​ចាប់​បាន​ទម្រង់​ជា​វីរុស​ COVID-19 ឬ SARS ផង​ដែរ​ ប្រសិន​ណា​បើ​អភិវឌ្ឍ​វា​បន្ថែម​ទៀត។ លើសពី​នេះ​ទៀត​ លោក​ក៏​បាន​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ដើម្បី​ឱ្យឧបករណ៍​នេះ​បាន​តេស្ត​ផ្ទាល់ស្វែង​រក​កម្រិត​ដែលអាច​ទុក​ចិត្ត​បាន​៕

  • សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

    សម្តេចអង្វរនិស្សិតខ្មែរនៅអាមេរិកកុំអាលឱ្យមកផ្ទះ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី25 ខែមីនា ឆ្នាំ2020 នេះ បានប្រកាសថា​ មាននិស្សិតខ្មែរ​នៅសហរដ្ឋអាមេរិកប្រមាណជាង 10នាក់ គ្រោងនឹង​ត្រឡប់មក​កម្ពុជាវិញ តែសម្តេចបញ្ជាក់ថា សូមអង្វរកុំឱ្យពួកគេត្រឡប់មកកម្ពុជាពេលនេះអី។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា សូមឱ្យនិស្សិតកម្ពុជាទាំងអស់ស៊ូលំបាកបន្តិច កុំរត់ចោលអាមេរិក ហើយរៀនតាម Online នៅទីនោះសិន ដើម្បីការពារកុំឱ្យឆ្លងមេរោគ​ កូរ៉ូណា មកបងប្អូននៅកម្ពុជា។ សម្តេចក៏បានជំរុញភ្លាមៗផងដែរថា ឱ្យ​មន្ត្រីរបស់កម្ពុជាទាក់ទងទៅស្ថានទូតដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលដល់ប្រជាជនកម្ពុជា៕

  • COVID-19៖ រកឃើញអ្នកឆ្លងមេរោគ 2ករណីទៀតហើយ សរុប 93ករណី

    COVID-19៖ រកឃើញអ្នកឆ្លងមេរោគ 2ករណីទៀតហើយ សរុប 93ករណី

    ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នាព្រឹកថ្ងៃទី25 ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាយើង បានកើនឡើងដល់ 93នាក់ ហើយ គិតត្រឹមព្រឹកថ្ងៃទី25 មីនា នេះ ដោយសារតែរកឃើញជនជាតិបារាំង 2នាក់ ទៀតបានឆ្លងមេរោគនេះ នៅខេត្ត ព្រះសីហនុ តែយើងបានព្យាបាលឱ្យជាសះស្បើយបានចំនួន 6ករណី។

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថា មានជនជាតិបារាំង 2នាក់ទៀត ត្រូវបានរកឃើញថា កើតជំងឺកូវីដ-19 ដែលនាំឱ្យចំនួនអ្នកជំងឺកូវីដ-19 កើតមានសរុបនៅកម្ពុជាយើង កើនឡើងដល់ 93នាក់ ខណៈដែលតួលេខរបស់ក្រសួងសុខាភិបាល មានត្រឹម 91នាក់ គិតត្រឹមយប់ថ្ងៃទី24មីនា(ម្សិលមិញ)៕

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​អ៊ីតាលី ខ្ពស់​ជាង​ប្រទេសចិន​​ទ្វេ​ដង

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 នៅ​អ៊ីតាលី ខ្ពស់​ជាង​ប្រទេសចិន​​ទ្វេ​ដង

    ប្រទេស​អ៊ីតាលី បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន69,176​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​6,820​នាក់​ ខណៈ​ដែល​ប្រទេស​ចិន​ មាន​អ្នក​ស្លាប់​ 3,277​នាក់​។

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ក្នុង​រយៈ​ពេល​24​ម៉ោងកន្លង​ទៅ​នៅ​អ៊ីតាលី បាន​កើន​​743​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​6,820​នាក់​ ខ្ពស់​ជាង​ប្រទេស​ចិន​ដល់​ទៅ​2​ដង​ឯណោះ​។

    ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​តែ​ករណី​មាន​រោគ​សញ្ញា​ធ្ងន់​ លោក Angelo Borrelli ប្រធាន​នាយក​ដ្ឋាន​ការពារ​ប្រជាជន​ស៊ីវិល​អ៊ីតាលី​ កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា​ តួលេខ​ពិត​ប្រាកដ​ស្ដី​អំពី​អ្នក​ជំងឺ​ COVID-19 អាច​ខ្ពស់​ជាង​​10​ដង​ បើ​ធៀប​នឹង​តួលេខ​ដែល​បាន​រាយ​ការណ៍​។

    រដ្ឋាភិបាល​អ៊ីតាលី កាល​ពី​ថ្ងៃទី​23​មីនា បាន​ចេញ​បទ​បញ្ជា​បិទ​រាល់​អាជីវ​កម្ម​ណា​ដែល​ត្រូវ​បាន​យល់​ថា​មិន​ចាំបាច់​។ នាយក​រដ្ឋ​មន្ត្រី​ Giuseppe Conte ក៏​បាន​បង្កើន​កម្រិត​នៃ​ការ​ពិន័យ​ចំពោះ​អ្នក​ណា​ដែល​ចេញ​ពី​ផ្ទះ​ ពី​20​ EUR (ជាង​220​ដុល្លារ​អាមេរិក) ឡើង​ដល់​3,000​​ EUR (ជាង​3,200​ដុល្លារ​អាមេរិក)។

    បទបញ្ជា​ទាំង​ឡាយ​ក្នុង​ពេល​បច្ចុប្បន្ន នៅ​ប្រទេស​អ៊ីតាលី នឹង​អស់​សុពល​ភាព​នៅ​ថ្ងៃទី​3មេសា​ខាង​មុខ​។ យោង​​តាម​អនុក្រឹត្យ​មួយ​ដែល​បាន​ចេញ​កាល​ពី​ម្សិល​មិញ រដ្ឋាភិបាល​អាច​នឹង​ពន្យារ​​សុពល​ភាព​នៃ​បទ​បញ្ជា​ខាងលើ​ រហូត​ដល់​ថ្ងៃទី​31​កក្កដា​។ ក៏ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ Conte បាន​ច្រាន​ចោល​ផែន​ការ​រក្សា​សុពល​ភាព​នៃ​បម្រាម​គោចរនេះ​​រហូត​ដល់​ពេល​នោះ​ (31​កក្កដា)។

    សូម​បញ្ជាក់​ថា បន្ទាប់​ពី​ឆ្លងរាល​ដាល​ពី​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​2019 វីរុស​ COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​​​ប្រទេស​ និង​ដែន​ដី​ចំនួន​197 នៅ​ក្នុង​ពិភពលោក ហើយ​មក​ដល់​ពេល​នេះ អឺរ៉ុប​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ដ៏​ធំ​មួយ​របស់​ពិភពល​លោក​ផងដែរ​។ នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស ​422,566នាក់បាន​ឆ្លង​មេរោគ​កូរ៉ូណា ក្នុង​នោះ​មាន​18,887​​នាក់​បាន​បាត់​បង់​ជីវិត​ និង​​108,388​នាក់​បាន​ជា​សះ​ស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំចំនួន8ចំនុច ស្តីពីការបង្ការ ការពារ និងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ19

    មេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំចំនួន8ចំនុច ស្តីពីការបង្ការ ការពារ និងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ19

    យោងតាមសភាពការណ៍ធ្ងន់ធ្ងរ នៃការរីករាលដាលយ៉ាងឆាប់រហ័ស របស់ជំងឺរាតត្បាតកូវីដ19
    នៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់ ។ ស្ថិតក្នុងកាល:ទេស:នេះ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល
    និងការណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក សូមធ្វើសេចក្តឹ
    ណែនាំអំពីការចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាតផ្លូវដង្ហើម
    ប្រភេទថ្មី (Covid-19) នៅព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច
    កងឯកភាព និងស្ថាប័នចំណុះកងទ័ពជើងគោក ត្រវយកចិត្តទុកដាក់ដូចខាងក្រោម៖

    1. ត្រប់ស្ថាប័នកងឯកភាព ត្រវធ្វើការអប់រំដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ
    ឱ្យបានយល់ដឹងជាក់លាក់ពីឥទ្ធិពល់នៃជំងឺរាតត្បាតផ្លូវដង្ហើមប្រភេទថ្មី (0219) និងត្រូវមានវិធាន
    ការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

    2. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន30នាក់ឡើងទៅ
    លើកលែងក្នុងករណីចាំបាច់ត្រូវរក្សាតំលាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងចម្ងាយ 1.5ម ទៅ2ម
    យ៉ាងតិច ។

    3. ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញត្រប់ផ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួន
    ជាស្រេចចូលរូមប្រយុទ្ធប្រឆាំងនឹងផ្លូវដង្ហើមប្រភេទថ្មី (Covid-19) តាមបទបញ្ជារាជរដ្ឋាភីបាល
    ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ។

    4. គ្រប់ស្ថាប័នកងឯកភាពទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់
    រាជរដ្ឋាភិបាល កុំឱ្យមានការភ័យខ្លាចហួសហេតុ ជំងឺវើសអើង យើងត្រូវរក្សាអនាម័យល្អ រស់នៅស្អាត
    ផឹកស្អាត និងហូបស្អាត ។

    5. ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា មជ្ឍមណ្ឌលហ្វឹកហ្វឹន
    ត្រវចាត់តាំងការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល ។

    6. កងឯកភាព សាលា និងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មិនត្រូវអនុញ្ញាតឱ្យសិក្ខាកាម
    ចេញក្រៅបរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ
    ហើយពេលធូលមកវិញត្រូវមានការត្រួតពិនិត្យ សុខភាព ឱ្យបានរូសរាន់ ។

    7. ត្រូវធូលរួមទប់ស្កាត់រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញ
    សង្គម នឹងប្រភពផ្សេងៗដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍
    ជួរកងទ័ព ។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញា​សង្ស័យពាក់ព័ន្ធជំងឺផ្លូវដង្ហើម
    ប្រភេទថ្មី (Covid-19) ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរសព្ទ 115
    ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ ។

    8. នាយខុទ្ទកាល័យ មេបញ្ជាការគ្រប់យោធភូមិភាគ កងពលធំ-តូច កងឯកភាព និងស្ថាប័នចំណុះ
    កងទ័ពជើងគោក ត្រូវអនុវត្តក្នុងស្មាវតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

  • កម្ពុជា! អ្នកផ្ទុកវីរុស COVID-19 កើន​ឡើង​ដល់​ជាង​90​នាក់ បន្ទាប់​ពី​បាន​រកឃើញ​4ករណីបន្ថែម​ទៀត

    កម្ពុជា! អ្នកផ្ទុកវីរុស COVID-19 កើន​ឡើង​ដល់​ជាង​90​នាក់ បន្ទាប់​ពី​បាន​រកឃើញ​4ករណីបន្ថែម​ទៀត

    ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន4​ករណី​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់ជាង 90នាក់​។

    កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 4​ករណី​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​91ករណី​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃនេះ​ (24មីនា​)​។ អ្នក​ជំងឺ​ថ្មី​ទាំង​នេះ​ រួម​មាន ជនជាតិ​អង់គ្លេស​2នាក់ និង​ជនជាតិ​អាមេរិកាំង2នាក់។ ពួកគេ​គឺ​ជា​អ្នកដំណើរ​នៅលើ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​

    ទន្ទឹម​នឹង​នេះ ក្រសួងក៏ប្រកាសកម្ពុជា​ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផងដែរ​ថា កម្ពុជា​ក៏​មាន​ករណីជាសះស្បើយចំនួន​4នាក់​បន្ថែម​ទៀតផងដែរ។