Tag: សមាគម

  • បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    ក្រោយពី​បាន​ចូលរួម​បញ្ចេញ​ថ្វី​ជើង​ជាមួយនឹង​ក្លឹប PSG ដណ្ដើមបាន​ពាន Ligue 1 កំពូល​កីឡាករ Messi បែរជា «បាត់​ខ្លួន» ប៉ុន្តែ ក្រោយមក​ទើប​អ្នកគាំទ្រ​ដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Messi បាន​ដើរតួ​ជា​វីរបុរស ដោយ​រកបាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ដែល​ទទួលបាន​លទ្ធផល​ស្មើ 1-1 រវាង​ក្លឹប PSG និង Strasbourg ជួយ​ឱ្យ​ក្រុម​នៅ​ប៉ារីស​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​លើក​ពាន Ligue 1 បាន​លឿន​ជាង​មួយ​ជុំ។

    រដូវ​កាល​នេះ Messi គឺជា​កីឡាករ​សំខាន់​លំដាប់​កំពូល​របស់ PSG ទន្ទឹមនឹង Mbappe។ ក្រោយពី​ចូល​ទាត់​បាន 40 ប្រកួត M10 រកបាន 21 គ្រាប់ និង​បង្ក​ឱកាស​បាន 20 គ្រាប់។

    លទ្ធផល​ខាងលើ​ជួយ​ឱ្យ Messi មាន​វត្តមាន​ក្នុង​ក្រុម​លេចធ្លោ​របស់ Ligue 1 រដូវ​កាល 2022/2023 សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ។ ប៉ុន្តែ ជំនួស​ឱ្យ​ការរួម​ជាមួយ Mbappe តំណាងឱ្យ PSG នៅក្នុង​ពិធី​ប្រគល់​រង្វាន់​របស់​សមាគម​កីឡាករ​អាជីព​បារាំង (UNFP) នាពេល​កន្លែង Messi បែរជា «បាត់​ខ្លួន» ជាថ្មី។

    យ៉ាង​ណា​ក៏​ដោយ​ ក្រោយមក​​អ្នកគាំទ្រ​​ក៏​បានដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។ ជាក់ស្ដែង Messi ត្រូវ​គេ​ឃើញថា បាន​ទៅកាន់ Barcelona ដើម្បី​ទស្សនាការ​សម្ដែង​របស់​ក្រុម​តន្ត្រី​អង់គ្លេស Coldplay ជំនួស​ឱ្យ​ការចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ប្រទេស​បារាំង ក្នុងនាម​ជា​កីឡាករ PSG។

    Messi មិនចូលរួមពិធីប្រគល់រង្វាន់ជាមួយ PSG ដើម្បីទៅកាន់ Barcelona មើលការប្រគំតន្ត្រីជាមួយមិត្តចាស់ Fabregas

    វត្តមាន​របស់ Messi ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សប្បាយចិត្ត ពិសេស​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប Barca នៅ​អេស្ប៉ាញ​។ យោងតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Pulga អាច​នឹង​ត្រលប់​ទៅកាន់កីឡដ្ឋាន​ Camp Nou ក្នុង​​ទម្រង់​សេរី​នៅ​រដូវក្ដៅ​នេះ។

    ទំព័រ AS បានឱ្យដឹងថា ការចាកចេញ​របស់ Sergio Busquets និង Jordi Alba បន្ទាប់ពី​រដូវ​កាល​នេះ អាច​​នឹង​នាំ​ឱ្យ​ Lionel Messi ​ក្លាយជា​ប្រធាន​ក្រុម​របស់ Barca បើសិនជា​គាត់​ព្រមវិលវិញ។ ក្លឹប​នៅ​កាតា​ឡូ​ញ៉ា ក៏​គ្រោង​នឹង​អនុញ្ញាតឱ្យ Messi ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​នៅ​​ក្នុង​ក្រុម ពោលគឺ​ខ្ពស់ជាង​បន្តិច​ធៀប​នឹង Lewandowski (20 លាន​អឺរ៉ូ/រដូវ មុន​បង់ពន្ធ)៕

  • FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

    FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

    ភាគី​ខាង U22 ឥណ្ឌូណេស៊ី កំពុងតែ​មានបំណង​ពឹង FIFA កាត់ក្ដី​ករណី​អំពើហិង្សា​រវាង​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​ប្រទេស​នេះ និង​ក្រុមបាល់ទាត់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ហេតុការណ៍​វាយតប់​គ្នា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ បើ​ទោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023 បាន​ចប់សព្វគ្រប់។ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចាប់ផ្ដើម​ស៊ើបអង្កេត ហើយ​ក្រុម​ទាំងពីរ​អាច​ត្រូវ​ទទួល​ការពិន័យ ភាគី​ឥណ្ឌូណេស៊ី​ក៏​បែរជា​ចង់​អញ្ជើញ​ទាំង FIFA មក​ចូលរួម​ដោះស្រាយ។

    ភាគី​ឥណ្ឌូណេស៊ី​ចង់ឱ្យ​ថៃ​ទទួលខុសត្រូវ​នៅក្នុង​ករណីនេះ។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ឥណ្ឌូណេស៊ី (NOC) Raja Sapta Oktohari បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ដើម្បី​ធ្វើការ​សម្រេច​លើ​ការស្នើសុំ​អន្តរាគមន៍​របស់ FIFA ក្នុងករណី​ហិង្សា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គ​ម​លើក​ទី 32 និង​កាត់ក្ដី​ចុងក្រោយ។

    ប្រធាន NOC ឱ្យដឹងថា «ពេលនេះ យើង​មិនទាន់​បញ្ជូន​របាយការណ៍​ឡើងទៅ​កាន់ FIFA ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើងឆាប់ៗខាងមុខ។ កិច្ចប្រជុំ​ផ្ទៃក្នុង​បានបញ្ចប់ ខ្ញុំ និង​ប្រធាន PSSI – Erick Thohir សុទ្ធតែ​មិន​ចង់​នៅ​ស្ងៀម​ក្នុងករណីនេះ។ បើសិន​ខាង​ឥណ្ឌូណេស៊ី​ខុស យើង​នឹង​ទទួលខុសត្រូវ ប៉ុន្តែ​បើ​ថៃ​ខុស ពួកគេ​ក៏​នឹងត្រូវ​ធ្វើ​ដូច្នេះ»។

    ភាគី​ឥណ្ឌូណេស៊ី​ទំនងជា​កំពុង​ជឿជាក់ថា ខ្លួន​មិនមាន​កំហុស​នៅក្នុង​ការ​វាយតប់​គ្នា​ជាមួយ​ក្រុម​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ចំណែក​ថៃ​វិញ បច្ចុប្បន្ន​ក៏​កំពុងមាន​ភាព​តានតឹង​ខ្លាំង ទាក់ទង​នឹង​បញ្ហា​នេះ។ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ Yuttana Yimkarun ថ្មីៗនេះ​បាន​សរសេរ​លិខិត​សុំលាលែង​ពី​តំណែង។ ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) យល់ថា ពួកគេ​ត្រូវ​ទទួលខុសត្រូវ បន្ទាប់ពី​បាន​បណ្ដោយឱ្យ​កីឡាករ U22 ថៃ បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បង្កើតឱ្យមាន​រូបភាព​អាក្រក់​នៅ​កម្ពុជា។

    ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង U22 ឥណ្ឌូណេស៊ី និង​ថៃ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម។ ក្នុងការ​ប្រកួត​នេះ ឥណ្ឌូណេស៊ី​បានឈ្នះ​ថៃ 5-2 ខណៈ​អាជ្ញាកណ្ដាល​បាន​ពិន័យ​កាត​លឿង​ជាង​ 10 និង​កាត​ក្រហម​ចំនួន 7 ដោយសារតែ​មានការ​ប៉ះទង្គិច​គ្នាច្រើន​ និង​ការប្រើ​អំពើហិង្សា៕

  • វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

    វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

    ថ្មីៗនេះ សំណើសុំ​បញ្ចុះ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​របស់បណ្ដា​​ក្រុមហ៊ុន​ និង​ស្ថាប័ន​មួយចំនួន​នៅ​ប្រទេស​វៀតណាម បានទទួល​ចម្លើយ​ជា​ផ្លូវការ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ។

    ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កាលពី​ចុងឆ្នាំ​កន្លង បាន​ស្នើឱ្យ​រដ្ឋាភិបាល កុំ​អនុម័ត​គោលនយោបាយ​កាត់បន្ថយ​អត្រាពន្ធ​ពិសេស​ចំពោះ​ការ​នាំចូល​រថយន្ត​អគ្គិសនី ដោយ​លើកហេតុ​ផល​​ថា វៀតណាម​មាន​គោលនយោបាយ​បញ្ចុះ​អត្រាពន្ធ​ជាច្រើន​រួច​ហើយ ក្នុងនោះ​ក៏​អត្រាពន្ធ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការផលិត និង​ដំឡើងរថយន្ត​អគ្គិសនី​ ដែល​បញ្ចុះ​មក​​​នៅ 0% ជាដើម ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​បៃតង​នៅ​ប្រទេស​នេះ។

    ចំពោះ​អ្នកប្រើប្រាស់​វិញ រដ្ឋាភិបាល​វៀតណាម​អនុវត្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា 0 ដុង ក្នុង​រង្វង់​បី​ឆ្នាំ ចាប់ពី​ខែមីនា 2022 និង​បញ្ចុះ​ពន្ធ​នេះ 50% នៅ​ពីរ​ឆ្នាំ​បន្ទាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​។

    ជាង​នេះ ក្រសួង​ខាង​លើ​បាន​បញ្ជាក់​ថា ការបញ្ចុះ​អត្រាពន្ធ​នាំចូល​ចំពោះ​រថយន្ត​អគ្គិសនី ក៏​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​រថយន្ត​ផលិត​ក្នុងស្រុក​ត្រូវ​ថយចុះ ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​រដ្ឋ និង​បន្ថែម​សម្ពាធ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម​ក្នុងប្រទេស​នេះ​ផងដែរ។

    សំណើសុំ​មិន​បញ្ចុះ​អត្រាពន្ធ​សម្រាប់​ការ​នាំចូល​រថយន្ត​អគ្គិសនី​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Le Minh Khai អនុម័ត​រួចហើយ​កាលពី​ចុងឆ្នាំ 2022។

    នេះ​គឺជា​ការបដិសេធ​ជា​ផ្លូវការ​ទៅនឹង​សំណើសុំ​បញ្ចុះ​អត្រាពន្ធ​ដែល​ក្រុមហ៊ុន TMT ​ដៃគូ​សហការ​របស់​សម្ព័ន្ធ​ក្រុមហ៊ុនចិន​-​អាម៉េរិក SGMW (SAIC-GM-Wuling) នៅ​វៀតណាម និង​សមាគម​អាជីវកម្ម​មេកានិច​វៀតណាម (VAMI) ដែល​បានស្នើ​មុន​នោះ។

    នៅ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​កាន់តែច្រើន​ថែមទៀត រាជរដ្ឋាភិបាល​បាន​ទម្លាក់​ពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​ចំនួន 50% ខណៈដែល​ការនាំ​ចូល​យានយន្ត​ដែល​ដើរ​ដោយ​ប្រេងឥន្ធនៈ តម្រូវឱ្យ​បង់ពន្ធ​នាំចូល​រហូតដល់ 120%។ នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​ពិធី «អបអរសាទរ​ខួប​បី​ឆ្នាំ និង​ការដាក់​តាំងពិព័រណ៍​ល​ក់​លេខ​ពិសេស​ផ្ទាល់ខ្លួន» នៅ​សួនច្បារ​វត្ត​បទុម​វ​តី កាលពី​ព្រឹក​ថ្ងៃទី 07 មីនា 2023៕

  • ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

    Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

    នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

    ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

    SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

    នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

    SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

  • ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ភ្នំពេញៈ ប្រធានសមាគម និងអតីតប្រធានសមាគមក្នុងវិស័យអចលនទ្រព្យជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានៅចុងខែមិថុនានេះ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានថ្លែងឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី17 មិថុនានេះថា ប្រធានសមាគមមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន6រូប អតីតប្រធានមួយរូប និងប្រធាន​សមាគម National Realtor Association មកពីសហរដ្ឋអាមេរិកនឹងចូល​រួមក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យដែលនឹងចាប់ផ្តើមពីថ្ងៃទី24 ដល់ថ្ងៃទី25 មិថុនាខាងមុខនេះ។

    ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីពីសំណាក់លោកជំទាវ​ងួនសុខារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ​នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

    លោក គីម ហ៊ាង បានបន្តថា “អ្វីដែលកម្ពុជាទទួលបានផលចំណេ​ញពីពិព័រណ៍នេះ គឺជាការជួយផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជាការចែករំលែកបទពិសោធ និងចំណេះដឹងពីអ្នកជោគជ័យក្នុងវិស័យអចលនវត្ថុនានានៅកម្ពុជា និងពីអ្នកជំនាញអន្តរជាតិ”។

    ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យល្បីៗនឹង​បង្ហាញវត្តមានក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះរួមមាន បុរីប៉េង ហួត បុរីអ័រគីដេ បុរីជីប ម៉ុង គម្រោងសុរិន្ទភូមិ និងខុនដូThe Penhouse Resident។

    លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះពិតជាមានភាពចំណេញ​ច្រើនណាស់ដល់អ្នកចូលរួមព្រោះពួកគេអាចរៀនសូត្រផ្ទាល់ពីបទពិសោ​ធរបស់អ្នកជោគជ័យក្នុងវិស័យនេះ និងស្តាប់បទពិសោធរបស់អ្នកជោគជ័យពីប្រទេសជឿនលឿននានាកាលពី30ទៅ40ឆ្នាំមុនថាតើ ហេ​តុអ្វីបានពួកគេអាចអភិវឌ្ឍប្រទេសរបស់ពួកគេបានជឿនលឿន។

    លោកស្រីបន្តថា ការចូលរួមក្នុងសន្និបាតនេះ ខុសពីការរៀននៅ​សាលាដែលមានតែទ្រឹស្តី តែការរៀនសូត្រពីអ្នកជោគជ័យល្បីៗ គឺជា​ចំណេះដឹងនៃការអនុវត្តផ្ទាល់ ហើយយើងអាចយកមកអភិវឌ្ឍខ្លួន​យើងបាន និងអាស្រ័យលើភាពឆ្លាតវៃរបស់យើងផងដែរថា តើអាច​ក្រេបជញ្ជក់យកចំណេះដឹង និងអាចយកទៅប្រើប្រាស់បានយ៉ាងដូចម្តេច?៕