Tag: រីង

  • រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

    រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។

    ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

    រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។

    រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ 2024។​ រថយន្ត​ដែល​រោង​ចក្រ​នេះ​ត្រូវ​​ផ្គុំ​ដំឡើង​គឺ រថយន្ត FORTUNER ចំនួន 290​គ្រឿង និងរថយន្ត HILUX ចំនួន 1,030​គ្រឿង។

    បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន 6 បូក​រួម​ទាំង​រោង​ចក្រ​តូយ៉ូតា។ ក្នុង​នោះ​ រួម​មាន​ជាអាទិ៍​ រោង​ចក្រ​ផលិតរថយន្ត Ford, Hyundai, KIA, និង​ GTV ជា​ដើម​។

  • យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។

    ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។

    តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។

    ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។

    យោង​តាម PGS Walter Theseira របស់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សង្គម​សិង្ហបុរី ចំនួន​រថយន្ត​ឈ្នួល​ កន្លង​មក​ធ្លាប់​បាន​ធ្លាក់​ចុះ​នៅក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​សាកល ប៉ុន្តែ​ក្រោយ​មក​ក៏​ងើប​ឡើង​វិញយ៉ាង​លឿន​ ដោយ​សារ​កត្តា​ជា​ច្រើន​។

    មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​ជួយ​ជំរុញ​កំណើន​នៃ​រថយន្ត​ឈ្នួល​ឱ្យ​ងើប​ឡើង​វិញ រួម​មាន ការ​ងើប​ឡើងវិញ​នៃ​វ័យ​ទេសចរណ៍​ ក្រោយ​សម័យ​កូវីដ-19​ ពិសេស​គឺភ្ញៀវ​មក​ពី​ប្រទេស​ចិន​។ មូលហេតុ​ទីពីរ​នោះ​គឺ លិខិត​អនុញ្ញាត​សម្រាប់​ការ​​ក្លាយ​ជា​ម្ចាស់រថយន្ត​នៅ​ប្រទេស​សិង្ហបុរី មាន​តម្លៃ​ខ្ពស់​ខ្លាំង​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​យល់​ថា នេះ​ជា​វិធី​ល្អ​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​។

    យោង​តាម​ក្រុម​ហ៊ុន GetGo «ការ​ផ្លាស់​ប្ដូរ​គំនិតស្ដី​ពី​ការក្លាយជា​ម្ចាស់​រថយន្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថិរភាព» របស់​យុវវ័យ​ ​ក៏​រួម​ចំណែក​ជួយ​ឱ្យ​សេវា​កម្ម​ជួល​រថយន្តមាន​ការ​កើន​ឡើង​ខ្ពស់​។

    និន្នាការ​ខាងលើ​នេះ​មិន​មែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​​សិង្ហបុរីឡើយ។ យោង​តាមសារព័ត៌មាន Washington Post នៅ​សហរដ្ឋអាម៉េរិក យុវវ័យ​ក៏​​កំពុង​មាន​និន្នាការ​ដូច​នៅ​សិង្ហបុរី​។ ក្រៅ​ពី​នេះ​ ក៏​អាច​នៅមាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ «ចូលចិត្តជួលរថយន្ត​ជាង​ទិញ​រថយន្ត»៕

  • បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

    បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

    រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា បឹង​ទឹក​ប្រៃ​ Urmia ពេញ​ដោយ​ទឹក​កាល​ពី​ខែ​កញ្ញា 2020 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេង។

    ដោយ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ បឹង Urmia នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈិម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

    ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​កញ្ញា 2020 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat 9 កាល​ពី​ខែ​កញ្ញា 2023​។

    ឆ្នាំ​ 1995 បឹង Urmia មាន​ទឹក​ក្នុង​បរិមាណ​ច្រើន​ ប៉ុន្តែ​ក្នុង​ពីរ​ទសវត្សរ៍​បន្ទាប់​ កម្រិត​ទឹក​ក្នុង​បឹង​នេះ​បាន​ថយ​ចុះ​ជាង 7 ម៉ែត្រ ដោយ​បាន​បាត់​បង់ទឹក​អស់​ប្រហែល​ 90% ធៀប​នឹង​ផ្ទៃ​បឹង​ទាំង​មូល​​នៅ​មុន​នោះ​។

    គ្រោះ​រាំងស្ងួត​បន្តបន្ទាប់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​ទឹក​សម្រាប់​កសិកម្ម​ និង​ការ​សាងសង់​ទំនប់​នៅតាម​ដងទន្លេ​នានា​ដែល​ជា​ប្រភព​ទឹក​សម្រាប់​បឹង​ Urmia គឺជា​កត្តា​សំខាន់​ដែល​បាន​រួម​ចំណែក​នាំ​ឱ្យ​ទឹក​ត្រូវ​អស់​ពី​បឹង​​៕

  • ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ​អង្ករ​នាំ​ចូល​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​ជា​សកល​ ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អង្ករ​ក្នុង​ស្រុកដែល​ត្រូវ​បាន​កំណត់​តម្លៃ​ពិតាន​ទាប​។

    ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ខ្នាត​តូច​នៅ​ម៉ាឡេស៊ី​កំពុង​ខ្វះ​អង្ករ​លក់ ព្រោះ​អង្ករ​ច្រក​ក្នុង​ការ៉ុង​ 5 និង 10 គីឡូក្រាម​​ត្រូវ​អតិថិជន​ទិញអស់​ភ្លាម​នៅ​ពេល​មាន​ទំនិញ​។ Ameer Ali Mydin អគ្គនាយក​របស់​បណ្ដាញ​ផ្សារ​ទំនើប​ Mydin ឱ្យ​ដឹង​ថា ស្ថានភាព​ខ្វះ​អង្ករ​កើ​ត​ឡើង​ដោយ​សារ​តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​​រវាង​អង្ករ​ក្នុង​ស្រុក និង​អង្ករ​នាំ​ចូល​​។

    នៅ​ម៉ាឡេស៊ី អង្ករ​សម្រិត​ក្នុង​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​កំណត់​តម្លៃ​ពិតាន​ត្រឹម​ 26 រីងហ្គីត​ (5.54 ដុល្លារ​អាម៉េរិក)​ ក្នុង​ 10 គីឡូក្រាម​។ ក៏ប៉ុន្តែ វិស័យ​ផលិត​អង្ករ​របស់​ប្រទេស​នេះ​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ 70% ប៉ុណ្ណោះ​ ធៀប​នឹង​តម្រូវ​ការ​។ ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​នាំចូល​អង្ករ​សម្រិត​ពី​បរទេស​ រួម​មាន​ ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និង​វៀតណាម​។

    អង្ករ​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​ចាប់តាំង​ពី​ពេល​អង្ករ​ពិភព​លោក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​។ តម្លៃអង្ករ​កាន់​តែ​ខុស​គ្នា​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Padiberas Nasional សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចូល​ឡើង​ដល់ 36% ពី​ថ្ងៃទី 01 កញ្ញា​ ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​នឹង​តម្លៃ​សកល​។ បច្ចុប្បន្ន តម្លៃ​អង្ករ​សម្រិត​នាំចូល​​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី 30 ដល់ 70 រីងហ្គីត​ ដែល​ប្រហែល​ពី 6.37 ដល់ 14.87 ដុល្លារ​អាម៉េរិកសម្រាប់​ 10 គីឡូក្រាម​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី​ កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ព្យាករ​ថា ស្ថានភាព​ខ្វះ​អង្ករ​សម្រិត​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​ នៅ​ពេល​រដូវ​ប្រមូល​ផលស្រូវ​នៅ​ក្នុង​រដ្ឋ Kedah បាន​ចាប់​ផ្ដើម​៕

  • អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​បង្កើត​អគ្គិសនី​ពី​បរិយាកាស

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​បង្កើត​អគ្គិសនី​ពី​បរិយាកាស

    បច្ចេកវិទ្យា​ដែល​ប្រកបដោយ​បដិវត្តន៍​ និង​​ត្រូវបាន​ហៅថា «បាតុភូត Air-Gen» នេះ ប្រើប្រាស់​សំណើម​ក្នុង​បរិយាកាស​ដើម្បី​បង្កើតបានជា​ថាមពល​កកើត​ឡើង​វិញ​។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ស្រទាប់​ប្រូតេអ៊ីន​ស្ដើង​មួយ​ដែល​ហៅថា «វត្ថុ​ធាតុ​ណា​ណូ» អាចបង្កើត​អគ្គិសនី​តាមរយៈ​ការប្រើប្រាស់​ថាមពល​ពី​ចំហាយ​ទឹក​ដែលមាន​នៅក្នុង​ខ្យល់។ «វត្ថុ​ធាតុ​ណា​ណូ» នេះ ដើរតួនាទី​ដូច​ទៅនឹង​វត្ថុ​ចម្លង​អគ្គិសនី អាច​ចម្រាញ់​យក​ថាមពល​អគ្គិ​ស​នី​ពី​សំណើម​ដែល​នៅ​ជុំវិញ។

    នៅពេល​មូ​លេ​គុល​ទឹក​ប៉ះ​នឹង​ស្រទាប់​​ប្រូតេអ៊ីន​ស្ដើង វា​នឹងត្រូវ​ឆ្លងកាត់​ដំណើរ​​ប្រតិកម្ម​គីមី​ជាច្រើន ដែល​ចុងក្រោយ​ក៏​បង្កើតបានជា​អគ្គិសនី។ ដំណើរការ​នេះ​ចេះតែ​កើតឡើង​មិន​ដាច់ ឱ្យតែ «វត្ថុ​ធាតុ​ណា​ណូ» ប៉ះ​នឹង​បរិយាកាស​ដែលមាន​សំណើម។

    «បាតុភូត Air-Gen» ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ បើកផ្លូវ​សម្រាប់​ការទាញយក​ថាមពល​មិនចេះ​រីងស្ងួត និង​អាចជា​បដិវត្ត​ន៍​ដ៏​ធំ​មួយ​នៅ​​ក្នុង​វិស័យ​ថាមពល​ស្អាត​របស់​ពិភពលោក​។

    បច្ចេកវិទ្យា​ថ្មី​បំផុត​ដែល​យោងទៅលើ​បាតុភូត​ខាងលើនេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហាធំៗជាច្រើន​​ដែល​មនុស្ស​លោក​កំពុង​ប្រឈម​ រួមមាន​ជាអាទិ៍​ បញ្ហា​បំ​ភាយ​កាបូន​ដែលនាំឱ្យ​ផែនដី​ឡើងក​ម្ដៅ បញ្ហា​បរិស្ថាន បញ្ហា​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​។ល។

  • បើសិន​យើង​ពង្រី​ងទឹក​សមុទ្រ​ឱ្យ​អស់ តើ​ផែន​ដី​នឹង​មាន​រូប​រាង​យ៉ាង​ណា​?

    បើសិន​យើង​ពង្រី​ងទឹក​សមុទ្រ​ឱ្យ​អស់ តើ​ផែន​ដី​នឹង​មាន​រូប​រាង​យ៉ាង​ណា​?

    សមុទ្រ​កំពុង​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ភាគ​ច្រើន​នៃ​ភព​ផែន​ដី​ រួម​ទាំង​ជួរ​ភ្នំ​វែង​បំផុត​ក្នុង​លោក​ និង​តំបន់​ “ស្ពាន” បុរាណដែល​មនុស្ស​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​។

    នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទី​ភ្នាក់​ងារ​អវកាស​ NASA កាល​ពី​ឆ្នាំ 2008​ អ្នក​វិទ្យា​សាស្ត្រខាង​ភព គឺ​លោក​បណ្ឌិត James O’Donoghue បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​អំពីរូប​រាង​ដ៏សោះ​កក្រោះ​នៃ​ភព​ផែន​ដី​ បន្ទាប់​ពី​ទឹក​ក្នុង​មហា​សមុទ្រ​ ត្រូវ​បាន​ធ្វើ​ឱ្យ​រីង​ហួត​អស់​។

    លោក​បណ្ឌិត James O’Donoghue បច្ចុប្បន្ន ធ្វើ​ការ​ឱ្យ​​ទី​ភ្នាក់​ងារ​​អវកាស​ជប៉ុន JAXA ដែល​ដើម​ឡើយ​ គាត់​ធ្លាប់​បាន​ធ្វើ​ការ​ឱ្យ​អង្គការ​ NASA របស់​សហ​រដ្ឋ​អាមេរិក។ លោក​បណ្ឌិត​ James O’Donoghue បាន​ប្រើ​ប្រាស់​ឃ្លីប​វីដេអូ​​របស់​អ្នក​រូប​វិទ្យា និងជា​ផលិតករ​ភាព​យន្ត​តុក្កតា​ Horace Mitchell ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2008។ បណ្ឌិត​រូប​នេះ​ បាន​បន្ថយ​ល្បឿន​នៃ​វីដេអូ និង​បាន​បន្ថែម​សញ្ញា​ ឬ​រូប​ភាព​នៃ​កម្រិត​ទឹក​ក្នុង​សមុទ្រ​ដែល​ហួត​បន្តិច​ម្ដង​ៗ ទាល់​តែ​អស់​ពី​ផែន​ដី​។

    បន្ទាប់​ពី​ទឹក​សមុទ្រ​ត្រូវ​រីង​ ផ្នែក​ដំបូង​នៃ​ផ្ទៃ​ដី​ដែល​លេច​ចេញ​ គឺ​ជា​ខ្ពង់រាប​​បាត់​សមុទ្រ​ និង​បណ្ដា​ចង្កេះ​ទ្វីប​ ឬ​តំបន់​ខណ្ឌ​ចែក​ព្រំដែន​នៃ​បណ្ដាទ្វីប។

    លោក​បណ្ឌិត​ James O’Donoghue បាន​មាន​ប្រសាសន៍ថា ៖ “ខ្ញុំ​បាន​ពន្យឺត​ផ្នែក​ដំបូងនៃ​វីដេអូ​ ហើយ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់់​ផ្អើល​ណាស់ ព្រោះ​​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​សមុទ្រ​ដែល​លេច​ចេញក្នុង​ជម្រៅ​10ម៉ែត្រ​ដំបូង​”។​

    បណ្ដា​ខ្ពង់​​រាបបាត​សមុទ្រ​រួម​មានតំបន់​ខ្ពស់​ៗ​ដែល​មនុស្ស​យើង​សម័យ​ដើម​ បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ផ្លាស់​ទី​ពី​ទ្វីប​នេះ ទៅកាន់​ទ្វីប​នោះ។ កាល​ពី​ប៉ុន្មាន​ម៉ឺន​ឆ្នាំ​មុន បុព្វ​បុរស​របស់​យើង​អាច​ធ្វើ​ដំណើរ​ពី​ទ្វីបអឺរ៉ុប​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស ពីរុស្ស៊ី​ទៅ​កាន់​អាមេរិក និង​ពី​អូស្ត្រាលី​ទៅ​កាន់បណ្ដា​កោះ​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​នោះ​។

    បណ្ឌិត O’Donoghue បន្ថែម​ថា ៖ “នៅ​ពេល​ដែល​យុគ​សម័យ​ទឹក​កកចុង​ក្រោយ​បាន​កើត​ឡើង ទឹក​សមុទ្រ​ត្រូវ​កក​ជា​ទឹក​កក ដូចទៅ​នឹង​ផ្ទាំង​ទឹកកក​ធំ​ៗ​នៅ​ប៉ូល​ទាំង​ពីរនៃ​ផែន​ដី។ នោះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​បណ្ដា​ “ស្ពាន” នៃទ្វីប​កើតឡើង​។ “ស្ពាន” ទាំង​នេះ អនុញ្ញាត​ឱ្យ​មនុស្ស​លោក​អាច​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ នៅ​ពេលយុគ​សម័យទឹកកក​បាន​កន្លង​ផុត​ទៅ ទឹក​សមុទ្រ​ក៏​បាន​លុប​ផ្លូវ​ទាំង​នេះ​”។

    ដោយ​ការ​បំបាត់​ទឹក​សមុទ្រ ឃ្លីបវីដេអូ​នេះ បាន​នាំ​យើង​ទៅ​ទស្សនា​ពិភព​លោក​ក្នុង​យុគ​សម័យ​ដើម​របស់​មនុស្ស​។

    វា​ក៏​បាន​បង្ហាញឱ្យ​ឃើញ​ជួរ​ភ្នំដែល​វែង​បំផុត​របស់​ផែន​ដី នៅ​ពេល​ទឹក​សមុទ្រ​ស្រក​ចុះ​ចាប់​ពី​ 2,000ម៉ែត្រ ទៅ 3,000​ម៉ែត្រ។ នោះ​គឺជា​ជួរ​ភ្នំ​ដែល​ស្ថិត​នៅ​កណ្ដាល​​មហា​សមុទ្រ​ ប្រវែង​ជាង 60,000​គីឡូម៉ែត្រ និងអូស​បន្លាយ​ពេញ​ផែន​ដី។ 90%​ នៃ​ជួរ​ភ្នំ​នេះ ស្ថិត​ក្រោម​ទឹក​សមុទ្រ​។

    នៅ​ពេល​ទឹក​សមុទ្រ​បាន​ស្រក​ចុះ​ជាង 6,000​ម៉ែត្រ ផ្ទៃ​ក្រឡា​នៃ​សមុទ្រ​ភាគ​ច្រើន​បាន​បាត់​បង់​។ ប៉ុន្តែ គេ​ត្រូវ​សម្រក​​ទឹក​សមុទ្រ​ 5,000​ម៉ែត្រ​បន្ថែម​ទៀត​ ទើប​តំបន់​ជ្រៅ​បំផុត​នៃ​ជ្រលង​ Mariana ត្រូវ​រីងអស់។

    លោក​បណ្ឌិត​ James O’Donoghue បញ្ជាក់​ថា ៖ “ការ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​រីង មិន​ត្រឹម​តែ​ឱ្យ​យើង​មើល​ឃើញ​ជម្រៅ​បាត​សមុទ្រ​នោះ​ទេ តែ​វា​ក៏​ជួយ​ឱ្យ​មើល​ឃើញ​ប្រវត្តិ​សាស្ត្រ​នាយុគ​សម័យ​ដើម​នៃ​មនុស្ស​ជាតិ​ផងដែរ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស