បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

បឹង Urmia នៅក្នុងរូបភាពដែលថតពីផ្កាយរណបកាលពីខែកញ្ញា 2020 (ឆ្វេង) និងខែកញ្ញា 2023 (ស្ដាំ)

រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា បឹង​ទឹក​ប្រៃ​ Urmia ពេញ​ដោយ​ទឹក​កាល​ពី​ខែ​កញ្ញា 2020 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេង។

ដោយ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ បឹង Urmia នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈិម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​កញ្ញា 2020 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat 9 កាល​ពី​ខែ​កញ្ញា 2023​។

ឆ្នាំ​ 1995 បឹង Urmia មាន​ទឹក​ក្នុង​បរិមាណ​ច្រើន​ ប៉ុន្តែ​ក្នុង​ពីរ​ទសវត្សរ៍​បន្ទាប់​ កម្រិត​ទឹក​ក្នុង​បឹង​នេះ​បាន​ថយ​ចុះ​ជាង 7 ម៉ែត្រ ដោយ​បាន​បាត់​បង់ទឹក​អស់​ប្រហែល​ 90% ធៀប​នឹង​ផ្ទៃ​បឹង​ទាំង​មូល​​នៅ​មុន​នោះ​។

គ្រោះ​រាំងស្ងួត​បន្តបន្ទាប់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​ទឹក​សម្រាប់​កសិកម្ម​ និង​ការ​សាងសង់​ទំនប់​នៅតាម​ដងទន្លេ​នានា​ដែល​ជា​ប្រភព​ទឹក​សម្រាប់​បឹង​ Urmia គឺជា​កត្តា​សំខាន់​ដែល​បាន​រួម​ចំណែក​នាំ​ឱ្យ​ទឹក​ត្រូវ​អស់​ពី​បឹង​​៕

Advertisement