Tag: រាជវង្ស

  • ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

    ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

    កាលពី​ថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី Antiques Roadshow (កម្មវិធី​វាយតម្លៃ​វត្ថុ​បុរាណ​របស់ BBC 1 នៅ​ប្រទេស​អង់គ្លេស) បាន​មានឱកាស​ទស្សនា​វត្ថុ​នានា​ដែល​ភ្ញៀវ​ទាំងឡាយ​បាន​នាំយកមក​ទីនេះ។

    យោងតាម Daily Mail ព្រឹត្តិការណ៍​វាយតម្លៃ​វត្ថុ​បុរាណ​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន Ham House ក្នុង​តំបន់ Richmond ក្បែរ​ទន្លេ Thames នៃ​ទីក្រុង​ឡុង​ដ៍ ដែល​សាងសង់​តាំងពី​សតវត្សរ៍​ទី 17 ដោយមាន​ការចូលរួម​របស់​អ្នកជំនាញ​ខាង​វត្ថុ​បុរាណ Lee Young។

    គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ បាន​នាំយក​​អាវ​​សម្រាប់​រាជវង្សានុវង្ស​នៅ​ប្រទេស​ចិន​តាំងពី​បុរាណ មកឱ្យ​អ្នកជំនាញ Lee Young ធ្វើការ​ពិនិត្យ និង​វាយតម្លៃ។

    យោងតាម​បុរស​ជា​ស្វាមី ភូសា (អាវ) នេះ​គឺជា​វត្ថុ​ដែល​ត្រូវបាន​ជីតា​របស់​ភរិយា​គាត់ (ជា​អ្នក​ដែល​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់​ធនាគារ Standard នៅ​ប្រទេស​ឥណ្ឌា) នាំយក​មកកាន់​ប្រទេស​អង់គ្លេស​ កាលពីដើម​ទសវត្សរ៍​ឆ្នាំ 1930 នៃ​សហស្ស​វត្សរ៍​មុន។

    អ្នកស្រី Sara ភរិយា​របស់​បុរស​ខាងលើ ឱ្យដឹងថា អ្នកស្រី​បាន​រក្សាទុក​អាវ​ក្រៅ​នេះ​នៅក្នុង​ប្រអប់​ដាក់​សម្លៀកបំពាក់ ហើយ​កាលពី​នៅ​ក្មេង គាត់​តែងតែ​យ​កវាម​កពាក់​លេង។

    «អាវ​នេះ​ត្រូវបាន​ផលិតឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1750 ដែល​ពិតជា​ភូសា​សម្រាប់​រាជវង្សានុវង្ស។ វា​ជា​អាវ​ក្រៅ​សម្រាប់​ស្ត្រី ហើយ​អាវធំ​ដែល​ត្រូវបាន​ផលិតឡើង​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1750 គឺជា​វត្ថុ​ដ៏​កម្រ។ អាវ​បែបនេះ​មាន​នៅសល់តែ​ប៉ុន្មាន​ឈុត​ប៉ុណ្ណោះ។ បើតាម​ខ្ញុំ​ដឹង ដើម្បី​បាន​មើល​ភូសា​ប៉ុន្មាន​ឈុត​នោះ អ្នក​ត្រូវ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ប៉េកាំង និង​សារមន្ទីរ​វាំង​ចាស់​។ វា​ពិតជា​វត្ថុ​ដែល​មានតែ​នៅក្នុង​សារមន្ទីរ» អ្នកជំនាញ Lee បន្ថែម​ដូច្នេះ។

    យោងតាម​លោក Lee ពណ៌​លឿង​របស់​ភូសា​នេះ​គឺជា​ពណ៌​សម្រាប់តែ​មហេសី​ស្ដេច ឬ​ស្នំ​ដែលមាន​ឋានៈ​ខ្ពស់។ រូបភាព​នាគ​មាន​ក្រ​ញ៉ាំ​ជើង​ប្រាំ​នៅលើ​ភូសា ក៏​ជា​និមិត្តរូប​បង្ហាញថា វា​ជាវ​ត្ថុ​សម្រាប់​រាជវង្សានុវង្ស។

    ប្រការ​ដែល​អ្នកជំនាញ Lee Young ត្រៀម​នឹង​ប្រកាស ធ្វើឱ្យ​ម្ចាស់​អាវ​នេះ​មិន​ភ្ញាក់ផ្អើល​មិនបាន។ «បើសិន​យកទៅលក់​ដេញថ្លៃ​ក្នុង​ទីផ្សារនា​បច្ចុប្បន្ន ភូសា​នេះ​នឹង​អាច​លក់​បាន​ក្នុងតម្លៃ 200,000 ផោន (ប្រហែល 256.000 ដុល្លារ​អាម៉េរិក)» លោក Lee បញ្ជាក់​ដូច្នេះ។

    ស្ដាប់​ដល់​ត្រឹមនេះ អ្នកស្រី Sara មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​និយាយថា «ពិតជា​ភ្ញាក់ផ្អើល​ណាស់។ ព្រះ​អឺយ! សូម​អរគុណ​លោក​ច្រើនណាស់។ ពួកយើង​ប្រាកដជា​លែង​ដាក់​វា​ទៅក្នុង​ប្រអប់​សម្លៀកបំពាក់​ទៀតហើយ»៕

  • បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។

    មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។

    តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។

    នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 ទៅ 15 ឆ្នាំ។

    បក្ស Move Forward បាន​បកស្រាយ​ថា ពួកគេ​មិន​ស្នើឱ្យ​លុបចោល​ច្បាប់​នេះ​ទាំងស្រុង ប៉ុន្តែ​ចង់​កំណត់ឱ្យ​បានច្បាស់លាស់​ថា មាត្រា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​អនុវត្ត​នៅពេល​រាជវង្ស​ថៃធ្វើការ​តវ៉ា ដើម្បី​ចៀស​វា​ង​ការ​​​ប្រើ​អំណាច​តាម​អំពើ​ចិត្ត។

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ លោក Pita Limjaroenrat

    ប្រកាស​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) ស្នើឱ្យ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​សមាជិកសភា​របស់លោក Pita ក្នុង​គ្រា​ដែល​តុលាការ​ពិនិត្យ​ពាក្យបណ្ដឹង​ដែលថា លោក Pita កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ដែល​ផ្ទុយ​ពី​ច្បាប់​។

    ក្នុងករណី​មេដឹកនាំ​បក្ស Move Forward បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​នៅតែ​មិនបាន​ក្លាយជា​នាយករដ្ឋមន្ត្រី បក្ស Pheu Thai ដែលជា​បក្ស​ធំ​លំដាប់​ទី​ពីរ​ក្នុង​សម្ព័ន្ធភាព 8 បក្ស ត្រូវបាន​គេ​ជឿថា នឹង​លើក​តំណាង​មួយរូប​របស់ខ្លួន​ឱ្យធ្វើជា​បេក្ខភាព៕

  • ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

    ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

    ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

    ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

    ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

    តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

  • ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

    ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

    រាជសុណិសា Rajwa Al-Saif គ្រង​ឈុត​រ៉ូប​អាពាហ៍​ពិពាហ៍​ Elie Saab នៅ​ក្នុង​រាជពិធី​អភិសេក​ជាមួយ​រាជទាយាទ​ Hussein របស់រាជាណាចក្រ​ហ្សកដានី​។

    ក្រោយ​ការ​ត្រៀម​អស់​ជា​ច្រើន​ខែ​ រាជពិធី​អភិសេក​របស់​រាជបុត្រ​ទាំង​ពីរ​អង្គ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​​​ក្នុង​​បរិវេណ​សួន​​​នៅ​ព្រះ​បរមរាជវាំង Zahran ក្នុង​​រាជធានី​អាម៉ាន់ ​របស់​ប្រទេស​ហ្ស៊ដានី កាល​ពី​ថ្ងៃទី 01 មិថុនា 2023​។ យោងតាម​ Vogue ព្រះ​នាង Rajwa Al-Saif គ្រង​ឈុត​​រ៉ូប Elie Saab ពណ៌​ស ​ត្រូវ​បាន​រចនា​ដោយ​ឡែក​ដែល​​ចំណាយ​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អាម៉េរិក​ និង​ជួត​ឈ្នួត​សាមញ្ញ​ប្រវែងជាង​ពីរម៉ែត្រ​ គ្រាដែល​មកុដ​ និង​ក្រវិល​ធ្វើ​ពី​ត្បូង​ពេជ្រ​។

    រាជទាយាទ​ Hussein និង​ព្រះ​រាជ​សុណិសា Rajwa សុទ្ធ​តែ​មាន​ជន្មាយុ​ 29 វស្សា (ខ្លះ​ថា 28 វស្សា)។ ព្រះ​នាង Rajwa ប្រសូត​នៅ​​រាជធានី​រីយ៉ាដ​ នៅ​ក្នុង​ត្រកូល​ស្ដុកស្ដម្ភ និង​ជា​រាជវង្ស​​របស់​ រាជាណាចក្រ​រ៉ាប៊ីសាអូឌីត​។ ព្រះនាង​ធ្លាប់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យា​ល័យ​ Syracuse នៅ​ New York សហរដ្ឋ​អាម៉េរិក​។ ចំណែក​ព្រះ​អង្គ​ម្ចាស់​ Hussein បាន​ក្លាយ​ជា​រាជទាយាទ​​តាំង​ពី​ឆ្នាំ 2009 ក្រោយ​ពី​មហា​ក្សត្រ Abdullah II បាន​ដក​ហូត​ព្រះរាជ​តួនាទីនេះ​ពី​ព្រះ​អង្គ​ម្ចាស់ Hamzah bin Hussein ដែល​ជា​អនុជ​​​មិតាតែ​មួយ​ និង​មាតា​ទីទៃ កាល​ពី​ឆ្នាំ 2004​។

    រាជាភិសេក​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​រាជវាំង​ដែល​មាន​អាយុ​កាល​ 500 ឆ្នាំ ដោយ​មាន​រាជ​វត្តមាន​របស់​សមាជិក​រាជវង្ស​ហ្ស៊កដានី និង​ភ្ញៀវ​អញ្ជើញ​ 140 អង្គ​ និង​នាក់ ក្នុង​នោះ​ក៏​មាន​ជំទាវ​ទីមួយ​របស់​សហរដ្ឋ​អាម៉េរិក Jill Biden, ស្វាមី និង​មហេសី​ Kate Middleton របស់​អង់គ្លេស​ រួម​នឹង​សមាជិក​រាជវង្ស​ព្រុយណេ ហូឡង់ បែលហ្ស៊ិក និង​ដាណឺម៉ាក​ជា​ដើម​៕

  • ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។

    យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។

    កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច Edward ទី 7 របស់​ចក្រភព​អង់គ្លេស។ ដោយសារតែ​បារម្ភ​អំពី​សុវត្ថិភាព​តាមផ្លូវ​ដឹកជញ្ជូន​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​ទីក្រុង​ឡុង​ដ៍របស់​អង់គ្លេស​ ស្ដេច Edward បានដាក់​ត្បូង​ពេជ្រ​ក្លែងក្លាយ​នៅលើ​កប៉ាល់ ដោយមាន​អ្នកយាម​ការពារ​ច្រើន​នាក់ ក្នុង​បំណង​បង្វែរ​ចំណាប់អារម្មណ៍ ខណៈដែល​ពេជ្រ Cullinan ពិតប្រាកដ​ត្រូវបាន​ផ្ញើ​ទៅកាន់​អង់គ្លេស​ដោយ​ដាក់​ក្នុង​ប្រអប់​សាមញ្ញ។

    ដោយសារតែ Cullinan មាន​ទំហំ​ធំ​ពេក ស្ដេច Edward ក៏​ប្រគល់​ការ​ងារ​កែច្នៃ​​ទៅឱ្យ Joseph Asscher ដែលជា​ប្រធាន​ក្រុមហ៊ុន Asscher Diamond នៅ Amsterdam ។ Asscher និង​ក្រុមការងារ​បាន​ចំណាយពេល​ពិនិត្យ និង​កាត់​​ជា​ដុំ​អស់​រយៈពេល 14 ខែ ក្នុងនោះ​ពួកគេ​ត្រូវធ្វើ​ការ​ជាង​ដប់​ម៉ោង/ថ្ងៃ ហើយ​ពេលខ្លះ Asscher ក៏ត្រូវ​ដួលសន្លប់​ព្រោះតែ​អស់កម្លាំង និង​ព្រួយបារម្ភ។ ចុងក្រោយ ពេជ្រ Cullinan ក៏ត្រូវ​បាន​កាត់​ជា 9 ដុំធំៗ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ពី Cullinan I ដល់ Cullinan IX និង​ដុំតូចៗជិត 100 ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។

    Cullinan គឺជា​ត្បូងពេជ្រ​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មួយ​គ្រាប់​​ធំជាងគេ​ក្នុងចំណោម​នោះ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា Cullinan I ឬ​ហៅថា តារា​ទ្វីបអាហ្វ្រិក មាន​ទម្ងន់ 530.2 កា​រ៉ា​ត។ ពេជ្រធំៗទាំង 9 គ្រាប់​នេះ​សុទ្ធតែជា​កម្មសិទ្ធិ​របស់​រាជវង្ស​អង់គ្លេស ហើយ​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តុបតែង​មកុដ និង​គ្រឿងអលង្ការ​នានា។

    គ្រាប់ពេជ្រ​ដែល​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក​បន្ទាប់ពី Cullinan គឺ Excelsior។ Excelsior ​ត្រូវបាន​រកឃើញ​ដោយ​កម្មករ​នៅ​អណ្ដូងរ៉ែ Jagersfontein ក្នុង​​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ 1893។ អណ្ដូងរ៉ែ Jagersfontein ជា​កន្លែង​ដែល​បាន​រកឃើញ​ដុំ​ពេជ្រ​ចំនួន​ពីរ​ក្នុង​ចំ​ណោ​យ​ដុំ​ពេជ្រ​ទាំង​ដប់​ដែល​មាន​ទំហំ​​ធំជាងគេ​លើ​ពិភពលោក៕

  • ដាវ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​ពិភពលោក​របស់​ស្ដេច​ឥណ្ឌា

    ដាវ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​ពិភពលោក​របស់​ស្ដេច​ឥណ្ឌា

    ដាវ​ដែល​មាន​អាយុ​កាល​ជាង 200 ឆ្នាំ​ របស់​ស្ដេច​ Tipu Sultan ត្រូវ​បាន​លក់​​ក្នុង​​តម្លៃ​រហូត​ដល់​ 17.5 លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជាង​ 2.5 ដង​ធៀប​នឹង​​កំណត់​ត្រា​មុន​នោះ​ នៅ​ក្នុង​ការ​លក់​ដេញ​ថ្លៃ​ ​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​។

    យោង​តាម​ការ​រំពឹង​ដំបូង ដាវ​របស់​ស្ដេច Tipu Sultan មាន​តម្លៃ​ 2.5 លាន​ដុល្លារ​។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃទី 23 ឧសភា អាវុធ​បុរាណ​នេះ​ត្រូវ​បាន​លក់​ដេញ​ថ្លៃ​នៅ​​ប្រទេស​អង់គ្លេស​ក្នុង​តម្លៃ​ 17.5 លាន​ដុល្លារ​អាម៉េរិក​។​​ ប្រការ​នេះ​មិន​ត្រឹម​តែ​បំបែក​កំណត់​ត្រា​សម្រាប់​តម្លៃ​ដាវនោះ​ទេ ប៉ុន្តែ​ក៏​បង្កើតបាន​កំណត់​ត្រា​ថ្មី​​សម្រាប់​វត្ថុបុរាណ​មក​ពី​ឥណ្ឌា​/អ៊ីស្លាម​ផងដែរ​។

    មុននោះ ដាវ​ដែលត្រូវ​បាន​លក់​ក្នុង​​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​​ គឺ​ដាវ​ Boateng Saber ​ផលិត​ឡើង​តាំង​ពី​សតវត្សរ៍​ទី 18​ របស់​ស្ដេចចិន​​ Qianlong នៃ​រាជវង្ស Qing​។ ឆ្លង​កាត់​ការ​លក់​ដេញ​ថ្លៃ​ នៅ​ឆ្នាំ 2006 ក្នុង​តម្លៃ 5.93 លាន​ដុល្លារ​អាម៉េរិក ដាវ Boateng Saber ក៏​ត្រូវ​បាន​លក់​​ក្នុង​តម្លៃ 7.7 លាន​ដុល្លារ​នៅ​ឆ្នាំ 2008​។

    ក៏​ប៉ុន្តែ បច្ចុប្បន្ន​ នាម​ជា​ដាវបុរាណ​​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​បាន​ទៅ​លើ​ដាវ​របស់​អតីត​មហា​ក្សត្រ​ឥណ្ឌា Tipu Sultan ដោយ​សារ​តែ​ដាវ​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​ផលិត​ដោយ​ដៃប្រកប​ដោយ​ភាព​​ល្អ​ឯក៕

  • ប្រសាសន៍សម្ដេច ហ៊ុន សែន ល្បីដល់អឺរ៉ុប សារព័ត៌មាន​ប្រទេស​អង់គ្លេស​បង្ហាញរូបភាព ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ “សំពះ” ជំនួសការចាប់ដៃ ការពារការឆ្លងមេរោគ COVID-19

    ប្រសាសន៍សម្ដេច ហ៊ុន សែន ល្បីដល់អឺរ៉ុប សារព័ត៌មាន​ប្រទេស​អង់គ្លេស​បង្ហាញរូបភាព ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ “សំពះ” ជំនួសការចាប់ដៃ ការពារការឆ្លងមេរោគ COVID-19

    វេបសាយ ឌឹ ដេលី មីរើរ របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា នៅក្នុងពិធីការមួយនៃបណ្ដាញសាខាចក្រភព នៅឯព្រះមហាវិហារ វេស្ទ មីនស្ទើរ ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី9 មីនា កន្លងទៅ ដែលមានខ្សែព្រះរាជវង្សានុវង្សលំដាប់ខ្ពស់ចូលរួមចំនួនដ៏ច្រើននោះ ក្នុងអំឡុងពេលស្វាគមន៍មន្ត្រីអ្នកមុខអ្នកការទាំងឡាយ ព្រះអង្គម្ចាស់ ឆាលស៍ មកុដរាជកុមារ នៃព្រះរាជាណាចក្រអង់គ្លេស ទ្រង់បានបដិសេធក្នុងការចាប់ដៃស្វាគមន៍ភ្ញៀវ(បែបអឺរ៉ុប)នៅក្នុងពិធី ដោយព្រះអង្គបានប្រើវិធី “សំពះ” ជំនួសវិញ ដែលបណ្ដាលមកពីការភ័យបារម្ភពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ដែលកំពុងរាតត្បាតខ្លាំងទូទាំងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្នេះ៕

    ប្រភព៖ សារព័ត៌មានបរទេស