Tag: រថយន្តអគ្គិសនី

  • ឥណ្ឌូណេស៊ី​វិនិយោគ​ជាង 30 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថ្ម​រថយន្ត​​អគ្គិសនី

    ឥណ្ឌូណេស៊ី​វិនិយោគ​ជាង 30 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថ្ម​រថយន្ត​​អគ្គិសនី

    រដ្ឋមន្ត្រី​ក្រសួង​​វិនិយោគ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 30 ឧសភា ប្រកាសថា ប្រទេស​នេះ​អាច​ទទួលបាន​ខ្ទង់​ប្រាក់​វិនិយោគ​ប្រមាណ 31.9 ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​បណ្ដា​គម្រោង​ដែល​ជាប់ទាក់ទង​នឹង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2026។

    យោងតាម​រដ្ឋមន្ត្រី​​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan ការដែល​ប្រទេស​នេះ​សម្បូររ៉ែ​​នី​កែ​ល​ដែល​ប្រើប្រាស់​ក្នុង​ថ្ម​រថយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចង់​វិនិយោគ​​កាន់​តែ​ច្រើន​​ថែមទៀត​ទៅក្នុង​បណ្ដា​វិស័យ​ដែល​ប្រើ​ប្រាស់​​នី​កែ​ល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។

    រដ្ឋមន្ត្រី​រូបនេះ​ឱ្យដឹងថា តំបន់ Kalimantan របស់​ឥណ្ឌូណេស៊ី​ អាចនឹងទទួល​បាន​ប្រាក់​វិនិយោគ 12.35 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្រប​ពេលដែល​តំបន់ Maluku ខាងជើង និង Sulawesi អាច​នឹង​ទាក់ទាញ​បាន​ការ​វិនិយោគ​​បន្តបន្ទាប់​គឺ 9.78 ពាន់​លាន​ដុល្លារ និង 9.84 ពាន់​លាន​ដុល្លារ នៅ​ក្នុង​បណ្ដា​គម្រោង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី។

  • ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

    ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។

    SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។

    ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។

    ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 ម៉ោង សម្រាប់​រថយន្ត​អគ្គិសនី​ដែលមាន​ថ្ម 50 គីឡូវ៉ាត់។ ផលិតផល​របស់ SolarBotanic Trees មានតម្លៃ​ប្រហែល​ពី 22,000 ទៅ 30,000 ដុល្លារ​អាម៉េរិក/ឈុត។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ផលិត​កំណែ​ដែល​តូច​ជាង​នេះ និង​មានតម្លៃ​ទាប​ជាង​នេះ​ផងដែរ។

    ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ

    SolarBotanic Trees បញ្ជាក់ថា ចាប់ពី​ឆ្នាំ 2025 ពួកគេ​អាច​ផលិត​ដើមឈើ​ថាមពល​នេះ​បាន​យ៉ាងតិច 1,000 ដើម​ជា​រៀងរាល់ឆ្នាំ ហើយ​ដំឡើង​នៅ​អង់គ្លេស មុននឹង​ពង្រីក​ទៅកាន់​ទីផ្សារ​នានា​របស់​ទ្វីបអឺរ៉ុប និង​អាម៉េរិក​ខាងជើង៕

  • Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

    Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នឹង​បើក​សាល​តាំង​បង្ហាញ (showroom) លំដាប់​ប្រណិត​នៅ​ប្រទេស​ថៃ នៅក្រោយ​ខែមិថុនា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត​រាជធានី​បាងកក​ ដើម្បី​ជំរុញ​ការលក់​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស​នៅ​ប្រទេស​ថៃ និង​ដើម្បី​តាម​ទាន់​គូប្រកួត​ចិន ក្នុងនោះ​មាន BYD ជាដើម។

    យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក​មួយ​នេះ​កំពុងតែ​ជួសជុល និង​កែលំអ​ទីតាំង​ដែល​ធ្លាប់ជា​សាល​តាំង​បង្ហាញ​របស់ Toyota។ នៅ​ប្រទេស​ថៃ ក្រៅពី​សាល​តាំង​បង្ហាញ​នេះ Tesla ក៏​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម ឃ្លាំង​គ្រឿងបន្លាស់ និង​ស្ថានីយ​បញ្ចូល​ថាមពល​រហ័ស​ផងដែរ។

    ទាក់ទង​នឹង​ដំណឹង​ខាងលើ តំណាង​មួយរូប​របស់ Tesla បានឱ្យដឹងថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានប្រកាសឆាប់ៗខាងមុខ។

    Tesla បានចាប់ផ្ដើម​លក់​អន​ឡាញ​នូវ​រថយន្ត​បែប​កីឡា​ពហុ​មុខងារ​ប្រភេទ​មធ្យម Model Y និងរថយន្ត​ Model 3 នៅ​ប្រទេស​ថៃ តាំងពី​ខែធ្នូ​ឆ្នាំមុន ក្នុងតម្លៃ​ចាប់ពី​ប្រហែល 1.96 លាន​បាត (56,500 ដុល្លារ​អាម៉េរិក) និង 1.76 លាន​បាត (50,700 ដុល្លារ​អាម៉េរិក)។ តួលេខ​នេះ​ខ្ពស់ជាង​បើ​ធៀប​នឹង​តម្លៃ 1 លាន​បាត់​របស់​បណ្ដា​រថយន្ត​ចិន​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នេះ។

    យោងតាម​របាយការណ៍​របស់ទំព័រ​ Autolife នៅ​ប្រទេស​ថៃ ចំនួន​រថយន្ត Model Y ក្នុង​ខែមីនា​បាន​កើនឡើង​ជិត​ទ្វេដង​ធៀប​នឹង​ខែកុម្ភៈ ដោយ​លក់បាន 1,034 គ្រឿង ជួយ​ឱ្យ​ម៉ូ​ដែល​រថយន្ត​នេះ​កាន់កាប់​ 17% នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ។ Model Y ក្លាយជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​ពីរ​នៅ​ប្រទេស​ថៃ បន្ទាប់ពី Atto 3 របស់ BYD និង​នៅ​ពីលើ SAIC Motor និង Great Wall Motor។

    Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
    Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
    រថយន្តអគ្គិសនី​ Tesla
  • កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

    កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

    (អង់គ្លេស) – Iris eTrike គឺជា​យានជំនិះ​ផ្ទាល់ខ្លួន​ដែលមាន​រូបរាង​ដូច​កង់​បន្តិច ដូច​រថយន្ត​បន្តិច អាច​ផ្ទុក​អីវ៉ាន់​បាន 100 គីឡូក្រាម និង​អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

    កង់​កូនកាត់រ​ថយ​នុ្ត​គំរូ Iris eTrike របស់​អ្នក​រចនា និង​ជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា ជនជាតិ​អង់គ្លេស Grant Sinclair មាន​កម្លាំង​ជាង ធៀប​នឹង​កង់​ធម្មតា ធ្វើឱ្យ​វា​មាន​ល្បឿន​លឿន​ជាង។ យាន​នេះ​ផ្ដល់​ផាសុកភាព និង​ការពារ​អ្នកបើកបរ​ពី​អាកាសធាតុ​អាក្រក់។ នេះ​បើតាម Yahoo ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា 2023។

    កំណែ​សម្រាប់​ការ​​ផលិត​របស់ Iris eTrike ប្រើ​ប្រាស់​​គ្រោងឆ្អឹង​ធ្វើ​ពី​ដែកថែប chromoly, ដងខ្លួន​ធ្វើ​​ពី​ជ័រកៅស៊ូ​ទន់ polypropylene ដែល​​គ្របដណ្ដប់​ដោយ​សម្បក polymer, ដំបូល​ធ្វើ​ពី​ជ័រ​ទន់​ថ្លា​មាន​ស្រទាប់​ការពារ​បញ្ហា​ជ្រាប​​ទឹក, ​ប្រព័ន្ធ​ជំរុញ​កម្លាំង 9 លេខ និង​កៅអី​ខ្ពស់។

    Iris eTrike ក៏មាន​ប្រព័ន្ធ​ភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់, កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​នាំ​ខ្យល់​ដែល​បាន​បន្សុទ្ធ​ចូលមក​កាន់​កាប៊ីន។

    កម្លាំង​ឈ្នាន់​សម្រាប់​ធាក់​របស់​អ្នកបើកបរ​ត្រូវបាន​ផ្ដល់​​ដោយ​ម៉ូ​ទ័​រ​កម្លាំង 250, 500 ឬ 750 វ៉ា​ត់ អាចជួយ​ឱ្យ​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង។ Iris eTrike ប្រើប្រាស់​ថ្ម lithium-ion 48 វ៉ាត់ 20 អំពែរ​ម៉ោង អាច​ធ្វើ​ដំណើរ​បាន​​​ជាង 48 គីឡូម៉ែត្រ។

    ថ្វីបើ​មាន​រូបរាង​តូច តែ Iris eTrike មាន​កន្លែង​ដាក់​អីវ៉ាន់​​ដែល​មាន​ចំណុះ​ 100 លីត្រ។ អេក្រង់ LED នៅខាងមុខ​អ្នកបើកបរបង្ហាញ​ទិន្នន័យ​ស្ដីពី​ល្បឿន គ​ម្លា​ត់នៃ​ការបើកបរ និង​ថាមពល​ថ្ម។ល។

    Iris eTrike មាន​បណ្ដោយ 260 សង់ទីម៉ែត្រ, ទទឹង 94 សង់ទីម៉ែត្រ, ​កម្ពស់ 128 សង់ទីម៉ែត្រ, ទម្ងន់ 50 គីឡូក្រាម និង​មាន​ពណ៌​ខ្មៅ ឬ​ប្រាក់។ ក្រុមហ៊ុននៅ Cardiff ប្រទេស​អង់គ្លេស​របស់ Grant Sinclair កំពុង​ទទួល​ការ​កក់​សម្រាប់ Iris eTrike ហើយ​គ្រោង​នឹង​ប្រគល់ជូន​អតិថិជន​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំក្រោយ៕

  • SAIC-GM-Wuling បង្ហាញ និង​ដាក់លក់​រថយន្ត​អគ្គិសនី​ខ្នាតតូច Yep mini EV ជា​ផ្លូវការ

    SAIC-GM-Wuling បង្ហាញ និង​ដាក់លក់​រថយន្ត​អគ្គិសនី​ខ្នាតតូច Yep mini EV ជា​ផ្លូវការ

    ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ SAIC-GM-Wuling ថ្ងៃនេះ​បានបង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី Yep ដែលជា​ម៉ូ​ដែល​ថ្មី​បំផុត​សម្រាប់​ស៊េរី​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​នេះ។

    Yep គឺជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​លំដាប់​គុណភាព​ខ្ពស់​របស់ Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន SAIC-GM-Wuling។ រថយន្ត​នេះ​មាន​ពីរ​កំណែ តម្លៃ​ចាប់ពី 11,290 ដុល្លារ​អាម៉េរិក និង 12,703 ដុល្លារ​អាម៉េរិក។

    Baojun Yep មាន​ចំណុច​ខ្លះ​គឺ​ដូច​ទៅនឹង​រថយន្ត Suzuki Jimny និង​មាន​រូបរាង​ជា​ទម្រង់​ប្រអប់​បួន​ជ្រុង (Square Box) ដែល​ផ្ដោតលើ​អតិថិជន​វ័យក្មេង។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។ វា​អាចឱ្យ​បញ្ចូល​ថាមពល​រហ័ស និង​អាច​បង្កើន​ថាមពល​អគ្គិសនី​​ពី 30% ឡើងដល់ 80% ក្នុងរយៈ​ពេល​ 35 នាទី។

    រថយន្ត​អគ្គិសនី Baojun Yep ក៏​បំពាក់​ប្រព័ន្ធ​បើកបរ​ឆ្លាត​វៃ Lingxi រួមមាន មុខងារ​កំណត់​អត្តសញ្ញាណ និង​ប្រតិកម្ម​ទៅនឹង​ឧបសគ្គ ក៏ដូចជា​កែសម្រួល​ល្បឿន​ប្រកបដោយ​ភាព​ឆ្លាត​វៃ​នៅពេល​រថយន្ត​បរដល់​កន្លែង​ត្រូវ​បត់។ រថយន្ត​នេះ​ក៏​អាច​ចូល​ចត​ដោយ​ស្វ័យប្រវត្ត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ចូល​ចត​ឆ្លាត​វៃ៕

  • Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។

    ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។

    រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។

    Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។

    ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ៕

  • រូប​ភាព​ថ្មី​បំផុត​ស្ដី​ពី​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​អគ្គិសនី Tesla Cybertruck

    រូប​ភាព​ថ្មី​បំផុត​ស្ដី​ពី​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​អគ្គិសនី Tesla Cybertruck

    ក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុនិក​ប្រចាំ​ឆ្នាំ​របស់ Tesla ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះនៅ​ឯ Giga Texas គឺជា​ឱកាស​ល្អ​សម្រាប់​​ភ្ញៀវ​អញ្ជើញ ទស្សនា​​ផ្ទាល់​នឹង​ភ្នែក​ រថយន្តអគ្គិសនី Cybertruck គំរូ​ដើម​ថ្មី​បំផុត​​របស់ Testla​។

    គ្រប់​គ្នា​គិត​ថា ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ Cybertruck នៅ​ឯ​ព្រឹត្តិការណ៍​ខាង​លើ។​ ប៉ុន្តែ សំណាង​ល្អ មាន​មនុស្ស​ម្នាក់​មិន​ត្រឹម​តែ​បាន​ចូល​ខាង​ក្នុង​រថយន្ត​នេះ​នោះ​ទេ​ តែថែមទាំង​ថត​បាន​រូប​ភាព​ប៉ុន្មាន​សន្លឹក​ផងដែរ​។

    រូប​ថត​ទាំង​នេះ​ត្រូវ​បាន​បង្ហោះដោយ​ម្ចាស់​គណនី​ Yomama69 នៅ​លើ​វេទិកា Cybertruck Owners Club។ រូប​ថត​ទាំង​នេះ​ក៏​បង្ហាញ​យ៉ាង​ច្បាស់​នូវ​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​នេះ​ផងដែរ​។

    Tesla Cybertruck កំពុង​ស្ថិត​ក្នុងដំណាក់​កាល​ត្រៀម​ផលិត​នៅ​រដូវ​ក្ដៅ​នេះ​ ហើយ​អាច​ត្រូវ​បាន​ប្រគល់​នៅ​ចុង​ត្រីមាស​ទីបីឆ្នាំ​នេះ​។ ប្រការ​នេះ​បញ្ជាក់​ថា​​ រថយន្ត​អគ្គិសនី​ Cybertruck ​អាច​ត្រូវ​បាន​ប្រគល់​​ជូន​អតិថិជន​ ប្រហែល​នៅ​ក្នុង​ខែ​កញ្ញា​ 2023​៕

  • រថយន្ត​អគ្គិសនី​​របស់​វៀតណាម ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់​ជា​​បន្ត​បន្ទាប់​

    រថយន្ត​អគ្គិសនី​​របស់​វៀតណាម ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់​ជា​​បន្ត​បន្ទាប់​

    ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បាន​​ត្អូញ​ត្អែរ​​ជា​បន្ត​បន្ទាប់​ទាក់​ទង​នឹង​បញ្ហា​រអាក់​រអួល​របស់​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​រថយន្ត​អគ្គិសនី​ VinFast VF8​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បង្ហាញ​​មូលហេតុ​​ និង​​ផ្ដល់​ដំណោះ​ស្រាយ​។

    បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​មិន​មែន​កើត​ឡើង​នៅ​លើ​តែ​រថយន្ត​អគ្គិសនី​​ VinFast VF8 នោះ​ទេ។ ជាក់​ស្ដែង​ អតិថិជន​ដែល​ប្រើ​ប្រាស់​ VinFast e34 និង VF5 ក៏​ជួប​បញ្ហា​ដូច​ក្នា​នេះ​ដែរ​។

    ​អ្នក​ជំនាញ​ផ្នែក​រថយន្តមួយ​រូប​​របស់​វៀតណាម​បាន​ឱ្យ​ដឹង​ថា​ «…សីតុណ្ហភាព​ប៉ុន្មាន​ថ្ងៃ​នេះ​ក្ដៅ​ជាង 40 អង្សាសេ​ ប៉ុន្តែ​ជាក់​ស្ដែង​វា​ប្រហែល​ជា​ 60 អង្សាសេ ដោយ​សារ​តែ​បេតុង​។ …សបវ៉ែរ​របស់​ឡាន​អគ្កិសនី​ VinFast កំណត់​ឱ្យម៉ាស៊ីន​ត្រជាក់​ឈប់​ដំណើរ​ការ​នៅ​ពេល​កម្ដៅ​ឡើង​ដល់​ប្រហែល 40 អង្សាសេ​ ដើម្បី​ការ​ពារ​ម៉ូទ័រ​។

    ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា នា​ពេល​ខាង​មុខ ពួក​គេ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​សបវ៉ែរ​កំណែ​ថ្មី​បំផុត​សម្រាប់ VinFast VF8 ទន្ទឹម​នឹង​ការ​ផ្លាស់​ប្ដូរ​បំពង់​នាំ​ឧស្ម័ន​របស់​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​នៅ​ពេល​មេឃ​​ក្ដៅ​ខ្លាំង​៕

  • រថយន្ត​អគ្គិសនី​ដំបូង​របស់​ Rolls-Royce លក់​ដាច់​គ្មាន​សល់​ ទោះ​អតិថិជន​ត្រូវ​រង់​ចាំ​យូរ​

    រថយន្ត​អគ្គិសនី​ដំបូង​របស់​ Rolls-Royce លក់​ដាច់​គ្មាន​សល់​ ទោះ​អតិថិជន​ត្រូវ​រង់​ចាំ​យូរ​

    Spectre ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ Rolls-Royce​ នឹង​ជា​ប្រភេទ sedan coupe មហា​ប្រណិត​ បំពាក់​ម៉ូទ័រ​ពីរ​គ្រឿង​ អាច​ផ្ដល់​កម្លាំង​ 577 សេះ ឬ​ កម្លាំង​រមួល​កង់ 900 Nm។

    ដំបូង​ឡើយ រថយន្ត​នេះ​ត្រូវ​បាន​ប្រកាស​ថា​ នឹង​ធ្វើ​ដំណើរ​បាន​ប្រហែល 418 គីឡូម៉ែត្រ​បន្ទាប់​ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ ប៉ុន្តែ ថ្មី​ៗ​នេះ CEO របស់ Rolls-Royce និយាយ​ថា 500 គីឡូម៉ែត្រនឹង​គ្រប់​គ្រាន់​ណាស់​ហើយ​សម្រាប់​អតិថិជន​។

    CEO ខាងលើ​និយាយ​ថា តម្រូវ​ការ​ចំពោះ​ Spectre ដំណើរ​ការ​ដោយ​អគ្គិសនី​ គឺខ្ពស់​ជាង​ ធៀប​នឹង​ការ​សន្និដ្ឋាន​ដំបូង​ ហើយ​អ្នក​បញ្ជាទិញ​នៅ​ពេល​នេះ​នឹង​ទទួល​បាន​រថយន្ត​នៅ​ឆ្នាំ 2025​។ រថយន្ត​ដំបូង​ៗ​ដែល​នឹង​ប្រគល់​នៅ​ត្រីមាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ គឺ​សម្រាប់តែ​​​អតិថិជន​ដំបូង​ៗបំផុត​។

    មិន​មាន​អ្វី​ចម្លែក​នៅ​ពេល​អតិថិជន​ត្រូវ​រង់​ចាំ​​មួយ​ឆ្នាំ ឬ​មួយ​ឆ្នាំ​កន្លះ​ ព្រោះ​ថា រថយន្ត Rolls-Royce ប្រណិត​បំផុត​សុទ្ធ​តែ​ត្រូវ​បាន​ផលិត​ភាគ​ច្រើន​ដោយ​ដៃ​។ ប៉ុន្តែ ​រថយន្ត​អគ្គិសនី Rolls-Royce Spectre គឺជា​រឿង​​​ពិសេស​ នេះមិន​ទាន់​និយាយ​ដល់​​​ជម្រើស​ផ្សេង​គ្នា និង​មុខ​ងារ​ថ្មី​ៗ​ត្រូវ​បាន​បន្ថែម​ ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​​ក្នុង​ការ​ផលិត​៕

  • រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។

    លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។

    ដោយឡែក ក្រុមហ៊ុន Ford មកដល់ពេលនេះ​មិនទាន់​បញ្ចេញ​ព័ត៌មាន​លំអិត​ស្ដីពី​រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ខ្លួន​នៅឡើយ៕