Tag: ព្រែកជីក

  • ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    (ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

    ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

    សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

    សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

    យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕

  • គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    (ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

  • គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    សហរដ្ឋ​អាម៉េរិក​ធ្លា​ប់រៀប​ផែនការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែក​ជីក​ប្រវែង 257 គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជំនួស​ព្រែកជីក Suez ​នៅក្បែរនោះ។

    រដ្ឋាភិបាល​អាម៉េរិក កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1960 ធ្លាប់បាន​ពិចារណា​អំពី​សំណើ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ 520 គ្រាប់ ដើម្បី​បង្កើត​ព្រែក​ជីក​​មួយ​ជំនួស​ព្រែកជីក Suez ដែល​​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ គម្រោង​នេះ​មិនអាច​ក្លាយជា​ការពិត ប៉ុន្តែ​បើសិន​មាន​ផ្លូវទឹក​ជំនួស ឬ​បន្ថែម​លើ Suez នោះ​គឺ​អាច​មាន​ប្រយោជន៍​ច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ហើយ​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​ដូច​ករណី​មួយ​កាលពី​ខែមីនា 2021។ នេះ​បើតាម Business Insider។

    យោងតាម​អនុស្សារណៈ​ឆ្នាំ 1963 របស់​ក្រសួងការពារជាតិ​អាម៉េរិក ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ឆ្នាំ 1996 គម្រោង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រអាម៉េរិក​ ​គឺ​ការប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែកជីក​សមុទ្រ​ងាប់ (Dead Sea) ដែល​នឹង​អនុញ្ញាតឱ្យ​ទឹក​ហូរ​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev។ ព្រែកជីក​ថ្មី​ក្នុង​គម្រោង​នេះ​នឹងមាន​ប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ មូលហេតុ​ដែល​ធ្វើឱ្យមាន​គម្រោង​នេះ គឺ​ដោយសារ​វិធីសាស្ត្រ​ជីក​បែប​ធម្មតា​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រាប់បែក​នុយ​ក្លេ​អែរ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណីនេះ។ ព្រែកជីក​មួយបែប​នេះ​អាចរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

    ការកកស្ទះ​ចរាចរណ៍​កាលពី​ខែមីនា 2021 នៅលើ​ព្រែក​ជីក Suez

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រសួងការពារជាតិ​អាម៉េរិក​គណនា​ឃើញថា ត្រូវការ​ឧបករណ៍​ផ្ទុះ​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​តោន​ចំនួន 4 សម្រាប់​ព្រែ​កមួយកំណាត់ៗដែលមាន​ប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញ​និយាយថា តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន 520 គ្រាប់ ឬ រំសេវ 1.04 ជី​ហ្គា​តោន (មួយ​ជី​ហ្គា​តោន​ស្មើនឹង​មួយ​ពាន់​លាន​តោន)។ ទីតាំង​ល្អ​ដែល​ត្រូវ​បានស្នើ គឺ​តំបន់​ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev នៅ​អ៊ីស្រាអែល ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅនឹង​ឈូង​សមុទ្រ Aqaba បើកផ្លូវ​រហូតដល់​ស​មុ​ទ្រ​ក្រហម និង​មហាសមុទ្រ​ឥណ្ឌា។

    ការសិក្សា​បឋម​បង្ហាញថា វិធីសាស្ត្រ​ខាងលើ​គឺអាច​ទៅរួច។ ប៉ុន្តែ អនុស្សារណៈ​របស់​អាម៉េរិក​ក៏បាន​បង្ហាញថា អាចមាន​បញ្ហា​ផ្នែក​នយោបាយ ព្រោះថា ក្រុម​ប្រទេស​អារ៉ាប់​ដែល​នៅ​ជុំវិញ​អ៊ីស្រាអែល នឹង​ជំទាស់​យ៉ាងខ្លាំង​ក្លា​ទៅនឹង​គម្រោង​នេះ។

    តំបន់​ព្រែក​ជីក Suez និង​គម្រោង​ព្រែក​ជីក​នុយក្លេអែរ

    អនុស្សារណៈ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​នៅពេល​គណៈកម្មការ​ថាមពល​នុយ​ក្លេ​អែរ​អាម៉េរិក ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ជាតិ​ផ្ទុះ​នុយ​ក្លេ​អែរ​សន្តិភាព (PNE) ដើម្បី​ជីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ប្រយោជន៍។ គម្រោង​ខាងលើ​បាន​ខកខាន​បន្ទាប់ពី​សហរ​ដ្ឋ​អាម៉េរិក​មើល​ឃើញថា ការធ្វើ​តេស្ត​ជាមួយនឹង PNE ចំនួន 27 លើក គឺ​មាន​ការ​បំ​ភាយ​វិទ្យុសកម្ម​ទៅក្នុង​បរិស្ថាន៕

  • ទិដ្ឋភាព​បាក់​ទំនប់​វា​រី​អគ្គិសនី Kakhovka ដែល​បង្ក​ជា​ទឹក​ជំនន់​ពន្លិច​​តំបន់​នានា​នៅ​អ៊ុយក្រែន

    ទិដ្ឋភាព​បាក់​ទំនប់​វា​រី​អគ្គិសនី Kakhovka ដែល​បង្ក​ជា​ទឹក​ជំនន់​ពន្លិច​​តំបន់​នានា​នៅ​អ៊ុយក្រែន

    តំបន់​ជាច្រើន​ដែល​ស្ថិតក្នុង​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេ​នៅ​ទីក្រុង Kherson ត្រូវ​លិចលង់ បន្ទាប់ពី​ទំនប់ Kakhovka បាន​បាក់​កាលពី​​ថ្ងៃទី 06 មិថុនា។

    ទំនប់​វា​រី​អគ្គិសនី Kakhovka នៅលើ​ទន្លេ Dnieper ក្នុង​តំបន់​ដែល​រុស្ស៊ី​កំពុងកាន់​កាប់​នៅ​ Kheron ត្រូវបាន​បំផ្លាញ​អស់​មួយផ្នែក​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​កាលពី​ព្រឹក​ថ្ងៃទី 06 មិថុនា បណ្ដាលឱ្យ​ទឹក​ក្នុង​បឹង​ស្តុក​​ត្រូវ​ហូរ​មក​ក្រៅ បង្ក​ការលិចលង់​ក្នុង​តំបន់​ជាច្រើន​នៅ​ខ្សែទឹក​ខាងក្រោម។

    បឹង​ស្តុក​ទឹក Kakhovka មាន​ចំណុះ​ប្រហែល 18 ពាន់​លាន​ម៉ែត្រគូប ផ្គត់ផ្គង់​ទឹក​សម្រាប់​ការបញ្ចុះ​កម្ដៅ​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhia និង​ព្រែកជីក Crimea។ រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​សុទ្ធតែ​យល់ថា នេះ​គឺជា​ការវាយប្រហារ​ដែល​មាន​គោលដៅ និង​បាន​ទម្លាក់កំហុស​ដាក់គ្នា។

    ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​មួយចំនួន​ស្ដីពី​ទឹកជំនន់​ដែល​បង្កឡើង​ដោយហេតុ​ការណ៍​បាក់​ទំនប់វារីអគ្គិសនី​ Kakhovka នៅតំបន់ Kherson របស់​អ៊ុយក្រែន​​៖

    https://www.youtube.com/watch?v=cXVSkxvF4oc

  • (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (វីដេអូ)-ព្រែកជីក​ដែលមាន​ជម្រៅ​ជ្រៅ​បំផុត​ក្នុង​ពិភពលោក

    (ប្រទេស​ក្រិ​ក)-ព្រែកជីក Corinth មាន​ជញ្ជាំង​ទាំងសងខាង​ខ្ពស់​រហូតដល់ ៧៩ ម៉ែត្រ ចំណែក​ទទឹង​វិញ មាន​កន្លែង​ខ្លះ​ត្រឹមតែ ២0 ម៉ែត្រ​ប៉ុណ្ណោះ។

    Corinth គឺជា​ព្រែក​ដ៏​ធំ​មួយ​ដែល​មនុស្ស​បាន​បង្កើតឡើង។ ជញ្ជាំង​របស់​ព្រែក​នេះ​មាន​កម្ពស់ ៧៩ ម៉ែត្រ ធ្វើឱ្យ​វា​ក្លាយជា ព្រែក​ដែល​ជ្រៅ​បំផុត​ក្នុង​ពិភពលោក។ ប៉ុន្តែ វា​មាន​ទទឹង​ត្រឹមតែ ២៥ ម៉ែត្រ​ប៉ុណ្ណោះ ធ្វើឱ្យ​កប៉ាល់ធំៗ ពិបាក​ឆ្លងកាត់។

    ព្រែកជីក​នេះ​គឺជា​ផ្លូវទឹក​ដែលមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​កប៉ាល់​ជាង ១១,០០០ គ្រឿង ឆ្លងកាត់​ក្នុង ១ ឆ្នាំ។

    វិស្វករ Haris Saraglou នៅតែ​បន្ត​ដើរ​ត្រួតពិនិត្យ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា ជញ្ជាំង​របស់​ព្រែកជីក​នេះ​នៅតែ​រឹងមាំ និង​សុវត្ថិភាព។ លោក Haris Saraglou ថ្លែងថា Corinth គឺជា​កន្លែង​ដែល​សំខាន់​ខ្លាំង ព្រោះ​វា​ជា​ច្រកទ្វារ​ដែល​នាំទៅ​កាន់ Peloponnese ហើយ​វា​ក៏​ប្រសព្វ​មុខ​គ្នា​ជាមួយនឹង​សមុទ្រ និង​ដីគោក។

    នៅពេល​ការស្ថាបនា​ព្រែកជីក Corinth បាន​រួចរាល់​កាលពី​ឆ្នាំ ១៨៩៣ ពេលនោះ​កប៉ាល់​នានា​មាន​ទំហំ​តូច​ជាង​កប៉ាល់​នៅ​សម័យនេះ​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន មាន​កប៉ាល់ធំៗជាច្រើន​គ្រឿង​ធ្លាប់បាន​ឆ្លងកាត់​ព្រែកជីក​នេះ ដោយ​កប៉ាល់​ខ្លះ​ស្ទើរតែ​មិនអាច​ជៀត​ចូល​បាន។ ការធ្វើដំណើរ​របស់​ក​ប៉ាល់ធំៗទាំងនោះ គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ប្រទេស​ក្រិ​ក នៅពេល​គេ​មើល​ពីលើ​ទី​ខ្ពស់។

    កាលពី​ខែតុលា ឆ្នាំ ២០១៩ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​មួយ ប្រវែង ១៩៥ ម៉ែត្រ ដែលមាន​ឈ្មោះថា Braemar បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រែកជីក Corinth។ កប៉ាល់​ដែលមាន​ទម្ងន់ ២៤,៣៤៤ តោន​នេះ គឺជា​កបាល់​ធំ​បំផុត​ដែល​ធ្លាប់បាន​ឆ្លងកាត់​ផ្លូវទឹក​ដ៏​ចង្អៀត​នេះ។

    ការមើល​ពីលើ​ទី​ខ្ពស់ ជួយ​ឱ្យ​យើង​បាន​គយគន់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ។ ចំណែក​អ្នកបើកបរ​កប៉ាល់​ខ្នាត​យក្ស​ដែល​ឆ្លងកាត់​ព្រែក​នេះ​ក៏ត្រូវ​តែមាន​ស្មារតី​រឹងមាំ​ទើប​អាចទៅរួច។ ត្រង់​កន្លែង​ចង្អៀត​បំផុត ចន្លោះ​ពី​កប៉ាល់​ទៅ​ជញ្ជាំង​ទាំងសងខាង នៅសល់​មិន​ដល់ ១ ម៉ែត្រ​នោះទេ។

    ពេល​កប៉ាល់ នាវា​ឆ្លងកាត់​ព្រែកជីក Corinth មានន័យថា ពួកវា​កំពុងតែ​សម្រេចបាន​នូវ​មហិច្ឆតា​បុរាណ​មួយ ដែល​ត្រូវការ​ពេលវេលា​ជាង ២,០០០ ឆ្នាំ ទើប​អាច​ធ្វើបាន។ ជនជាតិ​ក្រិ​ក​បុរាណ ចង់​ជីក​ព្រែក​នៅទីនេះ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់។ ពួកគេ​អាច​ជំរុញ​សកម្មភាព​ជំនួញ និង​រកបាន​ផលប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត​បើ​គិត​អំពី​វិធីសាស្ត្រ​អភិវឌ្ឍ​អារ្យធម៌។ ព្រែកជីក Corinth ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​ដោយ​អធិរាជ​រ៉ូ​ម៉ាំង Nero កាលពី​សតវត្សរ៍​ទី១ ប៉ុន្តែ ស្ថាបត្យកម្ម​នេះ​ត្រូវបានធ្វើ​ឡើងដល់​ត្រឹម​ដំណាក់កាល​ជីក​កកាយ​ដី​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ទ្រង់​ក៏បាន​សោយ​ទិវង្គត។

    បន្ទាប់ពី​ធ្វើដំណើរ​បាន​ចម្ងាយ ៦ គីឡូម៉ែត្រ ដែល​ហាក់ដូច​មានការ​លំបាក​ខ្លាំង ចុងក្រោយ កប៉ាល់ Braemar ក៏បាន​រុលចូល​ទៅដល់​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រែកជីក Corinth៕