Tag: ផ្កាយដុះកន្ទុយ

  • ផ្កាយដុះកន្ទុយមាន​រាងដូច​ UFO កំពុង​​ហោះ​សំដៅ​មក​កាន់​ផែនដី

    ផ្កាយដុះកន្ទុយមាន​រាងដូច​ UFO កំពុង​​ហោះ​សំដៅ​មក​កាន់​ផែនដី

    ផ្កាយដុះកន្ទុយ​ធំប៉ុនទីក្រុង​ និង​មាន​ឈ្មោះ​ថា 12P/Pons – Brooks កំពុង​តែ​ហោះ​សំដៅ​មក​កាន់​តំបន់​ក្បែរ​ផែនដី​បំផុត​ នៅ​លើ​គន្លង​គោចរ​ 71 ឆ្នាំ​នៅក្នុង​​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    ផ្កាយដុះកន្ទុយ​មាន​ភ្នំ​ភ្លើង​មួយ​ដួង​ ដែល​កំពុង​ហោះ​មក​កាន់​ផែនដី​ មាន​រូប​រាង​ស្រដៀង​នឹង​ថាសហោះ (UFO)  បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​ ធ្វើ​ឱ្យ​វា​ភ្លឺ​ដូច​ទៅ​នឹង​កូន​ផ្កាយ​មួយដួង​ និង​ស្រោច​កំអែ​ភ្នំ​ភ្លើង​ត្រជាក់​ទៅ​ក្នុង​ទីអវកាស​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​មើល​ឃើញ​ផ្កាយ​ដុះកន្ទុយ​នេះ​ផ្ទុះ​កំអែ​ភ្នំ​ភ្លើង​ នៅក្នុង​អំឡុង​ពេល​ជិត​ 70 ឆ្នាំ​មក​នេះ​។

    12P/Pons – Brooks (12P) គឺជា​ផ្កាយ​ដុះ​កន្ទុយ​មាន​ភ្នំ​ភ្លើង​ត្រជាក់​។ ដូចទៅ​នឹង​ផ្កាយ​ដុះ​កន្ទុយ​ដទៃ​ 12P មាន​ស្នូល​រឹង​ដែល​​ផ្ទុក​​សមាសធាតុ​ទឹកកក​ ធូលី និង​ឧស្ម័ន​ ហើយ​ជុំវិញ​វា​គឺជា​ពពក​ឧស្ម័ន​ដែល​ហៅ​ថា​ក្បាល​ផ្កាយ​ដុះ​កន្ទុយ​។ ប៉ុន្តែ ខុស​ពី​ផ្កាយ​ដុះ​កន្ទុយ​ដទៃ ឧស្ម័ន​ និង​ទឹកកក​នៅ​ខាង​ក្នុង​ស្នូល​របស់ 12P មាន​បរិមាណ​ច្រើន​រហូតដល់​អាច​ផ្ទុះ​យ៉ាង​ខ្លាំង​ក្លា បាញ់​ចេញ​វត្ថុធាតុ​ត្រជាក់​ដែល​ហៅ​ថា កំអែ​ទឹក​កក ពី​ស្នាម​ប្រេះ​នៅ​លើ​សម្បក​របស់​ស្នូល​។

    កាល​ពី​ថ្ងៃទី 20 កក្កដា តារាវិទូ​ជា​ច្រើន​រូប​បាន​សង្កេត​ឃើញ​ថា មាន​ហេតុ​ការណ៍​ផ្ទុះ​ធំ​មួយ​នៅ​លើ​ផ្កាយ​ដុះ​កន្ទុយ​ 12P ដែល​ធ្វើ​ឱ្យ​វា​ភ្លឺ​ជាង​ធម្មតា​រហូត​ដល់​ប្រហែល 100 ដង​។ ការ​ភ្លឺ​ឡើង​នេះ​កើត​ឡើង​នៅ​ពេលសម្បក​របស់​​ 12P ស្រាប់​តែ​ប៉ោង​ឡើង​ដោយ​សារ​តែ​ឧស្ម័ន​ និង​សមាសធាតុ​ទឹកកក​ដែល​កញ្ជ្រោល​ចេញ​ពី​ខាង​ក្នុង​ នាំ​ឱ្យ​ចំណាំង​ប្លាត​​​ពន្លឺ​​ពី​ព្រះ​អាទិត្យ​នៅ​លើ​ 12P ជះ​មក​កាន់​ផែនដី​ច្រើន​ជាង​មុន​។

    នៅ​ថ្ងៃទី 26 កក្កដា សម្បក​របស់​ 12P រីក​ប៉ោង​ឡើង​រហូតដល់​មាន​អង្កត់​ផ្ចិត​ 230,000 គីឡូម៉ែត្រ ធំ​ជាង​ 7,000 ដង ធៀប​នឹង​ស្នូល​ដែល​មាន​អង្កត់​ផ្ចិត​តែ​ 30 គីឡូម៉ែត្រ​។ ក៏ប៉ុន្តែ ប្រការ​ដែល​គួរ​​ចាប់​អារម្មណ៍​គឺ​ថា សម្បក​ដែល​ប៉ោង​ឡើង​ ធ្វើ​ឱ្យវា​មាន​រូប​រាង​ស្រដៀង​នឹង​ស្នែង ឬ​ថាស​ហោះ​ (UFO) ដែល​មាន​កន្ទុយដូច​នៅ​ក្នុង​ខ្សែ​​ភាព​យន្ត​បែប​វិទ្យា​សាស្ត្រ និង​សង្គ្រាម​អវកាស។

    អ្នកវិទ្យា​សាស្ត្រ​និយាយ​ថា 12P នឹង​ហោះមក​ដល់​តំបន់​ក្បែរ​ព្រះ​អាទិត្យ​បំផុត​នៅ​ថ្ងៃ​ទី 14 មេសាឆ្នាំ 2024 និង​មក​ក្បែរ​ផែនដី​នៅ​ថ្ងៃទី 02 មិថុនា 2024​ ហើយ​អាច​ឱ្យ​មនុស្ស​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​នៅ​ពេល​រាត្រី​៕

  • ​ប្រភព​របស់​ទឹក​នៅលើ​ផែនដី មាន​ទ្រឹស្ដី​ថ្មី​ស្ដី

    ​ប្រភព​របស់​ទឹក​នៅលើ​ផែនដី មាន​ទ្រឹស្ដី​ថ្មី​ស្ដី

    អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Copehagen របស់​ប្រទេស​ដាណឺម៉ាក យល់ថា ទឹក​មាន​វត្តមាន​នៅលើ​ផែនដី​នៅពេល​ភព​នេះ​ស្រូប​ទាញ​ធូលី និង​ទឹកកក​ក្នុងដំណាក់កាល​កកើតដំបូង​។

    ផែនដី​ទំនងជា​អាចមាន​វត្តមាន​ឆាប់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រឹស្ដីមុនៗ បន្ទាប់ពី​កកើតឡើង​ក្នុង​ទម្រង់​គ្រាប់​ខ្សាច់ និង​ថ្មល្អិតៗ ដែល​ប្រមូល​ផ្ដុំគ្នា​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។ ទ្រឹស្ដី​ថ្មី​នេះ​ក៏​ចង់​និយាយថា មូលហេតុ​ដែល​ទឹក​មាន​វត្តមាន​នៅលើ​ផែនដី គឺ​ដោយសារ​ផែនដី​ស្រូប​ទាញយក​ទឹក​ពី​ទី​អវកាស​នៅ​ជុំវិញ មិនមែន​ដោយសារ​ផ្កាយដុះកន្ទុយ​នាំ​ទឹកកក​មកកាន់​ផែនដី​ឡើយ។

    ការសន្និដ្ឋាន​ខាងលើ​មានន័យ​សំខាន់​ចំពោះ​ការស្វែងរក​ភាវៈ​រស់នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ជឿថា ចំនួន​​ភព​ដែលមាន​ទឹក និង​អាច​រស់​នៅបាន ដែល​ស្ថិត​នៅ​ជុំវិញ​ផ្កាយ​ដទៃ អាចមាន​ច្រើនជាង​ការគិត​នាបច្ចុប្បន្ន។

    ទ្រឹស្ដី​ថ្មី​របស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Copehagen អធិប្បាយ​ថា កាលពី​ប្រហែល 4.5 ពាន់​លាន​ឆ្នាំមុន នៅពេល​ព្រះអាទិត្យ​នៅ​ជា​ផ្កាយ​វ័យក្មេង​ដែល​ព័ទ្ធជុំវិញ​ដោយ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ឡើយ គ្រាប់វត្ថុ​ធាតុ​ មាន​ដូច​ជា​​ធូលី​ល្អិត​​ជា​ដើម​ ក៏ត្រូវ​បាន​ភព​ដែល​កំពុង​កកើត ស្រូប​ទាញ​នៅពេល​ពួកវា​មាន​ទំហំ​កាន់​តែ​​ធំ។ នៅក្នុង​ដំណាក់​កាលនោះ ផែនដី​មិន​ត្រឹមតែ​ស្រូប​ទាញយក​វត្ថុ​នានា​នៅក្នុង​ថាស​ធូលី និង​ឧស្ម័ន​នោះទេ តែ​ស្រូប​ទាញយក​ទឹក​ផងដែរ ព្រោះ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ជុំវិញ​ព្រះអាទិត្យ​ក៏មាន​ផ្ទុក​ទឹកកក។

    ទំព័រ Space ឱ្យដឹងថា ទ្រឹស្ដី​ថ្មី​នេះ​ព្យាករ​ថា បើសិន​ភព​មួយ​ដែល​វិល​ជុំវិញ​ផ្កាយ​មេ​ដូច​ទៅនឹង​ព្រះអាទិត្យ​ នៅក្នុង​គម្លាត​សមស្រប វា​នឹង​មានទឹក។ នេះ​បើតាម​សាស្ត្រាចារ្យ Martin Bizzarro សហការី​មកពី​វិទ្យាស្ថាន Globe៕

  • ​​James Webb រក​ឃើញ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read

    ​​James Webb រក​ឃើញ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read

    តេ​ឡេ​ស្កុប​អវកាស James Webb សង្កេតឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ​មួយ​ដួង​ដ៏​កម្រ ស្ថិតនៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍។

    ការរកឃើញ​ថ្មី​នេះ​គឺជា​ការរីកចម្រើន​មួយ​ជំហាន​ទៀត​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​តេ​ឡេ​ស្កុប​អវកាស James Webb ដែលជា​លើកដំបូង ឧស្ម័ន ក្នុងករណីនេះ​គឺ​ចំហាយ​ទឹក ត្រូវបាន​រកឃើញ​ស្ថិតនៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា ​របស់​ទំព័រ Space។ ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​វា​បង្ហាញថា ទឹក​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​យុគសម័យ​ដំបូង អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​ទឹកកក​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​ជាងគេ​។

    «កន្លងមក យើង​បានឃើញ​បណ្ដា​វត្ថុ​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​គេ ពេញលក្ខណៈ​ជា​ផ្កាយដុះកន្ទុយ ប៉ុន្តែ ដោយមាន​ទិន្នន័យ​វិសាល​គម​សុក្រឹត​នេះ​ពី JWST ទើប​យើង​អាច​ប្រាកដថា ទឹកកក​កំពុង​បង្កើត​បាតុភូត​នោះ» អ្នកវិទ្យាសាស្ត្រ Michael Kelley ប្រធាន​ក្រុម​ស្រាវជ្រាវ​​នៃ​​គម្រោង​នេះ​ នៅ​សាកលវិទ្យាល័យ Maryland បានឱ្យដឹង​ដូច្នេះ។ ការរកឃើញ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature។

    ការរកឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ 238P/Read ជួយ​ពង្រឹង​ទ្រឹស្ដី​ដែល​ថា ទឹក​ត្រូវបាន​ផ្កាយដុះកន្ទុយ​នាំ​ពី​ទី​អវកាស​មកកាន់​ផែនដី។ ប៉ុន្តែ ការស្រាវជ្រាវ​ក៏​បង្ហាញថា 238P/Read មិនមាន​ឧស្ម័ន CO2 ផងដែរ។

    នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​របស់​ប្រព័ន្ធ​ព្រះអាទិត្យ ភាគច្រើន​គឺជា​ដុំថ្ម។ ក៏ប៉ុន្តែ នៅទីនេះ ជួនកាល​ក៏មាន​វត្ថុ​ដូច​ផ្កាយដុះកន្ទុយ 238P/Read។

    មកដល់​បច្ចុប្បន្ន «យើង​មិនទាន់​ប្រាកដថា ធ្វើ​បែបណា​បានជា​ទឹក​ដ៏​ច្រើន​មាន​វត្តមាន​នៅលើ​ផែនដី។ ការស្វែងយល់​ប្រវត្តិ​នៃ​ការ «បែងចែក» ទឹក​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ នឹង​ជួយ​ឱ្យ​យើង​យល់​អំពី​ប្រព័ន្ធ​ផ្កាយ​ដទៃ និង​វាយតម្លៃ​បាន​ថា តើ​ពួកវា​អាច​មាន​​ភព​ដែល​ដូច​ផែនដី ឬ​អត់» Stefanie Milam មកពី​ក្រុម​ស្រាវជ្រាវ​ខាងលើ ឱ្យដឹង​ដូច្នេះ។

    ជំហាន​បន្ទាប់ ក្រុម​ស្រាវជ្រាវ​កំណត់​គោលដៅ​សង្កេត​លំអិត​លើ 238P/Read ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​ថា ផ្កាយដុះកន្ទុយ​កម្រ​ជួប​ដូច​វា មាន​សមាសធាតុ​ដូចគ្នានេះ ឬ​អត់៕

  • ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

    ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

    ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

    បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

    ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

    https://www.youtube.com/watch?v=jU1DsipURcM

    វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

    ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

    ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

  • ផ្កាយដុះកន្ទុយ​ហោះ​ក្បែរ​ផែនដី​បំផុត​ក្នុងអំឡុង 50,000 ឆ្នាំ

    ផ្កាយដុះកន្ទុយ​ហោះ​ក្បែរ​ផែនដី​បំផុត​ក្នុងអំឡុង 50,000 ឆ្នាំ

    ផ្កាយដុះកន្ទុយ C/2022 E3 (ZFT) អាច​ត្រូវបាន​មើលឃើញ​ដោយ​ភ្នែក​ទទេ​នៅពេល​វា​ហោះ​ក្បែរ​ផែនដី​បំផុត​នៅក្នុង​ខែមករា និង​កុម្ភៈ 2023 ក្រោយ​រយៈពេល 50,000 ឆ្នាំ។

    អ្នក​ថតរូប John Chumack របស់​ទំព័រ GalacticImages.com កាលពី​ថ្ងៃទី 07 មករា ថត​បាន​ផ្កាយដុះកន្ទុយ C/2022 E3 (ZFT) នៅលើ​ផ្ទៃមេឃ​​ពេលយប់​របស់ Yellow Spring រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក។ យោងតាម Chumack អ្នក​ដែល​ចូលចិត្ត​វិស័យ​តារាសាស្ត្រ អាច​មើលឃើញ​ផ្កាយ​ដុះ​កន្ទុយ C/2022 E3 នេះ ​រហូតដល់​ខែកុម្ភៈ​ឆ្នាំ 2023។

    យោងតាម Space ផ្កាយដុះកន្ទុយ​នេះ​មាន​កន្ទុយ​ចំនួនពីរ ក្នុងនោះ​មាន​កន្ទុយ​មួយ​វែង​ជាងគេ និង​មាន​ពណ៌​បៃតង។ ក្បាល​របស់​វា​មាន​ពណ៌​ខៀវ ដោយសារ​មាន​ផ្ទុក​សារធាតុ dicarbon។

    ទំព័រ NPR បាន​ឱ្យ​ដឹង​ថា ផ្កាយដុះកន្ទុយ​គឺជា​វត្ថុ​អវកាស​ដែលមាន​ផ្ទុក​ឧស្ម័ន ថ្ម និង​ធូលី​ដែល​កក​រឹង។ ប៉ុន្តែ នៅពេល​ពួកវា​ហោះ​មក​ក្បែរ​ព្រះអាទិត្យ ពួកវា​នឹង​បំ​ភាយ​ឧស្ម័ន និង​ធូលី ដោយសារតែ​ត្រូវ​កម្ដៅ នាំឱ្យមាន​បាតុភូតដុះ​​កន្ទុយ​វែង​ព្រោះ​តែ​ចំណាំង​ប្លាត​ពន្លឺ​ថ្ងៃ​។

    C/2022 E3 (ZTF) ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ 2022 ដោយ​តេ​ឡេ​ស្កុប Schmidt នៅលើ​ភ្នំ Palomar ដែល​ពេលនោះ​វា​ស្ថិតនៅត្រង់​កញ្ចុំ​ផ្កាយ Aquila និង​ឆ្ងាយ​ជាង 5 ដង ធៀប​នឹង​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​អាទិ​ត្យ​។ ផ្កាយដុះកន្ទុយ​នេះ​នឹង​ស្ថិតនៅត្រង់​កញ្ចុំ​ផ្កាយ Camelopardalis នៅ​ព្រលប់​ថ្ងៃទី 01 កុម្ភៈ 2023។

    យោងតាម ណា​សា ផ្កាយ​ដុះ​កន្ទុយ C/2022 E3 (ZTF) មាន​វដ្ដ​ប្រហែល 50,000 ឆ្នាំ ដែល​ប្រការនេះ​មានន័យថា មុនពេល​វា​មាន​គម្លាត​ពី​​ព្រះអាទិត្យ​ប្រហែល 160 លាន​គីឡូម៉ែត្រ​នៅ​ថ្ងៃទី 12 មករា និង​មាន​ចម្ងាយ​ពី​ផែនដី 42 លាន​គីឡូម៉ែត្រ​នៅ​ថ្ងៃទី 02 កុម្ភៈ វា​ទំនងជា​ធ្លាប់បាន​ហោះ​មកដល់​គម្លាត​នេះ​ជា​លើកចុងក្រោយ​កាល​ពី​​​យុគ​ថ្ម​បំបែក៕