​ប្រភព​របស់​ទឹក​នៅលើ​ផែនដី មាន​ទ្រឹស្ដី​ថ្មី​ស្ដី

ផែនដី​ក្នុង​ដំណាក់កាល​ដំបូងៗ

អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Copehagen របស់​ប្រទេស​ដាណឺម៉ាក យល់ថា ទឹក​មាន​វត្តមាន​នៅលើ​ផែនដី​នៅពេល​ភព​នេះ​ស្រូប​ទាញ​ធូលី និង​ទឹកកក​ក្នុងដំណាក់កាល​កកើតដំបូង​។

ផែនដី​ទំនងជា​អាចមាន​វត្តមាន​ឆាប់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រឹស្ដីមុនៗ បន្ទាប់ពី​កកើតឡើង​ក្នុង​ទម្រង់​គ្រាប់​ខ្សាច់ និង​ថ្មល្អិតៗ ដែល​ប្រមូល​ផ្ដុំគ្នា​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។ ទ្រឹស្ដី​ថ្មី​នេះ​ក៏​ចង់​និយាយថា មូលហេតុ​ដែល​ទឹក​មាន​វត្តមាន​នៅលើ​ផែនដី គឺ​ដោយសារ​ផែនដី​ស្រូប​ទាញយក​ទឹក​ពី​ទី​អវកាស​នៅ​ជុំវិញ មិនមែន​ដោយសារ​ផ្កាយដុះកន្ទុយ​នាំ​ទឹកកក​មកកាន់​ផែនដី​ឡើយ។

ការសន្និដ្ឋាន​ខាងលើ​មានន័យ​សំខាន់​ចំពោះ​ការស្វែងរក​ភាវៈ​រស់នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ជឿថា ចំនួន​​ភព​ដែលមាន​ទឹក និង​អាច​រស់​នៅបាន ដែល​ស្ថិត​នៅ​ជុំវិញ​ផ្កាយ​ដទៃ អាចមាន​ច្រើនជាង​ការគិត​នាបច្ចុប្បន្ន។

ទ្រឹស្ដី​ថ្មី​របស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Copehagen អធិប្បាយ​ថា កាលពី​ប្រហែល 4.5 ពាន់​លាន​ឆ្នាំមុន នៅពេល​ព្រះអាទិត្យ​នៅ​ជា​ផ្កាយ​វ័យក្មេង​ដែល​ព័ទ្ធជុំវិញ​ដោយ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ឡើយ គ្រាប់វត្ថុ​ធាតុ​ មាន​ដូច​ជា​​ធូលី​ល្អិត​​ជា​ដើម​ ក៏ត្រូវ​បាន​ភព​ដែល​កំពុង​កកើត ស្រូប​ទាញ​នៅពេល​ពួកវា​មាន​ទំហំ​កាន់​តែ​​ធំ។ នៅក្នុង​ដំណាក់​កាលនោះ ផែនដី​មិន​ត្រឹមតែ​ស្រូប​ទាញយក​វត្ថុ​នានា​នៅក្នុង​ថាស​ធូលី និង​ឧស្ម័ន​នោះទេ តែ​ស្រូប​ទាញយក​ទឹក​ផងដែរ ព្រោះ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ជុំវិញ​ព្រះអាទិត្យ​ក៏មាន​ផ្ទុក​ទឹកកក។

ទំព័រ Space ឱ្យដឹងថា ទ្រឹស្ដី​ថ្មី​នេះ​ព្យាករ​ថា បើសិន​ភព​មួយ​ដែល​វិល​ជុំវិញ​ផ្កាយ​មេ​ដូច​ទៅនឹង​ព្រះអាទិត្យ​ នៅក្នុង​គម្លាត​សមស្រប វា​នឹង​មានទឹក។ នេះ​បើតាម​សាស្ត្រាចារ្យ Martin Bizzarro សហការី​មកពី​វិទ្យាស្ថាន Globe៕

Advertisement