Tag: ប្រឈម

  • បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

    បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

    បើនិយាយចំពោះបុរសៗវិញ អ្នកណាៗក៏សុទ្ធតែប្រាថ្នានូវភាពអស្ចារ្យ និងកម្លាំងមាំមួននៃសមត្ថភាពផ្លូវភេទដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនជមិនមែនសុទ្ធតែ អាចទទួលបានគ្រប់គ្នានោះឡើយ លើសពីនេះទៅទៀត​ មានអ្នកខ្លះបានបាត់បង់ភាពជាម្ចាស់ការរបស់ខ្លួននៅលើសមរភូមិក្ដៅសាច់មុនពេលកំណត់ក៏មាន។ តើចំណុចនេះបណ្តាលមកពីវ័យឱ្យប្រាកដ? ចម្លើយពិត លោកអ្នកអាចស្វែងយល់ជាមួយសំណេរខាងក្រោមនេះ ៖ 

    1- មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរការរួមសង្វាសបានតែងតែកើតមានចំពោះបុរសវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ តើការយល់ឃើញខាងលើនេះពិតដែរ ឬទេ? ចម្លើយឆ្លើយថា ការលើកយកមកនិយាយយ៉ាងដូច្នេះ គឺនៅមិនទាន់ត្រឹមត្រូវ100%នៅឡើយ​នោះទេ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើតមានឡើង មិនថាអសមត្ថភាពនៃលិង្គ ឬលិង្គលែងដំណើរការនៅពេលចង់រួមរ័ក ពោលគឺនិយាយរួមថា លិង្គ មិនងើបរឹងតម្រូវទៅតាមការចង់បានក្នុងជីវិតភេទសម្ពន្ធនោះ វាមិនមែនបណ្តាលមកពីតែកក្តាអាយុកើនឡើងច្តើននោះទេ។ អាការមិនដំណើរការ នៃលិង្គក៏​អាស្រ័យ​ដោយសារតែមានបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ជីវិតភេទសម្ពន្ធ ដូចជាលិង្គវៀចក្រងេវនៅពេលងើបរឹងឡើង ដែលប្រភេទនេះ ភាសាបច្ចេកទេសហៅថា ជំងឺ Payronie (ជំងឺលិង្គ) ដែលអូសបន្លាយពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញទឹកកាមពេក។

    2- ពេលដែលកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ធ្លាក់ចុះទាប តើអាចមានឥទ្ធិពលដល់សុខភាពផ្លូវភេទដែរ ឬទេ? ហើយការធ្លាក់ចុះនៃ​ចំណង់​តណ្ហាលិង្គ មិនអាចងើបរឹងបានដូចកាលពីមុន និងបណ្តាល​ឱ្យបុរសលែងរវីរវល់នឹងការរួមសង្វាសតទៅទៀត ឬយ៉ាងណា ? ការពិតគឺយ៉ាងដូច្នេះមែន។  អាការ​ដូចដែល​បាន​​លើក​យកមកធ្វើជាអំណះអំណាងនេះ ក៏អាស្រ័យដោយសារការស្រកថយចុះនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នៅពេលអាយុ​ឈាន​ចូល​​​ដល់ល្បាក់​៤០ឆ្នាំ រូបកាយរបស់បុរសក៏ចាប់ផ្តើមធ្លាក់ថយចុះក្នុងការផលិតចេញនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នេះ ។ Testosterone ជាអ័រម៉ូន​ដ៏ពិសិដ្ឋ​ក្នុងការបង្កើនកំលាំងសាច់ដុំ ក្នុងការជួយកំចាត់ជាតិខ្លាញ់ពីក្នុងរូបរាងកាយ ដើម្បីជួយផលិតទឹកកាមចេញមក។

    បុរសភេទទាំងអស់សុទ្ធតែមានបញ្ហាដូចគ្នា ដោយសារតែកម្រិតអ័រម៉ូន Testosterone ត្រូវធ្លាក់ចុះទៅតាមធម្មជាតិ ប៉ុន្តែមិនមែនមានន័យថា អ័រម៉ូននេះ អស់​រលីង​នោះទេ ពោលគឺវាអាចរក្សាទុកបានមួយភាគណានោះក្នុងរូបកាយរបស់បុរសអស់មួយជីវិត ដោយមិនបានបណ្តាល​ឱ្យកើតមានបញ្ហាអ្វីដែល ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានបុរសប្រមាណ ១/៥ (ក្នុងចំណោម៥នាក់អាចមានម្នាក់) ដែលអាយុលើសពី៦០ឆ្នាំ ទៅមានកំរិតអ័រ ម៉ូន Testosterone ក្រោមកម្រិតមធ្យម ឬធម្មតា ដែលគេហៅថា អាការរងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរ ស្ថិតនៅក្នុងករណីយ៉ាង។ ដូច្នេះការព្យាបាល ដោយឱសថ​ប្រភេទ​អ័រម៉ូន គឺអាចជាជម្រើសមួយដ៏ល្អដែលទទួលយកបាន ។

    3-  តើការបរិភោគអាហារសម្បូរទៅដោយជាតិខ្លាញ់ អាចបង្កផលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទរបស់បុរសដែរ ឬទេ? វាជាការពិតណាស់ទៅហើយ  ដែលរបបអាហារបរិភោគគ្មានតុល្យភាពត្រឹមត្រូវប្រចាំថ្ងៃ អាចជះឥទ្ធិពលយ៉ាងច្រើនដល់គុណភាព និងបរិមាណនៃជីវិតផ្លូវភេទរបស់បុរស។ ផ្អែកតាមការ​សិក្សា​ស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញ​ឱ្យឃើញច្បាស់ថា បុរសដែលចូលចិត្តបរិភោគខ្លាញ់ ឬកូឡេស្តេរ៉ូល ដូចជាឆាចៀនខ…៘  សុទ្ធតែងាយទទួលរង​ផល​ប៉ះពាល់ដល់សមត្ថភាពនៃលិង្គ ដោយមិនអាចទទួលបានក្តីពេញចិត្តក្នុងជីវិតភេទសម្ពន្ធនោះឡើយ ជាពិសេសខណៈដែលមិនបានបរិភោគអាហារ​មាន​តុល្យភាព​រវាងត្រីសាច់បន្លែផ្លែឈើ ដែលជាសារជាតិបំប៉នយ៉ាងសំខាន់ ចំពោះសុខភាពផ្លូវភេទ។ ការកាត់បន្ថយ សុរា និងគ្រឿងស្រវឹងផ្សេងៗ (សារធាតុ​អាល់កុល) បារី ថ្នាំជក់ ក៏ទទួលបានលទ្ធផលដ៏ល្អ ព្រោះតែគ្រឿងទាំងអស់នេះអាចធ្វើ​ឱ្យមានការធ្លាក់ថយចុះនូវចំណង់ផ្លូវភេទ ថែមទាំងធ្វើ​ឱ្យបាត់បង់សារជាតិ​បំប៉ន​សំខាន់ ដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទបុរស។

    បន្ទាប់ពីបានស្វែងយល់តាមរយៈទំព័រសុខភាពផ្លូវភេទខាងលើនេះ លោកអ្នកពិតជាអាចមានវិធីសាស្រ្តក្នុងការបង្ការ និងបញ្ចៀសភាពអសមត្ថភាពនៃ​សម្ពន្ធមេត្រីដ៏ផ្អែមល្ហែមរបស់លោកអ្នកបានខ្លះហើយមែនទេ ? សូមធ្វើការពិចារណា ដើម្បីភាពយូរអង្វែងនៃសមត្ថភាពផ្លូវភេទរបស់អ្នកទាំងអស់គ្នា៕

  • ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

    ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

    អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។

    ​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។

    លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។

    ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

  • អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

    អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

    យាន​ APS-R នឹង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។

    នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។

    ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាម៉េរិក បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ​ដែល​មាន​ឈ្មោះ​ថា Astroscale Prototype Servicer for Refueling (APS-R) ដើម្បី​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យាន​សមស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ​ពីខាង​លើ​ខ្សែ​អេក្វាទ័រ​។

    APS-R នឹង​គោចរ​ទៅ​តាម​គន្លង​គោចរ​មូល​ដែល​ស្រប​នឹង​រង្វិល​ជុំ​របស់ផែនដី​។ យាន​អវកាស​នេះ​នឹង​ដឹក​ជញ្ជូន​ឥន្ធនៈ hydrazine ពី​ស្ថានីយ​ ទៅ​កាន់​ផ្កាយ​រណប​ដែល​ត្រូវ​ការ​ឥន្ធនៈ​។ វា​អាច​ផ្ដល់​សេវាកម្ម​សម្រាប់​រាល់​យាន​អវកាស​ដែល​មាន​រន្ធ​បញ្ចូល​ឥន្ធនៈ​សម​ស្រប​នឹង​ក្បាល​ទូយោ​របស់យាន​​ APS-R​។

    SwRI កំណត់​គោល​ដៅ​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ដើម្បី​នាំ​ APS-R ឡើងទៅ​កាន់​ទីអវកាស​ ក្នុង​រយៈ​ពេល​ 16 ខែ​ទៀត​។

    នៅពេល​ដំណាក់​កាល​រចនា និង​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ SwRI នឹង​បញ្ចូល​ទំនិញ​ដែល Astroscale ផ្គត់ផ្គង់​ ហើយ​ធ្វើ​ការ​សាកល្បង​បរិស្ថាន​ ដើម្បី​ត្រៀម​សម្រាប់​ការ​បាញ់បង្ហោះ​។ យោងតាម​ Interesting Engineering យាន​ APS-R គ្រោង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បាញ់​បង្ហោះ​នៅ​ក្នុង​ឆ្នាំ 2026​៕

  • ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ប្រទេស​ថៃ និង​ហ្វ៊ីលីពីន កំពុង​រៀបផែនការ​ស្ថាបនា​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។

    យោង​តាម​ទំព័រ Nikkei Asia នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ថាមពល​ជាតិ​​សម្រាប់​ដំណាក់​កាល​ពី​ពេល​នេះ​ដល់​ឆ្នាំ 2037​ ក្នុង​នោះ ប្រទេស​នេះ​គ្រោង​នឹង​ដំឡើង​រោង​ចក្រ​ប្រតិកម្ម​ម៉ូឌុល​ខ្នាត​តូច​ (Small Modular Reactor – SMRs)។

    មេដឹក​នាំរដ្ឋាភិបាល​ថៃ លោក Thavisin បាន​ពិនិត្យ​អំពី​លទ្ធភាព​សាងសង់​រោង​ចក្រ​ថាមពល​នុយក្លេអែរ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាម៉េរិក​ នៅ​បាងកក កាល​ពី​ថ្ងៃទី 14 មីនា​។

    ប្រទេស​ថៃ កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអែរ​ ក្នុង​កាលៈទេសៈ​ដែល​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​នេះ​ កាន់​តែ​ខើច​ទៅ​ៗ​ ខណៈ​ដែល​ថៃ បាន​សន្យា​ដោយ​កំណត់​គោលដៅ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ 2050​។

    ចំណែក​ហ្វ៊ីលីពីនវិញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដូច​ទៅ​នឹង​ប្រទេស​ថៃ​។ ទីក្រុង​ម៉ានីល ក៏​រៀង​ផែនការ​បង្កើត​ស្ថានីយ​ថាមពល​នុយក្លេអែរ​ពាណិជ្ជកម្ម​មួយ​នៅ​ឆ្នាំ 2030​ ទន្ទឹម​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ SMRs។ ក្រុម​ហ៊ុន​ NuSclae Power របស់​អាម៉េរិក​ មាន​គម្រោង​វិនិយោគ​ 7.5 ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​នៅ​ហ្វ៊ីលីពីន​។

  • ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។

    បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។

    ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។

    China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande នៅតែជាស្រមោលអាក្រក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន៕

  • ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។

    ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។

    ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។

    កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។

    ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។

    យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ និង​​ត្បូង​មាន​តម្លៃ​ ហើយ​នាំ​ចូល​ឧបករណ៍អេឡេច​ត្រូនិច​ ស្បៀង កៅស៊ូ ជ័រ និង​ឱសថ​ពីប្រទេស​ថៃ​៕

  • ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

    ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

    ទីក្រុង​ឌូបៃ​ប្រកាស​ថា នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​​នាំ​មុខ​គេ​​ ​ប្រមូល​ផ្ដុំដោយ​ក្រុម​ប្រណាំង​ដែល​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​មក​ពី​ជុំ​វិញ​ពិភពលោក​។

    ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជទាយាទ​ឌូបៃ Sheikh Hamdan bin Mohammed bin Rashid AI Maktoum ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ប្រតិកម្ម​ឌូបៃ​។ នេះ​នឹង​ជា​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​​ដំបូងគេ​​លើ​ពិភពលោក​ ក្នុង​នោះ កីឡាករ​ចូល​រួម​នឹង​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ដើម្បី​បង្ហាញ​សមត្ថភាព​ និង​ល្បឿន​នៅ​លើ​អាកាស​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 30 មករា 2024​។

    កីឡាករ​ជំនាញ​ 8 នាក់ មក​ពី​ជុំវិញ​ពិភពលោក រួម​មាន Ahmed AI Shehhi របស់​អេមីរ៉ាត​អារ៉ាបរួម​ (UAE) ផងដែរ ​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ Gravity Industries ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឈុត​សម្លៀក​បំពាក់​ហោះហើរ​ល្បឿន​លឿន​។

    យោង​តាម​ការ​ព្រម​ព្រៀង​រវាង​ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ និង Gravity Industries ព្រឹត្តិការណ៍​ប្រណាំង​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 28 កុម្ភៈ 2024​ នៅ​ក្នុង​ពិព័រណ៍​នាវា​ឌូបៃ​។ ភ្ញៀវ​ដែល​ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​បាន​ទស្សនា​ការ​ប្រណាំង​ដ៏​កម្រ​នេះ​៕

  • មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

    នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។

    កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។

    លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។

    មហា​សេដ្ឋី​ Elon Musk

    យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

  • អ្នក​វិនិយោគ​ចិន​​ខេត្តយុនណាន នឹង​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តសៀមរាប

    អ្នក​វិនិយោគ​ចិន​​ខេត្តយុនណាន នឹង​មក​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ខេត្តសៀមរាប

    ផ្ទៃដី​ប្រមាណ 1,000 ហិកតា នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប នឹង​ត្រូវ​បាន​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ទាក់​ទាញអ្នក​វិនិយោគ​ចិន​នៅ​ខេត្ត​យុនណានជា​ពិសេស មក​បណ្ដាក់​ទុន​ក្នុង​វិស័យកសិ-ចំណី​អាហារ​​នៅ​កម្ពុជា​។

    នាព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2023 នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារ ទទួលជួប​គណៈប្រតិភូនៃ​មន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គ​នាយក​រង ដើម្បី​ពិភាក្សាការងារ​អំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការ​ជំរុញ ​និង​ទាក់​ទាញ​គម្រោង​វិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

    នៅ​ក្នុង​ជំនួប​នេះ ភាគី​កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្នុងឆ្នាំ 2024 ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួន មក​ធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ 1,000 ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស ក្នុង​បំណង​ចង​ក្រង​ឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារ នៃខេត្តយុនណាន មកបណ្តាក់ទុនវិនិយោគដើម្បីបំពេញតម្រូវការទីផ្សារចំណីអាហារនៅ​កម្ពុជា និងនៅ​ក្នុងតំបន់។

    យោង​តាម​ ក.អ.ក ភាគី​កម្ពុជា ក៏​បានបញ្ជាក់អំពីការគាំទ្ររបស់​ខ្លួន លើគម្រោងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ ដើម្បី​រួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងអនុតំបន់ដែលកំពុងតែរងផលជះអវិជ្ជមានពីបញ្ហាប្រឈមសកលតាមរយៈ ការពង្រឹង និងពង្រីករបៀងសេដ្ឋកិច្ច កិច្ចសម្រួលវិនិយោគ និងពាណិជ្ជកម្ម ក៏​ដូច​ជា ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាហត្ថលេខី។

    ជាការឆ្លើយតប សមភាគីចិន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន​៕

  • នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    (ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។

    នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។

    ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។

    យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។

    «តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។

    យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 យប់​នេះ​។

    នៅក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ជាង 4.91 លាន​នាក់ ក្នុង​នោះភ្ញៀវ​ពី​ប្រទេស​ថៃមាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ 1.65 លាន​នាក់ ខណៈ​​ភ្ញៀវ​ពី​វៀតណាម​ច្រើន​ជាង​គេ​លំដាប់​ទីពីរ និង​​​ចិន​លំដាប់​ទីបី​​៕