Tag: បំផ្ទុះ

  • ម្ចាស់​ជើង​ឯក​បាល់ទាត់​ SEA Games ​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​

    ម្ចាស់​ជើង​ឯក​បាល់ទាត់​ SEA Games ​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​

    សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) ប្រកាស​ថា នឹង​ប្រកួត​មិត្ត​ភាព​ជាមួយ​ម្ចាស់​ជើង​ឯក World Cup នៅ​ថ្ងៃ​ទី 19 ខែ​មិថុនា 2023​ និង​បាន​អំពាវនាវ​ឱ្យ​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាងការ​ប្រកួត​ត្រូវ​លុបចោល​។

    ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​​អំពី​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់ទីន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីលាន​បាល់​ទាត់ Gelora Bung Karno នា​រសៀល​ថ្ងៃ​ទី 24 ឧសភា​។

    ប្រធាន PSSI លោក Erick Thohir ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​គូប្រជែង​លំដាប់​ខ្ពស់​បំផុត​ដូច​អាហ្សង់​ទីន គឺជា​ឱកាស​​ដ៏​មាន​តម្លៃ​ដើម្បី​សាកល្បង​​ផ្លូវ​ចិត្ត សមត្ថភាព និង​ដក​បទ​ពិសោធន៍​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​។

    មេដឹកនាំ​ PSSI ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយធំ​បំផុត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ Lionel Messi, Lautaro Martinez និង​មិត្ត​រួម​ក្រុម​ ចៀស​វាង​ហានិភ័យ​ការ​ប្រកួត​ត្រូវ​លុប​ចោល។

    Thohir រម្លឹក​ឡើងវិញ​នូវ​មេរៀន​ឆ្នាំ 2019 នៅ​ពេល Man Utd លុប​ចោល​ដំណើរ​មក​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ព្រោះ​តែ​​ករណី​បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​ ក្នុង​នោះ​ក៏​មាន​នៅ​សណ្ឋាគារ​ដែល​កូន​សិស្ស​ និង​គ្រូបង្វឹក Sir Alex Ferguson បាន​ជ្រើស​រើស​ជា​កន្លែង​ស្នាក់​នៅ​។

    PSSI ចំណាយប្រហែល​ 5 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អញ្ជើញ​ក្រុមជម្រើស​ជាតិ​អាហ្សង់ទីន​មក​ប្រកួត​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​។ ដូច​ទៅ​នឹង​បណ្ដា​ក្លឹប​នៅ​អឺរ៉ុប កិច្ច​ព្រម​ព្រៀង​រវាង​ PSSI និងអាហ្សង់ទីន មាន​លក្ខខណ្ឌ​បញ្ជាក់​ថា ក្រុម​ភ្ញៀវ​មាន​សិទ្ធិ​លុប​ចោល​ការ​ប្រកួត​ បើ​សិន​សុវត្ថិភាព​នៅ​ទីតាំង​ប្រកួត​មិន​ត្រូវ​បាន​ធានា​ ព្រោះ​តែ​ហេតុការណ៍​ចលាចល គ្រោះ​ធម្មជាតិ​ ឬ​ភេរវកម្ម​។ល។ នេះ​បើ​តាម​ New York Times ។

    មុន​ពេល​មក​កាន់ឥណ្ឌូណេស៊ី ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ប្រកួត​មិត្ត​ភាព​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី 15 មិថុនា​ 2023​៕

  • ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

    បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

    ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

    MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

    មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

    Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

    ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

  • Ariana Grande ក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester

    Ariana Grande ក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester

    តារាចម្រៀងស្រី Ariana Grande បានក្លាយជាពលរដ្ឋកិត្តិយសដំបូងបង្អស់នៅទីក្រុង Manchester ចក្រភពអង់គ្លេសក្នុងនាមជាជំនួយទីប្រឹក្សា បន្ទាប់ពីនាងបានខិតខំប្រឹងប្រែងរៃអង្គាសថវិកាមួយចំនួនពីសប្បុរសជន ដើម្បីផ្ដល់ជូនជនរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកនៅកណ្ដាលការប្រគំតន្រ្តីរបស់នាងកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ។

    ក្រុមទីប្រឹក្សារដ្ឋាភិបាលអង់គ្លេសបានរំពឹងទុកថា ការផ្ដល់ងារ និងលិខិតសរសើជូនតារាស្រី Ariana Grande នាថ្ងៃទី12 ខែកក្កដា ឆ្នាំ2017 កន្លងទៅនេះ គឺជាការលើកទឹកចិត្ត ព្រមទាំងជាប្រយោជន៍សម្រាប់តារាចម្រៀងប៉ុបរូបនេះដែលបានខិតខំប្រឹងប្រែងសម្រាប់ការងារសង្គមបម្រើដល់ប្រជាពលរដ្ឋអង់គ្លេស។ សម្រាប់ការប្រគំតន្ត្រីដ៏មានអត្ថន័យ One Love បានរំឮកដល់មនុស្សចំនួន 22 នាក់ និងកុមារ 7 នាក់ទៀតដែលបានបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកនោះ ហើយនៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេរកឃើញថា បុរស Salman Abedi អ្នកដែលបរិច្ចាគគ្រឿងប្រគំតន្ត្រី គឺជាជនសង្ស័យ ខណៈដែលលោកបានចាកចេញពីក្លឹបរាត្រីនៅថ្ងៃ22​ ខែឧសភា។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យ 23 ឆ្នាំរូបនេះត្រូវបានទទួលស្គាល់ថា ជាតារាចម្រៀងដែលខំប្រឹងប្រែងបំផុតក្នុងការបំផុសបំផុលតន្ត្រីសប្បុរសធម៌នៅទីលាន Cricket Emirates Old Trafford ដែលមានវត្តមានតារាល្បីៗចូលរួមបន្ថែមជាច្រើន ដូចជា  Coldplay, Justin Bieber និង Katy Perry ជាដើម៕