Tag: ជាប់គាំង

  • បទពិសោធន៍ «​វិះ​នឹង​ស្លាប់​ក្នុង​នាវាមុជទឹកដូច Titan ​នៅ​ក្បែរ​សាកសព​កប៉ាល់​ Titanic»

    បទពិសោធន៍ «​វិះ​នឹង​ស្លាប់​ក្នុង​នាវាមុជទឹកដូច Titan ​នៅ​ក្បែរ​សាកសព​កប៉ាល់​ Titanic»

    គ្រោះថ្នាក់​នាវាមុជទឹក Titan បានធ្វើឱ្យ Michael Guillen នឹកឃើញ​ដល់​បទពិសោធន៍​ដ៏​រន្ធត់​នៅពេល​ជាប់​ក្នុង​នាវាមុជទឹក​នៅត្រង់​កន្លែង​ដូច​ទីតាំង​ក្នុងករណី Titan កាលពី​ឆ្នាំ 2000។

    «ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកយកព័ត៌មានដំបូងៗដែល​បាន​មើលឃើញ​សាកសព​កប៉ាល់ Titanic នៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ប្រការ​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទកភាព» Michael Guillen បណ្ឌិត​ផ្នែក​រូបវិទ្យា​អាម៉េរិក រៀបរាប់​អំពី​ដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្នុងនាម​ជា​អ្នកយកព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ទូរទស្សន៍ ABC កាលពី 23 ឆ្នាំមុន។

    ក្នុង​ដំណើរ​ផ្សងព្រេង​នោះ Guillen ទៅជា​មួយ​មិត្ត​ម្នាក់​ឈ្មោះ Brian និង​អ្នកបើកបរ​នាវា​ជនជាតិ​រុស្ស៊ី Viktor នៅក្នុង​នាវាមុជទឹក Mir-1 របស់​រុស្ស៊ី ដែល​ត្រូវបាន​ទម្លាក់​ចុះ​ទឹក​ពី​កប៉ាល់​មេ Akademik Mstislav Keldysh។ ក្រោយពី​បាន​ទស្សនា​ផ្នែក​ខាងមុខ​របស់​សាកសព​កប៉ាល់ Titanic ប្រកបដោយ​ភាពងាយស្រួល​នៅក្នុង​ជម្រៅ 3,800 ម៉ែត្រ ពួកគេ​ក៏​សម្រេចចិត្ត​ផ្លាស់​ទី​ទៅកាន់​ផ្នែក​ខាងក្រោយ​របស់​កប៉ាល់។

    លោក Guillen រៀបរាប់៖ «ពេល​ឆ្លងកាត់​តំបន់​ដែលមាន​បំណែក​ជាច្រើន ដើម្បី​ឆ្ពោះទៅកាន់​ចំណុច​កន្ទុយ​កប៉ាល់ ពួកយើង​ក៏​ស្រាប់តែ​ត្រូវ​ស្រូប​ចូល​ខ្សែទឹក​ដែល​ហូរ​ខ្លាំង​នៅ​បាតសមុទ្រ។ ចុងក្រោយ Mir-1 ត្រូវ​ជាប់គាំង​ទៅនឹង​ស្លាបចក្រ​ដ៏​ធំ​របស់​កប៉ាល់ Titanic»។

    «ក្រោយពី​ការប៉ះទង្គិច ពួកយើង​ឃើញ​ដុំ​ដែក​ច្រែះ​​របស់​កប៉ាល់ Titanic ធ្លាក់​មកលើ​នាវាមុជទឹក» លោក Guillen បន្ថែម និង​បន្តថា «ពេលនោះ​ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​អាច​គេច​ផុតពី​ការស្លាប់​ឡើយ»។

    លោក Michael Guillen

    Viktor ដែល​ធ្លាប់ជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង MiG របស់​រុស្ស៊ី ក៏បាន​រក​វិធី​រំដោះ​នាវាមុជទឹក។ លោក Guillen និយាយថា ពេលនោះ «ដូច​ទៅនឹង​រថយន្ត​របស់​អ្នក​កំពុង​ជាប់ផុង ហើយ​អ្នក​ត្រូវ​រក​វិធី​ថយក្រោយ​ដើម្បី​រំដោះខ្លួន។ ពួកយើង​សុទ្ធតែ​រក្សា​ភាពស្ងប់ស្ងាត់ ព្រោះ​មិន​ចង់​រំខាន ឬ​ធ្វើឱ្យ Viktor បែក​អារម្មណ៍។ ពួកយើង​សុទ្ធតែ​ដឹងថា កំពុងស្ថិត​ក្នុងស្ថានភាព​អាសន្ន…»។

    នាវា Mir-1 ត្រូវ​ជាប់​ប្រហែល​មួយ​ម៉ោង​ក្នុង​ភាព​ងងឹត​នៅ​បាតសមុទ្រ ដោយសារតែ Viktor សម្រេចចិត្ត​បិទ​ភ្លើង​​ដើម្បី​សន្សំសំចៃ​ថាមពល។ «ខ្ញុំ​មិន​ភ្លេច​សោះឡើយ​នូវ​ស្ថានភាព​ដែល​គិតថា ខ្លួន​នឹង​ស្លាប់​មិន​ខាន» លោក Guillen រម្លឹកឡើង​​ដូច្នេះ។

    ក្នុងពេលនោះ Guillen មាន​អារម្មណ៍​ថា នាវា​កំពុង​ផុស​ឡើង។ «ខ្ញុំ​ងាកក្រោយ​សួរ Viktor ថា មាន​បញ្ហា​អ្វី​អត់? គាត់​ក៏​ឆ្លើយ​ដោយ​សំឡេងស្អកៗថា «មិនមាន​បញ្ហា​ទេ»។ ពេលនោះ​ទើប​ខ្ញុំ​មាន​អារម្មណ៍​ធូរទ្រូង» លោក Guillen ថ្លែងបន្ត​ដូច្នេះ។

    នាវាមុជ​ទឹក​រុស្ស៊ី Mir

    ដោយសារ​ជំនាញ​របស់ Viktor ចុងក្រោយ នាវាមុជទឹក Mir-1 ក៏បាន​រំដោះខ្លួន​ផុតពី​ស្លាបចក្រ និង​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic។ ពួកគេ​ត្រូវ​ចំណាយពេល​ពីរ​ម៉ោង​កន្លះ​ដើម្បី​ងើប​ឡើងលើ​ផ្ទៃ​ទឹក និង​ផុត​ពី​គ្រោះ​អាសន្ន​។

    កាលពី​ឆ្នាំ 2000 មានតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ដែល​អាច​អភិវឌ្ឍ​នាវាមុជទឹក​ដែល​ស៊ូទ្រាំ​បាន​ជាមួយនឹង​សម្ពាធ​ទឹកសមុទ្រ​ដ៏​មហាសាល នោះ​គឺ​ប្រទេស​បារាំង និង​រុស្ស៊ី។ នេះ​បើតាម លោក Guillen។

    នាវាមុជទឹក Mir របស់​រុស្ស៊ី មាន​បណ្ដោយ 7.8 ម៉ែត្រ, ទទឹង 3.6 ម៉ែត្រ, កម្ពស់ 3 ម៉ែត្រ និង​ទម្ងន់ 18,600 គីឡូក្រាម។ នាវា​នេះ​អាច​ចុះ​ជ្រៅ​រហូតដល់ 6,000 ម៉ែត្រ។ ក្នុងការ​ធ្វើតេស្ដ​ជាក់ស្ដែង Mir-1 អាច​ចុះ​ដល់​ជម្រៅ 6,170 ម៉ែត្រ និង Mir-2 អាច​ចុះ​ដល់ 6,120 ម៉ែត្រ៕

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។

  • កប៉ាល់​ដឹក​កុងតឺន័រ​ប្រវែង​ជាង​ ៣០០ ​ម៉ែត្រ ​ដែល​ជាប់​គាំង​ក្នុង​ល្បាប់​អស់​រយៈ​ពេល​មួយ​ខែ​ ត្រូវ​បាន​ជួយ​សង្គ្រោះ

    កប៉ាល់​ដឹក​កុងតឺន័រ​ប្រវែង​ជាង​ ៣០០ ​ម៉ែត្រ ​ដែល​ជាប់​គាំង​ក្នុង​ល្បាប់​អស់​រយៈ​ពេល​មួយ​ខែ​ ត្រូវ​បាន​ជួយ​សង្គ្រោះ

    កប៉ាល់​ដែលមាន​បណ្ដោយ​​រហូត​ដល់​ជាង ៣០០ ម៉ែត្រ ត្រូវ​ជាប់​ក្នុង​ភក់ល្បាប់​អស់​រយៈពេល​ពេញ​មួយខែ​នៅ​ឈូង​សមុទ្រ Chesapeake នៃ​ឆ្នេរ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក បាន​អណ្ដែត​ឡើងវិញ បន្ទាប់ពី​ការប្រឹងប្រែង​ជួយសង្គ្រោះ​របស់​កងកម្លាំង​ការពារ​ឆ្នេរ។

    Ever Forward ដែលជា​កប៉ាល់ ១ គ្រឿង របស់​ក្រុមហ៊ុន Evergreen មាន​ទីស្នាក់ការ​នៅ តៃវ៉ាន់ កាលពី​យប់​ថ្ងៃទី ១៣ មីនា បាន​ជាប់គាំង​ដោយសារ​ល្បាប់​ជម្រៅ ៦ ម៉ែត្រ នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ ក្រោយពី​រេ​ខុសផ្លូវ។

    រយៈពេល​ច្រើន​សប្ដាហ៍​កន្លងមកនេះ កម្លាំង​ល្បាត​ឆ្នេរ​របស់ អាម៉េរិក បាន​ប្រឹងប្រែង​រំដោះ​កប៉ាល់ Ever Forward ដោយ​ប្រើប្រាស់​កប៉ាល់​អូស និង​កប៉ាល់​ស្ដារ​ល្បាប់។ ឆ្លៀតពេល​ដែលមាន​ជំនោរ​ទឹកសមុទ្រ​កើនឡើង​ខ្ពស់បំផុត​ក្នុង​ខែ Ever Forward បាន​អណ្ដែត​ឡើងវិញ​កាលពី​ថ្ងៃទី ១៧ មេសា ក្រោយពី​កុងតឺន័រ​ចំនួន ៥០០ ក្នុងចំណោម ៥,០០០ នៅលើ​កប៉ាល់​នេះ ត្រូវបាន​លើក​ចេញ​ដើម្បី​កាត់បន្ថយ​ទម្ងន់។

    Ever Given ដែលជាកប៉ាល់ដឹកកុងតឺន័រមួយផ្សេងទៀតរបស់ Evergreen ជាប់គាំងនៅលើព្រែកជីក Suez នៅ ប្រទេសអេហ្ស៊ីប កាលពីខែមីនា ២០២១

    ក្រុមមន្ត្រី​អាម៉េរិក មិនទាន់​បង្ហើប​​ឱ្យដឹង​អំពី​ការខាតបង់ ឬ​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​បញ្ហា​ជាប់គាំង​របស់ Ever Forward ក៏ដូចជា​មូលហេតុ​ដែលនាំឱ្យ​មានប​ញ្ហា​ជាប់គាំង​នេះ​នៅឡើយ។ កប៉ាល់​នេះ​ជាប់គាំង​នៅ​ខាងក្រៅ​គន្លង​នាវាចរណ៍ និង​មិនបាន​រាំងស្ទះ​ដល់ក​ប៉ាល់​ដទៃ។

    Ever Forward ដែលមាន​បណ្ដោយ ៣៣៥ ម៉ែត្រ អាច​ផ្ទុក​កុងតឺន័រ​បាន​ជិត ១២,០០០ គឺជា​កប៉ាល់​មួយគ្រឿង​ក្នុងចំណោម​កប៉ាល់​ជាច្រើន​ដែល​ធ្វើ​សកម្មភាព​នៅ​តំបន់​សមុទ្រ​មមាញឹក​នៃ​ឈូង​សមុទ្រ Chesapeake។

    ករណី​ជាប់គាំង​នេះ ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ហេតុការណ៍​ដូចគ្នានេះ​របស់ Ever Given ដែលជា​កប៉ាល់​ដឹក​កុងតឺន័រ​មួយ​ផ្សេងទៀត​របស់ Evergreen ជាប់គាំង​នៅលើ​ព្រែកជីក Suez នៅ​ ប្រទេស​អេហ្ស៊ីប កាលពី​ខែមីនា ២០២១ និង​បានធ្វើឱ្យ​​កក​ស្ទះ​​កប៉ាល់​នានា​ក្នុង​រយៈពេល ១ សប្ដាហ៍៕