Tag: ឆ្លាត

  • ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ឪពុកម្ដាយភាគច្រើនចង់ឱ្យកូនឆ្លាត មានខួរក្បាលល្អ និងព្យាយាមស្វះស្វែងរកវិធីដែលនឹងធ្វើឱ្យកូនឆ្លាតវាងវៃ តើលោកឪពុកអ្នកម្ដាយដឹងឬទេ? ភាពឆ្លាតវៃមានជាប់នឹងខ្លួនកូនមកតាំងពីពេលកើតដំបូង និងមួយផ្នែកមកពីអាហារ និងការចិញ្ចឹមមើលថែ ដូច្នេះថ្ងៃនេះ អ្នកគ្រូ ឆវីសូមបបួលលោកឪពុកអ្នកម្ដាយមករៀនយល់ដឹងពីវិធីចិញ្ចឹមកូនឱ្យក្លាយជាក្មេងឆ្លាត និងមានខួរក្បាលវាងវៃដូចតទៅ។

    កូនឆ្លាត មានខួរក្បាលវាងវៃដោយបច្ច័យច្រើនយ៉ាង

    តើលោកឪពុកអ្នកម្ដាយដឹងឬទេ? អាហារ និងការចិញ្ចឹមមើលថែមានចំណែកជួយបង្កើនវិវឌ្ឍនាការរបស់កូន។ អាហារដែលជួយបំប៉នខួរក្បាលកូនដែលល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសារធាតុអាហារចម្បងៗនៅក្នុងទឹកដោះម្ដាយមានជាតិខ្លាញ់ ប្រូតេអ៊ីន លែកតូស និងសារធាតុអាហារផ្សេងៗទៀត ក្រៅពីនេះនៅមាន ស៊្វីងហ្គោម៉ៃអ៊ីលីន(Sphingomyelin) ខ្លាញ់ប្រភេទផូស្វ័រឡៃពីដ ដែលឃើញមានច្រើននៅក្នុងទឹកដោះម្ដាយដូចគ្នា។

    អត្រាចំណែក Sphingomyelin នៅក្នុងទឹកដោះម្ដាយ

    ចរន្តប្រសាទជាមួយការធ្វើការរបស់ខួរក្បាលរបស់កូនតូច

    “ខួរក្បាល” ជាអវយវៈដែលមានតួនាទីសំខាន់ក្នុងការទទួលដឹង ការគិតវិភាគសមត្ថភាពខាងសតិបញ្ញា ការទំនាក់ទំនង និងការធ្វើចលនារបស់រាងកាយ។ លោកឪពុកអ្នកម្ដាយដឹងឬទេថា ខួរក្បាលប្រកបដោយ ជាតិខ្លាញ់ដល់ទៅ 60% ដែលខ្លាញ់ជាចំណែកផ្គុំចម្បងរបស់ ម៉ៃអ៊ីលីនក្នុងខួរក្បាល។ សរសៃប្រសាទដែលមានម៉ៃអ៊ីលីន នឹងមានការបញ្ជូនសញ្ញាប្រសាទរហ័សជាងសរសៃប្រសាទដែលគ្មានម៉ៃអ៊ីលីនដល់ទៅ​ 60ដង ដោយមាន Sphingomyelin ជាសារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ក្នុងការសាងម៉ៃអ៊ីលីន។

    Sphingomyelin សារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ដើម្បីខួរក្បាលកូន

    ក្នុងពេលបច្ចុប្បន្ន ទោះជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តមិនទាន់អាចកែសម្រួល ឬទៅគ្រប់គ្រងការសាងម៉ៃអ៊ីលីនឱ្យកើតឡើងតាមសេចក្ដីត្រូវការបានដោយត្រង់ក៏ដោយ តែក៏យើងអាចបង្កើនការសាងស្រោមម៉ៃអ៊ីលីនបានដោយ Sphingomyelin ព្រោះ Sphingomyelin ជាសារធាតុអាហារដែលមានតួនាទីក្នុងការសាងម៉ៃអ៊ីលីន ដែលម៉ៃអ៊ីលីននេះនឹងជួយឱ្យខួរក្បាលប្រមូលទិន្នន័យបានលឿន និងមានប្រសិទ្ធភាព។

    ស្រោមម៉ៃអ៊ីលីនមានអង្គប្រកប(ចំណែកផ្គុំ)ជាខ្លាញ់ដល់ទៅ 70% ដូច្នេះខ្លាញ់ដែលបានទទួលពីអាហារ ជាពិសេសខ្លាញ់ពីទឹកដោះម្ដាយ នឹងក្លាយជាប្រភពដ៏សំខាន់ក្នុងការសាងស្រោម៉ៃអ៊ីលីនក្នុងខួរក្បាលរបស់កូនសម្លាញ់។ សម្រាប់វ័យដែលចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមហើយ អាចបានទទួលសារធាតុអាហារ Sphingomyelin ពីប្រភពផ្សេងៗដូចជា ស៊ុត ក្រែម ឈីស ទឹកដោះ រួមទាំងផលិតផលធ្វើពីទឹកដោះផងដែរ។ ក្រៅពីបានទទួលសារធាតុអាហារដែលសំខាន់ក្នុងការបំប៉នខួរក្បាលហើយ ការជំរុញវិវឌ្ឍនាការខ្លះទៀតក៏ធ្វើឱ្យខួរក្បាលកើតមានការសាងស្រោនម៉ៃអ៊ីលីនបានដែរ ដូចជាក្នុងអំឡុងខួបឆ្នាំដំបូង ការស្ដាប់សំឡេងដែលសម្បូរបែប និងការស្ដាប់សំឡេងតន្រ្តី ការដោះស្រាយចំណោទបញ្ហា នឹងជួយអភិវឌ្ឍចរន្តប្រសាទ និងការសាងស្រោមម៉ៃអ៊ីលីនជាដើម។

    ការបង្កើនវិវឌ្ឍនាការកូនឱ្យឆ្លាតវាងវៃមិនពិបាកឡើយ បើមានការយល់ដឹង។ ការបង្កើនឱ្យកូនបានទទួលទឹកដោះម្ដាយយ៉ាងជាប់លាប់ជាបន្តបន្ទាប់ និងយូរបំផុតគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ និងឱ្យកូនញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមតាមរយៈអាហារដែលសម្បូរបែប ជាប់ជាប្រចាំ រួមទាំងការចិញ្ចឹមមើលថែកូនឱ្យទទួលបានភោជនាហារដែលល្អ សមនឹងវ័យ គួបផ្សំនឹងការជំរុញវិវឌ្ឍនាការជាប់ជានិច្ច នឹងជួយអភិវឌ្ឍខួរក្បាលរបស់កូនឱ្យក្លាយជាក្មេងដែលមានខួរក្បាលវាងវៃបានយ៉ាងពិតប្រាកដ៕

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ​ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។

    គោលការណ៍របស់ EF

    1 . មើលថែទាំខ្លួនឯងបាន

    គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាលដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបាន ដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៈ

    – ការមើលថែទាំរាងកាយរបស់ខ្លួនឯង ៈ ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ 2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF

    – ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន ៈ អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ 3 – 5ឆ្នាំ ដូចជាការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។

    – ការមើលថែទាំការងារផ្ទះ ៈ ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ 6 – 7ឆ្នាំឡើងទៅ ដូចជាលាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។

    – ការមើលថែទាំនៅក្រៅផ្ទះ ៈ ឬការធ្វើតាមច្បាប់របស់សង្គម ដូចជាញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ ជាដើម។

    2 . ការចេះដោះខ្លួនរួចពីស្ថានការណ៍ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ

    ដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។

    3 . មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង

    – សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។

    – រៀបចំផែនការ

    – ចាប់ផ្ដើមធ្វើ

    – ទទួលខុសត្រូវ

    – បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។

    ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ាងប្រមាណ 17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេច តាំងពីម៉ោង 18ៈ00 – 21ៈ00 សរុប 3 ម៉ោងតាមលំដាប់ដូចតទៅ។

    ការងារផ្ទះ ៈ ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។

    កិច្ចការផ្ទះ ៈ សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹកហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង 2 យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។

    ការលេង ៈ ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។

    អានរឿងនិទានមុនពេលគេង ៈ មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ព័ន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។

    បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រងចាត់ចែងពេលវេលានៅពេលមានអាយុ 2 – 8 ឆ្នាំ៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    គន្លឹះល្អៗក្នុងការអភិវឌ្ឍសតិបញ្ញាកូនឱ្យធំធាត់សមនឹងវ័យ

    ចាប់ផ្ដើមពីវ័យកើតដំបូង រហូតចូលដល់បឋមវ័យ(6 ឆ្នាំដំបូង) កូនរបស់យើងនឹងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតឆាប់រហ័សខ្លាំងណាស់ បើយើងអាចជួយបន្ថែមឱ្យកូនមានវិវឌ្ឍនាការដែលត្រឹមត្រូវ ស័ក្តិសមតាមវ័យរបស់គេបានទៀតផងនោះ នឹងរឹតតែធ្វើឱ្យកូនរបស់យើងក្លាយជាក្មេងដែលមានអាកប្បកិរិយា និងទង្វើដែលល្អ មានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ខ្ពស់ជាមិនខាន។

    យើងអាចជួយបន្ថែមវិវឌ្ឍនាការផ្សេងៗរបស់កូនបានតាមវិធី 4 យ៉ាងតទៅនេះ ៈ

    1 . ឱ្យកូនបានឃើញនូវអ្វីដែលល្អ

    កូនរបស់យើង(ទោះជាទើបនឹងកើតក្ដី)អាចរៀនយល់ដឹងនូវអ្វីដែលខ្លួនឯងមើលឃើញបាន។ ការមើលឃើញនេះ មានន័យរួមទាំងទង្វើមួយចំនួនរបស់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមដែលធ្វើចំពោះកូនរបស់យើងផងដែរ ដោយទង្វើផ្សេងៗដែលក្មេងមើលឃើញនោះ គេនៅមិនទាន់អាចញែកបំបែកបានថា រឿងនោះជារឿងត្រឹមត្រូវ ឬស័ក្តិសមនោះទេ តែក្មេងនឹងជ្រួតជ្រាបនូវអ្វីដែលបានឃើញទាំងអស់ ហើយចុងក្រោយក៏នឹងក្លាយជាទង្វើរបស់កូនខ្លួនឯងតែម្ដង ដូចជា ក្មេងដែលមើលឃើញឪពុកម្ដាយចូលចិត្តច្រៀង មានអារម្មណ៍ល្អ ឬលេងតន្រ្តី នៅពេលកូនធំឡើង កូនក៏នឹងមានសេចក្ដីស្រឡាញ់ក្នុងផ្នែកតន្រ្តី មានផ្លូវចិត្តទន់ភ្លន់ ឬករណីដែលឪពុកម្ដាយ ឬអ្នកចិញ្ចឹមមិនចូលចិត្តញ៉ាំបន្លែ នៅពេលកូនធំឡើងក៏ច្រើនតែមិនញ៉ាំបន្លែដែរ។

    2 . ឱ្យកូនបានឮនូវអ្វីដែលល្អ

    ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារកទើបនឹងកើតក៏អាចដឹងបានដែរ ជាពិសេសក្មេងក្នុងអំឡុងបឋមវ័យ(កើតដំបូង-6ឆ្នាំ) ក្មេងនឹងតាំងចិត្តស្ដាប់ និងមានអារម្មណ៍ឆាប់ចាំបានចំពោះសំឡេងផ្សេងៗ។ បើអ្នកណាដែលធ្លាប់ចិញ្ចឹមកូន នៅពេលកូនតូចអាយុបានប្រមាណ 3 – 4 ខែនឹងបានឃើញថា ពេលដែលយើងពកូនហើយនិយាយជាមួយកូន កូននឹងធ្វើមាត់ជីបអូចៗ កែវភ្នែកនឹងសម្លឹងចំមុខឪពុក ឬម្ដាយដែលកំពុងពគេ។ គេនឹងតាំងចិត្តស្ដាប់សំឡេងផ្សេងៗដែលបន្លឺមករកគេ ដូច្នេះ សំឡេង ឬពាក្យសម្ដីផ្សេងៗដែលមិនល្អ ជាពិសេសពាក្យលាន់មាត់ ពាក្យជេរបញ្ចោរដែលច្រើនតែជាពាក្យខ្លីៗ(1 – 2 ម៉ាត់)នឹងក្លាយជាពាក្យដែលក្មេងបឋមវ័យអាចចងចាំបានយ៉ាងងាយ ដូច្នេះបើមិនចង់ឱ្យកូននិយាយស្ដីអាក្រក់ស្ដាប់ ឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែង កុំប្រើពាក្យសម្ដីណាដែលមិនល្អឱ្យក្មេងបានឮ។ កុំគិតថា កូននៅតូច នៅមិនទាន់ស្ដាប់យល់ឱ្យសោះ ព្រោះក្មេងអាចចងចាំលក្ខណៈការបញ្ចេញសំឡេងខ្លីៗទាំងនោះ និងអាចនិយាយចេញមកដោយមិនដឹងពីអត្ថន័យបាន ដែលទម្រាំឪពុកម្ដាយដឹងថា កូនរបស់ខ្លួនធ្លាប់មាត់នឹងពាក្យសម្ដីអាក្រក់ ជេរបញ្ចោរទាំងនោះ អាចនឹងពិបាកកែកុនក៏ថាបានដែរ។

    3 . ឱ្យកូនលេង និងធ្វើកិច្ចការងារល្អៗ

    ក្មេងក្នុងបឋមវ័យច្រើនតែចូលចិត្តលេងដែលជាធម្មជាតិរបស់កុមារ។ ឪពុកម្ដាយដែលយល់ដឹងពីវិវឌ្ឍនាការរបស់កូនក៏អាចនឹងរកមើលកិច្ចការងារណា ឬការលេងណាដែលស៊ីគ្នាជាមួយនឹងអំឡុងអាយុរបស់កូនបានដែរ។ ក្រៅពីនោះ ការលេងរបស់កុមារនេះនឹងក្លាយជាការរៀនយល់ដឹងដែលជំរុញប្រព័ន្ធប្រសាទទាំង 5 របស់គេបានយ៉ាងល្អ។

    4 . ផ្ដល់ការអប់រំបង្ហាត់បង្រៀនកូនតាំងពីនៅក្មេង

    ក្មេងក្នុងអំឡុងបឋមវ័យ មានភាពចង់ដឹងចង់ឃើញគ្រប់ពេលវេលា គេនឹងមានភាពក្លៀវក្លាស្វាហាប់ក្នុងការរៀនយល់ដឹងគ្រប់អ្វីៗដែលនៅជុំវិញខ្លួន ដូច្នេះការអប់រំបង្ហាត់បង្រៀនគឺជារឿងចាំបាច់ណាស់ ដោយការបង្ហាត់បង្រៀននោះគួរជាការបង្ហាត់បង្រៀនក្នុងលក្ខណៈអធិប្បាយ មិនមែនជាការបញ្ជា ឬហាមនោះទេ។ ទោះជាក្មេងក្នុងវ័យនេះនៅមិនទាន់អាចយល់នូវអ្វីដែលឪពុកម្ដាយអធិប្បាយបានទាំងអស់ក៏ដោយ តែការអធិប្បាយឱ្យកូនបានស្ដាប់តាំងពីតូច ឬបណ្ដោយឱ្យគេបានសាកល្បងធ្វើដោយខ្លួនឯង(ជាកិច្ចការងារដែលមិនបង្កគ្រោះថ្នាក់) ហើយឪពុកម្ដាយនៅចាំណែនាំចង្អុលបង្ហាញថា ហេតុអ្វីបានក្លាយជាបែបហ្នឹង នឹងថ្វើឱ្យកុមារអាចរៀនយល់ដឹង និងយល់ច្បាស់បានយ៉ាងឆាប់រហ័សជាងការបង្ហាត់បង្រៀនបែបប្រើពាក្យសម្ដីតែម្យ៉ាង ដូចជា ការបង្ហាត់កូនឱ្យចេះដុសធ្មេញ ដោយប្រើសម្ភារប្រដូច ដូចជាធ្មេញក្លែងក្លាយជាដើម។ ឱ្យកូនបានហាត់កាន់ច្រាសដុសធ្មេញដោយខ្លួនឯង និងឪពុកម្ដាយចង្អុលបង្ហាញថា ហេតុអីបានត្រូវដុសធ្មេញ ហេតុអីបានត្រូវកាន់ច្រាសដុសធ្មេញបែបហ្នឹង និងដុសរបៀបម៉េច ជាដើម៕

  • ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

    នៅក្នុងពិភពលោក នាយុគសម័យថ្មីនេះ មនុស្សគ្រប់គ្នាត្រូវការសមត្ថភាពកាន់តែច្រើនដើម្បីរស់នៅប្រកបដោយភាពអភិវឌ្ឍ និងសេចក្តីសុខ។ ខុសពីពីអតីតកាល ដែលគិតថាមានត្រឹមតែគុណភាពនៃបញ្ញា្ញា (IQ) បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការភាពឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីរស់នៅក្នុងភាពស្ងប់សុខ ដោះស្រាយបញ្ហាក្នុងជីវិតបានល្អ និងអាចធ្វើការងារជាក្រុមបានល្អនៅគ្រប់ទីកន្លែងទាំងអស់។

    នៅក្នុងចំណោមវិធីសាស្រ្តបង្កើនភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ទាំងអស់ ការអានសៀវភៅត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ បង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងសមាធិខ្ពស់។

    លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា តាមការសង្កេតរបស់លោក ការអានអាចជួយឱ្យការរស់នៅទទួលបានលទ្ធផលល្អប្រសើរយ៉ាងច្រើន។ លោកថានៅពេលលោកធ្លាក់ទឹកចិត្ត លោកចាប់ផ្តើមអានសៀវភៅ ហើយជាលទ្ធផលក្រោយពេលអានរយៈពេល 2ម៉ោង ទៅ3ម៉ោងក្រោយ អារម្មណ៍របស់លោកបានចាប់ផ្តើមល្អប្រសើរ។ បន្ថែមពីលើនេះ ពេលលោកបាត់បង់ជំនឿចិត្ត លោកចំណាយពេលអានប្រមាណជា 2 ទៅ3ម៉ោង ក៏ចាប់ផ្តើមមានអារម្មណ៍ថាល្អប្រសើរផងដែរ។ មានពេលខ្លះទៀតលោកមានអារម្មណ៍ថាខ្ជិល លោកក៏ចាប់យកសៀវភៅមកអានផងដែរដើម្បីឱ្យមានអារម្មណ៍ចង់ធ្វើការឡើងវិញ។

    លោក គីម ដារ៉ា បាននិយាយថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកលក់សៀវភៅ ឬជាអ្នកនិពន្ធសៀវភៅលក់ ក៏ខ្ញុំនៅតែឱ្យតម្លៃដល់ការអាន ព្រោះការអានបានជួយខ្ញុំច្រើន»។

    អ្នកអប់រំខាងលើបានលើកឡើងថា ក្រៅពីបញ្ហាខាងលើ សៀវភៅក៏អាចធ្វើឱ្យយើងគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះនៅពេលយើងខឹងនឹងអ្នកណាម្នាក់ ក្រោយពេលអានសៀវភៅប្រហែលជា2 ម៉ោងអារម្មណ៍ក៏ចាប់ផ្តើមស្រស់ស្រាយឡើងវិញ។ មានពេលខ្លះទៀតនៅពេលយើងគាំងគំនិតគិតអ្វីមិនចេញ ការអានអាចជាវិធីល្អមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ព្រោះសៀវភៅអាចផ្តល់គំនិតច្រើនដើម្បីពិចារណា ឬបង្ហាញជាពន្លឺច្រើនសម្រាប់ជួយឱ្យការគិតកាន់តែទូលំទូលាយ។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហម សុខនី សហស្ថាបនិកក្លិបយុវជនអ្នកអានសៀវភៅ បានលើកឡើងថាក្រោយពេលអានសៀវភៅច្រើនស្ថានភាពអារម្មណ៍របស់មនុស្សនឹងប្រែប្រួល។ ជាក់ស្តែងយើងឃើញថាអ្នកចំណាយពេលវេលាអានសៀវភៅជាទៀតទាត់ភាគច្រើនជាមនុស្សដែលអាចប្រមូលអារម្មណ៍ និងមានភាពផ្តោតខ្ពស់ ព្រោះការអានសៀវភៅជាប្រភេទល្អនៃការសមាធិម្យ៉ាងដែលអាចធ្វើឱ្យអារម្មណ៍របស់យើងស្ងប់ និងផ្តោតបានល្អ។

    បន្ថែមពីលើនេះ អ្នកអានសៀវភៅច្រើនក៏ជាមនុស្សដែលគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះជាក់ស្តែង យើងឃើញថាមនុស្សឆេវឆាវដែលចាប់ផ្តើមអានសៀវភៅច្រើនឆ្នាំទៅ គាត់បែរជាក្លាយជាមនុស្សថ្មីដែលគិតវែងឆ្ងាយជាងមុន ស្គាល់ពីអារម្មណ៍របស់មនុស្សខាងក្រៅច្រើនជាងមុន និងក្លាយជាមនុស្សម្នាក់ដែលចាប់ផ្តើមប្រើប្រាស់ហេតុផលក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។

    លោក ហម សុខនី បាននិយាយថា៖ «យើងគ្រប់គ្នាតែងតែព្យាយាមធ្វើគ្រប់លទ្ធភាពដើម្បីរក្សាសុខភាពផ្លូវកាយ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព ឬការបង្កើតទម្លាប់ល្អក្នុងការរស់នៅជាដើម តែពេលខ្លះយើងភ្លេចគិតថាសុខភាពផ្លូវចិត្តក៏សំខាន់ផងដែរក្នុងការកសាងក្តីសុខក្នុងជីវិត។ ក្នុងចំណោមវិធីសាស្រ្តល្អៗជាច្រើនក្នុងការកសាងសេចក្តីសុខក្នុងចិត្ត ការអានសៀវភៅ ក៏ជាផ្នែកចម្បងមួយផងដែរក្នុងការជំរុញឱ្យស្ថានភាពផ្លូវចិត្តមានភាពនឹងនរ»។

    លោក សុខនី បានបន្ថែមទៀតថា សម្រាប់អ្នកមិនទាន់បានអានសៀវភៅ ហើយកំពុងមានអារម្មណ៍ថាខ្លួនឯងឆេវឆាវ មានអារម្មណ៍ឆាប់ខឹង ឆាប់ភ័យ ឆាប់ភ្លេច ឬធ្វើការងារមិនសូវផ្តោត អាចសាកល្បងចាប់សៀវភៅអានដើម្បីព្យាបាលបញ្ហាទាំងអស់នោះ។

    ការអានសៀវភៅដំបូងអាចជារឿងលំបាកសម្រាប់អ្នកមិនសូវចូលចិត្តអាន ព្រោះវាអាចធ្វើឱ្យយើងងងុយគេង ធុញទ្រាន់ ស្ត្រេស ឬអាចធ្វើឱ្យយើងមានអារម្មណ៍នៅមិនសុខជាដើមតែក្រោយពេលចាប់ផ្តើមស្វែងរកចំណុចជក់ចិត្ត ឬបង្កើតចំណូលចិត្តអានបានហើយ យើងនឹងមានអារម្មណ៍ថាវាចាប់ផ្តើមធ្វើឱ្យជីវិតរបស់យើងកាន់តែមានសេចក្តីសុខ។ ជាក់ស្តែង អារម្មណ៍នៅពេលអានសៀវភៅ គឺជាពេលដ៏ស្ងប់ស្ងាត់ បិទភាពទុក្ខកង្វល់ និងរឿងជ្រួលច្របល់ទាំងឡាយក្នុងការរស់នៅ ហើយចូលទៅក្នុងពិភពនៃការស្រមើស្រមៃប្រកបដោយភាពស្រស់ស្អាត វិជ្ជមាន និងក្តីសង្ឃឹម។ ក្រៅពីនេះ យើងឃើញថាសៀវភៅបច្ចុប្បន្ននេះមានគ្រប់ប្រភេទ និងសម្បូរបែប ហេតុនេះសៀវភៅក៏អាចក្លាយជាទីប្រឹក្សាដ៏ល្អផងដែរនៅពេលយើងមានបញ្ហា។ ពិតណាស់ថាក្នុងសម័យបច្ចេកវិទ្យាយើងអាចប្រើប្រាស់អ៊ីនធើណិតដើម្បីដោះស្រាយចម្ងល់បាន តែប្រភពជាច្រើនក្នុងអ៊ីនធើណិតមិនប្រាកដថាមានតម្លៃ ឬត្រឹមត្រុវនោះទេ ខុសពីសៀវភៅដែលមុននឹងចេញផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់។ ហេតុនេះសូមចាប់ផ្តើមអានដើម្បីបង្កើនគុណភាពជីវិតឱ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់៕

  • ភាពឆ្លាតវៃ… អាចសាងបានមែនឬ?

    ភាពឆ្លាតវៃ… អាចសាងបានមែនឬ?

    ឪពុកម្ដាយភាគច្រើនចង់ឱ្យកូនឆ្លាត មានខួរក្បាលល្អ និងព្យាយាមស្វះស្វែងរកវិធីដែលនឹងធ្វើឱ្យកូនឆ្លាតវាងវៃ តើលោកឪពុកអ្នកម្ដាយដឹងឬទេ? ភាពឆ្លាតវៃមានជាប់នឹងខ្លួនកូនមកតាំងពីពេលកើតដំបូង និងមួយផ្នែកមកពីអាហារ និងការចិញ្ចឹមមើលថែ ដូច្នេះថ្ងៃនេះ អ្នកគ្រូ ឆវី សូមបបួលលោកឪពុកអ្នកម្ដាយមករៀនយល់ដឹងពីវិធីចិញ្ចឹមកូនឱ្យក្លាយជាក្មេងឆ្លាត និងមានខួរក្បាលវាងវៃដូចតទៅ។

    កូនឆ្លាត មានខួរក្បាលវាងវៃដោយបច្ច័យច្រើនយ៉ាងតើលោកឪពុកអ្នកម្ដាយដឹងឬទេ? អាហារ និងការចិញ្ចឹមមើលថែមានចំណែកជួយបង្កើនវិវឌ្ឍនាការរបស់កូន។ អាហារដែលជួយបំប៉នខួរក្បាលកូនដែលល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសារធាតុអាហារចម្បងៗនៅក្នុងទឹកដោះម្ដាយមានជាតិខ្លាញ់ ប្រូតេអីុន លែកតូស និងសារធាតុអាហារផ្សេងៗទៀត ក្រៅពីនេះនៅមាន ស្វ៊ីងហ្គោម៉ៃអីុលីន (Sphingomyelin) ខ្លាញ់ប្រភេទផូស្វ័រលីពីដ ដែលឃើញមានច្រើននៅក្នុងទឹកដោះម្ដាយដូចគ្នា។

    ចរន្តប្រសាទជាមួយការធ្វើការរបស់ខួរក្បាលរបស់កូនតូច
    “ខួរក្បាល” ជាអវយវៈដែលមានតួនាទីសំខាន់ក្នុងការទទួលដឹង ការគិតវិភាគសមត្ថភាពខាងសតិបញ្ញា ការទំនាក់ទំនង និងការធ្វើចលនារបស់រាងកាយ។ លោកឪពុកអ្នកម្ដាយដឹងឬទេថា ខួរក្បាលប្រកបដោយជាតិខ្លាញ់ដល់ទៅ 60% ដែលខ្លាញ់ជាចំណែកផ្គុំចម្បងរបស់ម៉ៃអីុលីនក្នុងខួរក្បាល។ សរសៃប្រសាទដែលមានម៉ៃអីុលីននឹងមានការបញ្ជូនសញ្ញាប្រសាទរហ័សជាងសរសៃប្រសាទដែលគ្មានម៉ៃអីុលីនដល់ទៅ​ 60ដង ដោយមាន Sphingomyelin ជាសារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ក្នុងការសាងម៉ៃអីុលីន។

    Sphingomyelin សារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ដើម្បីខួរក្បាលកូន
    ក្នុងពេលបច្ចុប្បន្ន ទោះជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តមិនទាន់អាចកែសម្រួល ឬទៅគ្រប់គ្រងការសាងម៉ៃអីុលីនឱ្យកើតឡើងតាមសេចក្ដីត្រូវការបានដោយត្រង់ក៏ដោយ តែក៏យើងអាចបង្កើនការសាងស្រោមម៉ៃអីុលីនបានដោយ Sphingomyelin ព្រោះ Sphingomyelin ជាសារធាតុអាហារដែលមានតួនាទីក្នុងការសាងម៉ៃអីុលីន ដែលម៉ៃអីុលីននេះនឹងជួយឱ្យខួរក្បាលប្រមូលទិន្នន័យបានលឿន និងមានប្រសិទ្ធភាព។

    ស្រោមម៉ៃអីុលីនមានអង្គប្រកប (ចំណែកផ្គុំ) ជាខ្លាញ់ដល់ទៅ 70% ដូច្នេះខ្លាញ់ដែលបានទទួលពីអាហារ ជាពិសេសខ្លាញ់ពីទឹកដោះម្ដាយនឹងក្លាយជាប្រភពដ៏សំខាន់ក្នុងការសាងស្រោម៉ៃអីុលីនក្នុងខួរក្បាលរបស់កូនសម្លាញ់។ សម្រាប់វ័យដែលចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមហើយអាចបានទទួលសារធាតុអាហារ Sphingomyelin ពីប្រភពផ្សេងៗដូចជា ស៊ុត ក្រែម ឈីស ទឹកដោះ រួមទាំងផលិតផលធ្វើពីទឹកដោះផងដែរ។ក្រៅពីបានទទួលសារធាតុអាហារដែលសំខាន់ក្នុងការបំប៉នខួរក្បាលហើយការជំរុញវិវឌ្ឍនាការខ្លះទៀតក៏ធ្វើឱ្យខួរក្បាលកើតមានការសាងស្រោនម៉ៃអីុលីនបានដែរ ដូចជា ក្នុងអំឡុងខួបឆ្នាំដំបូង ការស្ដាប់សំឡេងដែលសម្បូរបែប និងការស្ដាប់សំឡេងតន្ត្រី ការដោះស្រាយចំណោទបញ្ហានឹងជួយអភិវឌ្ឍចរន្តប្រសាទ និងការសាងស្រោមម៉ៃអីុលីនជាដើម។

    ការបង្កើនវិវឌ្ឍនាការកូនឱ្យឆ្លាតវាងវៃមិនពិបាកឡើយ បើមានការយល់ដឹង។ ការបង្កើនឱ្យកូនបានទទួលទឹកដោះម្ដាយយ៉ាងជាប់លាប់ ជាបន្តបន្ទាប់ និងយូរបំផុតគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ និងឱ្យកូនញ៉ាំអាហារឱ្យគ្រប់5ប្រភេទក្រុម តាមរយៈអាហារដែលសម្បូរបែប ជាប់ជាប្រចាំ រួមទាំងការចិញ្ចឹមមើលថែកូនឱ្យទទួលបានភោជនាហារដែលល្អ សមនឹងវ័យ គួបផ្សំនឹងការជំរុញវិវឌ្ឍនាការជាប់ជានិច្ច នឹងជួយអភិវឌ្ឍខួរក្បាលរបស់កូនឱ្យក្លាយជាក្មេងដែលមានខួរក្បាលវាងវៃបានយ៉ាងពិតប្រាកដ៕