Tag: កូរ៉េខាងជើង

  • ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

    ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

    ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអែរ​នៅ​លើ​ផែនដី មិន​ត្រឹម​តែ​មិន​ទាន់​បាត់​អស់​នោះ​ទេ តែថែម​ទាំង​កើន​ឡើង​ច្រើន​ជាង​មុន​។ ក្នុង​ករណី​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង ពិភពលោក​អាច​ធ្លាក់​ទៅ​ក្នុង​យុគសម័យ​ទឹកកក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​។

    ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សង្គ្រាម​នុយក្លេអែរ​ បើ​សិន​កើត​ឡើង​មែន នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​មនុស្សជាតិ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​លើ​ផែនដី​ បង្កើត​បាន​ជា​ «រដូវ​ត្រជាក់​នុយក្លេអែរ» ដែល​អូស​បន្លាយ​រាប់​ពាន់​ឆ្នាំ យូរ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មុន​នោះ​ដែល​ថា រាប់​រយ​ឆ្នាំ​។

    ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​គ្រាប់​បែក​នុយក្លេអែរ​នឹង​សាហាវ​អស្ចារ្យ​។ សីតុណ្ហភាព​ រលក​កញ្ឆក់​នឹង​បំផ្លាញ​គ្រប់​យ៉ាង​នៅ​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​វា​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន ឬ​រាប់​លាន​នាក់​ត្រូវ​ស្លាប់​ អាស្រ័យ​ទៅ​លើ​ទំហំ​របស់​គ្រាប់​បែក​។

    វិទ្យុសកម្ម​នុយក្លេអែរ​នឹង​ជ្រៀត​ចូល​ក្នុង​រាង​កាយ​មនុស្ស​ បំផ្លាញ​កោសិកា​ ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ បណ្ដាល​ឱ្យ​ពួក​គេ​ស្លាប់​សន្សឹមៗ​ក្នុង​ការ​ឈឺ​ចាប់​។

    ជាង​នេះ សង្គ្រាម​នុយក្លេអែរ​ក៏​នឹង​បង្កើត​ឱ្យ​មាន​រដូវ​ត្រជាក់​ដែល​អាច​អូស​បន្លាយ​ពេលពី​រាប់​រយ​​រហូត​ដល់​រាប់​​ពាន់​ឆ្នាំ​នៅ​លើ​ផែនដី​។

    កាល​ពី​ឆ្នាំ 1983 ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អាម៉េរិក និង​រុស្ស៊ី បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ និង​សន្និដ្ឋាន​ថា សង្គ្រាម​នុយក្លេអែរ​នឹង​បង្កើត​ឱ្យ​មាន​ «រដូវ​រងា​នុយក្លេអែរ»។

    ប្រការ​នេះ​មាន​ន័យ​ថា ពន្លឺ​ព្រះ​អាទិត្យ​នឹង​ត្រូវ​បាន​រារាំង​ក្នុង​រយៈ​ពេល​យូរ​ ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ វិស័យ​កសិកម្ម និង​មនុស្ស​ជាតិ​។ល។

    ថ្វី​បើ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980 ពិភពលោក​ចាប់​ផ្ដើម​រួច​ផុត​ពីហានិភ័យ​កើត​មាន​សង្គ្រាម​នុយក្លេអែរ ប៉ុន្តែ​ពេល​នេះ​វា​កំពុង​កើត​ឡើង​ជា​ថ្មី​ នៅ​ពេល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​បាន​ឈាន​ស្ទើរ​ដល់​ចំណុច​កំពូល​បំផុត​ ក្នុង​នោះ​ក៏​មាន​ការ​ព្រមាន​ពី​រុស្ស៊ី​ ទាក់​ទិន​នឹង​អាវុធ​ប្រល័យ​លោក​ផងដែរ។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ ថ្មី​ៗ​នេះ​បាន​បង្កើត​គំរូ​អាកាសធាតុ​នានា​ក្នុង​ករណី​កើត​សង្គ្រាម​នុយក្លេអែរ​ និង​គំរូ​ដែល​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​។ លទ្ធផល​ដែល​ពួក​គេ​ទទួល​បាន​គឺ​ថា «អាក្រក់​ជាង​អ្វី​ដែល​បាន​រក​ឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980» ទៅ​ទៀត​។

    គំរូ​ស្រាវជ្រាវ​ស្ដី​ពី​សង្គ្រាម​នុយក្លេអែរ​ដែល​អាច​កើត​ឡើង​រវាងអាម៉េរិក និង​រុស្ស៊ី​បង្ហាញ​ថា ទឹក​នៅ​មហា​សមុទ្រ​អាច​ចុះ​ត្រជាក់​ខ្លាំង​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ផែនដី​វិល​ទៅ​រក​ «យុគសម័យ​ទឹកកកតូច» ដែល​អូស​បន្លាយ​ពេល​រាប់​ពាន់​ឆ្នាំ​។

    អាម៉េរិក និង​រុស្ស៊ី​កាន់​កាប់​អាវុធ​នុយក្លេអែរ​ជិត 90% ធៀប​នឹង​ពិភពលោក​ទាំង​មូល​ ក្នុង​នោះ​ រុស្ស៊ី​មាន​ប្រហែល 5,889 គ្រាប់​ និង​អាម៉េរិក​មាន​ 5,244 គ្រាប់​។ ក្រៅ​ពី​នេះ​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​អាវុធ​ប្រល័យ​លោក រួម​មាន បារាំង ចិន អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង ប៉ាគីស្ថាន​ និង​អ៊ីស្រាអែល​៕

  • មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។

    «រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។

    មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។

    រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។

    កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។

    សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 ព្រឹក។

    នៅ​ប្រទេស​ជប៉ុន​វិញ អាជ្ញាធរ​ក៏បាន​ចេញ​សេចក្ដីជូន​ដំណឹង​​ទាក់ទង​នឹង​បញ្ហា​ខាងលើ​តាមរយៈ​ប្រព័ន្ធ J-Alert។ ប៉ុន្តែ​ក្រោយមក ប្រព័ន្ធនេះ​​ក៏បាន​ប្រាប់ថា រ៉ុក្កែត​នឹងមិន​ហោះ​រំលង​ទឹកដី​ជប៉ុន ហើយក៏​បាន​ដក​ចោល​សេចក្ដី​ជូន​ដំណឹង​​នេះ។

    ជប៉ុន មុន​នោះបាន​ឱ្យដឹងថា កូរ៉េខាងជើង​បាន​ជូនដំណឹង​មក​តូ​ក្យូ​អំពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់ពី​ថ្ងៃទី 31 ឧសភា ដល់ 11 មិថុនា។ ជប៉ុន​ក៏បាន​ប្រកាសថា នឹង​បាញ់​ទម្លាក់​រាល់​រ៉ុក្កែត​របស់​កូរ៉េខាងជើង បើសិន​វា​ត្រូវបាន​បញ្ជាក់ថា​នឹង​ធ្លាក់ចូល​ទឹកដី​ប្រទេស​នេះ។

    សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​យល់ថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​គឺ​គ្រាន់តែ​ជា «សម្បក» ដើម្បី​សាកល្បង​មី​ស៊ី​ល ដោយសារតែ​ពួកវា​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​គ្នា។ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​បង្ហោះ​រ៉ុក្កែត​រុញច្រាន​ដែលមាន​ផ្ទុក​ផ្កាយរណប​កាលពី​ឆ្នាំ 2012 និង 2016 ហើយ​រ៉ុក្កែត​ទាំងនេះ​សុទ្ធតែ​បាន​ហោះ​រំលង​ខេត្ត Okinawa នៅ​ភាគខាងត្បូង​របស់​​ប្រទេស​ជប៉ុន៕

  • ​សំណង់​ស្ថាបត្យកម្ម​ពិសេស​ៗ​នៅ​ ប្រទេស​កូរ៉េខាងជើង

    ​សំណង់​ស្ថាបត្យកម្ម​ពិសេស​ៗ​នៅ​ ប្រទេស​កូរ៉េខាងជើង

    សំណង់​ស្ថាបត្យ​ជា​ច្រើន​ដែល​មាន​រចនា​បថ​ប្លែក​ភ្នែក​ និង​ច្នៃ​ប្រឌិត​ ត្រូវ​បាន​សាងសង់​ដើម្បី​បម្រើ​ដល់​គោល​ដៅ​ខុសៗ​គ្នា​នៅ​ សាធារណរដ្ឋ​​​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ​ (កូរ៉េខាងជើង)។ រូប​ភាព​ខាងលើ​នេះ​គឺជា​ ទិដ្ឋភាព​ជើង​មេឃ​ដែល​មាន​អគារ​ខ្ពស់​ៗ​​នៅ​ រដ្ឋធានី​ព្យុងយ៉ាង របស់ កូរ៉េខាង​ជើង​។ ចំណុច​សំខាន់​របស់​ទិដ្ឋភាពឯនាយ​​ជើង​មេឃ​នេះ​គឺជា​សណ្ឋាគារ​ Ryugyong កម្ពស់ ១០៥ ជាន់​។

    ខាងលើគឺជា សណ្ឋាគារ​ Ryugyong លេច​ធ្លោង​នៅ​ពេល​រាត្រី។

    ខាងលើ​ជា​អគារ​ខ្ពស់​នានា​ត្រូវ​បាន​សាងសង់​តាម​មាត់​ទន្លេ​នៅ​ ព្យុងយ៉ាង ក្នុង​នោះ​មាន​អគារ Mirae Unha ពណ៌​ផ្ទៃ​មេឃ​ កម្ពស់ ៥៣ ជាន់​ ដែល​ជា​ទីស្នាក់​ការ​កណ្ដាល​របស់​ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ នៃ សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Kim Chaek។

    បណ្ដា​អគារ​ស្នាក់​នៅ​ដែល​មាន​ពណ៌ចម្រុះ​​ក៏​ត្រូវ​បាន​ចាត់​ទុក​ថាជា​ចំណុច​លេច​ធ្លោ​នៅ​ក្នុង​ស្ថាបត្យ​កម្ម​នៅ រដ្ឋធានី​របស់ កូរ៉េខាងជើង។

    តំបន់​ចម្រុះ​វិទ្យា​សាស្ត្រ​-បច្ចេកវិទ្យា​នៅ ព្យុង​យ៉ាង ត្រូវ​បាន​ស្ថាបនា​ទៅ​តាម​រូប​រាង​របស់​អាតូម​ (រូបខាងលើ)។

    ខាងលើជា​ទិដ្ឋភាព​ទាំង​មូល​របស់​តំបន់​ចម្រុះ​វិទ្យា​សាស្ត្រ​-បច្ចេកវិទ្យា​នៅ ព្យុង​យ៉ាង មើល​ពី​ទីខ្ពស់​។

    និមិត្ត​រូប​នៃ​មីស៊ីល​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ចំណុច​កណ្ដាល​របស់​តំបន់​ចម្រុះ​វិទ្យា​សាស្ត្រ​-បច្ចេកវិទ្យា​ នៅ ព្យុងយ៉ាង​។

    កសិដ្ឋាន Ryonpho គឺជា​ប្រព័ន្ធ​​ផ្ទះ​កញ្ចក់​ទំហំ​ ២៨០ ហិកតា ត្រូវ​បាន​ស្ថាបនា​នៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​របស់ កូរ៉េខាងជើង​។ កសិដ្ឋាន​នេះ​ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃទី ១០ ​តុលា (រូបខាងលើ)។

    កសិដ្ឋាន​សត្វ​អូទ្រីស​នៅ ព្យុងយ៉ាង​។ សាច់​អូទ្រីសដែល​​ត្រូវ​បាន​និយម​ចូល​ចិត្ត​នៅ កូរ៉េខាងជើង ក៏​ព្រោះ​តែ​បញ្ហា​កង្វះ​អាហារ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​។

    ចំណត​រថយន្ត​អគ្គិសនី​ក្រោម​ដី​នៅ រដ្ឋធានី​ព្យុងយ៉ាង​។ វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជម្រក​សុវត្ថិភាព​សម្រាប់​ប្រជាជន​ នៅ​ពេល​កើត​មាន​សង្គ្រាម​។

  • Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    Kim Jong-un ជូនពរ​កូរ៉េខាង​ត្បូង​ ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​ ខណៈ​ប្រទេស​នេះ​ មាន​អ្នក​ផ្ទុក​ Covid-19 ជាង 6,088​នាក់​

    មេដឹក​នាំ​កូរ៉េខាង​ជើង លោក Kim Jong-un បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​កូរ៉េខាង​ត្បូង សម្ដែង​ការ​ជឿ​ជាក់​ថា ប្រទេស​នេះ​នឹងឆាប់​ទទួល​បាន​ជោគ​ជ័យ​លើ​រោគ​រាត​ត្បាត Covid-19 និង​អាច​ការ​ពារ​សុខ​ភាព​របស់​ប្រជា​ជន​។

    លេខាធិការ​សារព័ត៌​មាន​នៃ​វិមាន​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា “ប្រធាន​រដ្ឋ​ Kim Jong-un មាន​បំណង​លើក​ទឹក​ចិត្ត​ប្រជា​ជន​ (កូរ៉េខាង​ត្បូង) ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​ គាត់​ជឿ​ជាក់​ថា យើង​នឹង​ទទួល​បាន​ជ័យ​ជំនះ ហើយ​សង្ឃឹម​ថា​ សុខ​ភាព​របស់​ប្រជា​ជន​កូរ៉េខាង​ត្បូង​នឹង​ត្រូវ​បាន​ការ​ពារ​”។

    ​លិខិត​មួយ​ច្បាប់​នោះ ត្រូវ​បាន​លោក​ Kim ផ្ញើ​ទៅ​កាន់​ប្រធានាធិប​តី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃ ទី4មីនា​ ឆ្នាំ​2020​។ នៅ​ក្នុង​លិខិត​នោះ លោក​ Kim Jong-un បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​ភាព​របស់​ថ្នាក់​ដឹក​នាំ​កូរ៉េខាង​ត្បូង ព្រម​ទាំង​បាន​បក​ស្រាយ​អំពី “គំនិត​ស្មោះ​ត្រង់” របស់​លោក Kim Joong-un អំពី​ស្ថាន​ការណ៍​នៅ​លើ​ឧបទ្វីប​​កូរ៉េ​នា​បច្ចុប្បន្ន​។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Moon Jae-in ក៏បា​ន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តបទៅ​កាន់​កូរ៉េខាង​ជើង ក្នុង​នោះ​លោក Moon បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រធាន​រដ្ឋ​កូរ៉េខាង​ជើង​ផង​ដែរ​។

    កូរ៉េខាង​ត្បូង ថ្ងៃ​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​ Covid-19 បន្ថែម​ចំនួន​ជាង​332នាក់ នាំ​ឱ្យ​ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​នេះ សរុប​ឡើង​ដល់​ជាង 6,088​នាក់​ ក្នុង​នោះ​មាន​ 35នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​40​នាក់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ប្រទេស​នេះ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភព​លោកបន្ទាប់​ពី​ប្រទេស​ចិន​។

    ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ មនុស្ស​ចំនួន​ 95,748​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​មាន 3,286​នាក់ បាន​ស្លាប់​ និង 53,423​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ទូត​រុស្ស៊ីបង្ហើប​អំពី “វិធី​ពិសេស​” ដែល​កំពុងជួយ​ឱ្យ​កូរ៉េខាង​ជើង​​អាច​​ទប់​ស្កាត់វីរុស​​កូរ៉ូណា COVID-19 បាន​យ៉ាង​ល្អ

    ទូត​រុស្ស៊ីបង្ហើប​អំពី “វិធី​ពិសេស​” ដែល​កំពុងជួយ​ឱ្យ​កូរ៉េខាង​ជើង​​អាច​​ទប់​ស្កាត់វីរុស​​កូរ៉ូណា COVID-19 បាន​យ៉ាង​ល្អ

    កូរ៉េខាង​ជើង​កំពុង​តែ​អនុវត្ត​វិធានការ​ជា​ច្រើន​ដែល​ក្រុម​អ្នក​ការ​ទូត​បរទេស​យល់​ថា “មិន​ធ្លាប់​មា​ន​ពីមុន​មក​” ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​កូរ៉ូណា COVID-19​។

    កូរ៉េខាង​ជើង​ មក​ដល់​ពេល​នេះ​នៅ​តែអនុវត្ត​វិធាន​ការ​ពិសេស​ៗ​របស់​ខ្លួន​ដើម្បីការ​ពារ​ពល​រដ្ឋ​ បន្ទាប់​ពី​​​អាសន្ន​រោគ​កូរ៉ូណា​បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ប្រទេសចិន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ផ្នែក​ការ​ទូត និង​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​បំផុត​របស់​ទីក្រុង​ព្យុង​យ៉ាង​។

    ក្រោយ​ពី​អាសន្ន​រោគ​កូរ៉ូណា​បាន​កើត​ឡើង​ភ្លាម កូរ៉េខាង​ជើង​ក៏បាន​ចាប់​ផ្ដើម​បិទ​ច្រក​ព្រំដែន​ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​ពិភពលោក​ខាង​ក្រៅ​។ ឥរិយាបថ​នេះ​ ត្រូវ​បាន​អ្នក​ការ​ទូត​ និង​ក្រុម​អ្នក​វិភាគ​យល់​ថា​ ជា​វិធី​ល្អ​បំផុត​ដើម្បី​ឱ្យ​កូរ៉េខាង​ជើង​អាច​ការពា​ខ្លួន​ពី​អាសន្នរោគ​កូរ៉ូណា​ ដែល​កំពុង​រាត​ត្បាត​ពិភពលោក​ ពិសេស​គឺ​នៅ​ពេល​ដែល​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ​នៅ​ខ្សត់​ខ្សោយ។

    ក្រៅ​ពី​ការ​បង្កើន​ពេល​វេលា​ក្នុង​ការដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ឡើង​ដល់​30ថ្ងៃ​ចំពោះ​ភ្ញៀវ​ទេស​ចរ​បរទេស​ និង​អ្នក​ដែល​ត្រូវ​សង្ស័យ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា កូរ៉េខាង​ជើង​ក៏​កំពុង​បង្កើន​សកម្ម​ភាព​ទប់​ស្កាត់​មេរោគ​នេះ​ពី​ក្នុង​ប្រទេស​ផង​ដែរ។

    សារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង(KCNA) បាន​ផ្សាយ​ដំណឹង​អំពី​ “យុទ្ធ​នាការ​ប្រឆាំង​អាសន្ន​រោគ​” របស់​ប្រទេស​នេះ​ រួម​មាន​ការ​ចុះ​ទៅ​ពិនិត្យ​សុខ​ភាព​ដល់​គ្រូសារ​នីមួយ​ៗ និង​ប្រើ​ប្រាស់​រថយន្ត​បំពាក់​ប្រដាប់​បំពង​សំឡេង​ ចុះ​ទៅ​ណែនាំ​ប្រជា​ពលរដ្ឋ​អំពី​ការ​ថែ​ទាំ​សុខ​ភាព​​ដល់​ភូមិ​ឋាន នៅ​ទូទាំង​ប្រទេស​។

    ចំណែក​ជន​បរទេស​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ ក៏​ត្រូវ​ប្រឈម​នឹង​វិធាន​ការ​តឹង​តែង​របស់​អាជ្ញា​ធរ​ផងដែរ​។ ជនបរទេស​ទាំង​អស់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ទី​កន្លែង​ដែល​ពួកគេស្នាក់​នៅ​តែ​ប៉ុណ្ណោះ។

    អ្នកការ​ទូត​បរទេស​នៅឯទីក្រុង​ព្យុង​យ៉ាង​ ក៏​​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ដើរ​ហើរ​ជុំ​វិញ​ទី​ក្រុង​ផងដែរ។ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​កូរ៉េខាង​ជើង លោក Alexander Matsegora បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ទាំង​អស់​របស់​ស្ថាន​ទូត​មាន​សិទ្ធិ​ត្រឹម​តែ​យក​សំរាម​ចេញ​ទៅ​ដាក់​ក្នុង​ធុង​នៅ​ខាង​ក្រៅ​ក្បែរ​នោះ​ប៉ុណ្ណោះ​។ ពេល​នោះ ក្រុម​អ្នក​ជំនាញ​របស់​កូរ៉េខាង​ជើង​នឹង​ធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​​មេរោគ​ទៅ​លើ​រថយន្ត​ដឹក​សំរាម​នោះ​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្ដង។

    វិហារ​សាសនា សាលា​បង្រៀន​ក្បាច់​គុនតៃក្វាន់ដូ ទីលាន​ជីះ​ស្គីលើក​ទឹកកក អាង​ហែល​ទឹក សាលា​គំនូរ សាលា​បង្រៀន​​ភាសា​កូរ៉េ​ជា​ដើម​ សុទ្ធ​តែ​ត្រូវ​បាន​បិទ​។

    ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​បាន​បន្ថែម​ថា សកម្ម​ភាព​ការ​ទូត​នៅ​​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ ហាក់​ត្រូវ​បាន​ផ្អាក​​ទាំង​ស្រុង​ ខណៈ​ដែល​មិន​មាន​កិច្ច​ប្រជុំ កិច្ច​ចរចាណា​​មួយត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​មន្ត្រី​កូរ៉េខាង​ជើង ឬ​ជាមួយ​បណ្ដា​ក្រុម​អ្នក​ការ​ទូត​ប្រទេស​ផ្សេង​ៗ​។ ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ក្រុម​មន្ត្រី​កូរ៉េ​ខាង​ជើង ក៏​បាន​ត្រឹម​តែ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ ឬ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​​សំបុត្រ​​ដែល​ដាក់​នៅ​​ក្នុង​ប្រអប់​សំបុត្រ​ពិសេស​។

    ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី មាន​យោបល់​ថា មាន​តែ​ប្រទេស​ “គ្មាន​ពីរ​ក្នុង​លោក​” ដូចជា​កូរ៉េខាង​ជើង​ប៉ុណ្ណោះ ទើប​អាច​​ប្រើ​វិធាន​ការ​ទប់​ស្កាត់​អាសន្ន​រោគ​បែប​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ដែល​ត្រូវ​បាន​កូរ៉េខាង​ជើង​ចាត់​ទុក​ថា​ “មាន​សារ​សំខាន់​លំដាប់​ជាតិ​”។ អ្នក​ការ​ទូត​រុស្ស៊ី​រៀប​រាប់​ថា នោះ​គឺជា​ស្ថាន​ភាព​ “ពិសេស​”។

    កូរ៉េខាង​ជើង​ មក​ដល់​ពេល​នេះ​ នៅ​តែ​អះអាង​ថា កូរ៉េខាង​ជើង​គឺ​ជា​ប្រទេស​ជិត​ខាង​តែ​មួយ​គត់​របស់​ចិន ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ សូម្បី​តែ​មួយ​ករណី​​។

    រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​កូរ៉េខាង​ជើង​ កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ខ្លួន​នៅ​លើកញ្ចក់​ទូរទស្សន៍​រដ្ឋ​ អះអាង​ថា កូរ៉េខាង​ជើងមិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 នៅ​ឡើយ​។ ការិយាល័យ​នៃ​អង្គការ​សុខ​ភាព​ពិភពលោក​(WHO) ប្រចាំ​នៅ​ទី​ក្រុងព្យុង​យ៉ាង​ ថ្មី​ៗនេះ​ក៏បាន​ឱ្យ​ដឹង​ថា ខ្លួន​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ស្ដីអំពី​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​នេះនៅ​ឡើយ​។

    កាសែត​ Rodong Sinmun ដែល​ជា​អ្នក​នាំ​ពាក្យ​​របស់​បក្ស​ពលករ​កូរ៉េខាង​ជើង បាន​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ទាំង​អស់ ដាច់​ខាត​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ការ​ណែ​នាំ​ពី​មន្ត្រី​សុខាភិបាល​ និង​មន្ត្រី​រដ្ឋ​ការ​ ក្នុង​បេសក​កម្ម​ទប់ស្កាត់​អាសន្ន​រោគ​កូរ៉ូណា។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AFP។

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ឡើង​ដល់​2,762​នាក់​ និង​81,005​នាក់​កំពុង​​ផ្ទុក​មេរោគ​នេះ។ ប្រទេស​មួយ​ចំនួន​ដែល​កំពុង​​​រង​ការ​រាត​ត្បាត​ពី​អាសន្ន​រោគ​កូរ៉ូណា​ធ្ងន់​ជា​ង​គេ​គឺ ប្រទេស​ចិន កូរ៉េខាង​ត្បូង អ៊ីតាលី ជប៉ុន អ៊ីរ៉ង់ និង​សិង្ហបុរី។ល។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស