Tag: កុងតឺន័រ

  • ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។

    យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។

    ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។

    យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។

    នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

  • ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

    យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។

    ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។

    ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព៕

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • កម្ពុជា​បើក​ការដ្ឋាន​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ​ថ្មី ជំហាន​ទីមួយ​

    កម្ពុជា​បើក​ការដ្ឋាន​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ​ថ្មី ជំហាន​ទីមួយ​

    គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទីមួយ​ ត្រូវបានប្រកាស​បើកការដ្ឋានជាផ្លូវការ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន​ពីរ​គ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាល​ពី​ម្សិល​មិញ​។

    នៅ​ក្នុង​ពិធី​ខាងលើដែល​បាន​រៀប​ចំ​ឡើង​ កាលពីព្រឹកថ្ងៃ​ទី 22 ធ្នូ 2023 ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន​ បាន​រាយការណ៍​ថា ចំណត់​​ផែកុងតឺន័រ​​ទឹក​ជ្រៅថ្មី ជំហាន​ទីមួយ មាន​ប្រវែង​ 350 ម៉ែត្រ ជម្រៅ​ទឹក​សាងសង់​ 14.5 ម៉ែត្រ អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រមាន​ចំណុះផ្ទុក​ 6​​ ម៉ឺន​តោន ដែល​មាន​ផ្លូវ​ទឹក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដឹក​ជញ្ជូន​ទៅ​មក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

    លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បន្ថែម​ថា គម្រោងនេះ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​ 36 ខែ​សម្រាប់​ការ​សាងសង់​ ហើយគ្រោង​​​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ 2026​។

    ចំណែក​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ វិញ មាន​ប្រសាសន៍​ថា កំពង់ផែ​ក្រុង​ព្រះ​សីហនុ គឺជា​ផែ​នាំ​មុខ​សម្រាប់​ការធ្វើពាណិជ្ជកម្ម​ក្នុងតំបន់ និង​ពិភពលោក​។ ដូច្នេះ រាជរដ្ឋាភិបាល​មាន​ផែនការ​កសាង​កំពង់ផែ​នេះ​ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូនលំដាប់​​តំបន់​។

  • កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    កម្ពុជា​លើកលែងការ​បង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោមមួយ​ពាន់​ដុល្លារ

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសលើកលែងការបង់ប្រាក់​សម្រាប់​​ការ​បំពេញ​បែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារ​អាម៉េរិក​ រួម​នឹង​ការ​កាត់​បន្ថយ​កម្រៃ​ប្រតិវេទន៍​គយ​ផងដែរ​។

    ការប្រកាសដូច​ខាង​លើ​ដែល​ត្រូវ​បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី 13 ខែវិច្ឆិកា ឆ្នាំ 2023 នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី 19 គឺ​ក្នុង​បំណង​​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់សមត្ថភាព​​ប្រកួតប្រជែងរបស់កម្ពុជា នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏​បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី 15,000 រៀល មកនៅ​ត្រឹម​ 8,000 រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម 1,000 ដុល្លារអាម៉េរិក​ រួម​នឹង​ការលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន​ផងដែរ​។

    ទន្ទឹម​នឹង​នេះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 កម្ពុជា​ ក៏​នឹងដាក់ឱ្យអនុវត្តនូវការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច
    • វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន
    • ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS)
    • ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង
    • ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬ តំណាង។

    យោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសសំខាន់ៗចំនួន 20 ក្នុងរយៈពេល 10 ខែដំបូង​នៃឆ្នាំ 2023 សម្រេចបានប្រមាណជាង 18.5 ពាន់លានដុល្លារ​អាម៉េរិក។

     

  • ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

    ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

    ប្រទេសថៃ​កំពុង​តែ​វាយ​តម្លៃ​លើ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​គោក និង​ផ្លូវ​ដែក​ តភ្ជាប់​រវាង​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ​។

    យោង​តាម Reuters នាយករដ្ឋមន្ត្រីថៃ​ឱ្យ​ដឹង​ថា ប្រទេស​នេះ​កំពុង​វាយ​តម្លៃ​លើ​គម្រោង​ដ៏​ធំមួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ រួម​មានបណ្ដា​ខ្ទង់វិនិយោគ​ដែល​មាន​តម្លៃ​មួយ​ទ្រីលាន​បាត​ (27.44 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទូទាំង​សកល​លោក​។

    ការ​ស្រាវជ្រាវ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ បាន​ឱ្យ​ដឹង​ថា ការ​ដេញ​ថ្លៃ​ និង​ការ​ស្ថាបនា​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ 2025 អាច​បង្កើត​ការ​ងារ​បាន​ប្រហែល 280,000 កន្លែង​ នៅ​ខេត្ត Ranong និង Chumpon។

    នាយកដ្ឋាន​ផែនការ​ថៃ​ បាន​គណនា​ឃើញ​ថា គម្រោង​ខាងលើ​នេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថៃ​ឡើង​ដល់ 5.5% ជា​រៀង​រាល់​ឆ្នាំ​។

    សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន 2.8% ក្នុង​ឆ្នាំ​នេះ និង 4.4% ក្នុង​ឆ្នាំ 2024​។

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin សង្កត់​ធ្ងន់​ថា គម្រោង​នេះខាងលើ​នេះ​​នឹង​ជា​ការ​តភ្ជាប់​សំខាន់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ឥណ្ឌា មជ្ឈិម​បូព៌ា និង​ទ្វីប​អាហ្វ្រិក​។

    ដំណាក់​កាល​ដំបូង​របស់​គម្រោង​នេះ​​គ្រោង​នឹង​រួច​រាល់​នៅ​ឆ្នាំ 2030 និង​អាច​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័របាន​​ 10 លាន​ TEU ហើយ​អាច​សម្រេច​បាន​ 40 លាន​ TEU នៅ​ឆ្នាំ 2039​៕

  • ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។

    ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។

    គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ នៅ​លើ​ទឹក​ដី​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​ប្រទេស​ចិន និង​វៀតណាម​។

    គម្រោង​នេះ​ប្រើប្រាស់​យាន​យន្ត​ស្វ័យ​ប្រវត្ត​ដឹក​ជញ្ជូន​កុងតឺន័រ​គ្មាន​មនុស្ស​បើក​បរ​ AGV, ឧបករណ៍​ដងស្ទូច​ស្វ័យប្រវត្ត​, ប្រព័ន្ធ​គ្រប់គ្រង​ផែនទី​ឆ្លាត​វៃ និង​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំ​ដែន​រវាង​ចិន និង​វៀតណាម ដែល​អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លងកាត់​ស្វ័យ​ប្រវត្ត​មិន​មាន​មនុស្ស​ប្រចាំការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

    យោង​តាម​មន្ត្រី​ពាក់​ព័ន្ធ គម្រោង​​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) នេះ នឹងលើក​កម្ពស់​​​កិច្ច​ការ​គយ​រវាង​ច្រក​ព្រំ​ដែន​​របស់​ប្រទេស​ទាំង​ពីរ​ថែម​មួយ​កម្រិត​ទៀត។ ការដឹក​ទំនិញ​ឆ្លង​កាត់​ព្រម​ដែន​នៅ​ទី​នេះ​នឹង​មិន​ត្រូវ​រង់ចាំ​។

    បច្ចុប្បន្ន​ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan របស់​ប្រទេស​​ចិន បាន​ចាប់​ផ្ដើម​ការ​សាងសង់ ខណៈ​គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​​ Huu Nghi របស់​វៀតណាម កំពុង​ឆ្លង​​យោបល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​ប្រទេស​នេះ មុនពេល​ដាក់​សំណើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​។

    នៅ​ក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់​ច្រក​ព្រំដែន​ឆ្លាតវៃ​ខាងលើ ភាគី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​លើក​កម្ពស់​កិច្ច​សហការ​ដើម្បី​សម្រេច​បាន​ច្រក​ព្រំដែន​ឆ្លាត​វៃ​ប្រកបដោយ​ភាព​រលូន និង​ឆាប់​រហ័ស​ផងដែរ​៕

  • កប៉ាល់​ដឹក​ទំនិញ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez

    កប៉ាល់​ដឹក​ទំនិញ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez

    កប៉ាល់​ដឹក​ទំនិញ​​ដោត​ទង់​ជាតិ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez ធ្វើ​ឱ្យ​ស្ទះ​ដំណើរ​របស់​កប៉ាល់​ដទៃដែល​នៅ​ពី​ក្រោយ​​ជា​ច្រើន​គ្រឿង​។

    «កប៉ាល់​ Xin Hai Tong 23 ជាប់​គាំង​លើ​ព្រែក​ជីក​ Suez នៅ​តំបន់​គីឡូ​លេខ 159 វេលា​ម៉ោង​ 4 (ម៉ោង 8 នៅ​កម្ពុជា) ថ្ងៃ​ទី 25 ឧសភា​» ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ Leth Agencies ប្រកាស​លើ​ Twitter ដូច្នេះ​។ កប៉ាល់​អូស​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ដល់​ Xin Hai Tong 23​ ដែល​មាន​បណ្ដោយ​ 189 ម៉ែត្រ​។

    កប៉ាល់​ខាងលើ​ជាប់​គាំង​នៅ​ផ្នែក​ខាង​ត្បូង​ ក្បែរ​ច្រាំង​ខាង​កើត​របស់​ព្រែក​ជីក Suez​។ យ៉ាង​ហោច​ណាស់​មាន​កប៉ាល់​ចំនួន​បួន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​កប៉ាល់​ Xin Hai Tong 23 រាំង​ផ្លូវ​។​ នេះ​បើ​តាម​ ​ Marine Traffic ដែលជា​គេហទំព័រ​​ជំនាញ​ពី​ទិន្នន័យ​ផ្លូវ​សមុទ្រ​។

    គិតត្រឹម​វេលា​ថ្ងៃ​ត្រង់​នេះ ភាគី​អ្នក​គ្រប់​គ្រង​ព្រែក​ជីក Suez មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ​។

    ព្រែក​ជីក Suez ប្រវែង 190 គីឡូម៉ែត្រ គឺជា​ផ្លូវ​ដឹក​ជញ្ជូន​ប្រើ​ពេល​ខ្លី​បំផុត​រវាង​ទ្វីប​អឺរ៉ុប និង​អាស៊ី​។ ព្រែក​នេះ​តភ្ជាប់​រវាង​ទីក្រុង​ចំនួន​ពីរ​របស់​អេហ្សីប​ គឺ Suez នៅ​ជាប់​សមុទ្រ​ក្រហម និង Port Said នៅ​មេឌីទែរ៉ាណេ​។ កន្លែង​ចង្អៀត​បំផុត​របស់ព្រែក​ជីក​ទទឹង​ 200 ម៉ែត្រ​ គឺជា​ទី​ដែល​តែង​បង្ក​ផល​លំបាក​ដល់​ការ​ធ្វើដំណើរ​របស់​កប៉ាល់​ដឹក​ទំនិញ​ធំ​ៗ។

    កប៉ាល់ Ever Given​ ដែល​ធ្លាប់​បាន​ជាប់​គាំង​នៅ​លើ​ព្រែក​ Suez

    កាលពី​ខែ​មីនា 2021 កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​យក្ស Ever Given ដែលដោត​ទង់​ជាតិ​ប៉ាណាម៉ា ក៏​ធ្លាប់​បាន​ជាប់​គាំង​នៅ​លើ​ព្រែក​ Suez ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​អស់ 6 ថ្ងៃ​ និង​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ថ្ងៃ​ៗ ​ចំពោះ​ពាណិជ្ជកម្ម​សកល​ និង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ទំនិញ​ផងដែរ​៕

  • រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

    Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

    ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

    យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

  • អ៊ីចឹងសោះ!! បានជាផ្សារ​រាត្រីកម្សាន្ដ​កុងតឺន័រ Jet’s Container ត្រូវរុះរើខ្ទេចខ្ទី

    អ៊ីចឹងសោះ!! បានជាផ្សារ​រាត្រីកម្សាន្ដ​កុងតឺន័រ Jet’s Container ត្រូវរុះរើខ្ទេចខ្ទី

    ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market គឺជា​ផ្សារ​រាត្រី​កុងតឺន័រ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ជិត​ស្ថានទូត​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយបាន​បើក​ដំណើរការ​កាលពី​ជាង2 ឆ្នាំ​មុន ដោយ​មាន​ហាង​លក់​ម្ហូបអាហារ ភេសជ្ជៈ បារ​ផឹកស៊ី​តូច​ៗ និង​វត្ថុ​អនុស្សាវរីយ៍ លក់​នូវ​សម្លៀក​បំពាក់ ចន្លោះ​ពី 200-300 ហាង តូប និង​ស្តង់ ដោយ​ប្រើប្រាស់​ទូរ​កុងតឺន័រ​សរុប​ជាង​80ទូរនោះ ខណៈនេះត្រូវបានរុះរើតូបនិង​បិទ​ជា​ស្ថាពរ​ហើយ ។

    តាមរយៈការបង្ហើបរបស់ប្រធានគ្រប់គ្រងផ្សាររាត្រីកុងតឺន័រ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដោយសារ​តម្លៃ​ជួល​ដីអាច​និយាយ​ថា ជា​ហេតុផល​ចម្បង ដែល​មិន​អាច​អនុញ្ញាតិឱ្យក្រុមហ៊ុន​បន្តដំណើរ​ការ​បាន​តទៅ​មុខទៀត​ ហើយខាងក្រុមហ៊ុងបានវាយកម្ទេចនូវតូបនានា ចំណែកឯម្ចាស់តូបបានរើឥវាន់ចេញអស់រួចរាល់។ ខាងម្ចាស់ដីគឺ ក្រុមហ៊ុន Royal Group របស់លោកឧញ៉ាគិតម៉េង នឹងយកដីនេះ ទៅសាងសង់អគារពាណិជ្ជកម្មផ្សេងៗ តែមិនទាន់ច្បាស់សាងសង់អ្វីនោះទេ។​

    យ៉ាងណាមិញ ប្រភពដដែលបានបន្ដទៀតថា អាហារដែលមានលក់នៅក្នុងផ្សារកុងតឺន័រ ពុំមានផាសុខភាពសម្រាប់អតិថិជន រួមទាំងតម្លៃទៀតសោត អតិថិជនមិនច្រើននោះទេ ដែ​លមានលទ្ឋភាពចំណាយលើអាហារមួយចានក្នុងតម្លៃប្រមាណ 5ដុល្លារ ស្រាបៀរមួយដបតម្លៃ 3 ទៅ 3.5 ដុល្លារ​អាមេរិកជាប្រចាំ ដើម្បីជួយទ្រទ្រង់ចំណូលប្រចាំថ្ងៃ សម្រាប់ថ្លៃឈ្នួលផ្សារទាំងនោះ​បាន”។

    សូមជម្រាបថា ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market ត្រូវបានក្រុមហ៊ុន​​រុះរើ​សម្ភារៈដែល​មាន​ក្នុង​ទីតាំង​ខាងលើ យក​ទៅ​ទុក​នៅ​តំបន់​វិហារ​សួគ៌ ដែល​ជាទី​តាំង​ផ្ទាល់​របស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​មាន​ផែនការ​អភិវឌ្ឍ​តំបន់​វិហារ​សួគ៌​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ដ៏​ល្អ​ប្រកបដោយ​ប្រណីតភាព​បំផុត​៕