Tag: បោះឆ្នោត

  • ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋអាមេរិកាំង មិនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ប៉ុន្តែ ប្រតិភូតំណាងម្ចាស់ឆ្នោតឯណោះទេដែលមានតួនាទីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ដោយយោងទៅលើលទ្ធផលនៃការបោះឆ្នោតនៅមូលដ្ឋានរបស់បណ្ដារដ្ឋ។

    ពលរដ្ឋអាមេរិកាំងគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះត្រូវបានគេហៅថា “សំឡេងឆ្នោតប្រជាប្រិយ (popular vote)។ ក៏ប៉ុន្តែ តាមច្បាប់ ប្រតិភូដែលជាតំណាងរបស់ម្ចាស់ឆ្នោតប្រជាប្រិយ (electoral vote/electoral college) ឯណោះទេ ទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។

    បេក្ខភាពនីមួយៗត្រូវការសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន270សំឡេង ទើបក្លាយជាប្រធានាធិបតី។ ក្រុមមេដឹកនាំប្រទេស បានបង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ខ្លាចបណ្ដារដ្ឋដែលមានប្រជាជនតិចជាង អាចមិនមានអ្នកតំណាងប្រកបដោយយុត្តិធម៌។ ម្យ៉ាងទៀត ពួកគេក៏យល់ថា “មនុស្សធម្មតា” ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលស័ក្ដិសម។ ដូច្នេះ ពួកគេក៏បង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ដែលបច្ចុប្បន្នមានចំនួន538រូប ដោយរួមទាំងតំណាងរាស្ត្រមកពីសភាជាន់ខ្ពស់ និងជាន់ទាបរបស់រដ្ឋចំនួន50នៃសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក រដ្ឋធានីវ៉ាស៊ីងតោន មានប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន3រូប។

    ដើម្បីទទួលបានតំណែងប្រធានាធិបតី បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច270សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត។ ដើម្បីទទួលបានសំឡេងឆ្នោតពីប្រតិភូតំណាង ជាទូទៅ បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេពីពលរដ្ឋមូលដ្ឋាននៅក្នុងរដ្ឋនីមួយៗ។

    បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ California បេក្ខភាពនឹងទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​55​សំឡេង​ពី​ប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ Texas បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ35សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ នេះគឺជាប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង”។

    ក៏ប៉ុន្តែ ជួនកាល បេក្ខភាពដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេស (popular vote) ប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីប្រតិភូតំណាងម្ចាស់ឆ្នោតផងដែរ។ ករណីនេះបានកើតឡើងកាលពីឆ្នាំ2016 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ (popular vote) ច្រើនជាងគេ ប៉ុន្តែ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump មានប្រៀបជាងនៅក្នុងបណ្ដារដ្ឋដែលមានប្រជាជនតិចជាង ហើយក៏មានប្រៀបជាងនៅក្នុងការបោះឆ្នោតរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត ដោយសារតែប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង” នេះ។

    លទ្ធផលនៃការបោះឆ្នោតប្រជាប្រិយ (popular vote) និងការបោះឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត មានលទ្ធផល​ខុស​គ្នា​តែ​5​ដង​ប៉ុណ្ណោះ​ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕

    ប្រភព៖ Next

  • Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    លោក Joe Biden បន្តនាំមុខគេនៅក្នុងការស្ទង់មតិនានានៅទូទាំងប្រទេស រួមទាំងបណ្ដាតំបន់សំខាន់ៗនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែលោក Donald Trump វិញ ក៏បានអះអាងថា លោកនឹងជាប់ឆ្នោតម្ដងទៀត។

    លទ្ធផលមធ្យមភាគនៃការស្ទង់មតិនានានៅទូទាំងសហរដ្ឋអាមេរិកដែលត្រូវបានចុះផ្សាយ​ដោយ  ​RealClearPolitics​ (RCP) ក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត បានបង្ហាញថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងទទួលបានការគាំទ្រដល់ទៅ50.7% ខ្ពស់ជាង6.8% បើធៀបនឹងតួលេខគាំទ្រត្រឹម43.9% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ RCP ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2000 គឺជាគេហទំព័រគួរជាទីទុកចិត្ត ស្ដីអំពីព័ត៌មាននយោបាយ និងមានជំនាញខាងប្រមូលទិន្នន័យស្ទង់មតិនៅសហរដ្ឋអាមេរិក។

    លទ្ធផលនៃការស្ទង់មតិរបស់ RCP ក៏ស្រដៀងទៅនឹងគេហទំព័រស្ទង់មតិលំដាប់កំពូលៗផ្សេងទៀត ដូចជា FiveThirtyEight ជាដើម ដោយក្នុងនោះបានបង្ហាញថា លោក Biden កំពុងនាំមុខលោក Trump ដល់ទៅ8.4% នៅទូទាំងប្រទេស។

    តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។

    យោងតាម RCP នៅក្នុងរដ្ឋ Florida លោក Biden កំពុងនាំមុខលោក Trump 1.7%។ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Siena/New York Times បានបង្ហាញថា អត្រានៃការគាំទ្រលោក Biden ខ្ពស់ជាងលោក Trump 3% ប៉ុន្តែការស្ទង់មតិរបស់ Washington Post/ABC News បែរជាបង្ហាញថា លោក Trump កំពុងនាំមុខគូប្រជែងចំនួន2%។

    រដ្ឋ Florida ដែលមានតំណាងម្ចាស់ឆ្នោត29នាក់ ត្រូវបានគេចាត់ទុកថា ជា “ឧបករណ៍វាស់ស្ទង់” ដ៏គួរទុកចិត្តនៅក្នុងការបោះឆ្នោតកាលពីពេលកន្លេងទៅថ្មីៗនេះ។ នៅពេលបេក្ខភាពណាមួយទទួលបានសំឡេងឆ្នោតនាំមុខនៅក្នុងរដ្ឋនេះ បេក្ខភាពនោះតែងតែជាប់ឆ្នោតជាប្រធានាធិបតី។ លោក Trump ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ2016នៅទីនេះ។

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោតPennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។

    ចំណែក Michigan និង Wisconsin គឺជារដ្ឋដែលលោក Trump ធ្លាប់បាននាំមុខក្នុងការបោះឆ្នោតឆ្នាំ2016 ប៉ុន្តែពេលនេះ លទ្ធផលស្ទង់មតិរបស់ RCP បង្ហាញថា លោក Trump កំពុងនៅពីក្រោមលោក Biden។

    យ៉ាងណាក៏ដោយ លោក Trump យល់ថា លទ្ធផលនៃការស្ទង់មតិដែលមិនអំណោយផលដល់រូបលោក គឺសុទ្ធតែ “មិនត្រឹមត្រូវ” ហើយថា លោកនឹងជាប់ឆ្នោតជាថ្មី។ ការបោះឆ្នោតកាលពីឆ្នាំ2016 បានបង្ហាញថា លទ្ធផលនៃការស្ទង់មតិ​នានា​កាល​ពី​4​ឆ្នាំ​មុន​ បាន​ត្រូវជាមួយនឹងលទ្ធផលនៃការបោះឆ្នោតទូទៅ ប៉ុន្តែ លោកស្រី Clinton ​បាន​ចាញ់​លោក​ Trump​ ដោយ​សារ​តែ​សន្លឹក​ឆ្នោត​ដែល​បាន​មក​ពីក្រុមអ្នកតំណាងម្ចាស់ឆ្នោត មានចំនួនតិចជាង៕

    ប្រភព៖ AFP

  • គំរាមលោតពីលើអគារដើម្បីបានជួបលោក Trump (វីដេអូ)

    គំរាមលោតពីលើអគារដើម្បីបានជួបលោក Trump (វីដេអូ)

    បុរសម្នាក់ វ័យប្រហែលជាងម្ភៃ បានប្រើប្រាស់ខ្សែដែលជាប់ទៅនឹងអគារ Trump រួចក៏ព្យួរខ្លួនឯងអស់រយៈពេលជាច្រើនម៉ោង នៅក្នុងទីក្រុង Chicago ព្រមទាំងបានគំរាមថានឹងលោតចុះពីលើអគារនេះ បើសិនជាមិនបានជួបមុខប្រធានាធិបតីអាមេរិក។

    វីដេអូ និងរូបភាពដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញថា បរុសនេះកំពុងព្យួរខ្លួនឯងដោយខ្សែសម្រាប់ឡើងភ្នំ នៅខាងក្រៅជាន់ទី16 នៃអគារ Trump ដែលមានកម្ពស់98ជាន់ នៅក្នុងទីក្រុង Chicago កាលពីថ្ងៃទី18តុលាកន្លងទៅ។

    Tom Ahern ដែលជាអ្នកនាំពាក្យរបស់នគរបាលបានឱ្យដឹងថា បុរសដែលមានវ័យប្រហែលជាងម្ភៃនេះ បាន “ព្យួរខ្លួនឯង” ចាប់ពីម៉ោងប្រមាណ15និង30នាទី រហូតដល់យប់ ដោយស្នើសុំ “និយាយគ្នាជាមួយប្រធានាធិបតី” និងបានបញ្ជូនសារទៅកាន់អ្នកសារព័ត៌មាន។

    https://www.youtube.com/watch?v=yz5Vdwa74tI

    កងកម្លាំងប៉ូលិស កម្លាំងពិសេស និងបុគ្គលិកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ អាជ្ញាធរក៏បានប្រញាប់បិទការចេញចូលក្នុងតំបន់ក្បែរអគារ Trump ខណៈដែល “ក្រុមអ្នកចង់ដឹងចង់ឮ” ចេះតែនាំគ្នាចូលមកកាន់តែច្រើន។

    បុរសនេះបានគំរាមថានឹងលោតចុះមកក្រោម បើសិនមិនត្រូវបានគេអនុញ្ញាតឱ្យជួបប្រធានាធិបតី។ អ្នកជំនាញផ្នែកចរចាម្នាក់នៅតែបញ្ចុះបញ្ចូលឱ្យបុរសនេះចូលមកខាងក្នុងអគារ។ រហូតដល់ម៉ោង1និង36នាទីព្រឹកថ្ងៃទី19តុលា (ម៉ោង13និង36នាទី នៅកម្ពុជា) អង្គភាពប៉ូលិសនៅ Chicago ឱ្យដឹងថា “រាល់ការប្រឹងប្រែងនៅតែកំពុងត្រូវបានធ្វើឡើងដើម្បីនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ករណីនេះ” ក្រោយការចរចាជាបន្តបន្ទាប់អស់រយៈពេល8ម៉ោង។

    យោងតាមសារព័ត៌មាន New York Post បុរសខាងលើនេះគឺជាសមាជិកម្នាក់របស់ចលនា “Black Lives Matter” (ជីវិតរបស់ជនស្បែកខ្មៅក៏សំខាន់) ក៏ប៉ុន្តែ បុរសនេះនិយាយថា៖ “បើសិនជាលោក Trump បានសន្យាអ្វីមួយ លោកគួរតែអនុវត្តវានៅមុនការបោះឆ្នោតនេះ”។

    ប្រធានាធិបតីអាមេរិក Donald Trump ក្នុងថ្ងៃដដែលនេះ មានវត្តមាននៅក្នុងទីក្រុង Carson រដ្ឋ Nevada ដើម្បីធ្វើការឃោសនាបោះឆ្នោត។ នៅទីនេះ លោក Trump បានអំពាវនាវឱ្យម្ចាស់ឆ្នោតប្រញាប់ទៅបោះឆ្នោត ខណៈ​ថ្ងៃ​បោះ​ឆ្នោត​ 3​វិច្ឆិកា​ជិត​ចូល​មក​ដល់​៕

    ប្រភព៖ NY Post

  • មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

    មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

    ម្ចាស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan ប្រកាសផ្ដល់ជំនួយបន្ថែម​100​លាន​ដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គាំទ្រដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020នេះ។

    “យើងខ្ញុំបានទទួលការឆ្លើយតបច្រើនជាងការរំពឹងទុកអំពីប្រការដែលក្រុមមន្ត្រីរៀបចំការបោះឆ្នោត ត្រូវ​ការជំនួយ​សម្រាប់​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការបោះឆ្នោត។ ហេតុនេះហើយ យើងខ្ញុំសន្យាថា នឹង​ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែមទៀតទៅឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជីវភាពពលរដ្ឋ (CTCL) ដើម្បីធានាឱ្យបានប្រាកដថា តំបន់ដែលត្រូវការជំនួយ នឹងទទួលបានជំនួយ” លោក Zuckerberg បង្ហោះសារយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី13តុលា។

    លោក Zuckerberg បន្ថែមថា តំបន់ជាង2,100 នៅមូលដ្ឋានដែលមានករិយាល័យបោះឆ្នោត បានផ្ញើលិខិតឡើងទៅកាន់ CTCL ដើម្បីស្នើសុំជំនួយ។ CTCL គឺជាអង្គការមិនស្វែងរកកម្រៃមួយនៅទីក្រុង Chicago។ គោលដៅរបស់អង្គការនេះ គឺ “ជំរុញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ និងជួយធ្វើទំនើបកម្មលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក”។

    ម្ចាស់ Facebook និងភរិយា កន្លងមក ធ្លាប់បានផ្ដល់ជំនួយ300លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងការលំបាកដោយសារ COVID-19។ អ្នកទាំងពីរបានផ្ដល់ជំនួយជាសម្ភារសម្រាប់ការបោះឆ្នោត និងឈុតការពារការឆ្លងវីរុសទៅឱ្យក្រុមបុគ្គលិកដែលធ្វើការខាងស្ទង់មតិ។

    លោក Zuckerberg ក៏កំពុងតែធ្វើសកម្មភាពប្រឆាំងតបតទៅនឹងករណីប្ដឹងនានាដែលត្រូវបានធ្វើឡើងក្នុងបំណងទប់ស្កាត់ការប្រើប្រាស់ខ្ទង់ប្រាក់ជំនួយរបស់លោកផងដែរ។

    មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតជ្វីហ្វ (Jews) រូបនេះ អះអាងថា៖ “ចាប់តាំងពីយើងខ្ញុំបានផ្ដល់ជំនួយលើកដំបូង មានករណីប្ដឹងជាច្រើនត្រូវគេធ្វើឡើងដើម្បីរារាំងការប្រើប្រាស់ខ្ទង់ជំនួយនោះ ដោយចោទថា អង្គការនេះ (CTCL) ទទួលជំនួយដោយប្រកាន់បក្សពួក។ ការចោទប្រកាន់នេះគឺពិតជាខុសស្រឡះ”។

    ខ្ទង់ថវិកាជំនួយរបស់លោក Zuckerberg ត្រូវបានលើកឡើងនៅពេលដែល Facebook កំពុងប្រឈមនឹងការតាមដានពីទីក្រុងវ៉ាស៊ីងតោន រួមនឹងសម្ពាធពីក្រុមអ្នកបង្កើតច្បាប់ ទាក់ទងនឹងបញ្ហាព័ត៌មានមិនពិតស្ដីអំពីការបោះឆ្នោត​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នេះ៕

    ប្រភព៖ Reuters

  • កិច្ចជជែកតតាំងគ្នា​លើក​ដំបូង​ មុន​ការ​បោះ​​ឆ្នោត​​ រវាង​លោក​ Trump​ និង​លោក​ Biden ​ទើប​​តែ​​បាន​បញ្ចប់​ដោយ​ភាព​តាន​តឹង

    កិច្ចជជែកតតាំងគ្នា​លើក​ដំបូង​ មុន​ការ​បោះ​​ឆ្នោត​​ រវាង​លោក​ Trump​ និង​លោក​ Biden ​ទើប​​តែ​​បាន​បញ្ចប់​ដោយ​ភាព​តាន​តឹង

    កិច្ចជជែកតតាំងគ្នាលើកដំបូង រវាងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងលោក Joe Biden បានប្រព្រឹត្តទៅដោយភាពតានតឹងបំផុត ដោយលោកទាំង2បានកាត់សម្ដីគ្នាជាញឹកញាប់ ធ្វើឱ្យអ្នកដឹកនាំកម្មវិធីមានការលំបាកខ្លាំងក្នុងការចាត់ចែងកិច្ចជជែកតតាំងនេះឱ្យត្រូវទៅតាមផែនការ។

    រយៈពេលនៃការបញ្ចេញមតិរបស់បេក្ខភាពនីមួយៗ

    កិច្ចជជែកតតាំងគ្នាលើកដំបូង រវាងបេក្ខភាពប្រធានាធិបតីទាំង2រូបខាងលើនេះ បានធ្វើឡើងដោយប្រើពេលប្រហាក់ប្រហែលគ្នា ក្នុងនោះ លោក Trump បាននិយាយជាង39នាទី ខណៈលោក Biden និយាយបានជិត38នាទី។

    កិច្ចជជែកតតាំងគ្នាលើកដំបូង មុនការបោះឆ្នោត រវាងលោក Trump និងលោក Biden បានបញ្ចប់ដោយភាពតានតឹង
    Chris Wallace (កណ្ដាល) ដែល​ជា​និពន្ធនាយករបស់ Fox News គឺ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​កិច្ចជជែកតតាំងគ្នាលើកដំបូង មុនការបោះឆ្នោត រវាងលោក Trump និងលោក Biden

    ការសន្យាមិនប្រកាសជ័យជំនះលឿនពេក មុន​ពេល​កិច្ច​ជជែក​តតាំង​គ្នា​បាន​បញ្ចប់

    កិច្ចជជែកតតាំងគ្នាលើកដំបូងរវាងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងលោក Joe Biden បានបញ្ចប់ជាមួយសំណួររបស់លោក Chris Wallace ដែលជាអ្នកដឹកនាំកម្មវិធីមកពី Fox News ដោយបានសួរថា “តើអាចសន្យាបានទេថា នឹងមិនប្រកាសជ័យជំនះលឿនពេក អំពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត?”។ លោក Trump មិនបានឆ្លើយតបឱ្យចំទៅនឹងសំណួរនេះទេ តែបាននិយាយថា លោកព្រួយបារម្ភចំពោះការបន្លំសន្លឹកឆ្នោត។ លោក Trump ថា៖ “ខ្ញុំអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ ទៅបោះឆ្នោត និងតាមដានឱ្យបានម៉ត់ចត់”។

    ផ្ទុយពីនេះ លោក Biden បានសន្យាថា នឹងអំពាវនាវឱ្យអ្នកគាំទ្រអត់ធ្មត់ និងចៀសវាងការប្រកាសជ័យជំនះមុនកាលកំណត់។ លោកសង្កត់ធ្ងន់ថា សន្លឹកឆ្នោតស្របច្បាប់ទាំងអស់ ត្រូវតែមានការពិនិត្យ និងរាប់ឱ្យបានត្រឹមត្រូវ។

    កិច្ចជជែកគ្នាបានបញ្ចប់

    កិច្ចជជែកតតាំងគ្នាលើកដំបូងនេះ បានបញ្ចប់នៅវេលាម៉ោង10និង35នាទីយប់ នៃថ្ងៃទី29កញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល1ម៉ោងកន្លះ។

    នៅមុនពេលបញ្ចប់ បេក្ខភាពទាំង2រូប នៅតែបន្តតវ៉ានឹងគ្នា ធ្វើឱ្យអ្នកដឹកនាំកម្មវិធី ត្រូវស្នើឱ្យលោកទាំង2 ផ្អាកត្រឹមនេះ។

    លោក Trump ហាក់បានគ្រប់គ្រងកិច្ចជជែកតតាំងលើកទី1នេះ

    យោងតាមការវាយតម្លៃរបស់ CNN ប្រធានាធិបតី Donald Trump ហាក់បានគ្រប់គ្រងលើកិច្ចជជែកតតាំងទល់មុខគ្នាលើកទី1នេះ។

    នៅក្នុងរយៈពេល1ម៉ោងដំបូងនៃការជជែកតតាំង លោក Trump បាន “កៀបសង្កត់” លើកកម្មវិធីនេះទាំងមូល ក្នុងនោះ លោកក៏បានវាយប្រហារទាំងគូប្រកួត និង “សង្កត់ក” ទាំងអ្នកដឹកនាំកម្មវិធី។ ខណៈដែលលោក Trump ត្រូវបានគេមើលឃើញថា បានទទួលបានជោគជ័យ ឬមានឥទ្ធិពលច្រើននៅចំពោះមុខ លោក Biden ក៏ត្រូវគេយល់ថា មានការគិតគូរវែងឆ្ងាយជាងលោក Trump។

    កិច្ចជជែកតតាំងគ្នាបន្តបន្ទាប់ទៀតនាពេលខាងមុខ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី25 និង22 ខែតុលា។ បេក្ខភាពអនុប្រធានាធិបតី Mike Pence និង Kamala Harris នឹងជជែកតតាំងគ្នានៅថ្ងៃទី7តុលា៕

    ប្រភព៖ Reuters, CNN

     

  • មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

    កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

    មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

    ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

    យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

    នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុប បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលថ្មី

    សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្មភាពការងារ និងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។

    លោក គីលីយ៉ង់ ប្លែស  អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងជាមួយភាគីខ្មែរ មានប្រសាសន៍ថានេះជាកិច្ចប្រជុំធំបំផុត និងមានសារៈសំខាន់បំផុតសម្រាប់ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្ម​ភាពរបស់ខ្លួនឱ្យសមាជិក-សមាជិកា បានដឹង និងលើកឡើងអំពីតម្រូវការផ្សេងៗរបស់គេនីមួយៗ ឱ្យអង្គប្រជុំស្វែងរកដំណោះស្រាយរួមគ្នា។ លោកថាក្រុមភាគីសហគមន៍អឺរ៉ុបមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជាដែលមានកំណើន​ខ្ពស់ក្នុងរយៈពេលវែងជាងមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទោះយ៉ាងណាក្តី ភាពមិនស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែកើតមាននៅកម្ពុជាដោយក្រុមហ៊ុនខ្លះបង់ពន្ធហើយក្រុមហ៊ុនខ្លះមិនបានបង់ពន្ធ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គេនៅតែមានភាពសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាដដែល។

    លោកថ្លែងថាក្រុមហ៊ុន ពាណិជ្ជករនៃសហគមន៍អឺរ៉ុបមានការចាប់អារម្មណ៏ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ប៉ុន្តែរៀងរាល់ពេលបោះឆ្នោតចូលមកដល់ អ្នកវិនិយោគតែងមានការរួញ​រា ដោយខ្លាចកើតមានអស្ថិរភាពសង្គមណាមួយ។ ដូច្នេះសភាពាណិជ្ជកម្មអឺរ៉ុបចង់បានស្ថិរភាពនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកឱ្យកាន់តែច្រើន។

    គួរបញ្ជាក់ថា រហូតមកទល់ឆ្នាំ 2017 សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានសមាជិកប្រ​មាណជា 295 ក្រុមហ៊ុន ជាសភាពាណិជ្ជកម្មលោកខាងលិចដែលធំជាងគេបង្អស់ ព្រមទាំងមានក្រុមហ៊ុនបរទេស និងក្នុងស្រុកជាច្រើនទៀតផង៕