Tag: អគ្គិសនី

  • ទំនប់​វា​រី​អគ្គិសនី​ខ្នាត​យក្ស​តម្លៃ 5 ពាន់​លាន​ដុល្លារ នៅលើ​ទន្លេ​វែង​ជាងគេ​លើ​ពិភពលោក

    ទំនប់​វា​រី​អគ្គិសនី​ខ្នាត​យក្ស​តម្លៃ 5 ពាន់​លាន​ដុល្លារ នៅលើ​ទន្លេ​វែង​ជាងគេ​លើ​ពិភពលោក

    ទំនប់​វា​រី​អគ្គិសនី Grand Ethiopian Renaissance ដែល​កំពុង​ត្រូវបាន​ប្រទេស​អេ​ត្យូ​ពី​សាងសង់​នៅលើ​ទន្លេ Nile គឺជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ ដោយមាន​ទំនប់​មេ​ប្រវែង 1.7 គីឡូម៉ែត្រ និង​បឹង​ផ្ទុក​ទឹក 74 ពាន់​លាន​ម៉ែត្រគុប។

    បឹង​សម្រាប់​ផ្ទុក​ទឹក​នៅ​ខាងក្រោយ​ទំនប់ Grand Ethiopian Renaissance នេះ គ្រោង​នឹងមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ឡុង​ដ៍របស់​​ប្រទេស​អង់គ្លេស។ ចំណែក​ទំនប់​នេះ​វិញ មាន​កម្ពស់​ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​ស្ពាន Golden Gate Bride ដែល​មាន​កម្ពស់ 227 ម៉ែត្រ។

    គម្រោង​​វារី​អគ្គិសនី​ដែល​សង់​លើ​ទន្លេ​ Nile (Nile ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ជា​ទន្លេ​វែង​ជាង​គេ​លើ​ពិភពលោក​កាល​ពី​អតីតកាល​ – ខ្លី​ជាង​ទន្លេ Amazon បន្តិច) ​ស៊ីពេល​រាប់​ទសវត្សរ៍​នៅក្នុង​ការអនុវត្ត និង​បង្កើតបានជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​អេ​ត្យូ​ពី ព្រោះ​វា​អាចជួយ​ឱ្យ​មនុស្ស​រាប់លាន​នាក់​រួច​ផុតពី​ស្ថានភាព​ក្រី​ក្រ។

    នេះ​គឺជា​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​នៅ​ទ្វីបអាហ្វ្រិក ដោយសារ​វា​ធំ​ដល់​ថ្នាក់​ត្រូវបាន​ចាត់ជា​ប្រភេទ​មហា​ទំនប់ (megadam)។ បន្ទាប់ពី​ការសាងសង់​ត្រូវបាន​ធ្វើឡើង​រួចរាល់​ជា​ស្ថាពរ សំណង់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 5,000 ម៉េ​ហ្គា​វ៉ា​ត់ ច្រើនជាង​ទ្វេដងបើ​ធៀប​នឹង​បរិមាណ​អគ្គិសនី​ដែល​អេ​ត្យូ​ពី​ផលិត​បាន​នាបច្ចុប្បន្ន។

    បឹង​សម្រាប់​ផ្ទុក​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី​នេះ​នឹង​អាច​ផ្ទុក​ទឹកបាន 74 ពាន់​លាន​ម៉ែត្រគុប។ រោងចក្រ​ចំនួន​ពីរ និង​ទំនប់​ចំនួន​បី​របស់​គម្រោង​នេះ ត្រូវ​សាងសង់ឡើង​ពី​បេតុង RCC ចំនួន 10 លាន​ម៉ែត្រគុប។ ក្នុងនោះ ទំនប់​​មេ​នឹងមាន​កម្ពស់ 145 ម៉ែត្រ, បណ្ដោយ 1.7 គីឡូម៉ែត្រ ខណៈ​ដែល​​​ទំនប់​​រង​មាន​ប្រវែងសរុប​ 4.8 គីឡូម៉ែត្រ និង​កម្ពស់ 45 ម៉ែ​ទ្រ៕

  • ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្ទៃសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​លោត​ចូល​សមុទ្រ។

    កាលពី​ថ្ងៃទី 26 កក្កដា កប៉ាល់ Fremantle Highway ដែលមាន​បណ្ដោយ 199 ម៉ែត្រ កើតមាន​អគ្គិភ័យ​ពេល ស្ថិតក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ពី​កោះ Ameland របស់​ប្រទេស​ហូ​ឡង់ គ្រា​ដែល​កំពុងធ្វើដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប។

    ប៉ូលិស​ល្បាត​សមុទ្រ​របស់​ហូ​ឡង់ បានឱ្យដឹងថា ក្រុម​កប៉ាល់​សង្គ្រោះបាន​បាញ់​ទឹក​ទៅកាន់​កប៉ាល់ Fremantle Highway ដើម្បី​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ទឹក​ច្រើន ព្រោះ​អាចធ្វើឱ្យ​កប៉ាល់​លិច។ កប៉ាល់​នេះ​ត្រូវបាន​ទាញ​ចេញពី​ផ្លូវទឹក​ដែលមាន​ចរាចរណ៍​មមាញឹក។

    នៅលើ​កប៉ាល់​ដឹក​ឡាន 3,000 គ្រឿង​នេះ មាន​នាវិក 23 នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ និង 7 នាក់​ត្រូវ​លោត​ចូល​សមុទ្រ ខណៈដែល​នាវិក​ក្រៅពីនេះ​ត្រូវបាន​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ។

    ក្រុមហ៊ុន​ជប៉ុន Shoei Kisen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់​ខាងលើ បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ហូ​ឡង់ ទាក់ទិន​នឹង​ហេតុការណ៍​អគ្គិភ័យ​នេះ។

    ប៉ូលិស​ហូ​ឡង់​និយាយថា មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​នេះ មុន​នោះបាន​បង្ហើប​ឱ្យដឹងថា អណ្ដាតភ្លើង​បានចាប់ផ្ដើម​ពី​ទីតាំង​មួយ​នៅក្បែរ​រថយន្ត​អគ្គិសនី។

  • យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

    ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។

    រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។

    កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។

    យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។

    ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

  • ទីក្រុង​របស់​អង់គ្លេស​ជិត​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​លើ​លោក

    ទីក្រុង​របស់​អង់គ្លេស​ជិត​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​លើ​លោក

    អាជ្ញាធរ​បានអនុម័ត​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក នៅឯ​រោងចក្រ​ផលិត​អគ្គិសនី​ចាស់​មួយ​ ​ក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស ដើម្បី​រក្សា​ថាមពល​អគ្គិសនី​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់គ្រួសារ​ចំនួន 36,000 គ្រួ ​នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍។

    ក្រុមហ៊ុន​ថាមពល Carlton Power នឹងត្រូវ​ការស្វែងរក​ទុន 963 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អនុវត្ត​គម្រោង និង​ជ្រើសរើស​អ្នកផ្គត់ផ្គង់។ រោងចក្រ​ថ្ម​ផ្ទុក​អគ្គិសនី​គឺជា​វិធី​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ជា​បន្តបន្ទាប់ ដោយសារតែ​អគ្គិសនី​ពី​ប្រភព​នានាដែល​ងាយ​នឹង​រអាក់រអួល​កាន់​តែ​មាន​ច្រើន​ឡើងៗ ក្នុង​នោះ​​មានដូចជា​​រោង​ចក្រ​ផលិត​អគ្គិសនី​ពី​កម្លាំងខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ​ជាដើម។

    ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​អាច​ទាញយក​អគ្គិសនី​មក​រក្សាទុក​នៅក្នុង​ថ្ងៃ​ដែល​សម្បូរ​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់ ដោយ​ការចំណាយ​ទាប ហើយ​ក្រោយមក​ក៏​ផ្គត់ផ្គង់​នៅពេល​ចាំបាច់។ តាម​គម្រោង មូលដ្ឋាន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី 2,080 ម៉េ​ហ្គា​វ៉ា​ត់ ដែល​ប្រហាក់ប្រហែល​នឹង​រោងចក្រ​អគ្គិសនី​ខ្នាត​មធ្យម នៅក្នុង​មួយ​ម៉ោង។ បច្ចុប្បន្ន គម្រោង​នេះ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​​រួចហើយ។

    តាម​ផែនការ ដំណើរការ​សាងសង់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ត្រីមាស​ទីមួយ​របស់​ឆ្នាំក្រោយ។ ប្រព័ន្ធ​នេះ​ក៏​នឹង​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ត្រីមាស​ទី​បួន​ឆ្នាំ 2025។

    បច្ចុប្បន្ន ប្រទេស​អង់គ្លេស​ចង់​អភិវឌ្ឍ​បណ្ដាញ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែលមាន​ថាមពល 50 ជី​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ 2030។ ក៏ប៉ុន្តែ ពួក​គេ​​ត្រូវការ​បច្ចេកវិទ្យា​ដែលមាន​ស្ថិរភាព ដើម្បី​រក្សាទុក​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ក្នុងពេល​មិនមាន​ខ្យល់។ ដូច្នេះ គម្រោង​ខាងលើ​ពិត​ជា​សម​ស្រប​ និង​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​៕

  • ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ចិន កំពុងតែ​សាងសង់​មូលដ្ឋាន​ថ្មី​ដើម្បី​បម្រើ​ដល់​ការពិសោធ​ដែល​ទាក់ទង​នឹង​ដែន​ទំនាញផែនដី រួមចំណែក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ទី​អវកាស។

    មូលដ្ឋាន​ពិសោធន៍​មីក្រូ​ទំនាញ​ជាមួយនឹង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅ​ទីក្រុង​ប៉េកាំង មាន​កម្ពស់ 40 ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដែល​នាំ​វត្ថុ​ឡើង-ចុះ និង​ទទួល​បទពិសោធន៍​នៃ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមាន​ទំនាញផែនដី​ក្នុង​រយៈពេល 4 វិនាទី។ នេះ​បើតាម​ការចុះផ្សាយ​របស់ SCMP កាលពី​ថ្ងៃទី 20 កក្កដា 2023។

    MEFEL អាចឱ្យ​ធ្វើការ​ពិសោធ 100 ដង/ថ្ងៃ និង​ចំណាយ​អគ្គិសនី​ប្រហែល​តែ 1 គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការពិសោធ​មួយ។ វា​ក៏​​អាចបង្កើត​កម្លាំង​ទំនាញ​ស្រាល​ដើម្បី​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​​ធម្មជាតិ​នៅលើ​ព្រះ​ចន្ទ និង​ភព​អង្គារ។

    កាលពី​ឆ្នាំ 2019 មូលដ្ឋាន​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ MEFEL ចាប់ផ្ដើម​ដំណើរការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​ឈ្មោះថា Einstein – Elevator។ អគារ​នេះ​មាន​កម្ពស់ 40 ម៉ែត្រ អាច​ឱ្យទទួល​បទពិសោធ​ន៍​ស្ថានភាព​គ្មាន​ទំនាញ​ប្រហែល 4 វិនាទី ហើយ​អាចធ្វើ​ការពិសោធ​បាន 300 ដង/ថ្ងៃ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានចាប់ផ្ដើម​អភិវឌ្ឍ MEFEL តាំងពី​ឆ្នាំ 2017។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​ប្រវែង 3 ម៉ែត្រ ដើម្បី​បង្កើត​បរិស្ថាន​គ្មាន​ទំនាញ​ក្នុង​រយៈពេល​ខ្លី។ នៅ​ខាងក្នុង MEFEL ឈុត​សម្រាប់​ពិសោធន៍​នឹង​ផ្ដល់​បរិស្ថាន​មាន​ទំនាញផែនដី​ស្មើនឹង 1/100,000 នៃ​កម្រិត​​ទំនាញ​ធម្មតា​នៅលើ​ផែនដី ក្នុង​រយៈពេល 4 វិនាទី។

    ក្រុម​វិស្វករ​ចិន ក៏​ពុង​តែ​អភិវឌ្ឍ MEFEL ជំនាន់​ថ្មី ដែល​គ្រោង​នឹង​អាចបង្កើត​ស្ថានភាព​គ្មាន​ទំនាញ​ឱ្យបាន​ដល់ 20 វិនាទី និង​ទម្ងន់​​អតិបរមា​​សម្រាប់​ការពិសោធ នឹង​ឡើងដល់ 500 គីឡូក្រាម៕

  • ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ប្រទេស​ចិន និង​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    ក្រុមហ៊ុន China Three Gorges Corporation បាន​ត​ភ្ជាប់​ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់ (MW) ដំបូង​លើ​ពិភពលោក ទៅ​នឹង​បណ្ដាញ​អគ្គិសនី​។ ដោយមាន​អង្កត់ផ្ចិតរ​ង្វិ​ល​ជុំ​ប្រវែង 260 ម៉ែត្រ ទួ​រ​ប៊ី​ន​ខ្នាត​យក្ស​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ដល់​តម្រូវការ​រប​ស់មនុស្ស 36,000 គ្រួសារ​នៅ​ប្រទេស​ចិន។

    ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ឈ្មោះថា MySE 16-260 និង​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន MingYang Smart Energy គឺជា​ទួ​រ​ប៊ី​ន​ធំ​បំផុត​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី។ ម៉ូ​ទ័​រ​ផលិត​អគ្គិសនី​ក្នុង​ស្នូល​ដែល​ដាក់​លើ​បង្គោល​ទួ​រ​ប៊ី​ន​កម្ពស់ 152 ម៉ែត្រ មាន​ទម្ងន់ 385 តោន។ ស្លាប​កង្ហារនីមួយៗមាន​ប្រវែង 123 ម៉ែត្រ និង​ទម្ងន់ 54 តោន។

    នៅពេល​វិល​បាន​មួយ​ជុំ ស្លាប​កង្ហារ​បក់​ក្នុង​ទំហំ​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7 បូក​ចូលគ្នា និង​បញ្ចូល​អគ្គិសនី 34.2 គីឡូវ៉ាត់ម៉ោង​ទៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន។ ជា​រៀងរាល់ឆ្នាំ ទួ​រ​ប៊ី​ន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល 66 ជី​ហ្គា​វ៉ា​ត់​ម៉ោង។

    ទួ​រ​ប៊ី​ន​ខ្យល់​សម្រាប់​ដាក់​លើ​សមុទ្រ​នឹងមាន​ទំហំ​ធំ​ជាង​នេះ នាពេលខាងមុខ។ ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន ធ្លាប់​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ 18 MW កាលពី​ខែមករា ឆ្នាំ 2023 ហើយ​បន្ទាប់មកទៀត នឹង​ជា​កំណែ 20 ម៉េ​ហ្គា​វ៉ា​ត់៕

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

    ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

    ក្រុម​វិស្វករ​របស់​ប្រទេស​ស្វ៊ី​ស កំពុង​រៀប​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់​ទៅឱ្យ​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ ក្នុង​ទម្រង់​រលក​មីក្រូ​វ៉េវ។

    ក្រុម​វិស្វករ​នៅក្នុង​ក្រុមហ៊ុន​ហ៊ុន​ស្វ៊ី​ស Astrostrom បានបង្ហាញ​សេចក្ដីលំអិត​អំពី​ស្ថានីយ​អគ្គិសនី​ព្រះ​ចន្ទ – ផែនដី​ខ្នាត​ធំ (GE⊕-LPS)។ ស្ថានីយ​នេះ​រួមមាន​ផ្ទាំង​សូ​ឡា​រាង​អក្សរ V ជាច្រើន​ផ្ទាំង ត្រូវបាន​រៀប​ជា​រាងគូទខ្យង​នៅក្នុង​ផ្ទៃក្រឡា​មួយ​គីឡូ​ម៉ែត្រការ៉េ ដែល​អាច​បាញ់​បញ្ជូន​ថាមពល​ឡើងដល់ 23 ម៉េ​ហ្គា​វ៉ា​ត់ (MW) ទៅកាន់​មូលដ្ឋាន​របស់​មនុស្ស​នៅលើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ។

    យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​វិស្វករ​ខាងលើ ទាំង​ស្ថានីយ GE⊕-LPS ទាំង​ផ្ទាំង​សូ​ឡា អាច​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ។

    ស្ថានីយ​ផលិត​អគ្គិសនី​នឹងត្រូវ​បាន​បង្កើតឡើង​សម្រាប់​អ្នកស្នាក់នៅ​យូរអង្វែង ហើយ​ស្ថិតនៅក្នុង​តំបន់ Lagrange ត្រង់​ចន្លោះ​ផែនដី និង​ព្រះ​ចន្ទ ក្នុង​រយៈកម្ពស់ 61,350 គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះ​ចន្ទ។

    «នៅពេល​គម្រោង​ដូច GE⊕-LPS បានបញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរ​ការផលិត និង​ដំឡើង​ផ្កាយរណប​ថាមពលព្រះអាទិត្យ យើង​នឹង​អាច​បង្កើន​វិសាលភាព​ក្នុង​ការផលិត​ផ្កាយរណប​ថាមពលព្រះអាទិត្យ​ពី​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ផ្គត់ផ្គង់​ដល់​ភពផែនដី» Sanjay Vijendran ប្រធាន​គម្រោង​ស្រាវជ្រាវ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស SOLARIS របស់​អង្គការ ESA ឱ្យដឹង​ដូច្នេះ៕

  • ទួ​រ​ប៊ី​ន​ខ្យល់​កម្លាំង 15 MW នៅលើ​សមុទ្រ ផ្លាស់​ទី​ទៅរក​ខ្យល់​ដោយ​ស្វ័យប្រវត្ត

    ទួ​រ​ប៊ី​ន​ខ្យល់​កម្លាំង 15 MW នៅលើ​សមុទ្រ ផ្លាស់​ទី​ទៅរក​ខ្យល់​ដោយ​ស្វ័យប្រវត្ត

    ទួ​រ​ប៊ី​ន​ខ្យល់​របស់ X1 Wind មាន​ទម្រ​ដែលមាន​រូបរាង​ដូច​សជី ឬ​ពីរ៉ាមីត តូច​លើ​ធំ​ក្រោម អម​នឹង​ប្រព័ន្ធ​ពោង​អណ្ដែត​លើទឹក អនុញ្ញាតឱ្យ​វា​ផ្លាស់​ទី​ទៅកាន់​កន្លែង​មាន​ខ្យល់​បក់ ដូច្នេះ​វា​អាច​ផលិត​អគ្គិសនី​ស្ទើរតែ​មិន​ឈប់ឈរ។

    ទម្រ​ទួ​រ​ប៊ី​ន​ខ្យល់ X1 Wind បំពាក់​បច្ចេកវិទ្យា PivotBuoy ដែល​ក្នុងនោះ គ្រឹះ​របស់​វា​​ត​ភ្ជាប់​ជាមួយនឹង​ទីតាំង​មួយ​ដែល​អនុញ្ញាតឱ្យ​ទម្រ​ផ្លាស់​ទី​ទៅតាម​ទិស​របស់​ខ្យល់។ ប្រព័ន្ធ​នេះ​ដំណើរការ​បានល្អ​បំផុត​នៅពេល​វា​បែរខ្នង​ដាក់​ខ្យល់​ដែល​បក់​មកពី​ខាងក្រោយ។ ប្រភេទ​ទួ​រ​ប៊ី​ន​ខ្យល់​នេះ​ជួយ​ឱ្យ​វា​មិន​ប្រឈម​នឹង​ការប៉ះទង្គិច​រវាង​ស្លាប​កង្ហារ និង​ដងខ្លួន ព្រមទាំង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត និង​ដំឡើង ក៏ដូចជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការផលិត​អគ្គិសនី។

    កំណែ​ដំបូង​របស់ X1 Wind មាន​ឈ្មោះថា X30 ដែល​ត្រូវបាន​ដាក់ពង្រាយ និង​ធ្វើតេស្ត​នៅ​ប្រជុំ​កោះ Canary ប្រទេស​អេ​ស្ប៉ា​ញ។ គម្រោង​ខាងលើ​បានចាប់ផ្ដើម​តាំងពី​ខែមេសា​ឆ្នាំ 2019 ហើយ​ដំណើរ​ការផលិត​សម្រេចបាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2020 ខណៈដែល​​ការសាកល្បង​ប្រព័ន្ធ​អម និង​ការដំឡើង​គ្រឹះ និង​ខ្សែកាប ត្រូវបាន​ធ្វើឡើង​រួចរាល់​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2022។

    តាម​ផែនការ គម្រោង​ពាណិជ្ជកម្ម​របស់ X1 Wind នឹងត្រូវ​បានធ្វើ​ឡើង​នៅ​លើ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​បារាំង នៅ​ឆ្នាំ 2025។ នេះ​បើយោង​​តាម​ទំព័រ Design Boom។

  • Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។

    Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។

    ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។

    បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេល​បញ្ចប់​ការ​ជួញដូរ​​​កាលពី​ម្សិលមិញ៕