Tag: រថយន្ត

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    (ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។

    កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

    អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នេះ​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំនាញ​បច្ចេកទេស​របស់ Ford ដើម្បី​សាកល្បង​នូវ​មុខ​ងារ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​​ និង​បច្ចេក​វិទ្យា​ទំនើប​​ចុង​ក្រោយ​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត​នេះ​។

    ជាពិសេស​ជាង​នេះ​ទៀតគឺ​អតិថិជន​ពេញ​ចិត្ត​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​នៃ​រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ដែល​ម៉ាស៊ីន​ជំនាន់​ថ្មី​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel0 Inline4 ដែល​អាច​ផលិត​កម្លាំងសេះ​​បាន​រហូត​ដល់​ 210 PS និង​កម្លាំង​រមួល​កង់​រហូត​ដល់​ 500 Nm ដែល​ផ្ដល់​នូវ​សន្ទុះ​ដ៏​ខ្លាំង​ក្នុង​ការ​បើកបរ​។

    មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​មុខ​ងារ​ច្រើន​ទៀត​ដែល​បាន​ទាក់​ចិត្ត​អតិថិជន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​សាកល្បង​រួច​មក​ដូច​ជា​៖

    • ប្រព័ន្ធ​គ្រប់​គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​រហូត​ដល់ 7 ជម្រើស​រួម​មាន​៖ ផ្លូវ​ធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវ​ឧបសគ្គ) និង​ផ្លូវ​មាន​ថ្ម
    • បំពាក់​នូវ​បូម Fox Racing Shocks ទំហំ 2.5 អ៊ីញ ដែល​ផ្ដល់​នូវ​ផាសុកភាព​ក្នុង​ពេល​បើកបរ​ ជា​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ និង​ផ្លូវ​ Off-Road Performance
    • អ្វីដែល​អតិថិជន​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្ត​ខ្លាំង​មួយ​ទៀត​នោះ​គឺ ប្រអប់​លេខ​អេឡិច​ត្រូនិច​ជំនាន់​ថ្មី 10​ វគ្គ​អូតូ (E-Shifter) បូក​រួម​ជាមួយ​នឹង​ Paddle Shift ដែល​អាច​ថែម​ថយ​លេខ​នៅ​នឹង​ចង្កូត​ពិជា​ធ្វើ​ឱ្យ​ការ​ចុល​រលូន​ខ្លាំង​
    • បំពាក់​ជូន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ប៉ុង​អេឡិច​ត្រូនិច​ជំនាន់​ថ្មី (2H, 4H, 4L, 4A)
    • អ្វីដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ​រថយន្ត​​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​ បាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្ត​បែប​អក្សរ​ (P), (T) និង​ប្រព័ន្ធ​ជំនួយ​ចាក​ចេញ​ពិ​ចំណត​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​វា​នឹង​ដំណើរ​ការ​ហ្វ្រាំង​ ហ្គ៊ែរ ចង្កូត និង​ការ​ចូល​លេខ​ពី​ប្រអប់​លេខ​អេឡិច​ត្រូនិច​ដោយ​ខ្លួន​ឯង​ និង​អ្នក​បើក​បរ​អាច​ទស្សនា​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ 360 ដឺក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត​ នៅ​លើ​អេក្រង់​ Tochscreen 12 អ៊ីញ​បាន​យ៉ាង​ងាយ​ស្រួល​
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់​ពេល​មាន​ឧបសគ្គ​ និង​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​បញ្ចៀស​ចេញ​ពី​គ្រោះ​ថ្នាក់​
    • ប្រព័ន្ធ​ចង្កៀង​ឆ្លាត​ដែល​អាច​រេ​តាម​ចង្កូត​ដោយ​ស្វ័យ​ប្រវត្ត​ និង​អាច​បែង​ចែក​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្ត​
    • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយ​ក្រោយ​ដោយ​ស្វ័យ​ប្រវត្ត
    • ក្រៅ​ពី​នេះ​គឺ​នៅ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ និង​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​រថយន្ត​នេះ​ជម្នះ​បាន​គ្រប់​ឧបសគ្គ​នៃ​ការ​បើកបរ​ និង​ស័ក្ដិ​សម​ជាកំពូល​រថយន្ត​ភីក​អាប់​ Off-Road Performance ។

    រថយន្ត​ រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​មានវត្តមាន​នៅ​ទីផ្សារ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​នឹង​ជម្រើស​ពណ៌​យ៉ាង​ច្រើន​សម្បូរ​បែប​រហូត​ដល់ 8 ជម្រើស​ រួម​មាន​៖ ពណ៌​ក្រហម​ ទឹកក្រូច ខៀវ​​ ខ្មៅ ប្រផេះ​ស្ងួត​ ប្រផេះ​រលោង​ ទឹក​ប្រាក់ និង​ពណ៌​ស​ ជាមួយ​នឹង​តម្លៃ​ពិសេស​ត្រឹម​តែ​ $75,900 តែ​ប៉ុណ្ណោះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ និង​បើកបរ​សាកល្បង​រថយន្ត​​Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នៅ​តាម​បណ្ដា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត​ Ford និង​ទំនាក់​ទំនង​ទៅ​តាម​លេខ​ទូរស័ព្ទ​ដូច​ខាង​ក្រោម​៖

    • អគារ​តាំង​បង្ហាញ​រថយន្ត​ Ford សាខា​ ផ្លូវ​ព្រះ​មុនីវង្ស​ ដែល​ស្ថិត​នៅ​អគារ​លេខ​ 444 ផ្លូវ​ព្រះ​មុនីវង្ស​ ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​​៖ 078​ 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ទឹក​ថ្លា ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ព្រលាន​យន្ត​ហោះ​ លេខ​ទូរស័ព្ទ​៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 និង​ផ្សារ​សាំហាន់ លេខ​ទូរស័ព្ទ​៖ 078 959 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​ព្រលាន​យន្តហោះ​ លេខ​ទូរស័ព្ទ៖ 077 722 999 ឬ 011 255 229
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្ត​សៀម​រាប ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 6A លេខ​ទូរស័ព្ទ​៖ 077 666 357 ឬ 088 9 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ខេត្ត​កំពង់​ចាម​ ដែល​ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួមាស​ ក្រុង​កំពង់​ចាម​ លេខ​ទូរស័ព្ទ៖ 078 999 883 ឬ 088 3​ 999 883​ ។
  • កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    កម្មវិធីការបើកបរសាកល្បងរថយន្ត Ford ស៊េរីថ្មីឆ្នាំ 2023

    [ភ្នំពេញ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិ​ម អេ (ខេ​ម​បូ​ឌា) – RMA Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​កម្មវិធី​ការបើកបរ​សាកល្បង​ដ៏​ពិសេស​ខ្នាត​ធំ​ជាមួយ​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី22 និង​ថ្ងៃទី23 ខែ តុលា ឆ្នាំ 2022 វេលា​ម៉ោង 9:00 ព្រឹក រហូតដល់​ម៉ោង 4:00 ល្ងាច នៅ​បរិវេណ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី (ផ្លូវ​លី​យ៉ុង​ផាត់) ដោយមាន​អតិថិជន និង​ភ្ញៀវកិត្តិយស​ចូលរួម​ប្រមាណ​ជាង 500 នាក់។

    នៅក្នុង​កម្មវិធី​បើកបរ​សាកល្បង​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023គ្រប់​ម៉ូ​ដែល​ទាំងអស់​ដូចជា​រថយន្ត Ford Ranger XL, រថយន្ត​Ford Ranger XLT, រថយន្ត​Ford Ranger Wildtrak, រថយន្ត​Ford Everest, និង​រថយន្ត​Ford Ranger Raptor ដែលមាន​ការតុបតែង​លំអ និង​រៀបចំ​សកម្មភាពផ្សេងៗជាច្រើន​សម្រាប់​អតិថិជន​ធ្វើការ​កម្សាន្ត​នៅក្នុង​កម្មវិធី​នេះ។ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ការបើកបរ​សាកល្បង​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023 ទៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​ដែលមាន​ដូចជា៖ ការបើកបរ​លើផ្លូវ​ធ​ម្ម​តា(On-Road Highway) ការបើកបរ​លើ​ឧបសគ្គ​ល្បឿន​យឺត (Low-Speed Off-Road) ដែលមាន​ឧបសគ្គ​ដូចជា ផ្លូវ​រអិល ផ្លូវ​ភក់ ផ្លូវ​ថ្ម​គ្រួស ផ្លូវ​គ្រលុក​ផុង ផ្លូវ​ចុះ​ចំណោត​ខ្លាំង ផ្លូវ​ខ្សាច់ និង​ផ្លូវ​ចុះ​ទឹក​រហូតដល់​ជម្រៅ 800mm ដោយ​ធ្វើការ​បង្ហាញ និង​ពន្យល់​លម្អិត​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព និង​មុខងារ​បច្ចេកវិទ្យាទំនើបៗចុងក្រោយនីមួយៗដែល​បំពាក់​ក្នុង​រថយន្ត Next-Generation Ford ស៊េរី​ឆ្នាំ 2023នេះ ផងដែរ។

    អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ ការបើកបរ​សាកល្បង​លើផ្លូវ​ឧបសគ្គ​ល្បឿន​លឿន (High-Speed Off-Road Performance) ដោយ​ប្រើប្រាស់​មុខងារ Baja Mode របស់​រថយន្ត​Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​មិនមាន​រថយន្ត​ដទៃ​អាច​ធ្វើបាន​នោះឡើយ ដោយ​អតិថិជន​ទទួលបាន​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​ក្នុង​រថយន្ត Ford Ranger Raptor ស៊េរី​ឆ្នាំ 2023 ដែល​បើកបរ​ជាមួយ​អ្នកជំនាញ​បរទេស​សញ្ជាតិ​អូស្ត្រាលី  កាណាដា និង​ថៃ ជាដើម ដែលជា​អ្នកឯកទេស និង​មានបទពិសោធន៍​បើកបរ​យូរ​ឆ្នាំ ដើម្បីអោយ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​មួយ​ដ៏​ថ្មី​ភ្លែ​ក និង​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក។

    លើសពីនេះទៅទៀត អាហារសម្រន់ និង​ភេសជ្ជៈ​ជាច្រើន​មុខ​បានរៀបចំ​សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​នៅក្រោម​តង់​ដ៏​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ជួបជុំគ្នា ទំនាក់ទំនង​គ្នា និង​ថែមទាំង​មាន​កន្លែង​ក​ម្បា​ន្ត​របស់​កុមារតូចៗដែល​បង្កើន​នូវ​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ក្រុមគ្រួសារ​អតិថិជន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ។

    រាល់​អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford ទាំងអស់​នឹង​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី ឬ សួន​ទឹក​ហ្គា​ឌិន​ស៊ី​ធី និង​វត្ថុ​អនុស្សាវរីយផ្សេងៗជាច្រើន​ទៀត។ សម្រាប់​ការចុះឈ្មោះ​បើកបរ​សាកល្បង និង ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ពី​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ 078 333 748 និង 016 333 785

  • ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និង មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម

    ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និង មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម

    [កំពង់ចាម – ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនFord និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ៥០០ នាក់។

    អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម ត្រូវបានបំពាក់ដោយឧបករណ៌ និងគ្រឿងបរិក្ខាទំនើបៗចុងក្រោយ​ ហើយជាងជួសជុលរថយន្ត Ford ទាំងអស់ សុទ្ធសឹងតែត្រូវបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ពីសំណាក់រោងចក្រផ្ទាល់ ព្រមទាំងមានបទពិសោធន៌យូរឆ្នាំដើម្បីបំរើអតិថិជនប្រកបដោយទំនុកចិត្ត។ អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាមនេះ ក៏មានធ្វើការដាក់តាំងបង្ហាញនូវរថយន្ត Ford ស៊េរីឆ្នាំ2023គ្រប់ម៉ូដែលទាំងអស់ ដែលសុទ្ធសឹងជារថយន្តដែលទទួលបានផ្លាស់ផ្តូររូបរាងថ្មីទាំង ស្រុង ព្រមទាំងបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford មកកាន់ខេត្តកំពង់ចាមនេះ គឺដើម្បីធើ្វការបង្ខិតសេវាកម្ម និងផលិតផលអោយគៀកជាមួយនឹងអតិថិជន ជាពិសេសគឺអតិថិជនដែលនៅតាមបណ្តាខេត្តនានាជុំវិញខេត្តកំពង់ចាមនេះផ្ទាល់តែម្តង។ បើគិតមកដល់ពេលនេះ យើងបានពង្រីកសាខាចំនួន៣ខេត្តរួចមកហើយគឺ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ហើយទិសដៅបន្ទាប់សំរាប់ឆ្នាំក្រោយ យើងនឹងបន្តពង្រើកដល់បណ្តាខេត្តផ្សេងៗមួយចំនួនទៀត ដូចជាខេត្តបាត់ដំបង​ និងខេត្តព្រះសីហនុជាដើម”។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពរបស់ខេត្តដែលក្រុមហ៊ុនFord បានសម្រេចចិត្តពង្រើកសាខារបស់ខ្លួនមកដល់ទឹកដីខេត្តកំពង់ចាមយើងនេះ ហើយនេះក៏ជាការផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់អតិថិជនដែលប្រើប្រាស់រថយន្តFord ព្រោះអ្នកប្រើប្រាស់រថយន្តFord មួយចំនួនធំតែងតែមានការព្រួយបារម្មណ៍ក្នុងការរកគ្រឿងបន្លាស់ ហើយចាំបាច់ត្រូវតែធ្វើដំណើរទៅភ្នំពេញ តែឥឡូវនេះ គឺមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំពេញទៀតនោះទេ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមានធនធាន និងមានបំណងក្នុងការប្រើប្រាស់រថយន្តដែលមានគុណភាព ធន់រឹងមាំ និងប្រើប្រាស់បានយូរ សូមមកពិនិត្យមើលរថយន្តFord និងធ្វើការសម្រេចចិត្តជ្រើសរើសដោយមិនចាំបាច់មានការស្ទាក់ស្ទើរនោះទេ”។

    អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម មានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ អាគារលេខ៩៤០ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម។សម្រាប់ព័ត៌មានបន្ថែម ឬកក់សេវាកម្មជួសជុលរថយន្ត សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 078 999 883 ឬ 088 3 999 883 ។

  • រថយន្ត Ford Everest ជំនាន់​ថ្មី​បានប្រកាស​ចេញ​ជា​ផ្លូវការ

    រថយន្ត Ford Everest ជំនាន់​ថ្មី​បានប្រកាស​ចេញ​ជា​ផ្លូវការ

    កាលពី​ថ្ងៃទី01 ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាស​ចេញ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ជំនាន់​ថ្មី។ រថយន្ត​នេះ​នឹង​ក្លាយជា​រថយន្ត SUV 7 កៅអី​ដែល​ស័ក្តិសម​ឥតខ្ចោះ​គ្រប់​ដំណើរ​កំសាន្ត ជាពិសេស​នោះ​គឺ​ដំណើរ​កំសាន្ត​បែប​ផ្សងព្រេង ជាមួយនឹង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​អស្ចារ្យ​លើសគេ។

    លោក Ian Foston ជា​ប្រធាន​គ្រប់គ្រង​វិស្វករ​នៃ​រថយន្ត Ford Everest បាន​មានប្រសាសន៍ថា៖ “គោលបំណង​ដែល​ផលិត Ford Everest ជំនាន់​ថ្មី​នេះ​គឺ​សាមញ្ញ និង​មាន​ភាពច្បាស់លាស់ ពោលគឺ​រចនា​ផ្នែក​ខាងក្រៅ​ឲ្យ​ធន់​រឹងមាំ រចនា​ផ្នែក​ខាងក្នុង​ជា​ជម្រក​ដ៏​មាន​ផាសុកភាព និង​សមត្ថភាព​បើកបរ​ដ៏​អស្ចារ្យ” ។ Ford Everest ជំនាន់​ថ្មី​នេះ​នឹង​មកជា​មួយ 3 ជម្រើស​ដូចជា៖ Sport, Titanium+ និង Platinum ដោយ​ជម្រើសនីមួយៗនឹង​អាចបំពេញ​តាម​តម្រូវ​របស់​អតិថិជន។

    ជាមួយនឹង​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី​នេះ Ford មិន​ភ្លេច​ជាមួយនឹង​ការ​រចនា​ផ្អែក​តាម DNA ថ្មី​របស់ Ford នោះ​គឺ​ចង្កៀង​មុខ​ប្រភេទ C-Clamp រចនា​ចេញ​ជា​រាង​អក្សរ C និង​ប៉ា​ណា​ផ្ទាំង​ធំ​ចំ​កណ្តាល​ដ៏​រឹងមាំ រីឯ​ប្រវែង​ទទឹង និង​បណ្តោយ​ក៏ត្រូវ​បាន​បន្ថែម 50mm។

    មិន​ត្រឹមតែ​ការ​រចនា​ថ្មី​ទាំងស្រុង​នៃ​រូបរាង​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ផ្នែក​ខាងក្នុង​ក៏​រចនា​យ៉ាង​ពិសេស​ផងដែរ ហើយ​ចំណុច​ដែល​លោក​អ្នកនឹង​ចាប់អារម្មណ៍​បំផុត​នៃ​ផ្នែក​ខាង​ក្នុងនោះ​គឺ​សម្លេង​ស្ងាត់​ជាង​មុន ដោយ​អ្នក​រចនា​នៃ​ក្រុមហ៊ុន Ford បាន​ផ្ចិតផ្ចង់​រចនា​ផ្នែក​ខាងក្នុង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ពោល​ប្រៀបបាន​ដូចជា​ការរស់នៅ​ក្នុងផ្ទះ​ទាន់សម័យ​ដ៏​មាន​ផាសុកភាព ដោយ​គ្រប់​ឧបករណ៍​ដែល​បាន​បំពាក់​សុទ្ធតែជា​ប្រភេទ​ស្បែក​ប្រណិត ឧបករណ៍ទំនើបៗ បូករួម​ជាមួយនឹង​ភ្លើង​ពណ៍​លម្អ​ផ្នែក​ខាងក្នុង (Ambient Lighting) ដែល​កាន់តែ​ផ្តល់ជូន​ផាសុកភាព និង​ស្រស់ស្រាយ​ពេលធ្វើ​ដំណើរ។

    រថយន្ត Ford Everest ជំនាន់​ថ្មី​នឹង​ផ្តល់ជូន​នូវ​ជម្រើស​ម៉ាស៊ីន 4 ប្រភេទ​ដូចជា៖

    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត 0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់​អតិថិជន​ដែល​ចង់បាន​កម្លាំង​ខ្លាំង និង​ម៉ាស៊ីន​ធំ
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត Single-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​បែប​សន្សំសំចៃ​ប្រេង
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត 0L Bi-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​ដែលមាន​កម្លាំង​ខ្លាំង ទន្ទឹម​ជាមួយនឹង​ការ​សន្សំសំចៃ​ប្រេង
    • ម៉ាស៊ីន​សាំង 3L EcoBoost ជា​ជម្រើស​ថ្មី​សម្រាប់​អតិថិជន​ដែល​ស្រឡាញ់​ការប្រើប្រាស់​ប្រភេទ​ម៉ាស៊ីន​សាំង

    រថយន្ត Ford Everest ជំនាន់​ថ្មី​បំពាក់​ជូន​នូវ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច​ជំនាន់​ថ្មី 10វគ្គ​អូ​តូ (E-Shifter), ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រង​ប៉ុង​រថយន្ត​ជំនាន់​ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រង​ការបើក​គ្រប់​ស្ថានភាព​ផ្លូវ​មាន​រហូតដល់​ទៅ 6 Mode,

    កុង​ទ័​រ​ឌីជីថល​ទំហំ 8អ៊ី​ញ ឬ 12.4អ៊ី​ញ, អេក្រង់​កំសាន្ត​ធំ​បញ្ឈរ​ចំ​កណ្តាល​ទំហំ 10.1អ៊ី​ញ ឬ 12អ៊ី​ញ, ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់, ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ SYNC 4A អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay និង Android Auto ដោយ​ពុំ​ចាំបាច់​ប្រើ​ខ្សែ ថែមទាំង​អាច​ភ្ជាប់​ជាមួយនឹង FordPassTM App សម្រាប់​បញ្ជា​តាម​ទូរស័ព្ទដៃ​ផងដែរ ។

    រថយន្ត Ford Everest មាន​សមត្ថភាព​អាច​ចុះ​ជម្រៅ​ទឹកបាន 800mm ការ​អូស​សណ្តោង​បាន​រហូតដល់​ទៅ 3,500Kg ដំបូល​ផ្នែក​ខាងលើ​អាច​ផ្ទុក​អីវ៉ាន់​បាន​ចន្លោះ​ពី 100kg ទៅ 350kg។ ក្រៅពីនេះ Ford Everest ជំនាន់​ថ្មី​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ដូចជា៖

    • ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ជំនាន់​ថ្មី 0 (Active Park Assist 2.0) ដែល​ចូល​ចត​ស្វ័យប្រវត្ត​ទាំង​បែប​អក្សរ (P) និង​បែប​អក្សរ (T)
    • ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង​ទៅមុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាងមុខ និង​តម្រង់​គន្លង​ផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)
    • ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ឆ្លាត​វៃ (Intelligent Adaptive Cruise Control) ដែល​អាច​ចាប់បាន​ពី​ស្លាក​សញ្ញា​កំណត់​ល្បឿន និង​រក្សា​ល្បឿន​រថយន្ត​មិន​ឲ្យ​លើសពី​ស្លាក​សញ្ញា​កំណត់
    • ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane-Keeping System with Road-Edge Detection)
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ និង​ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះថ្នាក់ (Evasive Steer Assist)
    • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយក្រោយ​ដោយ​ស្វ័យប្រវត្ត (Reverse Brake Assist)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ពេល​អូស​សណ្តោង (Blind Spot Information System with Trailer Coverage)
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)
    • បំពាក់​នូវ​ពោង​សុវត្ថិភាព​គ្រប់​ជួរ​សរុប 9
    • ក្រៅពីនេះ​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បង្ហាញ​ពេល​ប្រកាស​សម្ពោធ​ជា​ផ្លូវការ

    លោក Dianne Craig ប្រធាន​គ្រប់គ្រង​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា៖ “មតិយោបល់​ពេញចិត្ត​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ Ford Everest និង​ចំណុច​បន្ថែម​ដែល​ពួកគេ​ត្រូវការ​បាន​ជួយ​ឲ្យ​ពួកយើង​បង្កើត​ចេញ​ជា​រថយន្ត​មួយ​ដ៏​លេចធ្លោ​ដែលមាន​ទាំង​សមត្ថភាព សុវត្ថិភាព ឆ្លាត​វៃ និង​កម្លាំង​ខ្លាំង” ។

     

  • រថយន្ត Ford Ranger Raptor ​ជំនាន់​​ថ្មី​​ បាន​ប្រកាស​​ចេញ​​ជា​​ផ្លូវ​ការ

    រថយន្ត Ford Ranger Raptor ​ជំនាន់​​ថ្មី​​ បាន​ប្រកាស​​ចេញ​​ជា​​ផ្លូវ​ការ

    កាលពី​ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាស​ចេញ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger Raptor ជំនា​ន់ទី 2 របស់ខ្លួន​ដែល​រថយន្ត​នេះ​នឹង​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​បើកបរ​ផ្លូវ​ដែលមាន​ឧបសគ្គ (Off-Road Performance) ។ Ford Ranger Raptor មួយ​នេះ​គឺជា​ត្រកូល​ចុងក្រោយ​នៃ Ford Ranger ជំនាន់​ថ្មី (Next-Gen Ranger) ដែលមាន​ភាព​ឆ្លាត​វៃ និង​ធន់​រឹងមាំ​ជាង​ដែល​នឹង​ក្លាយជា​កំពូល​រថយន្ត Pickup ក្នុង​ត្រកូល Ranger។

    រូបរាង​ផ្នែក​ខាងក្រៅ​ដ៏​ទាក់ទាញ ជាមួយនឹង​ប៉ា​ណា​អក្សរ FORD ធំ​ចំ​កណ្តាល​បង្ហាញ​ពី​អំណាច និង​អនុភាព ចង្កៀង​ប្រភេទ Matrix LED យ៉ាន់​កង់​អាលុយមីញ៉ូម​បែប​ស្ព័​រ​ទំហំ 17 អ៊ី​ញ និង​សំបក​កង់ Off-Road ម៉ាក BFGoodrich។

    ផ្នែក​ខាងក្នុង​ត្រូវបាន​យក​ពណ៍​ក្រហម​មក​រំលេច​ជា​ថ្នេរ​ដេរ កៅអី​បែប​ស្ព័​រ​ស្រដៀង​ទៅនឹង​រថយន្ត​ស្ព័​រ កុង​ទ័​រ​ឌីជីថល​ថ្មីស្រឡាង​ទំហំ 12.4 អ៊ី​ញ អេក្រង់ Touchscreen ទំហំ 12 អ៊ី​ញ ប្រើប្រាស់​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ SYNC 4A ជំនាន់​ថ្មី និង​ឧបករណ៍​បំពង​សម្លេង​ម៉ាក B&O ដែល​កាលពីមុន​មាន​បំពាក់​តែ​នៅលើ Ford F-150 Raptor តែប៉ុណ្ណោះ។

    ចំណុច​ដែល​ផ្លាស់ប្តូរ​ធំ​បំផុត​នោះ​គឺ​ជម្រើស​ម៉ាស៊ីន​នៃ​រថយន្ត ជា​លើកដំបូង​ដែល​ក្រុមហ៊ុន Ford បាន​បំពាក់​ម៉ាស៊ីន Twin-Turbo 3.0L EcoBoost V6 ដែលជា​ប្រភេទ​ម៉ាស៊ីន​សាំង​ជំនាន់​ថ្មី ដែល​អាច​ផលិត​កម្លាំង​សេះ​រហូតដល់​ទៅ 392HP និង​កម្លាំង​រមួល​ដល់​ទៅ 583Nm និង​ជម្រើស​មួយទៀត​នោះ​គឺ ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo ជំនាន់​ថ្មី។

    ជាមួយនឹង​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច 10 វគ្គ​អូ​តូ​ជំនាន់​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ​ដែល​បង្កើតឡើង​យ៉ាង​ពិសេស​សម្រាប់ Ranger ជំនាន់​ថ្មី (Next-Gen Ranger) ដំណើរការ​រួមគ្នា​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី​ធ្វើ​ឲ្យ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ​អាច​ជំនះបាន​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា៖ ផ្លូវ​គ្រួស ភក់ ផុ​ក និង​ផ្លូវ​ខ្សាច់។ល។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ អាច​ជ្រើសរើស Mode នៃ​ការ​ដំណើរការ​ម៉ាស៊ីន​បាន​ផងដែរ នេះ​ប្រៀបបាន​ទៅនឹង​រថយន្ត​ស្ព័​រ​យ៉ាង​អញ្ចឹង។ អ្នកបើកបរ​អាច​ជ្រើសរើស Mode ឬ​ជម្រើស​នៃ​សម្លេង​ម៉ាស៊ីន​នៅលើ​ចង្កូត​ផ្ទាល់​តែម្តង​រួមមាន៖

    • សម្លេង​ស្ងាត់ (Quiet): កាត់បន្ថយ​សម្លេង​រំខាន​ពី​ម៉ាស៊ីន ល្អ​សម្រាប់​ពេល​បើកបរ​រថយន្ត​នៅ​កន្លែង​ស្ងប់ស្ងាត់​ការពារ​សម្លេង​រំខាន​ដល់​អ្នកដទៃ
    • សម្លេង​ធម្មតា (Normal): បញ្ចេញ​សម្លេង​ធម្មតា​ពី​ម៉ាស៊ីន ដែល​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ
    • សម្លេង​បែប​ស្ព័​រ (Sport): បញ្ចេញ​សម្លេង​លឺ​ខ្លាំង​ពី​ម៉ាស៊ីន ដែល​អាច​ប្រើប្រាស់​ពេល​បើកបរ​ល្បឿន​លឿន ឬ​បើកបរ​បែប​ស្ព័​រ
    • សម្លេង​បែប​ស្ព័​រ​ខ្លាំង (Baja): សម្រាប់ Mode មួយ​នេះ​វិញ​វា​នឹង​បញ្ចេញ​សម្លេង​ខ្លាំង​ពី​ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​មាន​អំណាច និង​ថាមពល ដែល​សម្រាប់ Mode មួយ​នេះ​គឺអាច​ប្រើប្រាស់​បានតែ​ជាមួយនឹង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ​តែប៉ុណ្ណោះ។

    រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ​ក៏​ត្រូវបាន​កែប្រែ​ប្រព័ន្ធ​ជើង​ក្រោម​ថ្មី​ទាំងស្រុង​ដែរ ជាក់ស្តែង​សាក់​ស៊ី​ទាំងមូល​ត្រូវបាន​ផ្លាស់ប្តូរ​ថ្មី​ទាំងស្រុង មិន​ត្រឹមតែ​ខុសពី​ស៊េរីឆ្នាំមុនៗនោះទេ តែ​ថែមទាំង​ខុសប្លែក​ពី​រថយន្ត Ford Ranger ជំនាន់​ថ្មី​ទៅទៀត។ ជាមួយនឹង​គ្រោង​រថយន្ត​ថ្មី ឃ្លុប​ក្រោយ​ថ្មី និង​ស៊ុម​រថយន្ត​ថ្មី និង​ប្រព័ន្ធ​ជើង​ក្រោម​ធន់​រឹងមាំ​ជាង​មុន ដើម្បី​ប្រាកដថា​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​ពិតជា​អាច​ជំនះបាន​គ្រប់​ឧបសគ្គ​នៃ​ការបើកបរ។

    ចំណុច​មួយ​ដែល Ford មិនអាច​ភ្លេច​បាន​នោះ​គឺ​ការបំពាក់​បូម Fox នៅលើ​ប្រភេទ​រថយន្ត Raptor សម្រាប់​លើក​នេះ Ford Ranger Raptor ជំនាន់​ថ្មី​ត្រូវបាន​បំពាក់​ដោយ​បូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់​ថ្មី ដែលមាន​សមត្ថភាព​ខ្ពស់ជាង​មុន​ទាំង​ការបើកបរ​លើផ្លូវ​ធម្ម​តា​ដែល​វា​ជួយ​សម្រួល​ឲ្យ​មាន​ភាព​ផាសុកភាព​ជាង​មុន និង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ​ដែល​អាច​បើកបរ​ទាំង​ល្បឿន​លឿន ឬ​យឺត​ដោយ​គ្មាន​បញ្ហា។ មិនតែប៉ុណ្ណោះ​ខែល​ដែកថែប​ការពារ​ផ្ទៃ​ផ្នែក​ខាងក្រោម​ត្រូវបាន​បង្កើន​ទំហំ​ធំ​ជាង​មុន​ស្ទើរ​ទ្វេដង​លើស​រថយន្ត Ford Ranger ជំនាន់​ថ្មី និង​ត្រូវបាន​ប្រើប្រាស់​ដែកថែប​ពិសេស​កម្រាស់ 2.3 មី​លី​ម៉ែត្រ​មក​ធ្វើ។ ជា​លើកដំបូង​ដែល​រថយន្ត Ford Ranger Raptor ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ប៉ុង​ថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹង​ប្រព័ន្ធ​ចាប់​ប៉ុង​រថយន្ត​ទាំង​កង់​មុខ និង​កង់​ក្រោយ​ដែល​សម្រួល​ពេល​ជាប់ផុង (Front and Rear Locking Differentials)

    លោក Dave Burn ជា​ប្រធាន​គ្រប់គ្រង​វិស្វករ​នៃ​រថយន្ត Ford Ranger Raptor បាន​មានប្រសាសន៍ថា៖ “Ranger Raptor បាន​បំផុសគំនិត​ចេញពី​អ្នក​ប្រណាំង​ឡាន​លើ​វាល​ខ្សាច់ ដូច្នេះហើយ​ទើប​យើង​បាន​រចនា​រថយន្ត Off-Road Pickup ជំនាន់​ថ្មី​មួយ​ដែល​លោកអ្នក​ពុំ​ចាំបាច់​យក​វា​ទៅ​កែច្នៃ (Modify) បន្ថែម​នោះទេ”។

    សម្រាប់ Mode នៃ​ការបើកបរ​មាន​រហូត​ទៅដល់ 7 ហើយ​ពណ៍​នៅលើ​កុង​ទ័​រ និង​ប្តូរ​ពណ៍​ទៅតាម Mode នៃ​ការបើកបរ​ដែល​លោកអ្នក​ជ្រើសរើស​ដូចជា៖

    • ផ្លូវ​ធម្មតា (Normal) សម្រាប់​បើកបរ​ផ្លូវ​ធម្មតា និង​ការប្រើប្រាស់​សន្សំសំចៃ​ប្រេង
    • ការបើកបរ​បែប​ស្ព័​រ (Sport) សម្រាប់​ការបើកបរ​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវការ​កម្លាំង​ខ្លាំង
    • ផ្លូវ​រអិល (Slippery) សម្រាប់​ការបើកបរ​លើផ្លូវ​រអិល ដែល​វា​ជួយ​ទប់​លំនឹង​រថយន្ត​បន្ថែម
    • ផ្លូវ​ថ្ម គ្រួស (Rock Crawl) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ថ្ម មាន​គ្រួស
    • ផ្លូវ​ខ្សាច់ (Sand) សម្រាប់​ការបើកបរ​លើផ្លូវ​ខ្សាច់ និង​ផ្លូវ​ដែលមាន​ព្រិល​ក្រាស់
    • ផ្លូវ​ភក់ (Mud/Ruts) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ភក់ ផុ​ក​ដែល​វា​ជួយ​ទប់​លំនឹង​រថយន្ត​បានល្អ
    • ផ្លូវ​ឧបសគ្គ (Baja) សម្រាប់​ការបើកបរ​លើផ្លូវ​ដែលមាន​ឧបសគ្គ​ច្រើន និង​អាច​បើកបរ​ក្នុង​ល្បឿន​លឿន

    មុខងារ​ថ្មី​មួយ​ដែល​ទើបតែ​មាន​បំពាក់​នៅលើ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នោះ​គឺ Trail Control ដែល​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​កំណត់​ល្បឿន​ថេរ​មិន​លើសពី 32Km/h ក្នុងស្ថានភាព​ផ្លូវ​លំបាក និង​មាន​ឧបសគ្គ​ដែល​វា​ស្រដៀង​ទៅនឹង​ប្រព័ន្ធ Cruise Control ដែរ។ ប្រិយមិត្ត​យល់​យ៉ាងណាដែរ​ចំពោះ​ការប្រកាស​ចេញ​នៃ​រថយន្ត Ford Ranger Raptor ជំនាន់​ថ្មី​នេះ?

  • ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

    អំឡុងអាយុ 1ដល់ 2ខែ

    ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

    អំឡុងអាយុ 4-5ខែ

    ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

    អំឡុងអាយុ 6ខែ

    ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

    អំឡុងអាយុ 9ខែ

    ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

    អំឡុងអាយុ 12ខែ

    ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

    ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

  • ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

    ស្រ្តីមានគភ៌ គួរត្រៀមខ្លួនឱ្យបានស្រេច 1ខែមុនដល់ពេលប្រសូត…

    នៅសល់ 1ខែទៀតមុនដល់ពេលឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្ត្រីមានគភ៌គ្រប់ៗរូប ព្រោះទាំងរំភើ​បចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នា ក៏មានអារម្មណ៍នឹកខ្លាចចំពោះ​ក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀតដែរ។ ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន មានដំបូន្មានល្អៗ ​ពីគ្រូពេទ្យជំនាញមកជម្រាបអ្នកមានគភ៌លើកដំបូង ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាង​ណាខ្លះមុនដល់ពេលប្រសូត ដូចតទៅ៖

    ឈានចូលដល់ខែទី 9

    ក្នុងរយ:ពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បី​​​​ពិនិត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្ត្រីមានគភ៌ជិតគ្រប់ខែ​នឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើម ដោយ​សារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អា​ហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោក​ប្តីឱ្យជួយរឺតជើងឱ្យទៀតផង។

    ត្រៀមខ្លួនជាស្រេច…មុនពេលឆ្លងទន្លេ

    ការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្ត្រីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ…តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត។

    1.មន្ទីពេទ្យ

    • ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌។
    • អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច។

    2.ត្រៀមរាងកាយ

    • ត្រៀមរឿងអាហារការហូបចុក ៈ គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន ​តែបន្ថយអាហារដែលមាន​រស​​ជាតិខ្លាំងៗ ដូចជាប្រៃខ្លាំង ជូរខ្លាំង ជាពិសេសរសជាតិហឹរ ព្រោះវានឹងធ្វើឱ្យអ្នកមានគភ៌ហើមខ្លួន។ គួរទទួលបន្លែផ្លែឈើរួមជាមួយ​ផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
    • គួរញ៉ាំថ្នាំបំប៉នតាមដែលលោកគ្រូពេទ្យឱ្យមកឱ្យបានគ្រប់ ដូចជាថ្នាំបំប៉នលោហិត វិតាមីនរួម និងកាល់​ស្យូម ព្រោះក្នុងអំឡុងពេលប្រសូត ស្ត្រីមានគភ៌អាចនឹងត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយថ្មោងថ្មី ឆាប់​ស្រួលខ្លួនឡើងវិញផង។
    • រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់អ្នកម្តាយ និងរបស់កូនតូច ទុកជាស្រេ​ច ព្រោះក្រោយពេលប្រសូតរួច អ្នកម្តាយថ្មោងថ្មីមិនអាចមានពេលទៅដើររកទិញបានទេ។

    3.ត្រៀមប្រសូត

    • ក្នុងករណីដែលស្ត្រីមានគភ៌ មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ អ្នកគួរតែប្រសូតតាមវិធីធម្មជាតិ។
    • កំណត់ផែនការក្រោយពេលប្រសូតរួចជាស្រេចថា តើត្រូវពន្យារកំណើត(គ្រាវ)ឬយ៉ាងណា? បើត្រូវពន្យារកំណើត(គ្រាវ) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ។

    4.ត្រៀមចិត្ត ត្រៀមថ្លើម

    • អ្នកមានគភ៌គ្រប់ខែ ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្ត ដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា យំខ្សឹកខ្សួលពេញ 1ថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូច​កាលពីពេលមុន ជាដើម និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រត្តិបត្តិតាមផង។

    អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូត

    1. ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទី និងឈឺម្តងៗប្រហែលជា 40វិនាទី។
    2. មានឈាមចេញមកតាមរន្ធស្បូន (បញ្ជាក់ ៈ អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
    3. មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរ​ពេទ្យដែរ ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគបាន។

    សភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើង

    1. មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកិលមកតោងនៅម្តុំមាត់​ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
    2. សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យស្ត្រីមានគភ៌ហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចធ្វើឱ្យស្ត្រីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាលបាន។
    3. ទារកលែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុកទៅរុំ-កទារក ដែលករណីនេះ ជាគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់។ ពេលស្ត្រីមានគភ៌ជួបអាការដូចដែលបានរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួប​គ្រូ​​ពេទ្យ​​ភ្លាមជាបន្ទាន់។

    នៅពេលរាងកាយត្រៀមរួចរាល់ ចិត្តត្រៀមរួចរាល់…ពេលនេះស្ត្រីមានគភ៌គ្រប់ខែ អាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូន​សម្លាញ់ និងក្លាយទៅជាក្តីរំភើបសោមនស្សរីករាយពេញក្នុងចិត្តវិញមិនខាន។

    ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព

    .សម្រាប់អ្នកម្តាយ

    1. ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
    2. សំឡីអនាម័យ និងអាវក្នុងសម្រាប់ពាក់បំបៅដោះកូន
    3. សម្លៀកបំពាក់អ្នកម្តាយ សម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
    4. អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
    5. កូនកាបូបតូចមួយ សម្រាប់ដាក់គ្រឿងសម្អាង
    6. កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
    7. កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអាចអនុញ្ញាតឱ្យថតរូបបាន

    .សម្រាប់ទារក

    1. ក្រណាត់កន្ទប សម្រាប់រុំខ្លួនទារក
    2. ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
    3. ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
    4. កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
    5. ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនពេលត្រឡប់ទៅផ្ទះវិញ៕
  • បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

    សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖

    1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន

    តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យ​សរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។

    2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន

    ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ​​ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន​ ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។

    3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា

    វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់​នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹង​យក​តម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹង​ពេលដែលកូន​ទៅសាលាមត្តេយ្យ​ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិត​ពួក​ម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។

    4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ

    មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។

    5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ

    ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។

    6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន

    គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។

    7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា

    អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក​ “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្ស​ប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្ត​ល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។

    ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹង​មានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕

  • អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

    វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។

    វីតាមីន A

    ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។

    តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។

    ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។

    អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក ដំឡូងជ្វា ថ្លើម ស៊ុត ទឹកដោះ បន្លែផ្លែឈើដែលមានពណ៌​បៃតង​ចាស់ ពណ៌ក្រហម លឿងទុំ និងលឿង ដូចជា ផ្លែក្រូច ផ្លែខេនតាលូប(ត្រសក់ស្រូវបារាំង) ផ្លែទន្លាប់ ម៉ាក់ប្រាង។ល។ វីតាមីន A នៅក្នុងអាហារ និងបន្លែផ្លែឈើនឹងមិនធ្វើឱ្យរាងកាយបានទទួលវីតាមីនលើសពីតម្រូវការដូចវីតាមីនកែច្នៃនោះទេ។ វីតាមីន A ភាគច្រើនមានច្រើននៅក្នុងបន្លែ​ផ្លែ​ឈើដែលនឹងស្ថិតក្នុងរូបភាពជា បេតាឃែរ៉ូធីន ដែលត្រូវបានប្តូរទៅជាវីតាមីន A នៅក្នុងរាងកាយមួយសាទៀត។

    វីតាមីន D

    ជួយក្នុងការបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយ ជួយដល់ការធ្វើការងាររបស់បេះដូង និងប្រព័ន្ធការពាររោគ និងរក្សាកម្រិត​សម្ពាធឈាម។

    តែបើទទួលបានវីតាមីន D ច្រើនជ្រុលពេក នឹងធ្វើឱ្យកើតសភាវជាតិពុល ដូចជា ធុញទ្រាន់ ឬមិននឹកចង់ញ៉ាំអាហារ ប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ មិនស្រួលក្នុងពោះ ឈឺក្បាល ឈឺសន្លាក់ឆ្អឹង កាល់ស្យូមនៅក្នុងឈាមខ្ពស់ កាល់ស្យូមតោងនៅក្នុងបេះដូង ក្រលៀន សរសៃឈាម និងប្រព័ន្ធដកដង្ហើម ធ្វើឱ្យអវយវៈទាំងនោះធ្វើការងារខុសប្រក្រតីដោយសារតែរាងកាយបឺតជ្រាបកាល់ស្យូមច្រើនជាងប្រក្រតី និងបង្ខំការរំលាយកាលស្យូមចេញពីឆ្អឹង ធ្វើឱ្យមានកាល់ស្យូមក្នុងឈាមខ្ពស់ និងបាត់បង់តុល្យភាព។

    គួរបានទទួលវីតាមីន D ក្នុងបរិមាណ 600 IU ក្នុង 1ថ្ងៃ ឬឱ្យស្បែកដែលគ្មានឡេការពារពន្លឺថ្ងៃ បានប៉ះពន្លឺថ្ងៃក្នុងអំឡុងពេលមុនម៉ោង 10ព្រឹក ឬក្រោយម៉ោង 3រសៀល ប្រមាណជា 10 – 15នាទី ក្នុង 1អាទិត្យ 2ដង ដោយសារតែវីតាមីន D មាននៅក្នុងពន្លឺថ្ងៃ តែបច្ច័យដែលរារាំងការសាងវីតាមីន D នៅក្នុងស្រទាប់ស្បែកនោះគឺ សម្លៀកបំពាក់ ឡេការពារពន្លឺថ្ងៃ កញ្ចក់រថយន្ត ការធ្វើការនៅក្នុងបន្ទប់ ជាដើម។

    អាហារដែលមានវីតាមីន D មានដូចជា សាច់ត្រីដែលមានអូមេហ្កា3 ដូចជាត្រីសាឌីន សាល់ម៉ុន មែកឃើរេល(សាបាក់) ធូណា ទឹកដោះ ខ្លាញ់ថ្លើមត្រី និងការប៉ះពន្លឺថ្ងៃខ្លះៗ នឹងទទួលបានវីតាមីន D គ្រប់គ្រាន់ល្មមជាមិនខាន។

    Menu for mom

    • ពេលព្រឹក ៈ ស៊ែនវិចឆ៍សាច់ត្រីធូណា-យ៉ាអួ ប្រើយ៉ាអួរសជាតិធម្មជាតិជំនួស ម៉ាយ៉ង់នេស ស្ករបន្តិច និងជួយរឿងប្រព័ន្ធ​បន្ទោ​បង់។ សារធាតុអាហារចម្បងដែលស្ត្រីមានគភ៌នឹងបានទទួលក្នុងពេលអាហារព្រឹកនេះគឺ ប្រូតេអុីន កាលស្យូម ខ្លាញ់ត្រី វីតាមីន A – B និងD។
    • ពេលថ្ងៃត្រង់ ៈ ត្រីផ្លាធូចៀន បែបមិនឱ្យស្រួយពេក ព្រោះបើប្រើពេលចៀនយូរពេក ជាតិខ្លាញ់នៅក្នុងសាច់ត្រីនឹងរលាយ​ចេញមកអស់ ធ្វើឱ្យមិនបានទទួលសារធាតុអាហារល្អៗ។
    • ពេលល្ងាច ៈ ស្ងោជ្រក់ផ្សិត ផ្សិតដែលដុះឡើងតាមធម្មជាតិនឹងសម្បូរទៅដោយវីតាមីន D គ្រឿងស្ងោរជ្រក់រសជាតិស្រទន់​បន្តិចនឹងជួយបំបាត់អាការក្អួតចង្អោ និងជួយឱ្យទទួលទានអាហារបានច្រើនឡើងទៀតផង។

    យើងឃើញហើយថា សារធាតុរ៉ែ និងសារធាតុអាហារដែលល្អ ច្រើនតែចេញមកពីប្រភពអាហារតាមធម្មជាតិ ដូចជាបន្លែផ្លែឈើ សាច់សត្វ និងគ្រាប់ធញ្ញជាតិផ្សេងៗ ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់ខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ស្ត្រីមានគភ៌ត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ និងសមរម្យ៕