Tag: ឧបករណ៍

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕

  • បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។

    ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។

    «ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។

    បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។

    Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។

    នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី 18 មិថុនា 2023 ប្រហែល​ជិត​ពីរ​ម៉ោង​បន្ទាប់ពី​បាន​ចាក​ចេញពី​កប៉ាល់​មេ Polar Prince ដើម្បី​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic។ កាលពី​ថ្ងៃទី 22 មិថុនា ក្រុម​ល្បាត​សមុទ្រ​អាម៉េរិក​អះអាងថា នាវា Titan បាន​បែកបាក់​ខ្ទេច​​ខ្ទី​នៅ​បាតសមុទ្រ បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ បំណែក​របស់ Titan ត្រូវបាន​រកឃើញ​នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ក្បាល​សាកសព​កប៉ាល់ Titanic ប្រហែល 488 ម៉ែត្រ។

    មន្ត្រី​អាម៉េរិក​យល់ថា Titan ត្រូវបាន​កម្ទេច​​ដោយ​សម្ពាធ​ទឹក​ក្នុង​ជម្រៅ​ជិត 4,000 ម៉ែត្រ ធ្វើឱ្យ​ជនរងគ្រោះ​ហាក់​​ត្រូវស្លាប់ភ្លាមៗ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​ក្នុង​នាវា ឬ​ដោយសារ​មនុស្ស​ធ្វើឱ្យមាន​កំហុស៕

  • យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។

    បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។

    ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ដែល​ត្រូវបាន​កំណត់ថា អាច​កកើត​ឡើងវិញ​បាន។

    តាម​គម្រោង Overture នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ចាប់ពី 65 ដល់ 80 នាក់ និង​អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach 1.7 (លឿន​ជាង​សំឡេង 1.7 ដង) ឬ​ប្រហែល​នឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេល​ហោះ​លើ​សមុទ្រ។ Overture អាច​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2029៕

  • ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    កងកម្លាំង​ល្បាត​សមុទ្រ​អាម៉េរិក បានឱ្យដឹងថា បណ្ដា​បំណែក​ដែល​ពួកគេ​ប្រមូលបាន​បង្ហាញថា នាវាមុជទឹក Titan ត្រូវ​រង​សម្ពាធ​ខ្លាំង​រហូតដល់​បែក​ខ្ទេច ធ្វើឱ្យ​មនុស្ស​ប្រាំ​នាក់​ក្នុង​នាវា​នេះ​បាត់​បង់ជីវិត។

    ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Boston រដ្ឋ Massachusetts កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឧត្ដមនាវី John Mauger របស់​កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក និយាយថា ឧបករណ៍​ផ្លាស់​ទី​ស្វ័យប្រវត្ត​ក្រោម​សមុទ្រ​របស់​កាណាដា បាន​រកឃើញ​បំណែក​ពី​នាវាមុជទឹក Titan ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល 488 ម៉ែត្រ ពី​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ 4,000 ម៉ែត្រ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។

    យោងតាម​ក្រុម​ជំនាញ បំណែក​សំខាន់​ចំនួន​ប្រាំ​របស់​នាវាមុជទឹក​ប្រវែង 6.7 ម៉ែត្រ ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​បំណែក​មួយក្រុម​ដែល​នៅសល់​បន្ទាប់ពី​នាវា​បាន​​បែក​បាក់។ «បំណែក​ទាំងនេះ​បង្ហាញថា មាន​ហេតុ​ការណ៍​រង​សម្ពាធ​ដ៏​ខ្លាំងក្លា​កើតឡើង​នៅក្នុង​កាប៊ីន​​ប្រឆាំង​សម្ពាធ» លោក Mauger ឱ្យដឹង​ដូច្នេះ។

    ចំណែក OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ក៏​ប្រកាសថា ពុំមាន​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ ក្នុងនោះ​ក៏មាន​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OeanGate លោក Stockton Rush ផងដែរ។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

  • រកឃើញ​បំណែក​ដែក​នៅ​តំបន់​ស្វែងរក​នាវាមុជទឹក Titan

    រកឃើញ​បំណែក​ដែក​នៅ​តំបន់​ស្វែងរក​នាវាមុជទឹក Titan

    កងកម្លាំង​ល្បាត​ឆ្នេរ​អេ​ម៉េ​រិ​ក បាន​រកឃើញ​បំណែក​ជាច្រើន​នៅក្នុង​តំបន់​ស្វែងរក​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ខណៈ​ខ្យល់​អុកស៊ីសែន​ក្នុង​នាវា​នេះ​ទំនងជា​អស់រលីង​ទៅហើយ។

    «ឧបករណ៍​ផ្លាស់​ទី​ក្រោម​ទឹក​ស្វ័យប្រវត្ត (ROV) បាន​រកឃើញ​បំណែក​ជាច្រើន​នៅ​បាតសមុទ្រ​ក្នុង​តំបន់​ស្វែងរក​ក្បែរ​កប៉ាល់ Titanic។ ក្រុម​ជំនាញ​កំពុង​វាយតម្លៃ​លើ​ព័​ត៌​ពី​បំណែក​ទាំងនេះ» កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក កាលពី​ព្រលប់​ថ្ងៃទី 22 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឱ្យដឹង​ដូច្នេះ។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

    អ្នកជំនាញ​អាម៉េរិក​សន្និដ្ឋានថា ខ្យល់​អុកស៊ីសែន​ក្នុង​នាវា Titan អាចឱ្យ​មនុស្ស 5 នាក់​ដកដង្ហើម​បាន 96 ម៉ោង រាប់​ចាប់ពី​ពេល​បាត់​ខ្លួន។ ការសន្និដ្ឋាន​នេះ​ធ្វើ​ឱ្យគេ​គណនា​ឃើញថា អុកស៊ីសែន​ក្នុង Titan ទំនងជា​អស់​នៅវេលា​ម៉ោង​ប្រហែល 07 និង 10 នាទី ថ្ងៃទី 22 មិថុនា (ប្រហែល​ម៉ោង 16 និង 10 នាទី​នៅ​កម្ពុជា)។

  • សំឡេង​ពីក្រោម​សមុទ្រ​អាចជា​សំឡេង​មនុស្ស​ក្នុង​នាវា Titan បង្កើតឡើង​ដើម្បី​ជា​សញ្ញា​

    សំឡេង​ពីក្រោម​សមុទ្រ​អាចជា​សំឡេង​មនុស្ស​ក្នុង​នាវា Titan បង្កើតឡើង​ដើម្បី​ជា​សញ្ញា​

    ពោង​ស្រូប​សំឡេង​ក្រោម​ទឹកបាន​ជួយ​ឱ្យ​កងកម្លាំង​សង្គ្រោះ​ស្ដាប់ឮ​សំឡេង​លាន់ខ្លាំងៗដែល​បញ្ចេញ​រៀងរាល់ 30 នាទី​ម្ដង ដែល​នេះ​អាចជា​សំឡេង​ដែល​បង្កើតឡើង​ដោយ​មនុស្ស​នៅក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន​នៅ​តំបន់​សាកសព​កប៉ាល់ Titanic។

    ក្រុមមន្ត្រី​អាម៉េរិក និង​កាណាដា​កំពុង​ប្រឹងប្រែង​ស្វែងរក​នាវាមុជទឹក Titan របស់​ក្រុមហ៊ុន OceanGate ដែល​នាំ​មនុស្ស 5 នាក់​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ កាលពី​ថ្ងៃទី 21 មិថុនា ពួកគេ​បាន​រកឃើញ​សំឡេង​លាន់ឮខ្លាំងៗដែលមាន​គ​ម្លា​ត់​ពីគ្នា​រៀងរាល់ 30 នាទី​ម្ដង នៅពេល​ប្រើប្រាស់​ឧបករណ៍​ស្រូប​សំឡេង​ក្រោម​សមុទ្រ។ ប្រការនេះ​នាំឱ្យមាន​ក្ដីសង្ឃឹម​ដែលថា មនុស្ស​នៅក្នុង​នាវា​នេះ​អាច​នៅមាន​ជីវិត។

    «ការដែល​សំឡេង​ត្រូវបាន​បញ្ចេញ​រៀងរាល់ 30 នាទី​ម្ដង​គឺជា​សញ្ញា​ដ៏​ធំ​មួយ។ កម្រ​នឹង​អាចមាន​សំឡេង​ពី​នាវាមុជទឹក​ដទៃ​ដែល​តែង​មុជ​ត្រឹម​ជម្រៅ 900 ម៉ែត្រ» Jamie Pringle និស្សិត​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Keele យល់​ដូច្នេះ និង​បន្តថា កប៉ាល់​នៅលើ​ផ្ទៃសមុទ្រ​នឹង​បង្កើត​សំឡេង​បន្តបន្ទាប់​មិន​ដាច់ ដូច្នេះ សំឡេង​រៀងរាល់ 30 នាទី​ម្ដង អាចជា​សំឡេង​ដែល​បង្កើតឡើង​ដោយ​មនុស្ស​នៅក្នុង​នាវា Titan។

  • ក្រុមសង្គ្រោះ​ក្នុង​ករណី​​​នាវាមុជទឹក​ Titan បាត់​ខ្លួន «ឮ​សំឡេង​លាន់​ខ្លាំងៗ​ចេញ​ពី​ក្រោម​សមុទ្រ»

    ក្រុមសង្គ្រោះ​ក្នុង​ករណី​​​នាវាមុជទឹក​ Titan បាត់​ខ្លួន «ឮ​សំឡេង​លាន់​ខ្លាំងៗ​ចេញ​ពី​ក្រោម​សមុទ្រ»

    ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ស្វែង​រក​នាវាមុជ​ទឹក Titan ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្រោម​មហា​សមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គេ​ថា បាន​ឮសំឡេង​លាន់​ខ្លាំងៗ​នៅ​ក្រោម​សមុទ្រ​រៀង​រាល់​ 30 នាទី​ម្ដង​ ធ្វើ​ឱ្យ​មាន​ការ​សង្ឃឹម​ចំពោះ​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ​។

    «មជ្ឈមណ្ឌល​សម្រប​សម្រួល​កិច្ច​ការ​សង្គ្រោះ​នៅ Halifax បាន​បញ្ជូន​យន្តហោះ​ P-8 Poseidon មួយ​គ្រឿង​ដែល​មាន​សមត្ថភាព​តាម​ដាន​ស្ថានការណ៍​នៅ​ក្រោម​សមុទ្រ​ ទៅ​កាន់​កន្លែង​កើត​ហេតុ» ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​កាណាដា​ឱ្យ​ដឹង​ដូច្នេះ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ទំព័រ Rolling Stone ទទួល​បាន​កាល​ពី​ថ្ងៃទី 20 មិថុនា​។ CNN ក៏​ផ្សាយ​ព័ត៌មាន​ប្រហាក់​ប្រហែល​នេះ​។

    យន្តហោះ P-8 បាន​ទម្លាក់​ពោង​ដែល​បំពាក់​បច្ចេក​វិទ្យា​ស្រូប​សំឡេង​ក្រោម​ទឹក ដើម្បី​ទទួល​រលក​សញ្ញា​ នៅ​ក្បែរ​តំបន់​ Titan បាត់​ខ្លួន​។ P-8 បាន​រកឃើញ​សំឡេង​លាន់​ខ្លាំង​ៗ​ក្នុង​តំបន់ទឹក​ជ្រៅ ​រៀង​រាល់​ 30 នាទី​ម្ដង​។ បួន​ម៉ោង​ក្រោយ​មក ពួក​គេ​បាន​ទម្លាក់​ពោង​ប្រភេទ​នេះ​បន្ថែម​ទៀត​ ហើយ​នៅ​តែ​ឮ​សំឡេង​នេះ​ដដែល​។ បច្ចុប្បន្ន ពុំ​ទាន់​ដឹង​ច្បាស់​ថា សំឡេង​នេះ​ចេញ​មក​ពី​ណា​នៅ​ឡើយ​។

    រូប​ភាព​បង្ហាញ​ពី​ក្រុម​សង្គ្រោះ​ទាំង​ឡាយ​ដែល​កំពុង​ស្វែង​រក​នាវាមុជ​ទឹក​ Titan

    យោង​តាម CNN សំឡេង​នានា​នឹង​ជួយ​ដល់​ការ​កំណត់​ទិស​ដៅ​របស់​ឧបករណ៍​លើសមុទ្រ​ ដែល​នេះ​បង្ហាញ​ថា ក្ដី​សង្ឃឹម​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​ប្រាំនាក់​ដែល​ស្ថិត​ក្នុង​នាវាមុជ​ទឹក Titan នៅ​មាន​​នៅ​ឡើយ។

    ខណៈ​ដែល​សមត្ថកិច្ច​នៅ​កាណាដាមិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី OceanGate Expeditions ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​នាវាមុជ​ទឹក​ Titan ក៏​បាន​និយាយ​ថា មិន​ទាន់​មាន​ដំណឹង​ថ្មី​ដើម្បី​ចែក​រំលែក​នៅ​ឡើយ​នៅ​ពេល​នេះ​។

    សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់បាត​សមុទ្រ​ដែល​មាន​​សាកសព​កប៉ាល់ Titanic។

    ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា Titan បានកើត​ឡើង សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ក៏ត្រូវ​បាន​បញ្ជូនទៅ​ជួយ​ស្វែងរក។ ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​គេ​ជឿថា រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

  • នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

    នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

    នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់ និង​បាន​បាត់​ខ្លួន​នៅពេល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic អាច​ស្ថិតនៅក្នុង​សមុទ្រ​រយៈពេល 10 ម៉ោង ដោយ​គ្មាន​ការព្រួយបារម្ភ។

    សមត្ថកិច្ច​កំពុង​ស្វែងរក​នាវាមុជទឹក​ឈ្មោះ Titan ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ទី​តា​ញ៉ូ​ម និង​សរសៃ​កាបូន ប្រវែង 6.7 ម៉ែត្រ បន្ទាប់ពី​នាវា​នេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា នៅក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ទៅ​មើល​សាកសព​កប៉ាល់ Titanic។ យោងតាម​កងកម្លាំង​ល្បាត​សមុទ្រ បរិមាណ​អុកស៊ីសែន​ក្នុង​នាវា​នេះ អាចឱ្យ​អ្នក​នៅក្នុង​នាវា​ដកដង្ហើម​មិន​ដល់ 70 ម៉ោង​ទៀត​ទេ គិត​មកដល់​ថ្ងៃត្រង់​ទី 26 មិថុនា (នៅ​កម្ពុជា)។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​អាម៉េរិក​ខាងជើង ដែល​ស្ថិតក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់ និង​ទេសចរ 4 នាក់។ នាវា​នេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទេសចរណ៍ OceanGate Expeditions។ កងកម្លាំង​ល្បាត​សមុទ្រ Boston របស់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កំពុង​ស្វែងរក​នាវា​នេះ។

    ទិន្នន័យ​មួយចំនួន​ស្ដីពី​លក្ខណសម្បត្តិ​របស់​នាវា​មុជទឹក Titan ៖

    នាវា​នេះ​មាន​ទំហំ 670 សម x 280 សម x 250 សម អាច​មុជ​ដល់​ជម្រៅ 4,000 ម៉ែត្រ។ Titan មាន​ទម្ងន់ 10,432 គីឡូក្រាម អាច​ផ្លាស់​ទី​ក្នុង​ល្បឿន 5,556 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​កម្លាំង​រុញច្រាន​របស់​ម៉ូ​ទ័​រ​អគ្គិសនី Four Innerspace 1002។ នាវា​នេះ​បំពាក់​កាមេរ៉ា Sub C Imaging 4k Rayfin, ម៉ាស៊ីន​ផ្សាយ​រលកសញ្ញា Teledyne 2D, អំពូល​ភ្លើង​ហ្វា 40,000 lumen និង​ម៉ាស៊ីន​ស្កេ​ន​ឡាស៊ែរ 2G Robotics។

    ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​កាប៊ីន​បញ្ជា​ម៉ូ​ទ័​រ​រុញច្រាន​សុទ្ធតែ​នៅ​ខាងក្រៅ​សម្បក​ការពារ​សម្ពាធ ដើម្បី​បង្កើន​លំហ​សម្រាប់​អ្នក​នៅ​ខាងក្នុង។ នាវា​នេះ​ក៏មាន​បន្ទប់ទឹក​នៅក្បែរ​បង្អួច។

    Titan អាច​មុជ​ក្រោម​ទឹក​រយៈពេល 10 ម៉ោង​ក្នុង​មួយ​លើក​ដោយ​សុវត្ថិភាព​បំផុត ហើយ​អ្នកចូលរួម​ដំណើរ​ទេសចរណ៍​ក្រោម​សមុទ្រ​នឹង​ស្ថិតនៅលើ​កប៉ាល់​មួយ​នៅលើ​សមុទ្រ​រយៈពេល 10 ថ្ងៃ៕

  • Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    អ្នកប្រើប្រាស់​គ្រាន់តែ​អាន​ខ្លឹមសារ​ចម្បង​ដែល​ត្រូវ​ផ្ញើ មុខងារ AI (បញ្ញា​សិប្បនិម្មិត) នៅលើ Gmail នឹង​ជួយ​សរសេរ​ជា​សំបុត្រ​ពេញលេញ។

    ឧបករណ៍ Help me write ដែលមាន​ជំនួយ​ពី AI របស់ Google ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​​ចាប់ពី​សប្ដាហ៍​នេះ នៅក្នុង​កម្មវិធី​ Gmail ទាំង​នៅលើ Android ទាំង​នៅលើ iOS។ មុខងារ​ថ្មី​នេះ​អាចជួយ​អ្នកប្រើប្រាស់​តាម​ពីរ​វិធី​សំខាន់​ រួមមាន កែសម្រួល​អ៊ី​មេ​ល​ដែល​កំពុង​សរសេរ ឬ​សរសេរ​ថ្មី​ទាំងស្រុង ដោយ​យោងទៅតាម​សំណើ​របស់​ម្ចាស់។

    ដើម្បី​ប្រើប្រាស់​មុខងារ Help me write អ្នកប្រើប្រាស់​ត្រូវតែ​ចុះឈ្មោះ​កម្មវិធី​សាកល្បង​នៅលើ Workspace Labs របស់ Google។

    កម្មវិធី​សរសេរ​អ៊ី​មេ​ល​ដោយ​ស្វ័យប្រវត្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ផលិតផល AI លើ Google Workspace ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ I/O 2023 កាលពី​ខែឧសភា 2023។ ក្រៅពី​ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច Help me write ក៏​អាចបង្កើត​ខ្លឹមសារ​ក្នុង Google Docs ឬ​បង្កើត​តារាង​គណនា​រហ័ស​លើ Google Sheets។ល។

  • អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។

    ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។

    ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។

    ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។

    ភាគច្រើន អ្នកប្រើប្រាស់ ChatGPT គឺ​ដើម្បី​ស្វែងយល់​ប្រធានបទថ្មីៗ ដូច្នេះ​ការដែល​ថា​ឧបករណ៍​នេះ​អាច​រកប្រាក់​ចំណូល​បាន​គឺ​ពិបាក​កើតឡើង​នាបច្ចុប្បន្ន។ Chatbot AI អាច​រកប្រាក់​បាន​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម លុះណាតែ​អ្នកប្រើប្រាស់​អាចចូល​​ទៅប្រើ​ ChatGPT , Google Bard ជាដើម ដើម្បី​ស្វែងរក​ផលិតផល សេវាកម្ម ការ​ប្រៀបធៀប​តម្លៃ និង​ទិញ​ទំនិញ។

    បញ្ញា​សិប្ប​ន្មិ​តអាចជួយ​ឱ្យ​បណ្ដា​ថ្នាល​ពាណិជ្ជកម្ម​ឌីជីថល និង​ទេសចរណ៍​រកប្រាក់​ចំណូល​បាន​ពី​ការលើក​ជាការ​ណែនាំ និង​ជំនួយ​របស់​បច្ចេកវិទ្យា chatbot។ បច្ចុប្បន្ន នៅពេល​ទិញ​ទំនិញ​តាម​អន​ឡាញ អ្នកប្រើប្រាស់​រហូតដល់ 56% ស្វែងយល់​ផលិតផល​តាមរយៈ Google Search បន្ទាប់​មក​គឺ​ YouTube និង Bard។ ចំពោះ​សេវាកម្ម​ទេសចរណ៍​វិញ អ្នកប្រើប្រាស់ 37% ចូលទៅ​កាន់ Google និង 33% ចូលទៅ​កាន់​បណ្ដា​គេហទំព័រ​ដែល​ជំនាញ​ខាង​ទេសចរណ៍។

    Morgan Stanley ឱ្យដឹងថា Google នៅតែ​អាចមាន​ប្រៀប​ជាងគេ​នៅក្នុង «សង្គ្រាម» AI នៅពេល​ផ្ដល់​សេវាកម្ម​ស្វែងរក​បែប​បុគ្គល និង​ពេញលេញ​ចំពោះ​វិស័យ​ទេសចរណ៍ តាមរយៈ​​ការ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្វែងរក​ដែល​បានលើកឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​ដូចជា Bard នេះ៕