Tag: ឧបករណ៍

  • ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

    ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

    នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។

    កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។

    «ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។

    វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL និង​ត្រូវ​បាន​ហៅ​ថា ប្រព័ន្ធ​បញ្ជូន និង​ទទួល​ឡាស៊ែរ​ក្នុង​ជើង​ហោះ​ហើរ​។ ឧបករណ៍​នេះ​បញ្ជូន​ពន្លឺ​ឡាស៊ែរ​ក្បែរ​អ៊ីហ្វ្រារ៉េដ ទៅ​កាន់​តេឡេស្កុប Hale នៅ​ឯ​ស្ថានីយ​ Palomar របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា California។ រលកសញ្ញា​នេះ​ចំណាយ​ពេល 101 វិនាទី​ ដើម្បី​ធ្វើ​ដំណើរ​មក​ដល់​ផែនដី​ ក្នុង​ល្បឿន​ 267 មេហ្គាប៊ិត/វិនាទី (Mbps)។

    Ryan Rogalin អ្នក​វិទ្យាសាស្ត្រ​ដែល​ទទួល​ខុស​ត្រូវ​លើ​ឧបករណ៍​អេឡិច​ត្រូនិចទទួល​រលក​សញ្ញា​របស់​គម្រោង​នេះ និយាយ​ថា «បើ​ទោះ​បញ្ជូន​ពី​ចម្ងាយ​រាប់​សិប​លាន​គីឡូម៉ែត្រ ប្រព័ន្ធ​នេះ​នៅ​តែ​អាច​បញ្ជូន​វីដេអូ​បាន​លឿន​ជាង​អ៊ីនធើណិត​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ផែនដី»។

    ប្រព័ន្ធ​បញ្ជូន និង​ទទួល​ឡាស៊ែរ​ក្នុង​ជើង​ហោះ​ហើរ បាន​ធ្វើ​ការ​ពិសោធ​ដំបូង​កាល​ពី​ខែ​វិច្ឆិកា ដោយ​ការ​បញ្ជូន​រលកសញ្ញា​មក​កាន់​ផែនដី​ ពី​ចម្ងាយ​ 16 លាន​គីឡូម៉ែត្រ​។

    អាចម៍ផ្កាយ Psyche

    យានអវកាស Psyche នឹង​ហោះ​កាត់​ភព​អង្គារ​នៅ​ក្នុង​ឆ្នាំ 2026 និង​ថត​រូប​របស់​ភព​ក្រហម​នេះ​ មុន​នឹងហោះ​​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ចុង​ក្រោយ​ គឺ អាចម៍​ផ្កាយ 16 Psyche ដែល​គ្រោង​នឹង​ទៅ​ដល់​នៅ​ក្នុង​ឆ្នាំ 2029​៕

  • ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    រ៉ុក្កែត​ Long March 2F ដឹក​យន្តហោះ​អវកាសសម្រាប់​ការ​​ពិសោធរបស់​ប្រទេស​ចិន​ ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Jiuquan កាល​ពី​ថ្ងៃទី 14 ធ្នូ ដើម្បី​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​។

    យោង​តាម SpaceNews ក្រៅពី​បេសកកម្ម​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ យន្តហោះ​អវកាស​ថ្មី​របស់​ចិន​ ក៏ផ្ដល់​ការ​គាំទ្រ​​ផ្នែក​បច្ចេកទេស​ដើម្បី​ប្រើ​ប្រាស់​លម្ហ​ក្នុង​យាន​ សម្រាប់​គោលដៅ​សន្តិភាព​ផងដែរ​។

    មក​ដល់​ពេល​នេះ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​យន្តហោះ​អវកាស​អាច​ប្រើ​ប្រាស់​ឡើង​វិញ​របស់​ចិន ដែល​មាន​រហ័សនាម​ថា នាគ​ទេព ត្រូវ​បាន​គេ​ផ្សាយ​យ៉ាង​តិច​តួច​បំផុត​។ យាន​អវកាស​នេះ​ទំនង​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​សាកល្បង​ឧបករណ៍​ថ្មី និង​ដំណើរ​ការ​នៅ​លើ​គន្លង​តារា​វិថី​។ យាន​នេះ​ត្រូវ​បាន​បាញ់​ឡើង​ទៅ​តាម​រ៉ុក្កែត​ ហើយ​ចុះ​ចត​ដូច​យន្តហោះ​ធម្មតា បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Harvard យាន​នេះ​មាន​ទម្ងន់​ប្រហែល​ពី 5 ដល់ 8 តោន​ និង​ប្រវែង 10 ម៉ែត្រ​។

    ជើងហោះ​ហើរ​ដំបូង​របស់​យាន​អវកាស​នាគ​ទេពរបស់ចិន អូស​បន្លាយ​ពេល​ពីរ​ថ្ងៃ​។ ​ជើង​ហោះ​ហើរ​ទីពីររបស់​វា​នឹង​​អូស​បន្លាយ​ពេល​ប្រហែល 9 ខែ​ ក្នុងនោះ វា​នឹង​បញ្ចេញ​ឧបករណ៍​មួយ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​ទៅ​ក្នុង​គន្លង​គោចរ​។ ឧបករណ៍​នេះ​អាច​ជា​ផ្កាយរណប​ខ្នាត​តូច​ដែល​ត្រូវ​បាន​ផលិត​​ឡើងដើម្បី​តាម​ដាន​នាគទេព​ ឬ​ម៉ូឌុល​សេវាកម្ម​ដែលលែង​មាន​ភាពចាំបាច់​៕

  • យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

    យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

    បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

    យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។

    ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។

    ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ Voyager គិត​ថា បញ្ហា​កើត​ចេញ​ពី FDS ប៉ុន្តែ​ ពួក​គេ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ ទើប​រក​ឃើញ​ដំណោះ​ស្រាយ​។

    នេះ​មិន​មែន​ជា​បញ្ហា​ដំបូង​ដែល​យាន Voyager 1 បាន​ជួប​ប្រទះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យាន​អវកាស​នេះ​ធ្លាប់​ជួប​បញ្ហា​ប្រព័ន្ធ​បញ្ជា​ និង​កំណត់​ទិស (AACS) កាល​ពី​ខែ​ឧសភា ឆ្នាំ 2022​ និង​បញ្ជូន​ទិន្នន័យដែល​គ្មាន​ន័យ​ក្នុង​រយៈ​ពេល​ច្រើន​ខែ​ មុន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​៕

  • យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។

    ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។

    យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។

  • ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។

    ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។

    គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។

    Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

  • ប្រទេស​ចិន​ធ្វើ​តេស្ត​រ៉ុក្កែត​រុញ​ច្រាន​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដោយ​ជោគ​ជ័យ

    ប្រទេស​ចិន​ធ្វើ​តេស្ត​រ៉ុក្កែត​រុញ​ច្រាន​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដោយ​ជោគ​ជ័យ

    កាល​ពី​ថ្ងៃទី 02 វិច្ឆិកា ប្រទេស​ចិន​បានទទួល​ជោគ​ជ័យ​ក្នុង​ការ​​សាកល្បង​ដំណើរ​ការ​ហោះ​ឡើង និង​ចុះ​ចត​ដោយ​ឈរ​​ត្រង់នៃ​រ៉ុក្កែត​ពាណិជ្ជកម្ម​ SQX-2Y ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ។ ​នេះ​គឺជា​ជំហាន​ថ្មី​របស់​ប្រទេស​ចិន​នៅ​ក្នុង​វិស័យ​អវកាស​។

    រ៉ុក្កែត SQX-2Y ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Beijing Interstellar Glory Space Technology។ រ៉ុក្កែត​នេះ​មាន​អង្កត់ផ្ចិត​ប្រវែង 3.35 ម៉ែត្រ, បណ្ដោយប្រហែល 17 ម៉ែត្រ និង​បំពាក់​ម៉ាស៊ីនប្រើ​ប្រាស់​​មេតានអុកស៊ីសែន​រាវ​។ នេះ​គឺជា​លើក​ដំបូង​ដែល​ប្រទេស​ចិន​ធ្វើតេស្ត​លើ​ការ​ហោះ​ឡើង ចុះ​ចត​ដោយ​ឈរ​ត្រង់​ និង​ប្រើ​ប្រាស់​ឡើងវិញ​បាននូវ​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​មួយ​ជាន់​ក្នុង​ទម្រង់ពេញ​លេញ​។

    ការ​សាកល្បង​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Tửu Tuyền នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ រ៉ុក្កែត​បាន​ហោះ​ឡើង​ដល់​កម្ពស់​ 178.42 ម៉ែត្រ ខណៈ​រយៈ​ពេល​ហោះ​ហើរ​គឺ 50.82 វិនាទី និង​សុក្រឹតភាព​នៃ​ទីតាំង​ចុះ​ចត​គឺ​ប្រហែល 1.68 ម៉ែត្រ​ រួម​នឹង​ល្បឿន​ចុះ​ចត​គឺ 0.025 ម៉ែត្រ​/វិនាទី។

    ក្រុម​ហ៊ុន Beijing Interstellar Glory Space Technology ឱ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​វាយ​តម្លៃ​លើ​គម្រោង​អភិវឌ្ឍ​រ៉ុក្កែត​ដែល​អាច​ប្រើ​ឡើងវិញ​បាន​នោះ​ទេ ប៉ុន្តែ​ក៏​ប្រមូល​បាន​នូវ​ទិន្នន័យ​សំខាន់​ និង​ផ្ដល់​ជា​ជំនួយ​ផ្នែក​បច្ចេក​ទេស​សម្រាប់​ការ​អភិវឌ្ឍ​រ៉ុក្កែត​ខ្នាត​មធ្យម និង​ធំ​ ក៏ដូច​ជា​ការ​ប្រើ​ប្រាស់​មេតាន​អុកស៊ីសែន​រាវ​ ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ផងដែរ​។

    រ៉ុក្កែត​មាន​ពីរ​ប្រភេទ​គឺ​ រ៉ុក្កែតឥន្ធនៈ​​រឹង និង​រ៉ុក្កែតឥន្ធនៈ​​រាវ បើ​សិន​​បែង​ចែក​ទៅ​តាមប្រភេទ​​ឥន្ធនៈដែល​ប្រើ​ប្រាស់​សម្រាប់​ម៉ាស៊ីន។ រ៉ុក្កែត​ឥន្ធនៈ​រាវ​មាន​ចំណុច​វិជ្ជមាន​ត្រង់​ថា វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ កម្រិត​នៃ​ការ​ស៊ី​ឥន្ធនៈ​ ការ​កែប្រែ​កម្លាំង​រុញ​ច្រាន និង​លទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​ឡើងវិញ​។ បច្ចុប្បន្ន ប្រទេស​នានា​កំពុង​ផ្ដោត​ទៅ​លើ​ការ​ស្រាវជ្រាវ​ អភិវឌ្ឍ​រ៉ុក្កែត​រុញ​ច្រាន​ពាណិជ្ជកម្ម​ដែលអាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។ ការ​ប្រើ​ប្រាស់​ឡើង​វិញ​នេះ​ មិន​ត្រឹម​តែ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផ្នែក​រឹង​​របស់​រ៉ុក្កែត​នោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​សកម្មភាព​ និង​ឧបករណ៍​​នៅ​លើ​ដី​មាន​ភាព​សាមញ្ញ ដូច្នេះ​ក៏​កាត់​បន្ថយ​ការ​ចំណាយលើ​​ដំណើរ​ការ​នៅ​លើ​ដី និង​បង្កើនការ​បាញ់​បង្ហោះ​៕

  • រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។

    យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​

    Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

  • ប្រទេសថៃ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​មើល​ផែនដីទីពីរ

    ប្រទេសថៃ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​មើល​ផែនដីទីពីរ

    ប្រទេសថៃ កាល​ពី​ថ្ងៃទី 09 តុលា 2023 បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​ផែនដី​ទីពីរ​ (THEOS-2) ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី ពី​តំបន់ Guina របស់​ប្រទេស​បារាំង​។

    ​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​ក្រោយ​ពី​បាន​បាញ់​បង្ហោះ THEOS-2 បាន​ផ្ដាច់​ខ្លួន​ពី​រ៉ុក្កែត និង​ហោះចូល​គន្លង​តារា​វិថី​កម្រិត​ទាប​របស់​ផែនដី​។

    ក្រុម​មន្ត្រី​ថៃ​ឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្កាយ​រណប​នេះ​នឹង​ត្រូវ​បាន​ដំណើរ​ការ​សាកល្បង​រយៈ​ពេល​បីខែ មុន​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ និង​ចាប់​ផ្ដើម​សកម្មភាព​សង្កេត​មើល​ផែនដី​។ ផ្កាយ​រណប​ខាង​លើ​នឹង​ផ្ដល់​ទិន្នន័យ​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម ការ​គ្រប់​គ្រង​ទឹក​ ការ​ធ្វើ​ផែនការ​សម្រាប់​ទីក្រុង និង​ការ​​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​។

    ផ្កាយ​រណប​នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​បេសកកម្ម​ទប់​ទល់​របស់​ប្រទេស​ថៃ នៅចំពោះ​មុខ​ស្ថាន​ការណ៍​បន្ទាន់​ ដោយ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ថ្មី លំអិត និង​ត្រឹម​ត្រូវ​ ដែល​ប្រមូល​បាន​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាន​នៅ​លើ THEOS-2​៕

    https://www.youtube.com/watch?v=65Sqsho8uWM

     

  • រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

    រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

    ​ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

    យោង​តាម​ការ​ព្យាករ​ដែល​ត្រូវ​បាន​ Adobe Analytics ប្រកាស​កាល​ពី​ថ្ងៃទី 05 តុលា អ្នក​ប្រើ​ប្រាស់​នឹង​អាច​ទិញ​ទំនិញ​​បញ្ចុះ​តម្លៃ​ដល់​កម្រិតទាប​មិន​ធ្លាប់​មាន​ក្នុងរដូវ​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ 2023 ពេល​ក្រុម​អ្នក​លក់​រាយ​​តាម​ផ្សារ​អន​ឡាញ ព្យាយាម​អូស​ទាញ​អតិថិជន​​ដែល​កំពុង​ខ្សត់​ប្រាក់​ដោយ​សារ​តែ​បញ្ហា​អតិផរណា​។

    Adobe Analytics បាន​​ព្យាករ​ថា យុទ្ធ​សាស្ត្រ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា ការ​លក់​តាម​អនឡាញ​ក្នុង​រដូវ​បុណ្យ​ទាន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ជិត​ 5% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​រំពឹង​ទុក​ផ្នែក​ជួញដូរ​ក្នុង​រដូវបុណ្យ​ទាន​ Adobe Analytics ឱ្យ​ដឹង​ថា ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

    ​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​ទីផ្សារ​ខាងលើ សង្ឃឹម​ថា អ្នក​ប្រើ​ប្រាស់​នឹង​ចាប់​យកកម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ​ ហើយ​ចំណាយ​ច្រើន​សូម្បី​តែ​នៅ​ពេលពួក​គេ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​កើន​ឡើង ក៏​ដូច​ជា​ «សុខភាព» របស់​សេដ្ឋកិច្ច​។

    យោង​តាម Adobe Analytics អ្នក​ប្រើប្រាស់ទូទាំង​សកល​លោក​អាច​នឹង​ចំណាយ​ 221.8 ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​ទិញ​ទំនិញ​ពី​ផ្សារ​អនឡាញ​ ចាប់​ពី​ថ្ងៃទី 01 វិច្ឆិកា រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។ ប្រការ​នេះ​នឹង​ជួយឱ្យ​កំណើន​សម្រេច​បាន 4.8% ច្រើន​ជាង​ 1.3% បើ​ធៀប​នឹង 3.5% នៃ​​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​៕

  • ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។

    កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។

    Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។

    ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។

    ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕