Tag: អឺរ៉ុប

  • Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

    Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

    កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។

    រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត​ Pick-Up​   ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។

    មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។

  • ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

    ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

    (អង់គ្លេស) – Space Solar ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ទំហំ​មួយ​គីឡូម៉ែត្រ​ដែល​បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ដើម្បី​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ក្នុង​ទម្រង់​រលក​វិទ្យុ។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Space Solar នៅ​ប្រទេស​អង់គ្លេស​ប្រកាស​ថា បាន​ទទួលជោគ​ជ័យ​មួយ​ជំហាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើខ្សែ​ ដែល​ជា​ជំហាន​សំខាន់​ជួយ​ប្រែ​ក្លាយ​គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ក្នុង​ទីអវកាស​​ឱ្យ​ទៅ​ជា​ការ​ពិត​។

    ជោគ​ជ័យ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Space Solar ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ផ្គត់​ផ្គង់​ថាមពល​ស្អាត​ច្រើន​ជីហ្គាវ៉ាត់​ដល់​ផែនដី​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​ដាក់​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 7 មេសា 2024​។

    Space Solar គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​លើពិភពលោក​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​មាន​ខ្សែ​ 360 ដឺក្រេ។ ប្រព័ន្ធ​សម្រាប់​សាកល្បង HARRIER របស់​ពួក​គេ​ ដោះ​ស្រាយ​ឧបសគ្គ​ធំ​មួយ​នៅ​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​នៅ​ក្នុង​ទីអវកាស​។

    មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ចាស់ ប្រព័ន្ធ HARRIER អនុញ្ញាត​ឱ្យ​បាញ់​បញ្ជូន​អគ្គិសនី​ទៅ​គ្រប់​ទិស​ ដោយ​មិន​ត្រូវ​ការ​ផ្នែក​ចល័ត​ ជួយ​បង្កើន​ទាំង​ប្រសិទ្ធភាព​ ទាំង​ទំនុក​ចិត្ត​។

    Space Solar អាច​នឹង​អភិវឌ្ឍ​ផ្កាយ​រណប​ដែល​មាន​ទំហំ​មួយ​គីឡូម៉ែត្រ បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​។ អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​វិទ្យុប្រេកង់ខ្ពស់​ និង​បាញ់​បញ្ជូន​មក​កាន់​ប្រព័ន្ធ​ទទួល​នៅលើ​ផែនដី​។

    ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​ខាងលើ​ទទួល​បាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​។

  • Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla កំពុង​សហការ​ជាមួយ​ CATL ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំបំផុត​នៅ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​។

    ជំនួស​ឱ្យ​ការ​នាំចូល​ថ្ម​ផ្ទុក​អគ្គិសនី​ពី CATL ក្រុម​ហ៊ុន​អាម៉េរិក​ Tesla នឹង​ជួល ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង​។ ក្នុង​នោះ Tesla អាច​ផលិត​ថ្ម​ផ្ទុក​ថាមពល​ទំនើប​ក្នុង​តម្លៃ​ទាប​។ ក្រៅ​ពី​នេះ Tesla ក៏​នឹង​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ​របស់​សហរដ្ឋ​អាម៉េរិក​ផងដែរ​។

    ចំណែក​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​ចិន CATL នឹងទទួល​បាន​វិញ រួមមាន​៖ ពង្រីក​ទីផ្សារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ហើយ​អាច​រក្សា​តំណែង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​។

    ទំនាក់​ទំនង​រវាង Tesla និង CATL បាន​នាំ​ឱ្យ Tesla ប្រកាស​ថា​ ខ្លួន​កំពុង​ត្រៀម​ផលិតរថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ 25,000 ដុល្លារ​អាម៉េរិក​។

  • ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

    ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

    ក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​ នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ផ្ទាំង​សូឡា​តម្លៃ​ទាប​ដែលផលិត​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​។

    សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ថាមពល​បៃតង​នា​ឆ្នាំ​កន្លង​។ ពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​។ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។

    នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ផលិត​កម្ម​ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​បាត់​ខ្លួន​ពី​ទីផ្សារ​ បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះ​ស្រាយ​។

    បណ្ដា​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​ កំពុង​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​។ Gunter Erfurt ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​ Meyer Burger និយាយ​ថា វិស័យ​ឧស្សាហកម្មនៅ​ប្រទេស​ចិន​ ទទួល​បាន​ជំនួយ​ច្រើន​រាប់​រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ពី​រដ្ឋាភិបាល​​របស់​ពួក​គេ។

    ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​នានា​នៅ EU កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ ប៉ុន្តែ​ នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ ទាក់​ទង​នឹង​បញ្ហា​ខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​រឿង​ដែល​ថា ក្រុម​មន្ត្រី​ EU អាច​នឹង​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ចំពោះ​ផ្ទាំង​សូឡា​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​លើក​ហេតុ​ផល​ថា ប្រការ​នេះ​អាច​រារាំង​​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​ថាមពល​បៃតង​នៅ​អឺរ៉ុប​ជា​ដើម​ ខណៈ​ដែល​មន្ត្រី​ប្រទេស​ខ្លះ​ទៀត​ថា នឹង​រឹត​បន្តឹង​ការ​នាំ​ចូល​ផលិត​ផល​នេះ​ពីប្រទេស​ចិន​៕

  • អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    តំបន់​អណ្ដូង​រ៉ែ​ជ្រៅ​ជាង​ 1,400 ម៉ែត្រនៅ​ប្រទេស​ហ្វាំងឡង់ នឹង​រក្សា​ទុក​ថាមពល​កកើត​ឡើងវិញ​ ហើយ​ផ្គត់ផ្គង់​អគ្គិសនី​ទៅតាម​តម្រូវ​ការ​នៃ​បណ្ដាញ​អគ្គិសនី​។

    ក្រុម​ហ៊ុន​រក្សា​ទុក​ថាមពល​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Gravitricity នឹង​ចាប់​ផ្ដើម​ប្រែក្លាយ​អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​លើ​ពិភពលោក ឱ្យ​ទៅ​ជា​ថ្ម​ផ្ទុក​ថាមពល​បែប​ទំនាញ​ដំបូង​គេ។ នេះបើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 05 មករា​។ តំបន់​​អណ្ដូង​រ៉ែ​ Pyhasalmi នេះ​ មាន​ជម្រៅ​ 1,444 ម៉ែត្រ ស្ថិត​នៅ​ Pyhajarvi ​មាន​ចម្ងាយ​ 450 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​ជើង ធៀប​នឹង​​រដ្ឋធានីហែលស៊ីនគី​ របស់​ប្រទេស​ហ្វាំងឡង់​។

    ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ First Quantum Minerals នៅ​ប្រទេស​កាណាដា អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប​នេះ​គឺជា​ប្រភព​ផ្គត់​ផ្គង់​ស័ង្កសី និង​ទង់ដែង​។ កាល​ពី​ឆ្នាំ 2022 ការ​ផលិត​នៅ​ក្នុង​តំបន់​អណ្ដូង​រ៉ែ​នេះ​បាន​ឈប់​ដំណើរ​ការ​ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​នៅ​នឹង​កន្លែង​។

    ក្រុម​ហ៊ុន​ Gravitricity នៅ​ប្រទេស​អង់គ្លេស អភិវឌ្ឍ​ Gravistore ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​យោង​ទៅ​លើ​កម្លាំង​ទំនាញ​ផែនដី​ អាច​ដើរ​តួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​ដែល​សល់​ពីប្រភព​កកើត​ឡើងវិញ​។ ​ក្នុង​ថ្ងៃ​មាន​កម្ដៅ​ ឬ​ខ្យល់​ខ្លាំង គ្រា​ដែល​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ឬ​កម្ដៅ​ព្រះ​អាទិត្យ​ផលិត​អក្គិសនី​ច្រើន​ជាង​តម្រូវ​ការ ប្រព័ន្ធ​ខាងលើ​នឹង​លើក​ដុំ​ដែក​ដែល​ដាក់​នៅ​លើ​អណ្ដូង​រ៉ែ​នេះ​ ដើម្បី​រក្សា​ទុក​ថាមពល​។ នៅ​ពេល​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​ ដុំ​ដែក​អាច​ត្រូវ​បាន​ទម្លាក់​ចុះ​​ដើម្បី​ផលិត​ថាមពល​ ក្នុង​នោះ​ ខ្សែ​រ៉ត​នឹង​ដើរ​តួនាទី​ដូច​ទៅ​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី​។

    Gravitricity នឹង​ប្រើប្រាស់​ស្នូល​ដែល​ស្ថិត​ក្នុង​ជម្រៅ​ 530 ម៉ែត្រ ដើម្បី​សាងសង់​ប្រព័ន្ធ​គំរូ​មួយ​ដែល​មាន​អានុភាព​ 2 MW ដើម្បី​បញ្ជាក់​អំពី​បច្ចេកវិទ្យា​នេះ​។

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព

    ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ

    ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027

    ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

  • ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

    របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។

    អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos ស្ថាបនិក​របស់ Amazon, សហស្ថាបនិក​របស់ Oracle លោក Larry Ellison និង​មហា​សេដ្ឋី Warren Buffett

    Oxfam យល់​ថា បើ​សិន​ទំនោរ​នេះ​ចេះ​តែ​បន្ត​ ពិភពលោក​​អាច​នឹង​មាន​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់លាន​លាន​ (ទ្រីលាន) ដុល្លារ​អាម៉េរិក​ដំបូង​គេ​ នៅ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។

    ចំណែក​មនុស្ស​ជិត 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​បែរ​ជា​ក្រទៅ​ៗ​ ដោយ​សារ​អតិផរណា សង្គ្រាម និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ជាមួយ​នឹង​ល្បឿន​ដូច​បច្ចុប្បន្ន ពិភព​លោក​នឹង​ត្រូវ​ការ​ពេលវេលា​​ជិត 230 ឆ្នាំទៀត ទើប​អាច​លុប​បំបាត់​អស់​ភាព​ក្រី​ក្រ​។ យោង​តាម Oxfam ពលករ​ពិភពលោក​ជិត 800 លាន​នាក់​ ទទួល​បាន​ប្រាក់​ខែ​ក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង «មិន​អាច​តាម​ទាន់​អតិផរណា»​។

    របាយការណ៍​របស់ Oxfam ត្រូវ​បាន​ធ្វើ​ឡើង​ដោយយោង​ទៅ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO), ធនាគារ​ពិភពលោក​ (WB), Wealth-X និង​ Forbes។ ពួក​គេ​ឱ្យ​ដឹង​ថា​ មនុស្ស​ 1% ដែល​មានបំផុត​នៅ​លើ​ពិភពលោក​ បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ 43% នៃ​ហិរញ្ញវត្ថុ​ទូទាំង​សកល​លោក​។ នៅ​សហរដ្ឋ​អាម៉េរិក​ អត្រា​នេះ​គឺ 32% ខណៈ​នៅ​អឺរ៉ុប​គឺ 47% និង​អាស៊ី​គឺ 50%​៕

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

    អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

    បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ជើង កំពុង​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ជាង​រដូវ​រងា​មុន​ៗ ដោយសីតុណ្ហ​ភាព​ធ្លាក់​​ចុះ​រហូត​ដល់​រាប់​សិប​អង្សាសេ​ក្រោម​សូន្យ​ ធ្វើ​ឱ្យ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ ប៉ះពាល់​ដល់​ចរាចរណ៍​ និង​ការ​រស់នៅ​។

    ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃទី 03 មករា 2024 បាន​ឆ្លង​កាត់​រាត្រី​ត្រជាក់​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1999 ស្រប​​ពេល​ស្ថានីយ​ឧតុនិយម​នៅ​តំបន់​ខាង​ជើង​របស់​ប្រទេស​ វាស់​ឃើញ​ -43.6 អង្សាសេ​។

    «​នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ដែល​កើត​មាន​នៅ​ក្នុង​ទីតាំង​ជាក់​ស្ដែង​នេះ​ រាប់​ពី​ពេល​ចាប់​ផ្ដើម​វាស់​ស្ទង់​កាល​ពី​ឆ្នាំ 1888» អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​របស់​ប្រទេស​ស៊ុយអែត (SMHI) ឱ្យ​ដឹង​ដូច្នេះ​។ ស្ថានីយ​ឧតុនិយម​​ដទៃ​ទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​នេះ​ក៏​វាស់​ឃើញ -40 អង្សាសេ​។

    អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​រថភ្លើង​អគ្គិសនី​មាន​ការ​រអាក់​រអួល​ ខណៈ​រថយន្ត​ក្រុង​ក្នុង​តំបន់​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ច្រើន​ថ្ងៃ​។

    កាលពី​ថ្ងៃទី 03-04 មករា 2024 រថយន្ត​រាប់​រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត និង​ដាណឺម៉ាក ដោយ​សារ​តែ​ព្រឹល​។ កងទ័ព​ស៊ុយអែត​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ទីរួម​ស្រុក​នានា​ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​។

    រថភ្លើង​ជា​ច្រើន​ខ្សែ​ក៏​ត្រូវ​អាក់​ខាន​ដំណើរ​ការ​នៅ​ហ្វាំងឡង់​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស៊ុយអែត​។ វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 05 មករា សីតុណ្ហភាព​នៅ​តំបន់​ពាយព្យ​ Enontekio គឺ​ -42.1 អង្សាសេ​ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រដូវ​រងា​នេះ​។ អាជ្ញាធរ​ហ្វាំងឡង់​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អាកាសធាតុ​ -42 អង្សាសេ​តែ​បី​ដង​គត់​នៅ​ក្នុង​សតវត្សរ៍​នេះ​។