Tag: អាហ្វ្រិក

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

    កម្ពុជា​ នឹង​ខ្វះ​អង្ករ​នាំ​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ មុន​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទីពីរ​

    យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ 670,000 តោន​ ប៉ុន្តែ​អាច​នឹង​ខ្វះ​អង្ករ​សម្រាប់​ការ​​នាំចេញ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024​។

    ឧកញ៉ា សុង​ សារ៉ន ប្រធាន​ក្រុម​ប្រឹក្សាភិបាលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​ថា​ ឆ្នាំ 2023 កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ 670,000 តោន ដែល​កើន​ពី 5 ទៅ 10% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ ប៉ុន្តែ លោក​ឧកញ៉ាបាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​ការ​នាំ​ចេញ​កើន​ឡើង​បន្តិច ប៉ុន្តែ​តម្លៃ​អង្ករ​កម្ពុជា​លក់​បាន​ថ្លៃ​ជាង​ បើ​ធៀប​នឹង​តម្លៃ​មធ្យមភាគ​នៅក្នុង​ទីផ្សារ​។

    ក៏ប៉ុន្តែ អ្នកជំនួញ​រូប​នេះ​បាន​ព្យាករ​ថា តម្លៃ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ 2024 នឹង​កើន​ឡើង​បន្ត​ទៀត​ គ្រា​ដែល​កម្ពុជា​អាច​នឹង​ខ្វះ​អង្ករសម្រាប់ការ​​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។ ទន្ទឹម​នឹង​នេះ លោក​ក៏​សង្ឃឹម​ថា ចាប់​ពី​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ 2024 កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា នឹង​កើន​ឡើង​ខ្ពស់​។

    យោង​តាម​អ្នក​ជំនួញ​ខាងលើ មូលហេតុ​នៃ​បញ្ហា​កង្វះ​អង្ករ​នាំ​ចេញ​នេះ ​គឺ​ដោយ​សារ​ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​មីនា ​មិនអាច​ឆ្លើយ​តប​បាន​ចំពោះ​​តម្រូវ​ការ​​នាំចេញ​។ «ដូច្នេះ យើងមិន​​សង្ឃឹម​ថា ការ​នាំ​ចេញ​អង្ករ​នឹង​កើននៅ​​ក្នុង​ត្រីមាស​ទីមួយ ប៉ុន្តែ​យើង​សង្ឃឹម​ទៅ​លើ​ត្រី​មាស​ទីពីរ​ ព្រោះ​ពេល​នោះ​យើង​ប្រមូល​ផល​ ហើយ​បរិមាណ​អង្ករ​នាំ​ចេញ​នឹង​កើន​ឡើង​។ តម្លៃ​ស្រូវ​ក្នុង​ស្រុក​ក៏​នឹង​កើន​ឡើង​ ព្រោះ​តែ​អង្ករ​ឡើង​ថ្លៃ​» ឧកញ៉ា​ សុង​ សារ៉ន បញ្ជាក់​ដូច្នេះ​។

    នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជិត 600,000 តោន​ ដែល​មាន​តម្លៃ​សរុប​​​ជាង 420 លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​នោះ ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ធំជាង​គេ​របស់​កម្ពុជា ដោយ​បាន​ទិញ​ 198,761 តោន​។ ទីផ្សារ​ធំ​បន្ទាប់​​គឺ ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក​៕

  • មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

    មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

    មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។

    «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។

    ក្រៅ​ពី​ SpaceX លោក Elon Musk ក៏​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ក្រោម​ដី Boring Company, បណ្ដាញ​សង្គម X (អតីត​ Twitter), ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ខួរក្បាល​ Neuralink និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា xAI ផងដែរ​។ លោក​បាន​ផ្ញើ​អនុសាសន៍​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ចាប់​ផ្ដើម​រក​ស៊ី​ថា «ចូរ​រក​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប្រយោជន៍​។ បង្កើត​ផលិត និង​សេវាកម្ម​ដែល​គ្រប់​គ្នា​ត្រូវ​ការ ដើម្បី​កែលម្អ​ជីវភាព​របស់​ពួក​គេ​។ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»៕

  • ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

    Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។

    វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។

    ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

  • ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

    ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

    នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។

    យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។

    បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis

    បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។

    ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច អាល្លឺម៉ង់ ហុងគ្រី ជប៉ុន និង​ប្រទេស​សីស្ហែល (Seychelles) នៅ​ទ្វីប​អាហ្វ្រិក។

    ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ បេសកកម្ម​ស្រាវជ្រាវ​ឋានព្រះចន្ទ​របស់​ប្រទេស​ចំនួន 7 នេះ​ ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ព័ត៌មាន/ទិន្នន័យ​សំខាន់​ៗ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​។

    តាម​គម្រោង យាន​ចុះ​ចត​ Peregrine នឹង​ធ្វើ​ដំណើរ​​តាមរយៈ​ជើង​ហោះ​ហើរ​ដំបូង​របស់​រ៉ុក្កែត Vulcan Centaur ដែល​ផលិត​​ដោយ​ក្រុម​ហ៊ុនអាម៉េរិក United Launch Alliance

  • កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

    កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

    11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។

    ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។

    ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង (13.13%), អង្ករស​គ្រាប់​ខ្លី (0.02%), អង្ករ​ចំហ៊ុយ (3.04%) និង​អង្ករ​សរីរាង្គ (1.61%)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ក៏​ដូច​ជា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋានសេវា​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៕

  • អាម៉េរិក​អនុម័ត​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ទប់​ស្កាត់​ជំងឺគ្រុន​ឈីក

    អាម៉េរិក​អនុម័ត​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ទប់​ស្កាត់​ជំងឺគ្រុន​ឈីក

    រដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាល​ពី​ថ្ងៃទី 09 វិច្ឆិកា ឆ្នាំ 2023 បាន​អនុម័តឱ្យ​ប្រើ​ប្រាស់​​វ៉ាក់​សាំង​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈីក​​ពីមូស​ដែល​មានផ្ទុក​វីរុស​ Chikungunya។

    សារព័ត៌មាន AFP ផ្សាយ​ថា នៅ​ក្នុង​របាយ​ការណ៍​មួយ FDA ​ឱ្យ​ដឹង​ថា វ៉ាក់សាំង​ទប់​ស្កាត់ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​​វីរុស Chikungunya ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង​ទៅ​ ដែលប្រឈម​នឹង​ហានិភ័យ​ឆ្លង​​ខ្ពស់​ជាង​គេ​។ វ៉ាក់សាំង​នេះ​ត្រូវ​បានអភិវឌ្ឍ​ដោយ​​ក្រុម​ហ៊ុន​ Valneva របស់​អឺរ៉ុប​ ហើយ​ថា នឹង​​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្រោម​ឈ្មោះ​ថា Ixchiq។

    ការ​អនុម័ត​របស់ FDA នេះ​ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ល្បឿន​នៃ​ការ​ដាក់​ពង្រាយ​វ៉ាក់សាំង​ Ixchiq នៅ​តាម​បណ្ដា​ប្រទេស​ដែល​សម្បូរ​វីរុស Chikungunya ​ជាង​គេ​ មាន​ជា​អាទិ៍ ទ្វីប​អាហ្វ្រិក តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​មួយ​ចំនួន​នៅ​ទ្វីប​អាម៉េរិក​​ជា​ដើម​។

    ជំងឺគ្រុនឈីក​បង្ក​ឡើង​ដោយ​វីរុស Chikungunya ឬ​ហៅ​ថា ​វីរុស​ឈីក និង​បណ្ដាល​មកពី​មូស​ខ្លា​ញី​ Aedes aegypti (the yellow fever mosquito) ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​។

    ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​ៗ​ចំនួន​បី រួម​មាន គ្រុនក្តៅពី 3 ទៅ 4 ថ្ងៃ, ឈឺ​សន្លាក់​ឆ្អឹង​​ និងមាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែកដូច​កើត​ស្អូច ឬ​កញ្ជ្រឹល។ ​ជំងឺ​គ្រុន​ឈីក​​មិន​បណ្តាល​ឱ្យ​​អ្នក​ជំងឺ​ស្លាប់ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។

    យោង​តាម​អង្គការ​សុខភាព​ពិភពលោក​​ (WHO) រាប់​ចាប់​តាំង​ពី​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ប្រទេស​តង់ហ្សានីកាល​ពី​ឆ្នាំ 1952​ វីរុសឈីកនេះ​បាន​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ជាង 110 រួច​ហើយ​។

    AFP ឱ្យ​ដឹង​ថា អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​សាធារណៈ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា វីរុស​ Chikungunya អាច​បង្ក​ឱ្យ​មាន​វិបត្តិ​សុខភាព​​សកល​នៅ​ក្នុងពេល​​អនាគត​ នៅ​ពេល​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជំរុញ​ឱ្យ​មូស​ចម្លង​វីរុស​នេះ​ទៅ​កាន់​តំបន់​ថ្មី​ៗ​នៅ​ទូទាំង​ពិភពលោក​៕

  • ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

    ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

    មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​។

    The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 កក្កដា​ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាសនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​»។

    លោក Elon Musk បក​ស្រាយ​ថា ការ​ទូទាត់​ប្រាក់​លើ​ X នឹង​កែ​ប្រែ​ទាំង​ស្រុង​នូវ​វិធី​ផ្ទេរ​ប្រាក់​របស់​អ្នក​ប្រើប្រាស់​។ បើ​សិន​អ្នក​លេង​បណ្ដាញ​សង្គម​ X ណា​ម្នាក់​ចង់​ផ្ញើ​លុយ 20 ដុល្លារ​ឱ្យ​មិត្ត​ភក្ដិ ពួក​គេ​នឹង​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ឡើយ​។

    ទាក់​ទង​នឹង​រឿង​នេះ​ដែរ CEO របស់​ X អ្នកស្រី Linda Yaccarino ក៏​បាន​ចាត់​ទុក​ថា ឱកាស​នេះ​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ឆ្នាំ 2024​។

    យោង​តាម The Verge លោក Elon Musk ចង់​ផ្ដួល​ PayPal ដែល​លោក​បាន​បង្កើត​ឡើង​កាល​ពី​ពីរ​ទសវត្សរ៍​មុន​។ គំនិត​របស់​ម្ចាស់​ Tesla ដែល​ចង់​ឱ្យ X ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់​គាត់​ ហើយ​គាត់​បាន​និយាយ​អំពី​រឿង​នេះ​តាំង​ពី​កិច្ច​ប្រជុំ​ដំបូង​នៅ​ Twitter ៕

  • ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ផែនការ​សាងសង់​រោង​ចក្រ​មួយ​នៅក្នុង​​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ​។

    Changan សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) នៅ​ក្នុង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​លើក​ទី​បី​ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី 17 តុលា 2023។ នេះ​បើ​តាម​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 19 តុលា របស់​ Changan។

    ក្រុម​ហ៊ុន​ចិន​ខាងលើ​មាន​ផែនការ​វិនិយោគ​ 240 លាន​ដុល្លារ​អាម៉េរិក​នៅ​ប្រទេស​ថៃ ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​អាច​ផលិត​បាន 100,000 គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង​។

    អគ្គលេខាធិការ​របស់ BOI ថៃ Narit Therdsteerasukdi ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគសម្រាប់គម្រោង​ទីតាំង​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ ​ជូន​ដល់​ប្រធាន​ក្រុម​ហ៊ុន Changan លោក Zhu Huarong។

    Changan បាន​បង្កើត​ក្រុម​ហ៊ុន​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​គម្រោង​វិនិយោគ 8.8 ពាន់​លាន​បាត ដើម្បី​សាងសង់​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    កាល​ពី​ខែ​សីហា Changan ឱ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​របស់​រោង​ចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​បាន​ 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ចំណែក​ដំណាក់​កាល​ទីពីរ​នឹង​អាច​ផលិត​បាន​ 200,000 គ្រឿង​/ឆ្នាំ​។

    រថយន្ត​អគ្គិសនី​របស់​ Changan នៅ​ប្រទេស​ថៃ នឹង​ត្រូវ​បាន​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។

    ថៃ​គឺ​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ទីផ្សារ​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​មួយ​ផងដែរ។ អាជ្ញាធរ​ថៃ​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​របស់​តំបន់​អាស៊ាន​ ដោយ​បានដាក់​ចេញ​នូវ​គោល​នយោបាយ​ទាក់​ទាញ​ជា​ច្រើន មាន​ជា​អាទិ៍​ ការ​បន្ថយ​អត្រាពន្ធ ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រើ​ប្រាស់ និង​ជំនួយ​គាំទ្រ​ដល់​ការ​វិនិយោគ​ជា​ដើម​៕

  • ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

    ថៃ​កំពុង​ពិនិត្យ​គម្រោងវិនិយោគ​​តម្លៃ 27 ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

    ប្រទេសថៃ​កំពុង​តែ​វាយ​តម្លៃ​លើ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​គោក និង​ផ្លូវ​ដែក​ តភ្ជាប់​រវាង​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ​។

    យោង​តាម Reuters នាយករដ្ឋមន្ត្រីថៃ​ឱ្យ​ដឹង​ថា ប្រទេស​នេះ​កំពុង​វាយ​តម្លៃ​លើ​គម្រោង​ដ៏​ធំមួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ រួម​មានបណ្ដា​ខ្ទង់វិនិយោគ​ដែល​មាន​តម្លៃ​មួយ​ទ្រីលាន​បាត​ (27.44 ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទូទាំង​សកល​លោក​។

    ការ​ស្រាវជ្រាវ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ បាន​ឱ្យ​ដឹង​ថា ការ​ដេញ​ថ្លៃ​ និង​ការ​ស្ថាបនា​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ 2025 អាច​បង្កើត​ការ​ងារ​បាន​ប្រហែល 280,000 កន្លែង​ នៅ​ខេត្ត Ranong និង Chumpon។

    នាយកដ្ឋាន​ផែនការ​ថៃ​ បាន​គណនា​ឃើញ​ថា គម្រោង​ខាងលើ​នេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថៃ​ឡើង​ដល់ 5.5% ជា​រៀង​រាល់​ឆ្នាំ​។

    សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន 2.8% ក្នុង​ឆ្នាំ​នេះ និង 4.4% ក្នុង​ឆ្នាំ 2024​។

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin សង្កត់​ធ្ងន់​ថា គម្រោង​នេះខាងលើ​នេះ​​នឹង​ជា​ការ​តភ្ជាប់​សំខាន់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ឥណ្ឌា មជ្ឈិម​បូព៌ា និង​ទ្វីប​អាហ្វ្រិក​។

    ដំណាក់​កាល​ដំបូង​របស់​គម្រោង​នេះ​​គ្រោង​នឹង​រួច​រាល់​នៅ​ឆ្នាំ 2030 និង​អាច​ដឹក​ជញ្ជូន​ទំនិញ​តាម​កុងតឺន័របាន​​ 10 លាន​ TEU ហើយ​អាច​សម្រេច​បាន​ 40 លាន​ TEU នៅ​ឆ្នាំ 2039​៕