Tag: អាយុវែង

  • អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។

    ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។

    កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។

    កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber

    កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase 2) ដែល​បង្កើត​ម៉ូលេគុល​នេះ នៅ​លើ​កណ្ដុរ​ខាងលើ​ បាន​បង្ហាញ​ភាព​​ខ្លាំង​ក្លា​ជាង​បណ្ដា​សត្វដទៃ​។

    ក្នុងការ​ស្រាវជ្រាវថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា បណ្ដា​កណ្ដុរ​ដែល​មាន​ហ្សែន​របស់​កណ្ដុរគ្មាន​រោម​ Heterocephalus glaber មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទប់​ទល់​នឹង​ជំងឺ​មហា​រីក​ស្បែក សុខភាព​ទូទៅ​ត្រូវ​បាន​កែ​លំអ និង​រស់​បាន​យូរ​ជាង 4.4% បើ​ធៀប​នឹង​បណ្ដា​ប្រភេទ​កណ្ដុរ​ធម្មតា​ដែល​កើត​ដំណាល​គ្នា​។

    ការ​រកឃើញ​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បើក​ផ្លូវ​សម្រាប់​ការ​ស្វែង​រក​វិធី​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ពន្យារ​ភាព​ក្មេង និង​រស់​បាន​យូរ​ជាង​បច្ចុប្បន្ន នា​ពេល​អនាគត៕

  • អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    (ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។

    បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។

    យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។

    ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។

    តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ កាលពី​ខែវិច្ឆិកា 2022 មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ បាន​ព្យាករ​ថា អាយុ​ជា​មធ្យម​របស់​មនុស្ស​នៅ​ទូទាំង​សកលលោក​កើត​ដល់ 77.2 ឆ្នាំ​នៅ​ឆ្នាំ 2050 ដោយសារតែ​ការរីកចម្រើន​នៃ​វិស័យ​វេជ្ជសាស្ត្រ ដែល​ក្នុងនោះ​មាន​ទាំង​វ៉ាក់សាំង និង​ថ្នាំ​រម្ងាប់​មេរោគ ខណៈដែល​អនាម័យ ការរស់នៅ ក៏ដូចជា​អាហារ និង​ជីវជាតិ​ក៏ត្រូវ​បាន​កែលំអ៕

  • មកដឹងអាថ៌កំបាំងលោកតាម្នាក់រក្សាវ័យបាន 2XX ឆ្នាំ ជាមនុស្សអាយុវែងជាងគេនៅលើលោក

    មកដឹងអាថ៌កំបាំងលោកតាម្នាក់រក្សាវ័យបាន 2XX ឆ្នាំ ជាមនុស្សអាយុវែងជាងគេនៅលើលោក

    លោកតា លី ឈីងយ៉ុន ត្រូវបានសារព័ត៌មានចិនអះអាងថា ជាមនុស្សដែលមានអាយុវែងជាងគេបំផុតនៅក្នុងពិភពលោកនេះ ហើយបានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ និងកើតចម្ងល់ថា ហេតុអ្វីលោកតាមានអាយុវែងម្លេះ? តើពិតដូចជាអ្វីដែលគេនិយាយដែរឬទេ? ថាតើលោកតាមានអាថ៌កំបាំងរក្សាសុខភាពអ្វីខ្លះ? ។ ជាការពិតណាស់ ភាគច្រើនគេមើលឃើញថា មនុស្សចាស់ជនជាតិជប៉ុនដែលមានអាយុរស់នៅបានយូរអង្វែងជាងគេ 122 ឆ្នាំ និង 6 ថ្ងៃ។ តែចំណែកបុរសចំណាស់ខាងលើនេះវិញ អាចថែរក្សាអាយុជីវិតបានវែងមិនធម្មតាឡើយ។

    សៀវភៅកំណត់ហេតុរបស់លោក លី ឈីងយ៉ុន បានរៀបរាប់ថា បានកើតក្នុងឆ្នាំ 1677 និង មរណភាពក្នុងឆ្នាំ 1933 សរុបមានអាយុ 256ឆ្នាំ ហើយក៏មានការស៊ើបអង្កេតពីលោក វ៉ី ជុងឈាន ដែលបានរកឃើញសំបុត្រអបអរបុណ្យកំណើតជូនលោកគម្រប់ខួបទី 150ឆ្នាំ និង ខួបទី 200ឆ្នាំ ។ លោកតា លី ឈីងយ៉ុន ជាអ្នកជំនាញខាង ឱសថបុរាណចិន ដូចជា វល្លិស្មៅជាដើម លើសពីនេះ គាត់ក៏ជាអ្នកពូកែខាងទ្រឹស្ដីជីកុងផងដែរ ។ ហើយកត្តាទាំងពីរនេះដែលអាចឱ្យគាត់រស់រានមានអាយុយឺនយូរដូចនេះ។ លោកបានរៀបរាប់ពីរូបមន្តសម្ងាត់ដើម្បីឱ្យមានអាយុវែងនេះទៅកាន់ស្ដេចត្រាញ់ វ៉ី ប៉ីហ្វូ សម័យសាធារណរដ្ឋចិន 1916 – 1927 មាន4ចំណុចគឺ ៖ ធ្វើចិត្តឱ្យស្ងប់, អង្គុយឱ្យដូចអណ្ដើក ,ដំណើររហ័សដូចព្រាបហើរ ,ដេកដូចសុនក។

    ជាពិសេសជាងនេះទៅទៀត លោកតាបានដើររុករកឱសថរុក្ខជាតិបុរាណចិនតាំងពីលោកមានអាយុ10ឆ្នាំមកម្ល៉េះគឺ បានទៅដល់ដែនដី កាន់ស៊ូ, ទីបេ, អណ្ណាម, ថៃ និង ម៉ាន់ជូ ដើម្បីប្រមូលរុក្ខឱសថទាំងនោះ មកប្រើប្រាស់ បង្កើនអាយុរបស់លោក៕