Tag: អវកាស

  • រ៉ូបូត​របស់​ណាសា ឆ្ពោះ​ទៅ​កាន់​ «ទន្លេ​ជីវិត» ក្រៅ​ភព​ផែនដី​

    រ៉ូបូត​របស់​ណាសា ឆ្ពោះ​ទៅ​កាន់​ «ទន្លេ​ជីវិត» ក្រៅ​ភព​ផែនដី​

    យាន​ Curiosity របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា) នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​មួយ​ដែល​មិន​ទាន់​ត្រូវ​បាន​ស្រាវ​ជ្រាវ​ ហើយ​អាច​លាក់​ភាវៈរស់​ក្រៅ​ភព​ផែនដី​។

    យោង​តាម​ណាសា​ នៅក្នុង​ឆ្នាំ​ទី 12 នៃ​បេសកកម្ម យាន​ស្រាវ​ជ្រាវ​លើ​ដី​ភព​អង្គារ​ Curiosity នឹង​ឆ្ពោះ​ចូល​ទៅ​ក្នុង​តំបន់​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ជា​ផ្ទៃនៃ​ទន្លេ​បុរាណ​មួយ​ ដែល​ត្រូវ​បាន​រំពឹង​ថា មាន​ផ្ទុក​ភស្ដុតាង​ស្ដី​ពី​ភាវៈរស់​។ នោះ​គឺជា​តំបន់​មួយ​ដែល​មិន​ធ្លាប់​ត្រូវ​បាន​យាន​ណា​មួយ​ស្រាវ​ជ្រាវ​ពី​មុន​ ហើយ​ត្រូវ​បាន​ហៅ​ថា Gediz Vallis។

    Gediz Vallis មាន​រូប​រាង​ដូច​ទៅ​នឹង​សត្វ​ពស់​កំពុង​លូន​ឆ្លង​កាត់​ Mount Sharp ដែល​ជា​តំបន់​ភ្នំ​​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ រាប់​ពាន់​លាន​ឆ្នាំ​មុន ភ្នំ​នៅ​ទីនេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​តំបន់​បៃតង និង​មាន​ទឹក​ច្រើន​។

    ណាសា​សង្ឃឹម​ថា Curiosity អាច​រក​ឃើញ​ភស្ដុតាង​ស្ដីពី​ភាវៈរស់​​ក្រៅ​ភព​ផែនដី​ ដែល​ធ្លាប់​មាន​នៅ​តំបន់​នេះ​ ឬអាច​ជួប​ប្រទះ​​អ្វី​មួយ​ដែល​នៅ​មាន​ជីវិត​។

  • អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

    អាម៉េរិក​នឹង​អភិវឌ្ឍ​យាន​ផ្គត់ផ្គង់ឥន្ធនៈ​​នៅលើ​គន្លង​តារាវិថី​ផែនដី

    យាន​ APS-R នឹង​ផ្គត់ផ្គង់​សេវា​កម្ម​ចាក់​ប្រេងឥន្ធនៈ​សម្រាប់​បណ្ដា​យាន​សម​ស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ពីលើ​ខ្សែ​អេក្វាទ័រ​​។

    នៅ​លើ​គន្លង​តារា​វិថី​ផែនដី មាន​ផ្កាយ​រណប​ និង​យាន​អវកាស​រាប់​ពាន់​​ ប៉ុន្តែពួក​វា​សុទ្ធ​តែ​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ នោះ​គឺ​ «ឆាប់អស់​ឥន្ធនៈ»។ បញ្ហា​នេះ​តែង​តែ​បណ្ដាល​ឱ្យ​ផ្កាយ​រណប​ត្រូវ​ឈប់​ដំណើរ​ការ​ បើ​ទោះ​ឧបករណ៍​នានា​នៅ​មាន​ស្ថាន​ភាព​ល្អ​។

    ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ភាគ​និរតី​ (SwRI) នៅសហរដ្ឋ​អាម៉េរិក បាន​រៀប​ផែនការ​អភិវឌ្ឍ​យាន​អវកាស​ដែល​អាច​ផ្គត់ផ្គង់​សេវា​ចាក់​ឥន្ធនៈ​នៅ​ទីអវកាស​។ ពួក​គេ​នឹង​អភិវឌ្ឍ​យាន​អវកាស​គំរូ​ដែល​មាន​ឈ្មោះ​ថា Astroscale Prototype Servicer for Refueling (APS-R) ដើម្បី​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​សម្រាប់​យាន​សមស្រប​ នៅ​លើ​គន្លង​តារាវិថី​ជុំវិញ​ផែនដី កម្ពស់​ប្រហែល 35,800 គីឡូម៉ែត្រ​ ​ពីខាង​លើ​ខ្សែ​អេក្វាទ័រ​។

    APS-R នឹង​គោចរ​ទៅ​តាម​គន្លង​គោចរ​មូល​ដែល​ស្រប​នឹង​រង្វិល​ជុំ​របស់ផែនដី​។ យាន​អវកាស​នេះ​នឹង​ដឹក​ជញ្ជូន​ឥន្ធនៈ hydrazine ពី​ស្ថានីយ​ ទៅ​កាន់​ផ្កាយ​រណប​ដែល​ត្រូវ​ការ​ឥន្ធនៈ​។ វា​អាច​ផ្ដល់​សេវាកម្ម​សម្រាប់​រាល់​យាន​អវកាស​ដែល​មាន​រន្ធ​បញ្ចូល​ឥន្ធនៈ​សម​ស្រប​នឹង​ក្បាល​ទូយោ​របស់យាន​​ APS-R​។

    SwRI កំណត់​គោល​ដៅ​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ដើម្បី​នាំ​ APS-R ឡើងទៅ​កាន់​ទីអវកាស​ ក្នុង​រយៈ​ពេល​ 16 ខែ​ទៀត​។

    នៅពេល​ដំណាក់​កាល​រចនា និង​អភិវឌ្ឍ​យាន​ដឹក​ជញ្ជូន​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ SwRI នឹង​បញ្ចូល​ទំនិញ​ដែល Astroscale ផ្គត់ផ្គង់​ ហើយ​ធ្វើ​ការ​សាកល្បង​បរិស្ថាន​ ដើម្បី​ត្រៀម​សម្រាប់​ការ​បាញ់បង្ហោះ​។ យោងតាម​ Interesting Engineering យាន​ APS-R គ្រោង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​បាញ់​បង្ហោះ​នៅ​ក្នុង​ឆ្នាំ 2026​៕

  • កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    LSST 3,200 megapixel ត្រូវ​បាន​អភិវឌ្ឍដោយ​មន្ទីរ​ពិសោធន៍​​ជាតិ​បង្កើន​ល្បឿន​ SLAC របស់​សហរដ្ឋ​អាម៉េរិក​ គឹជា​កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​​។ វា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ឯស្ថានីយ​សង្កេត Vera C. Rubin នៅ​ប្រទេស​ស៊ីលី។

    បេសកកម្ម​​របស់​ LSST

    • ​ស្រាវជ្រាវអាថ៌កំបាំង​នៃ​​វត្ថុ​ធាតុ និង​ថាមពល​ងងឹត​ក្នុង​ចក្រវាល​ ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ចក្រវាល​ ប៉ុន្តែ​មិន​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ​។
    • វា​ក៏​នឹង​តាម​ដាន​កាឡាក់ស៊ី​រាប់​ពាន់​លាន​ ផ្កាយ​ប្រហែល 17 ពាន់​លាន​ដួង​ក្នុង​កាឡាក់ស៊ី​មេលគីវ៉េ និង​វត្ថុ​អវកាស​រាប់​ពាន់​លាន​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។
    • កាមេរ៉ា​នេះ​ក៏​អាច​សង្កេត​មើល​បាតុភូត​អវកាស​នានា​ មាន​ដូច​ជា ការ​ផ្ទុះ​ផ្កាយ​ ការ​រីក​មាឌ​របស់​ចក្រ​វាល​ជា​ដើម​។

    សមត្ថភាព​​របស់ LSST

    • ទំហំ​ធំ​៖ ប៉ុន​កូន​រថយន្ត​ និង​មាន​ទម្ងន់​ 3 តោន​។
    • សមត្ថភាព​សង្កេត​៖ លម្អិត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូលគោល​ពី​ចម្ងាយ​ 24 គីឡូម៉ែត្រ​។.
    • សមត្ថភាព​ថតូប​៖ អាច​ថត​ទិដ្ឋភាព​ផ្ទៃ​មេឃ​​ ដើម្បី​តាម​ដាន​ការ​ប្រែ​ប្រួល​ក្នុង​រង្វង់ 10 ឆ្នាំ​។
    • កាមេរ៉ា​ LSST គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំនេះ និង​ត្រូវ​បាន​រំពឹង​ថា នាំ​មក​នូវ​របក​គំហើញថ្មី​ៗ​ស្ដី​ពី​ចក្រវាល​។
  • ព្រះ​ចន្ទ​ចាប់​ផ្ដើម​គោចរ​លើ​គន្លង​សូរ្យគ្រាសពេញ​លេញ​ក្នុង​ឆ្នាំ 2024

    ព្រះ​ចន្ទ​ចាប់​ផ្ដើម​គោចរ​លើ​គន្លង​សូរ្យគ្រាសពេញ​លេញ​ក្នុង​ឆ្នាំ 2024

    ព្រះ​ចន្ទ​ត្រូវ​បាន​ផែនដី​បាំង​បាត់​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃទី 25​ មីនា 2024​។ ក្រោយ​មក​ ព្រះ​ចន្ទ​នឹង​បាំង​ព្រះ​អាទិត្យ​ទាំង​ស្រុង​ពី​ភ្នែក​មនុស្ស​នៅ​លើ​ផែនដី​​នៅ​ថ្ងៃទី 8 ខែ​មេសា​ខាងមុខ​។

    រូប​ភាព​មួយសន្លឹក​ត្រូវ​បាន​ថត​នៅ​ពេល​ផ្កាយ​រណប​របស់​អង្គការ​អវកាស​អាម៉េរិក ណាសា នៅ​ឯ​ស្ថានីយ​អវកាស​អន្តរ​ជាតិ (ISS) នៅ​ពេល​វា​ហោះ​ឡើង​ដល់​កម្ពស់​ប្រហែល 435 គីឡូម៉ែត្រ​ ពីលើ​តំបន់ភាគ​ខាង​ត្បូង​នៃមហា​សមុទ្រ​ហ្វាស៊ីហ្វិក​ នៅ​ក្នុង​គន្លង​តារាវិថី​ពិសេស​របស់​ព្រះ​ចន្ទ​។

    ថ្ងៃទី 25 ខែ​មីនា បាន​ចាប់​ផ្ដើម​ «រដូវ​សូរ្យគ្រាស» ដំបូង​របស់ឆ្នាំ 2024​។ វេលា​ទៀប​ភ្លឺ​ ថ្ងៃទី 25 ខែ​មីនា ព្រះ​ចន្ទ​ពេញ​វង់ និង​ត្រូវ​បាន​ស្រមោល​ផែនដី​បាំងបាត់​។ ប៉ុន្តែ​ នេះ​មិន​មែន​ជា​ចន្ទ​គ្រាស​ពេញ​លេញ​នោះទេ​ ព្រោះ​ព្រះ​ចន្ទ​គោចរ​ឆ្លង​កាត់​ស្រមោល​ខាង​ក្រៅ​របស់​ផែនដី​ប៉ុណ្ណោះ​។

    ដោយ​ឡែក ព្រឹត្តិការណ៍​សូរ្យគ្រាស​ពេញ​លេញ នឹង​កើត​ឡើង​​ចាប់​ពី​ម៉ោង 12 និង 53 នាទី ដល់ម៉ោង 5 និង 32 នាទី ថ្ងៃទី 8 មេសា ឆ្នាំ 2024​។ ព្រឹត្តិការណ៍​នេះ​នឹង​ឡើង​ដល់​ចំណុច​កំពូលនៅ​វេលា​ម៉ោង​ 3 និង 12 នាទីព្រឹក ម៉ោង​ EDT។

    នៅ​ថ្ងៃទី 8 មេសា ព្រះ​ចន្ទ​នឹង​គោចរ​មក​ដល់​ចំណុច​ត្រង់​ជួរ​ជាមួយ​ព្រះ​អាទិត្យ​ និង​ផែនដី​ ហើយ​បាំង​ព្រះអាទិត្យ​ទាំង​ស្រុង​ពី​មនុស្ស​លើ​ផែនដី​។

    នៅ​តំបន់​អាម៉េរិក​ខាងជើង​ទាំង​មូល ក្នុង​ថ្ងៃទី 8 មេសា នឹង​បាន​ឆ្លង​កាត់បាតុភូត​សូរ្យគ្រាស​យ៉ាងហោច​ក៏​មួយ​ផ្នែក​ ស្រប​ពេល​​តំបន់​ដទៃ​ដែល​ស្ថិត​នៅ​ក្នុង​ស្រមោល​​ដែល​មាន​ទំហំ 185 គីឡូម៉ែត្រ របស់​ព្រះ​ចន្ទ នឹង​បាន​ឃើញ​ព្រឹត្តិការណ៍​សូរ្យ​គ្រាស​ពេញ​លេញ​។

    យោង​តាម​ការ​ស្រាវជ្រាវ​របស់​ណាសា ជា​មធ្យម បាតុភូតសូរ្យគ្រាសពេញ​លេញ​ នឹង​កើត​ឡើង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ពីរ​លើក​ ក្នុង​រង្វង់ 366 ឆ្នាំ​។

  • បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។

    ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។

    ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។

    Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។

    ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។

    យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​​របស់​សហរដ្ឋ​អាម៉េរិក និង​ដៃគូ​សហការ​អន្តរជាតិ​។

  • អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

    អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

    អវកាសយានដ្ឋាននៅ​ទីក្រុង​ Wenchang បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​បាញ់​បង្ហោះ​ ដែល​នឹង​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​​អវកាស។

    Zhang Jie អនុប្រធាន​ក្រុម​ហ៊ុន​ Beijing Long March Tianmin Hi-Tech ឱ្យ​ដឹង​ថា អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ទីក្រុង Wenchang ខេត្ត​ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​បាញ់​បង្ហោះ​យាន​អវកាស​នៅ​ខែ​មិថុនា​ខាងមុខ​។

    ក្រោយ​ពី​បាន​ស្ថាបនា​រួចរាល់ អវកាសយានដ្ឋាន​នេះ​នឹងមាន​​អានុភាព​ខ្លាំងក្លា​​ក្នុង​ការ​បាញ់​បង្ហោះយាន​អវកាស​ ដែល​នឹង​ជួយជំរុញ​ដល់​ការ​អភិវឌ្ឍ​របស់​វិស័យ​​ពាណិជ្ជកម្មអវកាស​ក្នុង​ស្រុក និង​អន្តរជាតិ​។

  • ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

    ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

    ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។

    Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។

    ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។

    ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 ពាន់​លាន​គីឡូម៉ែត្រ​ ស៊ី​ពេល​អស់ 45 ម៉ោង​៕

  • ឱកាស​គយគន់ «ផ្កាយ​ដុះ​កន្ទុយ​បីសាច»! មួយជីវិត​អាច​បាន​ឃើញ​តែ​ម្ដងគត់

    ឱកាស​គយគន់ «ផ្កាយ​ដុះ​កន្ទុយ​បីសាច»! មួយជីវិត​អាច​បាន​ឃើញ​តែ​ម្ដងគត់

    ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ដុះ​កន្ទុយ​បីសាច» បច្ចុប្បន្ន​ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​តែ​ជិត​ផែនដី​។

    អ្នក​ជំនាញ​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks មាន​ពន្លឺ​ភ្លឺ​ខ្លាំង ដូច្នេះ​ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន​នឹង​មាន​ឱកាស​បាន​គយគន់​វា​។ យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks នឹង​ហោះ​មក​ក្បែរ​ព្រះ​អាទិត្យ​បំផុត​នៅ​ក្នុង​ថ្ងៃទី 21 មេសា 2024​ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត​ក្នុង​ថ្ងៃទី 02 មិថុនា 2024​។

    សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​រូប​ នេះ​នឹង​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​ជីវិត​ ដែល​អាច​បាន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ ។ ព្រោះ​ថា 71 ឆ្នាំ​ទៀត​ ទើប​វា​ហោះ​ចូល​មក​ដល់​ខាង​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ជា​ថ្មី​ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ 2095​។

    សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​អឌ្ឍគោល​ខាង​ជើង​ ពេល​វេលា​ដែល​អាច​មើល​ឃើញ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks គឺ​នៅ​ចុង​ខែ​មីនា​ 2024​ ហើយ​វា​ក៏​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ភព​ផែនដី​។ នេះ​បើ​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។

    ទំព័រ Live Science ឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយចំនួន​ព្យាករ​ថា ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks អាច​នឹង​កញ្ជ្រោល​ខ្លាំង​មួយ​លើក​នៅ​ក្នុង​ថ្ងៃទី 08 មេសា 2024​។ នោះ​ក៏​ជា​ថ្ងៃ​ដែល​តំបន់​មួយ​ចំនួន​លើ​ពិភពលោក​ បាន​ទស្សនា​បាតុភូត​សូរ្យគ្រាស​ពេញ​លេញ​​ផងដែរ​។ អ្នក​ស្រឡាញ់​វិស័យ​តារា​សាស្ត្រ​ប្រាកដ​ជា​នឹង​រំភើបចិត្ត​​ខ្លាំង ​នៅចំពោះ​មុខ​ព្រឹត្តិការណ៍​ «ពាន់​ឆ្នាំ​មាន​ម្ដង» មួយ​នេះ​៕

  • រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

    កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

    បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

    នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

    ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

    នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

     

  • រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

    រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

    នៅ​ទីឋាន​ដែល​ភព​មួយ​ ឬ​ច្រើន​ជិត​កកើត​ឡើង ក្រុម​អ្នក​តារា​សាស្ត្រ​បាន​រកឃើញ​ទឹក​ក្នុង​បរិមាណ​ច្រើន​ជាង​បី​ដង​ បើ​ធៀប​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​លើ​ភព​ផែនដី​។

    ដោយ​ការ​ប្រើ​ប្រាស់​ស្ថានីយ​តារា​សាស្ត្រ​ ALMA ដែល​ជា​ឧបករណ៍​សង្កេត​រលក​វិទ្យុ​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក​ និង​​មាន​ទីតាំង​នៅលើ​សមុទ្រ​ខ្សាច់ Atacama របស់​ប្រទេស​ស៊ីលី (Chile) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ «សមុទ្រ​អវកាស» ដ៏​មហិមា​ ស្ថិត​នៅ​តំបន់​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 450 ឆ្នាំ​ពន្លឺ​ នៅ​ក្នុង​បណ្ដុំ​ផ្កាយ​ Taurus។

    នោះ​គឺជា​កូន​ផ្កាយ​វ័យ​ក្មេង​មួយដួង​ ត្រូវ​បាន​​ព័ទ្ធ​ជុំ​វិញ​ដោយ​ថាស​ធូលីដែល​បង្ហាញ​ថា ​ភព​ថ្មី​ដំបូង​ជិត​​កកើត​ឡើង​ និង​ត្រូវ​បាន​ហៅ​ថា HL Tauri ហើយ​នៅ​ទី​នោះ​មាន​ផ្ទុក​ទឹក​ក្នុង​បរិមាណ​ដ៏​ច្រើន​ នឹក​ស្មាន​មិន​ដល់​។

    តាម​ការ​គណនា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បរិមាណ​ទឹក​នៅ​ទី​នោះអាច​ស្មើ​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក អាត្លង់ទិក មហា​សមុទ្រ​ឥណ្ឌា អង់តាកទិក និង​មហាសមុទ្រខាងត្បូង (Southern Ocean) បូក​ចូល​គ្នា​ រួច​គុណ​នឹង​បី​។

    យោង​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ Milan ប្រទេស​អ៊ីតាលី ការ​រកឃើញ​នេះ​បង្ហាញ​ថា វត្តមាន​របស់​ទឹក​អាច​ជះឥទ្ធិពល​យ៉ាង​ដូច​ម្ដ៉េច​ ដល់​ការ​រីក​ចម្រើន​របស់​ប្រព័ន្ធ​ផ្កាយ​។

    អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​បណ្ដុំ​ផ្កាយ Taurus អាច​ជា​រូប​ភាពដូច​​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ 4.5 ពាន់​លាន​ឆ្នាំ​មុន​ គ្រា​ដែល​ «ពន្លក» របស់ភព​ផែនដី​ ក៏​ដូច​ជា​បណ្ដា​ភព​ជា​បង​ប្អូន​ កំពុង​កកើត​ពី​ថាស​ធូលី​ដ៏​សែន​ក្រាស់​។

    ពិសេស​ជាង​នេះ យើង​ក៏​ទំនង​ជា​កំពុង​សម្លឹង​មើល​ទៅ​លើ​រូប​ភាព​កាល​ពី​វ័យ​ក្មេង​ជាង 4.5 ពាន់​លាន​ឆ្នាំ​របស់​ភព​ផែនដី​។

    បរិមាណ​ទឹក​ក្នុង​ HL Tauri មិន​បាន​បែង​ចែក​ស្មើ​គ្នា​ ដោយ​ទឹក​ប្រមូល​ផ្ដុំ​ច្រើន​ជាង​គេ​នៅ​ត្រង់​ចង្អូរ​មួយ​ក្នុង​ថាស​ធូលី​ដែល​ជា​ដើម​កំណើត​របស់​ភព​ (protoplanetary disk)។ នេះ​បើ​តាម​ទំព័រ Space.com ។

    បណ្ដា​ចង្អូរ​ក្នុង​ថាស​ដើម​កំណើត​ភព​នេះ​ បាន​កកើត​ឡើង​គ្រា​ដែល​ទីឋាន​ណា​មួយ​នោះ ឧស្ម័ន ធូលីប្រមូល​ផ្ដុំ​គ្នា​ក្លាយ​ជា​ពន្លក​ភព​។ ដូច្នេះ នៅ​ក្នុង​តំបន់​ដែល​មាន​ទឹក​ច្រើន​នោះ ភព​មួយទំនង​ជា​កំពុង​ចាប់​កំណើត​។

    យើង​ពិត​ជា​កំពុង​សម្លឹង​មើល​ចំ​ភព​មួយ​ដែល​រាប់​ពាន់​លាន​ឆ្នាំ​ក្រោយ​ នឹង​មាន​អរិយធម៌​មួយ​ដែល​ដូច​ទៅ​នឹង​មនុស្ស​ជាតិ​បច្ចុប្បន្ន​ ជា​ទី​ដែល​មាន​ភ្នំ បឹង​ ទន្លេ​នៅ​លើ​ទ្វីប​ និង​មហា​សមុទ្រធំធេង​។

    ការ​រកឃើញ​នេះ​មិន​ត្រឹម​តែ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​យល់​ដឹង​របស់​មនុស្ស​ជាតិ​អំពី​ការកកើត​របស់​ភព​ ប៉ុន្តែ​ក៏​ជា​សមិទ្ធផល​ធំ​របស់ ALMA។