ឱកាស​គយគន់ «ផ្កាយ​ដុះ​កន្ទុយ​បីសាច»! មួយជីវិត​អាច​បាន​ឃើញ​តែ​ម្ដងគត់

ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ដុះ​កន្ទុយ​បីសាច» បច្ចុប្បន្ន​ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​តែ​ជិត​ផែនដី​។

អ្នក​ជំនាញ​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks មាន​ពន្លឺ​ភ្លឺ​ខ្លាំង ដូច្នេះ​ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន​នឹង​មាន​ឱកាស​បាន​គយគន់​វា​។ យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks នឹង​ហោះ​មក​ក្បែរ​ព្រះ​អាទិត្យ​បំផុត​នៅ​ក្នុង​ថ្ងៃទី 21 មេសា 2024​ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត​ក្នុង​ថ្ងៃទី 02 មិថុនា 2024​។

សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​រូប​ នេះ​នឹង​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​ជីវិត​ ដែល​អាច​បាន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ ។ ព្រោះ​ថា 71 ឆ្នាំ​ទៀត​ ទើប​វា​ហោះ​ចូល​មក​ដល់​ខាង​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ជា​ថ្មី​ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ 2095​។

សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​អឌ្ឍគោល​ខាង​ជើង​ ពេល​វេលា​ដែល​អាច​មើល​ឃើញ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks គឺ​នៅ​ចុង​ខែ​មីនា​ 2024​ ហើយ​វា​ក៏​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ភព​ផែនដី​។ នេះ​បើ​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។

ទំព័រ Live Science ឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយចំនួន​ព្យាករ​ថា ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks អាច​នឹង​កញ្ជ្រោល​ខ្លាំង​មួយ​លើក​នៅ​ក្នុង​ថ្ងៃទី 08 មេសា 2024​។ នោះ​ក៏​ជា​ថ្ងៃ​ដែល​តំបន់​មួយ​ចំនួន​លើ​ពិភពលោក​ បាន​ទស្សនា​បាតុភូត​សូរ្យគ្រាស​ពេញ​លេញ​​ផងដែរ​។ អ្នក​ស្រឡាញ់​វិស័យ​តារា​សាស្ត្រ​ប្រាកដ​ជា​នឹង​រំភើបចិត្ត​​ខ្លាំង ​នៅចំពោះ​មុខ​ព្រឹត្តិការណ៍​ «ពាន់​ឆ្នាំ​មាន​ម្ដង» មួយ​នេះ​៕

Advertisement