Tag: អន្តរជាតិ

  • Hyundai អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​ដោយ​បណ្ដាក់ទុន​ជិត 2.5 ពាន់​លាន​ដុល្លារ​អាម៉េរិក

    Hyundai អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​ដោយ​បណ្ដាក់ទុន​ជិត 2.5 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​រថយន្ត Hyundai កាលពី​ថ្ងៃទី 11 ឧសភា បានឱ្យដឹងថា នឹង​វិនិយោគ 200 ពាន់​លាន​រ៉ូ​ពី​ឥណ្ឌា (2.45 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​រង្វង់ 10 ឆ្នាំ នៅក្នុង​រដ្ឋ​ភាគខាងត្បូង​របស់​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​ការផលិត និង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ម៉ូ​ដែលថ្មី។

    តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Hyundai Motor India ក្រុមហ៊ុន Hyundai នឹង​បង្កើត​ស្ថាប័ន​មួយ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដំឡើង​ថ្ម​រថយន្ត​អគ្គិសនី​ដែល​អាច​សម្រេចបាន 178,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ និង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 100 កន្លែង​នៅ​ទូទាំង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ ពួកគេ​មាន​គម្រោង​បង្កើន​សមត្ថភាព​ផលិត​ក្នុងស្រុក​ឱ្យបាន​ដល់ 850,000 គ្រឿងក្នុង​មួយឆ្នាំ។

    ព័ត៌មាន​ខាងលើ​លេចឡើង​បន្ទាប់ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ឥណ្ឌា​បានឱ្យដឹងថា នឹង​ដំឡើង​ពន្ធអាករ​ចំពោះ​រថយន្ត និង​ម៉ូតូ ក្នុងនោះ​មាន​ទាំង​យានយន្ត​អគ្គិសនី​ផងដែរ ដែល​នាំចូល​ពី​បរទេស ដើម្បី​ជំរុញ​ការផលិត​ក្នុងស្រុក។

    វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា បាន និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក មានដូចជា Tata Motors និង Mahindra & Mahindra ក៏ដូចជា​ដៃគូ​អន្តរជាតិ មានដូចជា BYD និង MG Motor ជាដើម នាំគ្នា​បញ្ចេញ​រថយន្ត​អគ្គិសនី​ជា​បន្តបន្ទាប់។

    គិត​មកដល់​ខែមេសា ឆ្នាំ 2023 ក្រុមហ៊ុន Hyundai ក្ដោប​ក្ដាប់​ទីផ្សារ​រថយន្ត​ទេសចរណ៍​ជិត 15% នៅ​ប្រទេស​ឥណ្ឌា និង​ជាប់​លេខ​ពីរ​បន្ទាប់ពី Maruti Suzuki៕

  • ​មូលដ្ឋាន​អវកាស​​ពាណិជ្ជកម្ម​ដំបូងគេ​នៅ​ប្រទេស​ចិន កំពុង​ត្រូវ​បាន​សាង​សង់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​​បាញ់​បង្ហោះ​​

    ​មូលដ្ឋាន​អវកាស​​ពាណិជ្ជកម្ម​ដំបូងគេ​នៅ​ប្រទេស​ចិន កំពុង​ត្រូវ​បាន​សាង​សង់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​​បាញ់​បង្ហោះ​​

    មូលដ្ឋាន​អវកាស​ពាណិជ្ជកម្ម​ដំបូង​របស់​ចិន ដែល​ស្ថិតនៅក្នុង​ខេត្ត Hainan និង​បម្រើ​ដល់​បេសកកម្ម​បាញ់​បង្ហោះ​ទាំង​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ និង​រឹង គ្រោង​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2024។

    គម្រោង​ខាងលើនេះ​បានចាប់ផ្ដើម​ការងារ​សាងសង់​តាំងពី​ខែកក្កដា 2022 ហើយ​គ្រោង​នឹង​បំពេញបេសកកម្ម​បាញ់​បង្ហោះ​បែប​ពាណិជ្ជកម្ម​ដំបូង​នៅ​ឆ្នាំក្រោយ។

    ប្រព័ន្ធ​បាញ់​បង្ហោះ​ចំនួន​ពីរ​សម្រាប់​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​កំពុង​ត្រូវបាន​ស្ថាបនា ហើយ​គ្រោង​នឹង​សម្រេច​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ 2023។ ចំណែក​ទម្រ​សម្រាប់​ការបាញ់​បង្ហោះ​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រឹង​ពីរ​ផ្សេងទៀត​នឹងត្រូវ​ចាប់ផ្ដើម​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ។

    «ប្រទេស​ចិន​ចាប់ផ្ដើម​កម្មវិធី​អវកាស​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ 2015 ដោយមាន​វត្តមាន​រប​ស់​ក្រុមហ៊ុន​រ៉ុក្កែត​អវកាស​ជាច្រើន​ចូល​រួម​» លោក Guo Qiang សមាជិក​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បាញ់​បង្ហោះ​ផ្នែក​អវកាស​ពាណិជ្ជកម្ម​អន្តរជាតិ Hainan បាន​និយាយ​ដូច្នេះ។

    មួយ​ក្នុងចំណោម​បញ្ហា​ទាំង​ឡាយ​នាបច្ចុប្បន្ន​ គឺ​កង្វះ​សមត្ថភាព​បាញ់​បង្ហោះ។ ប៉ុន្តែ ការសាងសង់​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្នែក​អវកាស​ពាណិជ្ជកម្ម អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

    សមត្ថភាព​តាម​ការ​រចនា​របស់​ប្រព័ន្ធ​បាញ់​បង្ហោះនីមួយៗសម្រាប់​រ៉ុក្កែត​ឥន្ធនៈ​រាវ ​គឺ 16 ជើង​​ក្នុង​មួយឆ្នាំ។ ដូច្នេះ បន្ទាប់ពី​បាន​ស្ថាបនា​រួចរាល់ មូលដ្ឋាន​នឹងមាន​សមត្ថភាព​ខ្ពស់​ជាង​មុន​​ក្នុង​ការបាញ់​បង្ហោះ ដែល​ជួយ​ជំរុញ​ការរីកចម្រើន​របស់​វិស័យ​អវកាស​ចរណ៍​ពាណិជ្ជកម្ម៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ភ្នំពេញៈ ប្រធានសមាគម និងអតីតប្រធានសមាគមក្នុងវិស័យអចលនទ្រព្យជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានៅចុងខែមិថុនានេះ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានថ្លែងឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី17 មិថុនានេះថា ប្រធានសមាគមមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន6រូប អតីតប្រធានមួយរូប និងប្រធាន​សមាគម National Realtor Association មកពីសហរដ្ឋអាមេរិកនឹងចូល​រួមក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យដែលនឹងចាប់ផ្តើមពីថ្ងៃទី24 ដល់ថ្ងៃទី25 មិថុនាខាងមុខនេះ។

    ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីពីសំណាក់លោកជំទាវ​ងួនសុខារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ​នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

    លោក គីម ហ៊ាង បានបន្តថា “អ្វីដែលកម្ពុជាទទួលបានផលចំណេ​ញពីពិព័រណ៍នេះ គឺជាការជួយផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជាការចែករំលែកបទពិសោធ និងចំណេះដឹងពីអ្នកជោគជ័យក្នុងវិស័យអចលនវត្ថុនានានៅកម្ពុជា និងពីអ្នកជំនាញអន្តរជាតិ”។

    ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យល្បីៗនឹង​បង្ហាញវត្តមានក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះរួមមាន បុរីប៉េង ហួត បុរីអ័រគីដេ បុរីជីប ម៉ុង គម្រោងសុរិន្ទភូមិ និងខុនដូThe Penhouse Resident។

    លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះពិតជាមានភាពចំណេញ​ច្រើនណាស់ដល់អ្នកចូលរួមព្រោះពួកគេអាចរៀនសូត្រផ្ទាល់ពីបទពិសោ​ធរបស់អ្នកជោគជ័យក្នុងវិស័យនេះ និងស្តាប់បទពិសោធរបស់អ្នកជោគជ័យពីប្រទេសជឿនលឿននានាកាលពី30ទៅ40ឆ្នាំមុនថាតើ ហេ​តុអ្វីបានពួកគេអាចអភិវឌ្ឍប្រទេសរបស់ពួកគេបានជឿនលឿន។

    លោកស្រីបន្តថា ការចូលរួមក្នុងសន្និបាតនេះ ខុសពីការរៀននៅ​សាលាដែលមានតែទ្រឹស្តី តែការរៀនសូត្រពីអ្នកជោគជ័យល្បីៗ គឺជា​ចំណេះដឹងនៃការអនុវត្តផ្ទាល់ ហើយយើងអាចយកមកអភិវឌ្ឍខ្លួន​យើងបាន និងអាស្រ័យលើភាពឆ្លាតវៃរបស់យើងផងដែរថា តើអាច​ក្រេបជញ្ជក់យកចំណេះដឹង និងអាចយកទៅប្រើប្រាស់បានយ៉ាងដូចម្តេច?៕

  • ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

    ក្រសួងអប់រំកម្ពុជា ពិភាក្សាការរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ

    ថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ សម្រាប់ការរង្វាយតម្លៃកម្រិតសិស្សអន្តរជាតិដើម្បីការអភិវឌ្ឍលើកទី៤ និងកម្មវិធីប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍលើកទី៥ នៅខេត្តសៀមរាប។

    បើតាមការបង្ហាញជាផ្លូវការនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីនេះបានធ្វើឡើងក្រោមការសម្របសម្រួល និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា អេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ ប៉ាណាម៉ា ប៉ារ៉ាហ្កាយ សេណាហ្គាល់ ហ្សំប៊ី ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញ មកពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) តំណាងអង្គការជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។

    ប្រធានបទសំខាន់នៃកិច្ចប្រជុំខាងលើនេះគឺការពិនិត្យឡើងវិញ និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តការសិក្សាសំខាន់ៗដើម្បីផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានឱកាសក្នុងការវាយតម្លៃ និងយកបទពិសោធនៃការវាយតម្លៃនោះទៅប្រើប្រាស់ដើម្បីកែលម្អ ឬអភិវឌ្ឍគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀនជាដើម៕

  • UNESCO ប្រកាសបើកការប្រកួតពានង្វាន់សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ

    UNESCO ប្រកាសបើកការប្រកួតពានង្វាន់សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ

    ជារៀងរាល់ឆ្នាំ អង្គការ UNESCO បានប្រកាសដាក់ឱ្យមានការប្រកួតប្រជែងយកពានរង្វាន់ UNESCO សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ (ILP) ដើម្បីជំរុញឱ្យមានការបង្កើតគំនិតថ្មីសម្រាប់អនុវត្តឱ្យកាន់ប្រសើរឡើងលើការអប់រំឱ្យមានការចេះអាន និងចេះសរសេរក្នុងសង្គម។


    ដោយឡែក នៅឆ្នាំ 2017 នេះ កម្មវិធីពានរង្វាន់ ILP របស់ UNESCO បានប្រកាសឱ្យប្រជាជននៅលើពិភពលោកដាក់ពាក្យដើម្បីប្រកួតប្រជែងពានរង្វាន់ធំៗចំនួន 2 នៅក្នុងនោះមាន ទី១គឺពានរង្វាន់ UNESCO King Sejong Literacy Prize ដែលជាកម្មវិធីគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងទី២ គឺពានរង្វាន់ UNESCO Confucius Prize For Literacy ដែលគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

    កម្មវិធី UNESCO King Sejong Literacy Prize ជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអភិវឌ្ឍ និងការប្រើប្រាស់ភាសាដើមក្នុងការអប់រំ និងការបណ្តុះបណ្តាល។ ចំណែកឯកម្មវិធី UNESCO Confucius Prize For Literacy ជាកម្មវីធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអប់រំជនវ័យកណ្តាលនៅក្នុងតំបន់ជនបទ និងយុវជននៅក្រៅសាលាដែលភាគច្រើនជាក្មេងស្រី និងស្ត្រីវ័យចំណាស់។

    កម្មវិធីនេះនឹងផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកដែលអាចដាក់ពាក្យបានគឺ បុគ្គលឯកជន ស្ថាប័ន និងអង្គការដែលធ្វើការលើការអប់រំអក្ខរភាព។ រាល់ការដាក់ពាក្យគឺត្រូវផ្ញើទៅកាន់តំណភ្ជាប់ wwwiunesco.org/ilp/account៕

  • ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់កម្រិតអាជីពអន្តរជាតិលើកទី១ នៅតំបន់ភ្នំបូកគោបានបញ្ចប់ហើយបន្ទាប់ពី ប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី៦ ដល់ទី៧ ខែឧសភានេះ ដោយមានកីឡាករអាជីព និងមិនអាជីពចំនួន ១៤០នាក់ មកពីប្រទេសជិត ១០ក្នុងពិភពលោកចូលរួម។

    ទាំងកីឡាអាជីព ទាំងមិនអាជីពអាចចូលរួមបានគ្រាន់តែការប្រកួតបែងចែកទៅតាមសមត្ថភាព និងតាមប្រភេទអាយុ គឺអាជីពប្រកយតជាមួយក្រុមអាជីព និងអ្នកមិនអាជីពប្រកួតជាលក្ខណៈកម្សាន្តជាមួយក្រុមមិនអាជីព ។

    បន្ថែមលើនេះ លោកក៏បានបង្ហាញពីមោទនៈភាពផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ ដែលបានរួមចំណែកជួយដល់សង្គម ដោយទទួលបានថវិកាពីការចុះឈ្មោះ បូករួមទាំងការចូលរួមបរិច្ចាគពីក្រុមហ៊ុនស្រាបៀរកម្ពុជា និងធានាគារ RHB មួយចំនួនធំ សម្រាប់ជួយអង្គការកុមារក្រីក្រ ដែលជាគោលជួយរបស់សហព័ន្ធទៀតផង ។

    ចំពោះលទ្ធផលវិញនោះគឺសម្រាប់ការប្រណាំងកម្រិតអាជីពបុរសចម្ងាយ៨៥គីឡូម៉ែត្រលេខ១បានទៅកីឡា ករ Muhammad Fauzan Bin Ahmad ជិះក្នុងថិរវេលា២ម៉ោង១៣នាទី៣៧វិនាទីលេខ ២កីឡាករ Muhammad Elmi Bin Jumari ជិះក្នុងថិរវេលា២ម៉ោង១៤នាទីដែលពួកគេទាំង២មកពីម៉ាឡេស៊ី និងលេខ ៣កីឡាករវៀតណាម Nguyen Van Duong ជិះក្នុងថិរវេលា២ម៉ោង១៥នាទី២៥វិនាទី ។

    ប្រណាំងចម្ងាយ៥១គីឡូម៉ែត្រនារីបើកទូលាយចំណាត់ថ្នាក់លេខ ១កីឡាការិនីកម្ពុជាហេង ស៊ីវឡាងជិះក្នុង ថិរវេលា ១ម៉ោង ៣២នាទី​៤៩វិនាទី លេខ ២កីឡាការិនីកម្ពុជាដែរឈ្មោះហេង ស៊ីហ្គិចដែរជិះក្នុងថិរវេលា ១៖៤១ នាទី៤៣វិនាទីពួកគេមកពីក្លិបកង់ហោះជាមួយគ្នា ។

    ប្រណាំងចម្ងាយ៨៥គីឡូម៉ែត្របុរសបើកទូកាលលេខ ១កីឡាករRazif Salleh មកពីក្លិបEnduraceជិះក្នុង ថិរវេលា ២ម៉ោង ២៦​នាទី​ ០៦វិនាទី លេខ២ កីឡាករខេង ទីទីមកពីក្លិបតាខ្មៅជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៦ដែរនិង លេខ៣កីឡាករហួត ឡូយរស្មីមកពីក្លិបកង់ហោះជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៧វិនាទី ។

    ប្រណាំង៥១គីឡូម៉ែត្របុរសអាយុ៤០ឆ្នាំឡើងលេខ ១ កីឡាករ Jeremy Hunt មកពីក្លិបLotus Pond ជិះ ក្នុងថិរវេលា ១ម៉ោង ២៧នាទី ៣២វិនាទី។ លេខ២កីឡាករ RaviRafiមកពីក្លិបEnduraceជិះក្នុងថិរវេលា១ម៉ោង២៧ នាទី៣៤វិនាទីនិង ចំនាត់លេខ ៣បានទៅកីឡាករ Steven Wong មកពីសឹង្ហបូរីជិះក្នុងថិរវេលា ១ម៉ោង ៣១នាទី ៤៦វិនាទី ។

    ចំពោះការជិះកង់ឡើងភ្នំដែលគេប្រសិទ្ធិនាមថា King Of Mountain(KOM)វិញនោះគឺជាការជិះកម្រិតអាជីព វិញនោះចំណាត់ថ្នាក់លេខ ១បានទៅកីឡាករមកពីប្រទេសវៀតណាមក្លិបដុងណាយឈ្មោះLoic Des Riac ជិះក្នុង ថិរវេលា១ម៉ោង៤៩ នាទី៥១ វិនាទី ។ លេខ២កីឡាករ Nik Mohd Azwan មកពីក្លិបPDM ៕