​មូលដ្ឋាន​អវកាស​​ពាណិជ្ជកម្ម​ដំបូងគេ​នៅ​ប្រទេស​ចិន កំពុង​ត្រូវ​បាន​សាង​សង់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​​បាញ់​បង្ហោះ​​

ការ​បាញ់​បង្ហោះ​រ៉ុក្កែត​របស់​ចិន​

មូលដ្ឋាន​អវកាស​ពាណិជ្ជកម្ម​ដំបូង​របស់​ចិន ដែល​ស្ថិតនៅក្នុង​ខេត្ត Hainan និង​បម្រើ​ដល់​បេសកកម្ម​បាញ់​បង្ហោះ​ទាំង​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ និង​រឹង គ្រោង​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2024។

គម្រោង​ខាងលើនេះ​បានចាប់ផ្ដើម​ការងារ​សាងសង់​តាំងពី​ខែកក្កដា 2022 ហើយ​គ្រោង​នឹង​បំពេញបេសកកម្ម​បាញ់​បង្ហោះ​បែប​ពាណិជ្ជកម្ម​ដំបូង​នៅ​ឆ្នាំក្រោយ។

ប្រព័ន្ធ​បាញ់​បង្ហោះ​ចំនួន​ពីរ​សម្រាប់​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​កំពុង​ត្រូវបាន​ស្ថាបនា ហើយ​គ្រោង​នឹង​សម្រេច​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ 2023។ ចំណែក​ទម្រ​សម្រាប់​ការបាញ់​បង្ហោះ​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រឹង​ពីរ​ផ្សេងទៀត​នឹងត្រូវ​ចាប់ផ្ដើម​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ។

«ប្រទេស​ចិន​ចាប់ផ្ដើម​កម្មវិធី​អវកាស​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ 2015 ដោយមាន​វត្តមាន​រប​ស់​ក្រុមហ៊ុន​រ៉ុក្កែត​អវកាស​ជាច្រើន​ចូល​រួម​» លោក Guo Qiang សមាជិក​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បាញ់​បង្ហោះ​ផ្នែក​អវកាស​ពាណិជ្ជកម្ម​អន្តរជាតិ Hainan បាន​និយាយ​ដូច្នេះ។

មួយ​ក្នុងចំណោម​បញ្ហា​ទាំង​ឡាយ​នាបច្ចុប្បន្ន​ គឺ​កង្វះ​សមត្ថភាព​បាញ់​បង្ហោះ។ ប៉ុន្តែ ការសាងសង់​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្នែក​អវកាស​ពាណិជ្ជកម្ម អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

សមត្ថភាព​តាម​ការ​រចនា​របស់​ប្រព័ន្ធ​បាញ់​បង្ហោះនីមួយៗសម្រាប់​រ៉ុក្កែត​ឥន្ធនៈ​រាវ ​គឺ 16 ជើង​​ក្នុង​មួយឆ្នាំ។ ដូច្នេះ បន្ទាប់ពី​បាន​ស្ថាបនា​រួចរាល់ មូលដ្ឋាន​នឹងមាន​សមត្ថភាព​ខ្ពស់​ជាង​មុន​​ក្នុង​ការបាញ់​បង្ហោះ ដែល​ជួយ​ជំរុញ​ការរីកចម្រើន​របស់​វិស័យ​អវកាស​ចរណ៍​ពាណិជ្ជកម្ម៕

Advertisement