Tag: អនុសាសន៍

  • គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    (ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

    ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ​ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕

  • ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    (ភ្នំ​ពេញ) – នារសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តមរដ្ឋលេខាធិការ ហេង ណន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្ដែងការគួរសមពីសំណាក់លោក Francois Shih អគ្គនាយកក្រុមហ៊ុន Sharpland Group។

    ក្នុង​ឱកាស​នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ និងគណ:ប្រតិភូក្រុមហ៊ុន Sharpland Investment Holding, Ltd និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។

    យោង​តាម​ក្រសួង​សាធារណការ​ និ​ងដឹក​ជញ្ជូន​ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីឱកាស ក៏ដូចជាសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងកំពង់ផែ និងស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។

    ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា​ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព៕

  • ក្រុម​ហ៊ុន​ AEON Mall ស្នើសុំ​​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ លើ​ការ​ងារ​វិនិយោគ​នៅកម្ពុជា​

    ក្រុម​ហ៊ុន​ AEON Mall ស្នើសុំ​​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ លើ​ការ​ងារ​វិនិយោគ​នៅកម្ពុជា​

    កាល​ពី​ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។

    ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទាក់​ទង​នឹង​កិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)។

    ទំព័រ​បណ្ដាញ​សង្គម​​របស់ CDC ឱ្យ​ដឹង​ថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ 706 លានដុល្លាអាមេរិក ​នៅក្នុង​ការ​បង្កើតផ្សារទំនើបចំនួនបី​ទីតាំង នៅកម្ពុជា គឺ​ ផ្សារទំនើបអ៊ីអនម៉ល ទីមួយ​, ទី​ពីរ និង​ទីបី​។

    បច្ចុប្បន្ន AEON Mall (Cambodia) ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ AEON Mall (Cambodia) Logi Plus Co., Ltd ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។

    AEON Mall (Cambodia) Co., Ltd. គឺ​ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ជប៉ុន AEON Mall Co., Ltd. នៅ​ប្រទេស​​ជប៉ុន ដែល​មានផ្សារទំនើបសរុបប្រមាណ 203 ទីតាំង​ នៅ​ក្នុង​ប្រទេស​ចំនួន 14 ​លើ​ពិភពលោក៕

  • មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

    មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

    មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។

    «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។

    ក្រៅ​ពី​ SpaceX លោក Elon Musk ក៏​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ក្រោម​ដី Boring Company, បណ្ដាញ​សង្គម X (អតីត​ Twitter), ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ខួរក្បាល​ Neuralink និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា xAI ផងដែរ​។ លោក​បាន​ផ្ញើ​អនុសាសន៍​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ចាប់​ផ្ដើម​រក​ស៊ី​ថា «ចូរ​រក​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប្រយោជន៍​។ បង្កើត​ផលិត និង​សេវាកម្ម​ដែល​គ្រប់​គ្នា​ត្រូវ​ការ ដើម្បី​កែលម្អ​ជីវភាព​របស់​ពួក​គេ​។ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»៕

  • សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

    សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

    ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។

    ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។

    ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។

    «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។

    WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

    WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។

    កាលពីឆ្នាំ 2022 សេដ្ឋកិច្ចរបស់កម្ពុជាមាន​កំណើន 5.2% ខណៈ​ឆ្នាំ​ 2023 នេះ ​ត្រូវ​បាន WB ​ព្យាករថា​ នឹង​មាន​​កំណើន 5.4% ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 5.5% ដែល​ត្រូវ​បាន​ព្យាករ​​កាល​ពីខែ​ឧសភា​។ WB ក៏​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់​ 5.8% ក្នុង​ឆ្នាំ​ 2024 និង​ 6.1% ក្នុង​ឆ្នាំ​ 2025៕

  • WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។

    របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។

    របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។

    WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។

    លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បញ្ជាក់ដូច្នេះ​។

    លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយ​ថា កម្ពុជាត្រូវដោះស្រាយផលប៉ះពាល់ធ្ងន់​ធ្ងរ​នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និង​ដាក់វិធានការតឹងរ៉ឹង​​ក្នុងការ​កាត់បន្ថយការបំភាយកាបូន។

    ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ដើម​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​នានា​។ ឧទាហរណ៍ គិតពីឆ្នាំ 2019 មកនេះ​ កម្ពុជា​ បាន​ខាត​បង់គិតជាតម្លៃសេដ្ឋកិច្ចប្រហែល 100 លានដុល្លារក្នុងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអាកាស​ធាតុ El Nino។ ក្រៅ​ពី​នេះ ក្នុងខែកញ្ញា ឆ្នាំ 2022 ប្រទេសកម្ពុជា ក៏បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងអំឡុងបីឆ្នាំ ប៉ះពាល់ដល់គ្រួសាររាប់​ម៉ឺន​គ្រួ។

    ធនាគារពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ ទៅក្នុងការវិនិយោគ​ផងដែរ​៕

  • គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។

    តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។

    ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។

    SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។

    រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ Neko លោត​ចុះ​ពី​ថង់ និង​រត់​ទៅកាន់​ផ្លូវដែក​នៅមុន​ពេល​រថភ្លើង​ចេញដំណើរ។ Georgia បាន​ចោទថា បុគ្គលិក​របស់​ក្រុមហ៊ុន​រថភ្លើង​មានចិត្ត​ឃោរឃៅ ព្រោះ​បាន​បដិសេធ​ការស្នើសុំ​ពន្យារ​ការចេញដំណើរ​ពី Paris ទៅកាន់ Bordeaux ដើម្បី​ជួយ​ស្វែងរក​ឆ្មា។

    នៅពេល​រថភ្លើង​ចេញដំណើរ ម្ចាស់​ឆ្មា​ក៏បានឃើញ Neko ត្រូវ​រថភ្លើង​កិន។ ពេលនោះ SNCF ស្នើសុំ​បង់ថ្លៃ​ខូចខាត​ដោយ​សំបុត្រ​រថភ្លើង​មួយ​ទៅកាន់ Bordeaux។

    ករណី​ខាងលើ​ក៏បាន​ធ្វើឱ្យមាន​បាតុកម្ម រួម​នឹង​ញត្តិ​តវ៉ា​ដែលមាន​ស្នាម​មេដៃ​របស់​មនុស្ស​ 100,000 នាក់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Gerald Darmanin និយាយថា លោក​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅ​ចំពោះ​ហេតុការណ៍​នេះ។ អង្គការ​ការពារ​សិទ្ធិ​សត្វ​មួយ​ក៏បាន​ដាក់​ញត្តិ​តវ៉ា​ចំពោះ SNCF ព្រោះតែ «អំពើហិង្សា​ធ្ងន់ធ្ងរ និង​ឃោរឃៅ​ដែលនាំឱ្យ​សត្វ​ស្លាប់»។

    ចៅក្រម​តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា 2023 យល់ថា បុគ្គលិក​នៅលើ​រថភ្លើង «មិនបាន​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ​សត្វ​ឆ្មា»។ សាលក្រម​របស់​តុលាការ​នេះ​ក៏​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​ក្រុម​រដ្ឋអាជ្ញា ជា​ក្រុម​ដែល​អំពាវនាវ​ឱ្យ​ទម្លាក់ចោល​រាល់​​ការចោទប្រកាន់​ទៅលើ SNCF ដោយ​យល់ថា បុគ្គលិក​របស់​ស្ថាប័ន​នេះ​មិនបាន​បញ្ចេញ​ភាព​គ្មាន​មនុស្សធម៌​។

    នៅលើ​បណ្ដាញ​សង្គម មនុស្ស​មួយចំនួន​បាន​រិះគន់​សាលក្រម​តុលាការ​ខាងលើ។ អ្នកខ្លះ​ថា លើក​ក្រោយ​បើ​មាន​ករណីនេះ​កើតឡើង ពួកគេ​គិតថា ម្ចាស់​សត្វ​ត្រូវតែ​បង់ថ្លៃ​ខាតបង់​ពេលវេលា​ដល់​អ្នក​ដំណើរ​ដទៃ​ នៅពេល​រថភ្លើង​ត្រូវបាន​ពន្យារ​ពេល​ចេញដំណើ​រ៕

  • អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

    អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

    Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។

    នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។

    យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។

    អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។

    ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​

    អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze Orman ដែល​ជា​ម្ចាស់​សៀវភៅ​ «ស្ត្រី​ និង​ប្រាក់​កាស» បាន​ចែក​រំលែកថា «ការ​ពិត​នៃ​បញ្ហា​គឺ​ថា អ្នកគួរ​មាន​ខ្ទង់ប្រាក់​សម្រាប់​ដោះ​ស្រាយ​ហេតុ​ការណ៍​​បន្ទាន់​ដែល​អាច​ប្រើប្រាស់​បាន​មួយ​ឆ្នាំ​ ចាប់​ពី​ពេល​នេះ​» គឺជា​រឿង​ល្អ។

    ប្រការ​នេះ​ទំនង​ជា​ពិបាក​អនុវត្ត​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់ Bankrate កាលពី​ឆ្នាំ​ 2021 ពលរដ្ឋ​អាម៉េរិក ជាង​ពាក់​កណ្ដាល​ (51%) ឯណោះ​ ដែល​មាន​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​តិច​ជាង​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ រយៈ​ពេល​ 3 ខែ​។ ក្នុង​ចំណោម​ 51% នោះ មាន​ 25% ពុំ​មាន​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ទាល់​តែ​សោះ​។

    ដើម្បី​សន្សំ​ប្រាក់​ឱ្យ​បាន​គ្រប់គ្រាន់​ អ្នក​អាច​សន្សំ​ដោយ​ខ្លួន​ឯង និង​គោរព​តាម​គោលការ​ 50/20/30 ដែល​ក្នុង​នោះ អ្នក​ត្រូវ​ដាក់​ 20% នៃ​ប្រាក់​ចំណួល​ប្រចាំ​ខែសរុប​ ទៅ​ក្នុង​ខ្ទង់​សន្សំ​ និង​ខ្ទង់​វិនិយោគ, 50% សម្រាប់​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ និង 30% សម្រាប់​ការ​ចំណាយ​តាម​កាលៈទេសៈ​។

    អ្នកស្រី Bernadette Joy

    ក៏ប៉ុន្តែ នៅ​ពេល​អ្នក​មាន​​ខ្ទង់​ប្រាក់​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​អ្នក​បាន​គិត​ថា សម​ស្រប​ហើយ​នោះ អ្នក​មិន​ចាំបាច់​សន្សំ​សម្រាប់​ខ្ទង់​នេះ​ទៀត​ទេ​ ដោយ​​គ្រាន់​តែ​រក្សា​ទុក​ខ្ទង់​នេះ​ឱ្យ​បាន​គង់វង្ស​គឺ​ជា​ការ​ល្អ​។ បន្ទាប់​មក ចូរ​ផ្ដោត​ទៅ​លើ​ការ​វិនយោគ​ បើ​ទោះ​វា​បង្កប់​ទៅ​ដោយ​ហានិភ័យ​ ប៉ុន្តែ វា​ក៏​ផ្ដល់​ឱកាស​សម្រាប់អ្នក​ក្លាយ​ជា​អ្នក​មាន​៖ «ប្រាក់​សុទ្ធ​នឹង​មិន​នាំ​មក​នូវ​ផលប្រយោជន៍ បើ​សិន​វា​មិន​បាន​កើន​ឡើង​» នេះ​បើ​តាម​អ្នកស្រី Joy។

    ចាប់​ផ្ដើមវិនិយោគ​​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ​

    ទីផ្សារ​អាច​មាន​ឡើង និង​អាច​មាន​ចុះ​ ដូច្នេះ​ ការ​វិនិយោគ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ការ​វិនិយោគ​ក្នុង​រយៈ​ពេល​វែង​។ នេះ​គឺជា​មូលហេតុ​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​វិនិយោគ​ឱ្យ​បាន​ឆាប់​។

    Mark La Spisa អ្នក​ឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​ដ៏ល្បីឈ្មោះ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ Vermillion Financial Advisors បាន​និយាយ​ថា បើ​សិន​មិនអាច​វិនិយោគ​ច្រើន នោះ​ក៏​មិន​មែនជា​បញ្ហា​៖ ចាប់​ផ្ដើម​កាន់តែ​ឆាប់​ កាន់​តែ​ល្អ​ សូម្បី​នៅ​ក្នុង​ខ្លួនមាន​តែ​ប៉ុន្មាន​ដុល្លារ​ ក៏​ប្រសើរ​ជាង​ការ​ដែល​មិន​បាន​វិនិយោគ​អ្វី​សោះ​ ឬ​រង់ចាំ​រហូត​ដល់​សន្សំ​បាន​ប្រាក់​ច្រើន​»។

    មូលហេតុ​ដែល​ថា​ កាន់​តែ​ឆាប់​វិនិយោគ​ កាន់​តែ​ល្អ​ គឺ​មក​ពី​​​​កម្លាំងនៃ​ការប្រាក់​ត្រួត​ ​ជាការ​​ប្រាក់​ដែល​អ្នក​រក​បាន​​ពី​ប្រាក់​របស់​ខ្លួន​ បូក​នឹង​ការ​ប្រាក់​ដែល​បាន​កើត​ជា​​កូន​ ពូន​ជា​​​ចៅ​៕

  • អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    អនុសាសន៍​របស់​មហា​សេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​លោក៖ CEO គួរតែ​កាត់បន្ថយ​កិច្ច​ប្រជុំ​ដែល​ស៊ីពេល​ច្រើន

    មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក យល់ថា CEO គួរតែ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើនជាង​មុន​ទៅលើ​ការកែលម្អ​ផលិតផល និង​ស្វែងរក​មតិ​អវិជ្ជមាន ពី ខាងក្រៅ ទន្ទឹមនឹង​ការកាត់បន្ថយ​ពេលវេលា​ទៅលើ​កិច្ចប្រជុំ​ផ្ទៃក្នុង។

    នៅក្នុង​ព្រឹត្តិការណ៍ CEO Summit ដែល​ត្រូវបាន​ធ្វើឡើង​ដោយ Wall Street Journal កាលពី​ថ្ងៃទី 8ធ្នូ លោក Elon Musk បានឱ្យដឹងថា ការលើកកម្ពស់​គុណភាព​ផលិតផល​គឺជា​បញ្ហា​ស្លា​ប់រស់ ដូច្នេះ CEO គួរតែ​កាត់បន្ថយ​ពេលវេលា​សម្រាប់​បញ្ហាផ្សេងៗពីនេះ។ ពួកគេ​គួរ​ចំណាយពេល​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ភាព​អស្ចារ្យ​តាម​ដែល​អាចធ្វើ​ទៅបាន។

    មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ​បាន​ជូន​ជា​អនុសាសន៍​ថា បណ្ដា CEO គួរ​ផ្ដោតទៅលើ​ការបង្កើត​ផលិតផល​ឱ្យបាន​កាន់តែ​ល្អ​ជាង​មុន ដោយ​ការ​ចំណាយពេល​ត្រួតពិនិត្យ​ការងារ​នៅឯ​រោងចក្រ និង​ទាក់​ទំនង​ជាមួយ​អតិថិជន រួម​នឹង​ការកាត់បន្ថយ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ ឬ​បទ​បង្ហាញ​នានា​ដែល​ស៊ីពេល​ច្រើន។

    ស្ថាបនិក​ក្រុមហ៊ុន SpaceX បាន​អះអាងថា៖ «តើ​ក្រុម CEO នៃ​បណ្ដា​ក្រុមហ៊ុន​អាមេរិក បាន​យកចិត្តទុកដាក់​ដល់ក​ម្រិ​ត​ហើយ​ឬ​នៅ ទៅលើ​ការកែលម្អ​ផលិត? ខ្ញុំ​គិតថា ចម្លើយ​គឺ នៅ»។

    CEO របស់ Tesla និង SpaceX រូបនេះ យល់ថា សូម្បីតែ​មេដឹកនាំ​ក្រុមហ៊ុន​ម្នាក់​ដែល​មិនមាន​ជំនាញ​ខាង​ច្នៃប្រឌិត​លើ​ផលិតផល ពួកគេ​នៅតែ​អាច​រៀន​បាន ព្រោះថា នេះ​គឺជា​ជំនាញ និង​ស្ថិតក្នុង​លទ្ធភាព​របស់​មនុស្សម្នាក់។ ជំហាន​ដំបូងបង្អស់​ដែល​ប្រកបដោយ​ភាពសាមញ្ញ នោះ​គឺ មិន​បោះបង់​ការតស៊ូ។

    អនុសាសន៍របស់មហាសេដ្ឋីលំដាប់ទីពីរក្នុងលោក៖ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន
    លោក​ Elon Musk ថា​ CEO គួរតែកាត់បន្ថយការប្រជុំដែលស៊ីពេលច្រើន

    លោក Musk ថ្លែងថា៖ «បើសិនជា​អ្នក​ប្រឹងប្រែង​មិនទាន់​ដល់​កម្រិត ចូរ​ខំព្យាយាម​បន្ថែមទៀត។ រូបមន្ត​នៃ​ភាពជោគជ័យ​គឺ មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ»។

    គោលដៅ​ចុងក្រោយ​របស់ CEO នោះ​គឺ ការ​ក្លាយទៅជា​មនុស្ស​ម្នាក់ «ដែល​យល់ច្បាស់​ជាទីបំផុត​អំពី​ផលិត ឬ​សេវាកម្ម​ដែល​ពួកគេ​កំពុងមាន ក៏​ដូ​ជាការ​ស្វែងរក​មតិ​អវិជ្ជមាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​អតិថិជន និង​ពី​ក្រុមមនុស្ស​ដែល​មិនមែនជា​អតិថិជន» នេះ​បើតាម​លោក Elon Musk។

    មហាសេដ្ឋី​វ័យ 49 ឆ្នាំ ក៏បាន​ជំរុញ​ឱ្យ CEO ថយក្រោយ​មួយ​ជំហាន​ដើម្បី​អាច​មើលឃើញ «ទិដ្ឋភាព» ទាំងមូល និង​សួរ​ខ្លួនឯង​ថា «តើ​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ពិតជា​ល្អ​ឥត​ខ្ជោះ​ហើយ ឬ​នៅ? ប្រហែលជា​នៅឡើយ​ទេ។ ដូច្នេះ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ផលិតផល​របស់​យើង​អស្ចារ្យ​ជាង​មុន?»។

    បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​យល់ថា បើទោះជា​ពួកគេ​មិន​ចូលចិត្ត​ផលិតផល​ដែល​ខ្លួន​បាន​បង្កើតឡើង ប៉ុន្តែ​អ្នកផ្សេង​អាច​នឹង​យល់​ផ្ទុយ​ពីនេះ អតិថិជន​ប្រហែលជា​ចូលចិត្ត។ មហាសេដ្ឋី Elon Musk បញ្ជាក់ថា៖ «គ្រប់យ៉ាង​នឹងមិន​កើតឡើង​យ៉ាង​ដូច្នេះ​ឡើយ។ បើសិនជា​អ្នក​មិន​ស្រលាញ់​ផលិតផល​ដែល​ខ្លួន​អ្នក​បាន​បង្កើតឡើង​ទេ ចូរ​កុំ​ស្រមៃ​ថា អ្នកផ្សេង​នឹង​ចាប់អារម្មណ៍​លើ​ផលិតផល​នេះ​ឱ្យសោះ»។

    Elon Musk ជាមួយ​នឹង​យាន​អវកាស​​របស់​លោក​

    និយាយ​អំពី​បទពិសោធន៍ ក្រៅពី​ជា CEO របស់​ក្រុមហ៊ុន​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ក៏បាន​បង្កើត​ក្រុមហ៊ុន Boring Company និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន OpenAI និង Neuralink ផងដែរ។ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការរកស៊ី។ ក្នុង​កិច្ច​សម្ភាស​នៅលើ​ទូរទស្សន៍ CBS លោក Musk បាន​ថ្លែងថា៖ «ឆ្នាំ 2008 គឺជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ដោយ​សារ​តែ​ពេលនោះ Tesla បាន​ជួបនឹង​ការខាតបង់​ច្រើន ចំណែក SpaceX ក៏​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​រ៉ុ​ក​កែ​ត Falcon 1 ហើយ​ខ្ញុំ​ក៏​ត្រៀម​លែងលះ​ជាមួយ​ប្រពន្ធ»។

    ក៏ប៉ុន្តែ 12 ឆ្នាំក្រោយ ក្រុមហ៊ុន​ទាំងឡាយ​របស់លោក Elon Musk សុទ្ធតែ​បាន​បោះជំហាន​ដល់​គោលដៅសំខាន់ៗជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា ការសហការ​រវាង SpaceX នឹង NASA ក្នុង​ការបាញ់​បង្ហោះ​យានអវកាស​ដែល​ដឹក​អ្នក​អវកាស​ចរ​ដំបូង​ឡើងទៅ​កាន់​ទី​អវកាស​ទទួលបាន​ជោគជ័យ ឬ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Tesla កើនឡើង​ដល់ 500ពាន់​លាន​ដុល្លារ​អាមេរិក​ជាដើម៕

    ប្រភព៖ Business Insider