Tag: ហត្ថលេខា

  • រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

    អភិបាលរដ្ឋ Montana លោក Greg Gianforte បាន​ចុះហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​សកម្មភាព​របស់ TikTok ធ្វើឱ្យ​តំបន់​មួយ​នេះ​ក្លាយជា​រដ្ឋ​ដំបូង​គេ​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ទប់ស្កាត់​ការទាញយក​កម្មវិធី​វីដេអូ​ខ្លី​ដែល​កំពុង​ពេញនិយម​ជាងគេ​លើ​ពិភពលោក។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បទបញ្ជា​ហាមឃាត់​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី 01 មករា ឆ្នាំ 2024។ រដ្ឋ Montana បាន​កំណត់ថា ការដែល​ផ្សារ​កម្មវិធី Google Play និង App Store អនុញ្ញាតឱ្យ​ទាញ​យក TikTok នៅក្នុង​រដ្ឋ​នេះ គឺជា​រឿង​ខុសច្បាប់។

    បណ្ដាញ​សង្គម TikTok ដែលមាន​អ្នកប្រើប្រាស់​ជាង 150 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ត្រូវ​បាត់​ខ្លួន​ពី​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នាំគ្នា​ជំរុញឱ្យមាន​ការបិទ​ខ្ទប់ ព្រោះតែ​ការបារម្ភ​អំពី​សន្តិសុខ​ជាតិ។

    អាជ្ញាធរ​រដ្ឋ Montana ជាទី​ដែលមាន​ប្រជាជន​តែ​ជាង​មួយ​លាន​នាក់ បានឱ្យដឹងថា TikTok អាច​នឹង​ត្រូវបាន​ពិន័យ​ចំពោះ​ការរំលោភច្បាប់​រៀងរាល់​លើក និង​ពិន័យ​ជា​ប្រាក់​បន្ថែម 10,000 ដុល្លារ/ថ្ងៃ បើសិន​មិន​គោរព​តាម​។ Apple និង Google ក៏​អាច​ត្រូវ​បង់ប្រាក់ 10,000 ដុល្លារ/ថ្ងៃ ចំពោះ​ការមិន​គោរព​ច្បាប់​ខាងលើ។

    ក៏ប៉ុន្តែ បទបញ្ជា​នេះ​ទំនងជា​នឹងត្រូវ​ជួប​ឧបសគ្គ​ច្រើន​ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​រប​ស់​អ្នកប្រើប្រាស់។ ទោះជា​យ៉ាងណាក៏ដោយ កាលពី​ចុងខែ​មីនា​កន្លងទៅ CEO របស់ TikTok លោក Shou Chew ត្រូវបាន​កោះហៅ​ឱ្យចូល​សភា​ជាន់​ទាប​អាម៉េរិក ដោយសារតែ​មានការ​សង្ស័យ​ថា TikTok មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ចិន និង​បាន​ស្នើឱ្យ Bytedance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដក​ទុន​ចេញពី​បណ្ដាញ​សង្គម​នេះ មិន​ដូច្នេះ​ទេ នឹងត្រូវ​ហាមឃាត់​ទាំង​ស្រុង​។

    TikTok បានឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​គម្រោង Project Texas ដើម្បី​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​សម្រាប់​ការរក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​អាម៉េរិក នៅលើ​ម៉ាស៊ីន​មេ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាម៉េរិក Oracle​៕

  • រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។

    ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។

    ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។

    សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ក្នុងនោះ​មាន​ទាហាន និង​ប្រជាជន​សូ​វៀត ប្រហែល 27 លាន​នាក់​បាន​បាត់បង់​ជីវិត​ដើម្បី​ការពារ​ប្រទេស និង​មនុស្សជាតិ​ពី​ពួក​ហ្វា​ស៊ី​ស​និយម។

    សង្គ្រាម​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី 09 ឧសភា 1945 នៅពេល​តំណាង​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ចុះហត្ថលេខា​ទទួលស្គាល់​ការចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ចំពោះមុខ​តំណាង​សម្ព័ន្ធមិត្ត​នៅ​បែរ​ឡាំង។ កងទ័ព​ក្រហម​សូ​វៀតបាន​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 24 មិថុនា 1945។ ក្រោយមក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 09 ឧសភា ក្នុង​ឆ្នាំ 1965, 1985 និង 1990។

    ក្រោយពី​សូ​វៀតបាន​ដួលរលំ រុស្ស៊ី​ក៏បាន​ប្រារព្ធ​ពិធី​នេះ​ឡើងវិញ​នៅ​មូ​ស្គូ​ចាប់ពី​ឆ្នាំ 1995។ ចាប់តាំងពី​ពេលនោះ​មក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី 09 ឧសភា។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ 2020 ព្រឹ​ត​ត្តិ​ការណ៍​នេះ​ត្រូវបាន​លើក​ទៅធ្វើ​នៅ​ថ្ងៃទី 24 មិថុនា ដោយសារតែ​វិបត្តិ​កូ​វីដ-19៕

  • អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    រដ្ឋាភិបាល​អាម៉េរិក អាច​យក​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ពី​ឃ្លាំង ដើម្បី​ជញ្ជូន​ទៅឱ្យ​កោះ​តៃវ៉ាន់​ភ្លាម​ៗ​ ក្នុងពេល​ភាព​តានតឹង​ក្នុង​តំបន់​បន្ត​កើតឡើង។

    ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី 05 ឧសភា បានឱ្យដឹងថា កញ្ចប់​ជំនួយ​សម្រាប់​កោះ​តៃវ៉ាន់ នឹង​ទាក់ទិន​នឹង​ការដក​អាវុធ ឬ​សម្ភារៈ​ជំនួយ​នៅក្នុង​ឃ្លាំង​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ទៅតាមច្បាប់​ «​សិទ្ធិ​បែងចែក​ប្រភពធនធានរបស់​​ប្រធានាធិបតី (PDA)» ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភេទ​អាវុធ ក៏ដូចជា​ពេលវេលា​នៃ​ការប្រគល់​អាវុធ​។

    អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ ក្រោយមក​ក៏បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​ដែលថា តើ​សហរដ្ឋ​អាម៉េរិក​បាន​ព​ន្លឿ​ន​ការ​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ទៅឱ្យ​កោះ​តៃវ៉ាន់ ឬ​អត់។ «វិធី​ដែល​យើង​ធ្វើ​គឺ​នៅតែ​សមស្រប​ជាមួយនឹង​គោលនយោបាយ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាម៉េរិក។ យើង​កំពុង​ប្រឹងប្រែង​អនុវត្ត​កាតព្វកិច្ច​ទៅតាម​ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយនឹង​បន្តធ្វើ​ដូច្នេះ» នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​។

    អាជ្ញាធរ​ចិននៅ​ទីក្រុង​ប៉េកាំង​ មិនទាន់​បញ្ចេញ​ប្រតិកម្ម​តបត​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន និង​ការលើកឡើង​ខាងលើ។

    សភា​អាម៉េរិក មុន​នោះបាន​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ ទៅតាម​ច្បាប់​ PDA ក្នុងករណី​ចាំបាច់ ដោយ​មិនត្រូវ​រង់​ចាំ​​ការយល់ព្រម​ពីស​ភា។ សហរដ្ឋ​អាម៉េរិក​ធ្លាប់បាន​ប្រើប្រាស់​យន្តការ​បែប​នេះ​ជាង 30 លើក​ ដើម្បី​ជញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន។

    ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​អាវុធ​ខាងលើ បាន​លេចឡើង​នៅពេល​ស្ថានការណ៍​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ត​កើនឡើង។

    ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​យកមក​កាន់កាប់ ​បើសិន​ចាំបាច់។ ចំណែក​សហរដ្ឋ​អាម៉េរិក​វិញ បាន​សន្យា​គោរព​គោលការណ៍ «ចិន​តែមួយ» ប៉ុន្តែ​បន្ត​រក្សា​ទំនាក់ទំនង ការពារ និង​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់។

    ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ត្រូវបាន​អតីត​ប្រធានាធិបតី​អាម៉េរិក Jimmy Carter ចុះហត្ថលេខា​ក្រោយពី​សហរដ្ឋ​អាម៉េរិក បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​ កាលពី​ឆ្នាំ 1979។ ច្បាប់​នេះ​តម្រូវឱ្យ​សហរដ្ឋ​អាម៉េរិក ជួយ​គាំទ្រ​ដល់​សមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់៕

  • ចេក​នឹង​ក្លាយជា​ផលិតផល​នាំ​ចេញទៅ​ចិន ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ

    ចេក​នឹង​ក្លាយជា​ផលិតផល​នាំ​ចេញទៅ​ចិន ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ

    ដោយ​គ្មាន​ការកែប្រែ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន របស់​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី2 ខែសីហា ឆ្នាំ2018 នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដើម្បី​បើកទ្វារ​ឱ្យ​វិស័យ​ឯកជន​បាន​នាំ​ផលិតផល​ផ្លែ​ចេក​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​ចិន។

    ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​ថា ការចុះហត្ថលេខា​ក្នុង​ពិធីសារ​ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​នេះ គឺជា​ការបើកទ្វារ​ក្នុងការ​នាំយក​ផ្លែ​ចេក​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ និង​អតិថិជន​នៅក្នុង​ប្រទេស​ចិន។ ការចុះ​ពិធីសារ​នា​ថ្ងៃនេះ គឺជា​ការឆ្លើយតប​រប​ស់ភា​គី​ចិន​តាម​សំណើ​របស់​ភាគី​កម្ពុជា តាមរយៈ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានចាប់ផ្តើម​ចរចា​ទីផ្សារ​នេះ​ជាមួយ​ភាគី​ចិន​ឡើងវិញ និង​បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង កាលពី​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2014កន្លងទៅ​នៅ​សហភាព​មី​យ៉ាន់​ម៉ា។

    ពិធីចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកអំបូងចេញទៅកាន់ប្រទេសចិន

    ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា៖ “ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​បន្ថែម​នៅថ្ងៃនេះ គឺ​ភាគី​កម្ពុជា​យើង​បាន និង​កំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន​ឱ្យ​ពិនិត្យ​លទ្ធភាព និង​ព​ន្លឿ​ន​ការងារ​បន្ថែម​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ចាំបាច់​មួយចំនួនទៀត​ទៅ​កាន់​ទីផ្សារ​ចិន ដែលមាន​ដូចជា ផ្លែស្វាយ ផ្លែ​មៀន(តា​ង៉ែ​ន)ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ដូង និង​សម្បុក​ទឹកមាត់​សត្វ​ត្រចៀកកាំ សម្រាប់ធ្វើ​ការនាំ-​ចេញទៅ​ប្រទេស​ចិន​ជា​បន្តទៀត”។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយក-ដ្ឋាន​កសិកម្ម បាន​មានប្រសាសន៍ថា រដ្ឋា​ភិបាល​កម្ពុជា​សម្រេច​គោលដៅ​ជា​លទ្ធផល​ជោគជ័យ​នៅថ្ងៃនេះ គឺ​បានមកពី​ការចរចា​របស់​រដ្ឋាភិបាលនិង​ភាគី​ចិន ហើយ​យើង​នឹង​ខិតខំ​ជំរុញ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​ដទៃ​ទៀត ដូច​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​អ៊ីចឹង។

    ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍ថា ចេក-អំបូង ចេកពងមាន់ និង​ចេកណាំវ៉ា ក្នុងស្រុក​មិនទាន់​បំពេញបាន​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​នៅឡើយ​ទេ ទាំង​គុណភាព និង​រសជាតិ ព្រោះ​វា​មិន​ធន់ឆាប់​ខូច​ពេល​ដឹកជញ្ជូន និង​រក្សាទុក​មិនបាន​យូរ។ ឯ​ចេក​ដែល​អន្តរជាតិ​គេ​និយម​ចូលចិត្ត​នោះ​គឺ​ពូជ​ចេកអំបូង​ពណ៌​លឿង។ ដូច្នេះ​កម្ពុជា​នឹង​នាំចូល​ដំណាំ​ចេកអំបូង​ពណ៌​លឿង​ពី​ប្រទេស​ចិន និង​ហ្វីលីពីន​មក​ពង្រីក​ការដាំដុះ គឺជា​ចេក​ដែល​ត្រូវ​នាំចេញ។ បច្ចុប្បន្ន​យើង​មាន​ផ្ទៃដី​ចំនួន 5,000ហិកតា​ដែលមាន​កសិដ្ឋាន​ចំនួន 3កន្លែង​ដែល​នឹងធ្វើ​ការពង្រីកបន្តទៀត ដែល​កសិដ្ឋាន​ទាំងនោះ​មាននៅ​ក្នុង​ខេត្តរតនគិរី ខេត្តក្រចេះ និង​កំពត ជា​កសិដ្ឋានធំៗដែល​ឯកជន​គេ​បោះទុន​វិនិយោគ ដែល​ចំនួន​នេះ​យើង​អាចធ្វើ​ការនាំចេញ​ផ្លែ​ចេក​បាន​ចំនួន 30ម៉ឺន​តោន​ក្នុង1ឆ្នាំ។

    ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមថា កន្លងមក​កម្ពុជា​បាន​នាំចេញ​ចេក​រួចមកហើយ ដោយបាន​ដាំ​នៅក្នុង​ខេត្តរតនគិរី តែ​មិនមែន​នាំ​ចេញទៅ​ប្រទេស​ចិន​ទេ គឺ​នាំទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​បានពន្យល់ថា ចម្ការ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​វៀតណាម​ខ្លួនឯង តែ​ឥឡូវ​យើង​បើក​ទីផ្សារ​ទៅកាន់​ប្រទេស​ចិន​មួយទៀត ហើយ​ចេក​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​ទី 4 ដែល​នឹង​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន​បន្ទាប់ពី​ពោត ដំឡូង​មី និង​អង្ករ។

    ឯកឧត្តម វណ្ណ​ហន បាន​មានប្រសាសន៍​ទៀតថា៖ “តម្លៃ​នៃ​ពិធីសារ​នេះ គឺ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។ ទី1 គេ​ហៅថា របាំង​ភូតគាម​អនាម័យ​ដែល​វា​មាន​សារៈសំខាន់​ណាស់។ សំខាន់​គេ​មិន​ឱ្យមាន​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​លើស​កម្រិត​កំណត់។ ទី2សំដៅ​ទៅលើ​ថា មិនឱ្យ​ចម្លង​នូវ​សមាសធាតុ​ឆ្លង​ទូទៅ​ដែល​អាច​ចម្លង​នៅក្នុង​ផលិតផល”។

    ឯកឧត្តម​បញ្ជាក់ថា ការលើកឡើង​នេះ​មិនមែន​មានន័យថា កម្ពុ​ជាមាន​អ្វី​អាក្រក់​ជាងគេ​នោះទេ តែ​ជាការ​ទទួលស្គាល់​ភូតគាម​អនាម័យ​អន្តរជាតិ។ មានន័យថា យើង​ក៏​ទប់ស្កាត់​សមាសភាព​មេរោគ​ចង្រៃ​មិនឱ្យ​ចូលមក​កម្ពុជា​ដែរ ដូច្នេះ​បំណង​សំខាន់​នៃ​ពិធីសារ​នេះ គឺ​ការពារ​សុខភាព​អ្នក​ហូបចុក​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា ដែល​ត្រូវតែ​ពិនិត្យមើលធ្វើ​ម៉េច​កុំឱ្យ​មានការ​ចម្លង ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ក៏​អាច​ការពារ​បាន​នូវ​ភូតគាម​អនាម័យ​ដែល​អាច​ចម្លង​ដល់​វិស័យ​កសិកម្ម​នៅ​ប្រទេស​ចិន​ផងដែរ។ អ្នក​ដាំ​ដំណាំ​ចេក និង​អ្នក​នាំចេញ​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ដ៏​តឹងរ៉ឹង សម្រាប់​ស្តង់ដារ​អនាម័យ និង​ជីវសាស្ត្រ​ដែល​ត្រូវការ​នៅក្នុង​ប្រទេស​ចិន ព្រោះ​គេ​បាន​អនុវត្ត​សម្រាប់​ប្រជាជន​គេ បាន​យ៉ាង​ល្អ​ហើយ។

    ចេកអំបូង​ពណ៌​លឿង

    ឯកឧត្តម ហ៊ាន វណ្ណ​ហន ក៏បាន​ប្រាប់​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ដែរ​ថា ក្រោយ​ការចុះហត្ថលេខា​លើ​ពិធីសារ​នេះ កសិករ​ក្នុងស្រុក និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ដែល​ចាប់អារម្មណ៍​នឹង​ទីផ្សារប្រទេស​ចិន​នេះ នឹងត្រូវ​រូតរះ​ទាក់ទង​មក​អគ្គនាយកដ្ឋាន​កសិក​ម្ម ដើម្បី​ធ្វើការ​ចុះបញ្ជី​ទ​ទូល​ស្គាល់​ចម្ការកន្លែង​វេច​ខ្ចប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការនាំចេញ និង​ចាំបាច់​ត្រូវគោរព​គោលការណ៍​ណែនាំ និង​នីតិវិធី​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​ចេក​ដែល​នាំចេញ​មាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ពិធីសារ​នេះក៏ដូចជា​ដើម្បី​និរន្តរភាព​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ផងដែរ។

    កសិករ​ក្នុងស្រុក ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​ក្រុមហ៊ុន​អ្នក​នាំចេញ​ត្រូវមាន​ភាព​វៃឆ្លាត​ក្នុងការ​បង្កើត​ផលិតផល​របស់ខ្លួន​ដើម្បី​ការប្រកួតប្រជែង​ទីផ្សារ​នាំចេញ​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ទិន្នន័យ​ដែល​អាច​ទទួលយកបាន​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​ប្រទេសជាតិ​ផងដែរ។

    ឯកឧត្តម​ក៏បាន​ឱ្យដឹងទៀតថា ចេកអំបូង​ជា​ផ្លូវការ ធ្លាប់​ត្រូវបាន​នាំ​ចេញពី​កម្ពុជា​ចំនួន 100តោន(5ទូ​កុងតឺន័រ​ត្រជាក់ 40ហ្វី​ត) ជា​ផ្លែ​ចេកអំបូង​លឿង(ពូជ​នាំចូល)ដែល​ដាំ​នៅ​ចម្ការ​ក្នុង​ខេត្តរតនគិរី របស់​ក្រុមហ៊ុន ហុង​អា​ញ់​អណ្តូង​មាស ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផ្ទៃដី​ចំនួន 10,000ហិកតា​សម្រាប់​ផលិត​ផ្លែឈើ​នាំចេញ ចំណែក​ចម្ការចេក​ដែលមាន​ចំនួន1,000ហិកតា កំពុងតែ​ប្រមូល​ផល និង​នាំចេញបណ្តើរៗ។ ចេកអំបូង​លឿង​នេះ អាច​រក្សាទុក​បាន​រយៈ​ពេល​យូរ​រហូតដល់​ទៅ 3ខែ បន្ទាប់ពី​ប្រមូល​ផល​បាន និង​រក្សាទុក​នៅក្នុង​បន្ទប់​ត្រជាក់​សម្រាប់​ការនាំចេញ។

    សូមបញ្ជាក់ថា ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ2017 មាន​អង្ករចំនួន​ជិត 200ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម និង​ម្សៅ​សរុប​ចំនួន​ជាង 58ពាន់​តោន កៅស៊ូ​ចំនួន 3,340តោន ស្ករអំពៅ​ចំនួន 14,940តោន និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត៕