Tag: ស្បៀង

  • កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។

    កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។

    «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។

    Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។

    កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។

    ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ ជីរពី 70 ទៅ 100 ដើម។ Gamberini និង​សហការី​បាន​ដាំ​សាកល្បង​ប្រភេទ​បន្លែផ្សេងៗតាំងពី​ស្ត្រ​ប៊េ​រី រហូតដល់​ប៉េងប៉ោះ សណ្ដែក និង​ជីរ​នានា។

    ការពិសោធ​ជាច្រើនក៏​​ត្រូវបាន​ធ្វើឡើង​នៅ​ចំការ​ក្រោម​ទឹកសមុទ្រ Nemo ក្នុងនោះ​មាន​ទាំង​ផលិតផល​ឱសថ និង​អាហារ​ផងដែរ។

    ក្រុម​បុគ្គលិក​របស់​កសិដ្ឋាន Nemo កំពុង​រៀប​គម្រោង​សង់​ជីវ​មណ្ឌល​ធំ​ជាង​បច្ចុប្បន្ន​ក្នុង​អនាគត និង​ដំឡើង​កសិដ្ឋាន​បែបនេះ​បន្ថែមទៀត​នៅ​តំបន់​ដទៃ ដូចជា​នៅ​សហរដ្ឋ​អាម៉េរិក​ជាដើម។ Gamberini ជឿថា បច្ចេកវិទ្យា​ខាងលើ​អាច​កែសម្រួល​ទៅតាម​ប្រភេទនីមួយ​ៗ​​នៃ​បរិស្ថាន៕

     

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ពេលស្ងប់ស្ងាត់នេះទំនេរច្រើនពេក! សាកល្បងដាំត្រឡាចដើម្បីទុកជាស្បៀងផង និងអាចធ្វើអាជីវកម្មបានផង

    ត្រឡាច ជាប្រភេទបន្លែដែលប្រជាជនខ្មែរគ្រប់រូប ចូលចិត្ត និងច្នៃបានជា​អាហារជាច្រើនមុខ ដូចជាស្ងោ ឆា លាយជាមួយបន្លែផ្សេងៗនៅក្នុងសម្លជាច្រើនមុខ និងធ្វើជាបង្អែម ដំណាប់ ឬធ្វើជាទឹកត្រឡាចជាដើម។ បើមើលពី​គុណសម្បត្តិរបស់វា យើងនឹងឃើញថាត្រឡាច ជាផលិតផលកសិកម្មមួយដែលអាចមាន​ទីផ្សារខ្ពស់ និងត្រូវប៉ាន់ផងដែរនៅក្នុងកាលៈទេសៈដែលប្រទេសយើងបច្ចុប្បន្ននេះ កំពុងត្រូវការបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងស្របពេលដែលប្រជាជននៅទីក្រុង​ពេញនិយម​ទទួលទានអាហារគ្មានជាតិគីមី។

    ប្រសិនបើលោកអ្នកមានដីជុំវិញផ្ទះ ឬសល់ដីនៅជនបទ អាចសាកល្បងដាំដំណាំត្រឡាច ព្រោះវាជាប្រភេទដែលងាយដាំ ទទួលបានផលច្រើន និង​អាចធ្វើអាជីកវម្មបានថែមទៀតផង។

    កសិករដាំត្រឡាច​នៅក្នុងខេត្តកំពង់ឆ្នាំ អ្នកស្រី ស៊ុន ស្រីពៅ បានលើកឡើងថា នៅប្រទេសយើងនេះ​ជាទីតាំងល្អបំផុតក្នុងការដាំត្រឡាច ព្រោះសីតុណ្ហភាព និងស្ថានភាពអាកាសធាតុអំណោយផលសម្រាប់ដំណាំប្រភេទនេះ។ អ្នកស្រីបញ្ជាក់ថាដំណាំនេះ អាចប្រមូលផលបានក្នុងរយៈពេលចាប់ពី 30ថ្ងៃ ទៅ 45ថ្ងៃប៉ុណ្ណោះ ហើយវាមិនរើសរដូវនោះទេ ទោះក្នុងពេលណាក៏អាចដាំបានដែរ។

    វិធីសាស្ត្រក្នុងការដាំត្រឡាចឱ្យទទួលផលល្អ អ្នកស្រីបញ្ជាក់ថា​ដំបូងឡើងគួរភ្ជួរដីជាមុនឱ្យបាន2 ទៅ 3ដង ដើម្បីឱ្យដីផុសល្អ។ ហើយមុននឹងភ្ជួរលើកដំបូងគួរបាញ់ថ្នាំកំចាត់ស្មៅជាមុនសិន ដើម្បីសម្លាប់ពូជរុក្ខជាតិនានាដែលរំខានដល់ការលូតលាស់របស់ដើមត្រឡាច។ បន្ទាប់មកគួរហាលដីចោលដើម្បីសម្លាប់មេរោគ និងទុកឱ្យស្មៅងាប់ក្នុងរយៈពេល 3 ទៅ7ថ្ងៃសិន។

    សម្រាប់ការភ្ជួរលើកទី2 គេត្រូវរាស់ដីឱ្យស្មើល្អបន្ទាប់មកកាប់រណ្តៅទំហំប្រមាណ 4តឹក ឬ 40សង់ទីម៉ែត្រ បួនជ្រុង និងជម្រៅ2 ទៅ3 តឹក​ដោយរក្សាគម្លាត​ពីគុម្ពមួយទៅគុម្ពមួយប្រវែង 1ម៉ែត្រ។

    ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

    +ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

    +ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

    ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

    ចំពោះផលវិញ ក្នុងដីមួយហិកតា គេអាចប្រមូលត្រឡាចបានពី 10 ទៅ 15តោន ហើយក្នុងមួយផ្លែមានទម្ងន់ជាងកន្លះគីឡូក្រាម។ ហេតុនេះប្រសិនបើលោកអ្នកដាំជាលក្ខណៈគ្រួសារ ក៏អាចទទួលបានផលច្រើនគីឡូដែរក្នុងពេលប្រមូលផលម្តងៗ៕