គ្រូបង្វឹកឥណ្ឌូណេស៊ីថា ថៃធ្វើឱ្យមានអំពើហិង្សា ខណៈគ្រូបង្វឹកថៃថា គូប្រកួតខ្វះស្មារតីកីឡា
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី លោក Indra Sjafri យល់ថា ការដែលក្រុមគ្រូបង្វឹកថៃចេញអបអរសាទរឌឺដង គឺជាមូលហេតុនាំឱ្យមានការប៉ះទង្គិចគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី 32 កាលពីយប់មិញ។ «អាជ្ញាកណ្ដាលប្រកាសថាមានការថែមម៉ោង 7 នាទី ទើបនៅពេលអស់ម៉ោងនេះ យើងគិតថាការប្រកួតបានចប់ ក៏រត់ចូលទីលានអបអរ ពុំមែនចង់បង្កហេតុជាមួយអ្នកណាឡើយ។ ភ្លាមនោះ អាជ្ញាកណ្ដាលឱ្យថែមម៉ោងរហូតដល់ 11 នាទី។ ពេលគ្រាប់បាល់ស្មើ 2-2 ថៃក៏រុលមកកន្លែងរបស់យើងដើម្បីឌឺដង ធ្វើឱ្យការប្រកួតប្រែជាច្របូកច្របល់» គ្រូបង្វឹករបស់ឥណ្ឌូណេស៊ី លោក Indra Sjafri និយាយដូច្នេះ បន្ទាប់ពីការប្រកួតបានបញ្ចប់។ លោក Indra Sjafri បន្ថែមថា «ពេលមានគ្រាប់បាល់ទីបី ជំនួយការ និងកីឡាកររបស់ខ្ញុំក៏អបអរឌឺទៅវិញ។ សម្រាប់ខ្ញុំ សកម្មភាពនេះរបស់ក្រុមទាំងពីរគឺមិនអាចទទួលយកបាន»។ ចំណែកលោក Issara Sritaro ដែលជាគ្រូបង្វឹករបស់ក្រុមថៃវិញ និយាយថា «ការដែលយើងត្រូវបានទាត់ចូលទីមុនគឺមិនអាចទទួលយកបាន។ ក៏ប៉ុន្តែ ឥណ្ឌូណេស៊ី ក៏លេងដោយខ្វះស្មារតីកីឡា»។ ទោះជាយ៉ាងណាក៏ដោយ នៅពេលចប់ការប្រកួត ក្រុមទាំងពីរក៏ពុំមានបញ្ហាអ្វីនឹងគ្នាទៀតនោះដែរ។ នេះគឺជាបទពិសោធន៍ដែលគួរយកជាមេរៀន ដែលយើងមិនគួរឱ្យមានករណីបែបនេះកើតឡើង ព្រោះវាប៉ះពាល់ដល់អ្នកគាំទ្រ និងកីឡាករផងដែរ។ … Read more